« មេរៀនទី ១៧៤—សេចក្តីណែនាំ ដើម្បីកម្លាំងនៃយុវជន ៖ ‹ សេចក្តីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« សេចក្តីណែនាំ ដើម្បីកម្លាំងនៃយុវជន » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧៤ ៖ ដើម្បីកម្លាំងនៃយុវជន
សេចក្តីណែនាំ ដើម្បីកម្លាំងនៃយុវជន
« សេចក្តីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព »
ព្រះវរបិតាសួគ៌ស្រឡាញ់ និងទុកចិត្តលើជំនាន់កំពុងពេញវ័យ ។ ទ្រង់បានប្រទានការណែនាំពីព្យាការីដើម្បីជួយយុវវ័យសព្វថ្ងៃអភិវឌ្ឍសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ មេរៀននេះអាចជួយសិស្សឲ្យសម្លឹងមើលព្រះយេស៊ូវគ្រីស្ទនៅពេលធ្វើការសម្រេចចិត្តដោយប្រើ « ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស » ។
សកម្មភាពរៀនសូត្រដែលអាចមាន
វគ្គពីរដំបូងនៃមេរៀននេះត្រូវបានរចនាឡើងដើម្បីជួយសិស្សឲ្យរៀនបន្ថែមទៀតអំពី ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២២ ) ដើម្បីឲ្យពួកគេអាចពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទបានកាន់តែប្រសើរឡើង ។ វគ្គចុងក្រោយបង្អស់ផ្តល់នូវសកម្មភាពរៀនសូត្រដែលផ្តោតលើផ្នែកនៅក្នុងសៀវភៅដែលមានចំណងជើងថា « សេចក្តីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព » នៅលើទំព័រ ៣០–៣៣ ។ គំនិតទាំងឡាយដើម្បីសិក្សាប្រធានបទបន្ថែមមកពីសៀវភៅណែនាំត្រូវបានដាក់ក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលាផ្សេងទៀត ។ សូមសម្រេចចិត្តយកវគ្គណាមួយមកពីមេរៀននេះ ហើយប្រធានបទណាមួយមកពី ដើម្បីកម្លាំងនៃយុវជន នឹងបំពេញតម្រូវការរបស់សិស្សរបស់អ្នកបានល្អបំផុត ។
ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងនៃយុវជន
សូមពិចារណាសរសេរពាក្យ កម្លាំង នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យចែកចាយថាតើនរណា ឬអ្វីដែលពួកគេគិតដល់នៅពេលពួកគេឃើញពាក្យនេះ ។ បង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ហើយពិភាក្សាអំពីសំណួរខាងក្រោមនេះ ។
-
ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទជាគំរូដ៏ល្អមួយនៃកម្លាំង ? តើទ្រង់បានបង្ហាញភាពរឹងមាំនៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ទ្រង់យ៉ាងដូចម្ដេច ?
-
តើមានស្ថានភាពអ្វីខ្លះដែលក្មេងជំទង់ជួបប្រទះដែលកម្លាំងរបស់ព្រះអង្គសង្គ្រោះអាចជួយពួកគេបាន ?
សូមអាន « សារលិខិតមកពីគណៈប្រធានទីមួយ » នៅលើទំព័រទី ២ នៅក្នុង ដើម្បីកម្លាំងនៃយុវជន ដោយស្វែងរករបៀបដែលអ្នកអាចទទួលបានកម្លាំង ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណាដែលថាព្រះយេស៊ូវគ្រីស្ទគឺជា « កម្លាំងនៃយុវជន » ?
-
តើអ្នកបានទទួលជំនួយ និងកម្លាំងមកពីទ្រង់ដោយរបៀបណា ?
