« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩— ‹ សូមជឿដល់ព្រះចុះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩
« សូមជឿដល់ព្រះចុះ »
នៅក្នុងការសិក្សារបស់អ្នកអំពី ម៉ូសាយ ៤:៩–១០ អ្នកបានរៀនពីសារៈសំខាន់នៃការជឿលើព្រះ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៤:៩ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
សូមផ្តោតលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ គ្មានអ្វីដែលគ្រូបង្រៀនអាចធ្វើបាន ដែលនឹងផ្តល់ពរដល់សិស្សជាងការជួយពួកគេឲ្យស្គាល់ និងស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនោះទេ ។ នៅពេលអ្នករៀបចំ និងបង្រៀន សូមបន្តស្វែងរកការបំផុសគំនិតអំពីរបៀបដែលអ្នកអាចធ្វើកិច្ចការនេះបាន ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរគ្រួសារ ឬមិត្តភក្តិអំពីមូលហេតុដែលពួកគេជ្រើសរើសជឿលើព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អ្នកគួរតែបង្រៀនមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះ បន្ទាប់ពីមេរៀន « ម៉ូសាយ ៤:៩–១០ » ដែលជាមេរៀនបរិបទសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ ម៉ូសាយ ៤:៩ ។ ប្រសិនបើអ្នកត្រូវប្តូរមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ទន្ទេញ និងពន្យល់
ខាងក្រោមនេះគឺជាវិធីមួយដើម្បីជួយសិស្សពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុង ម៉ូសាយ ៤:៩ ជាពាក្យផ្ទាល់ខ្លួនរបស់ពួកគេ ។
សូមរំឭកពីបទពិសោធន៍របស់អ្នកក្នុងការសិក្សាការអញ្ជើញរបស់ស្តេចបេនយ៉ាមីននៅក្នុង ម៉ូសាយ ៤:៩–១០ ដើម្បីឲ្យប្រជាជនរបស់ទ្រង់ជឿដល់ព្រះ ។ ប្រសិនបើចាំបាច់ សូមពិចារណាអានខគម្ពីរទាំងនេះម្តងទៀត ហើយរំឭកឡើងវិញនូវដ្យាក្រាមដែលអ្នកបានបង្កើតនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកពីមេរៀនមុន ។
-
តើស្ដេចបេនយ៉ាមីនបានអញ្ជើញប្រជាជនរបស់ទ្រង់ឲ្យជឿដល់លក្ខណៈ ឬគុណលក្ខណៈដ៏សំខាន់អ្វីខ្លះរបស់ព្រះ ?
-
តើការជឿលើគុណលក្ខណៈដ៏ទេវភាពទាំងនេះរបស់ព្រះអាចមានឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
សូមជ្រើសរើសលក្ខណៈ ឬគុណលក្ខណៈរបស់ព្រះដែលបានរៀបរាប់នៅក្នុង ម៉ូសាយ ៤:៩–១០ ដែលស្តេចបេនយ៉ាមីនបានបង្រៀនជនរបស់ទ្រង់ឲ្យជឿ ។ សូមចែកចាយពីរបៀបដែលអ្នកអាចពន្យល់វាទៅនរណាម្នាក់ដែលមិនយល់ពីអត្ថន័យរបស់វា ។
សូមអញ្ជើញសិស្សឲ្យទន្ទេញសេចក្តីយោងនៃវគ្គចំណេះចំណានខាងគោលលទ្ធិ ម៉ូសាយ ៤:៩ និងឃ្លាបទគម្ពីរគន្លឹះរបស់វាដែលមានមកជាមួយគឺ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយនៃរបៀបធ្វើដូច្នេះ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរពាក្យ ជឿ ជាអក្សរធំ ។ នៅខាងក្រោមនេះ សូមសរសេរឃ្លា ដល់ព្រះ ហើយខាងក្រោមនេះសរសេរឃ្លា សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា ។ បន្ទាប់មក សូមសរសេរសេចក្ដីយោងបទគម្ពីរ ម៉ូសាយ ៤:៩ ជាអក្សរធំនៅពីក្រោម ។ ចាប់ផ្តើមពីខាងលើ សូមសូត្របន្ទាត់នីមួយៗឲ្យឮៗនៅពេលអ្នកចង្អុលទៅពាក្យ ឃ្លា ឬសេចក្តីយោង ។ សូមធ្វើសកម្មភាពនេះឲ្យបានច្រើនដង រហូតទាល់តែអ្នកចាំអស់ ។
ជាជម្រើសមួយសម្រាប់សកម្មភាពមុន សូមពិចារណាសរសេរពាក្យ ជឿ នៅលើក្តារខៀន ។ សូមពន្យល់ថា ពាក្យនេះលេចឡើងពីរដងក្នុងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៤:៩ ។ សូមអញ្ជើញសិស្សឲ្យទន្ទេញឃ្លា « សូមជឿដល់ព្រះចុះ » ជាមុនសិន បន្ទាប់មកឃ្លា « សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ បន្ទាប់មកទៀត សូមឲ្យពួកគេទន្ទេញសេចក្តីយោងបទគម្ពីរ ម៉ូសាយ ៤:៩ ។ រួចហើយអញ្ជើញសិស្សបីនាក់មកខាងមុខថ្នាក់ ។ សូមចាត់សិស្សម្នាក់ៗឲ្យថាឡើងវិញនូវផ្នែកមួយក្នុងចំណោមផ្នែកដែលបានទន្ទេញនោះ ។ សូមធ្វើបែបនេះដដែលៗជាមួយសិស្សជាក្រុមមានគ្នាបីនាក់ដើម្បីជួយពួកគេឲ្យចងចាំឃ្លាគន្លឹះ និងសេចក្តីយោង ។
រៀនអនុវត្ត
សូមអញ្ជើញសិស្សឲ្យរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញ ។ ពួកគេអាចបំពេញកិច្ចការខាងក្រោមក្នុងរយៈពេលកំណត់មួយ ។ អ្នកអាចកែសម្រួលសកម្មភាពនេះដោយរាយបញ្ជីគោលការណ៍ជាថ្នាក់ ហើយបន្ទាប់មកអញ្ជើញសិស្សឲ្យជ្រើសរើសគោលការណ៍មួយ ហើយពន្យល់ពីរបៀបដែលពួកគេបានប្រើ ឬអាចប្រើវាបាន ។ សិស្សអាចបង្រៀនគ្នាទៅវិញទៅមក ដើម្បីរំឭកគោលការណ៍ទាំងបីឡើងវិញ ។
សូមរំឭកដោយសង្ខេបនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុង កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ អ្នកអាចព្យាយាមរាយបញ្ជីគោលការណ៍ទាំងបីចេញពីការចងចាំ ។ បន្ទាប់មក នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមកត់ត្រាពីរបៀបដែលអ្នកបានប្រើ ឬអាចប្រើគោលការណ៍ទាំងនេះ ។
ស្ថានភាពខាងក្រោមអាចជួយសិស្សអនុវត្តការបង្រៀនរបស់ ម៉ូសាយ ៤:៩ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជីវិតជាក់ស្តែង ។ ជម្រើសមួយទៀតគឺអនុញ្ញាតឲ្យសិស្សធ្វើការរៀនសូត្ររបស់ពួកគេក្លាយជារឿងផ្ទាល់ខ្លួន ដោយបង្កើតស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេដើម្បីអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ការណ៍នេះអាចជួយឲ្យការរៀនសូត្ររបស់ពួកគេកាន់តែមានភាពទាក់ទង និងអាចអនុវត្តចំពោះពួកគេបាន ។
ជម្រើសមួយផ្សេងទៀតចំពោះស្ថានភាពខាងក្រោមអាចជាវីដេអូ « His Grace: Choosing to Believe in God » ( ៤:០៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ប្រសិនបើអ្នកសម្រេចចិត្តប្រើវីដេអូជំនួសឲ្យស្ថានភាពនេះ វាអាចមានប្រយោជន៍ដើម្បីផ្អាកនៅចំណុចផ្សេងៗ ហើយពិភាក្សាជាមួយសិស្សពីរបៀបដែលពួកគេបានឃើញយុវជននៅក្នុងវីដេអូ បង្ហាញពីគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ អ្នកក៏អាចចាត់គោលការណ៍មួយដល់សិស្សដើម្បីរកមើល និងសង្កេតមើលពីរបៀបដែលយុវជនក្នុងវីដេអូបានប្រើគោលការណ៍នោះ ។ បន្ទាប់មកសិស្សអាចបង្រៀនគ្នាទៅវិញទៅមកពីអ្វីដែលពួកគេបានសង្កេត និងទទួលអារម្មណ៍ ។
មីរ៉ា រៀននៅក្នុងថ្នាក់មួយដែលគ្រូបង្រៀនលេងសើចរឿងសាសនា ហើយមិនជឿដល់ព្រះនោះទេ ។ យោបល់ទាំងនេះរំខានដល់ មីរ៉ា តាំងពីដំបូង ប៉ុន្តែក្នុងរយៈពេលពីរបីខែនៅក្នុងថ្នាក់ នាងចាប់ផ្តើមឆ្ងល់ថា តើគ្រូបង្រៀនរបស់នាងអាចនិយាយត្រូវឬអត់ ។ នាងតែងតែជឿលើព្រះ ប៉ុន្តែឥឡូវនេះ នាងមានអារម្មណ៍ថា នាងប្រហែលជាចាប់ផ្ដើមសង្ស័យអំពីអត្ថិភាពរបស់ព្រះ ។
សូមប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិនៅក្នុង ម៉ូសាយ ៤:៩ ដើម្បីជួយក្នុងស្ថានភាពរបស់ មីរ៉ា ឬជាមួយនឹងស្ថានភាពផ្សេងដែលទាក់ទងនឹងការជឿដល់ព្រះ ដែលពាក់ព័ន្ធខ្លាំងជាងទៅនឹងជីវិតរបស់អ្នក ។
អ្នកមិនចាំបាច់សួរសំណួរខាងក្រោមនៅក្នុងថ្នាក់ម្តងមួយៗនោះទេ ។ វាគ្រាន់តែប្រើដើម្បីធ្វើជាឧទាហរណ៍នៃសំណួរដែលអ្នកអាចសួរ នៅពេលសិស្សអនុវត្តដោយប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណប៉ុណ្ណោះ ។ សូមអនុញ្ញាតឲ្យសិស្សសួរ និងឆ្លើយសំណួររបស់ពួកគេទៅវិញទៅមក ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីពេលដែលត្រូវសួរ ពេលមិនត្រូវសួរសំណួរតាមដាន ( ទាំងសំណួរដែលមានក្នុងបញ្ជីនៅទីនេះ ឬសំណួរផ្សេងទៀត ) ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើទង្វើដ៏ស្មោះត្រង់ណាមួយដែលមនុស្សម្នាក់អាចធ្វើ ប្រសិនបើពួកគេកំពុងពុះពារដើម្បីជឿដល់ព្រះ ?
