« មេរៀនទី ៧៥—គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:១–២៣ ៖ ច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:១–២៣ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧៥—គោលលទ្ធិ និងសេចក្តីសញ្ញា ៦០–៦៣
គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:១–២៣
ច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់
នៅរដូវក្តៅឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស្ម៊ីធ បានត្រឡប់មកពីរដ្ឋមិសសួរីវិញ ហើយបានដឹងថា ពួកបរិសុទ្ធមួយចំនួននៅទីក្រុងខឺតឡង់បានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ រួមទាំងការរំលោភច្បាប់ព្រហ្មចារីភាពផងដែរ ។ នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣ ព្រះអម្ចាស់បានព្រមានពួកបរិសុទ្ធអំពីភាពធ្ងន់ធ្ងរនៃអំពើបាបរបស់ពួកគេ ។ មេរៀននេះអាចជួយសិស្សឲ្យដឹងពីសារៈសំខាន់នៃការគោរពប្រតិបត្តិផ្ទាល់ខ្លួនតាមច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សារៈសំខាន់នៃគុណធម៌
ដើម្បីចាប់ផ្ដើមថ្នាក់រៀន សូមពិចារណាបង្ហាញរូបភាពដែលបង្ហាញអំពីព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញសិស្សឲ្យសរសេរនៅលើក្តារខៀននូវចម្លើយរបស់ពួកគេចំពោះសំណួរដំបូងក្នុងចំណោមសំណួរខាងក្រោមនេះ ។ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់ពីអ្វីដែលពួកគេបានសរសេរ ហើយចែកចាយពីរបៀបដែលពួកគេនឹងឆ្លើយសំណួរទីពីរ ។
-
តើពាក្យ ឬឃ្លាណាខ្លះដែលពិពណ៌នាអំពីគុណលក្ខណៈដែលព្រះអង្គសង្គ្រោះសព្វព្រះទ័យចង់ឲ្យយើងមាន ?
សូមបន្ថែមពាក្យ គុណធម៌ ដាក់ទៅលើក្ដារខៀន ប្រសិនបើវាមិនទាន់មានពាក្យនោះនៅឡើយ ។ សូមពន្យល់ថា ការមានគុណធម៌រួមមានការមានភាពទៀងត្រង់ខាងសីលធម៌ ការមានភាពបរិសុទ្ធខាងផ្លូវភេទ និងការមានអំណាច និងកម្លាំងខាងវិញ្ញាណ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « គុណធម៌ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
ហេតុអ្វីអ្នកគិតថា ការមានគុណធម៌គឺជាបុគ្គលិកលក្ខណៈដ៏សំខាន់មួយដែលយើងត្រូវមាន ?
-
តើព្រះបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះឲ្យចេះមានគុណធម៌ កំពុងរងការវាយប្រហារនៅជំនាន់របស់យើងយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យគិតថា តើវាសំខាន់ប៉ុណ្ណាសម្រាប់ពួកគេ ដើម្បីមានគុណធម៌ និងភាពបរិសុទ្ធខាងផ្លូវភេទ ។ ពួកគេក៏អាចគិតអំពីសំណួរដែលពួកគេមាន ឬឧបសគ្គដែលពួកគេប្រឈមមុខផ្ទាល់ខ្លួនទាក់ទងទៅនឹងបទបញ្ញត្តិនេះផងដែរ ។ សូមលើកទឹកចិត្ដសិស្សឲ្យយកចិត្តទុកដាក់ទៅលើការបំផុសគំនិតខាងវិញ្ញាណ ដែលអាចជួយពួកគេឲ្យមានបំណងប្រាថ្នាចង់រស់នៅដោយបរិសុទ្ធ និងមានគុណធម៌កាន់តែខ្លាំងឡើង ។
ព្រះអង្គសង្គ្រោះដាក់ទោសអំពើបាបខាងផ្លូវភេទ
ព័ត៌មានសាវតាបរិបទខាងក្រោមនេះអាចជួយសិស្សឲ្យរៀបចំខ្លួនសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣ បាន ។
នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣ ព្រះអង្គសង្គ្រោះបានលើកឡើងអំពីឥរិយាបថដែលមានបាបរបស់ពួកបរិសុទ្ធមួយចំនួននៅក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ ទ្រង់បានព្រមានអំពីភាពធ្ងន់ធ្ងរនៃអំពើបាបទាំងនេះ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:១–៦ ) ហើយបានចែកចាយសេចក្ដីពិតអំពីសារៈសំខាន់នៃការមានបរិសុទ្ធខាងផ្លូវភេទ ។
សូមសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:១៣–១៦ ដោយរកមើលការអញ្ជើញ និងការព្រមានរបស់ព្រះអម្ចាស់ ។
