« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦–១៩ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៣៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៩
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ២
ការសញ្ជឹងគិត និងការវាយតម្លៃលើការរៀនសូត្រខាងវិញ្ញាណរបស់យើងអាចជួយយើងឲ្យខិតទៅកាន់តែជិតនឹងព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយសិស្សឲ្យចងចាំ និងវាយតម្លៃពីរបៀបដែលបទពិសោធន៍របស់ពួកគេមកដល់ពេលនេះ នៅក្នុងការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាបានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
វាយតម្លៃការសិក្សារបស់អ្នក
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរនៅលើក្រដាសមួយសន្លឹកពីអ្វីដែលពួកគេធ្វើ ដែលតម្រូវឲ្យមានការអនុវត្តជាទៀងទាត់ ។ បន្ទាប់មក សូមឲ្យពួកគេហុចក្រដាសរបស់ពួកគេមកខាងមុខ ។ សូមអានចំណុចមួយចំនួនឲ្យឮៗ ហើយមើលថា សិស្សអាចទស្សន៍ទាយថាតើអ្នកកំពុងអានក្រដាសរបស់នរណា ។ បន្ទាប់ពីអានក្រដាសនីមួយៗរួចហើយ អ្នកអាចសួរទៅសិស្សដែលសរសេរវានូវសំណួរដូចខាងក្រោម ។
-
តើការរីកចម្រើនរបស់អ្នកកើតមានឡើងលឿនប៉ុនណានៅក្នុងសកម្មភាពនេះ ?
-
ហេតុអ្វីការវាយតម្លៃពីការរីកចម្រើនរបស់អ្នកមានសារៈសំខាន់ ? តើវាអាចជះឥទ្ធិពលដល់បំណងប្រាថ្នារបស់អ្នកយ៉ាងដូចម្តេច ?
សូមជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការសញ្ជឹងគិតពីការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ និងការខិតខំរបស់ពួកគេដើម្បីប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ គ្រីស្ទ ។ ការសញ្ជឹងគិតបែបនេះអាចលើកទឹកចិត្តពួកគេឲ្យបន្តព្យាយាម ។ ព្រះវិញ្ញាណបរិសុទ្ធអាចជួយពួកគេឲ្យស្គាល់ ទោះជាការរីកចម្រើននោះតិចតួចក្ដី ។ ប្រសិនបើចាំបាច់ សូមជួយសិស្សឲ្យយល់ថា ទោះបីជាពួកគេមានអារម្មណ៍ថា ពួកគេគ្មានការរីកចម្រើនក្ដី ក៏ការសញ្ជឹងគិតពីការរីកចម្រើនរបស់ពួកគេជួយពួកគេឲ្យមើលឃើញពីអ្វីដែលពួកគេអាចធ្វើដើម្បីដើរឆ្ពោះទៅមុខបានដែរ ។ វាអាចជារឿងមានប្រយោជន៍ដោយឲ្យសិស្សឆ្លើយតបទៅនឹងសំណួរមួយ ឬច្រើនដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្វីដែលអ្នកបានរៀននៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាបានជះឥទ្ធិពលលើអារម្មណ៍របស់អ្នកអំពីដំណឹងល្អដោយរបៀបណា ?
-
តើការមានការខិតខំជាបន្តបន្ទាប់បានជះឥទ្ធិពលដល់ការរីកចម្រើនខាងវិញ្ញាណ និងសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនបានរីកចម្រើនខាងវិញ្ញាណទេ តើមានការកែតម្រូវតូចៗអ្វីខ្លះ ដែលអ្នកអាចធ្វើបាននៅក្នុងកិច្ចការដែលអ្នកធ្វើជាទៀងទាត់ ?
អ្នកគួរឲ្យសិស្សវាយតម្លៃលើអារម្មណ៍ ឬការរីកចម្រើនរបស់ពួកគេក្នុងប្រធានបទដែលអ្នកបានពិភាក្សានៅក្នុងមេរៀនជាក់លាក់ ។ សូមពិចារណាប្រើគំនិតមួយចំនួនដូចខាងក្រោម ។
ការពន្យល់អំពីការចេញមកនៃព្រះគម្ពីរមរមន
នៅប៉ុន្មានសប្ដាហ៍មុននេះ សិស្សប្រហែលជាបានរៀនអំពីការលេចចេញមកដ៏អស្ចារ្យនៃព្រះគម្ពីរមរមន ។ សូមពិចារណាបំបែកសិស្សជាគូដើម្បីរៀបចំខ្លួនពន្យល់ពីព្រះគម្ពីរមរមនទៅកាន់សិស្សមួយគូទៀត ។ អ្នកអាចទុកឱកាសឲ្យពួកគេសង្ខេបពីអ្វីដែលពួកគេបានរៀន ដើម្បីឆ្លើយទៅនឹងសាច់រឿងមួយដូចខាងក្រោមនេះ ។
សូមស្រមៃថា មានមនុស្សម្នាក់ចង់ដឹងខ្លាំងអំពីជំនឿរបស់អ្នកលើព្រះគម្ពីរមរមន ហើយបានសុំឲ្យអ្នកជួយពន្យល់ពួកគេថា តើព្រះគម្ពីរមរមនជាអ្វី ហើយថាវាមកពីណា ។ តើអ្នកនឹងពន្យល់វាដោយរបៀបណា ?
