« មេរៀនទី ១០០—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១–១៣,៤១–៥០ ៖ ពន្លឺនៃព្រះគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១–១៣, ៤១–៥០ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១០០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១–១៣, ៤១–៥០
ពន្លឺនៃព្រះគ្រីស្ទ
ពេលនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ យ៉ូសែប ស៊្មីធ និងពួកសង្ឃជាន់ខ្ពស់មួយចំនួនបានអធិស្ឋានទៅព្រះវរបិតាសួគ៌សម្រាប់វិវរណៈមួយទាក់ទងនឹងការស្ថាបនាស៊ីយ៉ូន ។ វិវរណៈនេះបានបង្រៀនសេចក្ដីពិតអំពីអំណាច និងទំហំនៃពន្លឺនៃព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យមានអារម្មណ៍ដឹងគុណកាន់តែខ្លាំងចំពោះឥទ្ធិពលនៃពន្លឺនៃព្រះគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
រឿងដែលយើងទទួលអារម្មណ៍
សូមពិចារណាសួរសិស្សនូវសំណួរខាងក្រោម ហើយរាយបញ្ជីចម្លើយរបស់ពួកគេ ។ អ្នកក៏អាចឲ្យពួកគេពិភាក្សាសំណួរនេះជាក្រុមតូចៗ ហើយបន្ទាប់មកសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។
-
តើឧទាហរណ៍អ្វីដែលអ្នកអាចទទួលអារម្មណ៍ ប៉ុន្តែមើលមិនឃើញមានអ្វីខ្លះ ?
សិស្សអាចរាយបញ្ជីអ្វីៗដូចជា កម្ដៅ ខ្យល់ សេចក្តីស្រឡាញ់ ការដឹងគុណ សេចក្តីជំនឿ ។ល។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថាមានអ្វីមួយដែលធ្វើឲ្យអ្នកអាចទទួលអារម្មណ៍ ប៉ុន្តែមើលមិនឃើញ ?
អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកការបំផុសគំនិត ដើម្បីស្គាល់ឥទ្ធិពលរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ ។
មុខងារនៃពន្លឺនៃព្រះគ្រីស្ទ
យ៉ូសែប ស៊្មីធ និងអែលឌើរប្រាំបួននាក់នៃសាសនាចក្របានជួបជុំគ្នានៅជាន់លើនៃហាងរបស់ នូវែល ឃេ វីតនី ក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ ពួកលោកចង់បានការយល់ដឹងបន្ថែមទៀតអំពីកាតព្វកិច្ចរបស់ពួកគេក្នុងការស្ថាបនាទីក្រុងស៊ីយ៉ូន ។ យ៉ូសែបបានអញ្ជើញមនុស្សម្នាក់ៗឲ្យប្តូរវេនអធិស្ឋាន ដើម្បីដឹងពីព្រះហឫទ័យរបស់ព្រះអម្ចាស់ ។ បន្ទាប់ពីការអធិស្ឋាន ព្យាការីបានទទួលអ្វីដែលឥឡូវនេះគឺជា គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨ ។
នៅពេលសិស្សចាប់ផ្តើមការអានខាងក្រោម សូមប្រាកដថាពួកគេយល់ ខទី ៦ គឺសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦–១៣ ដោយរកមើលអ្វីដែលខគម្ពីរទាំងនេះអាចបង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងពន្លឺរបស់ទ្រង់ ។
-
តើអ្នករៀនអ្វីអំពីពន្លឺនៃព្រះគ្រីស្ទចេញពីខគម្ពីរទាំងនេះ ?
ក្នុងចំណោមការយល់ដឹងខុសៗគ្នាដែលសិស្សអាចនឹងចែកចាយ សូមជួយពួកគេឲ្យស្គាល់សេចក្តីពិតនោះ ពន្លឺនៃព្រះគ្រីស្ទផ្ដល់ពន្លឺ និងជីវិតដល់ការបង្កបង្កើតរបស់ទ្រង់ទាំងអស់ ។
សូមជួយសិស្សមើលឃើញពីរបៀបដែលវាអាចជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ ដើម្បីយល់ពីឥទ្ធិពលរបស់ព្រះ តាមរយៈពន្លឺនៃព្រះគ្រីស្ទ ។ សំណួរខាងក្រោមគឺជារបៀបមួយដើម្បីធ្វើការណ៍នេះ ។
-
តើយុវជនប្រឈមមុខនឹងស្ថានភាពអ្វីខ្លះ ដែលពួកគេនឹងទទួលបានអត្ថប្រយោជន៍ពីការស្គាល់ឥទ្ធិពលរបស់ព្រះ ? ហេតុអ្វី ?
