« នីហ្វៃទី៣ ១១:១៨–៤១ ៖ ព្រះយេស៊ូវគ្រីស្ទប្រកាសអំពីគោលលទ្ធិរបស់ទ្រង់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ១១:១៨–៤១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ១១:១៨–៤១
ព្រះយេស៊ូវគ្រីស្ទប្រកាសអំពីគោលលទ្ធិរបស់ទ្រង់
តើអ្នកធ្លាប់គិតអំពីសេចក្ដីពិតអ្វីខ្លះដែលអ្នកផ្សព្វផ្សាយសាសនាចែកចាយជាមួយនឹងអ្នកទាំងឡាយណាដែលពួកគេកំពុងបង្រៀនដែរឬទេ ? នៅក្នុងចំណោមសារលិខិតដ៏សំខាន់បំផុតមួយរបស់ពួកគេ ទាក់ទងទៅនឹងអ្វីដែលយើងត្រូវតែធ្វើ ដើម្បីទទួលបានពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ ពេលខ្លះសារលិខិតនេះ គេហៅថា គោលលទ្ធិនៃព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី២ ៣១:២១ ) ។ ព្រះអង្គសង្គ្រោះបានបង្រៀនគោលលទ្ធិនេះទៅដល់ពួកសាសន៍នីហ្វៃភ្លាមៗ បន្ទាប់ពីទ្រង់បានបង្ហាញអង្គទ្រង់ដល់ពួកគេនៅព្រះវិហារបរិសុទ្ធ ។ មេរៀននេះអាចជួយឲ្យអ្នកយល់កាន់តែច្បាស់ និងពន្យល់អំពីគោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទ ។
ការលើកទឹកចិត្តសិស្សឲ្យត្រៀមខ្លួនដើម្បីរៀន ។ នៅពេលសិស្សបានរៀបចំខ្លួនដើម្បីរៀនរួចរាល់ហើយ នោះពួកគេរៀបចំចិត្តរបស់ពួកគេដើម្បីទទួលព្រះវិញ្ញាណបរិសុទ្ធ ។ សិស្សអាចរៀបចំសម្រាប់រៀនដោយការអានផ្នែកនៃបទគម្ពីរ ការសញ្ជឹងគិតអំពីសំណួរ ឬការគិតអំពីបទពិសោធន៍មួយដើម្បីយកមកចែកចាយ ។ អញ្ជើញសិស្សឲ្យធ្វើការរៀបចំខ្លួន ហើយបន្ទាប់មកបង្កើតឱកាសសម្រាប់សិស្សដើម្បីមើលអំពីរបៀបនៃការរៀបចំរបស់ពួកគេមានឥទ្ធិពលទៅលើការសិក្សារបស់ពួកគេមានលក្ខណៈបែបណា ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀនអំពីគោលលទ្ធិនៃព្រះគ្រីស្ទមុនពេលមករៀន ។ ពួកគេអាចសិក្សាអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី៣ ១១:៣១–៤១ ឬស្វែងរក « គោលលទ្ធិនៃព្រះគ្រីស្ទ » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រ ChurchofJesusChrist.org ។
សកម្មភាពរៀនសូត្រដែលអាចមាន
សកម្មភាពសិក្សានៅក្នុងមេរៀននេះផ្តោតជាចម្បងទៅលើគោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទដែលបានបង្រៀននៅក្នុង នីហ្វៃទី៣ ១១:៣១–៤១ ។ ប្រសិនបើចាំបាច់ សូមប្រើប្រាស់ផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ដើម្បីជួយសិស្សឲ្យយល់អំពីការបង្រៀនបន្ថែមរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី៣ ១១ អំពីការទាស់ទែងគ្នា និងវិធីត្រឹមត្រូវនៅក្នុងការធ្វើពិធីបុណ្យជ្រមុជទឹកដល់នរណាម្នាក់ផងដែរ ។
ការក្លាយទៅជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យសម្តែងតាមសាច់រឿងដូចខាងក្រោមនៅចំពោះមុខថ្នាក់ ។ ដើម្បីផ្តល់ឱកាសឲ្យសិស្សច្រើនទៀតបានចែកចាយ សូមពិចារណាបែងចែកពួកគេជាក្រុមតូចៗ ហើយអញ្ជើញពួកគេឲ្យផ្លាស់ប្តូរការចែកចាយចម្លើយរបស់ពួកគេ ។
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលបានចាប់អារម្មណ៍នឹងសាសនាចក្រ ។ មិត្តរបស់អ្នកប្រាប់អ្នកថា គាត់មានអារម្មណ៍ល្អប្រសើរចំពោះអ្វីដែលគាត់បានរៀន និងបទពិសោធន៍នាពេលកន្លងមក ។ គាត់ចង់ដឹងអំពីអ្វីខ្លះដែលគាត់គួរធ្វើបន្ទាប់មកទៀត ដើម្បីដើរតាមព្រះអង្គសង្គ្រោះឲ្យកាន់តែពេញលេញ ។
-
តើអ្នកអាចអញ្ជើញមិត្តរបស់អ្នកឲ្យធ្វើអ្វីខ្លះ ? ហេតុអ្វី ?
