« មេរៀនទី ១៨០—ការស្ថាបនាភាពខ្លួនទីពឹងខ្លួនទៅតាមរបៀបរបស់ព្រះអម្ចាស់ ៖ ការស្ថាបនាភាពខ្លួនទីពឹងខ្លួនផ្ដល់ពរជ័យឲ្យយើងខាងសាច់ឈាម និងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដ សញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការស្ថាបនាភាពខ្លួនទីពឹងខ្លួនទៅតាមរបៀបរបស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៨០ ៖ ការស្ថាបនាភាពខ្លួនទីពឹងខ្លួន
ការស្ថាបនាភាពខ្លួនទីពឹងខ្លួនទៅតាមរបៀបរបស់ព្រះអម្ចាស់
ការស្ថាបនាភាពខ្លួនទីពឹងខ្លួនផ្ដល់ពរជ័យឲ្យយើងខាងសាច់ឈាម និងខាងវិញ្ញាណ
ព្រះអង្គសង្រ្គោះបានប្រកាស ៖ « នេះជាគោលបំណងរបស់យើង ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង ។ … ប៉ុន្តែការនេះត្រូវបានសម្រេចតាមមាគ៌ារបស់យើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០៤:១៥–១៦ ) ។ ព្រះយេស៊ូវគ្រីស្ទជួយពួកបរិសុទ្ធរបស់ទ្រង់បង្កើតភាពខ្លួនទីពឹងខ្លួន ដើម្បីឲ្យពួកគេអាចផ្គត់ផ្គង់ខ្លួនពួកគេ ហើយរៀនដើម្បីផ្ដល់ពរដល់អ្នកដទៃដូចទ្រង់ធ្វើ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីសេចក្ដីត្រូវការដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ភាពខ្លួនទីពឹងខ្លួន
សូមពិចារណាចាប់ផ្តើមមេរៀនដោយស្វែងរកអ្វីដែលសិស្សយល់រួចហើយអំពីភាពខ្លួនទីពឹងខ្លួន ។ អ្នកអាចសរសេរ ភាពខ្លួនទីពឹងខ្លួន នៅលើក្ដារខៀន ហើយសុំឲ្យសិស្សពិពណ៌នាអំពីអត្ថន័យ និងមូលហេតុដែលសំខាន់ក្នុងការខិតខំឲ្យមានភាពខ្លួនទីពឹងខ្លួន ។
អ្នកអាចជួយពួកគេឲ្យពិភាក្សាអំពីអ្វីដែលពួកគេដឹងអំពីភាពខ្លួនទីពឹងខ្លួនដោយបង្ហាញរូបភាពនៃអាហារដែលមានត្រី និងឧបករណ៍នេសាទមួយចំនួន ។ សូមឲ្យសិស្សពិភាក្សាអំពីរូបភាពមួយណាដែលមានសម្ភារដែលមានអត្ថប្រយោជន៍បំផុតសម្រាប់នរណាម្នាក់ ដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួនក្នុងការផ្គត់ផ្គង់អាហារសម្រាប់គ្រួសាររបស់ពួកគេ ។ អ្នកអាចបង្ហាញសេចក្តីថ្លែងការណ៍ពីរខាងក្រោមទុកជាផ្នែកនៃការពិភាក្សានេះ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានពន្យល់ពីតម្លៃរៀនសូត្រដើម្បីផ្គត់ផ្គង់ខ្លួនយើង ៖
