« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១–១៣ ៖ ‹ ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១–១៣ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២៧ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១–១៣
« ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ »
ជាការឆ្លើយតបថ្នាក់ដឹកនាំសាសនាចក្រពីដំបូងដែលស្វែងរកព្រះទ័យរបស់ព្រះអម្ចាស់ពីរបៀបដើម្បីរៀបចំសាសនាចក្ររបស់ទ្រង់ ព្រះអម្ចាស់បានប្រទានវិវរណៈទៅកាន់ យ៉ូសែប ស្ម៊ីធ អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨ ។ ព្រះអម្ចាស់បានបង្រៀនបុរសទាំងនេះនូវសេចក្តីពិតដ៏សំខាន់អំពីតម្លៃនៃព្រលឹងរបស់យើង ។ មេរៀននេះអាចជួយសិស្សឲ្យដឹងថា តម្លៃនៃព្រលឹងរបស់ពួកគេគឺមហិមាណាស់នៅក្នុងព្រះនេត្រនៃព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តម្លៃរបស់យើង
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយសរសេរសេចក្តីថ្លែងការណ៍មិនពេញលេញខាងក្រោមនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យរករបៀបជាក់ស្តែងដើម្បីបំពេញសេចក្តីថ្លែងការណ៍នេះ ។ សួរពួកគេថាហេតុអ្វីបានជាយុវវ័យអាចមានអារម្មណ៍បែបនេះ ?
នៅក្នុងពិភពលោកដែលយើងរស់នៅ យើងអាចមានអារម្មណ៍ថាត្រូវបានល្បួង ឬមានសម្ពាធឲ្យផ្អែកតម្លៃរបស់យើងទៅលើ _______________ ។
ជាជម្រើស អ្នកអាចសរសេរពាក្យខាងក្រោមនៅលើក្ដារខៀន ៖ មើល សមិទ្ធិផល និង កម្មសិទ្ធិ ។ សូមសួរសិស្សថាហេតុអ្វីបានជាយុវវ័យមួយចំនួនអាចនឹងមានអារម្មណ៍ថាត្រូវបានល្បួង ឬមានសម្ពាធឲ្យផ្អែកតម្លៃរបស់ពួកគេលើបញ្ហាទាំងនេះ ។ សូមសួរថាតើអ្វីផ្សេងទៀតដែលយុវវ័យអាចមានអារម្មណ៍ថាត្រូវបានល្បួងឲ្យប្រើជាមូលដ្ឋានសម្រាប់តម្លៃរបស់ពួកគេ ។
សូមចំណាយពេលបន្តិចដើម្បីពិចារណាថាតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះតម្លៃផ្ទាល់ខ្លួនរបស់អ្នក និងមូលហេតុ ។ តើអ្នកមានទំនោរទៅលើអ្វីដែលជាគោលតម្លៃរបស់អ្នក ? នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលសេចក្តីពិតដែលអាចជួយអ្នកយល់ពីតម្លៃរបស់អ្នកនៅក្នុងព្រះនេត្ររបស់ព្រះ ។
ព្រះអម្ចាស់បង្រៀនអំពីតម្លៃនៃព្រលឹង
សេចក្ដីសង្ខេបខាងក្រោមអាចជួយសិស្សឲ្យយល់អំពីបរិបទសម្រាប់ខគម្ពីរដែលពួកគេនឹងសិក្សា គោលទ្ធិ និងសេចក្តីសញ្ញា ១៨ ។
នៅខែ មិថុនា ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ បានទទួលវិវរណៈដែលស្គាល់ថាជា គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨ ។ វិវរណៈនេះគឺអំពីការហៅសាវកដប់ពីរនាក់នៅថ្ងៃចុងក្រោយ ហើយនិងការស្ថាបនាសាសនាចក្រ ។ បន្ថែមពីលើការណែនាំទាំងនេះ ព្រះអម្ចាស់បានចែកចាយជាមួយអូលីវើរ និង ដាវីឌ នូវសេចក្តីពិតដ៏មានឥទ្ធិពលអំពីតម្លៃរបស់យើង ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០–១១ គឺជាចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:៩–១៣ ដើម្បីមើលពីអ្វីដែលព្រះអម្ចាស់បានបង្រៀន អំពីតម្លៃរបស់យើងចំពោះទ្រង់ ។
-
តើអ្នកចង់រៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ ?
