« មេរៀនទី ១៧៩—ការគាំទ្រដល់ថ្នាក់ដឹកនាំរបស់យើង ៖ ការធ្វើតាមអស់អ្នកដែលព្រះអម្ចាស់ហៅឲ្យដឹកនាំ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការគាំទ្រដល់ថ្នាក់ដឹកនាំរបស់យើង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧៩ ៖ ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស
ការគាំទ្រដល់ថ្នាក់ដឹកនាំរបស់យើង
ការធ្វើតាមអស់អ្នកដែលព្រះអម្ចាស់ហៅឲ្យដឹកនាំ
យើងអាចជាអ្នកដឹកនាំដ៏ល្អតាមរបៀបជាច្រើន ។ របៀបមួយគឺការធ្វើជាអ្នកដើរតាមដ៏ល្អ ។ យើងបង្ហាញសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ពេលយើងគាំទ្រថ្នាក់ដឹកនាំដែលត្រូវបានហៅក្រោមការដឹកនាំរបស់ទ្រង់ ។ មេរៀននេះមានបំណងជួយសិស្សឲ្យយល់ដឹងអំពីសារៈសំខាន់នៃការគាំទ្រអស់អ្នកដែលព្រះអម្ចាស់ហៅឲ្យដឹកនាំ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការមានឆន្ទៈធ្វើតាម
សូមពិចារណាដាក់បង្ហាញសាច់រឿងខាងក្រោម ដើម្បីជួយសិស្សឲ្យជញ្ជឹងគិតអំពីសារៈសំខាន់នៃការគាំទ្រ ឬការផ្ដល់ជំនួយដល់អស់អ្នកដែលព្រះអម្ចាស់ហៅឲ្យដឹកនាំ ៖
សូមស្រមៃថា មានមិត្តម្នាក់របស់អ្នកបានជ្រមុជទឹកមិនទាន់បានមួយឆ្នាំទេ ហើយត្រូវបានហៅធ្វើជាប្រធានថ្នាក់ ឬកូរ៉ុមរបស់អ្នក ។ អ្នកមានភាពស្មោះត្រង់នៅក្នុងដំណឹងល្អយូរហើយ ហើយអ្នកមានអារម្មណ៍ថា មិត្តរបស់អ្នកមិនមានគុណសម្បត្តិធ្វើជាប្រធានថ្នាក់ ឬកូរ៉ុមដូចអ្នក ឬអ្នកដទៃនោះទេ ។
-
តើអ្នកអាចកែតម្រូវការគិតរបស់អ្នកឲ្យធ្វើជាសមាជិកថ្នាក់ ឬកូរ៉ុមម្នាក់ដែលមានការគាំទ្រដោយរបៀបណា ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីគាំទ្រមិត្តរបស់អ្នកនៅក្នុងការហៅនេះ ?
អ្នកអាចសួរសិស្សថាតើពួកគេ ឬមនុស្សម្នាក់ដែលពួកគេស្គាល់ធ្លាប់មានបទពិសោធន៍ស្រដៀងគ្នានឹងបទពិសោធន៍នេះដែរឬទេ ។ តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច ?
គំរូមួយអំពីការមានឆន្ទៈធ្វើតាមអស់អ្នកដែលព្រះអម្ចាស់បានហៅគឺ ហៃរុម ស្ម៊ីធ ។ ទោះបីជាលោកមានអាយុច្រើនជាងប្អូនប្រុសរបស់លោកប្រាំមួយឆ្នាំក្ដី ក៏ហៃរុមបានគាំទ្រយ៉ូសែបនៅក្នុងការហៅរបស់លោកដែរ ។
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយអំពីហៃរុមដូចតទៅនេះ ៖
[ ហៃរុម ] បានជួយ និងបានបម្រើប្អូនប្រុសរបស់លោក គឺយ៉ូសែប ជាព្យាការីនៅក្នុងដំណើរការដ៏យូរ និងដ៏លំបាកនៃការស្ដារឡើងវិញ ។ …
នៅគ្រប់រឿងទាំងអស់ ហៃរុមបានឈរយ៉ាងរឹងមាំ ។ លោកដឹងពីផ្លូវដែលលោកត្រូវដើរនៅក្នុងជីវិត ហើយលោកបានជ្រើសរើសដើរតាមវាដោយមនសិការ ។ ចំពោះយ៉ូសែប ហៃរុមគឺជាដៃគូ អ្នកការពារ អ្នកផ្គត់ផ្គង់ មនុស្សជំនិត ហើយនៅទីបំផុតបានចូលរួមនឹងលោកជាទុក្ករបុគ្គល ។ ការបៀតបៀនដ៏អយុត្តិធម៌រុំព័ទ្ធពួកលោកពេញមួយជីវិត ។ ទោះបីជាលោកមានអាយុច្រើនជាង ក៏ហៃរុមបានទទួលស្គាល់ពីតួនាទីដ៏ទេវភាពរបស់ប្អូនប្រុសលោកដែរ ។ ខណៈពេលដែលលោកបានផ្តល់ការប្រឹក្សាដ៏រឹងមាំដល់ យ៉ូសែប នោះហៃរុមតែងតែព្រមតាមប្អូនប្រុសរបស់លោក ។ ( អិម រ័សុល បាឡឺដ « Hyrum Smith: ‘Firm as the Pillars of Heaven’ » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៥ ទំព័រ៦–៧ )
-
តើអ្វីទៅដែលអាចធ្វើឲ្យមានការលំបាកសម្រាប់មនុស្សម្នាក់នៅក្នុងស្ថានភាពរបស់ហៃរុម ដើម្បីធ្វើតាម យ៉ូសែបក្នុងនាមជាអ្នកដឹកនាំបព្វជិតភាពរបស់លោក ?
