« មេរៀនទី ១៤៩—គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៦ ៖ ការធ្វើដំណើរឆ្ពោះទៅទិសខាងលិច ៖ ការធ្វើដំណើរនៃសេចក្តីសញ្ញាទៅកាន់ជ្រលងភ្នំ សលត៍ លេក » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៦ ៖ ការធ្វើដំណើរឆ្ពោះទៅទិសខាងលិច » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៤៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥–១៣៦
គោលលិទ្ធ និងសេចក្តីសញ្ញា ១៣៦ ៖ ការធ្វើដំណើរឆ្ពោះទៅទិសខាងលិច
ការធ្វើដំណើរទៅកាន់ជ្រលងភ្នំ សលត៍ លេក
នៅខែ កុម្ភៈ ឆ្នាំ ១៨៤៦ ពួកបរិសុទ្ធថ្ងៃចុងក្រោយក្រុមដំបូងបានចាកចេញពីណៅវូ ហើយបានធ្វើដំណើរសំដៅទៅកាន់ដែនដីដែលមិនធ្លាប់បានស្គាល់នេះនៅភាគខាងលិច ។ នៅ វិនទើរ ខួរទើរ្ស នេប្រាស្កា ប្រធាន ព្រិកហាំ យ៉ង់ បានទទួលនូវអ្វីដែលឥឡូវនេះជា គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៦ ។ នៅក្នុងវិវរណៈនេះ ព្រះអង្គសង្គ្រោះបានសន្យាថានឹងប្រទានពរដល់ពួកបរិសុទ្ធ នៅពេលពួកគេរក្សាសេចក្ដីសញ្ញារបស់ពួកគេដោយស្មោះត្រង់ នៅពេលពួកគេធ្វើដំណើរទៅភាគខាងលិចនោះ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ថាព្រះវរបិតាសួគ៌នឹងប្រទានពរដល់ពួកគេ នៅពេលដែលពួកគេព្យាយាមរក្សាសេចក្ដីសញ្ញារបស់ពួកគេដើម្បីគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការធ្វើដំណើរដ៏វែងឆ្ងាយ និងដ៏លំបាក
ដើម្បីចាប់ផ្ដើមថ្នាក់ សូមបង្ហាញរូបភាពរទេះដែលគ្របជិត និងផែនទីផ្លូវរបស់អ្នកត្រួសត្រាយផ្លូវ ។ សូមអញ្ជើញសិស្សឲ្យស្រមៃថា ពួកគេនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើពួកគេធ្វើដំណើរដូចពួកបរិសុទ្ធធ្វើដំណើរនៅជំនាន់មុន ។ អ្នកអាចអាន ឬសង្ខេបកថាខណ្ឌខាងក្រោមនេះដើម្បីជួយសិស្សឲ្យយល់អំពីអ្វីដែលពួកបរិសុទ្ធពីដើមបានលះបង់ ដើម្បីគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ក្នុងការធ្វើដំណើរទៅទិសខាងលិច ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយជាង ៦០,០០០ នាក់ បានធ្វើដំណើរដោយរទេះកង់បួនមានដំបូល ឬរទេះអូសដៃចេញពីណៅវូទៅកាន់ជ្រលងភ្នំ សលត៍ លេក នៅចន្លោះ ឆ្នាំ ១៨៤៦ និងឆ្នាំ ១៨៦៨ ។ ក្រុមគ្រួសារជាច្រើនបានប្រមូលតែរបស់របរដែលអាចដាក់ចុះនៅក្នុងរទេះកង់បួនមានដំបូល ឬរទេះអូសដៃតែប៉ុណ្ណោះ ។ អ្វីៗផ្សេងទៀតត្រូវបានទុកចោល ។ រទេះទាំងនោះគ្មានកន្លែងសម្រាប់អ្នកដំណើរជិះនោះទេ លើកតែពួកគេឈឺ ឬមានរបួសប៉ុណ្ណោះ ។ គ្រួសារភាគច្រើនត្រូវដើរចម្ងាយ ១,២០០ ម៉ាយល៍ ( ១,៩០០ គីឡូម៉ែត្រ ) ពីទីក្រុងណៅវូទៅកាន់ជ្រលងភ្នំ សលត៍ លេក ។
ចំពោះសេចក្តីយោង សូមពិចារណាបង្ហាញពីផែនទីតំបន់របស់អ្នក ហើយគូសចំណាំទីតាំងមួយដែលមានចម្ងាយ ១,២០០ ម៉ៃល៍ ( ១,៩០០ គីឡូម៉ែត្រ ) ។
-
តើអ្នកមានការព្រួយបារម្មណ៍អ្វីខ្លះអំពីការធ្វើដំណើរនេះ ?
