« ថ្ងៃទី ៣–៩ ខែ កុម្ភៈ ៖ ‹ នេះជាវិញ្ញាណនៃវិវរណៈ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦–៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៦–៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ២០២៥
ថ្ងៃទី ៣–៩ ខែ កុម្ភៈ ៖ « នេះជាវិញ្ញាណនៃវិវរណៈ »
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦–៩
នៅរដូវស្លឹកឈើជ្រុះ ឆ្នាំ ១៨២៨ គ្រូបង្រៀនវ័យក្មេងម្នាក់ឈ្មោះ អូលីវើរ ខៅឌើរី បានទទួលការងារបង្រៀននៅទីក្រុងម៉ែនឆែស្ទើរ រដ្ឋញូវយ៉ក ហើយបានស្នាក់នៅជាមួយនឹងគ្រួសាររបស់ លូស៊ី និង យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ។ អូលីវើរ បានឮអំពីកូនប្រុសរបស់ពួកគេ យ៉ូសែប និងបទពិសោធន៍ដ៏អស្ចារ្យរបស់គាត់ ហើយ អូលីវើរ ដែលបានចាត់ទុកខ្លួនឯងជាអ្នកស្វែងរកសេចក្ដីពិតនោះចង់ដឹងបន្ថែមទៀត ។ គ្រួសារស្ម៊ីធ បានរៀបរាប់អំពីការយាងមករបស់ពួកទេវតាកំណត់ត្រាពីបុរាណ និងអំណោយទានដើម្បីបកប្រែដោយព្រះចេស្ដានៃព្រះ ។ អូលីវើរ បានចាប់អារម្មណ៍យ៉ាងខ្លាំង ។ តើវាអាចពិតទេ ? លូស៊ី និង យ៉ូសែប ស៊ីញ្ញ័រ បានផ្ដល់ដំបូន្មានដល់លោកដែលដំបូន្មាននេះអនុវត្តចំពោះមនុស្សគ្រប់គ្នាដែលស្វែងរកសេចក្ដីពិតថា ៖ អធិស្ឋាន ហើយទូលសូមដល់ព្រះអម្ចាស់ ។
អូលីវើរ បានធ្វើតាម ហើយព្រះជាម្ចាស់បានឆ្លើយដោយ « ភាពសុខសាន្តដល់គំនិត[ របស់អ្នក ]»(គោលលទ្ធិ និងសេចក្តីសញ្ញា ៦:២៣ ) ។ អូលីវើរ បានរកឃើញវិវរណៈគឺមិនមែនគ្រាន់តែសម្រាប់ព្យាការីដូចជាយ៉ូសែបស្ម៊ីធនោះទេ ។ វិវរណៈគឺសម្រាប់នរណាម្នាក់ដែលចង់បានវា ហើយស្វែងរកវាដោយឧស្សាហ៍ ។ អូលីវើរ នៅតែមានអ្វីជាច្រើនដែលត្រូវរៀន ប៉ុន្តែគាត់បានដឹងគ្រប់គ្រាន់ដើម្បីធ្វើជំហានបន្ទាប់របស់គាត់ ។ គាត់បានដឹងព្រះអម្ចាស់កំពុងធ្វើអ្វីមួយសំខាន់តាមរយៈ យ៉ូសែប ស៊្មីធ ហើយ អូលីវើរ ចង់ក្លាយជាផ្នែកមួយនៃការណ៍នេះ ។
សូមមើលផងដែរ ពួកបរិសុទ្ធ ១:៥៨–៦៤;« Days of Harmony » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
Days of Harmony
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅព្រះវិហារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦; ៨–៩
ព្រះវរបិតាសួគ៌មានបន្ទូលមកខ្ញុំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
នៅនិទាឃរដូវ ឆ្នាំ ១៨២៩ អូលីវើរ ខៅឌើរី បានស្ម័គ្រចិត្តធ្វើជាអ្នកសរសេររបស់ យ៉ូសែប ស្ម៊ីធ នៅពេលគាត់បន្តបកប្រែព្រះគម្ពីរមរមន ។ បទពិសោធន៍នេះធ្វើឲ្យលោករំភើប ហើយលោកបានឆ្ងល់ថាតើលោកក៏អាចមានពរឲ្យមានអំណោយទានបកប្រែនោះដែរឬទេ ។ ទោះជាយ៉ាងណាក៏ដោយ ការសាកល្បងលើកដំបូងរបស់លោកមិនបានសម្រេចនោះទេ ។
