« ការស្ដារបព្វជិតភាពម៉ិលគីស្សាដែកឡើងវិញ » ប្រធានបទប្រវត្តិសាសនាចក្រ
« ការស្ដារបព្វជិតភាពម៉ិលគីស្សាដែកឡើងវិញ »
ការស្ដារបព្វជិតភាពម៉ិលគីស្សាដែកឡើងវិញ
យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បានថ្លែងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៩ យ៉ូហាន បាទីស្ទ បានលេចមកចំពោះពួកលោក បានប្រគល់សិទ្ធិអំណាចឲ្យពួកលោកធ្វើពិធីបុណ្យជ្រមុជទឹក ។ យោងតាមប្រវត្តិរបស់ យ៉ូសែប ស្ម៊ីធ ឆ្នាំ១៨៣៨ យ៉ូហានបានប្រាប់ពួកលោកថា ពួកលោកមិនទាន់មាននៅឡើយ « អំណាចនៃការដាក់ដៃលើក្បាលដើម្បីទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអំណោយទាននេះនឹងត្រូវប្រគល់ឲ្យយើងនៅពេលក្រោយ » ។ ការពន្យល់នេះស្របតាមសេចក្ដីថ្លែងការណ៍របស់ បាទីស្ទ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីថា ទោះជាលោកបានធ្វើពិធីបុណ្យជ្រមុជទឹកដល់អ្នកដើរតាមលោកក៏ ដោយ « ដោយទឹកនៃការប្រែចិត្ត » មនុស្សម្នាក់ដែល « មានសិទ្ធិអំណាចជាងខ្ញុំ » នឹង « ធ្វើពិធីបុណ្យជ្រមុជទឹកឲ្យអ្នកដោយនូវព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើង » ។ បន្ទាប់ពីការតែងតាំងយ៉ូសែប និងអូលីវើរ ។ យ៉ូហាន បាទីស្ទ បានពន្យល់ថា « លោកធ្វើនៅក្រោមការដឹកនាំរបស់ ពេត្រុស យ៉ាកុប និង យ៉ូហាន » ដែលជាអ្នកទទួលខុសត្រូវលើសិទ្ធិអំណាចដ៏ធំជាងនេះ និងអំណាចនៃការផ្ដល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ « គួរតែប្រគល់ឲ្យយើងនៅពេលវេលាដែលត្រឹមត្រូវ » ។
ការលេចមករបស់ ពេត្រុស យ៉ាកុប និង យ៉ូហាន ចំពោះ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ត្រូវបានបញ្ជាក់ដោយប្រភពជាច្រើន ។ វិវរណៈមួយទៅកាន់ យ៉ូសែប ស្ម៊ីធ បាននិយាយអំពីការមកជួបរបស់ ពេត្រុស យ៉ាកុប និងយ៉ូហាន ថា « អ្នកដែលខ្ញុំបានចាត់ឲ្យមកអ្នក ដែលខ្ញុំបានតែងតាំងអ្នក ហើយបញ្ជាក់ថា អ្នកជាសាវក និងជាសាក្សីពិសេសនៃឈ្មោះរបស់ខ្ញុំ ហើយកាន់កូនសោនៃការងារបម្រើរបស់អ្នក » ។ នៅក្នុងពរជ័យមួយដែល យ៉ូសែប ស៊្មីធ បានផ្តល់ឲ្យដល់ អូលីវើរ ខៅឌើរី ដែលត្រូវបានកត់ត្រានៅខែតុលា ឆ្នាំ១៨៣៥ ។ លោកបានមានប្រសាសន៍អំពីការណ៍ដែលអូលីវើរបានទទួល « បព្វជិតភាពដ៏បរិសុទ្ធនៅក្រោមដៃនៃអ្នកទាំងឡាយណាដែលត្រូវបានបម្រុងទុកសម្រាប់រដូវកាលដ៏យូរ គឺជាអ្នកដែលបានទទួលបព្វជិតភាពនោះនៅក្រោមព្រះហស្ដនៃព្រះមែស៊ី » ។ នៅក្នុងសំបុត្រមួយចំនួននៅចុងបញ្ចប់នៃជីវិតរបស់លោក អូលីវើរ ខៅឌើរី បានមានប្រសាសន៍អំពីឱកាសដ៏ពិសិដ្ឋនេះ ។ នៅក្នុងគ្រាមួយគាត់បានរៀបរាប់អំពីអារម្មណ៍នៃការស្ញប់ស្ញែងដែលគាត់បានឈរ « នៅចំពោះមុខពេត្រុស ដើម្បីទទួល [ បព្វជិតភាព ] ដ៏ធំជាង » ។
សាវកពេត្រុស យ៉ាកុប និង យ៉ូហាន លេចមកចំពោះ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។
ការកំណត់កាលបរិច្ឆេទជាក់លាក់នៃការបើកសម្ដែងនៃស្ថានសួគ៌នេះចេញពីបណ្ដាប្រភពដែលមានស្រាប់នោះ គឺមិនអាចធ្វើទៅបានទេ ។ ដំណើររឿងតែមួយគត់ដែលបានទទួលដោយផ្ទាល់ពីយ៉ូសែប ដែលផ្តល់ព័ត៌មានពិស្ដារអំពីកាលៈទេសៈនៃការនិមិត្តនោះ គឺជាសំបុត្រមួយនៅឆ្នាំ១៨៤២ ( ឥឡូវនេះមាននៅក្នុងគម្ពីរ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨ ) ដែលលោកបានថ្លែងទីបន្ទាល់ថា លោកបានស្ដាប់ឮ « សំឡេងនៃពេត្រុស យ៉ាកុប និងយ៉ូហាន នៅក្នុងទីរហោស្ថាន រវាងភូមិហាម៉ូនី ស្រុកសុសគ្វីហាណា និងភូមិខូលស្វិល ស្រុកព្រូម នៅលើទន្លេសុសគ្វីហាណា ដែលប្រកាសប្រាប់ថាខ្លួនជាអ្នកមានកូនសោទាំងឡាយនៃនគរ » ។ អ្នកអាននៅសម័យទំនើប បានសន្និដ្ឋានខុសៗគ្នាចំពោះដំណើររឿងអស់ទាំងនេះអំពីបញ្ហាកំណត់ពេលវេលានៃការបង្ហាញខ្លួនរបស់ ពេត្រុស យ៉ាកុប និងយ៉ូហាន ។ ការប៉ាន់ស្មាននានារបស់ពួកលោកមានចន្លោះពីរបីសប្តាហ៍បន្ទាប់ពីការបង្ហាញខ្លួនរបស់ យ៉ូហាន បាទីស្ទ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៩ រហូតដល់រយៈពេលជាច្រើនខែក្រោយមកទៀត ។ ទោះបីជាដំណើររឿងជាច្រើននៃការបើកសម្ដែងដ៏ទេវភាពនេះត្រូវបានកើតឡើងនៅប៉ុន្មានឆ្នាំក្រោយមកក៏ដោយ ក៏វាបានបញ្ជាក់ពីមុនមកដែរ ទោះបីជាមិនសូវមានភាពច្បាស់លាស់ក៏ដោយ យោងទៅលើការផ្ដល់ការងារបម្រើរបស់ទេវតាដែលបានផ្តល់ការទទួលខុសត្រូវដ៏ទេវភាពដល់យ៉ូសែប និងអូលីវើរ ។
ប្រវត្តិដែលបានបោះពុម្ពផ្សាយរបស់ យ៉ូសែប ស្ម៊ីធ មិនបានរៀបរាប់អំពីការស្ដារឡើងវិញនូវសិទ្ធិអំណាចដែលធំជាងនោះទេ ប៉ុន្តែវារៀបរាប់ថា បន្ទាប់ពីការផ្លាស់ទៅក្រុងហ្វាយែត រដ្ឋញូវយ៉ក នៅរដូវក្តៅឆ្នាំ១៨២៩ ។ យ៉ូសែប និងអ្នកផ្សេងៗទៀត « បានអន្ទះសាចង់ឲ្យការសន្យានោះក្លាយជាការពិតចំពោះយើង »—ដើម្បីពួកលោកនឹងទទួលបាន « សិទ្ធិអំណាចនៃការដាក់ដៃដើម្បីទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ » ។ ប្រវត្តិសាស្ត្រនេះពន្យល់ថា នៅផ្ទះរបស់ ពេត្រុស វិតមើរ ស៊ីញ្ញ័រ.