« មេរៀនទី ១៤៨—ការបន្តតំណែងនៅក្នុងគណៈប្រធាន ៖ បានជ្រើសរើសដោយព្រះអម្ចាស់ដើម្បីដឹកនាំសាសនាចក្រ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការបន្តតំណែងនៅក្នុងគណៈប្រធាន » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៤៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥–១៣៦
ការបន្តតំណែងនៅក្នុងគណៈប្រធាន
បានជ្រើសរើសដោយព្រះអម្ចាស់ដើម្បីដឹកនាំសាសនាចក្រ
សមាជិកសាសនាចក្រនៅក្នុងសម័យ យ៉ូសែប ស្ម៊ីធ មិនដែលធ្លាប់ឆ្លងកាត់នឹងការស្លាប់របស់ព្យាការីនោះទេ ។ ការធ្វើទុក្ករកម្មដល់ យ៉ូសែប និង ហៃរុម មិនត្រឹមតែជាពេលដ៏លំបាកខាងសតិអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រាដែលមានការច្របូកច្របល់ និងភាពមិនប្រាកដប្រជាអំពីនរណាដែលនឹងដឹកនាំសាសនាចក្រផងដែរ ។ ទោះជាយ៉ាងណា ព្រះអម្ចាស់បានរៀបចំផ្លូវមួយសម្រាប់សាសនាចក្ររបស់ទ្រង់ដើម្បីបន្តនៅក្រោមការដឹកនាំរបស់ព្យាការី ។ មេរៀននេះមានបំណងជួយសិស្សឲ្យបង្កើនទំនុកចិត្តថាព្រះអម្ចាស់នៅតែបន្តដឹកនាំកិច្ចការរបស់ទ្រង់ សូម្បីតែពេលដែលព្យាការីម្នាក់បានទទួលមរណភាពក៏ដោយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អ្នកដឹកនាំថ្មីនៅក្នុងសាសនាចក្រ
ដើម្បីចាប់ផ្តើមថ្នាក់ សូមពិចារណាចែកចាយសាច់រឿងដូចខាងក្រោមនេះ ៖
សូមស្រមៃថាអ្នកមានមិត្តភក្តិម្នាក់ឈ្មោះថា ហ្គាព្រីយ៉ែល ដែលថ្មីៗនេះបានចូលរួមក្នុងសាសនាចក្រជាមួយគ្រួសាររបស់គាត់ ។ បន្ទាប់ពីរៀនថ្នាក់សិក្ខាសាលាចប់នៅថ្ងៃមួយ គាត់សួរសំណួរអ្នកមួយចំនួនអំពីការដឹកនាំក្នុងសាសនាចក្រ ។ គាត់កំពុងឆ្ងល់ថា តើមានអ្វីកើតឡើងនៅពេលដែលប្រធានសាសនាចក្រទទួលមរណភាព និងអំពីរបៀបដែលព្យាការីថ្មីត្រូវបានជ្រើសរើស ។ គាត់ថែមទាំងឆ្ងល់ថាតើយើងប្រាកដថា បុគ្គលនោះគឺជាបុគ្គលត្រឹមត្រូវដើម្បីធ្វើជាព្យាការីដោយរបៀបណា ។
-
នៅលើរង្វាស់ ១ ទៅ ៥ ,១មានកម្រិតទាប និង ៥ មានកម្រិតខ្ពស់ តើអ្នកមានទំនុកចិត្តកម្រិតណាចំពោះសមត្ថភាពរបស់អ្នកក្នុងការឆ្លើយតបទៅនឹងសំណួររបស់ហ្គាព្រីយ៉ែល ?
-
អ្នកគិតថា ហេតុអ្វីវាសំខាន់ដើម្បីយល់អំពីរបៀបដែលការផ្លាស់ប្តូរថ្នាក់ដឹកនាំដំណើរការក្នុងសាសនាចក្រ ?
អ្នកអាចលើកទឹកចិត្តសិស្សឲ្យស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការរៀនសូត្ររបស់ពួកគេ នៅពេលយើងសិក្សាបន្ថែមទៀតអំពីលំនាំដែលព្រះអម្ចាស់បានបង្កើតឡើងសម្រាប់ជ្រើសរើសអ្នកដែលដឹកនាំសាសនាចក្ររបស់ទ្រង់ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកវិវរណៈអំពីមូលហេតុដែលរឿងនេះសំខាន់សម្រាប់ពួកគេ ដើម្បីដឹងនៅពេលនេះនៅក្នុងជីវិតរបស់ពួកគេ ។
តើនរណានឹងមកជំនួសកន្លែងរបស់ យ៉ូសែប ស្ម៊ីធ ?
