« មេរៀនទី ១០៣—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១១៧–១៤១ ៖ ចូរស្វែងរកការរៀនសូត្រដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៧–១៤១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១០៣ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៧៦–៨០, ១១៧–១៤១
ចូរស្វែងរកការរៀនសូត្រដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង
នៅក្នុងផ្នែកនេះនៃ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨ ព្រះអម្ចាស់បានបើកសម្តែងគោលការណ៍នៃការរៀនសូត្រ និងបានបង្គាប់ យ៉ូសែប ស្ម៊ីធ និងអ្នកដទៃទៀតឲ្យរៀបចំសាលារបស់ពួកព្យាការី ។ អស់អ្នកដែលចូលរៀននៅក្នុងសាលានេះគឺត្រូវស្វែងរកប្រាជ្ញា « ចេញពីសៀវភៅដ៏ល្អៗបំផុត » និងរៀនជាមួយគ្នា « ចូរស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ ) ។ មេរៀននេះអាចជួយសិស្សឲ្យរៀនដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទនៅក្នុងស្ថានភាពផ្សេងៗ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យខ្ញុំរៀន
ដើម្បីចាប់ផ្ដើមមេរៀននេះ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយមុខវិជ្ជានៅសាលាដែលពួកគេចូលចិត្ត ឬសង្ខេបខ្លីៗនូវប្រធានបទមួយដែលពួកគេចូលចិត្តរៀនអំពីមុខវិជ្ជានោះ ។ ប្រសិនបើចាំបាច់សូមពន្យល់ថា ការអប់រំខាងលោកិយសំដៅទៅលើការរៀនសូត្រដែលមិនទាក់ទងទៅនឹងខាងសាសនាឡើយ ។
-
ហេតុអ្វីវាសំខាន់ដើម្បីទទួលបានចំណេះដឹងទាំងខាងលោកិយ និងខាងវិញ្ញាណនៅក្នុងជីវិតរបស់យើង ?
-
តើការរៀនមុខវិជ្ជាសាលាដូចជាគណិតវិទ្យា ឬវិទ្យាសាស្ត្រអាចខុសពីការសិក្សាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? តើវាអាចដូចគ្នាយ៉ាងដូចម្ដេច ?
នៅខែ មករា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ និងពួកអ្នកកាន់បព្វជិតភាពផ្សេងទៀតដែលរស់នៅក្នុងទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ បានធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ក្នុងការរៀបចំសាលាមួយឈ្មោះថា សាលារបស់ពួកព្យាការី ។ នៅរដូវរងាឆ្នាំ ១៨៣៣ សមាជិកនៃសាលានេះបានជួបប្រជុំនៅបន្ទប់ខាងលើក្នុងហាង នូវល ខេ វិតនី ។ ក្រោយមក ពួកលោកបានជួបគ្នានៅការិយាល័យបោះពុម្ពរបស់សាសនាចក្រ និងព្រះវិហារបរិសុទ្ធ ខឺតឡង់ ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៧៧–៨០ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យពួកអ្នកកាន់បព្វជិតភាពទាំងនេះធ្វើការសិក្សា ។
អ្នកអាចសរសេរមុខវិជ្ជាជាច្រើននៅលើក្ដារខៀន ដូចជា វិសកម្មភូមិសាស្រ្ត ប្រវត្តិសាស្ត្រ តារាសាស្ត្រ នយោបាយ និងភូមិសាស្ត្រ ហើយឲ្យសិស្សឲ្យនិយមន័យពាក្យ ឬឃ្លាដែលសំដៅលើមុខវិជ្ជាទាំងនេះ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
យោងតាម ខទី ៨០ ហេតុអ្វីបានជាព្រះអម្ចាស់បានណែនាំបុរសទាំងនេះឲ្យសិក្សាមុខវិជ្ជាទាំងនេះឲ្យបានទូលំទូលាយបែបនេះ ។
-
តើការរៀនការណ៍ទាំងនេះអាចជួយយើងរៀបចំខ្លួនបម្រើព្រះអម្ចាស់តាមរបៀបណាខ្លះ ?
