« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:២១–៤៧ ៖ ‹ ដោយសារដៃទាំងឡាយរបស់អ្នករាល់គ្នា នោះយើងនឹងធ្វើកិច្ចការដ៏អស្ចារ្យ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:២១–៤៧ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២៩ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨
គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:២១–៤៧
« ដោយសារដៃទាំងឡាយរបស់អ្នករាល់គ្នា នោះយើងនឹងធ្វើកិច្ចការដ៏អស្ចារ្យមួយ »
នៅក្នុងខែ មិថុនា ឆ្នាំ ១៨២៩ ព្រះអង្គសង្គ្រោះបានប្រទានទំនួលខុសត្រូវឲ្យ អូលីវើរ ខៅឌើរី និង ដេវីឌ វិតមើរ ក្នុងការស្វែងរកបុរសដែលនឹងយកព្រះនាមរបស់ទ្រង់លើកដាក់លើខ្លួនពួកគេនូវ « ដោយបំណងចិត្តដ៏ពោរពេញ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:២៧ ) ។ បន្ទាប់មកបុរសទាំងនេះនឹងត្រូវបានហៅជាសមាជិកដំបូងនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីរបៀបដែលព្រះអម្ចាស់ជួយ និងប្រទានពរដល់យើងតាមរយៈការហៅពួកសាវករបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សាវកដប់ពីរនាក់
សកម្មភាពខាងក្រោមអាចជួយរៀបចំសិស្សឲ្យគិតអំពីជំនួយដែលព្រះអម្ចាស់ប្រទានឲ្យពួកគេតាមរយៈសាវក និងព្យាការីសម័យទំនើប ។
សូមសរសេរអាជីពខាងក្រោមនៅលើក្ដារខៀន ៖ វេជ្ជបណ្ឌិត មេកានិច ជាងឈើ ជាងដែក គ្រូបង្រៀន ។ អ្នកក៏អាចសុំឲ្យសិស្សដាក់ឈ្មោះអាជីពផ្សេងទៀត ដែលមនុស្សមានសមត្ថភាពពិសេសដើម្បីជួយយើង ។
សូមគិតអំពីកាលៈទេសៈមួយ ពេលអ្នកមានអំណរគុណចំពោះមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនេះ ។
-
តើជំនួយអ្វីខ្លះដែលមនុស្សទាំងនេះមានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្តល់ឲ្យយើង ?
-
តើពួកគេអាចមានលក្ខណៈសម្បត្តិដោយរបៀបណា ?
សូមពិចារណាបង្ហាញរូបភាពបច្ចុប្បន្នរបស់ គណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយព័ត៌មានខ្លីៗណាមួយដែលពួកគេដឹងអំពីបុរសទាំងនេះ រួមទាំងឈ្មោះ ព័ត៌មានលម្អិតក្រុមគ្រួសារ ឬប្រវត្តិអាជីពរបស់ពួកលោក ។ សូមធានាឲ្យបានថាសិស្សយល់ថាពួកសាវកត្រូវបានហៅដោយព្រះយេស៊ូវគ្រីស្ទ ដើម្បីថ្លែងទីបន្ទាល់អំពីទ្រង់ទូទាំងពិភពលោក ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សាវក » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
ព្រះអង្គសង្គ្រោះស្រឡាញ់យើង ហើយហៅសាវកឲ្យជួយយើងតាមរបៀបពិសេសៗ ។
-
តើជំនួយអ្វីដែលសាវករបស់ព្រះអង្គសង្គ្រោះមានលក្ខណៈសម្បត្តិពិសេសដើម្បីផ្តល់ឲ្យយើង ?
-
តើលក្ខណៈសម្បត្តិអ្វីខ្លះដែលអ្នកគិតថាព្រះអម្ចាស់ប្រើដើម្បីជ្រើសរើសសាវករបស់ទ្រង់ ?
