« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១–២៤ ផ្នែកទី ២ ៖ ‹ យើងជា [ ព្រះយេស៊ូវគ្រីស្ទ ] បានរងទុក្ខនូវការទាំងនេះជំនួសមនុស្សទាំងអស់ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១–២៤ ផ្នែកទី ២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៣២ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១–២៤ ផ្នែកទី ២
« យើងជា [ ព្រះយេស៊ូវគ្រីស្ទ ] បានរងទុក្ខនូវការទាំងនេះជំនួសមនុស្សទាំងអស់ »
ព្រះអម្ចាស់បានបង្រៀនសេចក្ដីពិតដ៏មានឥទ្ធិពលអំពីដង្វាយធួនរបស់ទ្រង់ដល់ ម៉ាទិន ហារិស នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩ ។ ការប្រែចិត្តសម្រាប់អំពើបាបរបស់យើងគឺអាចធ្វើទៅបានតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ ដោយសារទ្រង់ និងដង្វាយធួនដ៏មេត្តាករុណា និងពេញដោយក្តីស្រឡាញ់របស់ទ្រង់ នោះយើងអាចបានស្អាតតាមរយៈការប្រែចិត្តរបស់យើង ។ មេរៀនអាចជួយសិស្សឲ្យមានអំណរគុណកាន់តែជ្រាលជ្រៅចំពោះអំណោយទាននៃការប្រែចិត្តរបស់ព្រះអង្គសង្គ្រោះ ដែលវាអាចកើតឡើងបានតាមរយៈពលិកម្មធួនដ៏មហិមារបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្តីពិតពិត ឬរឿងមិនពិតដែលមនុស្សនិយមជឿ ?
ដើម្បីចាប់ផ្តើមថ្នាក់ សូមជួយសិស្សវាយតម្លៃនូវអ្វីដែលពួកគេដឹង ឬជឿអំពីការប្រែចិត្ត ។ មធ្យោបាយមួយដែលអាចធ្វើបានគឺត្រូវអញ្ជើញពួកគេឲ្យវាយតម្លៃសេចក្តីថ្លែងការខាងក្រោម ។ អ្នកអាចបោះពុម្ពសេចក្តីថ្លែងការណ៍នីមួយៗដោយឡែកពីគ្នា ហើយដាក់បង្ហាញវានៅលើក្តារខៀន ។ បន្ទាប់មក សិស្សអាចបែងចែកសេចក្តីថ្លែងការណ៍ទៅជាប្រភេទនៃ សេចក្តីពិត ឬ រឿងមិនពិតដែលមនុស្សនិយមជឿ ។ ជម្រើសមួយទៀតគឺរៀបចំការស្ទង់មតិឌីជីថលជាអនាមិក ហើយអញ្ជើញសិស្សឲ្យឆ្លើយតប ។
តើសេចក្តីថ្លែងការណ៍ខាងក្រោមនេះជា សេចក្តីពិត ឬជា រឿងមិនពិតដែលមនុស្សនិយមជឿ ?
-
គោលបំណងសំខាន់នៃការប្រែចិត្តគឺដើម្បីដាក់ទោសមនុស្សមានបាប ។
-
អស់អ្នកដែលមិនប្រែចិត្តនឹងមិនស័ក្តិសមដើម្បីត្រឡប់ទៅរស់នៅជាមួយព្រះវិញឡើយ ។
-
ទោះជាវាអាចពិបាកក៏ដោយ ការប្រែចិត្តគឺមានតម្លៃ ។
-
ការប្រែចិត្តគឺជាអំណោយទានមកពីព្រះ ។
-
ព្រះវរបិតាសួគ៌ពិតជាមិនអាចស្រឡាញ់ខ្ញុំទេ លុះត្រាតែខ្ញុំប្រែចិត្ត ។
-
ការប្រែចិត្តគឺជាដំណើរការដែលគ្មានការឈឺចាប់ ។
សំណួរខាងក្រោមអាចជួយណែនាំការពិភាក្សាអំពីការឆ្លើយតបរបស់សិស្ស ។ សម្រាប់ចំណុចពិភាក្សាដ៏មានអត្ថប្រយោជន៍ សូមមើលGospel Topics « Repentance » នៅគេហទំព័រ topics.ChurchofJesusChrist.org ឬ « Eight Myths about Repentance » Liahona ខែ មីនា ឆ្នាំ ២០១៦ ទំព័រ ៥២–៥៥ ។
កំណត់ចំណាំ ៖ សូមកុំចំណាយពេលពិភាក្សាច្រើនពេក សិស្សនឹងប្រៀបធៀបសេចក្ដីថ្លែងការណ៍ទាំងនេះជាមួយនឹងការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅពេលក្រោយនៅក្នុងមេរៀននេះ ។
-
តើអ្វីធ្វើឲ្យសេចក្តីថ្លែងការណ៍ទាំងនេះជាការពិត ឬរឿងមិនពិតដែលមនុស្សនិយមជឿ ?