វាអាចមានអត្ថប្រយោជន៍សម្រាប់សិស្សដើម្បីយល់អំពីបរិបទមួយចំនួន ដែលនាំឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំដំបូងនៅក្នុងសាសនាចក្រ ។ ដើម្បីធ្វើបែបនេះ អ្នកអាចសង្ខេប ឬអានដូចខាងក្រោម ៖
នៅពេលគេធ្វើទុក្ករកម្ម យ៉ូសែប ស្ម៊ីធ សមាជិកនៃសាសនាចក្រមិនដែលធ្លាប់បានឆ្លងកាត់នូវការទទួលមរណភាពរបស់ព្យាការីនោះទេ ។ ក្រៅពីទុក្ខព្រួយដ៏ធំធេងចំពោះមរណភាពរបស់ យ៉ូសែប សមាជិកមួយចំនួនមិនច្បាស់អំពីរបៀបដែលសាសនាចក្រនឹងឈានឆ្ពោះទៅមុខនោះទេ ។ ពួកសាវកភាគច្រើនបានស្ថិតនៅភាគខាងកើតនៃសហរដ្ឋអាមេរិកកំពុងបម្រើបេសកកម្ម នៅពេលដែលពួកគេបានឮអំពីការស្លាប់របស់ យ៉ូសែប និង ហៃរុម ។ នៅពេលដឹងដំណឹងដ៏សោកសៅនោះ ពួកគេ និងអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតបានចាប់ផ្ដើមធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងណៅវូវិញ ។
នៅគ្រាអវត្តមានរបស់ប្រធានសាសនាចក្រ ក៏មានមនុស្សមួយចំនួនតូចបានចេញមុខធ្វើការអះអាងផ្សេងៗគ្នាអំពីអ្វីដែលគួរធ្វើចំពោះការដឹកនាំសាសនាចក្រ ។
សូមពិចារណាអញ្ជើញសិស្សបីនាក់ឲ្យឡើងមកខាងមុខថ្នាក់ ។ អ្នកអាចឲ្យសិស្សម្នាក់ៗអានកថាខណ្ឌមួយក្នុងចំណោមកថាខណ្ឌទាំងបីខាងក្រោមនេះឲ្យឮៗ ។ សម្រាប់ជាព័ត៌មានរបស់អ្នក ដំណើររឿងទីមួយខាងក្រោមសំដៅទៅលើស៊ីឌនី រិកដុន ។ ដំណើររឿងទីពីរគឺសំដៅលើ ព្រិកហាំ យ៉ង់ ។ ដំណើររឿងទីបីគឺសំដៅលើ ជេមស៍ ស្ទ្រាង ។ សូមកុំទាន់បង្ហាញឈ្មោះទាំងនេះទៅសិស្សឡើយ ។
ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ថា លោកបានទទួលការនិមិត្តមួយថា គ្មាននរណាម្នាក់អាចបន្តតំណែងពីយ៉ូសែបបានឡើយ ។ លោកបានស្នើថា លោកគួរតែជា « អ្នកមើលខុសត្រូវ » លើសាសនាចក្រនេះ ។
ប្រធានកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់បានមានប្រសាសន៍ថា យ៉ូសែប ស៊្មីធ បានប្រគល់សិទ្ធិអំណាចរបស់ព្រះអង្គសង្គ្រោះដើម្បីដឹកនាំសាសនាចក្រនេះទៅឲ្យកូរ៉ុមនៃពួកដប់ពីរនាក់ ។
សមាជិកម្នាក់ដែលបានទទួលពិធីបុណ្យជ្រមុជទឹកបួនខែមុនពេលយ៉ូសែបបានទទួលមរណភាព បង្ហាញលិខិតមួយដែលមានហត្ថលេខារបស់ យ៉ូសែប ស្ម៊ីធ ថាបានចាត់គាត់ឲ្យធ្វើជាអ្នកបន្តតំណែងពី យ៉ូសែប ។
-
តើអ្នកគិតថាអ្នកនឹងមានប្រតិកម្មយ៉ាងណាចំពោះព្រឹត្តិការណ៍ទាំងនេះ ប្រសិនបើអ្នកជាសមាជិកសាសនាចក្រក្នុងអំឡុងពេលនេះ ?
-
តើអ្នកអាចមានការព្រួយបារម្ភអ្វីខ្លះអំពីការអះអាងទាំងនេះ ?
