« មេរៀនទី ១០១—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១៤–៤១ ៖ ការព្យាយាមគោរពតាមក្រឹត្យវិន័យនៃសេឡេស្ទាល សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១៤–៤១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១០១ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១៤–៤១
ការព្យាយាមគោរពតាមក្រឹត្យវិន័យនៃសេឡេស្ទាល
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨ ព្រះអម្ចាស់បានបើកសម្តែងសេចក្តីពិតអំពីការរស់ឡើងវិញ និងនគរនៃសិរីល្អ រួមទាំងសិរីល្អសេឡេស្ទាល ។ សេចក្តីពិតទាំងនេះអាចរួបរួម និងផ្ដល់ពរជ័យដល់សមាជិកទាំងឡាយនៅពេលពួកគេធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយស្មោះត្រង់ ។ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សបង្កើនទំនុកចិត្តរបស់ពួកគេថា ពួកគេអាចទទួលបានសិរីល្អសេឡេស្ទាល ។
សកម្មភាពរៀនសូត្រដែលអាចមាន
គោលដៅនៃការមានសិរីល្អសេឡេស្ទាល
សូមអញ្ជើញសិស្សឲ្យគូររូបជណ្ដើរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយដាក់ស្លាកនៅលើជណ្ដើរខាងលើ « នគរសេឡេស្ទាល » ។ សូមសុំឲ្យសិស្សគូររូបពីចំណុចដែលពួកគេឃើញខ្លួនរបស់ពួកគេនៅលើជណ្ដើរនោះ ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរដូចតទៅនេះ ៖
-
តើអ្នកមើលឃើញជម្រើសបច្ចុប្បន្នរបស់អ្នកកំពុងជួយអ្នករីកចម្រើនឆ្ពោះទៅរកនគរសេឡេស្ទាលដែរឬទេ ? ហេតុអ្វីជួយ ឬហេតុអ្វីមិនជួយ ?
-
តើអ្នកមានទំនុកចិត្តកម្រិតណាដែរថា អ្នកអាចទទួលបានសិរីល្អសេឡេស្ទាលនៅទីបំផុតដោយមានជំនួយពីព្រះយេស៊ូវគ្រីស្ទ ?
សូមរំឭកសិស្សថា ដោយសារព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះរបស់យើង នោះយើងអាចពឹងផ្អែកលើទ្រង់ដើម្បីជួយយើងផ្លាស់ប្តូរ ប្រែចិត្ត និងផ្តល់កម្លាំង នៅពេលយើងខិតខំដើម្បីទទួលបានសិរីល្អសេឡេស្ទាល ។
វិវរណៈរបស់ព្រះអម្ចាស់ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨ ផ្ដល់នូវពន្លឺដ៏ទេវភាពដើម្បីជួយយើងយល់ពីសេចក្តីពិតដ៏នៅអស់កល្បជានិច្ច ។ នៅក្នុង កណ្ឌទី ៨៨ យើងរៀនសេចក្តីលម្អិតអំពីផែនការរបស់ព្រះវរបិតាសួគ៌ សេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលយើងអាចត្រឡប់ទៅកាន់ទីវត្តមានរបស់ទ្រង់ទាំងទ្វេវិញ ។
អ្នកអាចនឹងចង់ចែកចាយពីអារម្មណ៍របស់អ្នកអំពីភាពស្រស់ស្អាត និងភាពអស្ចារ្យនៃផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមលើកទឹកចិត្តសិស្សនៅពេលពួកគេសិក្សានៅថ្ងៃនេះ ឲ្យស្វែងរកការបំផុសគំនិត ដើម្បីដឹងពីវិធីដែលពួកគេអាចធ្វើសកម្មភាពដោយសេចក្តីជំនឿ ហើយទទួលជំនួយពីព្រះអង្គសង្គ្រោះ នៅពេលពួកគេរីកចម្រើនឆ្ពោះទៅកាន់នគរសេឡេស្ទាល ។
រូបកាយនៃជីវិតរមែងស្លាប់របស់យើង
សូមពន្យល់ថា ផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះគឺសម្រាប់យើងដើម្បីប្រែក្លាយដូចជាទ្រង់ ទាំងខាងវិញ្ញាណ និងខាងរូបកាយ ។ នៅពេលកើតមកយើងទទួលបានរូបរាងកាយ ។ រូបកាយនេះនឹងស្លាប់នៅថ្ងៃណាមួយ ហើយនឹងរស់ឡើងវិញ ។
សូមពិចារណាថតចម្លើយរបស់សិស្សចំពោះសំណួរដូចខាងក្រោមដាក់នៅលើក្ដារខៀន ។
-
តើអ្នកបានដឹងអ្វីខ្លះរួចទៅហើយអំពីការរស់ឡើងវិញ ?