ប្រសិនបើចាំបាច់ សូមជួយសិស្សឲ្យយល់អំពីអត្ថន័យនៃពាក្យ ឬឃ្លាគន្លឹះនៅក្នុងខគម្ពីរទាំងនេះ ។ ជាឧទាហរណ៍ វាអាចមានប្រយោជន៍ក្នុងការពន្យល់ថា « អំពើកំផិត » សំដៅទៅលើទំនាក់ទំនងផ្លូវភេទរវាងបុគ្គលដែលបានរៀបការម្នាក់ និងបុគ្គលម្នាក់ទៀតដែលមិនមែនជាស្វាមី ឬភរិយារបស់ខ្លួន ។ ការមាន « តម្រេកសម្រើប » ចង់បាននរណាម្នាក់ មានន័យថាការមើលទៅមនុស្សម្នាក់តាមរបៀបមួយដែលបង្កើតឲ្យមានអារម្មណ៍ផ្លូវភេទ ។ ការណ៍នេះរួមបញ្ចូលទាំងការមើលរូបអាសគ្រាមផងដែរ ។ « ច្បាប់ព្រហ្មចារីភាពចែងថា ព្រះអនុម័តសកម្មភាពខាងផ្លូវភេទរបស់យើងតែរវាងបុរស និងស្រ្តីដែលបានរៀបការហើយប៉ុណ្ណោះ » ( ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស [ ឆ្នាំ ២០២២ ] ទំព័រ ២៣ ) ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្នកអំពីឥទ្ធិពល ដែលអំពើបាបខាងផ្លូវភេទអាចមានមកលើយើងយ៉ាងដូចម្ដេច ?
-
តើអ្នកអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ចេញពីព្រះបន្ទូលរបស់ទ្រង់នៅក្នុងខគម្ពីរទាំងនេះ ?
សេចក្ដីពិតមួយដែលនឹងសមស្របដើម្បីសង្កត់ធ្ងន់នៅអំឡុងការពិភាក្សានេះគឺថា ព្រះអង្គសង្រ្គោះដាក់ទោសការមានតម្រេកសម្រើប និងអំពើបាបខាងផ្លូវភេទគ្រប់ទម្រង់ផ្សេងទៀតទាំងអស់ ។
ការយល់ដឹងឲ្យបានស៊ីជម្រៅអំពីច្បាប់ព្រហ្មចារីភាព
សូមជួយសិស្សឲ្យយល់ថា បទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះឲ្យមានភាពបរិសុទ្ធខាងផ្លូវភេទ ជាញឹកញាប់ត្រូវបានគេហៅថាជាច្បាប់ព្រហ្មចារីភាព ។ សកម្មភាពខាងក្រោមនេះអាចជួយសិស្សឲ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីសារៈសំខាន់នៃការគោរពតាមច្បាប់នេះ ។
សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្វែងរកគំនិតចំពោះសំណួរពីរបី ដែលក្មេងជំទង់អាចមានអំពីច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់ ។ សិស្សអាចមានអារម្មណ៍ប្រសើរជាងបើសួរសំណួរដោយមិនបញ្ចេញឈ្មោះ ដោយការសរសេរសំណួររបស់ពួកគេ ។ សូមជ្រើសរើសសំណួរសមរម្យពីរបី ហើយសរសេរវាដាក់នៅលើក្ដារខៀន ។
ដើម្បីជួយអ្នកឲ្យរៀបចំខ្លួនឆ្លើយសំណួរដែលអ្នក ឬអ្នកផ្សេងទៀតមានអំពីច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់ សូមសិក្សាផ្នែកដូចតទៅនេះនៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ ) ៖ « ដើរក្នុងពន្លឺរបស់ព្រះ » ( ទំព័រ ១៦–២១ ) និង « រូបកាយរបស់អ្នកគឺពិសិដ្ឋ » ( ទំព័រ ២២–២៩ ) ។
សិស្សអាចធ្វើការជាមួយដៃគូម្នាក់ ឬនៅក្នុងក្រុមតូចៗដើម្បីស្វែងរកចម្លើយចំពោះសំណួរដែលពួកគេជ្រើសរើសផ្តោតទៅលើនោះ ។ ក្រៅពីការសិក្សាផ្នែកនានាមកពី ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ ) អ្នកក៏អាចអញ្ជើញសិស្សឲ្យស្វែងរកធនធានដំណឹងល្អផ្សេងទៀតផងដែរ ។
ធនធានបន្ថែមមួយចំនួនដែលអ្នកអាចចែកចាយជាមួយសិស្ស អាចមាននៅក្នុង « សកម្មភាពរៀនសូត្របន្ថែម » នៅចុងបញ្ចប់នៃមេរៀននេះ ។
បន្ទាប់ពីចំណាយពេលវេលាសមរម្យហើយ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីអ្វីដែលពួកគេបានរកឃើញ នៅពេលពួកគេបានសិក្សា ។ សូមអញ្ជើញសិស្សឲ្យបានច្រើននាក់ដើម្បីចែកចាយការយល់ដឹងរបស់ពួកគេ ។ សំណួរដូចខាងក្រោមនេះអាចជួយដឹកនាំការពិភាក្សានេះបាន ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ដែលធ្វើឲ្យការយល់ដឹងរបស់អ្នកបានកាន់តែស៊ីជម្រៅ អំពីមូលហេតុដែលយើងត្រូវបានបង្គាប់ឲ្យរស់នៅតាមច្បាប់ព្រហ្មចារីភាព ?