ប្រសិនបើបងប្អូនធ្លាប់ពិបាកទទួល ឬយល់អំពីវិវរណៈ នោះប្រហែលជាបងប្អូនអាចយល់អំពីបទពិសោធន៍របស់ អូលីវើរ ហើយរៀនពីវា ។ ពេលបងប្អូនអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦, ៨ និង ៩ សូមកត់សម្គាល់នូវអ្វីដែលព្រះអម្ចាស់បានបង្រៀន អូលីវើរ អំពីវិវរណៈផ្ទាល់ខ្លួន ។ ឧទាហរណ៍ ៖
-
តើ គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៥–៧; ៨:១; ៩:៧–៨ ផ្ដល់យោបល់អំពីអ្វីខ្លះដែលព្រះអម្ចាស់តម្រូវពីបងប្អូនមុនពេលទ្រង់នឹងបើកបង្ហាញព្រះទ័យរបស់ទ្រង់ ?
-
តើបងប្អូនរៀនអ្វីខ្លះមកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:១៤–១៧, ២២–២៤; ៨:២–៣; ៩:៧–៩ អំពីរបៀបខុសគ្នាដែលវិវរណៈអាចកើតមាន ? តើបងប្អូនអាចស្គាល់វិវរណៈដោយរបៀបណា ?
-
តើបងប្អូនរៀនអ្វីខ្លះអំពីវិវរណៈចេញពីកណ្ឌទាំងនេះ ?
បទពិសោធន៍របស់ អូលីវើរ អាចធ្វើឲ្យបងប្អូន « ដាក់គំនិត » នៅលើគ្រាដែលបងប្អុនមានអារម្មណ៍ថាព្រះជាម្ចាស់បានមានបន្ទូលមកកាន់បងប្អូន ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២២ ) ។ តើបងប្អូនធ្លាប់កត់ត្រាគំនិត ឬអារម្មណ៍របស់បងប្អូនអំពីបទពិសោធន៍ទាំងនេះដែរឬទេ ? បើធ្លាប់កត់ត្រា សូមពិចារណាអាននូវអ្វីដែលបងប្អូនបានសរសេរ ។ បើមិនធ្លាប់ទេ សូមចំណាយពេលខ្លះដើម្បីសរសេរនូវអ្វីដែលអ្នកចាំ ។ សូមពិចារណាអំពីរបៀបដែលបងប្អូនអាចបន្តទាញយកកម្លាំងមកពីបទពិសោធន៍ទាំងនេះ ។ សម្រាប់គំនិតមួយចំនួន សូមមើលសារលិខិតរបស់អែលឌើរ នែល អិល អាន់ឌើរសិន « Spiritually Defining Memories » ( Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៨–២២ ) ។
ថ្នាក់ដឹកនាំសាសនាចក្រមួយចំនួន បានចែកចាយបទពិសោធន៍របស់ពួកលោកជាមួយនឹងវិវរណៈនៅក្នុងកម្រងវីដេអូ « ស្តាប់ទ្រង់ » ។ បន្ទាប់ពីមើលវីដេអូមួយ ឬច្រើនហើយ បងប្អូនអាចមានអារម្មណ៍ថាបានបំផុសគំនិតឲ្យកត់ត្រាបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្អូន ចែកចាយអំពីរបៀបដែលព្រះអម្ចាស់បានមានបន្ទូលដល់បងប្អូន ។
សូមមើលផងដែរ Topics and Questions « Personal Revelation » បណ្ណាល័យដំណឹងល្អ « Oliver Cowdery’s Gift » នៅក្នុង Revelations in Context ១៥-១៩ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១៨–២១, ២៩–៣៧
ចូរមើលមកព្រះគ្រីស្ទដោយនូវគ្រប់ទាំងគំនិត ។
ព្រះអម្ចាស់ទ្រង់បានដឹងថា យ៉ូសែប ស្ម៊ីធនឹងជួប « កាលៈទេសៈដ៏ពិបាកៗ » នៅក្នុងឆ្នាំខាងមុខនេះ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១៨ ) ។ ទ្រង់ជ្រាបដឹងថាការសាកល្បងនៅពេលអនាគតរបស់បងប្អូនមានអ្វីខ្លះផងដែរ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងព្រះដំបូន្មានរបស់ទ្រង់ទៅកាន់ យ៉ូសែប និង អូលីវើរ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:១៨-២១, ២៩-៣៧ ដែលជួយបងប្អូនឲ្យទុកចិត្តលើទ្រង់ ?