ប្រសិនបើចាំបាច់ សិស្សអាចប្រើ Topics and Questions « Resurrection » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ដើម្បីគាំទ្រដល់ចម្លើយរបស់ពួកគេ ។
សិស្សអាចបំពេញសកម្មភាពសិក្សាខាងក្រោមជាមួយដៃគូ ។ អ្នកអាចបង្ហាញសំណួរសម្រាប់សិស្សដើម្បីយោងជាមួយនឹងដៃគូនីមួយៗដែលទទួលខុសត្រូវក្នុងការឆ្លើយសំណួរមួយ ។ វាអាចជួយសិស្សក្នុងការដឹងថាពាក្យ ឲ្យមានជីវិត អាចមានន័យថាធ្វើឲ្យរស់ឡើងវិញ ឬមានជីវិតឡើងវិញ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១៤–១៧, ២៧–៣១ ។ សូមពិចារណាដូចខាងក្រោម នៅពេលអ្នកអាន ៖
-
តើអ្នករៀនអ្វីខ្លះអំពីការរស់ឡើងវិញ ?
-
តើអ្នករៀនអ្វីខ្លះអំពីកម្រិតនៃសិរីល្អទាំងបី ?
សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។ សូមស្តាប់ដោយយកចិត្តទុកដាក់ ហើយសួរសំណួរបន្ត ដើម្បីជួយបញ្ជាក់ពីការយល់ដឹងរបស់ពួកគេ ប្រសិនបើចាំបាច់ ។ ប្រសិនបើសិស្សមានសំណួរបន្ថែម អ្នកអាចពិភាក្សាជាមួយពួកគេក្នុងថ្នាក់បាន ។
ការវាយតម្លៃការយល់ដឹងរបស់សិស្ស ៖ សម្រាប់ការអនុវត្តបន្ថែមទៀតអំពីការណ៍នេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « តែងតែត្រៀមខ្លួនរួចជាស្រេចជានិច្ច ដើម្បីឆ្លើយតបទៅនឹងការបំផុសគំនិតខាងវិញ្ញាណអំពីសេចក្តីត្រូវការរបស់សិស្ស » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ បង្រៀនដោយព្រះវិញ្ញាណ ។ ពិចារណាការហាត់ជំនាញ « សួរសំណួរដើម្បីវាយតម្លៃការរៀនសូត្រមុននឹងបន្តមេរៀនទៀត » ។
ការគោរពតាមក្រឹត្យវិន័យរបស់ព្រះនាំទៅរកសិរីល្អ
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេស្រមៃថា ការមានរូបកាយសេឡេស្ទាលអាចនឹងមានសភាពបែបណា ឬមូលហេតុដែលពួកគេចង់ទទួលរូបកាយសេឡេស្ទាលក្នុងការរស់ឡើងវិញ ។
ប្រសិនបើពីមុនសិស្សធ្លាប់ធ្វើការជាមួយដៃគូ នោះពួកគេអាចធ្វើការជាមួយដៃគូផ្សេងសម្រាប់សកម្មភាពសិក្សាខាងក្រោម ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:២១–២៤, ៣៤–៣៦, ៣៨–៣៩ ដោយរកមើលរបៀបដែលយើងអាចរស់ឡើងវិញដោយមានរូបកាយសេឡេស្ទាល ។ សូមគិតពីការគូសចំណាំពាក្យ ឬឃ្លានានាដែលអ្នកចាប់អារម្មណ៍ ។
-
តើអ្នកគិតថាអ្វីដែលសំខាន់ ដែលត្រូវយល់នៅក្នុងខគម្ពីរទាំងនេះ ?
-
តើអ្វីដែលកំណត់សិរីល្អដែលយើងអាចទទួលបានបន្ទាប់ពីការជំនុំជម្រះចុងក្រោយ ? ហេតុអ្វី ?
