« គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥ ផ្នែកទី ១ ៖ ‹ អិមម៉ា ស៊្មីធ ជាបុត្រីរបស់យើងអើយ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥ ផ្នែកទី ១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៣៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២៣–២៦
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥ ផ្នែកទី ១
« អិមម៉ា ស៊្មីធ ជាបុត្រីរបស់យើងអើយ »
នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥ ព្រះអង្គសង្គ្រោះបានទូន្មាន អិមម៉ា ស្ម៊ីធ អំពីរបៀបបំពេញបេសកកម្មដ៏ទេវភាពរបស់គាត់ដើម្បីប្រែក្លាយដូចជាទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីរបៀបដែលពួកគេអាចប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះបាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
« អ្នកជាស្ត្រីរើសតាំង ជាអ្នកដែលយើងបានហៅ »
អ្នកអាចដាក់បង្ហាញរូបភាពរបស់ អិមម៉ា ស្ម៊ីធ ហើយសួរសិស្សពីអ្វីដែលពួកគេដឹងអំពីគាត់ ។
សូមពិចារណាចែកចាយគ្រាមួយចំនួនដូចខាងក្រោមនេះពីជីវិតរបស់ អិមម៉ា ស្ម៊ីធ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីបទពិសោធន៍ដែល អិមម៉ា អាចមាន ។
សូមស្រមៃថា តើអ្នកនឹងមានអារម្មណ៍បែបណាដែលបានដកពិសោធន៍នូវព្រឹត្តិការណ៍ទាំងនេះពីជីវិតរបស់ អិមម៉ា ស្ម៊ីធ ។ ( ដំណើររឿងទាំងនេះអាចរកបាននៅក្នុង ពួកបរិសុទ្ធ ភាគ ១ បទដ្ឋាននៃសេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៣៧–៣៨, ៤៦, ៥២, ៩៤–៩៦ ) ។
-
អិមម៉ា បានរង់ចាំជាមួយនឹងរទេះនៅខាងក្រោមភ្នំគូម៉ូរ៉ា ខណៈយ៉ូសែប បានទទួលការណែនាំចុងក្រោយ និងផ្ទាំងមាសពីមរ៉ូណៃ ។
-
អិមម៉ា បានធ្វើជាអ្នកសរសេរដំបូងគេឲ្យ យ៉ូសែប សម្រាប់ការបកប្រែព្រះគម្ពីរមរមន ហើយក្រោយមក សន្លឹកឯកសារទាំងនោះក៏បានបាត់ ។
-
កូនដំបូងរបស់ អិមម៉ា និងយ៉ូសែប មានជីវិតរស់បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយអិមម៉ា ធ្លាក់ខ្លួនឈឺខ្លាំង រហូតគាត់ស្ទើរតែជិតស្លាប់ ។
-
អិមម៉ា បានចូលទៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹកក្រោមការគំរាមកំហែងនៃក្រុមមនុស្សកំណាច ។ នៅល្ងាចនោះ យ៉ូសែប ត្រូវបានគេចាប់ខ្លួនដោយការចោទប្រកាន់ក្លែងក្លាយ ហើយពន្យារពេលការធ្វើពិធីបញ្ជាក់របស់ អិមម៉ា ។
ដើម្បីជួយសិស្សឲ្យយល់ពីបរិបទប្រវត្តិសាស្ត្រអំពី គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥ សូមពិចារណាចែកចាយកថាខណ្ឌដូចខាងក្រោម ។
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២៤ ព្រះអង្គសង្រ្គោះបានបើកសម្តែងថា យ៉ូសែប ស្ម៊ីធ គឺ « ថ្វាយការងារ [ របស់លោក ] ទាំងអស់នៅក្រុងស៊ីយ៉ូន » ( ខទី ៧ ) ។ វិវរណៈនេះបានបង្កើតអារម្មណ៍នៃភាពមិនច្បាស់លាស់នៅក្នុងជីវិតរបស់ អិមម៉ា ស្ម៊ីធ ព្រោះវាបញ្ជាក់ថា យ៉ូសែបនឹងមិនមានពេលច្រើនដើម្បីរកស៊ីចិញ្ចឹមជីវិត និងផ្គត់ផ្គង់ខាងសាច់ឈាមដល់គ្រួសាររបស់ពួកលោកទេ ( សូមមើល ពួកបរិសុទ្ធ ១:៩៦ ) ។ ដោយដឹងពីបំណងប្រាថ្នារបស់ អិមម៉ា ដើម្បីទទួលបានការណែនាំ ព្រះអម្ចាស់បានបើកសម្តែង គោលលទ្ធិ និងសេចក្តីសញ្ញា ២៥ ។ ដំបូន្មានមកពីព្រះអង្គសង្គ្រោះនេះអាចអនុវត្តបានចំពោះមនុស្សទាំងអស់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១៦ ) ។
រៀនគោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនអ្នក ៖ សម្រាប់ការអនុវត្តបន្ថែមអំពីរបៀបលើកទឹកចិត្តសិស្សឲ្យធ្វើដូចនេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើង « រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនឯង ( ឆ្នាំ ២០២២ ) » ដែលមាននៅក្នុងការបំពាក់បំប៉ន ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ។ ការបំពាក់បំប៉ននេះនឹងជួយអ្នកឲ្យរៀនបង្កើតសំណួរស្វែងរកដោយបើកចំហ ដើម្បីជួយសិស្សឲ្យស្វែងរកសេចក្តីពិតសម្រាប់ខ្លួនពួកគេ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១–៣ ហើយរកមើលថា តើព្រះអង្គសង្គ្រោះមានព្រះទ័យយ៉ាងណាចំពោះ អិមម៉ា ។
-
តើអិមម៉ា បានរៀនអ្វីខ្លះអំពីទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះអម្ចាស់ ?