-
តើលក្ខណៈដូចជាព្រះគ្រីស្ទអ្វីទៅដែលអាចជួយហៃរុមឲ្យមានឆន្ទៈធ្វើតាមយ៉ូសែប ? ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:១៥ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:៩៤–៩៦ ដោយរកមើលរបៀបដែលហៃរុមមានពរដោយសារតែការមានឆន្ទៈធ្វើតាមប្អូនប្រុសរបស់លោក ។ ( សូមចំណាំថា ខទី ៩៤ សំដៅទៅលើហៃរុមមិនមែនយ៉ូសែបទេ ) ។
-
តើអ្នកបានរកឃើញពរជ័យអ្វីខ្លះនៅក្នុខគម្ពីរទាំងនេះ ?
ការគាំទ្រថ្នាក់ដឹកនាំ
សូមពន្យល់ថា របៀបមួយដែលអ្នកអាចបង្ហាញឆន្ទៈរបស់យើងដើម្បីធ្វើតាមថ្នាក់ដឹកនាំរបស់យើងគឺដោយគាំទ្រពួកគាត់ ។ វាអាចមានអត្ថប្រយោជន៍ដើម្បីវាយតម្លៃថាតើសិស្សយល់អំពីអត្ថន័យនៃការគាំទ្របានល្អប៉ុនណា ។ របៀបមួយដែលអ្នកអាចធ្វើកិច្ចការនេះបាន គឺឲ្យសិស្សសរសេរនិយមន័យរបស់ពួកគេផ្ទាល់អំពីអត្ថន័យនៃការគាំទ្រ ។ បន្ទាប់មក អញ្ជើញពួកគេឲ្យប្រៀបធៀបអ្វីដែលពួកគេបានសរសេរទៅនឹងនិយមន័យនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ៖ « គឺស្ម័គ្រចិត្តគាំទ្រអស់អ្នកណា ដែលបម្រើក្នុងមុខងារដឹកនាំនៃសាសនាចក្រទូទៅ និងប្រចាំតំបន់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « គាំទ្រពួកអ្នកដឹកនាំសាសនាចក្រ » បណ្ណាល័យដំណឹងល្អ ) ។
ប្រធាន ហែនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានធ្វើការសង្កេតខាងក្រោមនេះអំពីការគាំទ្រអស់អ្នកដែលព្រះអម្ចាស់ហៅឲ្យដឹកនាំ ។
តាមរយៈការលើកដៃគាំទ្រ បងប្អូនធ្វើការសន្យាមួយ ។ បងប្អូនសន្យានឹងព្រះ និងពួកអ្នកបម្រើរបស់ទ្រង់ថា បងប្អូនគាំទ្រពួកគាត់ ។
ពួកគាត់ទាំងនេះគឺជាមនុស្សពុំល្អឥតខ្ចោះ ដូចជាបងប្អូនដែរ ។ ការរក្សាការសន្យារបស់បងប្អូននឹងតម្រូវឲ្យមានសេចក្ដីជំនឿដ៏រឹងមាំថា ព្រះអម្ចាស់បានហៅពួកគាត់ ។ ការរក្សាសន្យាទាំងនេះក៏នឹងនាំមកនូវសុភមង្គលដ៏អស់កល្បជានិច្ចផងដែរ ។ ( ហែនរី ប៊ី អាវរិង « The Power of Sustaining Faith » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ៥៨–៥៩ )
-
តើអ្នកសង្ខេបការបង្រៀនរបស់ប្រធាន អាវរិង យ៉ាងដូចម្ដេច ?
