« មេរៀនទី ១៧៨—ពររបស់លោកអយ្យកោ ៖ ‹ ព្រះគម្ពីរផ្ទាល់ខ្លួនសម្រាប់បងប្អូន › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ពររបស់លោកអយ្យកោ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧៨ ៖ ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស
ពររបស់លោកអយ្យកោ
« ព្រះគម្ពីរផ្ទាល់ខ្លួនសម្រាប់បងប្អូន »
ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងមានរបៀបជាច្រើនក្នុងការផ្តល់ការណែនាំ និងការដឹកនាំដល់បុត្រាបុត្រីរបស់ទ្រង់ ។ របៀបមួយដែលទ្រង់ធ្វើការណ៍នេះ គឺតាមរយៈពររបស់លោកអយ្យកោ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីព្រះរាជបំណងរបស់ព្រះអម្ចាស់ក្នុងការដឹកនាំពួកគេតាមរយៈពររបស់លោកអយ្យកោរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការដឹកនាំនៅក្នុងជីវិតរបស់យើង
សូមពិចារណាបង្ហាញរូបភាពខាងក្រោម ឬគូររូបភាពមួយដូចជារូបភាពនេះនៅលើក្ដារខៀន ។
-
តើទិដ្ឋភាពអ្វីខ្លះនៃជីវិតរបស់អ្នក ដែលអ្នកអាចទទួលអារម្មណ៍ដូចបុគ្គលក្នុងរូបភាពនេះ ? ហេតុអ្វី ?
-
តើអ្វីដែលអាចជួយយើងឲ្យដឹងពីអ្វីដែលត្រូវធ្វើ នៅពេលយើងមិនប្រាកដពីទិសដៅដែលយើងគួរធ្វើក្នុងជីវិត ?
សូមពន្យល់ថា ព្រះគម្ពីរបង្រៀនសេចក្ដីពិតសំខាន់ៗអំពីព្រះ ដែលអាចជួយយើងនៅពេលយើងត្រូវការការដឹកនាំ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១៤; ៤២:៦១ និង ១១២:១០ ដោយរកមើលសេចក្តីពិតដែលអាចជួយយើង នៅពេលយើងប្រឈមមុខនឹងស្ថានភាពដែលមិនប្រាកដប្រជាមួយចំនួន ។
សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីពិត ដែលពួកគេបានរកឃើញ ។ សូមប្រើពាក្យពេចន៍របស់ពួកគេ ពួកគេអាចចែកចាយសេចក្ដីពិតស្រដៀងទៅនឹង ៖
ជាញឹកញាប់នៅពេលដែលយើងទូលសួរព្រះ ទ្រង់នឹងណែនាំយើងតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១៤ ) ។
ប្រសិនបើយើងទូលសួរ ព្រះនឹងប្រទានពរដល់យើងនូវវិវរណៈថែមទៅលើវិវរណៈ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៦១ ) ។
ព្រះនឹងកាន់ដៃដឹកនាំយើង និងប្រទានចម្លើយចំពោះការអធិស្ឋានរបស់យើង ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១២:១០ ) ។
អ្នកក៏អាចសុំឲ្យសិស្សចែកចាយបទគម្ពីរផ្សេងទៀតដែលពួកគេដឹង ដែលបង្ហាញពីព្រះហឫទ័យរបស់ព្រះក្នុងការផ្ដល់ការណែនាំ និងការដឹកនាំដល់យើងផងដែរ ។
-
តើការចងចាំសេចក្ដីពិតទាំងនេះអាចជះឥទ្ធិពលដល់អារម្មណ៍ ឬអាកប្បកិរិយារបស់អ្នកចំពោះព្រះយ៉ាងដូចម្ដេច ?
-
តើមានរបៀបណាខ្លះដែលព្រះប្រទានការដឹកនាំដល់ជីវិតរបស់យើង ?
