« មេរៀនទី ១៨៣—ភាពខ្លួនទីពឹងខ្លួនអាចធ្វើឲ្យយើងមានលទ្ធភាពកាន់តែប្រសើរក្នុងការមើលថែទាំអ្នកដទៃ ៖ ការរៀបចំខ្លួនដើម្បីបម្រើដូចជាព្រះអង្គសង្គ្រោះ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ភាពខ្លួនទីពឹងខ្លួនអាចធ្វើឲ្យយើងមានលទ្ធភាពកាន់តែប្រសើរក្នុងការមើលថែទាំអ្នកដទៃ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៨៣ ៖ ការស្ថាបនាភាពខ្លួនទីពឹងខ្លួន
ភាពខ្លួនទីពឹងខ្លួនអាចធ្វើឲ្យយើងមានលទ្ធភាពកាន់តែប្រសើរក្នុងការមើលថែទាំអ្នកដទៃ
ការរៀបចំខ្លួនដើម្បីបម្រើដូចជាព្រះអង្គសង្គ្រោះ
ព្រះអង្គសង្រ្គោះបានបង្រៀនពួកសិស្សរបស់ទ្រង់ឲ្យ « ចូរជួយអ្នកទន់ខ្សោយ … ហើយចូរចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រផង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៥ ) ។ យើងគួរតែធ្វើតាមការណែនាំនេះឲ្យបានល្អប្រសើរ នៅពេលយើងកាន់តែមានភាពខ្លួនទីពឹងខ្លួន ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីរបៀបដែលការធ្វើជាមនុស្សមានភាពខ្លួនទីពឹងខ្លួនអាចធ្វើឲ្យពួកគេធ្វើតាមគំរូនៃការជួយអ្នកដទៃរបស់ព្រះអង្គសង្រ្គោះបានកាន់តែប្រសើរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សមត្ថភាពជួយដល់អ្នកដទៃ
ដើម្បីជួយសិស្សឲ្យយល់ថាការទទួលបានភាពខ្លួនទីពឹងខ្លួន ជះឥទ្ធិពលដល់សមត្ថភាពរបស់យើងក្នុងការជួយអ្នកដទៃ សូមពិចារណាអញ្ជើញសិស្សបីនាក់ឲ្យអានស្ថានភាពមួយក្នុងចំណោមស្ថានភាពខាងក្រោមនេះ ។ សូមផ្អាក បន្ទាប់ពីបានអានស្ថានភាពនីមួយៗហើយ ហើយសុំឲ្យសិស្សចែកចាយកត្តាផ្សេងៗ ដែលអាចកំណត់ថាតើ មីនឌី ណាថាន ឬ យេដា អាចជួយបានប៉ុន្មាន ។ ( ប្រសិនបើចង់ធ្វើ អ្នកអាចបង្កើតសាច់រឿងជំនួសដែលទាក់ទងទៅនឹងសិស្សរបស់អ្នកជាង ) ។
-
មិត្តភក្តិរបស់មីនឌីពិបាកយល់កិច្ចការគណិតវិទ្យារបស់នាង ហើយសុំជំនួយពីមីនឌី ។
-
ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាថ្មី ណាថានបានជួបជាមួយមនុស្សម្នាក់ដែលមានសំណួរជាច្រើនអំពីការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
-
យេដាដឹងថា មានគ្រួសារមួយក្នុងវួដរបស់នាង គ្មានសម្លៀកបំពាក់ដែលកក់ក្តៅឲ្យកូនៗរបស់ពួកគេទេ ។