-
ហេតុអ្វីបានជាមនុស្សមួយចំនួនជឿថារឿងមិនពិតដែលមនុស្សនិយមជឿនោះគឺជាការពិត ?
សូមអញ្ជើញសិស្សឲ្យកត់ត្រាដោយសង្ខេបនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេអំពីអារម្មណ៍របស់ពួកគេផ្ទាល់ពីការប្រែចិត្ត ។ អ្នកអាចសុំឲ្យពួកគេបញ្ចូលគំនិតរបស់ពួកគេអំពីសេចក្តីពិត និងរឿងមិនពិតដែលមនុស្សនិយមជឿដែលពួកគេបានពិភាក្សា ។
នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩ ព្រះអម្ចាស់បានឆ្លើយតបទៅនឹងកង្វល់របស់ ម៉ាទិន ហារិស អំពីសក្តានុពលដែលត្រូវបាត់បង់កសិដ្ឋានរបស់គាត់ ដើម្បីចំណាយលើការបោះពុម្ពព្រះគម្ពីរមរមន ។ ព្រះអម្ចាស់បានបង្រៀនម៉ាទិនអំពីការប្រែចិត្ត និងអំពីការពលិកម្មដ៏ធួនមហិមារបស់ទ្រង់ ។ នៅពេលអ្នកសិក្សាថ្ងៃនេះ អ្នកអាចនឹងចង់កត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីសេចក្ដីពិតដែលអ្នករៀនអំពីព្រះអង្គសង្គ្រោះ និងពរជ័យនៃការប្រែចិត្តដែលទ្រង់ប្រទានដល់យើង ។
ការរងទុក្ខរបស់បញ្ឈប់ការរងទុក្ខរបស់យើង
សម្រាប់សកម្មភាពរៀនសូត្រខាងក្រោមនេះ សិស្សអាចធ្វើការជាលក្ខណៈបុគ្គល ឬជាក្រុមតូចៗ ។ សូមលើកទឹកចិត្តសិស្សឲ្យមានគារវភាព នៅពេលពួកគេសិក្សាខគម្ពីរទាំងនេះ ។
សិស្សអាចចាប់អារម្មណ៍ដើម្បីដឹងថា គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១៦–១៩ គឺជាដំណើររឿងព្រះគម្ពីរតែមួយគត់ ដែលរួមបញ្ចូលការពិពណ៌នាផ្ទាល់ខ្លួនរបស់ព្រះអង្គសង្គ្រោះអំពីការរងទុក្ខរបស់ទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១៥–២០ ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះចង់ឲ្យអ្នករៀនអំពីទ្រង់ និងអំពីការប្រែចិត្ត ។ អ្នកអាចនឹងចង់អធិស្ឋាន ហើយអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកយល់ពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យអ្នកដឹង និងទទួលយល់ពីខគម្ពីរទាំងនេះ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១៦–១៩ គឺជាចំណេះចំណានខគម្ពីរ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
នៅពេលសិស្សចែកចាយអ្វីដែលពួកគេកំពុងរៀន នោះព្រះវិញ្ញាណបរិសុទ្ធអាចពង្រឹងទីបន្ទាល់របស់ពួកគេអំពីសេចក្ដីពិតទាំងនោះ ។ របៀបមួយដើម្បីផ្តល់ឱកាសនេះគឺផ្តល់ឲ្យក្រុមនីមួយៗនូវក្រដាសដែលមានពាក់កណ្តាលសន្លឹក ។ សូមអញ្ជើញក្រុមឲ្យសរសេរលើក្រដាសនូវសេចក្ដីពិតដ៏មានអត្ថន័យ ដែលពួកគេបានរៀនអំពីការប្រែចិត្ត ឬអំពីព្រះអង្គសង្គ្រោះចេញពីការសិក្សារបស់ពួកគេ ។ សូមអញ្ជើញអ្នកតំណាងមកពីក្រុមនីមួយៗឲ្យឈរ អានសេចក្តីពិតរបស់ពួកគេឲ្យឮៗ បន្ទាប់មកបង្ហាញវានៅលើក្ដារខៀន ។
សូមអញ្ជើញក្រុមឲ្យប្រៀបធៀបអ្វីដែលសិស្សបានរៀនពីខគម្ពីរជាមួយនឹងសេចក្ដីពិត និងរឿងមិនពិតដែលមនុស្សនិយមជឿដែលបានពិនិត្យឡើងវិញនៅខាងដើមថ្នាក់ ។ ពួកគេអាចពិភាក្សាសំណួរដូចតទៅនេះ ៖
-
តើការបង្រៀនរបស់ព្រះអង្គសង្គ្រោះអាចជួយយើងកាន់តែងាយសម្គាល់សេចក្ដីពិត និងរឿងមិនពិតដែលមនុស្សនិយមជឿអំពីការប្រែចិត្តដោយរបៀបណា ?
