« សម្លេងនៃការស្ដារឡើងវិញ ៖ ការបកប្រែនៃព្រះគម្ពីរមរមន » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« ការបកប្រែនៃនៃព្រះគម្ពីរមរមន » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
សម្លេងនៃការស្តារឡើងវិញ
ការបកប្រែព្រះគម្ពីរមរមន
នៅខែ មេសា ឆ្នាំ ១៨២៩ ជាខែដែលទទួលបាន កណ្ឌទី ៦–៩ នៃព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ហើយកិច្ចការចម្បងរបស់ យ៉ូសែប ស្ម៊ីធ គឺការបកប្រែព្រះគម្ពីរមរមន ។ យើងពុំដឹងអំពីរឿងលម្អិតច្រើនអំពីដំណើរការនៃការបកប្រែប្រកបដោយអព្ភូតហេតុនេះទេ ប៉ុន្តែយើងបានដឹងថា យ៉ូសែប ស៊្មីធ គឺជាអ្នកមើលឆុត ត្រូវបានជួយដោយឧបករណ៍ទាំងឡាយដែលព្រះបានរៀបចំទុក ៖ ត្បូងថ្លាពីរដុំដែលហៅថាយ៉ូរីម និងធូមីម ហើយត្បូងមួយផ្សេងទៀតដែលហៅថាត្បូងអ្នកមើលឆុត ។
នៅពេលសួរក្រោយមកទៀតអំពីរបៀបដែលកំណត់ត្រានេះត្រូវបានបកប្រែ យ៉ូសែប បានពោលថា « ការណ៍នោះមិនមានបំណងប្រាប់ដល់ពិភពលោកនេះនូវការជាក់លាក់ទាំងអស់នោះទេ » ។ ជាញឹកញាប់ លោកគ្រាន់តែនិយាយថា វាត្រូវបានបកប្រែ « ដោយអំណោយទាន និងព្រះចេស្ដានៃព្រះ » ។
សេចក្ដីថ្លែងការណ៍ខាងក្រោមមកពីសាក្សីផ្ទាល់ភ្នែកចំពោះដំណើរការនៃការបកប្រែនោះ គាំទ្រដល់សាក្សីរបស់យ៉ូសែប ។
គេជឿថាប្រអប់នេះជារបស់ ហៃរុម ស៊្មីធ បានប្រើដើម្បីលាក់ផ្ទាំងចំណារមាសបណ្ដោះអាសន្ន ។
អិមម៉ា ស្ម៊ីធ
« នៅពេលស្វាមីខ្ញុំកំពុងបកប្រែព្រះគម្ពីរមរមនខ្ញុំបានជួយសរសេរគម្ពីរនេះបានមួយផ្នែកកាលគាត់បានហៅប្រយោគនីមួយៗ មួយពាក្យម្ដងៗ ហើយនៅពេលគាត់បានឃើញឈ្មោះខ្លះដែលគាត់មិនអាចបញ្ចេញសំឡេងបាន ឬពាក្យវែងៗ គាត់បានប្រកបវា ហើយខណៈពេលខ្ញុំកំពុងសរសេរវា ប្រសិនបើខ្ញុំសរសេរអក្សរខុស នោះគាត់នឹងបញ្ឈប់ខ្ញុំ ហើយកែតម្រូវការប្រកបរបស់ខ្ញុំ ទោះបីជាវាមិនអាចទៅរួចក្ដី ដែលគាត់ត្រូវមើលរបៀបខ្ញុំសរសេរក្នុងពេលនោះ ។ សូម្បីពាក្យ សារ៉ា ជាដំបូងគាត់មិនអាចអានវាបានទេ ប៉ុន្ដែគាត់បានប្រកបពាក្យនេះ ហើយខ្ញុំបានអានឲ្យគាត់ស្ដាប់ » ។
« ជារឿយៗ ផ្ទាំងចំណារដាក់នៅលើតុដោយគ្មានការលាក់លៀម ដោយខ្ចប់ក្នុងក្រណាត់តូចមួយដែលខ្ញុំបានឲ្យគាត់សម្រាប់រុំផ្ទាំងនោះ ។ ដោយសារវានៅលើតុ មានម្ដងនោះខ្ញុំបានប៉ះផ្ទាំងចំណារនោះធ្វើឲ្យខ្ញុំដឹងពីរាង និងទម្រង់របស់វា ។ វាមើលទៅហាក់ដូចជាអាចបត់បានដូចជាក្រដាសក្រាស់ ហើយឮសូរសំឡេងដែកក្រិកៗនៅពេលជ្រុងវាត្រូវបើកដោយមេដៃ ដូចដែលមនុស្សម្នាក់នឹងបើកទំព័រសៀវភៅដោយមេដៃពេលខ្លះ ។ …
« ជំនឿខ្ញុំគឺថាព្រះគម្ពីរមរមនគឺជាភាពត្រឹមត្រូវបានមកពីព្រះ—ខ្ញុំមិនមានការសង្ស័យសូម្បីតែបន្ដិចសោះឡើយ ។ ខ្ញុំពេញចិត្តព្រោះគ្មានមនុស្សណាម្នាក់អាចសូត្រអក្សរនៅលើចំណារនោះបានឡើយ លើកលែងតែគាត់បានទទួលការបំផុសគំនិត ពីព្រោះថាពេលខ្ញុំធ្វើជាជំនួយការរបស់គាត់ [ យ៉ូសែប ] នឹងសូត្រឲ្យខ្ញុំស្ដាប់ជាច្រើនម៉ោង ហើយពេលត្រឡប់មកពីទទួលទានអាហារ ឬក្រោយពីការរំខាន គាត់នឹងចាប់ផ្ដើមនៅត្រង់កន្លែងដែលគាត់បានបញ្ចប់ពីមុនដោយពុំចាំបាច់មើលសៀវភៅសរសេរនោះ ឬឲ្យគេអានផ្នែកណាមួយនៃការសរសេរនោះឲ្យគាត់ស្ដាប់នោះឡើយ ។ នេះគឺជារឿងមួយដែលគាត់ធ្វើជាធម្មតា ។ វាហាក់ដូចជាមិនអាចទៅរួចទេដែលមនុស្សបានរៀនសូត្រម្នាក់អាចធ្វើការណ៍នេះបាន ហើយសម្រាប់មនុស្សម្នាក់ដែលមិនចេះដឹង និងមិនបានរៀនសូត្រដូចគាត់ វាពិតជាមិនអាចទៅរួចទេ » ។
អូលីវើរ ខៅឌើរី
« ខ្ញុំបានសរសេរដោយស្លាបប៉ាកកាខ្ញុំផ្ទាល់ចំពោះព្រះគម្ពីរមរមនទាំងស្រុង ( លើកលែងតែពីរបីទំព័រ ) ដែលត្រូវបានថ្លែងចេញពីមាត់របស់ព្យាការី យ៉ូសែប ស៊្មីធ ហើយលោកបានបកប្រែវាដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ដោយប្រើយូរីម និងធូមីម ឬតាមរបៀបដែលព្រះគម្ពីរនោះបានហៅថាជាអ្នកបកប្រែដ៏បរិសុទ្ធ ។ ខ្ញុំបានឃើញដោយភ្នែករបស់ខ្ញុំផ្ទាល់ ហើយបានកាន់ដោយដៃរបស់ខ្ញុំផ្ទាល់ ជាផ្ទាំងចំណារមាសដែលវាបានដកស្រង់ចេញមក ។ ខ្ញុំក៏បានឃើញអ្នកបកប្រែផងដែរ » ។