« មេរៀនទី ១៨៦—ការស្ថាបនាគន្លងនៃការគិតដែលមានភាពវិជ្ជមាន ៖ ព្រះយេស៊ូវគ្រីស្ទអាចជួយយើងកែតម្រូវគំនិតដែលគ្មានប្រយោជន៍ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការស្ថាបនាគន្លងនៃការគិតដែលមានភាពវិជ្ជមាន » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៨៦ ៖ សុខភាពខាងផ្លូវកាយ និងសតិអារម្មណ៍
ការស្ថាបនាគន្លងនៃការគិតដែលមានភាពវិជ្ជមាន
ព្រះយេស៊ូវគ្រីស្ទអាចជួយយើងកែតម្រូវគំនិតដែលគ្មានប្រយោជន៍
គំនិតរបស់យើងអាចមានឥទ្ធិពលខ្លាំងលើអារម្មណ៍ និងសកម្មភាពរបស់យើង ។ នៅពេលយើងយាងអញ្ជើញព្រះអង្គសង្គ្រោះមកក្នុងដំណើរនៃការគំនិតរបស់យើង ទ្រង់អាចជួយយើងឲ្យយកឈ្នះលើការគិតដែលមិនល្អ ។ មេរៀននេះអាចជួយសិស្សឲ្យអភិវឌ្ឍការយល់ដឹងពីខ្លួនឯងអំពីគំនិតរបស់ពួកគេ និងការអភិវឌ្ឍគន្លងនៃការគិតដែលមានសុខភាពល្អ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការឆ្លើយតបទៅនឹងថ្ងៃអាក្រក់
ដើម្បីចាប់ផ្តើមថ្នាក់ អ្នកអាចដាក់បង្ហាញស្ថានភាពដូចខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យសរសេរគំនិតដែលពួកគេអាចមានដោយឯកឯងក្នុងស្ថានភាពនីមួយៗទាំងនោះ ។ សូមធ្វើការកែតម្រូវចំពោះស្ថានភាពទាំងនេះ ដើម្បីបំពេញតាមតម្រូវការរបស់សិស្សឲ្យបានកាន់តែប្រសើរ ។
-
ខ្ញុំទៅជួបជុំក្នុងសង្គម ហើយឃើញថា ខ្ញុំមិនសូវស្គាល់នរណាម្នាក់ទេ ។
-
ខ្ញុំត្រូវនៅជាមួយអ្នកដែលខ្ញុំមិនចុះចម្រុងជាមួយ ។
-
ខ្ញុំឮនរណាម្នាក់រិះគន់សាសនាចក្រ ។
-
ខ្ញុំប្រឡងមិនបានល្អលើការសិក្សាដែលខ្ញុំខិតខំយ៉ាងខ្លាំង ។
-
តើអ្នកមានគំនិតអ្វីខ្លះក្នុងការឆ្លើយតបនឹងស្ថានភាពទាំងនេះ ?
-
តើគំនិតទាំងនេះមានអត្ថប្រយោជន៍ដែរឬទេ ? តើវាមានភាពត្រឹមត្រូវទាំងស្រុងដែរឬទេ ? តើអ្នកអាចប្រាប់បានដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិត ថាតើញឹកញាប់ប៉ុនណាដែលពួកគេកត់សម្គាល់នូវគន្លងនៃការគិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយថាតើគន្លងទាំងនោះទំនងជាមានប្រយោជន៍ ឬពិតដែរឬទេ ។
អ្នកអាចចែកចាយជាមួយសិស្សថា ពួកគេនឹងអនុវត្ដនូវការអញ្ជើញសុំជំនួយពីព្រះអង្គសង្គ្រោះ ដើម្បីកែនូវគំនិតមិនត្រឹមត្រូវ និងមិនល្អ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកការណែនាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយពួកគេឲ្យយល់ពីគន្លងនៃការគិតរបស់ពួកគេផ្ទាល់កាន់តែប្រសើរ ជាពិសេសនៅពេលឆ្លើយតបនឹងស្ថានភាពដែលពិបាកៗ ។
ចូរមើលមកឯព្រះគ្រីស្ទ
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ ដោយរកមើលអ្វីដែលព្រះអម្ចាស់អញ្ជើញយើងឲ្យធ្វើ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នកគិតថា ការមើលទៅព្រះយេស៊ូវគ្រីស្ទនៅក្នុងគំនិតរបស់យើងមានន័យយ៉ាងណា ?