អ្នកអាចធ្វើចំណុចមួយចំនួនខាងក្រោមនេះនៅក្នុងការពន្យល់របស់អ្នក ៖
-
សូមប្រាប់ពួកគេពីដំណើររឿង អំពីរបៀបដែលព្រះគម្ពីរមរមនលេចចេញមក ដោយប្រើពាក្យពេចន៍របស់អ្នកផ្ទាល់ ។ ( អ្នកអាចស្វែងរកបទគម្ពីរដែលនឹងជួយដល់អ្នក ឬដំណើររឿងប្រវត្តិសាស្រ្តដែលអ្នកអាចសង្ខេបបាន ) ។
-
សូមប្រើរូបភាពដែលអាចជួយអ្នកឲ្យពន្យល់ពីរឿងនោះ ។
-
សូមចែកចាយអារម្មណ៍ និងបទពិសោធន៍របស់អ្នកអំពីព្រះគម្ពីរមរមន ។
ប្រសិនបើសិស្សត្រូវការការណែនាំមួយចំនួន អ្នកអាចណែនាំពួកគេឲ្យពន្យល់ពីដំណើររឿងមួយចំនួនដូចខាងក្រោម ។ ពួកគេអាចប្រើរូបភាពដូចខាងក្រោមដើម្បីជួយដល់ពួកគេនៅក្នុងការពន្យល់របស់ពួកគេបាន ។
-
ទេវតាមរ៉ូណៃយាងមកជួប យ៉ូសែប ស្ម៊ីធ; ផ្ទាំងមាស ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣០–៥៤ )
-
ការបកប្រែដោយអំណោយទាន និងព្រះចេស្តារបស់ព្រះ
-
ពួកសាក្សីបីនាក់នៃផ្ទាំងចំណារមាស ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥:១១–១៥; ១៧:១–៥ )
ការដឹងពីតម្លៃដ៏មហិមានៃព្រលឹងរបស់អ្នកចំពោះព្រះ
ប្រសិនបើសិស្សមានឱកាសដើម្បីសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១–១៣ នៅក្នុងថ្នាក់សិក្ខាសាលា អ្នកគួរអញ្ជើញឲ្យពួកគេធ្វើសកម្មភាពដូចខាងក្រោម ។ បើអ្នកធ្វើសកម្មភាពនេះ សូមអនុញ្ញាតឲ្យសិស្សចែកចាយអ្វីដែលមានអត្ថន័យសម្រាប់ពួកគេអំពីបទពិសោធន៍ និងរបៀបដែលវាប៉ះពាល់ដល់ពួកគេ ។
នៅក្នុងមេរៀនមុន អ្នកត្រូវបានអញ្ជើញឲ្យពិចារណាឲ្យស៊ីជម្រៅអំពីតម្លៃរបស់អ្នកនៅក្នុងព្រះនេត្រនៃព្រះ ។ អ្នកប្រហែលជាបានបង្កើតការរំឭកមួយដែលអ្នកនឹងមើលឃើញជាប្រចាំ ( ដូចជា ប័ណ្ណប្រកាស ឬរូបផ្ទៃអេក្រង់ទូរសព្ទ ) ចូលរួមនៅក្នុងការអធិស្ឋានដែលមានការផ្ដោតកាន់តែខ្លាំង ចំណាយពេលសរសេរសៀវភៅកំណត់ហេតុ សិក្សាពីពររបស់លោកអយ្យកោរបស់អ្នក ឬធ្វើអ្វីមួយផ្សេង ។
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីជួយអ្នកឲ្យពិចារណាច្រើនពីតម្លៃរបស់អ្នកចំពោះព្រះ ?
-
តើមានភាពខុសគ្នាអ្វីខ្លះដែលអ្នកបានសម្គាល់ឃើញនាពេលថ្មីៗនេះរវាងរបៀបដែលពិភពលោកនេះកំណត់តម្លៃ និងរបៀបដែលព្រះកំណត់តម្លៃ ?