-
តើលោកបានបង្រៀនអ្វីខ្លះអំពីការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
សូមជួយសិស្សឲ្យស្គាល់សេចក្ដីពិតដូចតទៅ ៖ យើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទពេលយើងគាំទ្រអស់អ្នកដែលទ្រង់ហៅឲ្យដឹកនាំ ។
-
ហេតុអ្វីអ្នកគិតថាវាតម្រូវឲ្យមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីគាំទ្រដល់ថ្នាក់ដឹកនាំ ?
-
តើអ្នកធ្លាប់មានពរដោយសារការជ្រើសរើសគាំទ្រមនុស្សម្នាក់ដែលព្រះបានហៅឲ្យដឹកនាំអ្នកនៅពេលណា ?
ប្រសិនបើសិស្សនឹកមិនឃើញពីឧទាហរណ៍មួយ អ្នកអាចចែកចាយបទពិសោធន៍ ឬទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីការគាំទ្រមនុស្សម្នាក់ដែលព្រះបានហៅឲ្យដឹកនាំអ្នក ។
ការទុកចិត្តលើព្រះគ្រីស្ទដើម្បីគាំទ្រអស់អ្នកដែលបានហៅឲ្យដឹកនាំ
សូមជួយសិស្សឲ្យយល់ដឹងកាន់តែប្រសើរអំពីរបៀបដែលគោលការណ៍នៃការទុកចិត្តលើព្រះគ្រីស្ទ នៅពេលពួកគេគាំទ្រអស់អ្នកដែលទ្រង់ហៅអនុវត្តនៅក្នុងជីវិតរបស់ពួកគេ ។ របៀបមួយដើម្បីធ្វើកិច្ចការនេះគឺដោយដាក់បង្ហាញសាច់រឿងខាងក្រោម ឬបង្កើតសាច់រឿងផ្សេងទៀតដែលសមស្របទៅនឹងសិស្សរបស់អ្នក ។ សូមពិចារណាអញ្ជើញសិស្សឲ្យគិតពីសាច់រឿងមួយ នៅពេលពួកគេសិក្សាផ្នែកមួយ ឬច្រើននៃសំណៅចែកនេះ ។ សិស្សក៏អាចប្រើសាច់រឿងនៅដើមមេរៀនផងដែរ ។
គណៈប្រធានថ្នាក់យុវនារីរបស់អាម៉ាន់ដាទើបបានរៀបចំឡើងវិញ ។ ក្មេងស្រីដែលត្រូវបានហៅឲ្យធ្វើជាប្រធានគឺជាមនុស្សម្នាក់ដែលមានចិត្តមិនល្អដាក់អាម៉ាន់ដាកាលពីមុន ។
ចស់គឺជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ដែលខិតខំធ្វើការ ។ ថ្មីៗនេះ ប្រធានបេសកកម្មរបស់គាត់បានប្រកាសពីច្បាប់បេសកកម្មថ្មីមួយដែលចស់មិនចូលចិត្ត ។
មិត្តល្អរបស់ចូស៊ីទើបបានហៅធ្វើជាប្រធានថ្នាក់របស់ពួកគេ ។ ចូស៊ីបានរំពឹងថាមិត្តនាងសុំឲ្យនាងនៅក្នុងគណៈប្រធាននោះ ប៉ុន្តែមិត្តរបស់នាងមិនបានសុំឡើយ ។
ខេដត្រូវបានសុំឲ្យបម្រើជាប្រធានកូរ៉ុមរបស់គាត់ ។ គាត់អៀនខ្មាស ហើយមិនចូលចិត្តធ្វើការសម្រេចចិត្តទេ ។ គាត់ព្រួយបារម្ភអំពីប្រសិទ្ធភាពនៃការដឹកនាំកូរ៉ុម និងគណៈប្រធានរបស់គាត់ ។
សំណៅចែកដែលមានចំណងជើងថា « ការបង្រៀនអំពីការគាំទ្រអស់អ្នកដែលបានហៅឲ្យដឹកនាំ » អាចជួយសិស្សឲ្យយល់ដឹងអំពីរបៀបដែលសេចក្ដីពិតពួកគេបានស្គាល់អាចអនុវត្តចំពោះសាច់រឿងដែលពួកគេបានជ្រើសរើស និងចំពោះជីវិតរបស់ពួកគេផ្ទាល់ ។
របៀបមួយដើម្បីពិនិត្យមើលសំណៅចែកគឺរៀបចំទីតាំងនៅក្នុងថ្នាក់រៀន ។ សិស្សអាចប្ដូរទីតាំង ហើយសិក្សាដោយស្ងៀមស្ងាត់នូវផ្នែកនីមួយៗនៃសំណៅចែកនោះ ដោយរកមើល និងកត់ត្រាការយល់ដឹងដែលអនុវត្តចំពោះសាច់រឿងរបស់ពួកគេ ។ បន្ទាប់មកសិស្សអាចបំបែកគ្នាជាក្រុម ឬជាគូ ហើយចែកចាយអ្វីដែលពួកគេបានរៀន ។
