« មេរៀនទី ១៥០—អ្នកត្រួសត្រាយផ្លូវនៅគ្រប់ទិសទី ៖ ការរៀបចំផ្លូវសម្រាប់អ្នកដទៃ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« អ្នកត្រួសត្រាយផ្លូវនៅគ្រប់ទិសទី » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៥០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥–១៣៦
ពួកអ្នកត្រួសត្រាយផ្លូវនៅគ្រប់ដែនដី
ការរៀបចំផ្លូវសម្រាប់អ្នកដទៃ
ចេញពីឆ្នាំ ១៨៤៧ ដល់ឆ្នាំ ១៨៦៨ ពួកអ្នកត្រួសត្រាយរាប់ពាន់នាក់បានបង្ហាញសេចក្ដីជំនឿយ៉ាងខ្លាំងក្លាទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលដែលពួកគេបានធ្វើដំណើរដោយរទេះកង់បួនដែលមានដំបូល ឬរទេះអូសដៃដើម្បីជួបជុំជាមួយពួកបរិសុទ្ធនៅក្នុងជ្រលងភ្នំ សលត៍ លេក ។ សព្វថ្ងៃនេះអ្នកត្រួសត្រាយមកពីជុំវិញពិភពលោកនៅតែបង្ហាញសេចក្ដីជំនឿដ៏អស្ចារ្យ នៅពេលដែលពួកគេជួបជុំគ្នាជាមួយពួកបរិសុទ្ធនៅកន្លែងណាដែលពួកគេរស់នៅ ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ចង់ធ្វើជាអ្នកត្រួសត្រាយផ្លូវតាមរយៈការរៀបចំផ្លូវឲ្យអ្នកដទៃធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពួកអ្នកត្រួសត្រាយ
ចំណាំ ៖ វាអាចមានប្រសិទ្ធភាពក្នុងការស្វែងរកគំរូនៃពួកអ្នកត្រួសត្រាយផ្លូវនៅក្នុងស្តេក វួដ ឬប្រទេសរបស់អ្នក ហើយរៀបចំខ្លួនដើម្បីចែកចាយដំណើររឿងរបស់ពួកគេ ជាផ្នែកមួយនៃមេរៀននេះ ។ ប្រសិនបើអាចធ្វើទៅបាន អ្នកអាចអញ្ជើញពួកគាត់ឲ្យមកចូលរួមក្នុងថ្នាក់ ហើយបង្ហាញបទពិសោធន៍របស់ពួកគាត់ ។
សូមពិចារណាបង្ហាញសកម្មភាពខាងក្រោមនេះដើម្បីជួយសិស្សឲ្យយល់អំពីនិយមន័យនៃអ្នកត្រួសត្រាយផ្លូវ ។ បន្ទាប់មកសិស្សអាចចែកចាយអ្វីដែលពួកគេបានរកឃើញជាមួយថ្នាក់ទាំងមូល ឬជាមួយក្រុមតូចៗ ។ អ្នកអាចសម្របសកម្មភាពនេះដើម្បីដាក់បញ្ចូលអ្នកត្រួសត្រាយផ្លូវណាដែលជីវិតរបស់ពួកគេបានជះឥទ្ធិពលលើមនុស្សនៅក្នុងតំបន់របស់អ្នក ។
សូមផ្គូផ្គងបុគ្គលទាំងនោះជាមួយការសម្រេចបានរបស់ពួកគេ ។
|
បុគ្គល |
ការសម្រេចបាន |
|---|---|
បុគ្គល ១. ចន ហ្គូធិនប៊ើគ | ការសម្រេចបាន ក. ប្រធានសមាគមសង្គ្រោះដំបូងនៅប្រទេស តៃវ៉ាន់ |
បុគ្គល ២. អេលីហ្សាប៊ែត ជេកសាន់ | ការសម្រេចបាន ខ. ស្ត្រីដំបូងគេដែលឈ្នះពានរង្វាន់ណូបែល ផ្នែកស្រាវជ្រាវវិទ្យុសកម្មដែលនាងបានស្រាវជ្រាវរកឃើញ |
បុគ្គល ៣. ឈិន លីន ស៊ូលៀង | ការសម្រេចបាន គ. បានបង្កើតម៉ាស៊ីនបោះពុម្ព |
បុគ្គល ៤. អេឌមីន ហៀលឡារី និងធែនហ្សីង ណូហ្គេ | ការសម្រេចបាន ឃ. មនុស្សដំបូងគេដែលឡើងទៅលើកំពូលភ្នំអេវើរ៉េស |
បុគ្គល ៥. ម៉ារី ឃ្ឃូរី | ការសម្រេចបាន ង. បានធ្វើដំណើរដោយរទេះអូសដៃទៅកាន់ជ្រលងភ្នំ សលត៍ លេក |
នៅពេលសិស្សបានបញ្ចប់ការទស្សទាយហើយ សូមផ្ដល់ចម្លើយត្រឹមត្រូវ ( ១-គ, ២-ង, ៣-ក, ៤-ឃ, ៥-ខ ) ។
-
តើបុគ្គលទាំងនេះមានចំណុចដូចគ្នាត្រង់ណាខ្លះ ?
