« មេរៀនទី ៧៤—គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០–៦២ ៖ ‹ ចូរប្រុងស្ដាប់តាមសំឡេងនៃអ្នកដែលមានអស់ទាំងព្រះចេស្ដា › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០–៦២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦០–៦២
គោលលទ្ធិ និងសេចក្តីសញ្ញា ៦០–៦២
« ចូរប្រុងស្ដាប់តាមសំឡេងនៃអ្នកដែលមានអស់ទាំងព្រះចេស្ដា »
នៅខែ សីហា ឆ្នាំ ១៨៣១ ព្រះអង្គសង្គ្រោះបានណែនាំដោយក្ដីស្រឡាញ់ដល់ពួកអែលឌើរមួយក្រុម ក្នុងអំឡុងពេលពួកគេធ្វើដំណើរយ៉ាងលំបាកពីរដ្ឋមិសសួរីទៅរដ្ឋអូហៃអូ ។ ដំបូន្មានរបស់ទ្រង់បានជួយពួកអែលឌើរទាំងនោះឲ្យយល់ពីការរំពឹងទុក និងបំណងប្រាថ្នារបស់ទ្រង់សម្រាប់ពួកគេ នៅពេលពួកគេបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីការរំពឹងទុក និងបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសម្រេចចិត្ត
ដើម្បីចាប់ផ្តើមមេរៀន សូមពិចារណាបង្ហាញពីស្ថានភាពដូចខាងក្រោមនេះ ៖
សូមស្រមៃថា មិត្តភក្តិជិតស្និទ្ធពីរនាក់របស់អ្នកកំពុងពុះពារតាមរបៀបផ្សេងៗគ្នាជាមួយនឹងការសម្រេចចិត្ត ។ មិត្តម្នាក់កម្រស្វែងរកជំនួយ ឬការណែនាំមកពីព្រះណាស់ ហើយព្យាយាមធ្វើការសម្រេចចិត្តភាគច្រើនបំផុតដោយខ្លួនឯង ។ មិត្តម្នាក់ទៀតអធិស្ឋានទូលសូមការណែនាំ ហើយមានការស្ទាក់ស្ទើរក្នុងការបន្តទៅមុខជាមួយការសម្រេចចិត្តណាមួយ រហូតដល់នាងមានអារម្មណ៍ជាក់ច្បាស់សិនថា ព្រះអម្ចាស់បានឆ្លើយតបនឹងនាង ។
-
តើអ្វីខ្លះអាចជាហេតុផលមួយចំនួន ដែលមិត្តម្នាក់ៗអាចមានអារម្មណ៍បែបនេះ ?
-
តើអ្នកឃើញមានការយល់ខុសណាខ្លះនៅក្នុងស្ថានភាពទាំងពីរនេះ ?
សូមអញ្ជើញសិស្សឲ្យគិតអំពីការសម្រេចចិត្តដែលពួកគេត្រូវធ្វើនៅក្នុងជីវិតរបស់ពួកគេ ហើយពិចារណាថាតើពួកគេអាចយល់ពីស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងពីរនេះដែរឬអត់ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកសេចក្ដីពិតនៅក្នុងមេរៀនថ្ងៃនេះ ដែលអាចជួយពួកគេបានជាមួយនឹងការសម្រេចចិត្តរបស់ពួកគេ ។
« យើងនឹងមានបន្ទូលដល់អ្នកអំពីដំណើររបស់អ្នក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៥ )
ដើម្បីជួយសិស្សឲ្យយល់អំពីបរិបទសម្រាប់ការបង្រៀនដែលពួកគេនឹងសិក្សានៅថ្ងៃនេះ សូមអាន ឬសង្ខេបព័ត៌មាននៅក្នុងកថាខណ្ឌខាងក្រោមនេះ ។
នៅខែ សីហា ឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ និងពួកអែលឌើរជាច្រើននាក់បានចាប់ផ្ដើមធ្វើដំណើរជាង ៨០០ ម៉ែលស៍ ( ១២៨៧ គីឡូម៉ែត្រ ) ទៅកាន់ផ្ទះរបស់ពួកគេនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ ពួកគេបានចំណាយពេលពីរបីសប្តាហ៍កន្លងទៅនៅរដ្ឋមិសសួរី ដែលជាកន្លែងដែលព្រះអម្ចាស់បានបង្គាប់ពួកគេឲ្យធ្វើការដើម្បីអាចសាងសង់ទីក្រុងស៊ីយ៉ូនមួយបាន ។ ខណៈពេលធ្វើដំណើរទៅផ្ទះវិញ ក្រុមនេះបានមានសំណួរអំពីវិធីសាស្ត្រ និងទិសដៅនៃការធ្វើដំណើររបស់ពួកគេ ។ សម្រាប់ការសម្រេចចិត្តមួយចំនួន ព្រះអម្ចាស់បានលើកទឹកចិត្តពួកគេឲ្យប្រើការវិនិច្ឆ័យដ៏ល្អបំផុតរបស់ពួកគេ ហើយជ្រើសរើសសម្រាប់ខ្លួនឯង ។ សម្រាប់ការសម្រេចចិត្តផ្សេងទៀត ទ្រង់បានប្រទាននូវការណែនាំ និងបទបញ្ញត្តិជាក់លាក់ដើម្បីណែនាំពួកគេ ។
