« នីហ្វៃទី៣ ៨–១០°៖ ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះនៅក្នុងភាពងងឹត » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ៨–១០ » ព្រះគម្ពីរមរមនសៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ៨–១០
ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះនៅក្នុងភាពងងឹត
ការបំផ្លិចបំផ្លាញដ៏ធំ និងភាពងងឹតយ៉ាងខ្លាំងជាការសម្គាល់អំពីការឆ្កាងរបស់ព្រះអង្គសង្រ្គោះនៅក្នុងទី្វបអាមេរិក ។ ពេលខ្លះនៅក្នុងអំឡុងពេលបីថ្ងៃដែលមានភាពងងឹតញាសពេញ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលទៅកាន់ប្រជាជន ។ តាំងពីពេលនោះ និងឥឡូវនេះ គ្រោះធម្មជាតិ ការរងទុក្ខវេទនា និងការសាកល្បងនានា អាចជាឱកាសដើម្បីរៀនអំពី និងងាកមករកព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះនឹងកំណត់អំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយអ្នកឲ្យទទួលបាននូវអារម្មណ៍នៃសេចក្តីស្រឡាញ់ និងការទុកចិត្តនៅលើទ្រង់កាន់តែខ្លាំងឡើងថែមទៀត ។
ការលើកទឹកចិត្តសិស្សឲ្យផ្តោតនៅលើព្រះយេស៊ូវគ្រីស្ទ ។ ជួយដល់សិស្សឲ្យផ្តោតទៅលើការសិក្សាដំណឹងល្អរបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធអាចពង្រឹងការយល់ដឹង និងការដឹងគុណរបស់ពួកគេចំពោះទ្រង់ ។ មានរបៀបមួយដើម្បីធ្វើបែបនេះបាន គឺសួរសំណួរដែលនឹងជួយឲ្យសិស្សរកឃើញភស្តុតាងនៃព្រះចេស្ដា សេចក្ដីមេត្តាករុណា និងបេសកកម្មនៃដង្វាយធួនរបស់ទ្រង់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី៣ ៨ ដោយស្រមៃថា តើវានឹងទៅជាយ៉ាងណាទៅបើមានវត្តមាននៅអំឡុងព្រឹត្តិការណ៍ទាំងអស់នេះនោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
« ព្យុះដ៏ធំមួយ »
សូមសួរទៅសិស្សថាតើមាននរណាម្នាក់នៅក្នុងចំណោមពួកគេធ្លាប់បានស្ថិតនៅក្នុងបទពិសោធន៍ដ៏គួរឲ្យភ័យខ្លាច ដូចជា ព្យុះដ៏កាចសហាវ ឬបទពិសោធន៍គ្រោះធម្មជាតិមួយផ្សេងទៀតដែរឬទេ ។ អញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ឬអ្នកអាចចែកចាយបទពិសោធន៍ដែលអ្នកធ្លាប់មាន ។
នៅពេលដែលគេយកព្រះយេស៊ូវគ្រីស្ទទៅឆ្កាងនៅក្រុងយេរូសាឡិម នោះមានខ្យល់ព្យុះនិងការរញ្ជួយដីដ៏គួរឲ្យភ័យខ្លាចយ៉ាងខ្លាំងនៅទ្វីបអាមេរិក ដែលបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ។ ព្រឹត្តិការណ៍ទាំងនេះបានបំពេញតាមការព្យាកររបស់សាំយូអែល ជាសាសន៍លេមិន អំពីទីសម្គាល់នៃការសុគតរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ហេលេមិន ១៤:២០–២៧ ) ។
ដើម្បីស្វែងយល់អំពីសេចក្តីលម្អិតនៃព្រឹត្តិការណ៍ដ៏បំផ្លិចបំផ្លាញទាំងនេះ សូមអាន នីហ្វៃទី៣ ៨: ៥–២២ ។ អ្នកក៏អាចមើលវីដេអូនេះបានផងដែរ « Jesus Christ Appears in the Ancient Americas » ចាប់ពីនាទីទី ០:០០–៣:១៩ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្នកអាចបានគិត ឬមានអារម្មណ៍បែបណាទៅប្រសិនបើអ្នកបានជួបប្រទះទៅនឹងរឿងរ៉ាងទាំងនេះ ?