ពាក្យចាស់ពោលថា បើយើងឲ្យត្រីទៅមនុស្សម្នាក់ នោះគាត់នឹងមានអាហារហូបសម្រាប់ថ្ងៃនោះ ។ ប៉ុន្តែបើយើងបង្រៀនគាត់ឲ្យចេះស្ទូចត្រីវិញ នោះគាត់នឹងមានត្រីហូបអស់មួយជីវិត ។ ( ហ្គរដុន ប៊ី ហ៊ិងគ្លី « The Symbol of Christ » Ensign ខែឧសភា ឆ្នាំ២០០១ ទំព័រ៦២ )
គណៈប្រធានទីមួយបានបង្រៀនដូចតទៅនេះអំពីភាពខ្លួនទីពឹងខ្លួន ៖
ព្រះអម្ចាស់បានប្រកាសថា « នេះជាគោលបំណងរបស់យើង ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង » [ គោលលិទ្ធិ និងសេចក្តីសញ្ញា ១០៤:១៥ ] ។ វិវរណៈនេះគឺជាការសន្យាមួយមកពីព្រះអម្ចាស់ថា ទ្រង់នឹងប្រទានពរជ័យខាងសាច់ឈាម និងបើកទ្វារនៃភាពខ្លួនទីពឹងខ្លួន ដែលជាសមត្ថភាពសម្រាប់យើងដើម្បីផ្គត់ផ្គង់នូវភាពចាំបាច់នៃជីវិតសម្រាប់ខ្លួនយើង និងសមាជិកគ្រួសាររបស់យើង។ …
សូមទុកចិត្តថាអ្នកគឺជាបុត្រម្នាក់របស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង ។ ទ្រង់ស្រឡាញ់អ្នក ហើយទ្រង់នឹងពុំបោះបង់ចោលអ្នកឡើយ ។ ទ្រង់ស្គាល់អ្នក ហើយត្រៀមប្រទានពរជ័យខាងវិញ្ញាណ និងខាងសាច់ឈាមនៃភាពខ្លួនទីពឹងខ្លួនដល់អ្នកជាស្រេច ។ ( គណៈប្រធានទីមួយ នៅក្នុង My Foundation for Self-Reliance [ ឆ្នាំ ២០១៦ ] ទំព័រ ៣ )
-
តើអ្នកបានរៀនអ្វីខ្លះចេញពីសេចក្តីថ្លែងការណ៍នេះអំពីភាពខ្លួនទីពឹងខ្លួន ?
បន្ទាប់ពីសិស្សបានពិភាក្សាពីសេចក្ដីថ្លែងការណ៍មុនៗហើយ សូមពិចារណាអញ្ជើញសិស្សឲ្យសង្ខេបការយល់ដឹងអំពីភាពខ្លួនទីពឹងខ្លួនទៅកាន់ដៃគូ ។ វាអាចមានអត្ថប្រយោជន៍ដើម្បីបន្តបង្ហាញសេចក្តីថ្លែងការណ៍មុនៗដោយគណៈប្រធានទីមួយទុកជាឯកសារយោង ។ បន្ទាប់មក សូមអញ្ជើញពួកអ្នកស្ម័គ្រចិត្តឲ្យចែកចាយសេចក្តីសង្ខេបរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
សូមប្រាកដថា សិស្សយល់ថា ដោយមានជំនួយរបស់ព្រះអម្ចាស់ យើងអាចស្ថាបនាភាពខ្លួនទីពឹងខ្លួន ដើម្បីផ្គត់ផ្គង់នូវភាពចាំបាច់នៃជីវិតសម្រាប់ខ្លួនយើង និងគ្រួសាររបស់យើង ។
-
ហេតុអ្វីអ្នកគិតថា ការស្ថាបនាភាពខ្លួនទីពឹងខ្លួនគឺជារឿងសំខាន់ដើម្បីយល់តាំងពីនៅក្មេង ?
-
ប្រសិនបើនរណាម្នាក់មានអារម្មណ៍លើសលប់ចំពោះការគិតអំពីការធ្វើជាមនុស្សខ្លួនទីពឹងខ្លួន តើអ្នកអាចរំឭកពួកគេអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលអាចផ្តល់ក្តីសង្ឃឹមដល់ពួកគេ ?