សិស្សអាចប្រើតារាងខាងក្រោមដើម្បីសិក្សាខគម្ពីរដែលបានរាយបញ្ជីនេះ ។ សូមអញ្ជើញសិស្សឲ្យចម្លងតារាងនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមពិចារណាចម្លងវាដាក់នៅលើក្ដារខៀនផងដែរ ហើយអញ្ជើញសិស្សផ្សេងៗឲ្យសរសេរចម្លើយ បន្ទាប់ពីពួកគេបានសិក្សាខគម្ពីរទាំងនេះហើយ ។ អ្នកអាចដាក់សិស្សជាក្រុមៗ ហើយចាត់ឲ្យពួកគេសិក្សាវគ្គបទគម្ពីរមួយ ឬទាំងអស់ជាមួយគ្នា ។
|
អ្វីដែលសំខាន់ចំពោះព្រះអម្ចាស់ |
អ្វីដែលមិនសំខាន់ចំពោះព្រះអម្ចាស់ | |
|---|---|---|
-
តើអ្នកបានកត់សម្គាល់ឃើញភាពខុសគ្នាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ រវាងអ្វីដែលសំខាន់ចំពោះព្រះអម្ចាស់ និងអ្វីដែលមិនសំខាន់ចំពោះទ្រង់ ?
-
តើអ្នកអាចអនុវត្តតាមការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះ ទៅក្នុងស្ថានភាពនានាដែលអ្នកប្រឈមមុខក្នុងជីវិតរបស់អ្នកតាមរបៀបណាខ្លះ ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦២:៨ ហើយស្វែងរកដំបូន្មានរបស់ព្រះអម្ចាស់ដែលអាចជួយយើងបាន នៅពេលយើងត្រូវធ្វើការសម្រេចចិត្តដោយគ្មានការណែនាំជាក់លាក់ ។
សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីពិតមួយ ដែលពួកគេបានរៀនមកពីដំបូន្មានរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរនេះ ។ ពួកគេអាចបង្ហាញគោលការណ៍មួយដែលស្រដៀងគ្នាទៅនឹងគោលការណ៍ដូចតទៅនេះ ៖ ព្រះអម្ចាស់រំពឹងឲ្យយើងធ្វើការសម្រេចចិត្តជាច្រើន ដោយផ្អែកលើការណែនាំមកពីព្រះវិញ្ញាណ និងការវិនិច្ឆ័យរបស់យើងផ្ទាល់ ។
អ្នកអាចចង់អញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៦–២៩ ហើយរកមើលការបង្រៀននានា ដែលអាចជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលព្រះអម្ចាស់រំពឹងឲ្យយើងធ្វើការសម្រេចចិត្ត ។ អ្នកអាចអញ្ជើញសិស្សឲ្យធ្វើសេចក្ដីយោងឆ្លង ឬភ្ជាប់ខគម្ពីរទាំងនេះទៅនឹង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦២:៨ ។
ផ្ដោតលើគោលការណ៍នៃការប្រែចិត្តជឿ ៖ សម្រាប់ការអនុវត្តបន្ថែមទៀតអំពីរបៀបធ្វើបែបនេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « ផ្តោតលើសេចក្ដីពិតដែលនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិ ។ សូមពិចារណាអនុវត្តជំនាញនេះ និងសួរសំណួរដែលជួយសិស្សឲ្យរកឃើញ និងថ្លែងនូវគោលការណ៍នៃការប្រែចិត្តជឿ ។
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីពឹងផ្អែកលើការវិនិច្ឆ័យរបស់យើង ក៏ដូចជាការដឹកនាំមកពីព្រះវិញ្ញាណ នៅពេលយើងធ្វើការសម្រេចចិត្ត ?