ពរជ័យមកពីការគោរពតាមច្បាប់ព្រហ្មចារីភាព
បន្ទាប់ពីបានព្រមានពួកបរិសុទ្ធអំពីលក្ខណៈធ្ងន់ធ្ងរនៃការបំពានលើច្បាប់ព្រហ្មចារីភាពហើយ ព្រះអង្គសង្គ្រោះបានលើកទឹកចិត្តពួកគេឲ្យរក្សាបទបញ្ញត្តិរបស់ទ្រង់ ហើយទ្រង់បានសន្យាថានឹងប្រទានពរដល់ការគោរពប្រតិបត្តិ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:១៩–២០, ២៣ ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀន ។
-
តើព្រះអង្គសង្រ្គោះសន្យាពរជ័យអ្វីខ្លះ ដល់អស់អ្នកដែលរក្សាបទបញ្ញត្តិរបស់ទ្រង់ ?
-
តើការចងចាំនូវពរជ័យទាំងនេះអាចជំរុញយើងឲ្យរស់នៅជីវិតដ៏មានគុណធម៌យ៉ាងដូចម្ដេច ?
ប្រហែលជាមានសិស្សមួយចំនួន ដែលបានប្រព្រឹត្តអំពើបាបទាក់ទងនឹងច្បាប់ព្រហ្មចារីភាព ។ សូមរំឭកដល់សិស្សក្នុងថ្នាក់ថា នៅពេលយើងខិតខំដោយស្មោះដើម្បីប្រែចិត្តពីអំពើបាបរបស់យើង នោះព្រះអង្គសង្គ្រោះធ្វើឲ្យមានការអភ័យទោស និងការព្យាបាលទាំងស្រុងកើតឡើងបាន ។ ដើម្បីជួយដល់អ្នកណាដែលព្រួយបារម្ភថា ពួកគេបានប្រព្រឹត្តខុសរួចហើយ នោះអ្នកអាចសង្កត់ធ្ងន់លើ គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:៤២–៤៣ ។
ការចងចាំអ្វីដែលអ្នកបានរៀនសូត្រ
សូមទុកពេលឲ្យសិស្សគិតពិចារណាអំពីអ្វីដែលពួកគេបានរៀនសូត្រ និងទទួលអារម្មណ៍នៅអំឡុងការសិក្សារបស់ពួកគេនៅថ្ងៃនេះ ។ របៀបមួយដើម្បីធ្វើការណ៍នេះ គឺត្រូវអញ្ជើញពួកគេឲ្យសរសេរចម្លើយរបស់ពួកគេចំពោះសំណួរមួយ ឬច្រើនដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់ពួកគេ ។
-
តើអ្នកមានចំណាប់អារម្មណ៍ ឬអារម្មណ៍អ្វីខ្លះ នៅពេលអ្នកបានសិក្សានៅថ្ងៃនេះ ?
-
តើអ្នកបានរៀនសូត្រអ្វីខ្លះអំពីសារៈសំខាន់នៃការមានបរិសុទ្ធភាព និងឥទ្ធិពលដែលការជ្រើសរើសអាចមានទៅលើជីវិតរបស់អ្នក ?
-
តើអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើ ឬផ្លាស់ប្ដូរអ្វីខ្លះ ?
សូមបញ្ចប់មេរៀននេះដោយការរំឭកសិស្ស អំពីការសន្យារបស់ព្រះអង្គសង្រ្គោះដើម្បីប្រទានពរជ័យដល់អ្នកទាំងអស់ណាដែលខិតខំដោយស្មោះត្រង់ ដើម្បីគោរពតាមច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់ ។