នៅពេលសិស្សចែកចាយ សូមសរសេរនៅលើក្ដារខៀននូវសេចក្តីពិតដែលពួកគេបានរកឃើញ ។ ទាំងនេះគឺជាសេចក្តីពិតមួយចំនួនដែលពួកគេអាចរកឃើញ ៖
តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ ។
តម្លៃរបស់ខ្ញុំគឺមហិមាណាស់ដែលព្រះយេស៊ូវបានស្ម័គ្រព្រះទ័យរងទុក្ខ ហើយសុគត ដើម្បីឲ្យខ្ញុំអាចប្រែចិត្ត ។
វាអាចមានប្រយោជន៍ដើម្បីដឹងថាមេរៀនបន្ទាប់ ( « គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១១–១៦ » ) ផ្ដោតសំខាន់លើអំណរដែលព្រះអម្ចាស់មានព្រះទ័យ នៅពេលយើងអធិស្ឋាន ។
-
តើការរងទុក្ខ និងការសុគតរបស់ព្រះអង្គសង្គ្រោះសម្រាប់យើងបង្ហាញពីតម្លៃរបស់យើងចំពោះទ្រង់យ៉ាងដូចម្តេច ?
-
តើវាអាចជះឥទ្ធិពលដល់យើងយ៉ាងណាក្នុងការដាក់មូលដ្ឋាននៃតម្លៃរបស់យើងទៅលើសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះចំពោះយើង ជំនួសឲ្យការដាក់តាមស្លាកខាងលោកិយ ?
ធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅ
ដើម្បីជួយសិស្សឲ្យដុះខាត់ការយល់ដឹងរបស់ពួកគេពីសេចក្តីពិតមកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០–១១ កាន់តែច្បាស់ សូមពិចារណាផ្តល់ច្បាប់ចម្លងនៃឯកសារដែលភ្ជាប់មកជាមួយនេះឲ្យទៅសិស្ស ហើយអញ្ជើញពួកគេឲ្យបំពេញជម្រើសសិក្សាមួយ ឬច្រើន ។ សូមបង្ហាញជម្រើសទាំងនេះ ឬផ្តល់ឲ្យពួកគេជាសំណៅចែក ។
ការចងចាំអំពីតម្លៃរបស់យើងចំពោះព្រះ
សូមជ្រើសរើសជម្រើសមួយ ឬទាំងពីរខាងក្រោម ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់ និងដឹងគុណតម្លៃរបស់អ្នកចំពោះព្រះ ។
ជម្រើសទី ១ ៖ សិក្សាអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយសញ្ជឹងគិតពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នក ។ អ្នកអាចអានខគម្ពីរខាងក្រោមមួយចំនួន ៖ អេសាយ ៥៣:៣–៥; លូកា ២២:៤១–៤៤; យ៉ូហាន ៣:១៦–១៧; កូរិនថូស ទី១ ៦:១១, ១៩–២០; អាលម៉ា ៧:៧, ១០–១៣ ។ អ្នកក៏អាចស្វែងរកខគម្ពីរផ្សេងៗដើម្បីសិក្សាផងដែរ ។
សូមពិចារណាកត់ត្រាសេចក្តីយោងឆ្លងដែលអ្នកចង់ចងចាំ ។ អ្នកអាចកត់ចំណាំវានៅក្នុងព្រះគម្ពីររបស់អ្នកជិត គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០–១១ សូមសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬប្រើកម្មវិធីបណ្ណាល័យដំណឹងល្អរបស់អ្នកបង្កើតស្លាក ឬតំណភ្ជាប់ ។
