« មេរៀនទី ២៤—យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧៥ ; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣ ៖ ការស្តារបព្វជិតភាពឡើងវិញ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា( ឆ្នាំ ២០២៥ )
« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧៥ ; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២៤—គោលលទ្ធិ និងសេចក្ដីសញ្ញា ១២–១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧៥; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣
ការស្ដារបព្វជិតភាពឡើងវិញ
នៅខណៈពេលកំពុងធ្វើការបកប្រែព្រះគម្ពីរមរមន យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បានដឹងថា ព្រះយេស៊ូវគ្រីស្ទបានប្រទានសិទ្ធិអំណាចដល់ពួកសាសន៍នីហ្វៃឲ្យធ្វើពិធីបុណ្យជ្រមុជទឹក ។ នៅពេលដែលពួកលោកបានខ្នះខ្នែងដើម្បីដឹងបន្ថែមទៀតប្រកបដោយការអធិស្ឋាន នោះយ៉ូហាន បាទីស្ទ ហើយក្រោយមក ពេត្រុស យ៉ាកុប និង យ៉ូហាន បានមកជួបនឹង យ៉ូសែប និង អូលីវើរ ដែលពួកលោកត្រូវបានបញ្ជូនមកឲ្យស្ដារសិទ្ធិអំណាចបព្វជិតភាពនៅលើផែនដីនេះឡើងវិញ ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ដឹងពីសារៈសំខាន់នៃការស្ដារឡើងវិញនូវសិទ្ធិអំណាចបព្វជិតភាពរបស់ព្រះអង្គសង្គ្រោះបាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះអង្គសង្គ្រោះប្រទានសិទ្ធិអំណាចរបស់ទ្រង់
សូមជួយសិស្សឲ្យគិតពីមូលហេតុដែលការស្ដារបព្វជិតភាពឡើងវិញមានសារៈសំខាន់ចំពោះពួកគេ ។ អ្នកអាចនឹងធ្វើការណ៍នេះបាន ដោយការបង្ហាញរូបភាពទាំងនេះ និងការសួរសំណួរនានាដូចខាងក្រោម ៖
-
តើអ្នកដឹងអ្វីខ្លះអំពីព្រឹត្តិការណ៍ដែលបានបង្ហាញនៅក្នុងរូបភាពទាំងនេះ ?
-
បើគ្មានសិទ្ធិអំណាចបព្វជិតភាពរបស់ព្រះអង្គសង្គ្រោះទេនោះ តើជីវិតរបស់អ្នកនឹងមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេច ?
សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យមើលឃើញពីរបៀបដែលការស្ដារបព្វជិតភាពឡើងវិញ អាចផ្ដល់ពរជ័យដល់បុត្រាបុត្រីទាំងអស់របស់ព្រះបាន ។ សេចក្ដីថ្លែងការណ៍នេះក៏អាចនឹងជួយក្រុមយុវនារីឲ្យទទួលស្គាល់ថា ការស្ដារបព្វជិតភាពឡើងវិញក៏ពាក់ព័ន្ធនឹងពួកគេផងដែរ ។
នៅក្នុងសុន្ទរកថាមួយទៅកាន់ស្ត្រីនៃសាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីសារៈសំខាន់នៃការស្ដារបព្វជិតភាពឡើងវិញ ដែលអាចមាននៅក្នុងជីវិតរបស់យើង ៖
ខ្ញុំពិតជាចង់ឲ្យបងប្អូនយល់ថា ការស្ដារបព្វជិតភាពឡើងវិញ គឺទាក់ទងនឹងបងប្អូនក្នុងនាមជាស្ត្រីមួយរូប ក៏ដូចជាចំពោះមនុស្សនានាផងដែរ ។ ដោយសារតែបព្វជិតភាពម៉ិលគីស្សាដែកត្រូវបានស្ដារឡើងវិញ ទាំងស្ត្រី និងបុរសដែលរក្សាសេចក្ដីសញ្ញា អាចទទួលបាន « ព្រះពរខាងវិញ្ញាណនៅក្នុងសាសនាចក្រ ទាំងអស់ » ឬ យើងអាចនិយាយថា ទ្រព្យខាងវិញ្ញាណទាំងអស់ដែលព្រះអម្ចាស់មានគឺសម្រាប់កូនចៅរបស់ទ្រង់ ។