សកម្មភាពខាងក្រោមមានគោលបំណងជួយសិស្សឲ្យមានការដឹងគុណកាន់តែប្រសើរឡើងចំពោះពន្លឺនៃព្រះគ្រីស្ទ និងរបៀបដែលវាអាចមានឥទ្ធិពលលើជីវិតរបស់ពួកគេ ។
អ្នកអាចបង្កើតទីតាំងចំនួនបួននៅជុំវិញបន្ទប់ដែលសិស្សម្នាក់ៗអាចចូលមើល និងបំពេញបាន ។ សិស្សអាចត្រូវបានអញ្ជើញឲ្យយកសៀវភៅកំណត់ហេតុរបស់ពួកគេ យកអ្វីមួយទុកសរសេរ និងព្រះគម្ពីររបស់ពួកគេទៅកាន់ទីតាំងនីមួយៗ ។ ម្យ៉ាងវិញទៀត អ្នកអាចបំបែកសិស្សជាក្រុមបួននាក់ ហើយចាត់ឲ្យសិស្សម្នាក់ៗនូវផ្នែកនៃសំណៅចែកដើម្បីបំពេញ ។ បន្ទាប់មក សិស្សអាចចែកចាយអ្វីដែលពួកគេបានរៀនជាមួយសមាជិកក្រុម ។
ពន្លឺនៃព្រះគ្រីស្ទ
និយមន័យនៃពន្លឺនៃព្រះគ្រីស្ទ
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១២–១៣ ដោយរកមើលការពិពណ៌នានៃពន្លឺនៃព្រះគ្រីស្ទ ។
សូមអាននិយមន័យខាងក្រោមនៃពន្លឺនៃព្រះគ្រីស្ទ ៖
« [ ពន្លឺនៃព្រះគ្រីស្ទ ] « គឺជាកម្លាំង អំណាច ឬឥទ្ធិពលដ៏ទេវភាព ដែលមានមកពីព្រះតាមរយៈព្រះគ្រីស្ទ ហើយផ្ដល់ជីវិត និងពន្លឺដល់អ្វីៗទាំងអស់ ។ វាគឺជាច្បាប់ដែលគ្រប់យ៉ាងត្រូវគ្រប់គ្រងនៅស្ថានសួគ៌ និងនៅលើផែនដី ( គ&ស ៨៨:៦–១៣ ) ។ វាក៏ជួយមនុស្សឲ្យយល់ពីសេចក្ដីពិតនៃដំណឹងល្អ ហើយជួយដាក់ពួកគេទៅលើផ្លូវនៃដំណឹងល្អដែលនាំទៅរកសេចក្ដីសង្គ្រោះ » ។ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពន្លឺ, ពន្លឺនៃព្រះគ្រីស្ទ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org )
-
តើអ្នកនឹងសង្ខេបអំពីអ្វីដែលអ្នកយល់ពីពន្លឺនៃព្រះគ្រីស្ទយ៉ាងដូចម្តេច ?
-
តើអ្នកគិតថាអ្នកត្រូវបានទទួលឥទ្ធិពលដោយផ្ទាល់ដោយពន្លឺនៃព្រះគ្រីស្ទយ៉ាងដូចម្ដេច ?