សូមពិចារណាបង្ហាញ ឬផ្តល់សំណៅចម្លងនៃសេចក្តីថ្លែងការណ៍ខាងក្រោមនេះពីអែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដល់សិស្ស ។ សូមអញ្ជើញពួកគេឲ្យស្វែងរក និងពិភាក្សាជាក្រុមតូចៗ យ៉ាងហោចណាស់មួយឃ្លាចេញពីកថាខណ្ឌនីមួយៗ ដែលអាចអនុវត្តចំពោះសាច់រឿងដូចខាងក្រោមនេះ ។ ( បើចាំបាច់ សូមជួយសិស្សយល់ថា ពាក្យ ខាងសាច់ឈាម ដូចដែលបានប្រើនៅក្នុងសេចក្តីថ្លែងការណ៍នេះអាចរួមបញ្ចូលផ្នែកជាច្រើននៃសុខុមាលភាព ដូចជា ហិរញ្ញវត្ថុ ការអប់រំ សតិអារម្មណ៍ និងខាងរាងកាយ ) ។
ភាពខ្លួនទីពឹងខ្លួនគឺជាការមានទំនួលខុសត្រូវលើសុខុមាលភាពខាងវិញ្ញាណ និងខាងសាច់ឈាមរបស់យើងផ្ទាល់ និងសម្រាប់អស់អ្នកដែលព្រះវរបិតាសួគ៌បានទុកព្រះទ័យឲ្យយើងមើលថែទាំ ។ ទាល់តែយើងមានភាពខ្លួនទីពឹងខ្លួនសិន ទើបយើងពិតជាអាចធ្វើត្រាប់តាមព្រះអង្គសង្រ្គោះក្នុងការបម្រើ និងក្នុងការផ្ដល់ពរជ័យដល់អ្នកដទៃបាន ។
វាសំខាន់ដើម្បីយល់ថា ភាពខ្លួនទីពឹងខ្លួនគឺជាមធ្យោបាយមួយ ដែលជួយយើងឲ្យសម្រេចគោលដៅ ។ គោលដៅចុងក្រោយរបស់យើងគឺដើម្បីក្លាយដូចជាព្រះអង្គសង្គ្រោះ ហើយគោលដៅនោះត្រូវបានពង្រឹង តាមរយៈការបម្រើដល់អ្នកដទៃដោយមិនអាត្មានិមយ ។ សមត្ថភាពរបស់យើងក្នុងការបម្រើនឹងកើនឡើង ឬថយចុះ អាស្រ័យលើកម្រិតនៃភាពខ្លួនទីពឹងខ្លួនរបស់យើង ។
ដូចជាប្រធាន ម៉ារ៉ុន ជី រ៉មនី ធ្លាប់មានប្រសាសន៍ ៖ « អាហារសម្រាប់អ្នកស្រេកឃ្លាន មិនអាចបានពីធ្នើរដែលគ្មានអ្វីសោះនោះទេ ។ ប្រាក់ដើម្បីជួយដល់អ្នកខ្វះខាតពុំអាចកើតចេញមកពីកាបូបទទេនោះទេ ។ ការគាំទ្រ និងការយល់ចិត្តពុំអាចកើតចេញមកពីការស្រេកឃ្លានខាងសតិអារម្មណ៍នោះទេ ។ ការបង្រៀនពុំអាចកើតចេញមកពីអ្នកមិនរៀននោះទេ ។ ហើយអ្វីដែលសំខាន់បំផុតនោះ ការណែនាំខាងវិញ្ញាណមិនអាចបានមកពីមនុស្សទន់ខ្សោយខាងវិញ្ញាណទេ » ( នៅក្នុងរបាយការណ៍សន្និសីទទូទៅ ខែតុលា ឆ្នាំ១៩៨២ ទំព័រ១៣៥ ឬ Ensign ខែវិច្ឆិកា ឆ្នាំ១៩៨២ ទំព័រ៩៣ ) ។ ( រ៉ូបឺត ឌី ហែល « A Gospel Vision of Welfare: Faith in Action » នៅក្នុង Basic Principles of Welfare and Self-Reliance [ ការប្រជុំបំពាក់បំប៉នថ្នាក់ដឹកនាំទូទាំងពិភពលោក ឆ្នាំ ២០០៩ ] ទំព័រ ១–២ សូមមើលផងដែរនៅលើគេហទំព័រ ChurchofJesusChrist.org )
-
តើសេចក្តីពិតអ្វីខ្លះដែលអ្នកបានរៀនពីអែលឌើរ ហែល ?