-
តើព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យស៊ូទ្រាំនឹងការធ្វើដំណើរបែបនេះយ៉ាងដូចម្ដេច ? តើអ្នកអាចធ្វើសកម្មភាពដោយសេចក្ដីជំនឿចំពោះទ្រង់បានយ៉ាងដូចម្ដេចពេលអ្នកធ្វើដំណើរ ?
អ្នកអាចសួរសិស្សអំពីរបៀបដែលការធ្វើដំណើរផ្ទាល់ខ្លួនរបស់យើងម្នាក់ៗនៅក្នុងជីវិតអាចស្រដៀងគ្នាទៅនឹងការធ្វើដំណើរទៅទិសខាងលិចរបស់ពួកបរិសុទ្ធដែលជាអ្នកត្រួសត្រាយផ្លូវ ។ ដើម្បីបន្ថែមទៅនឹងការឆ្លើយតបរបស់សិស្ស សូមផ្តល់សេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះមកពីប្រធាន អិម រ័សុល បាឡឺដ ៖
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ថ្វីបើវាជារឿងសមរម្យ និងសំខាន់ដើម្បីចងចាំអំពីការធ្វើដំណើររបស់ពួកត្រួសត្រាយផ្លូវមរមនដ៏ក្លាហានក្នុងសតវត្សរ៍ទី ១៩ ក្តី យើងត្រូវចងចាំថា « ការធ្វើដំណើរឆ្លងកាត់ជីវិតមានបន្តទៅមុខទៀត ! » សម្រាប់យើងម្នាក់ៗពេលយើងបង្ហាញ « សេចក្តីជំនឿក្នុងគ្រប់ជំហានទាំងអស់ » ។…
ការធ្វើដំណើរត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌របស់យើង គឺជាការធ្វើដំណើរដ៏សំខាន់បំផុតនៃជីវិតរបស់យើង ហើយវាបន្តទៅមុខរៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ រៀងរាល់ខែ និងរៀងរាល់ឆ្នាំ នៅពេលយើងបង្កើនសេចក្តីជំនឿរបស់យើងលើទ្រង់ និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។…
សូមបន្តដើរលើផ្លូវដំណឹងល្អដោយមាន « សេចក្តីជំនឿក្នុងគ្រប់ជំហានទាំងអស់ » ដើម្បីយើងអាចត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះវរបិតាសួគ៌ និងព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយសុវត្ថិភាព ។ ( អិម រ័សុល បាឡឺដ « The Trek Continues! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១០៥–១០៦ ) ។
-
តើអ្វីដែលអ្នកចាប់អារម្មណ៍ជាងគេចំពោះអ្នក ចេញពីការបង្រៀនរបស់ប្រធាន បាឡឺដ ?