ពន្លឺនៃព្រះគ្រីស្ទជាសតិសម្បជញ្ញៈរបស់យើង ។
ការបង្ហាញមួយនៃពន្លឺនៃព្រះគ្រីស្ទ គឺជាសតិសម្បជញ្ញៈរបស់យើង ។ សូមសរសេរនិយមន័យថា កុមារអង្គការបឋមសិក្សានឹងយល់អំពីអ្វីដែលអ្នកយល់អំពីសតិសម្បជញ្ញៈ ។
សូមអាននិយមន័យខាងក្រោម ហើយរកមើលអ្វីដែលអ្នកអាចបន្ថែមទៅនឹងនិយមន័យរបស់អ្នក ៖
« [ សតិសម្បជញ្ញៈគឺជា ] អារម្មណ៍ពីក្នុងខ្លួននៃការដឹងខុស និងត្រូវ ចេញមកពីពន្លឺនៃព្រះគ្រីស្ទនៅក្នុងមនុស្សទាំងអស់ ( មរ៉ូណៃ ៧:១៦ ) ។ យើងកើតមកដោយមានសមត្ថភាពពីធម្មជាតិក្នុងការបែងចែករវាងខុស និងត្រូវ ដោយសារពន្លឺនៃព្រះគ្រីស្ទ ដែលត្រូវបានប្រទានដល់មនុស្សគ្រប់រូប ( គ&ស ៨៤:៤៦ ) ។ ញាណសតិនេះហៅថា សតិសម្បជញ្ញៈ ។ ការទទួលបានញាណសតិនេះធ្វើឲ្យយើងជាមនុស្សមានការទទួលខុសត្រូវ ។ ដូចជាញាណសតិផ្សេងទៀតដែរ សតិសម្បជញ្ញៈរបស់យើងអាចនឹងត្រូវស្លាប់ដោយសារអំពើបាប ឬការប្រើប្រាស់ខុស » ។ ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « បញ្ញាចិត្ត, សតិ, សតិសម្បជញ្ញៈ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org )
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៤៥–៤៦ និង មរ៉ូណៃ ៧:១៦ ដោយរកមើលពាក្យ ឬឃ្លាដែលពិពណ៌នាអំពីរបៀបដែលពន្លឺនៃព្រះគ្រីស្ទដើរតួជាសតិសម្បជញ្ញៈរបស់យើង ។ សូមពិចារណាបង្កើតសេចក្តីយោងឆ្លងសម្រាប់ខគម្ពីរទាំងពីរ ។
-
តើឃ្លាមួយណាមកពីខគម្ពីរទាំងនេះ ដែលជួយអ្នកយល់ថាអ្វីជាសតិសម្បជញ្ញៈ ?
-
តើអ្នកគិតថា ហេតុអ្វីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប្រទានសតិសម្បជញ្ញៈដល់អ្នក ?
តើការស្តាប់ ឬព្រងើយកន្តើយនឹងសតិសម្បជញ្ញៈរបស់អ្នកអាចមានឥទ្ធិពលលើជម្រើសដែលអ្នកធ្វើ និងគោលដៅដ៏អស់កល្បជានិច្ចរបស់អ្នកដោយរបៀបណា ?
ពន្លឺនៃព្រះគ្រីស្ទគឺនៅក្នុងមនុស្សគ្រប់រូប
សូមស្រមៃថាអ្នកត្រូវបានស្នើសុំឲ្យចែកចាយគំនិតខ្លីមួយនៅក្នុងសាលាថ្ងៃអាទិត្យអំពីរបៀបមើល និងប្រព្រឹត្តចំពោះមនុស្សទាំងអស់ឲ្យកាន់តែប្រសើរឡើង ជាពិសេសចំពោះមនុស្សដែលខុសពីអ្នក ។ អ្នកអាចប្រើធនធានដូចខាងក្រោម និងអ្វីផ្សេងទៀតដែលអ្នករកឃើញថាមានប្រយោជន៍ ។
ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–ឆ្នាំ ២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