« ហើយនេះគឺជាគោលលទ្ធិរបស់យើង »
ភ្លាមៗ បន្ទាប់ពីព្រះអង្គសង្គ្រោះដែលបានមានព្រះជន្មរស់ឡើងវិញបានបង្ហាញអង្គទ្រង់ដល់ពួកសាសន៍នីហ្វៃនៅដែនដីបរិបូរណ៍ ទ្រង់បានបង្រៀនពួកគេអំពីគោលលទ្ធិរបស់ទ្រង់ ។ ពេលខ្លះគោលលទ្ធិនេះ ហៅថា « គោលលទ្ធិរបស់ព្រះគ្រីស្ទ » ( នីហ្វៃទី២ ៣១:២១ ) ដែលជួយដល់ពួកយើងឲ្យយល់អំពីរបៀបដែលយើងអាចដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ ថ្ងៃនេះ អ្នកនឹងមានឱកាសមួយដើម្បីយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីគោលលទ្ធិនៃព្រះគ្រីស្ទ និងការពន្យល់គោលលទ្ធិនៃព្រះគ្រីស្ទទៅតាមពាក្យសម្ដីរបស់អ្នកផ្ទាល់ ។
សូមប្រាប់សិស្សថា ពួកគេមានឱកាសនៅក្នុងការរៀបចំ និងបង្រៀនមេរៀនអំពីគោលលទ្ធិរបស់ព្រះគ្រីស្ទទៅដល់មិត្តរួមថ្នាក់នៅក្នុងក្រុមតូចមួយ ។ សូមបង្ហាញការណែនាំខាងក្រោម ដើម្បីឲ្យសិស្សអាចយោងទៅការណែនាំនោះ នៅពេលដែលពួកគេរៀបចំមេរៀនរបស់ពួកគេ ។
-
សូមសិក្សាអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីគោលលទ្ធិរបស់ទ្រង់នៅក្នុង នីហ្វៃទី៣ ១១:៣១–៤១ ។
-
ប្រសិនបើចង់បាន សូមសិក្សាការបង្រៀនបន្ថែមអំពីគោលលទ្ធិ ឬដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដូចជា នីហ្វៃទី២ ៣១:១៧–២ ឬ នីហ្វៃទី៣ ២៧:១៩–២២ ។ អ្នកក៏អាចស្វែងរក « គោលលទ្ធិរបស់ព្រះគ្រីស្ទ » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ។
-
សូមរៀបចំមេរៀនសម្រាប់បីទៅប្រាំនាទីអំពីគោលលទ្ធិរបស់ព្រះគ្រីស្ទ ។ សូមប្រើប្រាស់គំរូដែលបានផ្តល់ឲ្យខាងក្រោម ដើម្បីជួយអ្នករៀបចំគម្រោងរបស់អ្នក ។ អ្នកអាចស្រមៃថា អ្នកគឺជាអ្នកផ្សព្វផ្សាយសាសនារៀបចំមេរៀននេះសម្រាប់បង្រៀននរណាម្នាក់ដែលអ្នកកំពុងបង្រៀន ។ ឬអ្នកអាចគិតដល់នរណាម្នាក់ដែលអ្នកស្គាល់ ហើយរៀបចំខ្លួនឲ្យដូចជាអ្នកកំពុងចែកចាយមេរៀននោះជាមួយនឹងពួកគេដែរ ។
សូមចែកសំណៅចែកច្បាប់ចម្លងគំរូដល់សិស្ស ។ សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យពួកគេរៀបចំមេរៀនរបស់ពួកគេ ។
សូមធានាឲ្យបានថាបានផ្តល់ជម្រើសឲ្យសិស្សដែលអាចនឹងមានអារម្មណ៍អន្ទះសាខ្លាំង នៅពេលដែលគាត់ត្រូវបង្រៀននិយាយឮៗនោះ ។ ជម្រើសទាំងឡាយរួមមានការផ្ដល់ចំណុចសំខាន់ៗនៃមេរៀនរបស់ពួកគេ ឬការធ្វើការជាមួយដៃគូដែលមានទំនុកចិត្ត ឬមានបទពិសោធន៍នៅក្នុងការបង្រៀនច្រើនជាង ។ វាអាចនឹងជួយសិស្សបាន បើអ្នកធ្វើជាគំរូដោយសង្ខេបអំពីរបៀបរៀបចំមេរៀនខ្លីមួយ ។