ព្រះអម្ចាស់បានបង្កើតឡើងនូវលំនាំមួយ
សូមពិចារណាអញ្ជើញសិស្សឲ្យស្វែងរកបទគម្ពីរ សេចក្ដីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ និងប្រភពដែលបានតែងតាំងដ៏ទេវភាពផ្សេងទៀតអំពីរបៀបដែលយើងអាចដឹងថាព្យាការីគឺជាអ្នកបម្រើដែលបានជ្រើសរើសរបស់ព្រះអម្ចាស់ ។ ដោយជាផ្នែកមួយនៃការសិក្សារបស់ពួកគេ សូមអញ្ជើញសិស្សឲ្យប្រើសំណៅចែកខាងក្រោមនេះដើម្បីរៀនអំពីរបៀបដែលពួកបរិសុទ្ធបានដឹងថាបន្ទាប់ពី យ៉ូសែប ស្ម៊ីធ តើនរណាដែលត្រូវដើរតាម ៖
តើនរណាដែលត្រូវដើរតាមបន្ទាប់ពី យ៉ូសែប ស្ម៊ីធ
មុនពេលលោកទទួលមរណភាព ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនទៅកាន់កូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់ដូចតទៅនេះ ៖
ឱ បងប្អូនប្រុស … រឿងសំខាន់ [ មួយចំនួន ]គឺជិតកើតឡើងហើយ ។ ប្រហែលជាសត្រូវរបស់ខ្ញុំនឹងសម្លាប់ខ្ញុំហើយ ។ ហើយក្នុងករណីដែលពួកគេសម្លាប់ខ្ញុំ ហើយកូនសោ និងអំណាចដែលខ្ញុំមានមិនបានប្រគល់ដល់បងប្អូនទេ នោះវានឹងត្រូវបាត់បង់ពីផែនដីនេះជាប្រាកដ ។ ប៉ុន្ដែបើខ្ញុំអាចប្រគល់កូនសោ និងអំណាចទាំងនោះដោយការដាក់ដៃនៅលើក្បាលរបស់បងប្អូន នោះសូមឲ្យខ្ញុំក្លាយជាជនរងគ្រោះដោយដៃឃាតករចុះប្រសិនបើព្រះនឹងបណ្ដោយឲ្យវាកើតឡើង នោះខ្ញុំអាចទៅដោយក្ដីរីករាយ និងស្ងប់ចិត្តដោយដឹងថា កិច្ចការរបស់ខ្ញុំបានបញ្ចប់ ហើយគ្រឹះដែលបានរៀបចំឡើងសម្រាប់នគរព្រះត្រូវបានជួយឲ្យលូតលាស់នៅគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់នេះ ។
នៅលើស្មារបស់ពួកដប់ពីរនាក់មាននូវការទទួលខុសត្រូវក្នុងការដឹកនាំសាសនាចក្រនេះរហូតដល់បងប្អូននឹងតែងតាំងអ្នកផ្សេងទៀតឲ្យស្នងពីបងប្អូន ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ]ទំព័រ ៥៣៣–៥៣៤ )
យ៉ូសែប ស្ម៊ីធ ក៏បានបង្រៀនផងដែរថា គណៈប្រធានទីមួយគឺជាក្រុមតែមួយគត់មើលខុសត្រូវលើកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់ ប៉ុន្តែនៅពេលព្យាការីទទួលមរណភាព នោះគណៈប្រធានទីមួយនឹងត្រូវរំសាយ ( សូមមើល History, 1838–1856 [Manuscript History of the Church], volume B-1 ទំព័រ ៦៩១ នៅលើគេហទំព័រ josephsmithpapers.org ) ។
-
ចេញពីអ្វីដែលអ្នកបានរៀន តើអ្វីទៅដែលនឹងជួយអ្នកឲ្យឆ្លើយតបចំពោះការអះអាងទាំងបីដែលបានធ្វើឡើងមុននេះ ?
-
តើព្រះអម្ចាស់បានបង្កើតលំនាំអ្វីខ្លះសម្រាប់ការបន្តភាពជាអ្នកដឹកនាំនៃសាសនាចក្ររបស់ទ្រង់ពេលព្យាការីទទួលមរណភាព ?
