« មេរៀនទី ១៨២—ការគ្រប់គ្រងធនធានហិរញ្ញវត្ថុដោយឈ្លាសវៃ ៖ ការខិតខំកសាងភាពខ្លួនទីពឹងខ្លួនផ្នែកហិរញ្ញវត្ថុ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការគ្រប់គ្រងធនធានហិរញ្ញវត្ថុដោយឈ្លាសវៃ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៨២ ៖ ការស្ថាបនាភាពខ្លួនទីពឹងខ្លួន
ការគ្រប់គ្រងធនធានហិរញ្ញវត្ថុដោយឈ្លាសវៃ
ការខិតខំកសាងភាពខ្លួនទីពឹងខ្លួនផ្នែកហិរញ្ញវត្ថុ
យុវវ័យមានឱកាសជាច្រើននាពេលអនាគតជាមួយនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុដូចជា ការបម្រើបេសកកម្ម ការទទួលបានការអប់រំ ឬការចាប់ផ្តើមគ្រួសារ ។ ពេលដែលពួកគេសម្លឹងមើលទៅព្រះយេស៊ូវគ្រីស្ទ ហើយធ្វើតាមគោលការណ៍ហិរញ្ញវត្ថុដ៏ឈ្លាសវៃ នោះពួកគេយាងអញ្ជើញព្រះពររបស់ព្រះដើម្បីប្រទានពរដល់សេចក្ដីត្រូវការរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៤:១៥ ) ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីរបៀបអនុវត្តសេចក្តីជំនឿលើព្រះ ពេលពួកគេស្ថាបនាភាពខ្លួនទីពឹងខ្លួនផ្អែកហិរញ្ញវត្ថុ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសម្លឹងមើលទៅកាន់អនាគត
ជាគូ ឬជាក្រុមតូចៗ សូមអញ្ជើញសិស្សឲ្យចែកចាយគោលដៅធំៗដែលពួកគេអាចមានសម្រាប់រយៈពេល ១០ ឬ ១៥ ឆ្នាំខាងមុខនេះ ។ ឧទាហរណ៍ ពួកគេអាចចែកចាយបានប្រសិនបើពួកគេមានគម្រោងបម្រើបេសកកម្ម កន្លែងដែលពួកគេចង់បន្តការអប់រំរបស់ពួកគេ ឬបំណងប្រាថ្នារបស់ពួកគេទាក់ទងនឹងអាពាហ៍ពិពាហ៍ និង គ្រួសារជាដើម ។ បន្ទាប់ពីសិស្សបានចែកចាយ សូមពិចារណាពិភាក្សាអំពីសំណួរខាងក្រោមជាថ្នាក់ ៖
-
តើគោលដៅរបស់អ្នកណាមួយដែលទាមទារឲ្យមានការរៀបចំខាងហិរញ្ញវត្ថុ ?
-
តើអ្នកគិតថា ពេលណាជាពេលវេលាដ៏ល្អបំផុតដើម្បីចាប់ផ្ដើមធ្វើផែនការហិរញ្ញវត្ថុសម្រាប់អនាគតរបស់អ្នក ? ហេតុអ្វី ?
អ្នកអាចរៀបចំខ្លួនដើម្បីចែកចាយដោយសង្ខបពីការចំណាយទូទៅដើម្បីបម្រើបេសកកម្ម ទទួលបានការអប់រំ ឬរស់នៅក្នុងតំបន់របស់អ្នក ។ ( សូមចាំថាគោលបំណងនៃមេរៀននេះគឺមិនមែនដើម្បីគូសបញ្ជាក់អំពីថ្លៃចំណាយលើអ្វីៗគ្រប់យ៉ាងនោះទេ ប៉ុន្តែដើម្បីជួយសិស្សឲ្យមើលទៅព្រះយេស៊ូវគ្រីស្ទដោយស្មោះត្រង់ ហើយត្រូវបានណែនាំទៅកាន់គោលការណ៍មូលដ្ឋានមួយចំនួននៃការគ្រប់គ្រងហិរញ្ញវត្ថុ ) ។
សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ៖
-
តើអ្នកមានទំនុកចិត្តប៉ុនណាចំពោះអនាគតហិរញ្ញវត្ថុរបស់អ្នក ? ហេតុអ្វី ?