ជម្រើសទី ២ ៖ សិក្សាពីអ្វីដែលថ្នាក់ដឹកនាំសាសនាចក្របានបង្រៀនអំពីតម្លៃរបស់យើងចំពោះព្រះ ។ សូមប្រើបណ្ណាល័យដំណឹងល្អ ឬធនធានផ្សេងទៀត ដើម្បីស្វែងរកសេចក្តីថ្លែងការណ៍ ឬសុន្ទរកថាដែលទាក់ទង ។ អ្នកអាចស្វែងរកពាក្យដូចជា « តម្លៃ » ឬ « សេចក្ដីស្រឡាញ់របស់ព្រះ » ដើម្បីជួយអ្នកស្វែងរកធនធាននានា ។ សេចក្តីថ្លែងការណ៍ខាងក្រោមរបស់ស៊ីស្ទើរ ចយ ឌី ចូនស៍ អតីតប្រធានអង្គការបឋមសិក្សា គឺជាឧទាហរណ៍មួយពីអ្វីដែលអ្នកអាចនឹងរកឃើញ ។
ខ្ញុំសូមចង្អុលបង្ហាញពីតម្រូវការញែកពាក្យសំខាន់ពីរឲ្យដាច់ពីគ្នាគឺ ៖ តម្លៃ និង ភាពស័ក្ដិសម ។ ពាក្យទាំងពីរនេះពុំដូចគ្នាទេ ។ តម្លៃ ខាងវិញ្ញាណមានន័យថា តម្លៃខ្លួនយើង តាមរបៀបដែលព្រះវរបិតាសួគ៌ឲ្យតម្លៃយើង ពុំមែនលោកិយឲ្យតម្លៃយើងទេ ។ តម្លៃរបស់យើងត្រូវបានកំណត់ឲ្យពីមុនយើងមកកាន់ផែនដីនេះទៅទៀត ។ « សេចក្ដីស្រឡាញ់របស់ព្រះគឺអានន្ត ហើយវានឹងនៅជារៀងរហូត » ។
ម្យ៉ាងទៀត ភាពស័ក្ដិសម គឺទទួលបានតាមរយៈការគោរពប្រតិបត្តិ ។ ប្រសិនបើយើងមានអំពើបាប យើងពុំសូវស័ក្ដិសម ប៉ុន្តែយើងពុំមែនគ្មានតម្លៃនោះទេ ! យើងបន្ដប្រែចិត្ត ហើយព្យាយាមដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវភ្ជាប់ជាមួយនឹងតម្លៃរបស់យើង ។ ដូចជាប្រធាន ព្រិកហាំ យ៉ង់ បានបង្រៀនថា ៖ « វិញ្ញាណដែលតូចទាបបំផុតនៅលើផែនដីឥឡូវនេះ… គឺមានតម្លៃដូចពិភពជាច្រើន » ។ មិនថាមានរឿងអ្វីកើតឡើងទេ យើងតែងតែមានតម្លៃនៅក្នុងព្រះនេត្ររបស់ព្រះវរបិតាសួគ៌របស់យើង ។ ( ចយ ឌី ចូនស៍ « Value beyond Measure » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៤ )
បន្ទាប់ពីមានពេលវេលាគ្រប់គ្រាន់ហើយ សូមផ្តល់ឱកាសឲ្យសិស្សចែកចាយពីអ្វីដែលពួកគេបានរៀន ។ ពួកគេអាចចែកចាយដំបូងជាគូ ហើយបន្ទាប់មកសិស្សដែលស្ម័គ្រចិត្តអាចចែកចាយជាមួយថ្នាក់ទាំងមូល ។
បង្កើតបរិយាកាសមួយ ដែលសិស្សទាំងអស់ទទួលបានការគោរព ហើយដឹងថា ការរួមចំណែករបស់ពួកគេគឺមានតម្លៃ ៖ សូមរកមើលឱកាសអរគុណដល់សិស្សសម្រាប់ចម្លើយរបស់ពួកគេ និងសូមឲ្យពួកគេដឹងនូវអ្វីដែលអ្នកឲ្យតម្លៃពីរបៀបដែលពួកគេចូលរួម ។ សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីរបៀបដើម្បីបង្ហាញពីតម្លៃ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « បង្កើតបរិយាកាសមួយ ដែលមនុស្សទាំងអស់ទទួលបានការគោរព ហើយដឹងថា ការរួមចំណែករបស់ពួកគេមានតម្លៃ » ។ ការបំពាក់បំប៉ននេះនៅលើក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ។
សិស្សក្នុងថ្នាក់អាចរកឃើញថា វាមានប្រយោជន៍ ប្រសិនបើបញ្ជីធនធានដែលមិត្តរួមថ្នាក់ចូលចិត្តយកមកសរសេរនៅលើក្តារខៀន ។ សិស្សអាចចម្លងបញ្ជីនេះសម្រាប់ទុកជាឯកសារយោងផ្ទាល់ខ្លួន ។
ទាក់ទងនឹងជីវិតរបស់អ្នក