សូមផ្ដល់ពេលឲ្យសិស្សពិភាក្សាអំពីអ្វីដែលពួកគេបានរៀន ។ សិស្សអាចបង្ហាញសេចក្តីពិតខុសៗគ្នា រួមទាំងអ្វីមួយដូចជា ប្រសិនបើយើងគោរពតាមក្រឹត្យវិន័យសេឡេស្ទាល នោះយើងនឹងទទួលបានសិរីល្អនៃសេឡេស្ទាល ឬ នៅក្នុងដំណើររស់ឡើងវិញ យើងនឹងទទួលបានសិរីល្អស្របតាមក្រឹត្យវិន័យដែលយើងគោរពតាម ។ អ្នកអាចចង់សរសេរសេចក្ដីពិតទាំងនេះលើក្ដារខៀន ។
ដើម្បីជួយសិស្សយល់ និងទទួលអារម្មណ៍ពីសារៈសំខាន់នៃក្រឹត្យវិន័យដ៏ទេវភាព នោះអ្នកអាចចែកចាយសេចក្តីថ្លែងការណ៍ដូចខាងក្រោម ៖
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ប្រាកដណាស់ ក្រឹត្យវិន័យនៃនគរសេឡេស្ទាល គឺជាក្រឹត្យវិន័យនៃដំណឹងល្អ និងសេចក្ដីសញ្ញាទាំងឡាយ ដែលរួមមានទាំងការចងចាំដោយខ្ជាប់ខ្ជួនរបស់យើងអំពីព្រះអង្គសង្គ្រោះ និងការសន្យារបស់យើងដើម្បីគោរពប្រតិបត្តិតាម លះបង់ ធ្វើការថ្វាយ និងភក្ដីភាព ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Come to Zion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៨ )
-
តើអ្នករៀនអ្វីខ្លះអំពីសេចក្ដីស្រឡាញ់ សេចក្តីយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរបៀបដែលទ្រង់ធ្វើការជាមួយនឹងបុត្រាបុត្រីរបស់ទ្រង់ម្នាក់ៗ ?
ជួយពេលឃើញត្រូវការជំនួយ
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីរបៀបដែលពួកគេនឹងឆ្លើយតបទៅនឹងមិត្តភក្តិដែលបាក់ទឹកចិត្ត ហើយមានអារម្មណ៍ថាគាត់ ឬនាងមិនល្អគ្រប់គ្រាន់ដើម្បីទទួលបានសិរីល្អនៃសេឡេស្ទាល ។ អ្នកអាចអញ្ជើញសិស្សឲ្យអានខគម្ពីរខាងក្រោម រួចសរសេរចម្លើយខ្លីមួយចំពោះកង្វល់របស់មិត្តភក្តិរបស់ពួកគេ ។
សូមអាន នីហ្វៃទី៣ ២៧:១៩–២០ ដោយរកមើលពីរបៀបដែលព្រះវរបិតាសួគ៌បានធ្វើឲ្យវាអាចទៅរួចសម្រាប់បុត្រាបុត្រីរបស់ទ្រង់ដើម្បីទទួលបានសិរីល្អនៃសេឡេស្ទាល ។ អ្នកប្រហែលជាចង់ភ្ជាប់ខគម្ពីរទាំងនេះជាមួយនឹង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:២១, ៣៤ ។
សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំពាក្យ លើកលែងតែ នៅក្នុង នីហ្វៃទី៣ ២៧:១៩ ។ សូមលើកឡើងថាពាក្យទាំងនេះអាចមានន័យថា « លើកលែងតែ » ឬ « លុះត្រាតែ »។ អ្នកអាចនឹងសួរសិស្សពីរបៀបដែលការណ៍នេះជួយពួកគេឲ្យយល់ពីព្រះបន្ទូលរបស់ព្រះយេស៊ូវចំពោះពួកសាសន៍នីហ្វៃ ។
ដើម្បីជួយសិស្សឲ្យស្គាល់សេចក្តីសង្ឃឹម និងការផ្លាស់ប្តូរដែលមានសម្រាប់ពួកគេតាមរយៈព្រះយេស៊ូវគ្រីស្ទ អ្នកអាចចែកចាយសេចក្តីថ្លែងការណ៍ដូចខាងក្រោម ៖