ការធ្វើការជ្រើសរើសដែលបំផុសគំនិត
សូមអញ្ជើញសិស្សឲ្យធ្វើសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
រាយបញ្ជីនូវជម្រើស ឬការសម្រេចចិត្តសំខាន់ៗមួយចំនួន ដែលអ្នកត្រូវធ្វើក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ។ កំណត់តើជម្រើសមួយណាក្នុងចំណោមជម្រើសទាំងនេះដែលនឹងមានឥទ្ធិពលខ្លាំងបំផុតទៅលើជីវិតរបស់អ្នកដែលនៅសល់ប៉ុន្មាន ។
សិស្សអាចសង្កត់ធ្ងន់លើការសម្រេចចិត្តដែលពួកគេមានអារម្មណ៍ថានឹងមានឥទ្ធិពលខ្លាំងបំផុតទៅលើជីវិតរបស់ពួកគេ ដោយគូសបញ្ជាក់ពីការសម្រេចចិត្តទាំងនោះ ។ ចំពោះសំណួរបន្ទាប់ ពួកគេអាចឆ្លើយតបដោយស្ងៀមស្ងាត់ដោយគូរមុខញញឹម មុខអព្យាក្រឹត ឬមុខកម្សត់នៅក្នុងសៀវភៅកំណត់ហេតុរបស់គេ ដើម្បីបង្ហាញថាពួកគេមានទំនុកចិត្តប៉ុនណាចំពោះការធ្វើការសម្រេចចិត្តនីមួយៗ ។
-
តើអ្នកមានអារម្មណ៍ជឿជាក់ប៉ុនណាចំពោះការធ្វើការជ្រើសរើសទាំងនេះ ?
-
តើព្រះវរបិតាសួគ៌បានប្រទានធនធានអ្វីខ្លះដើម្បីជួយអ្នកឲ្យធ្វើការជ្រើសរើសដែលបំផុសគំនិត ?
សិស្សអាចចែកចាយអំពីរបៀបដែល ដើម្បីកម្លាំងនៃយុវជន បានជួយពួកគេឲ្យធ្វើការជ្រើសរើសដែលបំផុសគំនិត ។
សូមអានផ្នែក « ធ្វើការជ្រើសរើសប្រកបដោយការបំផុសគំនិត » នៅលើទំព័រទី ៤–៥ នៅក្នុង ដើម្បីកម្លាំងនៃយុវជន ដោយស្វែងរកអ្វីដែលអាចជួយអ្នកក្នុងការជ្រើសរើសដែលអ្នកមានឥឡូវនេះ ហើយនឹងមាននៅពេលអនាគត ។
សូមពិចារណាដាក់សិស្សជាគូៗដើម្បីសិក្សាផ្នែកនេះ ។ ចាត់តាំងសិស្សម្នាក់នៅក្នុងគូនីមួយៗឲ្យសិក្សាកថាខណ្ឌបីដំបូង និងគូផ្សេងទៀតឲ្យសិក្សាកថាខណ្ឌបីចុងក្រោយ ។ អញ្ជើញពួកគេឲ្យគូសសម្គាល់ពាក្យ និងឃ្លាដ៏មានអត្ថន័យ ហើយចែកចាយនូវអ្វីដែលពួកគេបានរៀនជាមួយដៃគូរបស់ពួកគេ ។
បន្ទាប់ពីសិស្សបញ្ចប់ការពិភាក្សាជាគូរួចហើយ សូមពិចារណាអំពីការសម្របសម្រួលការពិភាក្សាជាថ្នាក់ដោយសួរសំណួរដូចខាងក្រោមនេះ ។
-
តើអ្នកបានរកឃើញអ្វីខ្លះដែលអាចជួយដល់អ្នកនៅក្នុងការធ្វើការជ្រើសរើសដែលបំផុសគំនិត ?