ផែនការមេរៀនគោលលទ្ធិរបស់ព្រះគ្រីស្ទ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )— « នីហ្វៃទី ៣ ១១:១៨–៤១ ៖ ព្រះយេស៊ូវគ្រីស្ទប្រកាសអំពីគោលលទ្ធិរបស់ទ្រង់ »
-
ចេញពីអ្វីដែលអ្នកបានរៀន និងសិក្សា សូមសរសេរសេចក្ដីសង្ខេបអំពីគោលលទ្ធិរបស់ព្រះគ្រីស្ទ ។
-
សូមសរសេររាយបញ្ជីសំណួរពីរ ឬបីដែលអ្នកអាចសួរដើម្បីជួយដល់អ្នកទាំងឡាយណាដែលអ្នកបង្រៀនឲ្យយល់ និងគិតកាន់តែស៊ីជម្រៅអំពីគោលលទ្ធិរបស់ព្រះគ្រីស្ទ ។
-
សូមពិពណ៌នាអំពីមូលហេតុដែលអ្នកមានអារម្មណ៍ថា វាមានសារៈសំខាន់នៅក្នុងការធ្វើតាមការបង្រៀនទាំងអស់នេះរបស់ព្រះអង្គសង្គ្រោះ ។ ប្រសិនបើអាចធ្វើបាន សូមបញ្ចូលបទពិសោធន៍ដែលអ្នកធ្លាប់មាន បង្ហាញអំពីរបៀបបង្រៀនទាំងនេះដែលបានប្រទានពរជ័យដល់ជីវិតរបស់អ្នក ។
-
សូមសរសេរការអញ្ជើញមួយ ឬពីរដែលអ្នកផ្ដល់ឲ្យដើម្បីជួយដល់អស់អ្នកដែលអ្នកបង្រៀនអនុវត្តអ្វីដែលពួកគេបានរៀនអំពីគោលលទ្ធិរបស់ព្រះគ្រីស្ទ ។
-
( ជម្រើស ) សូមគិតអំពីវត្ថុ ឬសកម្មភាពមួយដើម្បីជួយដល់អ្នកដែលអ្នកបង្រៀនឲ្យយល់កាន់តែច្បាស់អំពីគោលលទ្ធិរបស់ព្រះគ្រីស្ទ ។
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
បន្ទាប់ពីសិស្សមានពេលរៀបចំគ្រប់គ្រាន់ហើយ សូមផ្តល់ឱកាសឲ្យពួកគេបង្រៀនមេរៀនរបស់ពួកគេទៅដល់ដៃគូ ឬក្រុមតូចៗ ។ សូមប្រយ័ត្នកុំបង្ខំសិស្សដែលអន្ទះសាខ្លាំងពេក ក្នុងការបង្រៀនមេរៀនរបស់ពួកគេឲ្យឮៗ ។ អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តពីរបីនាក់ឲ្យបង្រៀនទៅដល់សិស្សនៅក្នុងថ្នាក់ទាំងមូល ។
នៅពេលដែលសិស្សបានបង្រៀនចប់ហើយ ប្រហែលជាមានពេលដើម្បីពិភាក្សាអំពីអ្វីដែលពួកគេបានរៀន ។ សូមពិចារណាសរសេរសេចក្តីពិតខាងក្រោមនៅលើក្ដារខៀន ៖ ដើម្បីចូលទៅក្នុងនគរព្រះ យើងត្រូវធ្វើតាមគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ ដោយការមានសេចក្តីជំនឿនៅលើទ្រង់ ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយប្រកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។
អ្នកអាចប្រើសំណួរដូចខាងក្រោមនៅក្នុងអំឡុងពេលពិភាក្សារបស់អ្នក ៖
-
តើហេតុអ្វីបានជាអ្នកគិតថាគោលលទ្ធិនេះ គឺជាគោលលទ្ធិដំបូងដែលព្រះអង្គសង្គ្រោះបានបង្រៀនដល់ពួកសាសន៍នីហ្វៃ ?