-
តើអ្នកអាចសរសេរឡើងវិញនូវដំណោះស្រាយទាំងនេះឲ្យបានត្រឹមត្រូវ ដើម្បីឆ្លុះបញ្ចាំងពីសេចក្តីពិតអំពីការប្រែចិត្តដោយរបៀបណា ?
ការបញ្ជាក់ពីសេចក្តីពិតដូចតទៅនេះ ៖ ព្រះយេស៊ូវគ្រីស្ទស្ម័គ្រព្រះទ័យរងទុក្ខនូវដង្វាយធួនរបស់ទ្រង់សម្រាប់មនុស្សទាំងអស់ ( ខទី ១៦, ១៩ ) ។ ប្រសិនបើយើងជ្រើសរើសមិនប្រែចិត្តទេ នោះយើងនឹងទទួលរងនូវការដាក់ទោសចំពោះអំពើបាបរបស់យើង ( ខទី ១៧ ) ។
ដើម្បីជួយសិស្សយល់ពីសារៈសំខាន់នៃសេចក្តីពិតទាំងនេះ សូមពិចារណាពិភាក្សាអំពីសំណួរដូចខាងក្រោម ៖
-
តើព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះផ្ទាល់អំពីដង្វាយធួនរបស់ទ្រង់មានឥទ្ធិពលលើរបៀបដែលអ្នកមានអារម្មណ៍ចំពោះទ្រង់យ៉ាងដូចម្ដេច ? ហេតុអ្វី ?
-
តើបទបញ្ញត្តិរបស់ព្រះអម្ចាស់ឲ្យប្រែចិត្ត បង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងដោយរបៀបណា ?
-
តើការយល់ដឹងពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះយើងអាចបង្កើនបំណងប្រាថ្នារបស់យើងដើម្បីប្រែចិត្តតាមរបៀបណា ?
អំណោយទានរបស់ព្រះអង្គសង្រ្គោះពីការប្រែចិត្ត
សូមផ្តល់ឱកាសឲ្យសិស្សពិចារណាពីរបៀបដែលពួកគេមានអារម្មណ៍អំពីព្រះអង្គសង្រ្គោះ ។ អ្វីដែលមានខាងក្រោមនេះគឺជារបៀបខុសគ្នាបីយ៉ាងដែលអ្នកអាចធ្វើការណ៍នេះបាន ។ អ្នកអាចចែកចាយវីដេអូ អញ្ជើញសិស្សឲ្យសិក្សាសេចក្ដីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រ ឬច្រៀងទំនុកតម្កើងជាមួយគ្នាជាថ្នាក់ទាំងមូល ។ អ្នកអាចប្រើការណ៍នេះមួយ ឬច្រើនវាអាស្រ័យលើតម្រូវការរបស់សិស្សអ្នក និងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។
វីដេអូ
អ្នកអាចចង់បង្ហាញវីដេអូ « For God So Loved the World » ( ៤:៤៨ ) ចាប់ផ្ដើមនៅនាទីទី ១:៥៦ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ហើយអាចជួយសិស្សឲ្យស្រមៃឃើញពីអ្វីដែលព្រះអង្គសង្គ្រោះមានព្រះទ័យនឹងរងទុក្ខ ដើម្បីផ្តល់ឱកាសឲ្យយើងប្រែចិត្ត ។ ប្រសិនបើអ្នកជ្រើសរើសបង្ហាញវា សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យបង្ហាញពីអារម្មណ៍របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ និងអំណោយទាននៃការប្រែចិត្តដែលមាននៅបន្ទាប់មក ។
សេចក្តីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ
សូមពិចារណាបំបែកសេចក្តីថ្លែងការណ៍ពីរនៅក្នុងសំណៅចែកដែលជាប់មកជាមួយ ហើយផ្តល់ឲ្យសិស្សសេចក្តីថ្លែងការណ៍មួយទៅសិស្សម្នាក់ៗ ។ អញ្ជើញពួកគេឲ្យសិក្សាវា ហើយសរសេរនៅខាងក្រោយពីមូលហេតុដែលវាសំខាន់សម្រាប់ក្មេងជំទង់ត្រូវយល់ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យប្តូរក្រដាសជាមួយសិស្សដែលមានសេចក្តីថ្លែងការណ៍ផ្សេងទៀត ហើយអានទាំងសេចក្តីថ្លែងការណ៍ និងអ្វីដែលសិស្សម្នាក់ទៀតបានសរសេរ ។