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមជញ្ជឹងគិតអំពីរបៀបដែលដំណើរជីវិតរបស់អ្នកកំពុងដំណើរការ ។ តើខ្ញុំអាចកាន់តែខិតទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើអ្នកបានឃើញជំនួយរបស់ទ្រង់ទាំងទ្វរក្នុងដំណើរនេះដោយរបៀបណា ? សូមពិចារណាប្រកបដោយការអធិស្ឋានអំពីរបៀបដែលអ្នកមានអារម្មណ៍ថា អ្នកកំពុងរីកចម្រើន និងរបៀបដែលអ្នកអាចនឹងកំពុងជួបការលំបាក ។
សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកការណែនាំពីព្រះវិញ្ញាណ ដើម្បីជួយពួកគេឲ្យយល់អំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានពរដល់ពួកគេនៅថ្ងៃនេះ ហើយអាចបន្តប្រទានពរដល់ពួកគេផ្ទាល់ក្នុងដំណើររបស់ពួកគេ ។
ព្រះបន្ទូល និងព្រះហឫទ័យនៃព្រះអម្ចាស់
អ្នកអាចអាន ឬសង្ខេបកថាខណ្ឌខាងក្រោមនេះដើម្បីផ្ដល់បរិបទប្រវត្តិសាស្ត្រដល់ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៦ ។ អ្នកក៏អាចសុំឲ្យសិស្សស្វែងរក វិនទើរ ខួរទើរ្ស នៅលើផែនទីនេះបានផងដែរ ។
បន្ទាប់ពីការធ្វើដំណើរដ៏វែង និងដ៏លំបាកមួយឆ្លងកាត់រដ្ឋអាយអូវ៉ា ពួកបរិសុទ្ធបានរកឃើញជម្រកបណ្តោះអាសន្ននៅកន្លែងមួយដែលពួកគេបានដាក់ឈ្មោះថា វិនទើរ ខួរទើរ្ស នៅក្នុងរដ្ឋនេប្រាស្កា ។ ដោយមិនបានត្រៀមខ្លួនសម្រាប់រដូវរងារនៅទីនោះ ពួកបរិសុទ្ធបានឆ្លងកាត់នូវការស្រេកឃ្លាន មានជំងឺ និងស្លាប់ ដែលជាសាកល្បងកម្លាំង និងការស៊ូទ្រាំរបស់ពួកគេ ។ នៅ វិនទើរ ខួរទើរ្ស នៅក្នុងខែ មករា ឆ្នាំ ១៨៤៧ ដែលប្រធាន ព្រិកហាំ យ៉ង់ បានទទួលនូវអ្វីដែលឥឡូវនេះជា គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៦ ។ នៅក្នុងវិវរណៈនេះ ព្រះអង្គសង្គ្រោះបានបង្គាប់ពួកបរិសុទ្ធអំពីរបៀបរៀបចំ និងការបន្តដំណើររបស់ពួកគេនៅភាគខាងលិច ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៦:១–១១ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបានបង្គាប់ឲ្យពួកបរិសុទ្ធធ្វើនៅពេលពួកគេធ្វើដំណើរទៅភាគខាងលិច ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះចេញមកពីខគម្ពីរទាំងនេះ ?