នៅក្រុងហ្វាយែត រដ្ឋញូវយ៉ក បន្ទាប់ពីអធិស្ឋាន និងទូលសុំការណែនាំពីព្រះ នោះព្រះសូរសៀងរបស់ព្រះអម្ចាស់បានបញ្ជាពួកលោកឲ្យតែងតាំងគ្នាទៅវិញទៅមក ។ ទោះយ៉ាងណាក៏ដោយ ពួកលោកត្រូវបានណែនាំឲ្យពន្យាពេលការតែងតាំងនេះ រហូតដល់អស់អ្នកដែលបានជ្រមុជទឹកអាចជួប និងទទួលយកពួកលោកធ្វើជាគ្រូបង្រៀនខាងវិញ្ញាណ ។
នៅពេលសាសនាចក្រត្រូវបានរៀបចំឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៨៣០ ។ យ៉ូសែប និងអូលីវើរបានធ្វើសកម្មភាពដោយមានសិទ្ធិអំណាចដ៏ទេវភាពទាំងដើម្បីធ្វើបុណ្យពិធីជ្រមុជទឹក និងទាំងដើម្បីប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ អស់អ្នកដែលមានវត្តមាននៅក្នុងការប្រជុំការរៀបចំនោះ បានទទួលយកការដឹកនាំរបស់យ៉ូសែប និងអូលីវើរ ។ ហើយយ៉ូសែប និងអូលីវើរបានតែងតាំងគ្នាទៅវិញទៅមកជាអែលឌើរ ដូចដែលព្រះអម្ចាស់បានណែនាំពួកលោកឲ្យធ្វើ ។ នៅប្រហែលពេលតំណាលគ្នានឹងការប្រជុំនេះ យ៉ូសែប ស្ម៊ីធ បានបញ្ចប់ « អត្ថបទ និងសេចក្តីសញ្ញារបស់សាសនាចក្រនៃព្រះគ្រីស្ទ » ( ឥឡូវនេះគឺជា គោលលទ្ធិ និងសេចក្តីសញ្ញា ២០ ) ដែលប្រកាសថា នៅក្នុងចំណោមការទទួលខុសត្រូវរបស់ពួកលោកក្នុងនាមជាពួកអែលឌើរគឺ « ដើម្បីបញ្ជាក់សាសនាចក្រ ដោយការដាក់ដៃលើ និងការប្រគល់ព្រះវិញ្ញាណបរិសុទ្ធឲ្យ » ។
ការបើកសម្តែងការយល់ដឹង
នៅពីរបីឆ្នាំដំបូងបន្ទាប់ពីសាសនាចក្រត្រូវបានរៀបចំឡើង ។ យ៉ូសែប ស្ម៊ីធ និងសមាជិកនៅសម័យដើមផ្សេងទៀតរបស់សាសនាចក្រមិនបានប្រើប្រាស់ពាក្យ បព្វជិតភាពអើរ៉ុន ឬ បព្វជិតភាពមិលគីស្សាដែក ដើម្បីពិពណ៌នាពីសិទ្ធិអំណាចដែលពួកគេបានទទួលនោះទេ ។ ការយល់ដឹងរបស់ពួកគេអំពីបព្វជិតភាពបានរីកចម្រើនឡើងបន្តិចម្តងៗ និងដោយមានជំនួយពីវិវរណៈដែលមានជាបន្ត ។