សូមចែកចាយជាមួយសិស្សថា មេរៀនដែលនៅសេសសល់នឹងផ្ដោតលើគោលការណ៍នៃការរៀនសូត្រដែលអាចពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ហើយរៀបចំពួកគេដើម្បីបម្រើទ្រង់កាន់តែប្រសើរឡើង ។ អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យស្វែងរកវិវរណៈផ្ទាល់ខ្លួនទាក់ទងនឹងអ្វីដែលពួកគេអាចធ្វើដើម្បីរីកចម្រើននៅក្នុងសេចក្ដីជំនឿ និងការរៀនសូត្ររបស់ពួកគេ ។
ចូរស្វែងរកការរៀនសូត្រដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១១៨ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ ដោយរកមើលនូវរបៀបដែលយើងត្រូវតែស្វែងរកការរៀនសូត្រ ។
បន្ទាប់ពីសិស្សស្រាវជ្រាវវគ្គបទគម្ពីរហើយ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលព្រះអម្ចាស់បានបើកសម្ដែងអំពីការរៀនសូត្រ ។ ការឆ្លើយតបអាចរួមបញ្ចូលការស្វែងរកដោយឧស្សាហ៍ព្យាយាម ការបង្រៀនគ្នាទៅវិញទៅមក ការស្វែងរកប្រាជ្ញាចេញពីសៀវភៅដ៏ល្អបំផុត និងការស្វែងរកការរៀនសូត្រដោយការសិក្សា និងសេចក្តីជំនឿ ។
-
តើខគម្ពីរនេះបង្រៀនអ្វីខ្លះអំពីការរៀនសូត្រ ?
-
តើយើងរៀនអ្វីខ្លះអំពីរបៀបបង្កើនសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ?
បើចាំបាច់អ្នកអាចលើកឡើងថានៅខាងដើមនៃ ខទី ១១៨ ព្រះអម្ចាស់បានបង្ហាញថា មានមនុស្សដែលខ្វះសេចក្តីជំនឿ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យចែកចាយសេចក្តីណែនាំច្បាស់លាស់ដែលព្រះអម្ចាស់បានប្រទានមកដើម្បីជួយដល់អ្នកដែលខ្វះសេចក្តីជំនឿ ។
ខាងក្រោមនេះគឺជារបៀបមួយដើម្បីនិយាយអំពីគោលការណ៍មួយ ដែលយើងអាចរៀនចេញពីខគម្ពីរទាំងនេះ ៖ ប្រសិនបើយើងស្វែងរកការរៀនសូត្រដោយឧស្សាហ៍ព្យាយាមតាមរយៈការសិក្សា និងសេចក្តីជំនឿ នោះសេចក្តីជំនឿរបស់យើងលើព្រះគ្រីស្ទនឹងកើនឡើង ។
-
បន្ថែមពីលើការរៀនសូត្រដោយឧស្សាហ៍ព្យាយាមតាមរយៈការសិក្សារបស់យើង តើអ្នកគិតថាការរៀនដោយសេចក្ដីជំនឿមានន័យយ៉ាងណា ?
សូមពិចារណាអំពីការបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ដើម្បីជួយសិស្សយល់កាន់តែច្បាស់អំពីអត្ថន័យនៃការរៀនសូត្រដោយសេចក្ដីជំនឿ ។ អ្នកក៏អាចមើលវីដេអូ « Embrace the Future with Faith » ចាប់ពីនាទីទី ១០:២៨ ដល់ ១១:២០ ។
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖
ព្រះអម្ចាស់បានបង្រៀនយើងអំពីរបៀបចម្រើនសេចក្ដីជំនឿរបស់យើងដោយការស្វែងរក « ការរៀនសូត្រ សូម្បីតែដោយការសិក្សា និងដោយសារសេចក្ដីជំនឿផង » [ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ បានបន្ថែមការបញ្ជាក់ ] ។ យើងពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលយើងព្យាយាមរក្សាបទបញ្ញត្តិរបស់ទ្រង់ ហើយ « តែងតែចងចាំទ្រង់ជានិច្ច » [ ម៉រូណៃ ៤:៣ ] ។ បន្ថែមពីលើនោះ សេចក្ដីជំនឿរបស់យើងចម្រើនឡើងគ្រប់ពេល ដែលយើង អនុវត្ត សេចក្ដីជំនឿរបស់យើងទៅលើទ្រង់ ។ នោះគឺជាអត្ថន័យនៃការរៀនសូត្រដោយសារសេចក្ដីជំនឿ ។
ឧទាហរណ៍ រាល់ពេលដែលយើងមានជំនឿដើម្បីគោរពតាមក្រឹត្យវិន័យរបស់ទ្រង់—ទោះជាពេលដែលគំនិតលោកិយមិនឲ្យតម្លៃយើង—ឬរាល់ពេលដែលយើងមិនព្រមធ្វើតាមការកម្សាន្ដ ឬជំនឿដែលធ្វើឡើងដើម្បីបំបាក់សេចក្ដីសញ្ញា នោះយើងកំពុង អនុវត្ត សេចក្ដីជំនឿរបស់យើង ដែលនឹងនាំឲ្យ ចម្រើន សេចក្ដីជំនឿរបស់យើងហើយ ។ ( រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥ )
-
តើអ្នកបានរៀនអ្វីខ្លះចេញពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
-
តើអ្នកគិតថា ការរៀនសូត្រដោយសេចក្ដីជំនឿអាចអនុវត្តក្នុងឱកាសសិក្សាផ្សេងៗគ្នាយ៉ាងដូចម្ដេច ( ដូចជាគេហដ្ឋាន សាលា ថ្នាក់សិក្ខាសាលា និងព្រះវិហារ ) ?