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ប្រហែលជា យើងគួរតែអធិស្ឋានដើម្បីមានពេលវេលា និងឱកាសដើម្បីធ្វើការ ហើយព្យាយាម និងយកឈ្នះ ឲ្យបានច្រើនដូចដែលអធិស្ឋានសុំសេចក្ដីមេត្តាករុណាផងដែរ ។ ប្រាកដណាស់ ព្រះអម្ចាស់ញញឹមទៅរកនរណាម្នាក់ដែលមកឯទីជំនុំជម្រះដោយភាពសក្ដិសម ជាអ្នកដែលតាំងចិត្តធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីជំនួសភាពទន់ខ្សោយឲ្យទៅភាពរឹងមាំវិញ ។ ការប្រែចិត្តដ៏ពិត ការផ្លាស់ប្ដូរដ៏ពិតអាចតម្រូវឲ្យមានការល្បួងច្រើនដង ប៉ុន្ដែមានអ្វីមួយដែលបានបន្សុទ្ធ និងបរិសុទ្ធនៅក្នុងការខិតខំបែបនោះ ។ ការអភ័យទោស និងការព្យាបាលដ៏ទេវភាព ហូរតាមធម្មជាតិចំពោះព្រលឹងបែបនេះ « គុណធម៌ ស្រឡាញ់ គុណធម៌ ពន្លឺនៅជាប់នឹងពន្លឺ [ និង ] សេចក្ដីមេត្តាករុណាមានសេចក្ដីអាណិតដល់សេចក្ដីមេត្តាករុណា ហើយទទួលស្គាល់អ្វីដែលជារបស់ខ្លួន ( គ&ស ៨៨:៤០ ) ។
ដោយមានការប្រែចិត្ត យើងអាចកែលម្អជាលំដាប់នូវសមត្ថភាពរបស់យើងដើម្បីរស់នៅតាមក្រឹត្យវិន័យនៃសេឡេស្ទាល ដ្បិតយើងដឹងថា « អ្នកណាដែលពុំអាចនៅជាប់ក្នុងក្រឹត្យវិន័យនៃនគរសេឡេស្ទាលបានទេ នោះពុំអាចនៅជាប់ក្នុងសិរីល្អខាងសេឡេស្ទាលបានឡើយ » ( គ&ស ៨៨:២២ ) ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Divine Gift of Repentance » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៩ )
-
តើការយល់ដឹងអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះអាចមានឥទ្ធិពលលើជំនឿរបស់អ្នកក្នុងការទទួលបានសិរីល្អនៃសេឡេស្ទាលយ៉ាងដូចម្ដេច ?
-
ចេញពីអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះ តើអ្នកអាចនឹងនិយាយអ្វីខ្លះទៅកាន់នរណាម្នាក់ដែលខ្លាចគាត់ ឬនាងមិនអាចទទួលបានសិរីល្អនៃសេឡេស្ទាល ?
សូមអញ្ជើញសិស្សឲ្យពិនិត្យឡើងវិញនូវជណ្តើរដែលពួកគេបានគូរនៅពេលចាប់ផ្ដើមថ្នាក់ ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរនៅលើ ឬជុំវិញជណ្តើរនូវអ្វីដែលពួកគេបានរៀន ដែលអាចជួយពួកគេឲ្យខិតទៅជិតនគរសេឡេស្ទាល ។ សិស្សអាចកត់ត្រាគំនិត ឬអារម្មណ៍របស់ពួកគេអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ ។ ពួកគេក៏អាចរួមបញ្ចូលពីរបៀបដែលការប្តេជ្ញាចិត្ត និងក្តីសង្ឃឹមរបស់ពួកគេក្នុងការទទួលបានសិរីល្អនៃសេឡេស្ទាលត្រូវបានពង្រឹង ឬរបៀបដែលសេចក្តីពិតដែលពួកគេបានរៀនអាចមានឥទ្ធិពលលើជម្រើសរបស់ពួកគេនាពេលឥឡូវនេះ និងនៅពេលអនាគត ។
នៅពេលមានឱកាស អ្នកអាចអញ្ជើញសិស្សម្នាក់ ឬពីរនាក់ដើម្បីចែកចាយគំនិតរបស់ពួកគេជាមួយថ្នាក់ ។