របៀបមួយទៀតដើម្បីពិនិត្យមើលសំណៅចែកនេះគឺដាក់សិស្សជាក្រុមដែលមានគ្នាបួននាក់ ហើយចាត់សមាជិកក្រុមម្នាក់ៗនូវផ្នែកមួយក្នុងសំណៅចែកនោះ ។ សិស្សអាចសិក្សាផ្នែករបស់ពួកគេ ដោយរកមើលរបៀបដែលវាទាក់ទងនឹងសាច់រឿងរបស់ពួកគេ ។ បន្ទាប់មក សិស្សម្នាក់ៗអាចបង្រៀនក្រុមរបស់ពួកគេនូវអ្វីដែលពួកគេបានរៀន ។
ការបង្រៀនអំពីការគាំទ្រអស់អ្នកដែលបានហៅឲ្យដឹកនាំ
ផ្នែកទី ១
ប្រធាន ហែនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
អ្នកដឹកនាំរបស់អ្នកនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ អាចនឹងមើលទៅដូចជាទន់ខ្សោយ ហើយជាមនុស្សសាមញ្ញ ឬអាចមើលទៅដូចជាខ្លាំង ហើយបំផុសគំនិតចំពោះអ្នក ។ តាមពិតគឺថា គ្រប់អ្នកដឹកនាំគឺមានភាពចម្រុះនូវលក្ខណៈទាំងនេះ និងមានលក្ខណៈជាច្រើនទៀត ។ អ្វីដែលជួយពួកអ្នកបម្រើរបស់ព្រះអម្ចាស់ដែលត្រូវបានហៅឲ្យដឹកនាំយើង គឺពេលដែលយើងអាចមើលឃើញពួកគាត់ដូចជាព្រះអម្ចាស់បានទតឃើញនៅពេលទ្រង់បានហៅពួកគាត់ ។
ព្រះអម្ចាស់បានទតមើលអ្នកបម្រើរបស់ទ្រង់យ៉ាងល្អឥតខ្ចោះ ។ ទ្រង់ទតមើលពីសក្ដានុពល និងអនាគតរបស់ពួកគាត់ ។ ហើយទ្រង់ស្គាល់ថាលក្ខណៈធម្មជាតិរបស់ពួកគាត់អាចផ្លាស់ប្ដូរបាន ។ ទ្រង់ក៏ដឹងពីរបៀបដែលពួកគាត់អាចផ្លាស់ប្ដូរតាមរយៈបទពិសោធន៍របស់ពួកគាត់ជាមួយនឹងមនុស្សដែលពួកគាត់នឹងដឹកនាំផងដែរ ។ …
… ប្រសិនបើ អ្នកមានសេចក្ដីជំនឿថា ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈការផ្ដល់វិវរណៈទៅកាន់ពួកអ្នកបម្រើមិនល្អឥតខ្ចោះទាំងនោះដែលទ្រង់ហៅ នោះព្រះអម្ចាស់នឹងបើកបង្អួចនៃស្ថានសួគ៌សម្រាប់ពួកគាត់ ដូចទ្រង់នឹងធ្វើចំពោះអ្នកដែរ ។ ( ហែនរី ប៊ី អាវរិង « The Lord Leads His Church » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ៨៣–៨៤ )
ផ្នែកទី ២
បងប្រុស ស្ទេផាន ដ័បុលយូ អូវិន អតីតប្រធានយុវជនទូទៅបានមានប្រសាសន៍ ៖
នឹងមានពេលណាមួយនៅក្នុងជីវិតរបស់អ្នក ដែលអ្នកត្រូវបានហៅឲ្យដឹកនាំ ។ ពេលខ្លះទៀត អ្នកនឹងត្រូវបានរំពឹងឲ្យធ្វើតាម ។ ប៉ុន្តែសារលិខិតរបស់ខ្ញុំទៅកាន់អ្នកនៅថ្ងៃនេះគឺថា មិនថាការហៅរបស់អ្នកជាអ្វី នោះទេ អ្នកគឺជាអ្នកដឹកនាំជានិច្ច ហើយអ្នកតែងតែជាអ្នកធ្វើតាម ។ ភាពជាអ្នកដឹកនាំគឺជាការបង្ហាញពីភាពជាសិស្ស—វាគ្រាន់តែជាការជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ជាអ្វីដែលពួកសិស្សដ៏ពិតធ្វើប៉ុណ្ណោះ ។ ប្រសិនបើអ្នកព្យាយាមធ្វើជាអ្នកដើរតាមព្រះគ្រីស្ទ នោះអ្នកអាចជួយអ្នកដទៃឲ្យដើរតាមទ្រង់ ហើយអ្នកអាចធ្វើជាអ្នកដឹកនាំ ។