សូមស្តាប់ចម្លើយរបស់សិស្សដោយយកចិត្តទុកដាក់ ។ បើមានអត្ថប្រយោជន៍ សូមសួរសំណួរមួយចំនួនដូចខាងក្រោមនេះ ៖ « នៅក្នុង ខទី ២ និង ៤ តើព្រះអង្គសង្រ្គោះបានបង្រៀនពួកបរិសុទ្ធអំពីការធ្វើ និងរក្សាសេចក្ដីសញ្ញារបស់ពួកគេអ្វីខ្លះ ? » « តើពួកបរិសុទ្ធត្រូវថែរក្សាគ្នាទៅវិញទៅមក និងអស់អ្នកដែលធ្វើដំណើរមកពីក្រោយគេដោយរបៀបណា ? » « យោងទៅតាម ខទី ១១ តើពរជ័យអ្វីខ្លះដែលព្រះអង្គសង្គ្រោះបានសន្យា ប្រសិនបើពួកបរិសុទ្ធនឹងធ្វើ និងរក្សាសេចក្តីសញ្ញារបស់ពួកគេពេញមួយការធ្វើដំណើរនេះ ? »
សូមជួយសិស្សឲ្យស្វែងរកសេចក្ដីពិតដែលថា នៅពេលយើងគោរពសេចក្ដីសញ្ញារបស់យើងក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ នោះទ្រង់នឹងប្រទានពរដល់យើងគ្រប់យ៉ាង ។
សូមអាន ម៉ូសាយ ១៨:៨–១០ និង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៧ ដោយរកមើលភាពស្រដៀងគ្នាណាមួយជាមួយនឹងសេចក្ដីសញ្ញាដែលយើងធ្វើនៅក្នុងពិធីបុណ្យជ្រមុជទឹក និងនៅក្នុងពិធីសាក្រាម៉ង់ ។
សេចក្តីជំនឿនៅក្នុងគ្រប់ជំហាន
សម្រាប់ផ្នែកបន្ទាប់នៃមេរៀននេះ សូមពិចារណាអំពីការរៀបចំសិស្សឲ្យចូលទៅក្នុង « ក្រុមអ្នកត្រួសត្រាយ » ។ អ្នកអាចរៀបចំតុ ឬកៅអីដាក់ជារង្វង់សម្រាប់ក្រុមទាំងឡាយដើម្បីពិភាក្សាអំពីខគម្ពីរ និងសំណួរជាមួយគ្នា ។ ក្រុមនីមួយៗអាចជ្រើសរើស « ប្រធាន » ដើម្បីរាយការណ៍ទៅសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេមានអារម្មណ៍ថាមានអត្ថន័យចេញមកពីការពិភាក្សារបស់ពួកគេ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៦:១៩–២៩ ហើយគូសសម្គាល់ព្រះបញ្ញត្តិទាំងឡាយដែលព្រះអង្គសង្គ្រោះបានប្រទានដល់ពួកបរិសុទ្ធនៅពេលពួកគេធ្វើដំណើរទៅទិសខាងលិច ។ ជ្រើសរើសព្រះបញ្ញត្តិមួយចំនួនដែលលេចធ្លោចំពោះអ្នក ។
-
ហេតុអ្វីព្រះបញ្ញត្តិដែលអ្នកបានជ្រើសរើសមានសារៈសំខាន់សម្រាប់ក្រុមអ្នកត្រួសត្រាយផ្លូវដើម្បីធ្វើតាម ?
-
តើការគោរពព្រះបញ្ញត្តិដូចគ្នានេះអាចជួយយើងយ៉ាងដូចម្ដេច ?
-
តើព្រះអម្ចាស់អាចប្រទានពរជ័យអ្វីខ្លះដល់យើងចំពោះការគោរពព្រះបញ្ញត្តិទាំងនោះនៅសព្វថ្ងៃនេះ ?
សិស្សអាចសិក្សាអំពីដំណើររឿងអ្នកត្រួសត្រាយផ្លូវខាងក្រោមនេះ ហើយពិភាក្សាអំពីសំណួរដូចខាងក្រោមជាក្រុម ឬក្នុងថ្នាក់រៀន ។ ប្រសិនបើធ្វើនៅក្នុងក្រុម ត្រូវប្រាកដថាសិស្សមានការណែនាំ និងសំណួរទាំងអស់ដែលពួកគេនឹងត្រូវការ ហើយអ្នកដឹកនាំក្រុមដឹងថាពួកគេនឹងរាយការណ៍អំពីចំណុចសំខាន់ៗនៃការពិភាក្សា ឬអាចប្រគល់ជូនសមាជិកក្រុមផ្សេងទៀតដើម្បីរាយការណ៍ ។