-
ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថា គោលការណ៍និងពិធីបរិសុទ្ធទាំងនេះចាំបាច់ដើម្បីទទួលគ្រងរាជ្យនៃនគរព្រះ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យគោលការណ៍ និងពិធីបរិសុទ្ធទាំងនេះជាផ្នែកដ៏កាន់តែសំខាន់នៅក្នុងជីវិតរបស់អ្នក ?
ស្វ័យវាយតម្លៃ
ប្រសិនបើនៅមានពេល បន្ទាប់ពីសិស្សចែកចាយមេរៀនរបស់ពួកគេរួច ពួកគេអាចសញ្ជឹងគិតអំពីវិធីដើម្បីអនុវត្តនូវគោលលទ្ធិរបស់ព្រះគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃ ។ សូមពិចារណាចែកចាយការវាយតម្លៃខាងក្រោម ហើយផ្តល់ពេលវេលាដល់សិស្សដើម្បីធ្វើស្វ័យវាយតម្លៃខ្លួនពួកគេដោយស្ងៀមស្ងាត់ ៖
នៅពេលអ្នកបញ្ចប់មេរៀន សូមចំណាយពេលខ្លះដើម្បីសញ្ជឹងគិតអំពីរបៀប ដែលអ្នកអាចអនុវត្តគោលលទ្ធិរបស់ព្រះគ្រីស្ទនៅក្នុងជីវិតរបស់អ្នករៀងរាល់ថ្ងៃ ។ ស្វ័យវាយតម្លៃខាងក្រោមអាចជួយអ្នកឲ្យស្គាល់នូវរបៀប ដែលអ្នកកំពុងរស់នៅតាមគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះនាពេលបច្ចុប្បន្ន ក៏ដូចជារបៀបដែលអ្នកអាចកែលម្អឲ្យបានប្រសើរឡើងផងដែរ ។
សូមឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នីមួយៗខាងក្រោមដោយប្រើចម្លើយមួយនៅក្នុងចំណោមចម្លើយទាំងនេះ ៖ « ជាទៀងទាត់ » « ពេលខ្លះ » ឬ « កម្រណាស់ » ។
-
ខ្ញុំអនុវត្តសេចក្តីជំនឿនៅលើព្រះយេស៊ូវគ្រីស្ទ ដោយការខិតខំព្យាយាមរក្សាបទបញ្ញត្តិទាំងឡាយ ហើយទុកចិត្តថាទ្រង់អាចជួយខ្ញុំឲ្យយកឈ្នះនៅលើឧបសគ្គរបស់ខ្ញុំបាន ។
-
ខ្ញុំប្រែចិត្តពីកំហុសរបស់ខ្ញុំជារៀងរាល់ថ្ងៃ ហើយស្វែងរកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយខ្ញុំឲ្យប្រែក្លាយកាន់តែដូចទ្រង់ ។
-
ខ្ញុំព្យាយាមរក្សាសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ហើយបន្តការខិតខំប្រឹងប្រែងនោះជារៀងរាល់សប្ដាហ៍ ដោយការទទួលទានសាក្រាម៉ងដោយភាពស័ក្ដិសម ។
-
ខ្ញុំយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យយាងមកគង់នៅក្នុងជីវិតរបស់ខ្ញុំ តាមរយៈការអធិស្ឋានជាទៀងទាត់ទៅកាន់ព្រះវរបិតាសួគ៌ ហើយសិក្សានិងខិតខំធ្វើតាមការបំផុសគំនិតខាងវិញ្ញាណ ។
សូមលើកទឹកចិត្តសិស្សឲ្យកំណត់ទិដ្ឋភាពនៃគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ ដែលពួកគេអាចបញ្ចូលយ៉ាងពេញលេញទៅក្នុងជីវិតរបស់ពួកគេ ហើយបន្ទាប់មកធ្វើផែនការដើម្បីធ្វើបែបដូច្នេះ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សារួចមកហើយនោះ ។ សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកឱកាសដើម្បីចែកចាយការបង្រៀនទាំងនេះជាមួយអ្នកដទៃ ។