តើបងប្អូនមានអារម្មណ៍ថាដើម្បី « មើលមកឯ [ ព្រះគ្រីស្ទ ] ដោយនូវគ្រប់ទាំងគំនិត » មានន័យដូចម្ដេច ? ( ខទី ៣៦ ) ។ តើបងប្អូនអាចធ្វើបែបនេះកាន់តែខ្ជាប់ខ្ជួនយ៉ាងដូចម្ដេច—ក្នុងអំឡុងពេលល្អ និងនៅក្នុង « កាលៈទេសៈលំបាកៗ » ? សូមពិចារណាអំពីដំបូន្មាននេះមកពីប្រធាន រ័សុល អិម ណិលសុន ថា « វាតម្រូវឲ្យមានការខិតខំខាងសតិអារម្មណ៍យ៉ាងខ្លាំងដើម្បីមើលទៅទ្រង់ គ្រប់ គំនិត ។ ប៉ុន្តែនៅពេលដែលយើងធ្វើវាបាន នោះភាពសង្ស័យ និងការភ័យខ្លាចរបស់យើងនឹងរលត់បាត់អស់ » ( « Drawing the Power of Jesus Christ into Our Lives » Liahona ទំព័រ ៤១ ) ។
សូមមើលផងដែរ នែល អិល អាន់ឌើរសិន « ចិត្តខ្ញុំនឹកគិតទៅលើរឿងនេះអំពីព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៩១-៩៤ ។
ព័ត៌មានលម្អិតនៃ Behold My Hand [ ចូរមើល ព្រះហស្តរបស់យើង ] ដោយ ជែហ្វ្រី វួដ
គោលលទ្ធិ និងសេចក្តីសញ្ញា ៦:២៩–៣៧
« ចូរកុំខ្លាចនឹងធ្វើល្អឡើយ » ។
ហេតុអ្វីពេលខ្លះយើង « ខ្លាច…ធ្វើល្អ » ? ( ខទី ៣៣ ) ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២៩-៣៧ ដែលផ្ដល់ឲ្យបងប្អូននូវភាពក្លាហានដើម្បីធ្វើល្អ ? សូមពិចារណាការច្រៀង ឬស្តាប់ទំនុកតម្កើងដែលបំផុសគំនិតបងប្អូនឲ្យមានភាពក្លាហាននៅក្នុងព្រះគ្រីស្ទដូចជា « ចូរយើងខិតខំទៅ » ( ទំនុកតម្កើង ល.រ. ១៥២ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៦–៧; ៩:៣, ៧–១៤
« ដរាបណាអ្នកមានបំណងចង់បានពីយើងនោះនឹងបានសម្រេចដល់អ្នក » ។
សូមកត់ចំណាំចំនួនដងនៃការប្រើពាក្យដូចជា « មានបំណង » ឬ « ប្រាថ្នា » ដែលលេចឡើងនៅក្នុង កណ្ឌទី ៦ និង ៧ ។ តើបងប្អូនរៀនអ្វីខ្លះចេញមកពីកណ្ឌទាំងនេះអំពីសារៈសំខាន់ដែលព្រះដាក់លើបំណងប្រាថ្នារបស់បងប្អូន ? សូមសួរខ្លួនឯងនូវសំណួររបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៧:១ ៖ « តើអ្នកប្រាថ្នាអ្វី ? »
បំណងដ៏សុចរិតមួយរបស់ អូលីវើរ ខៅឌើរី—គឺបកប្រែដូចជា យ៉ូសែប ស្ម៊ីធដែរ—តែមិនត្រូវបានបំពេញឡើយ ។ នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៩:៣, ៧–១៤ តើបងប្អូនទទួលបានចំណាប់អារម្មណ៍អ្វីខ្លះដែលអាចជួយបងប្អូននៅពេលបំណងប្រាថ្នាសុចរិតរបស់បងប្អូនមិនត្រូវបានបំពេញនោះ ?
សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:៨ ដាល្លិន អេក អូក « Desire » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤២–៤៥ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៥, ១៥–១៦, ២២–២៣; ៨:២; ៩:៧–៩
ព្រះវរបិតាសួគ៌មានបន្ទូលមកកាន់ខ្ញុំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
-
សេចក្ដីពិតដែល អូលីវើរ ខូវឌើរី បានរៀនអំពីវិវរណៈផ្ទាល់ខ្លួនអាចជួយកូនរបស់បងប្អូននៅពេលដែលពួកគេអភិវឌ្ឍសមត្ថភាពរបស់ពួកគេក្នុងការស្គាល់ព្រះវិញ្ញាណបរិសុទ្ធ ។ បងប្អូនអាចប្រើ « ជំពូកទី ៥ ៖ យ៉ូសែបស្ម៊ីធ និងអូលីវើរខៅឌើរី » ( នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ២២-២៥, ឬវីដេអូដែលត្រូវគ្នានៅក្នុងបណ្ណាល័យដំណឹងល្អ ) ដើម្បីបង្រៀនពួកគេអំពី អូលីវើរ និងអ្វីដែលគាត់បានរៀន ។ ចែកចាយជាមួយគ្នានូវផ្នែកដែលបងប្អូនចូលចិត្តពីដំណើររឿងនេះ ។ ពេលបងប្អូនធ្វើដូច្នេះ សូមគូសបញ្ជាក់អំពីអ្វីដែលព្រះអម្ចាស់បានបង្រៀន អូលីវើរ អំពីរបៀបស្តាប់ព្រះសូសៀងរបស់ព្រះ ហើយអានខគម្ពីរដែលទាក់ទងដូចជា គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២៣ ឬ ៩:៧–៩ ។
3:11ព្រះអម្ចាស់បញ្ជូន អូលីវើរ ខៅឌើរី ៖ ការរៀនពីរបៀបដែលព្រះមានបន្ទូលមកកាន់យើង
អូលីវើរ ខៅឌើរេរី បានរៀនអំពីវិវរណៈខណៈពេលកំពុងជួយ យ៉ូសែប ស្ម៊ីធ បកប្រែគម្ពីរមរមន ។
-
បងប្អូនអាចអញ្ជើញកុមារឲ្យប៉ះក្បាលរបស់ពួកគេ និងដើមទ្រូងរបស់ពួកគេនៅពេលបងប្អូនអានពាក្យ « គំនិត » និង« ចិត្ត »នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២ ។ សូមប្រាប់កុមារចេញមកពីបទពិសោធន៍របស់បងប្អូនផ្ទាល់ អំពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងមកកាន់គំនិត និងចិត្តរបស់បងប្អូនយ៉ាងណាខ្លះ ។ សូមជួយរកចម្លើយចំពោះសំណួរថា «តើព្រះវិញ្ញាណបរិសុទ្ធនិយាយមកកាន់យើងយ៉ាងដូចម្ដេច ? » នៅក្នុងខគម្ពីរទាំងនេះ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:១៥-១៦, ២២-២៣; ៨:២; ៩:៧–៩ ។