នៅពេលសិស្សឆ្លើយសំណួរពីមុន សូមប្រាកដថា ពួកគេយល់ថា នៅពេលយើងអភិវឌ្ឍភាពខ្លួនទីពឹងខ្លួន នោះយើងកាន់តែប្រែក្លាយដូចជាព្រះអង្គសង្រ្គោះ និងអាចជួយ និងបម្រើអ្នកដទៃកាន់តែប្រសើរ ។
អ្នកអាចជួយសិស្សឲ្យមើលឃើញពីភាពទាក់ទងផ្ទាល់ខ្លួននៅក្នុងមេរៀននេះ ដោយសុំឲ្យពួកគេកត់ត្រាគំនិត និងចម្លើយរបស់ពួកគេចំពោះសំណួរដូចតទៅនេះ ៖
-
តើអ្នកអាចជួយអ្នកដទៃតាមរយៈសមត្ថភាព ឬមធ្យោបាយដែលព្រះបានជួយអ្នកអភិវឌ្ឍដោយរបៀបណា ?
-
តើភាពខ្លួនទីពឹងខ្លួនផ្នែកណាខ្លះ ដែលព្រះវរបិតាសួគ៌ឲ្យអ្នកធ្វើនៅពេលនេះ ដើម្បីឲ្យអ្នកអាចមើលថែខ្លួនឯង និងអ្នកដទៃបានកាន់តែប្រសើរនៅពេលអនាគត ?
ការប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ
សូមពិចារណាដាក់បង្ហាញសេចក្តីណែនាំ និងសំណួរដូចខាងក្រោមនេះ ។ សូមអញ្ជើញសិស្សឲ្យបំពេញសកម្មភាព និងពិភាក្សាពីសំណួរនេះជាមួយដៃគូ ។
សូមអាន លូកា ២:៤០, ៥២ ហើយគូសចំណាំផ្នែកផ្សេងៗនៃការរីកចម្រើន ដែលព្រះយេស៊ូវបានធ្វើក្នុងយុវវ័យរបស់ទ្រង់ ។
-
តើព្រះសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការបម្រើអ្នកដទៃបានជះឥទ្ធិពលដោយការរីកចម្រើន និងការអភិវឌ្ឍរបស់ទ្រង់ក្នុងកំឡុងយុវវ័យរបស់ទ្រង់ដោយរបៀបណា ?
បន្ទាប់ពីដៃគូទាំងឡាយបានចែកចាយរួចរាល់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលក្មេងជំទង់សព្វថ្ងៃអាចបង្កើតភាពខ្លួនទីពឹងខ្លួនក្នុងផ្នែកនីមួយៗដែលបានលើកឡើងក្នុង លូកា ២:៤០, ៥២ ។
សូមពិចារណាផ្តល់ពេលឲ្យសិស្សដើម្បីជញ្ជឹងគិតសំណួរដូចខាងក្រោមដោយស្ងៀមស្ងាត់ ៖
-
តើអ្នកអាចជួយនរណានៅថ្ងៃអនាគត ប្រសិនបើអ្នកកាន់តែមានភាពខ្លួនទីពឹងខ្លួននៅផ្នែកមួយក្នុងចំណោមផ្នែកទាំងនេះ ? តើអ្នកអាចជួយដោយរបៀបណា ?
-
តើការខិតខំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួនជួយយើងប្រែក្លាយកាន់តែដូចជាព្រះអង្គសង្រ្គោះដោយរបៀបណា ?