ដើម្បីជួយសិស្សវាយតម្លៃការខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ពួកគេក្នុងការស្វែងរកការរៀនសូត្រដោយសេចក្តីជំនឿ សូមពិចារណាអញ្ជើញពួកគេឲ្យរាយបញ្ជីប្រភេទខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ខណៈពេលដែលអ្នកសរសេរវានៅលើក្ដារខៀន ៖ គេហដ្ឋាន, សាលា, ថ្នាក់សិក្ខាសាលា និង ព្រះវិហារ ។ សូមលើកទឹកចិត្តសិស្សឲ្យវាយតម្លៃការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីសិក្សាដោយសេចក្តីជំនឿដោយឧស្សាហ៍ព្យាយាមនៅក្នុងប្រភេទនីមួយៗដោយប្រើរង្វាស់ពី ១ ដល់ ៥ ដោយ ៥ គឺល្អបំផុត ។
ប្រសិនបើចាំបាច់ សូមរំឭកពួកគេថា ផ្នែកនៃអត្ថន័យនៃការរៀនដោយការរៀនសូត្រ និងសេចក្តីជំនឿ គឺការចូលរួមយ៉ាងសកម្មក្នុងឱកាសសិក្សា ហើយបន្ទាប់មកធ្វើសកម្មភាពលើអ្វីដែលពួកគេរៀន និងទទួលអារម្មណ៍ ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសផ្នែកមួយដែលពួកគេចង់កែលម្អ ហើយសិក្សាមេរៀនដែលនៅសល់ដោយយកចិត្តទុកដាក់លើផ្នែកនោះ ។
« រៀបចំខ្លួន »
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៩–១២៦ ដោយស្វែងរកការប្រឹក្សាពីព្រះអម្ចាស់ ដែលអាចបង្កើនសមត្ថភាពរបស់យើងក្នុងការរៀន ដោយការសិក្សា និងដោយសេចក្តីជំនឿ ។
អ្នកអាចយកកាបូបមកសាលា ហើយរៀបចំក្រដាសមួយចំនួនសម្រាប់សិស្សប្រើជាក្រុមតូចៗ ។ នៅពេលសិស្សសិក្សា គោលលទ្ធិ និងសេចក្តីជំនឿ ៨៨:១១៩–១២៦ សូមអញ្ជើញពួកគេឲ្យសរសេរនៅលើក្រដាសផ្សេងគ្នាពីការបង្រៀនមកពីព្រះអម្ចាស់ ដែលអាចជួយពួកគេរៀនសូត្រដោយសេចក្ដីជំនឿ ។ សិស្សអាចរាយបញ្ជីគុណលក្ខណៈ និងអាកប្បកិរិយាដែលព្រះអម្ចាស់លើកទឹកចិត្ត និងអ្វីដែលយើងគួរចៀសវាង ។ នៅពេលពួកគេបញ្ចប់ សិស្សអាចដាក់ក្រដាសចូលទៅក្នុងកាបូបសាលា ។
-
តើគុណលក្ខណៈ ឬអាកប្បកិរិយាទាំងនេះមួយណាដែលប៉ះពាល់ដល់សមត្ថភាពសិក្សារបស់អ្នក ?
-
តើគុណលក្ខណៈ ឬអាកប្បកិរិយាមួយណាដែលអ្នកមានចំណាប់អារម្មណ៍ដោយព្រះវិញ្ញាណដើម្បីសាកល្បង ?