ឧទាហរណ៍មួយចំនួនរួមមានដូចតទៅនេះ ៖ ជញ្ជឹងគិតពីរបៀបដែលព្រះអង្គសង្គ្រោះអាចនឹងធ្វើសកម្មភាពនៅក្នុងស្ថានភាពដែលយើងជួបប្រទះ ដោយរកមើលរបៀបដែលការបង្រៀនរបស់ទ្រង់អាចអនុវត្ដនៅក្នុងស្ថានភាពនោះ ហើយចងចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ។
-
ហេតុអ្វីបានជាវាអាចពិបាកក្នុងការសម្លឹងមើលព្រះអង្គសង្គ្រោះក្នុងគំនិតរបស់យើង ?
ដោយបានថ្លែងអំពីបទគម្ពីរនេះ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ការផ្ដោតរបស់យើងត្រូវតែផ្អែកយ៉ាងរឹងមាំទៅលើព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។ វាតម្រូវឲ្យមានការខិតខំខាងសតិអារម្មណ៍យ៉ាងខ្លាំងដើម្បីមើលទៅទ្រង់គ្រប់គំនិត ។ ប៉ុន្តែនៅពេលដែលយើងធ្វើវាបាន នោះភាពសង្ស័យ និងការភ័យខ្លាចរបស់យើងនឹងរលត់បាត់អស់ផងដែរ ។ ( រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៤១ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
នៅក្នុងចំណោមសេចក្តីពិតផ្សេងៗដែលសិស្សអាចរកឃើញ សូមជួយពួកគេឲ្យមើលឃើញ កាលដែលយើងខិតខំសម្លឹងមើលទៅព្រះអង្គសង្រ្គោះនៅក្នុងគ្រប់គំនិត នោះភាពសង្ស័យ និងការភ័យខ្លាចរបស់យើងនឹងរលត់បាត់អស់ ។
-
ហេតុអ្វីបានជាការសម្លឹងមើលទៅរកព្រះអង្គសង្គ្រោះក្នុងគំនិតរបស់យើង ធ្វើឲ្យការសង្ស័យ និងការភ័យខ្លាចរបស់យើងរលត់បាត់អស់ ?
ដើម្បីមើលពីរបៀបដែលការសម្លឹងមើលទៅព្រះអម្ចាស់អាចមានឥទ្ធិពលលើការគិត សូមពិចារណាអញ្ជើញសិស្សឲ្យរាប់ឡើងវិញពីស្ថានភាពរបស់ព្យាការី យ៉ូសែប ដែលកំពុងស្ថិតក្នុងគុកលិបើទី ។ សូមប្រាកដថាសិស្សយល់ថា លោកជាប់គុកដោយអយុត្តិធម៌ ខណៈពួកបរិសុទ្ធកំពុងរងការបៀតបៀនយ៉ាងខ្លាំង ។ សិស្សអាចអានគ្រប់ផ្នែកទាំងអស់ ឬផ្នែកនៃ គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:១–៩ ដោយរកមើលរបៀបដែលព្រះអម្ចាស់បានជួយយ៉ូសែប ចំពោះការសង្ស័យ និងការភ័យខ្លាចរបស់លោក ។
គន្លងគំនិតដែលគ្មានប្រយោជន៍
ដើម្បីយល់ពីរបៀបដែលការងាកទៅរកព្រះអម្ចាស់ក្នុងគំនិតរបស់យើងអាចជួយដល់យើង សូមពិចារណាធ្វើសកម្មភាពដូចខាងក្រោមនេះ ៖