ក្នុងមេរៀននេះទាំងមូល សូមស្វែងរកជំនួយរបស់ព្រះវរបិតាសួគ៌ប្រកបដោយការអធិស្ឋាន ដើម្បីយល់អំពីគោលការណ៍ដែលអាចជួយអ្នកនាពេលបច្ចុប្បន្ន និងនាពេលអនាគតដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកដោយភាពឈ្លាសវៃ ។
ការសន្យាទាំងឡាយមកពីព្រះអម្ចាស់
នៅឆ្នាំ១៨៣៤ សាសនាចក្របានជួបការលំបាកផ្នែកហិរញ្ញវត្ថុ នៅក្នុងផ្នែកការកសាងព្រះវិហារបរិសុទ្ធខឺតឡង់ និងកិច្ចខិតខំប្រឹងប្រែងដ៏សុចរិតផ្សេងៗទៀត ។ ព្រះអម្ចាស់បានប្រទានដំបូន្មានដល់ពួកគេដែលអាចអនុវត្តចំពោះយើងបានផងដែរ នៅពេលយើងប្រឈមមុខនឹងកាតព្វកិច្ចហិរញ្ញវត្ថុដើម្បីសម្រេចបាននូវបំណងប្រាថ្នាដ៏សុចរិតរបស់យើង ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០៤:១៣–១៧, ៧៨–៧៩ ។ សូមគិតអំពីរបៀបនៃការបង្រៀនរបស់ព្រះអម្ចាស់ដែលអាចទាក់ទងនឹងហិរញ្ញវត្ថុរបស់អ្នក ។
-
តើអ្នកបានរៀនអ្វីខ្លះដែលអាចអនុវត្តទៅលើតម្រូវការហិរញ្ញវត្ថុរបស់យើង ?
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអាចជួយនរណាម្នាក់ឲ្យទុកចិត្តលើព្រះអម្ចាស់ពេលពួកគេគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ?
សិស្សអាចចែកចាយគំនិតផ្សេងៗ ដោយរួមបញ្ចូលសេចក្ដីពិតដូចខាងក្រោម ៖ ព្រះអម្ចាស់នឹងផ្គត់ផ្គង់តម្រូវការរបស់យើង ប្រសិនបើយើងធ្វើតាមដំបូន្មានរបស់ទ្រង់ដោយស្មោះត្រង់ ។
-
ហេតុអ្វីសេចក្តីពិតនេះអាចជាការលើកទឹកចិត្តនៅពេលអ្នកព្យាយាមរៀបចំហិរញ្ញវត្ថុសម្រាប់អនាគតរបស់អ្នក ?
បើចាំបាច់សូមជួយសិស្សឲ្យយល់ថា ព្រះអម្ចាស់មិនសន្យាសេរីភាពពីការលំបាកផ្នែកហិរញ្ញវត្ថុ ឬការលំបាកផ្សេងៗនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់ទ្រង់ជ្រាបនូវអ្វីដែលយើងត្រូវការ ទ្រង់នឹងផ្គត់ផ្គង់យើងតាមព្រះហឫទ័យ និងពេលវេលារបស់ទ្រង់ពេលយើងមានចិត្តស្មោះត្រង់ ។
គោលការណ៍ហិរញ្ញវត្ថុរបស់ព្រះអម្ចាស់
សូមពន្យល់ថា តាមរយៈព្រះគម្ពីរ និងថ្នាក់ដឹកនាំសាសនាចក្ររបស់ទ្រង់ ព្រះអម្ចាស់បានប្រទានដំបូន្មានដើម្បីជួយយើងឲ្យប្រើប្រាស់ដោយប្រាជ្ញានូវពរជ័យលើផែនដីរបស់យើងរួមទាំងហិរញ្ញវត្ថុរបស់យើងផងដែរ ។ ដើម្បីជួយសិស្សឲ្យយល់ពីដំបូន្មានរបស់ព្រះអម្ចាស់ សូមពិចារណាអញ្ជើញពួកគេឲ្យជ្រើសរើសវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរខាងក្រោមនេះ ។ នៅពេលពួកគេជ្រើសរើសរួចហើយ ពួកគេអាចប្រមូលផ្តុំគ្នាជាមួយសិស្សដែលបានសិក្សាវគ្គបទគម្ពីរផ្សេងគ្នា ហើយចែកចាយនូវអ្វីដែលពួកគេបានរៀន ។
សូមអានខគម្ពីរខាងក្រោមនេះ ហើយស្វែងរកគោលការណ៍ដែលព្រះអម្ចាស់បង្រៀនដែលអាចជួយក្មេងជំទង់ម្នាក់ឲ្យត្រៀមខ្លួនសម្រាប់អនាគតហិរញ្ញវត្ថុរបស់ពួកគេ ។
-
ម៉ាទ្បាគី ៣:៨–១០
-
ធីម៉ូថេ ទី១ ៦:១០
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៤៨:៤ ( នៅពេលនេះពួកបរិសុទ្ធត្រូវការទិញដី ប៉ុន្តែយើងអាចប្រដូចរឿងនេះទៅនឹងទំនួលខុសត្រូវនាពេលអនាគតរបស់យើងផ្ទាល់ ) ។
នៅពេលសិស្សបានបញ្ចប់ការចែកចាយជាមួយគ្នាទៅវិញទៅមកហើយ សូមពិចារណាសួរសំណួរដូចខាងក្រោម ៖
-
តើគោលការណ៍ក្នុងបទគម្ពីរទាំងនេះអាចជួយអ្នកឲ្យអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នករៀបចំខ្លួនសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់អ្នកយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាអ្នកគិតថា ការបង់ដង្វាយមួយភាគក្នុងដប់គឺជាផ្នែកដ៏សំខាន់មួយនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់យើង ? ( សូមមើល ម៉ាទ្បាគី ៣:៨–១០ ) ។
-
ក្រៅពីការបង់ដង្វាយមួយភាគក្នុងដប់ តើមានរបៀបណាខ្លះដែលយើងអាចកំណត់អាទិភាពដើម្បីស្វែងរកនគររបស់ព្រះជាជាងការស្វែងរកទ្រព្យសម្បត្តិ ?