ឧទាហរណ៍នៃការបម្រើដូចជាព្រះគ្រីស្ទតាមរយៈភាពខ្លួនទីពឹងខ្លួន
សូមចែកចាយគំរូពីបុគ្គលនៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រដែលអាចបម្រើព្រះ និងអ្នកដទៃបាន ។ អ្នកអាចធ្វើវាបានដោយការរៀបចំថ្នាក់រៀនជាក្រុមសិក្សា ហើយផ្តល់ឲ្យក្រុមនីមួយៗនូវឧទាហរណ៍មួយចេញពីសំណៅចែក « ឧទាហរណ៍ពីភាពខ្លួនទីពឹងខ្លួនមកពីប្រវត្តិសាស្រ្តសាសនាចក្រ » ។ សូមអញ្ជើញក្រុមឲ្យអានខគម្ពីរដែលបានស្នើ ហើយពិភាក្សាសំណួរនៅចុងបញ្ចប់នៃកថាខណ្ឌរបស់ពួកគេ ។
ឧទាហរណ៍នៃភាពខ្លួនទីពឹងខ្លួនមកពីប្រវត្តិសាស្រ្តសាសនាចក្រ
ម៉ាទិន ហារិស ៖ នៅក្នុងឆ្នាំ១៨២៧ យ៉ូសែប ស៊្មីធ បានប្រឈមមុខនឹងការបៀតបៀន និងភាពក្រីក្រ នៅពេលលោកបានព្យាយាមបកប្រែព្រះគម្ពីរមរមនពីផ្ទាំងមាស ។ ម៉ាទិន ហារិស ជាកសិករជោគជ័យម្នាក់ បានដឹងពីស្ថានភាពរបស់យ៉ូសែប ។ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦១–៦២ ដោយរកមើលពីរបៀបដែល ម៉ាទិន អាចជួយ យ៉ូសែប ស្ម៊ីធ ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:២៦, ៣៤–៣៥; ១០៤:២៦ ដើម្បីមើលពីរបៀបផ្សេងទៀតដែល ម៉ាទិន ហារិស អាចបម្រើព្រះអម្ចាស់ និងផ្ដល់ពរដល់អ្នកដទៃ ។ ម៉ាទិនបានបង្កើតភាពខ្លួនទីពឹងខ្លួនផ្នែកហិរញ្ញវត្ថុដែលចាំបាច់ដើម្បីបម្រើព្រះអម្ចាស់ និងអ្នកដទៃតាមរបៀបដ៏មានអត្ថន័យ ។ តើក្មេងជំទង់អាចធ្វើអ្វីខ្លះនៅពេលនេះ ដើម្បីអភិវឌ្ឍជំនាញ ការអប់រំ និងមធ្យោបាយផ្សេងៗដើម្បីជួយពួកគេបម្រើព្រះអម្ចាស់ និងអ្នកដទៃទៀតនៅពេលអនាគត ?
អែមម៉ា ហេល ស្ម៊ីធ ៖ នៅពេលគាត់បានជួប យ៉ូសែប ស្ម៊ីធ អិមម៉ា ហេល គឺជាអ្នកអាន អ្នកនិពន្ធ គ្រូបង្រៀន និងតន្ត្រីការនីដែលមានស្នាដៃមួយរូប ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:៥–៧, ១១ ដោយរកមើលការទទួលខុសត្រូវដែលព្រះអម្ចាស់បានប្រគល់ដល់អិមម៉ា ។ អិមម៉ាបានអភិវឌ្ឍជំនាញ និងការអប់រំ ដែលបានជួយគាត់បម្រើព្រះអម្ចាស់ និងអ្នកដទៃតាមរបៀបដ៏មានអត្ថន័យ ។ តើក្មេងជំទង់អាចធ្វើអ្វីខ្លះនៅពេលនេះ ដើម្បីអភិវឌ្ឍជំនាញ ការអប់រំ និងមធ្យោបាយផ្សេងៗដើម្បីជួយពួកគេបម្រើព្រះអម្ចាស់ និងអ្នកដទៃទៀតនៅពេលអនាគត ?