សូមដាក់បង្ហាញតារាងដូចខាងក្រោមដែលបានសម្រួលចេញពី Finding Strength in the Lord: Emotional Resilience ហើយចាត់សិស្សជាក្រុមតូចៗ ឬជាគូៗ ។ អ្នកអាចអញ្ជើញសិស្សឲ្យជ្រើសរើសយ៉ាងហោចណាស់គន្លងនៃការគិតដែលមិនត្រឹមត្រូវមួយ ឬពីរ ហើយពិភាក្សាអំពីសំណួរដែលមានបន្ទាប់ ។ លើសពីនេះ សិស្សអាចព្យាយាមដឹងពីគន្លងនៃគំនិតមិនត្រឹមត្រូវផ្សេងទៀត ដែលពួកគេបានសង្កេតឃើញ ។
មានគន្លងនៃការគិតមិនត្រឹមត្រូវថែមទៀតដែលអ្នកអាចប្រើជំនួស ឬបន្ថែមទៅនឹងអ្វីដែលបានលើកឡើងនៅកន្លែងនេះ ។ ឧទាហរណ៍ពីគន្លងនៃការគិតដែលមិនត្រឹមត្រូវ សូមមើល Finding Strength in the Lord: Emotional Resilience ។
|
គន្លងនៃការគិតដែលគ្មានប្រយោជន៍ |
សេចក្ដីពន្យល់ |
ឧទាហរណ៍ |
|---|---|---|
គន្លងនៃការគិតដែលគ្មានប្រយោជន៍ ការដាក់ស្លាកខុស | សេចក្ដីពន្យល់ ការប្រតិកម្មទៅនឹងអ្វីមួយដែលបានកើតឡើងដោយធ្វើការសន្មតត្រួសៗ ឬមិនត្រឹមត្រូវ ។ | ឧទាហរណ៍ « ខ្ញុំធ្វើកិច្ចការសាលានេះខុស ខ្ញុំមិនអាចធ្វើគណិតវិទ្យាបានទេ » ។ |
គន្លងនៃការគិតដែលគ្មានប្រយោជន៍ ចូលទៅការសន្និដ្ឋាន | សេចក្ដីពន្យល់ ការធ្វើការសន្មតអំពីគំនិតរបស់អ្នកដទៃ ឬការស្រមៃអំពីលទ្ធផលអាក្រក់បំផុតដែលអាចកើតមាន ។ | ឧទាហរណ៍ « ខ្ញុំភ្នាល់ថា ពួកគេកំពុងសើចចំអកដល់ខ្ញុំហើយ » ។ |
គន្លងនៃការគិតដែលគ្មានប្រយោជន៍ ព្រងើយកន្តើយនឹងភាពវិជ្ជមាន | សេចក្ដីពន្យល់ ការបដិសេធបទពិសោធន៍វិជ្ជមានទាំងអស់ ពីព្រោះអ្នកមិនមានអារម្មណ៍ថាវារាប់ឡើយ ។ | ឧទាហរណ៍ « ឪពុកម្តាយរបស់ខ្ញុំបានមានប្រសាសន៍ថា ខ្ញុំធ្វើការងារបានល្អ ប៉ុន្តែខ្ញុំដឹងថា ពួកគាត់គ្រាន់តែចង់ឲ្យខ្ញុំមានអារម្មណ៍ល្អអំពីកំហុសដែលខ្ញុំបានធ្វើប៉ុណ្ណោះ » ។ |
គន្លងនៃការគិតដែលគ្មានប្រយោជន៍ ការពង្រីក | សេចក្ដីពន្យល់ បំផ្លើសចំណុចខ្សោយរបស់អ្នក ឬប្រៀបធៀបចំណុចខ្សោយរបស់អ្នកទៅនឹងចំណុចខ្លាំងរបស់អ្នកដទៃ ។ | ឧទាហរណ៍ « ខ្ញុំស្ទើរតែមិនអាចនិយាយជាមួយគេឯងបានទេ ហើយនៅពេលដែលខ្ញុំនិយាយ ខ្ញុំមិនកំប្លែងដូចជាគាត់នោះទេ » ។ |
-
តើការមានគំនិតបានបែបនេះមានគ្រោះថ្នាក់អ្វីខ្លះ ?