ពររបស់លោកអយ្យកោ
បើចាំបាច់ សូមលើកឡើងថា ពររបស់លោកអយ្យកោ គឺជារបៀបមួយដែលយើងអាចទទួលបានការដឹកនាំពីព្រះ ។ ដើម្បីជួយសិស្សវាយតម្លៃចំណេះដឹងបច្ចុប្បន្នរបស់ពួកគេអំពីពររបស់លោកអយ្យកោ សូមពិចារណាបង្ហាញមាតិកាខាងក្រោម ហើយផ្តល់ពេលឲ្យសិស្សឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍នេះដោយស្ងៀមស្ងាត់ ឬនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់ពួកគេ ។
សូមប្រើរង្វាស់ពីមួយ ( មិនពិត ) ទៅប្រាំ ( ពិតខ្លាំង ) សូមពិចារណាថា តើសេចក្តីថ្លែងការណ៍នីមួយៗខាងក្រោមនេះពិតសម្រាប់អ្នកប៉ុនណា ៖
-
ខ្ញុំយល់ពីអ្វីដែលជាពររបស់លោកអយ្យកោ ។
-
ខ្ញុំដឹងពីរបៀបដែលពររបស់លោកអយ្យកោអាចជះឥទ្ធិពលលើជីវិតខ្ញុំ ។
-
ខ្ញុំជឿថា ព្រះអាចប្រទានការដឹកនាំដល់ខ្ញុំសម្រាប់ជីវិតរបស់ខ្ញុំតាមរយៈពររបស់លោកអយ្យកោរបស់ខ្ញុំ ។
សូមផ្តល់ពេលឲ្យសិស្សសរសេរសំណួរដែលពួកគេមានអំពីពររបស់លោកអយ្យកោនៅលើក្ដារខៀន ។ ពួកគេអាចមានសំណួរដូចតទៅនេះ ៖
-
តើពររបស់លោកអយ្យកោជាអ្វី ?
-
តើពររបស់លោកអយ្យកោមានឥទ្ធិពលលើទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើខ្ញុំអាចរៀបចំខ្លួនដើម្បីទទួលពររបស់លោកអយ្យកោរបស់ខ្ញុំដោយរបៀបណា ?
-
តើខ្ញុំគួរទទួលពររបស់លោកអយ្យកោនៅពេលណា ?
សូមជ្រើសរើសសំណួរយ៉ាងហោចណាស់មួយ អំពីពររបស់លោកអយ្យកោ ដែលអ្នកចង់ឆ្លើយ ។ សូមសរសេរសំណួររបស់អ្នកនៅទំព័រផ្នែកខាងលើនៃសៀវភៅកំណត់ហេតុ ឬក្នុងទំព័រកំណត់ចំណាំនៅលើឧបករណ៍ចល័តរបស់អ្នក ។ សូមស្វែងរកការណែនាំរបស់ព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកស្វែងរកចម្លើយចំពោះសំណួររបស់អ្នក ។
ការឆ្លើយសំណួរអំពីពររបស់លោកអយ្យកោ
សូមផ្តល់ពេលវេលាឲ្យសិស្សស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេអំពីពររបស់លោកអយ្យកោ ។ សូមពិចារណាពីតម្រូវការ និងសមត្ថភាពរបស់សិស្សអ្នកដើម្បីកំណត់ពីរបៀបដែលពួកគេនឹងស្វែងរកចម្លើយ ។ វាអាចមានអត្ថប្រយោជន៍ខ្លះៗសម្រាប់អ្នកក្នុងការស្វែងរកចម្លើយជាក្រុមតូចៗ ។
សូមជ្រើសរើសពីជម្រើសខាងក្រោមដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់អ្នកអំពីពររបស់លោកអយ្យកោ ៖
១. ស្វែងរកធនធានដែលមាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ឧទាហរណ៍ អ្នកអាចសិក្សា « Patriarchal Blessings » នៅក្នុង Gospel Topics ឬស្វែងរក « ពររបស់លោកអយ្យកោ » នៅក្នុងសុន្ទរកថាពីសន្និសីទទូទៅ ។
២. សិក្សាសុន្ទរកថាមួយចេញពីសន្និសីទទូទៅខែមេសា ឆ្នាំ ២០២៣ ៖ « ពេលដែលត្រូវទទួលពររបស់លោកអយ្យកោរបស់បងប្អូន » ដោយអែលឌើរ កាស្សូហ៊ីកូ យ៉ាម៉ាស្ស៊ីតា ( លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ៨៨–៩០ ) ឬ « ពររបស់លោកអយ្យកោរបស់បងប្អូន—ជាការដឹកនាំដ៏បំផុសគំនិតមកពីព្រះវរបិតាសួគ៌ » ដោយអែលឌើរ រែនដល ឃេ បិនណ្ណិត ( លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ៤២–៤៣ ) ។