សូមពន្យល់ថា ថ្ងៃនេះ សិស្សនឹងរៀនបន្ថែមទៀតអំពីពួកសាវក និងព្យាការីដែលព្រះអង្គសង្គ្រោះត្រាស់ហៅឲ្យដឹកនាំយើង ។ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលជីវិតរបស់ពួកគេបានជះឥទ្ធិពលដោយសារមានសាវក និងព្យាការីនៅលើផែនដីសព្វថ្ងៃនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកការបង្រៀនដែលអាចជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលជីវិតរបស់ពួកគេអាចបានទទួលពរជ័យតាមរយៈព្យាការី និងពួកសាវកនៅថ្ងៃចុងក្រោយ ។
លើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះគ្រីស្ទ
នៅក្នង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨ ព្រះអម្ចាស់បានបង្គាប់ឲ្យ ដាវីឌ វិតមើរ និង អូលីវើរ ខៅឌើរី ស្វែងរកបុរសដែលនឹងត្រូវហៅឲ្យបម្រើនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅថ្ងៃណាមួយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:៣៧–៣៨ ) ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:២១–២៧ ដោយរកមើលការប្រឹក្សារបស់ព្រះអង្គសង្គ្រោះចំពោះដាវីឌ និងអូលីវើរ ។
-
ហេតុអ្វីបានជាអ្នកគិតថាព្រះអម្ចាស់ចង់ឲ្យដាវីឌ និង អូលីវើរ យល់ពីអ្វីដែលអ្នកអាននៅក្នុងខគម្ពីរទាំងនេះ ?
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេគិតថា វាមានអត្ថន័យក្នុងការយកនាមរបស់ព្រះគ្រីស្ទមកដាក់លើខ្លួនពួកគេ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការចង្អុលបង្ហាញថា តាមរយៈពិធីបុណ្យជ្រមុជទឹក និងសាក្រាម៉ង់ យើងបង្ហាញថា យើងស្ម័គ្រចិត្តទទួលយកព្រះនាមរបស់ព្រះអង្គសង្គ្រោះដាក់លើខ្លួនយើង ។ សេចក្តីថ្លែងការណ៍ខាងក្រោមក៏អាចមានប្រយោជន៍ផងដែរ ៖
អែលឌើរ ប៉ូល ប៊ី ផែបភើរ នៃពួកចិតសិបនាក់បង្រៀនអំពីអត្ថន័យនៃការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ៖
ដោយការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះគ្រីស្ទ យើងតាំងចិត្តដើម្បី ទទួលយក ការបង្រៀន លក្ខណៈសម្បត្តិរបស់ទ្រង់ និងទីបំផុតសេចក្ដីស្រឡាញ់ទ្រង់ចូលយ៉ាងជ្រៅទៅក្នុងខ្លួនយើង ដើម្បីឲ្យធាតុទាំងនោះក្លាយជាចំណែកនៃខ្លួនយើង ។ ( ប៉ូល ប៊ី ផែបភើរ « All Must Take upon Them the Name Given of the Father » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៤៤ )
លក្ខណៈសម្បត្តិ និងទំនួលខុសត្រូវរបស់ពួកសាវក
ព្រះអម្ចាស់ក៏បង្គាប់ដាវីឌ និងអូលីវើរ អំពីលក្ខណៈសម្បត្តិចាំបាច់សម្រាប់អ្នកដែលនឹងត្រូវហៅជាសាវកដែរ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:២៦–២៧ ដោយស្វែងរកលក្ខណៈសម្បត្តិ ដែលមាននៅក្នុងខគម្ពីរទាំងនេះ ។ សូមចំណាំថាពាក្យ សិស្ស នៅក្នុង ខទី ២៧ គឺជាសេចក្តីយោងដល់អស់អ្នកដែលនឹងត្រូវបានហៅធ្វើជាសាវក ។
-
តើគុណសម្បត្តិអ្វីដែលព្រះអង្គសង្រ្គោះចង់ឲ្យពួកសាវករបស់ទ្រង់មាន ?
-
ហេតុអ្វីបានជាអ្នកគិតថាព្រះអង្គសង្គ្រោះចង់បានគុណសម្បត្តិនេះសម្រាប់អ្នកដែលបម្រើជាពួកសាវករបស់ទ្រង់ ?
-
តើការដឹងកិច្ចការនេះអំពីសាវករបស់ព្រះអង្គសង្គ្រោះអាចជួយអ្នកដោយរបៀបណា ?