អនុវត្តឆ្លើយតបទៅនឹងគំនិតដែលគ្មានប្រយោជន៍
សូមពិចារណាចែកចាយសំណៅចែក « ការកែតម្រូវគំនិតដែលគ្មានប្រយោជន៍ » ដល់សិស្សម្នាក់ៗ ។ សូមចង្អុលបង្ហាញថា ពួកគេនឹងអនុវត្តប្រើព្រឹត្តិការណ៍ដែលបានពិភាក្សា នៅពេលថ្នាក់ចាប់ផ្ដើម ។
សូមពិចារណាធ្វើដូចខាងក្រោមនេះដើម្បីកំណត់ បង្ហាញ និងអនុវត្តជំនាញមួយ ដើម្បីកែតម្រូវគំនិតដែលគ្មានប្រយោជន៍ ឬមិនត្រឹមត្រូវ ៖
កំណត់ឲ្យច្បាស់ ៖ នៅពេលយើងមានគំនិតដែលគ្មានប្រយោជន៍ យើងអាចធ្វើឲ្យវាមានឥទ្ធិពលវិជ្ជមាន ដោយ ៖
-
ស្វែងរកគំនិតដែលគ្មានប្រយោជន៍ ឬមិនត្រឹមត្រូវ ។
-
សួរសំណួរមួយ ឬទាំងពីរដូចខាងក្រោមនេះ ៖
-
ប្រសិនបើមិត្តម្នាក់មានគំនិតទាំងនេះ តើខ្ញុំនឹងប្រាប់គាត់ ឬនាងអ្វីខ្លះ ?
-
តើការគិតអំពីព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់ ជួយខ្ញុំកែតម្រូវគំនិតនេះដោយរបៀបណា ?
បង្ហាញ ៖ ពិចារណាបង្ហាញជំនាញនេះដោយធ្វើជួរទីមួយនៅក្នុងតារាងខាងក្រោមនេះទាំងអស់គ្នានៅក្នុងថ្នាក់ ។
ស្វែងរកគំនិតដែលគ្មានប្រយោជន៍ ឬមិនត្រឹមត្រូវដែលយើងអាចមាន ក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ ។ ឧទាហរណ៍មួយចំនួនអាចរួមបញ្ចូល « មនុស្សគ្រប់គ្នាកំពុងតែវិនិច្ឆ័យខ្ញុំ » ឬ « ខ្ញុំមិនល្អទេនៅក្នុងស្ថានភាពបែបនេះ ។ វាអាចល្អសម្រាប់មនុស្សគ្រប់គ្នា ប្រសិនបើខ្ញុំមិនបានចូលរួម » ។
សូមពិចារណាអំពីអ្វីដែលអ្នកនឹងប្រាប់មិត្តម្នាក់ដែលនិយាយពាក្យសំដីគ្មានប្រយោជន៍ ឬគំនិតមិនត្រឹមត្រូវនេះ ។ ឧទាហរណ៍មួយចំនួនអាចរួមបញ្ចូល « តើអ្នកគិតថា វាត្រឹមត្រូវ ១០០ ភាគរយដែរទេ ដែលអ្នកផ្សេងទៀតកំពុងវិនិច្ឆ័យអ្នកនោះ ? តើមានឱកាសដែលពួកគេគ្រាន់តែព្រួយបារម្ភអំពីខ្លួនពួកគេដែរឬទេ ? » ហើយ « ខ្ញុំចូលចិត្តអ្នក ។ អ្នកជាមនុស្សដែលគួរឲ្យចង់ស្គាល់ » ។
សូមពិចារណាអំពីរបៀបដែលការគិតអំពីព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់អាចជួយកែតម្រូវគំនិតនេះបាន ។ ឧទាហរណ៍ សិស្សអាចគិតពីសេចក្តីសប្បុរសរបស់ព្រះអង្គសង្រ្គោះចំពោះអ្នកដទៃ ឬបទគម្ពីរ « ខ្ញុំឲ្យសេចក្តីបញ្ញត្តិ ១ ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ( យ៉ូហាន ១៣:៣៤ ) ។ ដោយជាផ្នែកនៃការបង្ហាញនេះ អ្នកក៏អាចចែកចាយអ្វីដែលព្រះអម្ចាស់បានប្រកាសនៅក្នុង អេសាយ ៥៥:៨ ដើម្បីជួយសិស្សឲ្យឃើញថា ព្រះគំនិតរបស់ទ្រង់អំពីយើង ជាញឹកញាប់គឺខុសពីគំនិតរបស់យើង ។