-
តើសេចក្ដីពិតនេះអាចជួយយើងក្នុងការសម្រេចចិត្ត ដែលទាក់ទងនឹងបទដ្ឋាន ឬគុណតម្លៃរបស់យើងយ៉ាងដូចម្ដេច ?
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ ដែលពួកគេបានធ្វើការសម្រេចចិត្តដោយផ្អែកលើការវិនិច្ឆ័យរបស់ពួកគេផ្ទាល់ និងការណែនាំមកពីព្រះវិញ្ញាណ ។ សូមអញ្ជើញពួកគេឲ្យចែកចាយអំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរជ័យដល់ពួកគេនៅក្នុងស្ថានភាពទាំងនេះ ។ អ្នកក៏អាចពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកបានផងដែរ ។
ព្រះអង្គសង្គ្រោះបង្រៀនអំពីព្រះអង្គទ្រង់
ក្នុងការធ្វើដំណើរទៅរដ្ឋអូហៃអូ ពួកអែលឌើរបានជួបប្រទះនូវភាពមិនប្រាកដប្រជា ភាពនឿយហត់ និងស្ថានភាពដ៏គួរឲ្យខ្លាចមួយចំនួន ។ ពួកគេក៏មានការខ្វែងគំនិតគ្នា និងការឈ្លោះប្រកែកគ្នាផងដែរ ។ ដើម្បីជួយដល់ពួកគេ ព្រះអង្គសង្រ្គោះបានចែកចាយការបង្រៀនសំខាន់ៗជាច្រើនអំពីព្រះអង្គទ្រង់ ។ ការបង្រៀនទាំងនេះអាចជួយយើងឲ្យយល់កាន់តែច្បាស់ថា ទ្រង់គឺជានរណា និងអ្វីដែលទ្រង់អាចធ្វើបានសម្រាប់យើង ។
ដើម្បីជួយសិស្សឲ្យរៀបចំខ្លួនសិក្សាខគម្ពីរខាងក្រោមនេះ សូមពិចារណាឲ្យពួកគេសរសេរពាក្យ ព្រះយេស៊ូវគ្រីស្ទ នៅពាក់កណ្តាលទំព័រមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សិស្សក៏អាចសរសេរពាក្យនេះដាក់នៅលើក្ដារខៀនបានផងដែរ ។ នៅពេលសិស្សសិក្សាវគ្គបទគម្ពីរខាងក្រោមនេះ ពួកគេអាចសរសេរពាក្យ ឬឃ្លាដែលរៀបរាប់អំពីព្រះអង្គសង្រ្គោះនៅជុំវិញព្រះនាមទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:១–៤; ៦១:១–២, ៣៦–៣៩; ៦២:១–៣, ៩ ។ សូមយកចិត្តទុកដាក់លើអ្វីដែលអ្នករៀនអំពីព្រះយេស៊ូវគ្រីស្ទចេញពីខគម្ពីរទាំងនេះ ។ សូមកត់ត្រាការរកឃើញរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមផ្តល់ឱកាសឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀន ឬបានទទួលអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទមកពីសកម្មភាពសិក្សានេះ ។ ពួកគេអាចពិភាក្សាអំពីសំណួរខាងក្រោមនេះរួមគ្នាជាថ្នាក់ ជាដៃគូ ឬជាក្រុមតូចៗ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ដែលអាចមានប្រយោជន៍ដល់ពួកអែលឌើរទាំងនេះនៅក្នុងការធ្វើដំណើររបស់ពួកគេ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះដែលអាចជួយដល់អ្នក ឬអ្នកដទៃនៅក្នុងជីវិត ?
សូមបញ្ចប់មេរៀននេះដោយការអញ្ជើញសិស្សឲ្យគិតអំពីការបំផុសគំនិតណាមួយ ដែលពួកគេអាចទទួលបានមកពីព្រះវិញ្ញាណបរិសុទ្ធ ដោយផ្អែកលើអ្វីដែលពួកគេបានសិក្សា និងពិភាក្សានៅថ្ងៃនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។