សមត្ថភាពដឹកនាំរបស់អ្នកមិនមែនកើតចេញពីបុគ្គលិកលក្ខណៈ ជំនាញលើកទឹកចិត្ត ឬសូម្បីតែទេពកោសល្យនិយាយជាសាធារណៈនោះទេ ។ វាកើតចេញពីការតាំងចិត្តរបស់អ្នកក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទ ។ ( ស្ទេផាន ដ័បុលយូ អូវិន « The Greatest Leaders Are the Greatest Followers » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ៧៥ )
ផ្នែកទី ៣
សូមអានខគម្ពីរខាងក្រោម ៖
គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២២ ( សូមចំណាំពីរបៀបដែលខគម្ពីរនេះបង្រៀនយើងឲ្យគាំទ្រគណៈប្រធានទីមួយ ។ សូមគិតពីរបៀបដែលការគាំទ្រតាមវិធីទាំងនេះអាចអនុវត្តចំពោះការហៅផ្សេងទៀតផងដែរ ) ។
និក្ខមនំ ១៧:៩–១២ ( សូមកត់ចំណាំពីរបៀបដែលម៉ូសេត្រូវបានគាំទ្រ នៅពេលអ៊ីស្រាអែលច្បាំងនឹងប្រជាជនអាម៉ាលេក ) ។
ផ្នែកទី ៤
បងប្រុស ស្ទេផាន ដ័បុលយូ អូវិន អតីតប្រធានយុវជនទូទៅបានបង្រៀន ៖
[ ព្រះយេស៊ូវគ្រីស្ទ ] គឺជាអ្នកដឹកនាំដ៏ឆ្នើមបំផុត ព្រោះ ទ្រង់ជាអ្នកដើរតាមដ៏អស្ចារ្យបំផុត—ទ្រង់ធ្វើតាមព្រះវរបិតារបស់ទ្រង់យ៉ាងល្អឥតខ្ចោះក្នុងគ្រប់រឿងទាំងអស់ ។ ( ស្ទេផាន ដ័បុលយូ អូវិន « The Greatest Leaders Are the Greatest Followers » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ៧៥ )
នៅពេលអ្នកអានខគម្ពីរទាំងនេះ សូមកត់សម្គាល់ពីវិធីដែលព្រះយេស៊ូវបានធ្វើតាមព្រះវរបិតាទ្រង់ និងវិធីដែលព្រះយេស៊ូវបានទទួលកម្លាំងពេលទ្រង់បានធ្វើដូច្នោះ ។
លូកា ២២:៤១–៤៣
យ៉ូហាន ១២:៤៩–៥០
ការជញ្ជឹងគិតពីអ្វីដែលអ្នកបានរៀន
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយជាមួយដៃគូ ឬក្រុមនូវអ្វីដែលពួកគេគិតថាសំខាន់សម្រាប់យុវវ័យក្នុងសាសនាចក្រដើម្បីដឹងពីមេរៀនថ្ងៃនេះ និងមូលហេតុ ។
បន្ទាប់ពីសិស្សមានពេលចែកចាយហើយ សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតដោយស្ងាត់ស្ងៀមលើសំណួរខាងក្រោមនេះ ហើយបើកចិត្តដើម្បីទទួលបានការបំផុសគំនិតដែលពួកគេអាចទទួលបានពីព្រះវិញ្ញាណបរិសុទ្ធ ៖
-
តើអ្នកធ្វើបានល្អប៉ុនណាក្នុងការគាំទ្រអស់អ្នកដែលព្រះអម្ចាស់បានសុំឲ្យអ្នកធ្វើតាម ?
-
តើអ្នកអាចអនុវត្តសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ដើម្បីគាំទ្រអ្នកដែលត្រូវបានហៅឲ្យដឹកនាំកាន់តែប្រសើរឡើង ?
អ្នកអាចបញ្ចប់មេរៀននេះដោយចែកចាយពីរបៀបដែលអ្នកមានពរដោយការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកបានគាំទ្រថ្នាក់ដឹកនាំសាសនាចក្រ ។