សូមជួយសិស្សឲ្យយល់ថា ចំណុចមួយក្នុងចំណោមចំណុចទាំងនេះដែលមនុស្សទាំងនេះមានដូចគ្នានោះគឺ ពួកគេជាអ្នកត្រួសត្រាយផ្លូវ ។ អ្នកត្រួសត្រាយផ្លូវអាចឲ្យនិយមន័យថា ជាមនុស្សម្នាក់ដែលទៅមុន ហើយរៀបចំផ្លូវសម្រាប់អ្នកដទៃដើម្បីធ្វើតាម ។ អ្នកក៏អាចមើល « I Am a Pioneer » ( ១:១៦ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
1:16 -
តើការសម្រេចបានរបស់អ្នកត្រួសត្រាយផ្លូវទាំងនេះបានរៀបចំផ្លូវមួយសម្រាប់អ្នកដទៃដើម្បីធ្វើតាមយ៉ាងដូចម្ដេច ?
គំរូរបស់ព្រះយេស៊ូវគ្រីស្ទ
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយអំពីគំរូរបស់ព្រះយេស៊ូវគ្រីស្ទដូចខាងក្រោម ៖
ព្រះសង្រ្គោះរបស់យើង ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកត្រួសត្រាយដ៏ខ្ពង់ខ្ពស់បំផុតក្នុងការរៀបចំផ្លូវ ។ ប្រាកដណាស់ ទ្រង់ ជា « ផ្លូវ » សម្រាប់ផែនការនៃសេចក្ដីសង្គ្រោះឲ្យសម្រេចបាន ដើម្បីយើងអាចប្រែចិត្ដបាន ហើយត្រឡប់ទៅព្រះវរបិតាសួគ៌របស់យើងវិញ តាមរយៈសេចក្តីជំនឿលើទ្រង់ ។ … ( អិម រ័សុល បាឡឺដ « ចូរដើរតាមព្រះយេស៊ូវគ្រីស្ទដោយជំហាននៃសេចក្តីជំនឿ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៣៥ )
ដើម្បីជួយសិស្សវិភាគសេចក្ដីថ្លែងការណ៍នេះ សូមពិចារណាអញ្ជើញពួកគេឲ្យស្វែងរកបទគម្ពីរដែលបង្ហាញអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ ធ្វើជាអ្នកត្រួសត្រាយផ្លូវ ។ ប្រសិនបើពួកគេត្រូវការជំនួយ នោះអ្នកអាចផ្តល់វគ្គបទគម្ពីរដូចខាងក្រោម ឬវគ្គបទគម្ពីរផ្សេងទៀតដែលអ្នកជ្រើសរើស ។
សូមអានខគម្ពីរមួយចំនួនដូចខាងក្រោមនេះ ៖ យ៉ូហាន ១៣:១៥; ១៤:២–៦; នីហ្វៃទី២ ៣១:៥–១២ និង ម៉ូសាយ ១៦:៧ ។ រកមើលរបៀបដែលអាចចាត់ទុកព្រះយេស៊ូវគ្រីស្ទ ជាអ្នកត្រួសត្រាយផ្លូវ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើទង្វើរបស់ព្រះអង្គសង្គ្រោះដើម្បីរៀបចំផ្លូវសម្រាប់អ្នក ជាពរជ័យក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
សូមពន្យល់សិស្សថា មានរបៀបជាច្រើនដែលព្រះអង្គសង្គ្រោះ គឺជាអ្នកត្រួសត្រាយផ្លូវ ដែលអាចធ្វើទៅបាន តែតាមរយៈទ្រង់ប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានវិធីមួយចំនួនដែលយើងអាចធ្វើតាម « ដំរាប់ … [ ហើយ ] ត្រាប់តាមការដែល [ ទ្រង់បាន ] ធ្វើឲ្យនោះ » ( យ៉ូហាន ១៣:១៥ ) ដើម្បីធ្វើជាអ្នកត្រួសត្រាយផ្លូវសម្រាប់មនុស្សដទៃ ។ សូមអញ្ជើញសិស្សឲ្យសរសេរដូចខាងក្រោមនេះ ជាចំណងជើងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេថា ៖ « ដូចជាព្រះអង្គសង្រ្គោះដែរ ខ្ញុំអាចធ្វើជាអ្នកត្រួសត្រាយផ្លូវតាមរយៈការបង្ហាញផ្លូវដល់អ្នកដទៃឲ្យដើរតាមដោយស្មោះត្រង់ » ។
សូមពិចារណាបង្ហាញសំណួរដូចខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យឆ្លើយតបទៅនឹងសំណួរទាំងនោះនៅក្រោមចំណងជើងខាងលើនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ៖
-
តើអ្នកមានអារម្មណ៍ថា អ្នកកំពុងទុកគំរូមួយដែលអ្នកចង់ឲ្យអ្នកដទៃធ្វើតាមដែរឬទេ ?
-
តើអ្វីដែលធ្វើឲ្យអ្នករំភើបចិត្តពេលធ្វើជាអ្នកត្រួសត្រាយផ្លូវ ? តើអ្វីធ្វើឲ្យអ្នកភ័យខ្លាច ?
-
តើអ្នកមានអារម្មណ៍ថា ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យធ្វើជាអ្នកត្រួសត្រាយផ្លូវសម្រាប់អ្នកដទៃដោយរបៀបណា ?
នៅពេញមេរៀនដែលនៅសល់នេះ សូមអញ្ជើញយាងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធឲ្យបង្កើនបំណងប្រាថ្នារបស់អ្នក ដើម្បីធ្វើជាអ្នកត្រួសត្រាយផ្លូវដូចជាព្រះគ្រីស្ទសម្រាប់ឲ្យអ្នកដទៃធ្វើតាម ។
រទេះអូសដៃរបស់អ្នកត្រួសត្រាយផ្លូវ
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេចងចាំពីការរៀនអំពីការធ្វើដំណើរជាក្រុមដោយរទេះទៅទិសខាងលិច និង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៦ ។ សូមពិចារណាពិនិត្យមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៦:៦–៧ ដើម្បីបង្ហាញអំពីវិធីមួយដែលពួកបរិសុទ្ធដំបូងធ្វើដំណើរទៅភាគខាងលិចត្រូវបានសុំឲ្យធ្វើជាអ្នកត្រួសត្រាយផ្លូវ ។
សូមពិចារណាបង្ហាញរូបភាពរទេះអូសដៃ ហើយសង្ខេបព័ត៌មានខាងក្រោមនេះ ។
បន្ទាប់ពីក្រុមជាច្រើនបានធ្វើដំណើរទៅកាន់ទីក្រុងសលត៍លេកនៅក្នុងរទេះកង់បួនដែលមានដំបូល ជាទូទៅក្របីជាអ្នកអូស ព្រិកហាំ យ៉ង់ បានលើកទឹកចិត្តពួកបរិសុទ្ធឲ្យប្រើរទេះអូសដៃវិញ ។ អ្នកត្រួសត្រាយផ្លូវបានអូសរទេះដៃដោយខ្លួនឯងដែលធ្វើឲ្យការធ្វើដំណើរកាន់តែមានតម្លៃថោក និងលឿនជាងមុន ។ មានតែ ១០ ក្រុមក្នុងចំណោមក្រុមធ្វើចំណាកស្រុកជាង ៣៥០ ក្រុមដែលធ្វើដំណើរដោយរទេះអូសដៃ ។ ទោះបីជាក្រុមរទេះអូសដៃភាគច្រើនបានធ្វើដំណើរដោយគ្មានបញ្ហាធំដុំក៏ដោយ ក៏ព្យុះនៅរដូវរងារនាឆ្នាំ ១៨៥៦ បានបណ្តាលឲ្យក្រុមវីលី និងម៉ាទិនជាប់គាំងតាមផ្លូវដែរ ។ មនុស្សជាច្រើនបានបាត់បង់ជីវិតដោយសារការស្រែកឃ្លាន និងសីតុណ្ហភាពត្រជាក់ខ្លាំងពេក ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលធ្វើឡើងដោយសមាជិកសាសនាចក្រនៅរដ្ឋយូថាហ៍បានផ្ដល់សម្ភារដែលចាំបាច់ និងបានជួយដល់អ្នកធ្វើដំណើរជោគជ័យក្នុងការធ្វើដំណើររបស់ពួកគេ ដោយជួយសង្រ្គោះជីវិតមនុស្សជាង ១,២០០ នាក់ ( សូមមើលប្រធានបទប្រវត្តិសាសនាចក្រ « Handcart Companies » នៅលើគេហទំព័រ ChurchofJesusChrist.org/study/history/topics ) ។
សូមពិចារណាចែកចាយរឿង ឬទីបន្ទាល់មកពីអ្នកត្រួសត្រាយផ្លូវដែលអូសរទេះដៃដូចខាងក្រោមនេះ ។ សូមអញ្ជើញសិស្សឲ្យស្វែងរករបៀបដែលពួកគេអាចធ្វើតាមគំរូរបស់អ្នកត្រួសត្រាយផ្លូវចំពោះជីវិតរបស់ពួកគេ ។
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្ដល់ឧទាហរណ៍ដូចខាងក្រោម ៖
ខ្ញុំមានចិត្តរំភើបពីដំណើររឿងរបស់ អេលីស្សាប៊ែត ជេកសុន ដែលស្វាមីរបស់គាត់អារ៉ុន បានស្លាប់ក្រោយពីឆ្លងកាត់ទន្លេ ផ្លាត ចុងក្រោយជាមួយក្រុមរទេះអូសដៃរបស់ម៉ាទិន ។ នាងបានសរសេរថា ៖
« ខ្ញុំនឹងមិនព្យាយាមពិពណ៌នាពីអារម្មណ៍របស់ខ្ញុំ កាលខ្លួនឯងក្លាយជាស្ត្រីមេម៉ាយម្នាក់ ដែលមានកូនបីនាក់ស្ថិតនៅក្រោមកាលៈទេសៈដ៏ឃោរឃៅបែបនេះទេ ។ … ខ្ញុំជឿ … ថាទុក្ខលំបាករបស់ខ្ញុំសម្រាប់ជាប្រយោជន៍នៃដំណឹងល្អរបស់ព្រះនឹងត្រូវបានធ្វើបរិសុទ្ធចំពោះខ្ញុំដើម្បីជាសេចក្តីល្អដល់ខ្ញុំ ។ …
« ខ្ញុំ [ បានអំពាវនាវ ] ទៅកាន់ព្រះអម្ចាស់ … ដែលទ្រង់បានសន្យាថានឹងធ្វើជាស្វាមីដល់ស្រ្តីមេម៉ាយ និងធ្វើជាឪពុកដល់កូនដែលគ្មានឪពុក ។ ខ្ញុំបានអំពាវនាវដល់ទ្រង់ ហើយទ្រង់បានមកជួយខ្ញុំ » ។
អេលីហ្សាប៊ែតបាននិយាយថា នាងបានសរសេរប្រវត្តិជំនួសឲ្យអស់អ្នកដែលបានឆ្លងកាត់ស្ថានភាពដូចគ្នានេះដោយសង្ឃឹមថា កូនចៅជំនាន់ក្រោយនឹងសុខចិត្តរងទុក្ខ និងលះបង់អ្វីៗទាំងអស់ដើម្បីនគរព្រះ ។ ( ឃ្វីនថិន អិល ឃុក « LDS Women Are Incredible! » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១៨ )
-
តើអេលីហ្សាប៊ែត បានថ្លែងទីបន្ទាល់អ្វីខ្លះអំពីព្រះអម្ចាស់ ?
-
តើគាត់សង្ឃឹមថាអ្នកដទៃនឹងរៀនអ្វីខ្លះចេញពីគំរូរបស់គាត់ ?