វិលលាម ដ័បបុលយូ ហ្វែប្ស ៖ ព្រះអម្ចាស់បានណែនាំ វិលលាម ដ័បបុលយូ ហ្វែប្ស ដែលជាអ្នកប្រែចិត្តជឿថ្មីចូលសាសនាចក្រ ឲ្យផ្លាស់ទៅរដ្ឋមិសសួរី ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៥៥:៤ និង ៥៧:១១–១៣ ដោយរកមើលកិច្ចការពិសេសដែលព្រះអម្ចាស់បានប្រទានដល់វិលលាម ឲ្យបម្រើក្នុងសាសនាចក្ររបស់ទ្រង់ ។ សូមប្រើលិបិក្រម « Authors and Composers » នៅក្នុងសៀវភៅទំនុកតម្កើងដើម្បីស្វែងរកទំនុកតម្កើងដែល វិលលាម ដ័បបុលយូ ហ្វែប្ស បានសរសេរ ដែលបន្តផ្តល់ពរដល់សាសនាចក្រសព្វថ្ងៃនេះ ។ វិលលាមបានអភិវឌ្ឍជំនាញ និងការអប់រំ ដែលបានជួយគាត់បម្រើព្រះអម្ចាស់ និងអ្នកដទៃតាមរបៀបដ៏មានអត្ថន័យ ។ តើក្មេងជំទង់អាចធ្វើអ្វីខ្លះនៅពេលនេះ ដើម្បីអភិវឌ្ឍជំនាញ ការអប់រំ និងមធ្យោបាយផ្សេងៗដើម្បីជួយពួកគេបម្រើព្រះអម្ចាស់ និងអ្នកដទៃទៀតនៅពេលអនាគត ?
សូមពិចារណាអញ្ជើញក្រុមនីមួយៗឲ្យចែកចាយអ្វីដែលពួកគេបានរៀនដល់សិស្សក្នុងថ្នាក់ ។
អ្នកអាចជួយសិស្សគិតអំពីគំរូសម័យទំនើបនៃបុគ្គលដែលបានបង្កើតភាពខ្លួនទីពឹងខ្លួន ហើយបន្ទាប់មកអាចបម្រើអ្នកដទៃតាមរបៀបដូចជាព្រះគ្រីស្ទ ។ អ្នកអាចបង្ហាញវីដេអូ « Strengthen Thy Brethren » ( ៣:៥០ ) ឬ « On the Lord’s Errand: The Life of Thomas S. Monson » ចាប់ពីនាទីទី ១៩:៥៤ ដល់ ២៤:១៨ ទាំងពីរមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមពិចារណាចែកចាយពីរបៀបដែលអ្នកបានបម្រើអ្នកដទៃ ឬរបៀបដែលអ្នកដទៃបានបម្រើអ្នកតាមរយៈជំនាញ មធ្យោបាយ និងគុណលក្ខណៈដែលអ្នក ឬអ្នកផ្សេងទៀតបានអភិវឌ្ឍពេញមួយជីវិត ។
ដើម្បីបញ្ចប់មេរៀននេះ អ្នកអាចផ្តល់ពេលឲ្យសិស្សជញ្ជឹងគិតដោយការអធិស្ឋាន ឬសរសេរអ្វីដែលពួកគេគិតថា ព្រះវរបិតាសួគ៌នឹងឲ្យពួកគេធ្វើជាមួយនឹងអ្វីដែលពួកគេបានរៀន និងបានទទួលអារម្មណ៍នៅថ្ងៃនេះ ។ សិស្សដែលស្ម័គ្រចិត្តអាចចែកចាយគំនិតរបស់ពួកគេមួយចំនួនជាមួយសិស្សក្នុងថ្នាក់ ។