អនុវត្ត ៖ សូមអញ្ជើញសិស្សឲ្យធ្វើការជាក្រុមតូចៗ ដើម្បីបង្ហើយតារាងដែលនៅសល់ ដោយសរសេរនូវអ្វីដែលពួកគេអាចប្រាប់មិត្តម្នាក់ជាមួយនឹងគំនិតនេះ និងពីរបៀបដែលព្រះអង្គសង្គ្រោះអាចកែតម្រូវគំនិតនេះដោយក្ដីស្រឡាញ់ ។
នៅចុងបញ្ចប់នៃមេរៀននេះ សិស្សនឹងបំពេញជួរដេកដែលទទេនៅខាងក្រោមសំណៅចែកនេះ ។
ការកែតម្រូវគំនិតដែលគ្មានប្រយោជន៍ ឬមិនត្រឹមត្រូវ
|
ព្រឹត្តិការណ៍ |
តើអ្នកអាចមានគំនិតដែលគ្មានប្រយោជន៍ ឬមិនត្រឹមត្រូវអ្វីខ្លះ ? |
បើមិត្តម្នាក់មានគំនិតបែបនេះ តើអ្នកនឹងនិយាយអ្វីខ្លះទៅកាន់គាត់ ឬនាង ? |
តើព្រះអង្គសង្គ្រោះអាចកែតម្រូវគំនិតនេះដោយរបៀបណា ? |
|
អ្នកទៅជួបជុំក្នុងសង្គមដែលអ្នកមិនស្គាល់នរណាម្នាក់ ។ | |||
|
អ្នកត្រូវតែនៅជាមួយអ្នកដែលមិនចុះសម្រុងជាមួយ ។ | |||
|
អ្នកឮនរណាម្នាក់រិះគន់សាសនាចក្រ ។ | |||
|
អ្នកធ្វើមិនបានល្អនៅក្នុងការប្រឡងដែលអ្នកបានខិតខំសិក្សាយ៉ាងខ្លាំង ។ |
នៅពេលសិស្សមានឱកាសចែកចាយនូវអ្វីដែលពួកគេបានសរសេរនៅក្នុងសំណៅចែកនេះ សូមពិចារណាអញ្ជើញពួកគេឲ្យគិតពីគំនិតដែលគ្មានប្រយោជន៍ ឬមិនត្រឹមត្រូវដែលពួកគេអាចមាន ហើយសរសេរវានៅក្នុងជួរឈរដែលត្រឹមត្រូវនៅជួរដេកចុងក្រោយ ។ សូមលើកទឹកចិត្តពួកគេឲ្យបន្ថែមព្រឹត្តិការណ៍ដែលអាចនាំឲ្យមានគំនិតនេះ ។ សូមអញ្ជើញសិស្សឲ្យបន្តអនុវត្តជំនាញនេះដោយបំពេញចន្លោះពីរផ្សេងទៀតនៅលើជួរដេកនេះ ។
-
តើអ្នកបានរៀន ឬមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះអំពីគន្លងនៃការគិតដែលមានសុខភាពល្អដែលអាចជាពរជ័យចំពោះអ្នក ?
អ្នកអាចចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះរាជបំណង និងសមត្ថភាពរបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយយើងធ្វើការតាមរយៈការគិតដ៏លំបាកៗ និងមិនត្រឹមត្រូវរបស់យើង នៅពេលយើងសម្លឹងទៅរកទ្រង់នៅក្នុងគំនិតរបស់យើង ។