ព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តរបស់យើង
អែលឌើរ លីន ជី រ៉ូប៊ីន ក្នុងពួកចិតសិបនាក់បានសង្កេតឃើញថា ៖
គ្មាននរណាម្នាក់នៅខាងយើងច្រើនជាងព្រះអង្គសង្គ្រោះនោះទេ ។ …
ការប្រែចិត្តពុំមែនជាផែនការបម្រុងនៅក្នុងព្រឹត្តិការណ៍ដែលយើងអាចបរាជ័យឡើយ ។ ការប្រែចិត្ត គឺជា ផែនការរបស់ទ្រង់ ដោយដឹងថា យើងនឹងមានកំហុស ។ ( លីន ជី រ៉ូប៊ីន « Until Seventy Times Seven »Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២២ )
ប្រធាន រ័សុល អិម ណិលសុន បានថ្លែងទីបន្ទាល់ ៖
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏អស្ចារ្យបំផុត « ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង » [ ហេព្រើរ ១២:២ ] ។ ចូរគិតអំពីរឿងនេះ ! ដើម្បីឲ្យទ្រង់អាចស៊ូទ្រាំនឹងបទពិសោធន៍ដ៏ឈឺចាប់បំផុតដែលទ្រង់បានស៊ូទ្រាំនៅលើផែនដីនេះបាន នោះព្រះអង្គសង្គ្រោះយើងបានផ្តោតព្រះទ័យទ្រង់ទៅលើ សេចក្តីអំណរ !
ហើយតើមានអំណរអ្វីខ្លះដែលនៅចំពោះទ្រង់នោះ ? ប្រាកដណាស់វារួមមានអំណរនៃការជ្រះស្អាត ការព្យាបាល និងការពង្រឹងដល់យើង អំណរនៃការបង់ថ្លៃចំពោះអំពើបាបនៃអស់អ្នកដែលប្រែចិត្ត អំណរនៃការធ្វើឲ្យបងប្អូន និងរូបខ្ញុំអាចត្រឡប់ទៅផ្ទះវិញ—ឲ្យជ្រះស្អាត និងមានភាពស័ក្តិសម—ដើម្បីរស់នៅជាមួយព្រះមាតាបិតា និងក្រុមគ្រួសារសួគ៌ា ។ ( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨៣ )
ទំនុកតម្កើងអំពីព្រះអង្គសង្គ្រោះ
ប្រសិនបើអ្នកប្រើជម្រើសនេះ អ្នកអាចអនុញ្ញាតឲ្យសិស្សចែកចាយឃ្លាអំពីព្រះអង្គសង្គ្រោះពីទំនុកតម្កើងផ្សេងៗ ដែលបង្រៀនអំពីអំណោយទាននៃការប្រែចិត្តរបស់ទ្រង់ ។ អាស្រ័យលើតម្រូវការ និងសមត្ថភាពរបស់សិស្សរបស់អ្នក អ្នកអាចជ្រើសរើសច្រៀងចម្រៀងមួយចំនួនជាថ្នាក់ទាំងមូល ។ អ្នកអាចស្នើឲ្យសិស្សភ្ជាប់ទំនុកតម្កើងទាំងនេះទៅ គោលលទ្ធិ និងសេចក្តី សញ្ញា ១៩:១៦–១៩ នៅក្នុងព្រះគម្ពីររបស់ពួកគេ ។
ការពិចារណាផ្ទាល់ខ្លួន
សូមទុកពេលឲ្យសិស្សគិតពិចារណាពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ ។ អ្នកអាចអញ្ជើញពួកគេឲ្យកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ អ្នកអាចអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេអាចអញ្ជើញពរជ័យនៃការប្រែចិត្តរបស់ព្រះអង្គសង្គ្រោះមកក្នុងជីវិតរបស់ពួកគេយ៉ាងពេញលេញ ។
សូមយកចិត្តទុកដាក់ទៅនឹងការបំផុសគំនិតនៃព្រះវិញ្ញាណ ។ អ្នកក៏គួរអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេជាមួយគ្នាទៅវិញទៅមក ។
ទន្ទេញ
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគម្លឹះគឺ [ ព្រះយេស៊ូវគ្រីស្ទ ] បានរងទុក្ខនូវការទាំងនេះជំនួសមនុស្សទាំងអស់ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញចាំ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។