-
តើថ្មីៗនេះអ្នកបានរៀនអ្វីខ្លះដែលបានបញ្ជាក់ ឬបានបង្កើនទំនុកចិត្តរបស់អ្នកថា អ្នកមានតម្លៃមហិមានៅក្នុងព្រះនេត្រនៃព្រះ ?
សិស្សរបស់អ្នកមួយចំនួនប្រហែលជាមិនបានធ្វើអ្វីនៅប៉ុន្មានសប្ដាហ៍មុននេះទេ ដើម្បីទទួលបានអារម្មណ៍ពីតម្លៃរបស់ពួកគេចំពោះព្រះ ។ សូមគិតគូរចំពោះសិស្សទាំងនេះ ដែលជាផ្នែកមួយនៃការពិភាក្សានេះ ។ សូមកុំស្ទាក់ស្ទើរដើម្បីអញ្ជើញសិស្សឲ្យចាប់ផ្ដើម ឬបន្តធ្វើសកម្មភាពនេះនៅសប្ដាហ៍ក្រោយ ។ សូមអះអាងដល់ពួកគេថា ព្រះវរបិតាសួគ៌របស់ពួកគេនឹងបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់ទ្រង់ដល់ពួកគេ នៅពេលពួកគេធ្វើសកម្មភាពនេះ ។
ការទទួលវិវរណៈផ្ទាល់ខ្លួន
ប្រសិនបើអ្នកប្រើដ្យាក្រាមខាងក្រោមក្នុងមេរៀនកាលពីសប្ដាហ៍មុន អ្នកគួរតែដាក់បង្ហាញវាឲ្យសិស្សឃើញ ឬគូរវានៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀនកាលពីប៉ុន្មានសប្ដាហ៍មុនអំពីរបៀបទទួល និងស្គាល់វិវរណៈផ្ទាល់ខ្លួន ។
ដើម្បីជួយសិស្សឲ្យវាយតម្លៃពីរបៀបដែលពួកគេបានអនុវត្តគោលការណ៍នៃវិវរណៈនៅក្នុងជីវិតរបស់ពួកគេ សូមអញ្ជើញពួកគេឲ្យបំពេញឃ្លាមួយ ឬច្រើនដូចខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។
សូមជ្រើសរើសឃ្លាទាំងនេះមួយចំនួន ហើយបំពេញវានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ អ្នកប្រហែលជាទទួលអារម្មណ៍បំផុសគំនិតឲ្យកត់ត្រាគំនិត និងការបំផុសផ្សេងៗទៀត ។ ត្រូវប្រាកដថា អ្នកធ្វើដូច្នោះ ។
រឿងដ៏សំខាន់បំផុតដែលខ្ញុំបានរៀនសូត្រនាពេលថ្មីៗនេះអំពីវិវរណៈមកពីព្រះវរបិតាសួគ៌គឺ …
រឿងមួយចំនួនដែលខ្ញុំបានខិតខំនាពេលថ្មីៗនេះដើម្បីទទួលបានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ រួមមាន …
រឿងមួយដែលទំនងជាជះឥទ្ធិពលដល់លទ្ធភាពរបស់ខ្ញុំដើម្បីទទួលវិវរណៈគឺ …
បទពិសោធន៍មួយដែលខ្ញុំមាននាពេលថ្មីៗនេះ ដែលខ្ញុំមិនអាចបំភ្លេចបានគឺ …
ខ្ញុំចង់បន្តបង្កើនលទ្ធភាពរបស់ខ្ញុំដើម្បីទទួលវិវរណៈមកពីព្រះដោយសារ …
ដើម្បីបង្កើនលទ្ធភាពរបស់ខ្ញុំបន្ថែមទៀតក្នុងការទទួលវិវរណៈមកពីព្រះ ខ្ញុំតាំងចិត្តដើម្បី …
សូមអញ្ជើញសិស្សឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់អំពីការសញ្ជឹងគិតរបស់ពួកគេណាមួយ អំពីការទទួលបានវិវរណៈផ្ទាល់ខ្លួនមកពីព្រះ ។ សូមសួរសំណួរដូចខាងក្រោមដែលជួយសិស្សឲ្យឆ្លើយតប និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ។ សំណួរទាំងនេះមានដូចជា « តើអ្នកចាប់អារម្មណ៍អ្វីខ្លះទៅលើអ្វីដែលមិត្តរួមថ្នាក់របស់អ្នកបានចែកចាយ ? » ឬ « តើមានអ្វីមួយទៅដែលមិត្តរួមថ្នាក់របស់អ្នកបានចែកចាយ ដែលអ្នកនឹងចង់សាកល្បងដែរ ? »