ស្ត្រី និងបុរសគ្រប់រូបដែលចុះសេចក្ដីសញ្ញាជាមួយព្រះ ហើយរក្សាសេចក្ដីសញ្ញាទាំងនោះ និងចូលរួមក្នុងពិធីបរិសុទ្ធបព្វជិតភាពដោយស័ក្ដិសម មានឥទ្ធិពលផ្ទាល់ចំពោះព្រះចេស្ដានៃព្រះ ។ ( រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៧ )
ការស្ដារបព្វជិតភាពឡើងវិញ
នៅខណៈពេលដែល យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បានធ្វើការបកប្រែព្រះគម្ពីរមរមន ពួកលោកបានដឹងថា ព្រះយេស៊ូវគ្រីស្ទបានប្រទានសិទ្ធិអំណាចដល់ពួកសាសន៍នីហ្វៃឲ្យធ្វើពិធីបុណ្យជ្រមុជទឹក ( សូមមើល នីហ្វៃទី៣ ១១:១៨–២៧ ) ។ ដោយមានបំណងប្រាថ្នាចង់ដឹងបន្ថែមទៀតអំពីសិទ្ធិអំណាចនេះ នោះយ៉ូសែប និង អូលីវើរ បានដើរទៅក្នុងព្រៃក្បែរទន្លេសុសគ្វីហាណា ហើយបានអធិស្ឋាន ។
សិស្សអាចនឹងបង្កើតកម្រងសំណួរបី ដោយភ្ជាប់ជាមួយចម្លើយដែលអាចមាននៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២ ។ ឧទាហរណ៍ សំណួរមួយអាចសួរថា « តើនរណាបានធ្វើពិធីជ្រមុជទឹកឲ្យ យ៉ូសែប ស៊្មីធ ? » បន្ទាប់មក ពួកសិស្សអាចនឹងហុចកម្រងសំណួរនោះឲ្យគ្នាទៅវិញទៅមក ហើយវាយតម្លៃពីកម្រិតដែលពួកគេយល់ពីព័ត៌មានលម្អិតនៃការស្ដារបព្វជិតភាពឡើងវិញ ។
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២ ដោយរកមើលអ្វីដែល យ៉ូសែប និង អូលីវើរ បានជួបប្រទះនៅពេលពួកលោកបានអធិស្ឋាន ។
-
តើអ្នកនឹងសង្ខេបខគម្ពីរនានាដែលអ្នកបានអានយ៉ាងដូចម្ដេច ?
ពាក្យពេចន៍ដែល យ៉ូហាន បាទីស្ទ បានពោលនៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៩ ក៏មាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣:១ ផងដែរ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣:១ ហើយរកមើលកូនសោនៃបព្វជិតភាពអើរ៉ុន ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣:១ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
-
តើមានពរជ័យអ្វីខ្លះដែលព្រះអង្គសង្គ្រោះប្រទានមក តាមរយៈកូនសោនៃបព្វជិតភាពអើរ៉ុន ?
បន្ទាប់ពីការទៅជួបរបស់ យ៉ូហាន បាទីស្ទ ព្រះអង្គសង្គ្រោះបានចាត់ឲ្យ ពេត្រុស យ៉ាកុប និងយ៉ូហាន ឲ្យស្ដារបព្វជិតភាពម៉ិលគីស្សាដែកឡើងវិញនៅលើផែនដីនេះ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១២; ១២៨:២០ ) ។ នៅឆ្នាំ ១៨៣៦ យ៉ូសែប ស្ម៊ីធ បានទទួលកូនសោទាំងឡាយនៃបព្វជិតភាពបន្ថែមទៀត ( សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១១–១៦ ) ។ ព្រឹត្តិការណ៍នីមួយៗបាននាំឲ្យមានលទ្ធភាពទទួលបានព្រះចេស្ដានៃព្រះកាន់តែច្រើនទៀត តាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព ។
សូមពិចារណាសរសេរសេចក្ដីពិតដូចតទៅនេះដាក់នៅលើក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទបានស្ដារសិទ្ធិអំណាចបព្វជិតភាពរបស់ទ្រង់ឡើងវិញ ដើម្បីឲ្យយើងអាចទទួលបានពិធីបរិសុទ្ធនៃដំណឹងល្អរបស់ទ្រង់ ។ នៅពេលដែលសិស្សឆ្លើយសំណួរខាងក្រោម អ្នកអាចនឹងបង្កើតបញ្ជីមួយអំពីពិធីបរិសុទ្ធនៃបព្វជិតភាពនៅលើក្ដារខៀនបាន ។
-
តើមានពិធីបរិសុទ្ធអ្វីខ្លះដែលព្រះអម្ចាស់បានបង្កើតឲ្យមានដល់យើងតាមរយៈបព្វជិតភាពរបស់ទ្រង់ ?
បើសិស្សត្រូវការជំនួយដើម្បីឆ្លើយសំណួរពីមុន អ្នកអាចនឹងជួយពួកគេឲ្យស្គាល់ពិធីបរិសុទ្ធដូចតទៅនេះបាន ៖ ពិធីបុណ្យជ្រមុជទឹក ពិធីសាក្រាម៉ង់ ពិធីបញ្ជាក់ ការតែងតាំងបព្វជិតភាព អំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ ពិធីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ការប្រសិទ្ធពរដល់អ្នកឈឺ ការប្រសិទ្ធពរនៃការលួងលោម និងដំបូន្មាន ពរជ័យរបស់លោកអយ្យកោ ការញែកចេញសម្រាប់ការហៅមួយជាដើម ។
ការចូលរួមក្នុងពិធីបរិសុទ្ធនៃបព្វជិតភាព
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣–៧៤ ដោយរកមើលរបៀបដែល យ៉ូសែប និង អូលីវើរ បានរងផលប៉ះពាល់ នៅពេលពួកលោកបានចូលរួមក្នុងពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងការតែងតាំងបព្វជិតភាព ។
អ្នកក៏អាចនឹងអញ្ជើញសិស្សឲ្យឡើងអានផ្នែកខ្លះនៃកថាខណ្ឌទីបួន និងទីប្រាំនៃដំណើររឿងរបស់ អូលីវើរ នៅចុងបញ្ចប់នៃគម្ពីរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ បានផងដែរ ។
-
តើអ្នកឃើញភស្ដុងតាងអ្វីខ្លះ ដែលថា ពិធីបរិសុទ្ធទាំងនេះបានផ្តល់ឲ្យ យ៉ូសែប និងអូលីវើរ នូវលទ្ធភាពទទួលបានព្រះចេស្ដានៃព្រះកាន់តែច្រើននោះ ?
-
តើការចូលរួមក្នុងពិធីបរិសុទ្ធនៃបព្វជិតភាពបានជួយអ្នកឲ្យមានអារម្មណ៍ថាមានលទ្ធភាពទទួលបានព្រះចេស្ដានៃព្រះកាន់តែច្រើនយ៉ាងដូចម្ដេច ?
អ្នកអាចអញ្ជើញសិស្សឲ្យស្រមើស្រមៃថា មានការស្នើឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ហេតុមួយ ដែលពិពណ៌នាអំពីបទពិសោធន៍ផ្ទាល់ខ្លួនជាមួយនឹងពិធីបរិសុទ្ធនៃបព្វជិតភាព ដែលស្រដៀងគ្នាទៅនឹងអ្វីដែលមានពិពណ៌នានៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣ ។ សូមប្រាប់ឲ្យសិស្សមើលបញ្ជីពិធីបរិសុទ្ធនៅលើក្ដារខៀន ។ សូមទុកពេលឲ្យពួកគេពិចារណា សរសេរ និងចែកចាយបទពិសោធន៍របស់ពួកគេ ។ អ្នកក៏អាចចែកចាយពីរបៀបដែលការស្ដារបព្វជិតភាពឡើងវិញបានក្លាយជាពរជ័យក្នុងជីវិតរបស់អ្នកផងដែរ ។
ទន្ទេញ
អ្នកអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះចំណេះចំណានខាងគោលលទ្ធិអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះគឺ « បព្វជិតភាពអើរ៉ុន ‹ កាន់កូនសោទាំងឡាយអំពីការបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងអំពីបុណ្យជ្រមុជទឹក › » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។