-
តើព្រះអង្គសង្គ្រោះមានព្រះបន្ទូលថាតម្រូវឲ្យធើ្វអ្វីខ្លះដើម្បីធ្វើជាបុត្រា ឬបុត្រីក្នុងនគរទ្រង់ ?
ជួយសិស្សឲ្យរកឃើញសេចក្តីពិត ៖ នៅពេលយើងទទួលដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ នោះយើងក្លាយជាបុត្រា និងបុត្រីនៅក្នុងនគររបស់ទ្រង់ ហើយត្រូវបានហៅឲ្យធ្វើកិច្ចការរបស់ទ្រង់ ។ តាមរយៈការធ្វើសេចក្តីសញ្ញា យើងក្លាយជាបុត្រាបុត្រីរបស់ព្រះអង្គសង្គ្រោះនៅក្នុងនគរទ្រង់ ។ ប្រសិនបើសិស្សអាចទទួលបានអត្ថប្រយោជន៍ពីការមើលឃើញសេចក្តីពិតនេះ អ្នកអាចអាន ម៉ូសាយ ៥:៧ បាន ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នេះកាន់តែច្បាស់ សូមពិចារណាជ្រើសរើសសំណួរខាងក្រោម ។
-
តើអ្នកគិតថា ការទទួលបានដំបូន្មាននេះអាចមានន័យយ៉ាងណាចំពោះ អិមម៉ា ?
-
តើការទទួលដំណឹងល្អរបស់ព្រះអង្គសង្គ្រោះបានជួយអ្នកឲ្យមានអារម្មណ៍ស្និទ្ធស្នាលជាមួយទ្រង់ក្នុងនាមជាបុត្រី ឬបុត្រារបស់ទ្រង់ដោយរបៀបណា ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:៤–៩ ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់បញ្ជាឲ្យយើងធ្វើ ។
សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើបញ្ជីមួយនៅលើក្ដារខៀនអំពីអ្វីដែលព្រះអង្គសង្គ្រោះហៅ អិមម៉ា ឲ្យធ្វើ ។ សូមជួយសិស្សឲ្យយល់ថា នៅក្នុងបរិបទនៃខទី ៧ « បានតែងតាំង » មានន័យថាត្រូវញែកចេញសម្រាប់ការហៅមួយ ។ អ្នកក៏អាចបញ្ជាក់បានដែរថា « ពន្យល់ » មានន័យថា ពន្យល់ ឬបកស្រាយ ហើយ « ទូន្មាន » មានន័យថាលើកទឹកចិត្ត ជំរុញ ឬផ្តល់យោបល់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើការលើកតម្កើងការហៅរបស់គាត់ដោយស្មោះត្រង់អាចជួយ អិមម៉ា ឲ្យកាន់តែប្រែក្លាយដូចជាព្រះអង្គសង្គ្រោះដោយរបៀបណា ?