៣. សិក្សាសេចក្តីថ្លែងការណ៍នៅលើសំណៅចែកដែលមានចំណងជើងថា « ការឆ្លើយសំណួរអំពីពររបស់លោកអយ្យកោ » ។
ការឆ្លើយសំណួរអំពីពររបស់លោកអយ្យកោ
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយ ៖
[ ពររបស់លោកអយ្យកោ ] គឺមានតម្លៃណាស់ ។ វាជាបទគម្ពីរផ្ទាល់ខ្លួនសម្រាប់អ្នក ។ វាប្រកាសអំពីពូជពង្សពិសេសរបស់អ្នក ។ វារំឭកអ្នកពីទំនាក់ទំនងរបស់អ្នកជាមួយអតីតកាល ។ ហើយវានឹងជួយអ្នកឲ្យស្គាល់ពីសក្តានុពលនាពេលអនាគតរបស់អ្នក ។ ជាការពិត អ្នកអាចទូលសូមការបំពេញពរជ័យទាំងនោះពីព្រះអម្ចាស់ តាមរយៈភាពស្មោះត្រង់របស់អ្នក ។ ( រ័សុល អិម ណិលសុន « Thanks for the Covenant » [ Brigham Young University devotional ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ] ទំព័រ៥ )
អែលឌើរ កាស្សូហីកូ យ៉ាម៉ាស្ស៊ីតា នៃពួកចិតសិបនាក់បានថ្លែង ៖
ខ្ញុំអានពររបស់លោកអយ្យកោរបស់ខ្ញុំជាញឹកញាប់ និងប្រកបដោយការអធិស្ឋាន ហើយវាតែងតែផ្ដល់ឲ្យខ្ញុំនូវការលើកទឹកចិត្ត ។ ខ្ញុំដឹងនូវអ្វីដែលព្រះអម្ចាស់រំពឹងចង់បានពីខ្ញុំ ហើយវាជួយខ្ញុំឲ្យប្រែចិត្ត និងបន្ទាបខ្លួន ។ នៅពេលខ្ញុំអាន និងពិចារណាអំពីពររបស់លោកអយ្យកោ នោះខ្ញុំប្រាថ្នាចង់រស់នៅដោយភាពស័ក្ដិសមដើម្បីទទួលបានពរជ័យដែលបានសន្យាទាំងនោះ ។ …
… សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ និងបុត្រាដ៏ស្ងួនភ្ងា ដែលជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។ ទ្រង់ទាំងទ្វេស្រឡាញ់យើង ។ ពររបស់លោកអយ្យកោគឺជាអំណោយដ៏ពិសិដ្ឋមកពីទ្រង់ទាំងទ្វេ ។ នៅពេលបងប្អូនទទួលពរជ័យ នោះបងប្អូននឹងដឹង ព្រមទាំងទទួលអារម្មណ៍ថា ទ្រង់ទាំងទ្វេស្រឡាញ់បងប្អូន និងយកចិត្តទុកដាក់លើបងប្អូនម្នាក់ៗរៀងៗខ្លួនប៉ុនណា ។ ( កាស្សូហីកូ យ៉ាម៉ាស្ស៊ីតា « ពេលដែលត្រូវទទួលពរជ័យអយ្យកោរបស់បងប្អូន » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ៩០ )
ស៊ីស្ទើរ បូនី អេច ខ័រឌុន អតីតប្រធានយុវនារីទូទៅបានបង្រៀន ៖
នៅសន្និសីទ ដ.ក.យ. ខ្ញុំបានជួបជាមួយយុវនារីដែលកំពុងជួបនឹងបញ្ហា ។ យុវនារីទាំងពីររូបបានលើកឡើងពីការងាកទៅរកពររបស់លោកអយ្យកោរបស់ខ្លួនដើម្បីទទួលបាននូវសេចក្តីស្រឡាញ់ និងការណែនាំរបស់ព្រះអម្ចាស់ជាថ្មី ។ ចូរស្វែងរកពររបស់លោកអយ្យកោរបស់អ្នក ផ្លុំធូលីចេញ ប្រសិនបើអ្នកត្រូវធ្វើដូច្នោះ ហើយសិក្សាវាឲ្យបានញឹកញាប់ ។ ប្រសិនបើអ្នកមិនទាន់មានវាទេ សូមទទួលបានមួយ—ឆាប់ៗនេះ ។ ចូរកុំបង្អង់ពេលយូរក្នុងការស្វែងរកអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យប្រាប់អ្នកឥឡូវនេះអំពីអ្នក ។ ( បូនី អេច ខ័រឌុន « Come unto Christ and Don’t Come Alone » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ១០ )
© 2023 by Intellectual Reserve, Inc. All rights reserved.