ការចែកចាយដំណើររឿង ឬបទពិសោធន៍ក្នុងសម័យទំនើបអាចជួយសិស្សយល់ពីតម្លៃរបស់ពួកគេចំពោះព្រះ ។ មុននឹងសុំសិស្សពិភាក្សាសំណួរខាងក្រោម សូមពិចារណាពីការចែកចាយគំរូផ្ទាល់ខ្លួនរបស់អ្នកអំពីអារម្មណ៍ដែលអ្នកមានតម្លៃចំពោះព្រះ ។ អ្នកក៏អាចបង្ហាញវីដេអូ « The Hope of God’s Light » ( ៦:៤៦ ) ដែលមាននៅលើ ChurchofJesusChrist.org ហើយសូមអញ្ជើញសិស្សឲ្យរកមើលរបៀបដែលបុរសម្នាក់បានស្គាល់តម្លៃរបស់គាត់នៅក្នុងព្រះនេត្ររបស់ព្រះ ។
-
តើបទពិសោធន៍អ្វីខ្លះពីជីវិតរបស់អ្នក ឬជីវិតអ្នកដទៃដែលបានជួយអ្នកដឹងថាតម្លៃនៃព្រលឹងរបស់អ្នកគឺមហិមាចំពោះព្រះនេត្ររបស់ព្រះ ?
សូមអញ្ជើញសិស្សឲ្យធ្វើអ្វីមួយដើម្បីឲ្យគិតពិចារណាកាន់តែស៊ីជម្រៅអំពីតម្លៃរបស់ពួកគេចំពោះព្រះនេត្រនៃព្រះក្នុងរយៈពេលមួយ ឬពីរសប្តាហ៍បន្ទាប់ ។ សូមផ្តល់ពេលដល់ពួកគេក្នុងថ្នាក់ ដើម្បីរៀបចំអ្វីដែលពួកគេនឹងធ្វើ ។ បញ្ជីខាងក្រោមរួមបញ្ចូលគំនិតដែលអ្នកអាចចែកចាយ ។ មេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នកទី ២ » នឹងតាមដានលើបទពិសោធន៍របស់សិស្សជាមួយនឹងសកម្មភាពនេះ ។
សូមកំណត់ពីរបៀបដែលអ្នកនឹងសញ្ជឹងគិតអំពីតម្លៃរបស់អ្នកនៅក្នុងព្រះនេត្រនៃព្រះក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ។ នេះគឺជារបៀបមួយចំនួនដែលអ្នកអាចធ្វើកិច្ចការនេះបាន ។
-
សូមបង្កើតការរំឭក ហើយដាក់វានៅកន្លែងដែលអ្នកអាចមើលឃើញវាជាប្រចាំ ។ ការណ៍នេះអាចជាប័ណ្ណប្រកាស ឬផ្ទៃខាងក្រោយនៃទូរសព្ទឆ្លាតវៃ ដែលរួមបញ្ចូលរូបភាព និងប្រហែលជាសូម្បីតែពាក្យពេចន៍ពីក្នុងព្រះគម្ពីរ ។
-
សូមអធិស្ឋានជារៀងរាល់ព្រឹក និងពេលយប់ ដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលព្រះវរបិតាសួគ៌ទតឃើញពីអ្នក ។
-
សូមរៀបចំផែនការពេលវេលាទៀងទាត់ដើម្បីគិតពិចារណានៅក្នុងទិនានុប្បវត្តិរបស់អ្នកអំពីតម្លៃរបស់អ្នក ។
-
សូមចំណាយពេលអាន និងសិក្សាពររបស់លោកអយ្យកោរបស់អ្នកឲ្យបានស៊ីជម្រៅច្រើនដងបន្ថែមទៀត ។ សូមគិតអំពីរបៀបដែលអ្នកអាចអាន និងសិក្សាពីវាបែបផ្សេងៗ ដើម្បីយល់ពីអ្វីដែលព្រះវរបិតាសួគ៌របស់អ្នកចង់ឲ្យអ្នកដឹង និងមានគិតអំពីខ្លួនអ្នក ។
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះ និងតម្លៃដ៏គ្មានទីបញ្ចប់នៃសិស្សម្នាក់ៗ ដែលបានបង្ហាញតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
ទន្ទេញ
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០–១១ គឺ « តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញចាំ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។