សូមពន្យល់ថា ព្រះអង្គសង្គ្រោះបានគូសបញ្ជាក់អំពីទំនួលខុសត្រូវសាវកបន្ថែមនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨ និងនៅកន្លែងផ្សេងទៀតនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ សូមពិចារណាគូរតារាងខាងក្រោមនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យចម្លងវាទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ អ្នកអាចបន្ថែមអ្វីដែលសិស្សបានរៀនរួចហើយ ខទី ២៦–២៧ ។ បន្ទាប់មក សិស្សអាចអានខគម្ពីរដែលបានផ្ដល់ឲ្យជាលក្ខណៈបុគ្គល ឬជាក្រុមតូចៗ ហើយបំពេញតារាងនេះក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់មក ក្រុមនីមួយៗអាចបន្ថែមចម្លើយរបស់ពួកគេមួយ ឬពីរទៅក្នុងបញ្ជីនៅលើក្ដារខៀន ។
សូមប្រើ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:២៦–៣៦ និង ១០៧:២៣ ដើម្បីបំពេញនៅក្នុងតារាងខាងក្រោម ៖
|
តើព្រះអម្ចាស់ចង់បានគុណសម្បត្ដិអ្វីខ្លះនៅក្នុងពួកសាវកដប់ពីរ ? |
តើព្រះអម្ចាស់ចង់ឲ្យពួកសាវកធ្វើអ្វីខ្លះ ដើម្បីជួយនាំអ្នកដទៃមករកទ្រង់ ? |
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យគូសរង្វង់នៅលើក្ដារខៀននូវអ្វីមួយអំពីសាវក ដែលពួកគេគិតថាសំខាន់ ឬប្រកបដោយអត្ថន័យ ។ សូមឲ្យពួកគេចែកចាយពីមូលហេតុ ។ អ្នកក៏អាចពិភាក្សាសំណួរខាងក្រោមផងដែរ ៖
-
តើអ្នកបានរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះអំពីរបៀបដែលព្រះអម្ចាស់អាចជួយអ្នក និងអ្នកដទៃតាមរយៈពួកសាវកទាំងនេះ ?
-
តើអ្នកនឹងសង្ខេបអ្វីដែលអ្នកបានរៀនអំពីពួកសាវកចេញពីខគម្ពីរទាំងនេះដោយរបៀបណា ?
សូមជួយសិស្សសង្ខេបសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ពួកសាវករបស់ព្រះអង្គសង្រ្គោះជួយយើងមករកទ្រង់ និងរៀនពីព្រះបន្ទូលរបស់ទ្រង់ ។
-
តើអ្នកមើលឃើញពួកសាវករបស់ព្រះអង្គសង្រ្គោះជួយអ្នក និងអ្នកដទៃឲ្យមករកទ្រង់នៅសព្វថ្ងៃនេះដោយរបៀបណា ?
ឧទាហរណ៍ និងការបង្រៀនពីពួកសាវកសម័យទំនើប
សូមផ្តល់ពេលវេលាដល់សិស្សដើម្បីមើលឧទាហរណ៍ពីពួកសាវកសម័យទំនើបដែលជួបនឹងគុណសម្បត្តិ និងការបំពេញការទទួលខុសត្រូវដែលព្រះអម្ចាស់បានចែងនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨ ។ កថាខណ្ឌខាងក្រោមអាចជួយក្នុងរឿងនេះ ។
សូមចំណាយពេលខ្លះដើម្បីសិក្សាការបង្រៀនរបស់ពួកសាវកបច្ចុប្បន្នមួយ ឬច្រើន ។ អ្នកអាចសិក្សាសុន្ទរកថាសន្និសីទទូទៅថ្មីៗ អត្ថបទទស្សនាវដ្ដីសាសនាចក្រ ឬការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ។ នៅពេលអ្នកសិក្សា សូមរកមើលរបៀបដែលពួកសាវកបំពេញតួនាទីរបស់ពួកលោកក្នុងការជួយយើងមករកព្រះគ្រីស្ទ ។ អ្នកប្រហែលជាអាចស្វែងរកសារលិខិតពីសាវកម្នាក់ដែលមានប្រសាសន៍អំពីតម្រូវការ ឬសំណួរជាក់លាក់ដែលអ្នកមាន ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ក្នុងការសិក្សាហើយ សូមអនុញ្ញាតឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀនជាមួយនឹងថ្នាក់ ឬជាក្រុមតូចៗ ។