កាលណាយើងកាន់តែដឹងច្រើនអំពីពន្លឺនៃព្រះគ្រីស្ទច្រើនប៉ុនណា នោះយើងក៏នឹងកាន់តែយល់អំពីជីវិត និងកាន់តែមានសេចក្ដីស្រឡាញ់ជ្រាលជ្រៅចំពោះមនុស្សលោកទាំងអស់ច្រើនប៉ុណ្ណោះដែរ ។ យើងនឹងក្លាយជាគ្រូបង្រៀន និងជាអ្នកផ្សព្វផ្សាយសាសនា និងជាឪពុកម្តាយដ៏ល្អប្រសើរ ហើយជាបុរស និងជាស្ត្រី និងជាកូនកាន់តែប្រសើរឡើង ។ យើងនឹងមានការគោរពកាន់តែជ្រាលជ្រៅចំពោះបងប្អូនប្រុសស្រីរបស់យើងក្នុងសាសនាចក្រ និងចំពោះអ្នកដែលមិនជឿ ។ …
ពន្លឺនៃព្រះគ្រីស្ទ មានលក្ខណៈទូលំទូលាយដូចជាពន្លឺព្រះអាទិត្យដែរ ។ ទីណាដែលមានជីវិតមនុស្សរស់នៅ ទីនោះមានព្រះវិញ្ញាណនៃព្រះគ្រីស្ទ ។ គ្រប់ព្រលឹងនៃភាវរស់ តែងមានវាជានិច្ច ។ …
ប្រសិនបើយើងយល់ពីភាពពិតនៃពន្លឺនៃព្រះគ្រីស្ទនៅក្នុងមនុស្សគ្រប់រូបដែលយើងឃើញ … ហើយនៅក្នុងខ្លួនយើង … នោះយើងនឹងមានភាពក្លាហាន និងការបំផុសគំនិតលើសពីអ្វីដែលយើងធ្លាប់ដឹងពីមុនមក ។ ហើយវា ត្រូវតែ ដូច្នោះ ! ហើយវា នឹង ដូច្នោះ ! អ្វីៗទាំងអស់នេះគឺជាទំហំនៃសេចក្ដីពិតនៃដំណឹងល្អ ដែលមនុស្សពុំសូវយល់ឡើយ ។ ( ប៊យដ៍ ខេ ផាកកឺ « The Light of Christ » Ensign ខែ មេសា ឆ្នាំ ២០០៥ ទំព័រ ៨, ១៣–១៤ )
សូមសរសេរប្រយោគគំនិតពីរទៅបីអំពីរបៀបដែលការយល់ដឹងពីពន្លឺនៃព្រះគ្រីស្ទអាចមានឥទ្ធិពលលើរបៀបដែលអ្នកមើលឃើញពីអ្នកដទៃ ។
ពន្លឺនៃព្រះគ្រីស្ទនៅក្នុងសាកលលោក
តើអ្នកធ្លាប់បានជ្រោតជ្រាបដួងចិត្តនឹងភាពស្រស់ស្អាត ឬភាពអស្ចារ្យនៃផែនដីនេះ និងសកលលោកដែរឬទេ ? តើអារម្មណ៍ទាំងនេះចេញមកពីក្នុងខ្លួនអ្នកយ៉ាងណា ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៧–១០, ៤៥–៤៧ ហើយរកមើលអ្វីដែលអ្នករៀនអំពីពន្លឺនៃព្រះគ្រីស្ទ ផែនដី និងសកលលោក ។
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអម្ចាស់ចេញពីការបង្កបង្កើតរបស់ទ្រង់ ?
-
តើការមើលឃើញឥទ្ធិពលរបស់ព្រះនៅក្នុងសកលលោកអាចជួយយើងស្គាល់ឥទ្ធិពលរបស់ទ្រង់នៅក្នុងជីវិតរបស់យើងយ៉ាងដូចម្តេច ?
បន្ទាប់ពីសិស្សមានពេលវេលាដើម្បីធ្វើការតាមទីតាំងនានា សូមពិចារណាផ្តល់ឱកាសដល់ពួកគេដើម្បីចែកចាយនូវអ្វីដែលពួកគេបានរៀន និងបានទទួលអារម្មណ៍ ។ សំណួរខាងក្រោមនេះអាចជួយដល់អ្នកបាន ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីឥទ្ធិពលនៃពន្លឺនៃព្រះគ្រីស្ទ ?
-
តើអ្នកបានឃើញឥទ្ធិពលនៃពន្លឺនៃព្រះគ្រីស្ទនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
-
តើអ្នកគិតថា ការស្គាល់ពន្លឺនៃព្រះគ្រីស្ទក្នុងជីវិតរបស់អ្នកអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
អ្នកអាចចែកចាយពីរបៀបដែលអ្នកបានទទួលឥទ្ធិពលដោយការយល់ដឹងកាន់តែច្បាស់អំពីពន្លឺនៃព្រះគ្រីស្ទ ។