បន្ទាប់ពីសិស្សមានឱកាសសិក្សារួចហើយ សូមពិចារណាអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀន ដោយការសួរសំណួរដូចតទៅនេះ ៖
-
តើអ្នកបានរៀនអ្វីខ្លះពីការសិក្សារបស់អ្នកដែលអ្នកបានរកឃើញថា មានអត្ថប្រយោជន៍បំផុត ?
-
តើចម្លើយអ្វីខ្លះដែលអ្នកបានរកឃើញចំពោះសំណួររបស់អ្នក ?
-
តើអ្នកគិតថា ពររបស់លោកអយ្យកោ អាចជះឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមពិចារណាចែកចាយពីរបៀបដែលព្រះបានប្រទានពរ ឬដឹកនាំអ្នកតាមរយៈពររបស់លោកអយ្យកោរបស់អ្នក ។ អ្នកក៏អាចលើកទឹកចិត្តសិស្សដែលបានទទួលពររបស់លោកអយ្យកោរបស់ពួកគេឲ្យចែកចាយបទពិសោធន៍របស់ពួកគេផងដែរ ។ សូមប្រាកដថា សិស្សយល់ថា ពួកគេមិនគួរចែកចាយព័ត៌មានលម្អិតអំពីពររបស់លោកអយ្យកោរបស់ពួកគេឡើយ ។ ទោះយ៉ាងណា វាជាការសមរម្យក្នុងការចែកចាយពីបទពិសោធន៍របស់ពួកគេដែលបានទទួលពររបស់លោកអយ្យកោ និងរបៀបដែលវាបានផ្ដល់ពរដល់ជីវិតរបស់ពួកគេ ។
អ្នកក៏អាចបង្ហាញវីដេអូដូចខាងក្រោម ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ដើម្បីបង្ហាញឧទាហរណ៍អំពីរបៀបដែលបុគ្គលទាំងឡាយបានទទួលការណែនាំពីព្រះតាមរយៈពររបស់លោកអយ្យកោរបស់ពួកគេ ។
-
« Enemy Territory » ( ចាប់ពីនាទីទី ០:០០ ដល់ ២:២៥ )—ដំណើររឿងចេញពីជីវិតរបស់ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( ឆ្នាំ ១៩២៤–២០១៥ ) ។
-
« Without Fear » ( ៣:៣០ ) — យុវជនម្នាក់មកពីប្រទេសអ៊ីតាលី បានពិពណ៌នាអំពីរបៀបដែលពររបស់លោកអយ្យកោរបស់គាត់បានជួយគាត់ធ្វើការសម្រេចចិត្តបម្រើបេសកកម្ម ។
សូមគិតអំពីអ្វីដែលអ្នកបានរៀន
ដើម្បីជួយសិស្សគិតពិចារណាពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ សូមពិចារណាអញ្ជើញពួកគេឲ្យធ្វើដូចខាងក្រោមនេះ ៖
សូមជញ្ជឹងគិតពីការបំផុសគំនិត ឬចំណាប់អារម្មណ៍ដែលអ្នកទទួលបានពីព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរប្រយោគមួយចំនួនអំពីការណែនាំ និងការដឹកនាំដែលព្រះវរបិតាសួគ៌បានប្រទានដល់អ្នកនៅថ្ងៃនេះ និងរបៀបដែលអ្នកអាចធ្វើសកម្មភាពតាមការបំផុសគំនិតទាំងនោះ ។
សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមចំណាប់អារម្មណ៍ដែលពួកគេមាននៅថ្ងៃនេះ ។ សូមថ្លែងទីបន្ទាល់អំពីការណែនាំ និងការដឹកនាំពីព្រះវរបិតាសួគ៌ដែលមានសម្រាប់យើង តាមរយៈពររបស់លោកអយ្យកោ ។