សូមឲ្យសិស្សគិតអំពីឧបសគ្គផ្សេងៗក្នុងការសិក្សាដោយសេចក្ដីជំនឿដែលក្មេងជំទង់អាចជួបប្រទះនៅកន្លែងផ្សេងៗ ( គេហដ្ឋាន សាលារៀន ថ្នាក់សិក្ខាសាលា និងព្រះវិហារ ) ។ សូមរាយបញ្ជីអំពីគំនិតរបស់ពួកគេនៅក្រោមប្រភេទនីមួយៗ ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសក្រដាសចេញពីកាបូបសាលា ។ បន្ទាប់មក សិស្សអាចអានអ្វីដែលត្រូវបានសរសេរ ហើយដឹកនាំការពិភាក្សាអំពីរបៀបដែលការប្រឹក្សារបស់ព្រះអម្ចាស់អាចជួយនរណាម្នាក់យកឈ្នះលើបញ្ហាប្រឈមមួយក្នុងការសិក្សា ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើជាគំរូដល់ការប្រឹក្សានេះដែរ ។
ឧទាហរណ៍ សិស្សអាចកំណត់បញ្ហាប្រឈមមួយដូចជាការសិក្សាសម្រាប់ការប្រឡងនៅសាលា ឬទទួលបានចម្លើយចំពោះការអធិស្ឋានជាក់លាក់ ។ ប្រសិនបើក្រដាសដែលបានជ្រើសរើសចេញពីកាបូបមានពាក្យ បង្កើតគេហដ្ឋាននៃការតមអាហារ សរសេរនៅលើក្រដាសនោះ សិស្សអាចពិភាក្សាអំពីគំនិត និងបទពិសោធន៍អំពីរបៀបតមអាហារ និងការអធិស្ឋានអាចបង្កើនសមត្ថភាពរបស់ពួកគេក្នុងការរៀន និងស្គាល់ចម្លើយពីព្រះអម្ចាស់កាន់តែប្រសើរឡើង ។ ប្រសិនបើអ្នកបានសុំឲ្យសិស្សគិតអំពីឧទាហរណ៍មួយពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើជាគំរូពីការរៀនសូត្រតាមរយៈការតមអាហារ នោះពួកគេអាចនឹងនឹកឃើញពីរបៀបដែលទ្រង់បានតមអាហារដើម្បីរៀបចំសម្រាប់កិច្ចការ និងការបម្រើរបស់ទ្រង់ ( សូមមើល ម៉ាថាយ ៤:១–១០ ) ។ សូមធ្វើសកម្មភាពម្តងហើយម្តងទៀតជាច្រើនដង ដើម្បីជួយសិស្សឲ្យស្គាល់ពីភាពទាក់ទងនៃការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេ ។
ការអនុវត្តផ្ទាល់ខ្លួន
ដើម្បីបញ្ចប់ សូមផ្តល់ពេលវេលាសម្រាប់សិស្សដើម្បីជញ្ជឹងគិតពីរបៀបដែលពួកគេនឹងស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿកាន់តែប្រសើរ ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យកត់ត្រាគំនិតរបស់ពួកគេនៅក្នុងសៀវភៅសិក្សារបស់ពួកគេ ដោយប្រើការបំផុសគំនិតខាងក្រោម ។
-
សូមជ្រើសរើសផ្នែកមួយនៃជីវិតរបស់អ្នក ដែលអ្នកអាចកែលម្អការខិតខំរបស់អ្នកក្នុងការរៀនដោយសេចក្ដីជំនឿ ( ដូចជា គេហដ្ឋាន សាលារៀន ថ្នាក់សិក្ខាសាលា និងព្រះវិហារ ) ។
-
តើអ្នកគិតថា ការរៀនដោយសេចក្ដីជំនឿអាចជួយអ្នកក្នុងផ្នែកនេះដោយរបៀបណា ?
-
តើអ្នកនឹងខិតខំធ្វើអ្វីខ្លះ ដើម្បីរៀនសូត្រដោយសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តដើម្បីចែកចាយគំនិតមួយចំនួនរបស់ពួកគេ ។ ការណ៍នេះក៏អាចជាពេលវេលាដ៏ល្អមួយដើម្បីអញ្ជើញទីបន្ទាល់របស់សិស្សពីអ្នកដែលមានបទពិសោធន៍ជោគជ័យកន្លងមក ។