-
តើអ្វីដែលអ្នកបានរៀនជះឥទិ្ធពលលើអារម្មណ៍របស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យប្រើការបង្រៀន និងគោលការណ៍នៅក្នុង ដើម្បីកម្លាំងនៃយុវជន ជាទៀងទាត់ពេលពួកគេធ្វើការសម្រេចចិត្ត ហើយខិតខំធ្វើតាមព្រះអង្គសង្គ្រោះ ។ សូមណែនាំពួកគេទៅកាន់ក្រាហ្វិកនៅខាងក្រោយនៃផ្នែក « ធ្វើការជ្រើសរើសប្រកបដោយការបំផុសគំនិត » នៅលើទំព័រទី ៥ ឬបង្ហាញព័ត៌មានខាងក្រោមដើម្បីជួយពួកគេឲ្យមើលពីរបៀបដែល ដើម្បីកម្លាំងនៃយុវជន ត្រូវបានរៀបចំឡើង ។
ប្រធានបទនីមួយៗនៅក្នុង ដើម្បីកម្លាំងនៃយុវជន មានបីផ្នែកគឺ ៖
-
សេចក្តីពិតដ៏អស់កល្បជានិច្ច ឬគោលលទ្ធិនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ
-
ការអញ្ជើញ ដើម្បីឲ្យធ្វើសកម្មភាពតាមសេចក្តីពិតទាំងនោះ
-
ពរជ័យដែលបានសន្យា ដែលព្រះអម្ចាស់ប្រទានដល់អស់អ្នកដែលរស់នៅតាមការបង្រៀនរបស់ទ្រង់
សូមអញ្ជើញសិស្សឲ្យពិចារណាសំណួរ ឬឧបសគ្គនានា នាពេលបច្ចុប្បន្នដែលពួកគេអាចត្រូវការជំនួយ ជាពិសេស នៅពេលពួកគេជញ្ជឹងគិតអំពីជម្រើសសំខាន់ៗដែលពួកគេនឹងធ្វើនៅប៉ុន្មានឆ្នាំខាងមុខនេះ ។ សូមផ្តល់ពេលវេលាដល់ពួកគេដើម្បីសិក្សា ដើម្បីកម្លាំងនៃយុវជន ដោយស្វែងរកសេចក្ដីពិតដ៏អស់កល្បជានិច្ច ការអញ្ជើញ និងពរជ័យដែលបានសន្យាដែលអាចជួយចំពោះកង្វល់ជាក់លាក់របស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យកត់ត្រានូវការយល់ដឹង និងចំណាប់អារម្មណ៍ទាំងឡាយនៅពេលពួកគេសិក្សា ។ នៅពេលពួកគេបញ្ចប់ សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ប៉ុន្តែរំឭកពួកគេកុំឲ្យចែកចាយអ្វីដែលផ្ទាល់ខ្លួនពេក ។ សំណួរខាងក្រោមនេះអាចជួយបាន ។
-
តើអ្វីខ្លះដែលអ្នកបានរកឃើញ ឬឃើញថាមានប្រយោជន៍ពេលដែលអ្នកបានសិក្សានោះ ?
-
តើលំនាំនៃការរៀនសេចក្ដីពិតដ៏អស់កល្បជានិច្ច ការធ្វើតាមការអញ្ជើញដែលបំផុសគំនិត និងការចងចាំពរជ័យដែលបានសន្យាអាចជួយអ្នកទទួលបានកម្លាំងមកពីព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើការជ្រើសរើសដែលបំផុសគំនិតដោយរបៀបណា ?
« សេចក្តីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព »
ផ្នែកនៃមេរៀននេះផ្តោតទៅលើផ្នែក « សេចក្តីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព » នៅលើទំព័រទី ៣០-៣៣ នៅក្នុង ដើម្បីកម្លាំងនៃយុវជន ។ អ្នកអាចបង្រៀនផ្នែកនេះរួមជាមួយនឹងផ្នែកផ្សេងទៀត ឬបង្រៀនតែផ្នែកនេះសុទ្ធក៏បាន ។
សូមសរសេរ គុណសម្បត្តិ និង គុណវិបត្តិ នៅលើក្ដារខៀន ។ សូមពិចារណាបង្ហាញទូរសព្ទឆ្លាតវៃ កុំព្យូទ័រយួរដៃ ឬឧបករណ៍ផ្សេងទៀតដែលមានអ៊ីនធឺណិត និងការចូលដំណើរការប្រព័ន្ធផ្សព្វផ្សាយសង្គម ។ សូមឲ្យសិស្សរៀបរាប់អំពីគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅពេលស្វែងរកចំណេះដឹង ។ សូមអញ្ជើញពួកគេឲ្យរាយបញ្ជីប្រភពដែលអាចទុកចិត្តបាននៅលើក្ដារខៀន ដែលពួកគេដឹង និងចែកចាយអំពីមូលហេតុដែលវាសំខាន់ក្នុងការប្រើប្រភពទាំងនេះនៅពេលស្វែងរកសេចក្ដីពិត ។
សូមអាន យ៉ូហាន ៨:៣១-៣២ ដោយស្វែងរកអ្វីដែលព្រះយេស៊ូវបានបង្រៀនអំពីសេចក្ដីពិត ។
-
តើអ្នកបានរៀនអ្វីខ្លះ ?
-
តើសេចក្តីពិតជួយយើងឲ្យមានសេរីភាព ដោយរបៀបណា ?