ដើម្បីជួយសិស្សឃើញពីវិធីជាក់ស្តែងដែលគោលការណ៍នៃភាពខ្លួនទីពឹងខ្លួនអនុវត្តចំពោះពួកគេ សូមពិចារណាសរសេរប្រធានបទដូចខាងក្រោមនេះនៅលើក្ដារខៀន ៖ ការអប់រំ សុខភាព ការងារ ហិរញ្ញវត្ថុ កម្លាំងខាងវិញ្ញាណ ។ សូមចែកសិស្សជាក្រុម ហើយចាត់ប្រធានបទមួយឲ្យទៅក្រុមនីមួយៗ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាដូចតទៅនេះនៅក្នុងក្រុមរបស់ពួកគេ ហើយបន្ទាប់មកចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានពិភាក្សា ។
សូមឆ្លើយសំណួរខាងក្រោមដោយផ្អែកលើប្រធានបទមួយក្នុងចំណោមប្រធានបទទាំងនេះ ៖ ការអប់រំ សុខភាព ការងារ ហិរញ្ញវត្ថុ ឬកម្លាំងខាងវិញ្ញាណ ៖
-
តើអ្នកនឹងពិពណ៌នានរណាម្នាក់ដែលមានភាពខ្លួនទីពឹងខ្លួននៅផ្នែកទាំងនោះដោយរបៀបណា ?
-
តើក្មេងជំទង់ម្នាក់អាចចាប់ផ្ដើមស្ថាបនាភាពខ្លួនទីពឹងខ្លួននៅផ្នែកនោះដោយរបៀបណា ? តើពួកគេអាចយាងអញ្ជើញព្រះអម្ចាស់ឲ្យជួយពួកគេដោយរបៀបណា ?
-
តើការរៀនសូត្រដើម្បីធ្វើអ្វីបន្ថែមទៀតសម្រាប់ខ្លួនយើងនៅផ្នែកនេះមានអត្ថប្រយោជន៍អ្វីខ្លះ ?
សូមលើកទឹកចិត្តសិស្សឲ្យយកចិត្តទុកដាក់ចំពោះការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធអំពីរបៀបដែលពួកគេអាចផ្គត់ផ្គង់សម្រាប់ខ្លួនពួកគេ ។ សូមជួយសិស្សយល់ថា សូម្បីតែពេលពួកគេអាចធ្វើអ្វីៗដោយខ្លួនពួកគេក៏ដោយ ក៏ពួកគេនៅតែត្រូវពឹងផ្អែកលើព្រះអម្ចាស់ដែរ ។ ការសុំជំនួយពីអ្នកដទៃនៅពេលខ្លះ វាក៏អាចជាការសមរម្យដែរ ។
ភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់
ដើម្បីជួយសិស្សយល់ពីគោលការណ៍អំពីភាពខ្លួនទីពឹងខ្លួន យើងអាចរៀនពីព្រះអម្ចាស់ និងពួកអ្នកបម្រើរបស់ទ្រង់ សូមពិចារណាពីជម្រើសមួយក្នុងចំណោមជម្រើសដូចខាងក្រោមនេះ ៖
-
សូមចែកសិស្សជាក្រុមតូចៗ និងចែកសំណៅចែក « ការស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់ » ។ ក្រុមនីមួយៗអាចបែងចែកសេចក្ដីយោងបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ដល់សមាជិកក្រុមដើម្បីសិក្សា ។ បន្ទាប់មក ពួកគេអាចចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានរៀន និងឆ្លើយសំណួរជាមួយគ្នា ។
-
ប្រសិនបើសិស្សមានធនធាន និងបទពិសោធន៍ក្នុងការស្វែងរកសេចក្តីយោងបទគម្ពីរ និងសេចក្តីថ្លែងការណ៍ដោយថ្នាក់ដឹកនាំសាសនាចក្រដោយខ្លួនពួកគេផ្ទាល់ នោះសូមបង្ហាញសំណួរពីសំណៅចែកនេះនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវបទគម្ពីរ និងប្រសាសន៍របស់ព្យាការីដើម្បីរកចម្លើយចំពោះសំណួរនីមួយៗ ។ ធនធានមួយដែលសិស្សគួរសិក្សាគឺផ្នែក Topics and Questions ដែលមានចំណងជើងថា « Self-Reliance » ។ ទាំងអស់នេះមាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ និងនៅលើគេហទំព័រ ChurchofJesusChrist.org ។
ការស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់
សូមសិក្សាសេចក្ដីយោងបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ទាំងឡាយខាងក្រោម ដោយរកមើលចម្លើយចំពោះសំណួរនីមួយៗដូចខាងក្រោមនេះ ៖
-
តើព្រះអម្ចាស់បានបង្រៀនអ្វីខ្លះនៅក្នុងបទគម្ពីរ និងតាមរយៈពួកព្យាការីរបស់ទ្រង់ ដែលអាចជួយយើងស្ថាបនាភាពខ្លួនទីពឹងខ្លួន ?