សូមពិចារណាអញ្ជើញសិស្សឲ្យស្វែងរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ឬបទគម្ពីរផ្សេងទៀតដែលបង្ហាញអំពីរបៀបដែលអេលីហ្សាប៊ែតអាចទទួលបានកម្លាំងមកពីព្រះអង្គសង្រ្គោះ ។ ឧទាហរណ៍ខ្លះអាចជា ម៉ាថាយ ១១:២៨–៣០; អាលម៉ា ៧:១១–១៣ ឬ គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ ។
សូមសួរអំពីរបៀបដែលបទគម្ពីរទាំងនេះអាចជួយយើងឲ្យមានបំណងប្រាថ្នាដើម្បីធ្វើជាអ្នកត្រួសត្រាយផ្លូវសម្រាប់អ្នកដទៃ ។
គំរូរបស់អ្នកត្រួសត្រាយផ្លូវ
សូមពន្យល់ថា ពួកបរិសុទ្ធលែងត្រូវបានសុំឲ្យប្រមូលផ្តុំគ្នានៅជ្រលងភ្នំ សលត៍ លេកទៀតហើយ ។ ពួកគេត្រូវបានអញ្ជើញឲ្យធ្វើជាអ្នកត្រួសត្រាយដោយប្រមូលផ្តុំគ្នានៅក្នុងស្តេកនៃស៊ីយ៉ូននៅកន្លែងណាដែលពួកគេរស់នៅ និងការរៀបចំផ្លូវឲ្យអ្នកដទៃធ្វើតាមព្រះយេស៊ូវគ្រីស្ទវិញ ។ គំរូនៃអ្នកត្រួសត្រាយផ្លូវនៅទូទាំងពិភពលោកអាចជួយយើងឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយធ្វើជាអ្នកត្រួសត្រាយផ្លូវនៅកន្លែងណាដែលយើងរស់នៅ ។
ចំពោះសកម្មភាពខាងក្រោមនេះ សូមចែកសំណៅចែក « អ្នកត្រួសត្រាយផ្លូវនៅជុំវិញពិភពលោក » ដែលមានរឿងដែលបានសម្របសម្រួលមកពី Global Histories ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ជាជម្រើស អ្នកអាចអញ្ជើញសិស្សឲ្យអានដំណើររឿងរបស់បុព្វការីជនរបស់ពួកគេនៅលើគេហទំព័រ FamilySearch.org ឬ គិតពិចារណាអំពីអស់អ្នកដែលពួកគេបានស្វែងរក ប្រសិនបើពួកគេបានធ្វើសកម្មភាពនៃការរៀបចំរបស់សិស្សចប់រួចរាល់ ។ ពួកគេក៏អាចអានអំពីអ្នកត្រួសត្រាយផ្លូវនៅក្នុងប្រទេសរបស់ពួកគេដែលមាននៅក្នុង Global Histories នៅក្នុងផ្នែកប្រវត្តិសាស្ត្រសាសនាចក្រនៃបណ្ណាល័យដំណឹងល្អ ។
សូមបញ្ចប់សកម្មភាពខាងក្រោមនេះដោយស្វែងរករបៀបដែលគំរូរបស់ពួកអ្នកត្រួសត្រាយផ្លូវនៅទូទាំងពិភពលោក អាចជួយអ្នកខិតខំប្រឹងប្រែងដើម្បីធ្វើជាអ្នកត្រួសត្រាយផ្លូវ ។
-
សូមអានដំណើររឿងរបស់អ្នកត្រួសត្រាយផ្លុវម្នាក់ ឬច្រើននាក់ ។
-
ស្វែងរករបៀបដែលពួកគេធ្វើជាអ្នកត្រួសត្រាយផ្លូវ ។
-
សូមរកមើលរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានជួយដល់ពួកគេ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីគំរូដូចជាព្រះគ្រីស្ទរបស់ពួកគេអាចបំផុសគំនិតអ្នកឲ្យធ្វើជាអ្នកត្រួសត្រាយផ្លុវសម្រាប់មនុស្សដទៃ ។
ពួកអ្នកត្រួសត្រាយផ្លុវនៅជុំវិញពិភពលោក
អាមេរិក សាម័រ
« ព្រះទ្រង់មានបន្ទូលថា មែនហើយ »