-
តើការអភិវឌ្ឍទម្លាប់នៃការសន្សំប្រាក់ពេលនៅជាយុវវ័យអាចប្រទានពរដល់អ្នកពេញមួយជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
អាទិភាពហិរញ្ញវត្ថុ
រូបភាពខាងក្រោមតំណាងឲ្យព្រឹត្តិការណ៍ ឬការសម្រេចចិត្តពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ។ ការអនុញ្ញាតឲ្យសិស្សពិចារណាអំពីលំដាប់លំដោយនៃព្រឹត្តិការណ៍ ឬការសម្រេចចិត្តទាំងនេះ អាចជួយពួកគេឲ្យដឹងអំពីអាទិភាពនៅពេលធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ។ សូមពិចារណាបោះពុម្ពរូបភាព កាត់ប្រភេទទាំងប្រាំនីមួយៗចេញ ហើយបិតវាទៅលើក្ដារខៀនដោយមិនបាច់ដាក់តាមលំដាប់លំដោយនោះទេ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាថា ពួកគេគិតថាប្រភេទទាំងនោះគួរតែនៅក្នុងលំដាប់លំដោយណា ។ ជម្រើសមួយទៀតគឺបោះពុម្ព ហើយកាត់រូបក្រាហ្វិកនេះ ឲ្យមានចំនួនគ្រប់គ្រាន់សម្រាប់ក្រុមសិស្សតូចៗដើម្បីដាក់តាមលំដាប់លំដោយ និងសម្រាប់ពិភាក្សាជាមួយគ្នា ។ វាអាចមានប្រយោជន៍ក្នុងការចង្អុលបង្ហាញថា ទោះបីជាវាហាក់ដូចជាច្បាស់ថាការទទួលបានចំណូលគួរតែកើតឡើងជាមុនក្នុងជីវិតជាក់ស្តែង មនុស្សជាច្រើនខ្ចី និងចំណាយប្រាក់មុនពេលពួកគេមានប្រាក់ទៅទៀត ។ នេះគេហៅថាបំណុល ហើយយើងគួរតែព្យាយាមជៀសវាងវា ។
ផ្ទុយទៅវិញ អ្នកអាចអញ្ជើញសិស្សឲ្យរាយបញ្ជីចំណាយទូទៅនៅលើក្ដារខៀនដែលពួកគេមានឥឡូវនេះ ឬអាចមាននៅពេលអនាគត ។ ក្នុងនាមជាថ្នាក់ ឬជាក្រុម សិស្សអាចត្រូវបានអញ្ជើញឲ្យកំណត់អាទិភាពលើការចំណាយពីសំខាន់បំផុតទៅមិនសូវសំខាន់ ដោយប្រើគោលការណ៍ដែលពួកគេទើបតែបានរៀននៅក្នុងសកម្មភាពបទគម្ពីរពីមុន ។
-
តើអ្នកនឹងកំណត់អាទិភាពលើព្រឹត្តិការណ៍ហិរញ្ញវត្ថុ ឬការសម្រេចចិត្តទាំងនេះដោយរបៀបណា ? តើអ្នកបានរៀនអ្វីខ្លះចេញពីការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុងបទគម្ពីរដើម្បីគាំទ្រដល់ចម្លើយរបស់អ្នក ?
-
តើបញ្ហាប្រឈមមុខអ្វីខ្លះដែលអាចបណ្តាលមកពីការមានអាទិភាពហិរញ្ញវត្ថុរបស់យើងមិនតាមលំដាប់លំដោយនោះ ?
-
តើអ្នកអាចនិយាយអ្វីខ្លះទៅកាន់នរណាម្នាក់ដែលមានអារម្មណ៍ថា ការចំណាយក្នុងការរស់នៅបច្ចុប្បន្នរបស់ពួកគេគួរតែត្រូវបានកំណត់អាទិភាពពីមុនការបង់ដង្វាយមួយភាគក្នុងដប់ ?