-
តើឧបសគ្គអ្វីខ្លះដែលនរណាម្នាក់ប្រឈមមុខ ដែលពួកគេនឹងត្រូវការជំនួយរបស់ព្រះវរបិតាសួគ៌ដើម្បីយកឈ្នះ ?
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀន ៖
ព្រះអម្ចាស់ធ្វើការពីខាងក្នុងដួងចិត្តមកក្រៅ ។ លោកិយធ្វើការពីខាងក្រៅទៅក្នុង ។ លោកិយនឹងយកមនុស្សចេញពីភាពកខ្វក់ ។ ព្រះគ្រីស្ទយកភាពកខ្វក់ចេញពីមនុស្ស ហើយបន្ទាប់មកពួកគេយកខ្លួនឯងចេញពីភាពកខ្វក់នោះ ។ លោកិយនឹងសូន្យមនុស្សដោយការផ្លាស់ប្ដូរបរិយាកាសរបស់ពួកគេ ។ ព្រះគ្រីស្ទផ្លាស់ប្ដូរមនុស្ស ដែលបន្ទាប់មកមនុស្សនោះផ្លាស់ប្ដូរបរិយាកាសរបស់ខ្លួន ។ លោកិយនឹងសម្រួចសម្រាំងឥរិយាបថរបស់មនុស្ស ប៉ុន្តែព្រះគ្រីស្ទអាចផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សបាន ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Born of God » Ensign ខែវិច្ឆិកា ឆ្នាំ១៩៨៥ ទំព័រ៦ )
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានពន្យល់ ៖
របៀបរបស់ព្រះអម្ចាស់គឺមិនមែនអង្គុយនៅច្រាំងទន្លេ ហើយរង់ចាំឲ្យទឹកទន្លេហូរផុតទើបយើងឆ្លងកាត់នោះទេ ។ របៀបរបស់ព្រះអម្ចាស់ គឺជាការរួបរួមគ្នា មូលដៃអាវរបស់យើងឡើង ហើយសង់ស្ពាន ឬធ្វើទូកមួយដើម្បីឆ្លងទន្លេនៃឧបសគ្គរបស់យើង ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Providing in the Lord’s Way » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ៥៤ )
សូមផ្តល់ឱកាសឲ្យក្រុមចែកចាយជាមួយសិស្សក្នុងថ្នាក់នូវចម្លើយ និងការយល់ដឹងរបស់ពួកគេដែលពួកគេមានអំឡុងពេលសិក្សារបស់ពួកគេ ។ ពួកគេក៏អាចចែកចាយឧទាហរណ៍អំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ការខិតខំរបស់ពួកគេក្នុងការរស់នៅតាមគោលការណ៍នៃភាពខ្លួនទីពឹងខ្លួន ។
ព្រះអង្គសង្គ្រោះបានបង្កើតព្រះគុណសម្រាប់ព្រះគុណ
សិស្សអាចយល់ថា ការស្ថាបនាភាពខ្លួនទីពឹងខ្លួននៅផ្នែកខុសៗគ្នាក្នុងពេលតែមួយ អាចមានអារម្មណ៍លើសលប់ ។ សូមពន្យល់ថា យើងអាចរៀនពីគំរូរបស់ព្រះអង្គសង្គ្រោះថា ការស្ថាបនាភាពខ្លួនទីពឹងខ្លួនគឺត្រូវការចំណាយពេលវេលា ។ សូមពិចារណាពីការបង្ហាញរូបភាពខាងក្រោម នៅពេលសិស្សអានវគ្គបទគម្ពីរខាងក្រោមនេះ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:១១–១៣ ដោយរកមើលអ្វីដែលយ៉ូហាន បាទីស្ទ បានបង្រៀនអំពីការអភិវឌ្ឍរបស់ព្រះអង្គសង្រ្គោះ ។ ( ផ្នែកមួយនៃសំណេររបស់យ៉ូហាន បាទីស្ទគឺបានបើកសម្តែងទៅកាន់ យ៉ូសែប ស្ម៊ីធ និងបានកត់ត្រានៅក្នុង កណ្ឌទី ៩៣ ) ។