លេវ៉ា អាយ៉ា លេវ៉ាអូ រស់នៅដោយមានបញ្ហាសុខភាពធ្ងន់ធ្ងរ ។ នៅឆ្នាំ ២០១៥ គាត់បានមានដុំខ្ទុះនៅលើភ្នែករបស់គាត់ ។ ដុំខ្ទុះនោះបានជាសះស្បើយបន្ទាប់ពីពួកអ្នកផ្សព្វផ្សាយសាសនាបានផ្តល់ពរជ័យបព្វជិតភាពឲ្យគាត់ ។ ពួកគេបានចាប់ផ្ដើមអានព្រះគម្ពីរមរមនជាមួយគាត់ ។
មនុស្សមួយចំនួនរស់នៅសហគមន៍តូចៗនៅលើកោះនេះមិនសប្បាយចិត្តដែលឃើញ លេវ៉ាអូ គិតចង់ចូលសាសនាថ្មីឡើយ ។ ពួកគេបានសើចចំអកចំពោះការខិតខំរបស់គាត់ ហើយបានធ្វើឲ្យគាត់អាក់អន់ចិត្ត ។ ទោះជាយ៉ាងណាក៏ដោយក៏គាត់នៅតែរឹងមាំ ហើយមិនយូរប៉ុន្មានបានទទួលពិធីបុណ្យជ្រមុជទឹកដែរ ។ ស្វាមីរបស់គាត់លោក ទុអ៊ី និងកូនបីនាក់របស់គាត់មិនយូរប៉ុន្មានបានធ្វើតាមសេចក្តីជំនឿរបស់គាត់ ចូលជាសាមាជិកសាសនាចក្រ ហើយក្រោយមកលេវ៉ាអូបានបម្រើជាប្រធានសមាគមសង្គ្រោះនៅសាខារបស់គាត់ ។ អ្នកដទៃបានទទួលឥទ្ធិពលពីគំរូនៃការលះបង់របស់គាត់ បានហៅគាត់ថាជាបេះដូងនៃសាសនាចក្រនៅលើកោះ អូឡូសេហ្គា ។
កូរ៉េខាងត្បូង
« ខ្ញុំនឹងមិនត្រជាក់ទៀតឡើយ » ។
ឆោយ ឌឹង សូល គឺជាគ្រូគង្វាលនៅព្រះវិហារ ប្រេសប៊ីធើរៀន ដែលគិតថាគាត់មានការទទួលខុសត្រូវដើម្បីការពារសមាជិកក្រុមជំនុំរបស់គាត់ពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានចាប់ផ្តើមជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា និងស្វែងរកភាពច្បាស់លាស់ចំពោះបញ្ហាគោលលទ្ធីដែលធ្វើឲ្យគាត់មានបញ្ហា ។ គាត់បានដឹងថា ជំនឿថ្មីរបស់គាត់នឹងតម្រូវឲ្យមានការផ្លាស់ប្តូរអាជីព និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់គាត់ជាមួយឪពុករបស់គាត់ ដែលជាប្រធានព្រះវិហារ ប្រេសប៊ីធើរៀន នៅប្រទេសកូរ៉េ នៅពេលនោះផងដែរ ។
ឌឹង សូល ជ្រើសរើសទទួលពិធីបុណ្យជ្រមុជទឹកនៅទន្លេហាន ។ គាត់បានពន្យល់ថា « ខ្ញុំចង់ឲ្យពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំមានបទពិសោធន៍ដូចជាព្រះយេស៊ូវគ្រីស្ទ ឲ្យអស់ពីលទ្ធភាពដែលខ្ញុំអាចធ្វើទៅបាន ។ នៅព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ១៩៨១ ដែលពោរពេញដោយអ័ព្ទ នោះទឹកទន្លេហាន មានភាពត្រជាក់ ប៉ុន្តែនៅពេលលោកឡើងចេញពីទឹកវិញ លោកឌឹង សូល បានរៀបរាប់ពីភាពកក់ក្តៅដែលមាននៅខាងក្នុងចិត្តរបស់គាត់ទៅវិញ ។ គាត់បានថ្លែងថា « ឥឡូវនេះខ្ញុំជាសមាជិកនៃសាសនាចក្រពិតរបស់ព្រះហើយ » ។ « ខ្ញុំនឹងមិនត្រជាក់ទៀតឡើយ » ។ ពីរសប្តាហ៍ក្រោយមកភរិយា និងកូនប្រុសពីរនាក់របស់គាត់ក៏បានទទួលពិធីបុណ្យជ្រមុជទឹកផងដែរ—លើកនេះនៅក្នុងសាលាប្រជុំដ៏កក់ក្តៅមួយ ។ ការចូលរួមក្នុងសាសនាចក្រមិនបានធ្វើឲ្យជីវិតងាយស្រួលសម្រាប់ ឌឹង សូល និងគ្រួសាររបស់គាត់ទេ ប៉ុន្តែវាបានធ្វើឲ្យពរជ័យថ្មីអាចមានទៅបាន ។ ឌឹង សូល បាននិយាយថា « ការបៀតបៀន និងទុក្ខវេទនា … បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំគឺហួសពីសមត្ថភាពឲ្យខ្ញុំប្រាប់បាន » ។ « យើងបានបាត់បង់ច្រើនក្នុងដំណើរការ [ នៃការចូលរួមក្នុងសាសនាចក្រ ] ប៉ុន្តែយើងបានទទួលបានច្រើនជាងអ្វីដែលយើងធ្លាប់ស្រមៃឃើញទៅទៀត » ។
កូត ឌីវ័រ
« ទ្វារនៃជីវិត និងសុភមង្គល »
លីឌី ហ្សេបូ បាហ៊ីអេ គឺជាកូនពៅក្នុងគ្រួសារនាងដែលរស់នៅក្នុងផ្ទះនៅពេលឪពុកម្តាយរបស់នាងទាំងពីរនាក់បានស្លាប់ទៅ ។ ការបាត់បង់នេះបាននាំឲ្យមានជំងឺធ្លាក់ទឹកចិត្ដយ៉ាងធ្ងន់ធ្ងរ ។ ក្មួយប្រុសរបស់នាង ហ្វេត ណាដេច បានណែនាំនាងឲ្យស្គាល់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
នៅពេលនាងទៅព្រះវិហារជាលើកដំបូង លីឌី មានអារម្មណ៍ថាទទួលបាននូវក្ដីស្រឡាញ់យ៉ាងខ្លាំងមកពីបងប្អូនស្រីនៃអង្គការសមាគមសង្រ្គោះ និងយុវនារី ។ ទោះបីជានាងឈប់អានអំឡុងពេលនាងធ្លាក់ទឹកចិត្តក៏ដោយ ក៏នាងបានឃើញថា ខ្លួននាងអាចផ្តោតអារម្មណ៍ម្តងទៀតនៅពេលដែលនាងបានសិក្សាអំពីព្រះគម្ពីរមរមន ។ នាងបានទទួលពិធីបុណ្យជ្រមុជទឹកនៅ ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ។
មិនយូរប៉ុន្មានក្រោយពីពិធីបុណ្យជ្រមុជទឹករបស់នាង នោះនាងបានទទួលឱកាសដើម្បីតមស្នងសេចក្ដីស្រឡាញ់ដែលនាងបានទទួលតាមរយៈការបម្រើនៅក្នុងអង្គការសមាគមសង្គ្រោះ និង យុវនារី ។ នាងក៏បានបម្រើជាអ្នកផ្សព្វផ្សាយសាសនាសាខា ដោយអញ្ជើញអ្នកដទៃឲ្យទទួលបានមិត្តភាព និងភាពសុខសាន្តដូចដែលនាងបានទទួលនាពេលថ្មីៗនេះផងដែរ ។ លីឌីបាននិយាយថា « ការហៅទាំងអស់នេះបានពង្រឹងខ្ញុំ និងបានជួយខ្ញុំឲ្យរីកចម្រើនទាំងខាងវិញ្ញាណ និងខាងផ្លូវចិត្ត » ។
លីឌីបានក្លាយជាអ្នកផ្សព្វផ្សាយសាសនាស្រីដំបូងគេ ដែលបម្រើនៅបេសកកម្ម គីនស្សាសា នៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ។
នៅពេលសិស្សបានសិក្សារួចរាល់ហើយ សូមឲ្យពួកគេមានឱកាសចែកចាយអ្វីដែលពួកគេបានរៀន ។
សូមអញ្ជើញសិស្សឲ្យសរសេរនូវអ្វីដែលពួកគេបានរៀន ឬបានសិក្សានៅថ្ងៃនេះដែលជួយបង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើជាអ្នកត្រួសត្រាយផ្លូវ ។ ពួកគេក៏អាចសរសេរអំពីរបៀបដែលពួកគេអាចចង់ធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយធ្វើជាអ្នកត្រួសត្រាយផ្លុវសម្រាប់អ្នកដទៃ និងសរសេរពីមូលហេតុផងដែរ ។