នៅពេលព្រិកហាំ យ៉ង់ បានថ្លែងទៅកាន់ពួកបរិសុទ្ធនៅក្នុងការប្រជុំដ៏ធំមួយ មានមនុស្សជាច្រើនបានកត់ត្រាបទពិសោធន៍ដ៏អស្ចារ្យមួយ និងទទួលអារម្មណ៍ពីការបញ្ជាក់មកពីព្រះវិញ្ញាណបរិសុទ្ធ ។
ប្រធានចច ឃ្យូ ខានុន ( ឆ្នាំ ១៨២៧–ឆ្នាំ ១៩០១ ) ដែលក្រោយមកបានបម្រើនៅក្នុងគណៈប្រធានទីមួយបានចែកចាយ ៖
ព្រិកហាំ យ៉ង់ … បានក្រោកឡើង ហើយបានថ្លែងទៅកាន់សមាជិកទាំងឡាយ ។ … មនុស្សដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះមិនអាចភ្លេចពីអារម្មណ៍ដែលពួកគេមានបានឡើយ ! ប្រសិនបើយ៉ូសែបបានរស់ឡើងវិញពីសេចក្តីស្លាប់ ហើយនិយាយទៅកាន់ពួកគេម្តងទៀត ឥទ្ធិពលនេះមិនអាចធ្វើឲ្យភ្ញាក់ផ្អើលជាងអ្វីដែលមនុស្សជាច្រើនបានដកពិសោធន៍នៅក្នុងការប្រជុំនោះឡើយ ។ វាគឺជាសំឡេងរបស់យ៉ូសែបផ្ទាល់ ហើយមិនត្រឹមតែ ប៉ុណ្ណោះទេ ប៉ុន្តែវាហាក់ដូចជាពួកគេបានឃើញយ៉ូសែបឈរនៅចំពោះមុខពួកគេដូច្នោះដែរ ។ ព្រឹត្តិការណ៍ដែលកាន់តែពិសេស និងអស្ចារ្យនៅថ្ងៃនោះនៅក្នុងវត្តមាននៃក្រុមជំនុំនោះគឺយើងមិនធ្លាប់បានឮពីមុនឡើយ ។ ព្រះអម្ចាស់បានប្រទានទីបន្ទាល់ដ៏ច្បាស់លាស់មួយដល់រាស្ត្ររស់អំពីបុរសដែលទ្រង់បានជ្រើសរើសឲ្យដឹកនាំពួកគេ ។ ពួកគេទាំងពីរនាក់បានមើលឃើញផ្ទាល់នឹងភ្នែក ហើយស្តាប់ឮផ្ទាល់នឹងត្រចៀក ហើយបន្ទាប់មកបន្ទូលដែលត្រូវបានបន្លឺឡើងអមដោយអំណាចដ៏គួរឲ្យជឿរបស់ព្រះបានចាក់ចូលដួងចិត្តរបស់ពួកគេ ហើយពួកគេបានពោរពេញទៅដោយព្រះវិញ្ញាណ និងដោយអំណរដ៏អស្ចារ្យ ។ ប្រហែលជាមាននូវភាពអាប់អួ ព្រមទាំងការសង្ស័យ និងភាពមិនប្រាកដប្រជានៅក្នុងដួងចិត្តមនុស្សមួយចំនួន ប៉ុន្តែឥឡូវនេះវាមានភាពច្បាស់ណាស់ចំពោះមនុស្សទាំងអស់នៅទីនេះអំពីបុរសដែលព្រះអម្ចាស់បានប្រទានសិទ្ធិអំណាចចាំបាច់ដើម្បីធ្វើសកម្មភាពនៅក្នុងចំណោមពួកគេជំនួសឲ្យយ៉ូសែប ( ចច ឃ្យូ ខានុន « Joseph Smith, the Prophet » Juvenile Instructor ខែ តុលា ឆ្នាំ ១៨៧០ ទំព័រ ១៧៤–១៧៥ ) ។
អេមីលី ស្ម៊ីធ ហយ ជាសមាជិកម្នាក់ដែលមានវត្តមាននៅពេល ព្រិកហាំ យ៉ង់បានថ្លែងសុន្ទរកថាទៅកាន់ពួកបរិសុទ្ធបានកត់ត្រាដូចតទៅនេះ ៖