ពួកបរិសុទ្ធបានធ្វើដំណើររាប់ពាន់ម៉ាយល៍ដោយការគោរព « ទៅឯកន្លែងដែលព្រះអម្ចាស់ ទ្រង់នឹងតាំងស្តេកនៃស៊ីយ៉ូន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៦:១០ ) ។ ដើម្បីជួយសិស្សឲ្យយល់អំពីរបៀបមួយចំនួនដែលព្រះអម្ចាស់បានប្រទានពរដល់អ្នកត្រួសត្រាយផ្លូវ នៅពេលដែលពួកគេព្យាយាមរក្សាសេចក្ដីសញ្ញារបស់ពួកគេដើម្បីគោរពតាមព្រះអម្ចាស់ អ្នកអាចធ្វើកិច្ចការមួយក្នុងចំណោមកិច្ចការដូចខាងក្រោមនេះ ៖
-
សូមអញ្ជើញសិស្សឲ្យជ្រើសរើសដំណើររឿងនៃដំណើររបស់អ្នកត្រួសត្រាយផ្លូវទៅកាន់ជ្រលងភ្នំ សលត៍ លេកដែលគេចូលចិត្ត ដើម្បីចែករំលែកជាមួយក្រុមរបស់ពួកគេ ។
-
ផ្តល់ជម្រើសរឿងមកពី Saints: The Story of the Church of Jesus Christ in the Latter Days vol. 2 No Unhallowed Hand ឆ្នាំ ១៨៤៦–១៨៩៣ ( ឆ្នាំ ២០២០ ) ទំព័រ ៥៨–៩៦ និងមកពី « Pioneers » ឬ « The Trek West » នៅលើគេហទំព័រ ChurchofJesusChrist.org ដែលសិស្សអាចអាននៅក្នុងក្រុមរបស់ពួកគេ ។
-
សូមបង្ហាញវីដេអូ « Watched Over by God: Elizabeth Panting’s Journey to Zion » ចាប់ពីនាទីទី ៧:៤៧ ដល់នាទីទី ១១:១៦ ដំណើររឿងអំពីអព្ភូតហេតុមួយនៅក្នុងដំណើររបស់អ្នកត្រួសត្រាយផ្លូវ ។
-
តើរឿងអ្នកត្រួសត្រាយផ្លូវនេះបង្ហាញអំពីពរជ័យរបស់ព្រះអម្ចាស់នៅពេលយើងខិតខំគោរពបទបញ្ញត្តិរបស់ទ្រង់ដោយរបៀបណា ?
-
តើរឿងនេះអាចជួយក្មេងជំទង់នៅសម័យនេះនៅពេលដែលពួកគេចុះសេចក្តីសញ្ញាដើម្បីគោរពបទបញ្ញត្តិរបស់ព្រះដោយរបៀបណា ?
មេរៀននៃដំណើររបស់អ្នកត្រួសត្រាយផ្លូវ
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលព្រះវរបិតាសួគ៌បានប្រទានពរដល់ពួកគេនៅក្នុងដំណើរជីវិតរបស់ពួកគេនៅពេលពួកគេគោរពបទបញ្ញត្តិរបស់ទ្រង់ ។ សូមសួរថាតើសិស្សណាម្នាក់ចង់ចែកចាយបទពិសោធន៍របស់ខ្លួនដែរឬទេ ។ សូមពិចារណាចែកចាយបទពិសោធន៍របស់អ្នកផងដែរ ។
សូមអញ្ជើញសិស្សទាំងអស់ឲ្យសរសេរនូវអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ដែលពួកគេអាចចែកចាយជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ ។ សិស្សអាចដាក់បញ្ចូលអំពីរបៀបដែលដំណើររឿងរបស់អ្នកត្រួសត្រាយអាចជួយយើងឲ្យមានភាពស្មោះត្រង់ ចំពោះសេចក្ដីសញ្ញារបស់យើងដើម្បីគោរពបទបញ្ញត្តិរបស់ព្រះអម្ចាស់នៅថ្ងៃនេះ និងរបៀបដែលព្រះអម្ចាស់នឹងប្រទានពរដល់យើងក្នុងកិច្ចខិតខំរបស់យើង ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនជាមួយគ្រួសារ ឬមិត្តភក្តិនៅក្រៅថ្នាក់រៀន ។