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំដែលឈានទៅដល់ការបំផ្លិចបំផ្លាញនេះ ពួកសាសន៍នីហ្វៃភាគច្រើនបានងាកចេញពីព្រះអម្ចាស់ ហើយបានបណ្ដេញពួកព្យាការីដែលព្រះបានចាត់ឲ្យទៅបង្រៀនពួកគេផងដែរ ( សូមមើល នីហ្វៃទី៣ ៧: ៧–៨, ១៤, ២១ ) ។
សូមអាន នីហ្វៃទី៣ ៨:២៣–២៥ សូមរកមើលថាតើអ្នកដែលនៅរស់រានមានជីវិតមានប្រត្តិកម្មយ៉ាងណា បន្ទាប់ពីបានជួបប្រទះព្រឹត្តិការណ៍ដ៏បំផ្លិចបំផ្លាញទាំងនេះ ។
-
តើអ្នកនឹងពិពណ៌នាអំពីអារម្មណ៍របស់ពួកគេដោយរបៀបណា ?
សេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ
នៅពេលដែលប្រជាជនកាន់ទុក្ខនៅក្នុងទីងងឹត ពួកគេបានឮព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលទៅកាន់ពួកគេ ។ ទ្រង់បានមានព្រះបន្ទូលពីទីក្រុងជាច្រើន ហើយបានពន្យល់ថាទីក្រុង និងប្រជាជនទាំងនោះទទួលរងការបំផ្លាញដោយសារអំពើទុច្ចរិតរបស់ពួកគេ ។ បន្ទាប់មកទ្រង់បានបង្រៀនប្រជាជនទាំងនោះអំពីសារៈសំខាន់នៃសេចក្តីពិតជាច្រើនអំពីព្រះអង្គផ្ទាល់ ។
បន្ថែមពីលើការឲ្យសិស្សបង្កើតបញ្ជីដែលបានពិពណ៌នានៅក្នុងកថាខណ្ឌខាងក្រោម សូមពិចារណាបង្កើតបញ្ជីដែលអាចបង្ហាញថ្នាក់រៀនរបស់អ្នកដោយលេចធ្លោនៅក្នុងការសិក្សាទាំងមូលរបស់អ្នកអំពីនីហ្វៃទី៣ ផងដែរ ។ អ្នកអាចប្រើផ្ទាំងក្រដាសធំ ឬក្រដាសមួយសន្លឹក ដើម្បីសរសេរចំណងជើងដែលមានរាយបញ្ជីខាងក្រោមជាអក្សរទ្រេត ។ ទាក់ទងទៅនឹងសកម្មភាពនេះ សូមកត់ត្រាការរកឃើញរបស់សិស្សអំពីព្រះយេស៊ូវគ្រីស្ទដែលមាននៅក្នុងអំឡុងពេលសិក្សាមេរៀននេះ និងនៅក្នុងមេរៀនជាបន្តបន្ទាប់ទៀត ។
ដើម្បីជួយអ្នករៀបចំសេចក្ដីពិតទាំងនេះ សូមបង្កើតចំណងជើងមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកដែលមានចំណងជើងថា ៖ ការសិក្សាអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុង នីហ្វៃទី៣ ។ អ្នកប្រហែលជាអាចនឹងចង់ត្រៀមទុកទំព័រជាច្រើននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីអ្នកអាចបន្ថែមសេចក្ដីពិតចូលទៅក្នុងបញ្ជីនេះនៅអំឡុងពេលសិក្សារបស់អ្នកអំពីការងារបម្រើរបស់ព្រះអង្គសង្គ្រោះ នៅក្នុងចំណោមពួកសាសន៍នីហ្វៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
សូមប្រាកដថា បានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់សិស្សដើម្បីមានបទពិសោធន៍ដ៏មានអត្ថន័យមួយនៅក្នុងការសិក្សាអំពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរខាងក្រោម ។ វាអាចមានប្រយោជន៍ក្នុងការចាក់ឧបករណ៍ភ្លេងប្រកបដោយគាវរភាព និងអនុញ្ញាតឲ្យពួកគេសិក្សារៀងៗខ្លួន ។
អ្នកក៏អាចបែងចែកសិស្សជាក្រុមតូចៗ ហើយប្រាប់ឲ្យក្រុមនីមួយៗសិក្សា និងពិភាក្សាអំពីវគ្គបទគម្ពីរមួយនៅក្នុងចំណោមវគ្គបទគម្ពីរខាងក្រោម ៖ នីហ្វៃទី៣ ៩: ១៣–១៨; នីហ្វៃទី៣ ៩: ១៩–២២; នីហ្វៃទី៣ ១០:៤–៧ និង នីហ្វៃទី៣ ១០: ៨–១២ ។ សមាជិកមកពីក្រុមនីមួយៗអាចត្រូវបានអញ្ជើញឲ្យចែកចាយអំពីអ្វីដែលពួកគេបានសិក្សាអំពីព្រះយេស៊ូវគ្រីស្ទចេញពីខគម្ពីរដែលពួកគេបានសិក្សា ។