របៀបនៃការវែកញែក ការបង្ហាញទឹកមុខ សំឡេងនោះបានធ្វើឲ្យព្រលឹងខ្ញុំទាំងមូលរំភើប ។ ភ្នែករបស់ខ្ញុំផ្ទាល់បានមើលឃើញរូបកាយរបស់យ៉ូសែបដែលត្រូវបានគេសម្លាប់ ។ ខ្ញុំបានប៉ះថ្ងាសដ៏ត្រជាក់របស់លោក ដែលជាមនុស្សគួរឲ្យគោរព ពេលគេសម្លាប់លោក ។ ខ្ញុំបានដឹងថា យ៉ូសែបបានស្លាប់ហើយ ។ ហើយជាញឹកញាប់ខ្ញុំបានស្រឡាំងកាំង ហើយមើលទៅវេទិកាទាំងមិនដឹងខ្លួនដើម្បីមើលឃើញថា នោះពិតជាយ៉ូសែបមែន ។ តាមពិតវាមិនមែនទេ ប៉ុន្តែគឺជាព្រិកហាំ យ៉ង់ ហើយប្រសិនបើនរណាម្នាក់សង្ស័យពីសិទ្ធិរបស់ព្រិកហាំក្នុងការគ្រប់គ្រងកិច្ចការសម្រាប់ពួកបរិសុទ្ធ នោះខ្ញុំត្រូវនិយាយទៅកាន់ពួកគេដូចនេះ ។ សូមទទួលព្រះវិញ្ញាណនៃព្រះ ហើយដឹងដោយខ្លួនឯង ។ The Lord will provide for his own (Emily Smith Hoyt, in Lynne W. Jorgensen, « The Mantle of the Prophet Joseph Passes to Brother Brigham: A Collective Spiritual Witness » BYU Studies វ៉ុល ៣៦ លេខ ៤ [ ឆ្នាំ ១៩៩៦–ឆ្នាំ ១៩៩៧ ] ទំព័រ ១៦៤ ) ។
-
ប្រសិនបើអ្នកនៅទីនោះ តើបទពិសោធន៍នេះអាចប៉ះពាល់ដល់អ្នកយ៉ាងដូចម្ដេច ?
-
តើ មរ៉ូណៃ ១០:៥ អាចទាក់ទងទៅនឹងអ្វីដែលអ្នកបានសិក្សាយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀនមកពីការសិក្សារបស់ពួកគេ ។ សូមប្រាកដថាសិស្សយល់ថា នៅពេលដែលប្រធានសាសនាចក្របានទទួលមរណភាព នោះគណៈប្រធានទីមួយត្រូវបានរំសាយ ហើយកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់ដឹកនាំសាសនាចក្រ ។ សូមជួយសិស្សឲ្យយល់ថាសាវកដែលបម្រើនៅក្នុងគណៈប្រធានទីមួយត្រឡប់ទៅតាមលេខរៀងជារៀមច្បងរបស់ពួកលោកវិញនៅក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ។ សូមប្រាកដថាសិស្សក៏យល់ដែរថា ពួកសាវកដែលបានបម្រើយូរជាងគេគឺជាប្រធានកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់ ហើយជាលទ្ធផលលោកនឹងក្លាយជាប្រធាននៃនៃសាសនាចក្របន្ទាប់ ។
សិស្សក៏អាចសម្គាល់ឃើញថាតាមរយៈព្រះវិញ្ញាណបរិសុទ្ធយើងអាចទទួលបានសាក្សីមួយថា អ្នកដែលដឹកនាំសាសនាចក្រត្រូវបានហៅមកពីព្រះ ។
-
តើយើងអាចធ្វើអ្វីខ្លះ ឬតើអ្នកបានធ្វើអ្វីខ្លះដើម្បីទទួលបានសាក្សីខាងវិញ្ញាណថាព្យាការីរបស់យើងត្រូវបានជ្រើសរើសដោយព្រះអម្ចាស់ដើម្បីដឹកនាំសាសនាចក្ររបស់ទ្រង់ ?
ដើម្បីបញ្ចប់មេរៀន សូមពិចារណាអនុញ្ញាតឲ្យសិស្សប្រើអ្វីដែលពួកគេបានរៀនដើម្បីឆ្លើយតបទៅនឹងសាច់រឿងនៅដើមមេរៀននេះ ។ វិធីមួយដើម្បីធ្វើបែបនេះគឺត្រូវឲ្យសិស្សសម្ដែងជាដៃគូ ។ ជាផ្នែកមួយនៃចម្លើយរបស់ពួកគេ អ្នកអាចលើកទឹកចិត្តសិស្សឲ្យដាក់បញ្ចូលសាក្សីផ្ទាល់ខ្លួនរបស់ពួកគេថា ព្យាការីគឺជាថ្នាក់ដឹកនាំរបស់ព្រះអម្ចាស់ដែលបានជ្រើសរើស ។