-
តើការធ្វើសកម្មភាពទាំងនេះអាចជួយពួកគេយ៉ាងដូចម្តេច ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
-
តើការបង្រៀនអ្វីពី ម៉ូសាយ ៤:៩ អាចជួយបុគ្គលម្នាក់ក្នុងស្ថានភាពនេះឲ្យមានទស្សនវិស័យដ៏អស់កល្បជានិច្ច ?
-
តើការសម្រេចចិត្តរបស់បុគ្គលម្នាក់ក្នុងការជឿ ឬមិនជឿលើព្រះអាចជះឥទ្ធិពលយ៉ាងណាទៅលើអនាគតរបស់ពួកគេ ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើវគ្គបទគម្ពីរ ឬបទពិសោធន៍បន្ថែមអ្វីខ្លះ ( ដែលអ្នក ឬអ្នកផ្សេងទៀតមាន ) អាចជួយបុគ្គលម្នាក់ជាមួយនឹងបញ្ហាប្រឈមនេះ ?
-
តើមនុស្សអាចរកព័ត៌មាននៅកន្លែងណាទៀតដើម្បីជួយពួកគេក្នុងស្ថានភាពនេះ ? សូមស្វែងរកយ៉ាងហោចណាស់ប្រភពមួយផ្សេងទៀត ហើយពន្យល់ពីរបៀបដែលវាអាចជួយបាន ។
ដើម្បីបញ្ចប់មេរៀននេះ អ្នកប្រហែលជាចង់អញ្ជើ្សិស្សឲ្យសញ្ជឹងគិតអំពីស្ថានភាពដែលពួកគេ ឬអ្នកផ្សេងទៀតធ្លាប់ដកពិសោធ ឬប្រហែលជានៅក្នុងកន្លែងដែលជំនឿរបស់ពួកគេដល់ព្រះអាចនឹងជួបឧបសគ្គ ហើយជួយពួកគេរៀបចំខ្លួនដើម្បីទទួលបទពិសោធន៍ទាំងនេះ ។ អ្នកអាចធ្វើដូច្នេះបានដោយសួរសិស្សនូវសំណួរមួយចំនួនខាងក្រោម ៖
-
តើបទពិសោធន៍របស់អ្នកសព្វថ្ងៃនេះអាចជួយអ្វីខ្លះក្នុងស្ថានភាពទាំងនេះ ?
-
តើរឿងជាក់លាក់ណាខ្លះដែលអ្នកចង់ចងចាំនៅពេលជំនឿរបស់អ្នកដល់ព្រះជួបឧបសគ្គនោះ ?
ជាផ្នែកមួយនៃការពិភាក្សានេះ សូមថ្លែងទីបន្ទាល់ ឬអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការជឿដល់ព្រះ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
សូមប្រើសកម្មភាពរំឭកឡើងវិញខាងក្រោមនេះនៅក្នុងមេរៀនដែលអ្នកនឹងបង្រៀនភ្លាមៗបន្ទាប់ពីមេរៀននេះ ។
សូមចាប់ផ្ដើមសរសេរសេចក្ដីយោងបទគម្ពីរនៃ ម៉ូសាយ ៤:៩ និងឃ្លាបទគម្ពីរគន្លឹះ សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា នៅលើក្តារខៀនម្តងមួយពាក្យ ។ មុនពេលសរសេរពាក្យបន្ទាប់ សូមផ្អាកដើម្បីមើលថាតើសិស្សអាចសូត្រវាបានទេ មុនពេលអ្នកសរសេរវា ។ សូមធ្វើបែបនេះពីរបីដងរហូតដល់សិស្សអាចធ្វើវាឡើងវិញចេញពីការចងចាំ ។