អនុវត្តតាមដំបូន្មានរបស់ព្រះអង្គសង្រ្គោះ
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលការណែនាំរបស់ព្រះអម្ចាស់ចំពោះអិមម៉ា ក៏អនុវត្តចំពោះពួកគេដែរនោះ សូមពិចារណារៀបចំសិស្សក្នុងថ្នាក់ជាក្រុមតូចៗ ។ សូមផ្តល់កន្លែងសិក្សាចំនួនបីកន្លែង ដែលអាចរៀបនៅជុំវិញបន្ទប់បាន ។ ផ្នែកសិក្សានីមួយៗរួមមានដំណើររឿងមួយមកពីជីវិតរបស់ អិមម៉ា ស្ម៊ីធ ការអញ្ជើញឲ្យស្វែងរកគំរូក្នុងព្រះគម្ពីរពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ និងសំណួរពិភាក្សា ឬសកម្មភាពមួយ ។
ប្រសិនបើចាំបាច់ សកម្មភាពទីបួនអាចរកបាននៅក្នុងផ្នែក សកម្មភាពរៀនសូត្របន្ថែម ។
ជាជម្រើស អ្នកអាចប្រើលិបិក្រមដំណើររឿងនៅក្រោមចំណងជើង « Smith, Emma Hale » ក្នុង Saints ១:៦៩៥ ដើម្បីសិក្សាដំណើររឿងផ្សេងទៀតពីជីវិតរបស់ អិមម៉ា ។ សូមអញ្ជើញសិស្សឲ្យមើលពីរបៀបដែលអិមម៉ា បានគោរពតាមដំបូន្មានដែលគាត់បានទទួលនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២៥ ។
« កុំរអ៊ូរទាំ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:៤ )
ចេញពីជីវិតរបស់ អិមម៉ា ស្ម៊ីធ
យ៉ូសែប ស្ម៊ីធ បានដកពិសោធន៍ការនិមិត្តពីសួគ៌ា ការយាងមកជួបរបស់ទេវតា និងដំណើរការបកប្រែព្រះគម្ពីរមរមន ព្រះគម្ពីរប៊ីប និងអត្ថបទពិសិដ្ឋផ្សេងៗទៀត ។ អិមម៉ា ស្ម៊ីធ បានលះបង់យ៉ាងច្រើនសម្រាប់ជីវិតរបស់គាត់ជាមួយ យ៉ូសែប ប៉ុន្តែមានរឿងជាច្រើនដែលលោកបានឃើញថា គាត់មិនមាន ។
ចេញពីព្រះជន្មរបស់ព្រះអង្គសង្រ្គោះ
សូមចែកចាយពេលវេលាមួយពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់បដិសេធមិនរអ៊ូរទាំ ( ចំពោះឧទាហរណ៍មួយចំនួន សូមមើល អេសាយ ៥៣:៧; ម៉ាថាយ ២៧:១២ ) ។
តើការទប់មិនរអ៊ូរទាំអាចជួយយើងឲ្យក្លាយដូចជាព្រះយេស៊ូវគ្រីស្ទបានយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះបញ្ជាយើងមិនឲ្យរអ៊ូរទាំអំពីអ្វីដែលយើងប្រហែលជាមិនទាន់យល់ ?
-
តើមនុស្សម្នាក់អាចធ្វើសកម្មភាពដោយសេចក្ដីជំនឿបានយ៉ាងដូចម្ដេច នៅពេលពួកគេមិនយល់ពីព្រះហឫទ័យ និងពេលវេលារបស់ព្រះអម្ចាស់នោះ ?
« ធ្វើជាទីកំសាន្ត » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:៥ )
ចេញពីជីវិតរបស់ អិមម៉ា ស្ម៊ីធ
ថ្វីបើជីវិតរបស់អិមម៉ា ជាមួយយ៉ូសែបជួបការលំបាកជាញឹកញាប់ក៏ដោយ ក៏គាត់ស្រឡាញ់ និងគាំទ្រលោកនៅគ្រប់ការសាកល្បងដែរ ។ នៅឆ្នាំ ១៨៣៥ ក្រុមមនុស្សកំណាចដែលមានកំហឹងបានវាយលុកផ្ទះដែលយ៉ូសែប និងអិមម៉ា ស្នាក់នៅ ដោយអូស យ៉ូសែប ទៅកន្លែងងងឹត ។ យ៉ូសែប បានត្រឡប់មកផ្ទះវិញនៅយប់នោះ ។ លោកនៅមានជីវិត ប៉ុន្តែត្រូវបានគេវាយដំយ៉ាងដំណំ ត្រូវគេចាក់ជ័រកៅស៊ូក្ដៅលើ និងជាប់រោមពេញខ្លួន ។ អិមម៉ា បានចំណាយពេលមួយយប់ដើម្បីបក និងយកជ័រចេញពីខ្លួនរបស់យ៉ូសែប ។ កូនភ្លោះម្នាក់របស់យ៉ូសែប និង អិមម៉ា បានលាចាកលោកដោយសារជំងឺបន្ទាប់ពីយប់ដ៏អាក្រក់នោះ ( សូមមើល ពួកបរិសុទ្ធ ១:១៥០–៥៣ ) ។
ចេញពីព្រះជន្មរបស់ព្រះអង្គសង្រ្គោះ
សូមគិតអំពីគ្រាមួយដែលព្រះយេស៊ូវគ្រីស្ទជាការលួងលោមដល់អ្នកដែលនៅជុំវិញទ្រង់ ( ចំពោះឧទាហរណ៍មួយចំនួន សូមមើល ម៉ាថាយ ៩:២០–២២; យ៉ូហាន ១៤:១៨, ២៧; នីហ្វៃទី៣ ១៧:៥–៧ ) ។
តើយើងអាចលួងលោមដល់អ្នកដទៃ ហើយប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
សូមចែកចាយអ្វីមួយដែលនរណាម្នាក់បានធ្វើ ដើម្បីលួងលោមដល់អ្នកក្នុងពេលដ៏លំបាកមួយ ។
-
សូមសញ្ជឹងគិតអំពីអ្វីមួយដែលអ្នកអាចធ្វើបាន ដើម្បីផ្ដល់ការលួងលោមដល់មិត្តភក្តិ ឬសមាជិកគ្រួសារម្នាក់ ។ តើអ្នកអាចជួយពួកគេឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះបានដោយរបៀបណា ?
-
សូមសរសេរសំបុត្រ ឬផ្ញើសារជាអក្សរមួយដែលអាចលើកទឹកចិត្តសមាជិកគ្រួសារ ឬមិត្តភក្តិ ហើយជួយពួកគេឲ្យទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។
« ដើម្បីពន្យល់បទគម្ពីរទាំងឡាយ និង … ទូន្មានដល់សាសនាចក្រ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:៧ )
ចេញពីជីវិតរបស់ អិមម៉ា ស្ម៊ីធ
ក្នុងឆ្នាំ ១៨៤២ អិមម៉ា ត្រូវបានគាំទ្រធ្វើជាប្រធានសមាគមសង្គ្រោះដំបូងគេ ។ ភាពជាអ្នកដឹកនាំរបស់ អិមម៉ា មានសារៈសំខាន់ណាស់ក្នុងការរៀបចំអង្គការនេះឡើង ។ អិមម៉ា បានបង្ហាញពីការយល់ចិត្ត និងការយល់ដឹងខាងវិញ្ញាណរបស់គាត់តាមរយៈការជំរុញចិត្ត និងបង្រៀនពួកបរិសុទ្ធ ។ អិមម៉ា បានអញ្ជើញស្ត្រីនៃសមាគមសង្គ្រោះឲ្យអនុវត្តសេចក្តីសប្បុរស ផ្តល់ជំនួយដ៏អស្ចារ្យ ពង្រឹងគ្នាទៅវិញទៅមក ប្រែចិត្ត និងអភ័យទោស ( សូមមើល ពួកបរិសុទ្ធ ១:៤៤៨–៥១ ) ។
ចេញពីព្រះជន្មរបស់ព្រះអង្គសង្រ្គោះ
សូមចែកចាយឧទាហរណ៍មួយពីព្រះគម្ពីរអំពីព្រះអង្គសង្គ្រោះពន្យល់ពីបទគម្ពីរ ឬបង្រៀនដល់អ្នកដែលដើរតាមទ្រង់ ( ចំពោះឧទាហរណ៍មួយចំនួន សូមមើល ម៉ាថាយ ៥:២១–២៥; នីហ្វៃទី៣ ២៣:១–៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៩ ) ។
អនុវត្តការពន្យល់បទគម្ពីរ
-
សូមជ្រើសរើសវគ្គបទគម្ពីរមួយដែលបានជួយអ្នកឲ្យបង្កើនទំនាក់ទំនងរបស់អ្នកជាមួយព្រះអង្គសង្គ្រោះ ឬប្រែក្លាយដូចជាទ្រង់កាន់តែខ្លាំងឡើង ។
-
សូមចែកចាយជម្រើសរបស់អ្នក និងពន្យល់ពីអត្ថន័យរបស់វាចំពោះអ្នក ។
-
សូមពិភាក្សាអំពីរបៀបដែលការយល់ដឹង និងការបង្រៀនបទគម្ពីរអាចជួយយើងឲ្យកាន់តែប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីសិស្សបំពេញសកម្មភាពនេះហើយ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់ទាំងមូលនូវអ្វីដែលពួកគេចាប់អារម្មណ៍ពីអ្វីដែលពួកគេបានសិក្សា ។ ដើម្បីបញ្ចប់មេរៀននេះ សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកថា សិស្សម្នាក់ៗគឺជាបុត្រី ឬបុត្រា « ជម្រើស » នៅក្នុងនគររបស់ព្រះអង្គសង្រ្គោះ ។ សូមសង្កត់ធ្ងន់ថា ពួកគេនឹងមានឱកាសជាច្រើនដើម្បីបម្រើ និងផ្ដល់ពរដល់អ្នកដទៃ ហើយប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។