សូមពិចារណាបែងចែកសិស្សទាំងឡាយទៅជាក្រុមតូចៗ ។ ចែកក្រដាសមួយសន្លឹកឲ្យដល់ក្រុមនីមួយៗ ។ សូមអញ្ជើញពួកគេឲ្យគិតអំពីស្ថានភាពពិតប្រាកដមួយដែលពាក់ព័ន្ធនឹងក្មេងជំទង់ដែលទាក់ទងទៅនឹងប្រធានបទនៅក្នុងផ្នែក « សេចក្តីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព » នៅលើទំព័រទី ៣០-៣៣ ។ ឧទាហរណ៍ សាច់រឿងនេះអាចពិពណ៌នាអំពីនរណាម្នាក់ដែលមើលមិនឃើញតម្លៃនៃការរៀនសូត្រសេចក្ដីពិត នរណាម្នាក់ដែលពិបាករស់នៅជាមួយនឹងភាពស្មោះត្រង់ ឬនរណាម្នាក់ដែលភ័យខ្លាចក្នុងការពិភាក្សាអំពីសេចក្តីជំនឿរបស់ពួកគេជាមួយអ្នកដទៃ ។ បន្ទាប់ពីក្រុមទាំងឡាយបានសរសេរសាច់រឿងរបស់ពួកគេរួចហើយ សូមអញ្ជើញពួកគេឲ្យផ្លាស់ប្តូរក្រដាសជាមួយក្រុមមួយផ្សេងទៀត ។
សូមអញ្ជើញសិស្សឲ្យអាន កថាខណ្ឌទី ១-៤ នៃផ្នែក « សេចក្ដីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព » នៅទំព័រទី ៣១ និងស្វែងរកគោលការណ៍មួយ ។ ពួកគេអាចស្វែងរកគោលការណ៍មួយដូចខាងក្រោម ៖ ការរៀនសូត្រ និងការរស់នៅតាមសេចក្ដីពិតដ៏អស់កល្បជានិច្ច ជួយយើងឲ្យក្លាយទៅដូចជាព្រះវរបិតាសួគ៌ ហើយស្វែងរកសេចក្ដីសុខសាន្ត និងសុភមង្គលក្នុងជីវិតនេះ ។
-
តើការរៀនសូត្រ និងការរស់នៅតាមសេចក្ដីពិតដ៏អស់កល្បជានិច្ច អាចជួយយើងឲ្យក្លាយដូចជាព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ? តើព្រះយេស៊ូគ្រីស្ទអាចជួយអ្នកក្នុងដំណើរការនេះយ៉ាងដូចម្ដេច ?
-
តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ធ្លាប់ដកពិសោធន៍នូវសេចក្ដីសុខសាន្ត និងសុភមង្គលចេញមកពីការរស់នៅតាមសេចក្ដីពិតដ៏អស់កល្បជានិច្ចនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះនៅពេលណា ?
សូមឲ្យសិស្សសរសេរចម្លើយទៅកាន់បុគ្គលក្នុងសាច់រឿងនេះដោយប្រើសេចក្ដីពិត ដ៏អស់កល្បជានិច្ច ការអញ្ជើញ និងពរជ័យដែលបានសន្យាដែលបានបង្រៀននៅក្នុងផ្នែក « សេចក្ដីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព » នៅលើទំព័រទី ៣០-៣៣ ។ សូមអញ្ជើញក្រុមពីរបីឲ្យចែកចាយសាច់រឿងដែលពួកគេបានទទួល និងរបៀបដែលពួកគេបានប្រើព័ត៌មាននៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ដើម្បីជួយ ។
ដើម្បីបញ្ចប់ សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកអាចធ្វើការផ្លាស់ប្តូរអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ដោយសារតែអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះ ?
ពេលសិស្សសិក្សា « សេចក្តីពិតនឹងធ្វើឲ្យអ្នកមានសេរីភាព » នៅលើទំព័រទី ៣០–៣៣ ឬផ្នែកផ្សេងទៀតនៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន នោះពួកគេអាចមានអារម្មណ៍ថាត្រូវធ្វើការផ្លាស់ប្ដូរខ្លះៗក្នុងជីវិតរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកផ្នែក « ព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នក » នៅលើទំព័រទី ៦–៩ ដោយស្វែងរករបៀបដែលពួកគេអាចទទួលបានកម្លាំងមកពីព្រះយេស៊ូវគ្រីស្ទដើម្បីផ្លាស់ប្ដូរ ។