សូមអាន នីហ្វៃទី៣ ៩:១៣–២២ និង ១០:៤–១២ ដោយរកមើលអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនប្រជាជនទាំងនេះអំពីព្រះអង្គទ្រង់ ។ សូមសរសេរសេចក្ដីពិតទាំងនេះនៅក្រោមចំណងជើងមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
បន្ទាប់ពីសិស្សមានពេលវេលាសិក្សាគ្រប់គ្រាន់ហើយ សូមពិភាក្សាអំពីអ្វីដែលពួកគេបានរៀន ។ សូមផ្តល់ឱកាសដល់សិស្សជាច្រើននាក់ដើម្បីចែកចាយការយល់ដឹង និងអារម្មណ៍របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមប្រើសំណួរដូចខាងក្រោមនេះ ដើម្បីជួយណែនាំអំពីការពិភាក្សានេះ ។
-
តើព្រះអង្គសង្គ្រោះបានបង្រៀនអ្វីខ្លះអំពីព្រះអង្គផ្ទាល់ ដែលមានសារៈសំខាន់ជាពិសេសចំពោះអ្នក ? ហេតុអ្វី ?
សិស្សអាចស្គាល់ពីសេចក្ដីពិតជាច្រើនអំពីព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់ធ្វើឲ្យប្រាកដថា សិស្សសង្កេតឃើញដូចខាងក្រោមនេះ ៖ ព្រះហស្តនៃសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទបានសន្ធឹងមករកយើង ( នីហ្វៃទី៣ ៩:១៤ ); ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺ ហើយជាជីវិតនៃពិភពលោក ( នីហ្វៃទី៣ ៩:១៨ ); ព្រះយេស៊ូវគ្រីស្ទសុំឲ្យយើងថ្វាយដល់ទ្រង់នូវចិត្តសង្រេង និងវិញ្ញាណទន់ទាប ( នីហ្វៃទី៣ ៩:២០ ); ព្រះយេស៊ូវគ្រីស្ទមានព្រះទ័យចង់ប្រមូល និងការពារពួកយើង ( នីហ្វៃទី៣ ១០:៤–៧ ) ។
សូមពិចារណាសរសេរសេចក្តីពិតទាំងនេះនៅលើក្ដារខៀន ។ អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកដំណើររឿងផ្សេងទៀតនៅក្នុងព្រះគម្ពីរដែលព្រះយេស៊ូវគ្រីស្ទបង្ហាញអំពីសេចក្ដីពិតមួយ ឬច្រើនដែលពួកគេបានរកឃើញអំពីទ្រង់ ។
សម្រាប់គំនិតអំពីរបៀបដែលអ្នក អាចចំណាយពេលច្រើនបន្ថែមទៀត ទៅលើការបង្រៀនជាក់លាក់មួយចំនួនរបស់ព្រះអង្គសង្គ្រោះចេញពីខគម្ពីរទាំងនេះ សូមមើលផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ។
-
តើសេចក្ដីពិតដែលអ្នកបានសិក្សាអំពីព្រះយេស៊ូវគ្រីស្ទ អាចជះឥទ្ធិពលដល់សេចក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់ និងការទុកចិត្តទៅលើទ្រង់ដោយរបៀបណា ?
-
តើអ្នកធ្លាប់ឆ្លងកាត់ស្ថានភាពអ្វីខ្លះ ឬអ្នកប្រហែលជាស្ថិតនៅក្នុងស្ថានភាពទាំងនោះ ដែលការចងចាំអំពីសេចក្ដីពិតមួយ ឬច្រើននៃសេចក្ដីពិតទាំងនេះនឹងមានសារៈសំខាន់ ?
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តស្វែងរកសេចក្ដីពិតសំខាន់ៗអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេបន្តសិក្សាអំពីការបម្រើរបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ។