« មេរៀនទី ១៨៥—ការស្ថាបនាភាពរឹងមាំខាងសតិអារម្មណ៍នៅក្នុងព្រះអម្ចាស់ ៖ ការបង្កើនទំនុកចិត្តរបស់យើងលើជំនួយរបស់ព្រះអម្ចាស់ជាមួយនឹងការប្រឈមខាងផ្លូវចិត្តរបស់យើង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការស្ថាបនាភាពរឹងមាំខាងសតិអារម្មណ៍នៅក្នុងព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៨៥ ៖ សុខភាពផ្លូវកាយ និងផ្លូវចិត្ត
ការស្ថាបនាភាពរឹងមាំខាងសតិអារម្មណ៍នៅក្នុងព្រះអម្ចាស់
ការបង្កើនទំនុកចិត្តរបស់យើងលើជំនួយរបស់ព្រះអម្ចាស់ជាមួយនឹងការប្រឈមខាងផ្លូវចិត្តរបស់យើង
ដោយសារព្រះវរបិតាសួគ៌ស្រឡាញ់យើង ទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទដើម្បីពង្រឹង និងលួងលោមយើងអំឡុងពេលជីវិតជួបទុក្ខលំបាក ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីទំនុកចិត្តដែលព្រះអង្គសង្រ្គោះនឹងជួយពួកគេស្ថាបនាភាពធន់ខាងផ្លូវចិត្ត ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស្ថានភាពលំបាកខាងផ្លូវចិត្ត
ចំណាំ ៖ សម្ភារនេះក្នុងន័យជាជំនួយដល់ការសិក្សាអំពីការស្ថាបនាកម្លាំងផ្លូវចិត្តលើព្រះអម្ចាស់ មិនមែនដើម្បីធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជំងឺសតិអារម្មណ៍ និងជំងឺផ្លូវចិត្តឡើយ ។ បទពិសោធន៍ក្នុងថ្នាក់ក៏មិនមែនជាការព្យាបាលជាក្រុមដែរ ។
ដើម្បីជួយសិស្សឲ្យរៀបចំខ្លួនសម្រាប់មេរៀននេះ សូមពិចារណាអញ្ជើញសិស្សឲ្យបង្កើតគំនិត និងសរសេរនៅលើក្ដារខៀននូវស្ថានភាពលំបាកខាងផ្លូវចិត្តមួយចំនួនដែលពួកគេ ឬក្មេងជំទង់ដូចពួកគេ អាចនឹងប្រឈមមុខក្នុងពេលឆាប់ៗនេះ ។ ឧទាហរណ៍ខ្លះៗ អាចរាប់បញ្ចូលទាំងអារម្មណ៍សើចចំអកពីមិត្តភក្តិរបស់ពួកគេ ស្ថិតក្នុងស្ថានភាពដែលពួកគេត្រូវតែប្រាស្រ័យទាក់ទងជាមួយមនុស្សដែលពួកគេមិនស្គាល់ ឬនៅពេលដែលអ្វីមួយដែលរីករាយឈានដល់ទីបញ្ចប់ ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើឲ្យស្ថានភាពរបស់ពួកគេមានភាពប្រាកដនិយម និងពាក់ព័ន្ធ ។
បន្ទាប់មក សូមអញ្ជើញសិស្សឲ្យធ្វើដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមគិតអំពីស្ថានភាពលំបាកខាងផ្លូវចិត្តដែលអ្នកប្រឈមមុខ ឬទំនងនឹងប្រឈមមុខក្នុងពេលឆាប់ៗនេះ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកមានអារម្មណ៍ថាអ្នកឆ្លើយតបនឹងស្ថានភាពលំបាកខាងផ្លូវចិត្តនេះបានល្អប៉ុនណា ? ហេតុអ្វី ?
-
នៅលើរង្វាស់ពី ១ ដល់ ១០ ( ១ = មិនមានទំនុកចិត្តទាល់តែសោះ ១០ = មានទំនុកចិត្តខ្លាំងបំផុត ) តើអ្នកមានទំនុកចិត្តប៉ុនណា ថាព្រះអង្គសង្គ្រោះអាច ហើយនឹងជួយអ្នកក្នុងស្ថានភាពទាំងនេះ ? ហេតុអ្វី ?
ពេញមួយមេរៀននេះ សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកដោយការអធិស្ឋាន ដើម្បីមានទំនុកចិត្តលើព្រះសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការជួយពួកគេក្នុងស្ថានភាពលំបាកខាងផ្លូវចិត្ត ហើយប្រែជាមានភាពធន់ខាងផ្លូវចិត្តវិញ ។
ភាពធន់ខាងផ្លូវចិត្ត
សូមពិចារណាសរសេរពាក្យ ភាពធន់ខាងផ្លូវចិត្ត នៅលើក្ដារខៀន ។ សូមសួរសិស្សអំពីអ្វីដែលពួកគេយល់អំពីពាក្យនេះ ។ អ្នកក៏អាចបង្ហាញព័ត៌មានដូចខាងក្រោមនេះផងដែរ ៖
ដោយជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌ យើងទាំងអស់គ្នាប្រឈមមុខនឹងឧបសគ្គ និងទុក្ខលំបាកក្នុងជីវិតនេះ ។ ទោះយ៉ាងណាក៏ដោយ នៅពេលយើងងាកទៅរកព្រះយេស៊ូវគ្រីស្ទ ហើយពឹងផ្អែកលើសេចក្តីមេត្តាករុណា និងព្រះគុណរបស់ទ្រង់ នោះទ្រង់អាចជួយយើងបង្កើតភាពធន់ខាងផ្លូវចិត្ត ។ ភាពធន់ខាងផ្លូវចិត្តគឺ ៖
-
សមត្ថភាពដើម្បីសម្របតាមការប្រឈមខាងផ្លូវចិត្ត ដោយមានចិត្តក្លាហាន និងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
ការជួយខ្លួនអ្នក និងមនុស្សដទៃទៀតឲ្យបានល្អបំផុតតាមដែលអ្នកអាចធ្វើបាន ។
-
ការឈោងទៅរកជំនួយបន្ថែម នៅពេលត្រូវការ ។
គំរូរបស់ព្រះអង្គសង្គ្រោះ
សូមពន្យល់ថា ក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវបានឆ្លងកាត់នូវអារម្មណ៍ដូចជាការឈឺចិត្ត និងទុក្ខព្រួយ ។ អ្នកអាចសួរសិស្សថា តើពួកគេអាចគិតអំពីឧទាហរណ៍ណាមួយដែរឬទេ ? សម្រាប់សកម្មភាពខាងក្រោមនេះ សូមពិចារណារៀបចំសិស្សជាគូៗ ហើយអញ្ជើញពួកគេឲ្យគូរតារាងដែលភ្ជាប់មកជាមួយក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមលើកទឹកចិត្តដៃគូនីមួយៗឲ្យសិក្សាវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរដែលបានរាយក្នុងតារាងនេះ ។ នៅពេលសិស្សសិក្សាចប់ហើយ សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយមិត្តរួមថ្នាក់នូវអ្វីដែលពួកគេបានរៀន ។
សូមអានវគ្គបទគម្ពីរខាងក្រោម ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបនៅក្នុងស្ថានភាពនីមួយៗ ។ សូមកត់ត្រាអារម្មណ៍ណាមួយដែលព្រះអង្គសង្គ្រោះបានបង្ហាញ និងទង្វើដែលទ្រង់បានធ្វើ ។
|
ស្ថានភាពលំបាកខាងផ្លូវចិត្ត |
របៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតប |
|---|---|
ស្ថានភាពលំបាកខាងផ្លូវចិត្ត ហេរ៉ូឌ អាន់ទីប៉ាស បានសម្លាប់យ៉ូហានបាទីស្ទ ។ | របៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតប ម៉ាថាយ ១៤:១៣–២៣ |
ស្ថានភាពលំបាកខាងផ្លូវចិត្ត ព្រះយេស៊ូវបានធ្វើដំណើរទៅនៅជាមួយម៉ារា និងម៉ាថា បន្ទាប់ពីឡាសារជាបងប្រុសរបស់ពួកគេបានស្លាប់ ។ | របៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតប យ៉ូហាន ១១:៣២–៤៤ |
-
តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញពីដំណើររឿងទាំងនេះ ?
-
តើអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយរបៀបណាក្នុងអំឡុងពេលមានស្ថានភាពលំបាកខាងផ្លូវចិត្ត ?
« ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត »
សូមពន្យល់ថា ព្រះយេស៊ូវគ្រីស្ទមិនត្រឹមតែជាគំរូដ៏ខ្ពង់ខ្ពស់នៃភាពធន់ខាងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏យល់យ៉ាងឥតខ្ចោះរាល់អារម្មណ៍ និងការពុះពារក្នុងជីវិតរមែងស្លាប់ផងដែរ ។ បើអាច សូមបង្ហាញរូបភាពព្រះអង្គសង្គ្រោះកំពុងរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី នៅលើក្ដារខៀន ។ នៅពេលសិស្សធ្វើសកម្មភាពខាងក្រោមនេះ សូមអញ្ជើញពួកគេឲ្យសរសេរពាក្យ ឬឃ្លាដែលពោរពេញដោយអត្ថន័យពី អេសាយ ៥៣:៣–៥ នៅជុំវិញរូបភាពនេះ ។ អ្នកអាចចង្អុលបង្ហាញថា អេសាយ ៥៣:៣–៥ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយអញ្ជើញសិស្សឲ្យគូសចំណាំវានៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមអាន អេសាយ ៥៣:៣–៥ ដោយរកមើលភស្តុតាងដែលថា ព្រះអង្គសង្គ្រោះយល់យ៉ាងឥតខ្ចោះពីទុក្ខលំបាកខាងផ្លូវចិត្តរបស់យើង ។
-
តើពាក្យ ឬឃ្លាណាមួយណាដែលមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វី ?
ដើម្បីជួយសិស្សឲ្យស្គាល់ព្រះសមត្ថភាពរបស់ព្រះយេស៊ូវបានកាន់តែច្បាស់ក្នុងការយល់ចិត្ត និងការលួងលោមពួកគេយ៉ាងឥតខ្ចោះ សូមពិចារណាចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ៖
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រកាស ៖
បន្ថែមពីលើនោះ ដើម្បីផ្ដល់នូវអំណោយទានដ៏មហិមានៃសេចក្តីសង្គ្រោះនេះ ព្រះអង្គសង្គ្រោះប្រទានដល់យើងនូវភាពធូរស្បើយ និងការលួងលោមចិត្ត កាលយើងប្រឈមនឹងទុក្ខវេទនា ការល្បួង និងភាពទន់ខ្សោយនៃជីវិតរមែងស្លាប់ ។ … ខ្ញុំអាចអះអាងដល់បងប្អូនថា ព្រះគ្រីស្ទទ្រង់ញាណដឹងពីសេចក្ដីវេទនាដែលយើងដកពិសោធន៍នៅក្នុងជីវិតរមែងស្លាប់នេះជានិច្ច ។ ទ្រង់យល់នូវរាល់ភាពជូរចត់ ការឈឺចាប់ និងកង្វល់ខាងសាច់ឈាម ក៏ដូចជាឧបសគ្គខាងផ្លូវចិត្ត និងខាងវិញ្ញាណដែលយើងប្រឈមផងដែរ ។ ព្រះអង្គសង្រ្គោះពោរពេញដោយសេចក្តីមេត្តាករុណា ហើយទ្រង់ត្រៀមព្រះកាយជួយសង្រ្គោះយើងជានិច្ច ។ ការណ៍នេះអាចកើតឡើងបាន ពីព្រោះទ្រង់បានដកពិសោធន៍ និងលើកដាក់លើអង្គទ្រង់នូវការឈឺចាប់នៃភាពទន់ខ្សោយ និងទុក្ខវេទនាខាងសាច់ឈាមរបស់យើងដោយផ្ទាល់ ។
ដោយមានព្រះទ័យស្លូតបូត និងរាបសា នោះទ្រង់បានយាងចុះក្រោមគ្រប់ទាំងអស់ ហើយបានទទួលយក ទោះជាត្រូវមនុស្សមើលងាយ បដិសេធ ហើយបន្ទាបបន្ថោក ព្រមទាំងរងរបួសព្រោះតែអំពើរំលង និងអំពើទុច្ចរិតរបស់យើងក្ដី ។ ទ្រង់បានរងទុក្ខរឿងទាំងនេះសម្រាប់មនុស្សទាំងអស់គ្នា ដោយលើកដាក់មកលើអង្គទ្រង់នូវអំពើបាបរបស់ពិភពលោកនេះ ហើយទ្រង់ក្លាយជាអង្គថែរក្សាខាងវិញ្ញាណរបស់យើងជានិរន្តរ ។
កាលយើងខិតកាន់តែជិតទ្រង់ ដោយអនុញ្ញាតឲ្យទ្រង់ជួយយើងខាងវិញ្ញាណ នោះយើងនឹងមានលទ្ធភាពដើម្បីលើកដាក់នឹមដ៏ងាយរបស់ទ្រង់ និងបន្ទុកដ៏ស្រាលរបស់ទ្រង់មកលើខ្លួនយើង ហើយក៏រកឃើញការលួងលោមចិត្ត និងទីសម្រាកដែលបានសន្យាផងដែរ ។ លើសពីនេះទៀត យើងនឹងទទួលបានកម្លាំងដែលយើងត្រូវការដើម្បីយកឈ្នះលើការលំបាក ភាពទន់ខ្សោយ និងភាពសោកសៅក្នុងជីវិត ដែលពិបាកស៊ូទ្រាំយ៉ាងខ្លាំង បើគ្មានជំនួយ និងព្រះចេស្ដាព្យាបាលរបស់ទ្រង់ទេនោះ ។ ( អូលីសេស សូរ៉េស « ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែនៃព្រលឹងរបស់យើង » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ៨៣–៨៤ )
-
ចេញពីការសិក្សារបស់យើង តើសេចក្តីពិតអ្វីខ្លះដែលយើងអាចរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះសមត្ថភាពរបស់ទ្រង់ក្នុងការជួយយើង ?
សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ។ សេចក្តីពិតមួយក្នុងចំណោមសេចក្តីពិតដែលសិស្សអាចស្វែងរកគឺដូចខាងក្រោមនេះ ៖ ព្រះយេស៊ូវគ្រីស្ទអាចលួងលោម និងពង្រឹងយើងនៅគ្រាជួបការប្រឈមខាងផ្លូវចិត្ត ពីព្រោះទ្រង់ក៏បានឆ្លងកាត់វាដែរ ។
-
តើការងាកទៅរកព្រះអង្គសង្គ្រោះ និងការធ្វើតាមគំរូរបស់ទ្រង់ដោយសេចក្ដីជំនឿអាចជួយបុគ្គលម្នាក់ឲ្យបង្កើតភាពធន់ខាងផ្លូវចិត្តដោយរបៀបណា ?
ការស្រមៃមើលពីជំនួយរបស់ព្រះអង្គសង្គ្រោះ
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលគោលការណ៍នេះអាចជួយពួកគេ នោះជំនាញខាងក្រោមនេះ អាចមានអត្ថប្រយោជន៍ ។ សូមធ្វើដូចខាងក្រោមនេះដើម្បីកំណត់ឲ្យច្បាស់ បង្ហាញគំរូ និងអនុវត្តជំនាញនេះ ៖
-
កំណត់ជំនាញ ៖ សូមពន្យល់សិស្សថា ការស្រមៃមើលថាព្រះអង្គសង្គ្រោះកំពុងគង់នៅជាមួយយើង ហើយជួយយើងក្នុងអំឡុងស្ថានភាពលំបាកខាងសតិអារម្មណ៍របស់យើង អាចយាងអញ្ជើញជំនួយ និងការណែនាំរបស់ទ្រង់ ។
-
បង្ហាញគំរូពីជំនាញ ៖ សូមគិតអំពីស្ថានភាពលំបាកខាងផ្លូវចិត្តមួយដែលអ្នកបានប្រឈម ឬអាចនឹងប្រឈមនៅពេលអនាគត ដែលអ្នកស្ម័គ្រចិត្តចែកចាយជាមួយសិស្ស ។ ដោយប្រើជំហានខាងក្រោម សូមចែកចាយពីរបៀបដែលអ្នកស្រមៃឃើញព្រះអង្គសង្គ្រោះគង់ជាមួយអ្នក ពង្រឹងអ្នក និងរបៀបដែលអ្នកអាចឆ្លើយសំណួរមួយចំនួនដូចខាងក្រោមនេះ ។ អ្នកប្រហែលជាចង់គិតយ៉ាងយកចិត្តទុកដាក់អំពីការណ៍នេះ ទុកជាផ្នែកមួយនៃការរៀបចំមេរៀនរបស់អ្នក ។
-
អនុវត្ត ៖ ដើម្បីជួយសិស្សឲ្យអនុវត្តជំនាញនេះ សូមពិចារណារៀបចំពួកគេជាក្រុមតូចៗ ហើយអញ្ជើញក្រុមនីមួយៗឲ្យគិតអំពីស្ថានភាពប្រឈមខាងផ្លូវចិត្តសម្រាប់ក្មេងវ័យជំទង់ម្នាក់ ។ នៅពេលដែលពួកគេបានគិតពីសាច់រឿង ដែលអាចទាក់ទងគ្នា សូមអញ្ជើញពួកគេឲ្យធ្វើដូចខាងក្រោមដោយខ្លួនឯង ហើយបន្ទាប់មកចែកចាយចម្លើយរបស់ពួកគេជាមួយក្រុមរបស់ពួកគេ ។ អ្នកអាចដាស់តឿនសិស្សកុំឲ្យចែកចាយអ្វីដែលមានលក្ខណៈផ្ទាល់ខ្លួនពេកពីជីវិតរបស់ពួកគេផ្ទាល់ ។
សូមបិទភ្នែករបស់អ្នក ហើយស្រមៃមើលព្រះអង្គសង្គ្រោះដែលបានមានព្រះជន្មរស់ឡើងវិញគង់នៅជាមួយអ្នក អំឡុងពេលអ្នកជួបទុក្ខលំបាក ។ សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើព្រះអង្គសង្គ្រោះនឹងគង់នៅទីណាដែលទាក់ទងនឹងអ្នក អំឡុងពេលអ្នកជួបទុក្ខលំបាក ? តើទ្រង់អាចធ្វើអ្វី បើទ្រង់គង់នៅជាមួយអ្នក ?
-
តើអ្នកអាចកំពុងគិត ឬមានអារម្មណ៍យ៉ាងណា ពេលនៅជិតព្រះយេស៊ូវគ្រីស្ទ ?
-
តើវត្តមាន សេចក្តីស្រឡាញ់ និងការគាំទ្ររបស់ទ្រង់អាចជួយអ្នកគ្រប់គ្រង និងយកឈ្នះលើភាពតានតឹងខាងផ្លូវចិត្តរបស់អ្នកយ៉ាងដូចម្តេច ?
-
ចេញពីអ្វីដែលអ្នកដឹងអំពីព្រះអង្គសង្គ្រោះ តើទ្រង់អាចមានព្រះបន្ទូលអ្វីខ្លះដល់អ្នក ? ( អ្នកអាចប្រើឃ្លាចេញពីព្រះគម្ពីរដែលទ្រង់បានមានព្រះបន្ទូលទៅកាន់អ្នកដទៃ ) ។ តើទ្រង់ប្រហែលជាបង្គាប់ឲ្យអ្នកធ្វើអ្វីខ្លះ ? តើនរណាដែលទ្រង់ប្រហែលជាបង្គាប់អ្នកឲ្យឈោងទៅរកជំនួយបន្ថែម ?
សូមអញ្ជើញក្រុមជាច្រើនឲ្យចែកចាយអ្វីដែលពួកគេបានពិភាក្សា និងរបៀបដែលការណ៍ទាំងនោះអាចជួយបាន ។ អ្នកអាចចង្អុលបង្ហាញថា សម្រាប់ការប្រឈមខាងផ្លូវចិត្តធ្ងន់ធ្ងរ ឬអូសបន្លាយ សិស្សគួរតែស្វែងរកជំនួយ និងការណែនាំពីឪពុកម្ដាយ ថ្នាក់ដឹកនាំសាសនាចក្រ និងអ្នកជំនាញដែលមានអាជ្ញាប័ណ្ណ ។
សូមពិចារណាសួរសំណួរដូចខាងក្រោម ហើយចែកចាយអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីកម្លាំង និងការលួងលោមដែលបានមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ៖
-
តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានដឹងពីជំនួយរបស់ព្រះអង្គសង្គ្រោះ អំឡុងពេលមានស្ថានភាពលំបាកខាងផ្លូវចិត្ត ?
-
ហេតុអ្វីអ្នកគិតថា ការងាកទៅរកព្រះអម្ចាស់ធ្វើឲ្យយើងកាន់តែមានភាពធន់ខាងផ្លូវចិត្ត ?
ដើម្បីបញ្ចប់ សូមអញ្ជើញសិស្សឲ្យសរសេរពីអារម្មណ៍ ឬចំណាប់អារម្មណ៍ណាមួយដែលពួកគេបានទទួលអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងព្រះសមត្ថភាពរបស់ទ្រង់ទាំងទ្វេក្នុងការជួយពួកគេ និងមនុស្សជាទីស្រឡាញ់បង្កើតភាពធន់ខាងផ្លូវចិត្ត ។
សូមលើកទឹកចិត្តសិស្សឲ្យពឹងលើព្រះយេស៊ូវគ្រីស្ទដើម្បីទទួលបានជំនួយ និងកម្លាំងអំឡុងពេលមានទុក្ខលំបាក និងការមិនសម្រេចបានខាងផ្លូវចិត្ត ។ មេរៀននាពេលអនាគតនឹងផ្តោតលើវិធីជាក់លាក់ដែលពួកគេអាចស្វែងរកជំនួយពីព្រះអម្ចាស់ជាមួយនឹងគំនិតរបស់ពួកគេ ភាពតានតឹង ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងជាច្រើនទៀត ។