សូមពិចារណាសុំសិស្សឲ្យចែកចាយអំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេ ឬសមាជិកគ្រួសាររបស់ពួកគេដោយសារពួកគេបានកំណត់អាទិភាពនៃការបង់ដង្វាយមួយភាគក្នុងដប់នៅលើការចំណាយផ្សេងៗទៀត ។ ឧទាហរណ៍មួយទៀត អ្នកអាចចែកចាយបទពិសោធន៍របស់អែលឌើរ វ៉ាលើរី វី ខ័រដុន នៃពួកចិតសិបនាក់នៅក្នុងសុន្ទរកថារបស់លោក « ភាសានៃដំណឹងល្អ » ចាប់ពីនាទីទី ៦:១០ ដល់ ៧:៤០ មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមពិចារណាពិភាក្សាអំពីសេចក្តីថ្លែងការណ៍ខាងក្រោមនេះមកពីអែលឌើរ ស្ទែនលី ជី អេលីស ។
បើមានប្រយោជន៍សូមពិចារណាអំពីការចំណាយពេលបង្រៀនសិស្សអំពីរបៀបបង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយតមអាហារ ដែលមានបង្កាន់ដៃដង្វាយមួយភាគក្នុងដប់ ឬតាមអ៊ីនធឺណិតនៅលើគេហទំព័រ donations.ChurchofJesusChrist.org ។
អែលឌើរ ស្ទែនលី ជី អេលីស នៃពួកចិតសិបនាក់បានសួរដូចខាងក្រោមអំពីការបង់ដង្វាយមួយភាគក្នុងដប់ ៖
តើយើងមានសេចក្តី ជំនឿ ក្នុងការទុកចិត្តលើការសន្យា [ របស់ព្រះអម្ចាស់ ] ទាក់ទងនឹងការបង់ដង្វាយមួយភាគក្នុងដប់ដែលលើកឡើងថាជាមួយនឹងការកើនឡើង ៩០ ភាគរយរបស់យើង បូកនឹងជំនួយរបស់ព្រះអម្ចាស់ នោះយើងមានភាពល្អប្រសើរជាជាង ១០០ ភាគរយ ដោយខ្លួនឯង ដែរឬទេ ? ( ស្ទែនលី ជី អេលីស « Do We Trust Him? Hard Is Good » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ១១៤ )
ដើម្បីបង្ហាញសិស្សនូវគំរូមួយរបស់មនុស្សដែលរស់នៅតាមគោលការណ៍ក្នុងមេរៀននេះ សូមពិចារណាអំពីការចែកចាយវីដេអូ « Sedrick’s Journey » ( ២:៣២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
អ្នកអាចជួយសិស្សឲ្យយល់ថាព្រះអម្ចាស់បានប្រទានវិធីជាច្រើន ដើម្បីជួយដល់អនាគតហិរញ្ញវត្ថុរបស់យើងដែលមិនបានបង្ហាញនៅក្នុងមេរៀននេះ ។ ឧទាហរណ៍ ទ្រង់អាចបំផុសគំនិតយើងដោយប្រើវិធីផ្សេងទៀតដើម្បីរកប្រាក់ ឬ សន្សំប្រាក់ ។ យុវវ័យអាចនិយាយជាមួយនឹងប៊ីស្សព ឬថ្នាក់ដឹកនាំរបស់ពួកគេ អំពីជំនួយហិរញ្ញវត្ថុសម្រាប់បេសកកម្ម ឬវិធីដែលមានតម្លៃសមរម្យដើម្បីស្វែងរកការអប់រំកម្រិតខ្ពស់ ។
សេចក្ដីបញ្ចប់
សិស្សអាចអញ្ជើញឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬពិភាក្សាសំណួរទាំងនោះជាមួយដៃគូ ៖
-
តើអ្នកនឹងសង្ខេបនូវអ្វីដែលអ្នកបានរៀនអំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកប្រកបដោយភាពឈ្លាសវៃដោយរបៀបណា ?
-
តើអ្វីទៅជារឿងមួយដែលអ្នកមានអារម្មណ៍ថាព្រះអម្ចាស់ចង់ឲ្យអ្នករៀននៅថ្ងៃនេះ ?
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីបំណងប្រាថ្នារបស់ព្រះអម្ចាស់ ក្នុងការផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៤:១៥ ) ។ សូមលើកទឹកចិត្តសិស្សឲ្យសម្លឹងមើលទៅព្រះ ហើយបញ្ចូលទ្រង់ទៅក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុពេញមួយជីវិតរបស់ពួកគេ ។