ប្រើដំណើររឿង ។ ដំណើររឿងទាំងឡាយជួយកុមារឲ្យយល់អំពីគោលការណ៍នៃដំណឹងល្អ ដោយសារដំណើររឿងនោះបង្ហាញអំពីរបៀបដែលមនុស្សដទៃរស់នៅតាមគោលការណ៍ទាំងនោះ ។ នៅពេលបងប្អូនបង្រៀនសូមស្វែងរកវិធីដើម្បីដាក់បញ្ចូលដំណើររឿង—ចេញមកពីបទគម្ពីរ មកពីប្រវត្តិនៃសាសនាចក្រ ឬចេញមកពីជីវិតរបស់បងប្អូនផ្ទាល់—ដែលបង្ហាញអំពីគោលការណ៍នានានៅក្នុងបទគម្ពីរទាំងនោះ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៤
ដោយសារតែព្រះយេស៊ូវគ្រីស្ទទើបខ្ញុំ « មិនខ្លាច » ។
-
ព្រះអម្ចាស់បានប្រាប់ យ៉ូសែប និង អូលីវើរ ថា « ចូរកុំខ្លាចហ្វូងតូចអើយ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៤ ) ។ បងប្អូនអាចអញ្ជើញកុមារឲ្យនិយាយឃ្លានេះសាឡើងវិញជាមួយបងប្អូនឲ្យបានច្រើនដង ។ ពួកគេក៏អាចរីករាយនឹងសម្តែងជាហ្វូងចៀមដែលភ័យខ្លាចផងដែរ ។ តើសត្វចៀមអាចនឹងភ័យខ្លាចអ្វីខ្លះ ? បន្ទាប់មកបងប្អូន និងកូនៗរបស់បងប្អូនអាចមើលរូបភាពរបស់ព្រះអង្គសង្គ្រោះជាអ្នកគង្វាល ( មានរូបភាពនេះនៅចុងបញ្ចប់នៃគម្រោងមេរៀននេះ ) ហើយនិយាយអំពីរបៀបដែលទ្រង់មើលថែយើងដូចជាអ្នកគង្វាលមើលថែចៀមរបស់គាត់ ។
-
សូមពិចារណាច្រៀងចម្រៀងមួយបទអំពីការស្វែងរកភាពក្លាហាននៅក្នុងព្រះគ្រីស្ទដូចជា « ហ៊ាននឹងធ្វើត្រូវ » ជាមួយគ្នា ( សៀវភៅចម្រៀងកុមារ ទំព័រ៨០ ) ឬ « ចូរយើងខិតខំទៅ » ( ទំនុកតម្កើង ទំព័រ ១៥២ ) ។ តើបទចម្រៀងនេះបង្រៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះជួយយើងកុំឲ្យខ្លាចអ្វីខ្លះ ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦
ខ្ញុំអាចសម្លឹងមើលព្រះយេស៊ូវគ្រីស្ទក្នុងគ្រប់គំនិត ។
-
បន្ទាប់ពីអានរួមគ្នាក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ បងប្អូន និងកូនៗរបស់បងប្អូនអាច គូរគំនូរដើម្បីជួយបងប្អូនឲ្យចងចាំ « ចូរមើលមក [ ព្រះយេស៊ូវគ្រីស្ទ ] ដោយនូវក្នុងគ្រប់គំនិត » ។ ចែកចាយជាមួយគ្នានូវគំនូររបស់បងប្អូន ហើយជួយកូនៗរបស់បងប្អូនឲ្យគិតអំពីកន្លែងដែលពួកគេអាចដាក់តាំងគំនូរទាំងនោះ ដើម្បីពួកគេនឹងមើលឃើញវាជាញឹកញាប់ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។