ព្រះគម្ពីរសញ្ញាថ្មីមាននូវវគ្គបទគម្ពីរដែលនិយាយពីពួកសង្ឃ និងពួកសង្ឃជាន់ខ្ពស់ បព្វជិតភាពដែលទាក់ទងនឹងអើរ៉ុន និងម៉ិលគីស្សាដែក ។ ព្រះគម្ពីរមរមនក៏បង្រៀនស្រដៀងគ្នាថា តួអង្គម៉ិលគីស្សាដែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ « បានទទួលមុខងារនៃបព្វជិតភាពជាន់ខ្ពស់ ស្របតាមរបៀបដ៏បរិសុទ្ធនៃព្រះ » ។ ផ្អែកលើព្រះគម្ពីរទាំងនេះ វិវរណៈទៅកាន់ យ៉ូសែប ស្ម៊ីធ នៅចន្លោះឆ្នាំ១៨៣១ និងឆ្នាំ១៨៣៥ បានបង្កើតតំណែងបព្វជិតភាពផ្សេងៗ និងពាក្យដែលបានបញ្ជាក់ច្បាស់លាស់ ។ នៅខែមិថុនា ឆ្នាំ១៨៣១ យ៉ូសែប ស្ម៊ីធ និង ឡៃម៉ាន វ៉ៃបានតែងតាំងបុរសបីបួននាក់ ( រួមទាំងតាំងគ្នាទៅវិញទៅមក ) « ចំពោះបព្វជិតភាពជាន់ខ្ពស់ » ទំនងជាមានន័យថាចំពោះតំណែងនៃសង្ឃជាន់ខ្ពស់ ។ ដោយឆ្លុះបញ្ចាំងពីការយល់ដឹងរបស់ពួកលោកអំពីព្រះគម្ពីរប៊ីប សមាជិកសាសនាចក្រសម័យដើមមួយចំនួនបានហៅបព្វជិតភាពជាន់ខ្ពស់នេះថាជា « របៀបលោកម៉ិលគីស្សាដែក » ។ នៅខែកញ្ញា ឆ្នាំ១៨៣២ វិវរណៈមួយបានបង្ហាញថា បព្វជិតភាពតូចជាងបានផ្តោតទៅលើតំណែងសង្ឃ ដោយមានគ្រូ និងឌីកុនជាផ្នែកបន្ថែម ។ « បព្វជិតភាពជាន់ខ្ពស់ » ឬធំជាង ផ្តោតលើតំណែងរបស់សង្ឃជាន់ខ្ពស់ ដែលមានតំណែងប៊ីស្សព និងអែលឌើរជាផ្នែកបន្ថែម ។ ខណៈពេលដែលបព្វជិតភាពតូចជាងបានចាត់ចែង « និងដំណឹងល្អខាងការរៀបចំ » រួមទាំងពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ។ បព្វជិតភាពធំជាង « កាន់កូនសោនៃសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរ គឺជាកូនសោនៃចំណេះវិជ្ជាពីព្រះ » ។
ការណែនាំអំពីបព្វជិតភាពមួយដែលបានបោះពុម្ពនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាឆ្នាំ១៨៣៥ បានផ្ដល់ពាក្យដែលនៅប្រើរហូតដល់សព្វថ្ងៃនេះ ដើម្បីពិពណ៌នាអំពីបព្វជិតភាពម៉ិលគីស្សាដែក ។ ដោយឆ្លុះបញ្ចាំងពីការយល់ដឹងដែលបានបើកសម្ដែង ការណែនាំនេះបានហៅបព្វជិតភាពធំជាង និងតូចជាថា « ម៉ិលគីស្សាដែក និងអើរ៉ុន » ។ មុនជំនាន់របស់ម៉ិលគីស្សាដែក បព្វជិតភាពធំជាងត្រូវបានហៅថា « បព្វជិតភាពដ៏បរិសុទ្ធ តាមរបៀបនៃព្រះរាជបុត្រានៃព្រះ » ហើយក្រោយមកត្រូវបានគេហៅថា « បព្វជិតភាពម៉ិលគីស្សាដែក » ។ ការណែនាំនេះបានពន្យល់ថា « គ្រប់ទាំងសិទ្ធិអំណាច ឬតំណែងផ្សេងៗទៀតនៅក្នុងសាសនាចក្រ សុទ្ធតែជាការបន្តោងបញ្ជាប់ទៅនឹងបព្វជិតភាពនេះ » ដែលវា « មានអំណាច និងសិទ្ធិអំណាចលើអស់ទាំងតំណែងនៅក្នុងសាសនាចក្រ » ហើយដែល« គណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ តាមរបៀបលោកម៉ិលគីស្សាដែក » ក្រោយមកបានហៅថាជាគណៈប្រធានទីមួយ ដែលមានសិទ្ធិដើម្បីដឹកនាំសាសនាចក្រ ។