ប្រសិនបើសិស្សត្រូវការជំនួយឆ្លើយសំណួរខាងក្រោមនេះ នោះអ្នកអាចពន្យល់ថា ព្រះគុណថែមលើព្រះគុណជាបន្តបន្ទាប់ មានន័យថា ការកែលម្អបន្តិចម្តងៗដោយមានជំនួយពីព្រះ ។ អ្នកអាចឲ្យសិស្សអាន នីហ្វៃទី២ ២៨:៣០ ដើម្បីជួយពួកគេមើលឃើញពីរបៀបដែលយើងត្រូវការរីកចម្រើន « មួយបន្ទាត់ម្ដងៗ » ។
-
តើអ្នកគិតថាឃ្លា ព្រះអង្គសង្គ្រោះបានមាន « ព្រះគុណថែមលើព្រះគុណជាបន្តបន្ទាប់មក » មានន័យដូចម្ដេច ? ( ខទី ១៣ ) ។
-
តើគំរូរបស់ព្រះអង្គសង្គ្រោះអំពីព្រះគុណថែមលើព្រះគុណជាបន្តបន្ទាប់ ជួយអ្នកនៅក្នុងកិច្ចខិតខំរបស់អ្នកដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ និងខាងសាច់ឈាមដោយរបៀបណា ?
ការស្ថាបនាភាពខ្លួនទីពឹងខ្លួននៅក្នុងជីវិតរបស់អ្នក
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនពួកគេអំពីការស្ថាបនាភាពខ្លួនទីពឹងខ្លួន ។ ដើម្បីជួយពួកគេឲ្យគិតពិចារណា អ្នកអាចបង្ហាញសំណួរខាងក្រោមនេះ ។ សូមអញ្ជើញសិស្សឲ្យវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃភាពខ្លួនទីពឹងខ្លួនរបស់ពួកគេ ដោយការជញ្ជឹងគិត ឬឆ្លើយតបនឹងសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើខ្ញុំមានទំនុកចិត្តក្នុងការស្ថាបនាភាពខ្លួនទីពឹងខ្លួននៅផ្នែកផ្សេងៗនៃជីវិតរបស់ខ្ញុំកម្រិតណា ?
-
ហេតុអ្វីបានជាវាមានអត្ថប្រយោជន៍ដើម្បីចាប់ផ្ដើមអភិវឌ្ឍសមត្ថភាពដើម្បីផ្គត់ផ្គង់ខ្លួនខ្ញុំនូវផ្នែកទាំងនេះ ?
-
តើខ្ញុំអាចធ្វើឲ្យព្រះអម្ចាស់ចូលរួមចំណែកក្នុងការស្ថាបនាភាពខ្លួនទីពឹងខ្លួនកាន់តែខ្លាំងឡើងក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបជាក់លាក់ដែលពួកគេអាចចាប់ផ្តើមស្ថាបនាភាពខ្លួនទីពឹងខ្លួនក្នុងជីវិតរបស់ពួកគេ ។ អ្នកក៏អាចចែកចាយគំនិតរបស់អ្នក និងធ្វើជាសាក្សីអំពីអំណាចនៃការធ្វើជាមនុស្សមានភាពខ្លួនទីពឹងខ្លួន និងរបៀបដែលវាបានផ្ដល់ពរដល់ជីវិតរបស់អ្នក ។