ការស្ដារឡើងវិញនូវភាពពេញលេញ
នៅឆ្នាំ១៨៣៦ ក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ អេលីយ៉ាបានបង្ហាញខ្លួនដល់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ហើយបានប្រគល់កូនសោ ឬសិទ្ធិអំណាចដល់ពួកលោក ដែលអាចឲ្យពួកលោក « បង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុក ក្រែងផែនដីទាំងមូលនឹងត្រូវវាយដោយសេចក្ដីបណ្ដាសា » ។ នៅទីក្រុងណៅវូ យ៉ូសែប ស្ម៊ីធ បានពន្យល់ថា « អំណាច និងការហៅរបស់អេលីយ៉ា គឺថាអ្នកមានអំណាចក្នុងការកាន់កូនសោនៃវិវរណៈ ពិធីបរិសុទ្ធ ពិធីការ អំណាច និងអំណោយទានពិសិដ្ឋនៃភាពពេញលេញនៃបព្វជិតភាពម៉ិលគីស្សាដែក » ។ សិទ្ធិអំណាចនេះបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំសាសនាចក្រដាក់ « ត្រានៃបព្វជិតភាពម៉ិលគីស្សាដែកលើវង្សអ៊ីស្រាអែល » ដើម្បីរៀបចំសម្រាប់ការយាងមកនៃព្រះមែស៊ីទៅកាន់ព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។ ដោយធ្វើសកម្មភាពក្រោមសិទ្ធិអំណាចដែលបានស្ដារឡើងវិញនេះ យ៉ូសែប ស៊្មីធ បានណែនាំឲ្យមានអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់នៅក្នុងទីក្រុងណៅវូ រដ្ឋអិលលីណោយ ក្នុងទសវត្សរ៍ឆ្នាំ១៨៤០ ដើម្បីរៀបចំសម្រាប់ការបញ្ចប់ព្រះវិហារបរិសុទ្ធនៅទីនោះ ។
នៅជិតចុងបញ្ចប់នៃជីវិតរបស់លោក យ៉ូសែប ស៊្មីធ បាននិយាយដោយរំភើបអំពីពរជ័យរបស់ព្រះអម្ចាស់ក្នុងការស្ដារឡើងវិញនូវភាពពេញលេញនៃបព្វជិតភាព ។ លោកបានពិពណ៌នាអំពីការស្ដារឡើងវិញនេះថា មិនមែនជាព្រឹត្តិការណ៍តែមួយទេ ប៉ុន្តែជាវគ្គបន្តបន្ទាប់ដែលលាតសន្ធឹងលើការងារបម្រើផ្សាយតាមការព្យាកររបស់លោក ។ ព្យាការីបានកត់សម្គាល់ថា បព្វជិតភាពត្រូវបានស្ដារឡើងវិញ « មួយបន្ទាត់ម្តងៗ មួយសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច » ។ លោកបានរៀបរាប់ពីរូបរាងអព្ភូតហេតុនៃ « ពួកទេវតាផ្សេងទៀត » ដែលម្នាក់ៗស្ដារ « ការកាន់កាប់ត្រួតត្រារបស់ខ្លួន សិទ្ធិរបស់ខ្លួន កូនសោរបស់ខ្លួន កិត្តិយសរបស់ខ្លួន ឫទ្ធានុភាព និងសិរីល្អរបស់ខ្លួន និងអំណាចនៃបព្វជិតភាពរបស់ខ្លួន » ។
ប្រធានបទដែលទាក់ទង ៖ Restoration of the Aaronic Priesthood [ ការស្ដារបព្វជិតភាពអើរ៉ុនឡើងវិញ ]