« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩—‹ [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយទៅជា ] អ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩
« [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយទៅជា ] អ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ »
នៅក្នុងការសិក្សារបស់អ្នកអំពី ម៉ូសាយ ៣:១៩ អ្នកបានរៀនពីរបៀបយកឈ្នះលើមនុស្សខាងសាច់ឈាមតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៣:១៩ ។ វាក៏អាចជួយអ្នកពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែងផងដែរ ។
ការលើកទឹកចិត្តដល់ការរៀនសូត្រខាងវិញ្ញាណតាមរយៈការខិតខំ ។ ការរៀនដំណឹងល្អដែលជំរុញឲ្យមានការប្រែចិត្តជឿ និងជួយឲ្យដំណឹងល្អជ្រាបចូលជ្រៅទៅក្នុងចិត្តរបស់សិស្សទាមទារច្រើនជាងការខិតខំដោយការឧស្សាហ៍ព្យាយាមខាងគ្រូទៅទៀត ។ ការរៀនសូត្រខាងវិញ្ញាណតម្រូវឲ្យមានការខិតខំឥតឈប់ឈរពីសិស្ស ។ សូមជួយសិស្សរបស់អ្នកឲ្យឃើញពីតួនាទីរបស់ពួកគេនៅក្នុងដំណើរការបង្រៀន និងការរៀនសូត្រ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យចាប់ផ្តើមព្យាយាមទន្ទេញ ម៉ូសាយ ៣:១៩ ។ សូមពន្យល់ថា អ្នកនឹងផ្តល់ពេលវេលាក្នុងថ្នាក់ដើម្បីទន្ទេញឃ្លាបទគម្ពីរគន្លឹះ ប៉ុន្តែវាក៏អាចផ្តល់ប្រយោជន៍ដល់ពួកគេក្នុងការអនុវត្តការទន្ទេញបទគម្ពីរទាំងមូលផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អ្នកគួរតែបង្រៀនមេរៀនចំណេះចំណានខាងគោលលទ្ធិនេះបន្ទាប់ពីមេរៀន « ម៉ូសាយ ៣:១៩ » ដែលជាមេរៀនបរិបទសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ ម៉ូសាយ ៣:១៩ ។ ប្រសិនបើអ្នកត្រូវប្តូរមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ទន្ទេញ និងពន្យល់
ក្នុងអំឡុងពេលមេរៀនមុន អ្នកបានរៀនសេចក្តីពិតខាងក្រោមពី ម៉ូសាយ ៣:១៩ ៖ តាមរយៈការព្រមធ្វើតាមសេចក្តីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចយកឈ្នះលើមនុស្សខាងសាច់ឈាម ហើយក្លាយជាអ្នកបរិសុទ្ធតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៣:១៩ គឺ « [ សម្រាត ]ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយទៅជា ] អ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ » ។
សូមផ្តល់ឲ្យសិស្សនូវវិធីមួយដើម្បីអនុវត្តការទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនេះ ។ សកម្មភាពខាងក្រោមគឺជារបៀបមួយដែលអ្នកអាចធ្វើវាបាន ។
សូមគូររូបត្រីកោណដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ។ សូមបែងចែកសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៣:១៩ ជាបួនផ្នែក ។ សូមសរសេរផ្នែកទាំងបួននៅក្នុងរូបត្រីកោណរបស់អ្នក ។ ឧទាហរណ៍ ៖ អ្នកអាចសរសេរ « ម៉ូសាយ ៣:១៩ » នៅលើគំនូររបស់អ្នកផ្នែកខាងលើបំផុត « [ សម្រាត ] ភាពខាងសាច់ឈាមចេញ » នៅក្នុងផ្នែកទីពីរជាដើម ។ សូមអនុវត្តការទន្ទេញឃ្លាទាំងមូលដោយផ្លាស់ប្តូរពីលើចុះក្រោមនៅលើគំនូររបស់អ្នក រហូតដល់អ្នកមានអារម្មណ៍មានទំនុកចិត្តសូត្រដោយពុំមើល ។
សូមឲ្យសិស្សអនុវត្តការពន្យល់គោលលទ្ធិជាពាក្យសម្ដីរបស់ពួកគេផ្ទាល់ ។ អ្នកអាចប្រើគំនិតខាងក្រោម ឬគំនិតផ្សេងមួយទៀតដើម្បីជួយសិស្សអនុវត្ត ។
សូមស្រមៃថា អ្នកកំពុងបង្រៀនមេរៀនអំពី ម៉ូសាយ ៣:១៩ ដល់ថ្នាក់អង្គការបឋមសិក្សានៅក្នុងវួដ ឬសាខារបស់អ្នក ។ តើអ្នកអាចពន្យល់សារលិខិតនៃវគ្គចំណេះចំណានខាងគោលលទ្ធិនេះដល់ក្រុមកុមារដោយរបៀបណា ? សូមសរសេរកថាខណ្ឌខ្លីមួយជាពាក្យផ្ទាល់ខ្លួនរបស់អ្នកដែលពន្យល់អំពីគោលលទ្ធិនៃ ម៉ូសាយ ៣:១៩ ។
សូមពិចារណាបំបែកសិស្សជាគូដើម្បីបំពេញការពន្យល់របស់ពួកគេ ។ អ្នកអាចអញ្ជើញសិស្សដែលមានស្ម័គ្រចិត្តឲ្យអានការពន្យល់របស់ពួកគេដល់ថ្នាក់ទាំងមូល ។
រៀនអនុវត្ត
សូមឲ្យសិស្សពិនិត្យមើលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ របៀបមួយដើម្បីធ្វើរឿងនេះគឺត្រូវអញ្ជើញសិស្សមួយចំនួនគូរនិមិត្តរូប ឬរូបភាពសាមញ្ញៗនៅលើក្ដារខៀន ដែលតំណាងឲ្យគោលការណ៍នីមួយៗនៃគោលការណ៍ទាំងបី ។ សូមព្យាយាមរៀបចំរចនាសម្ព័ន្ធសកម្មភាពដើម្បីវាចំណាយពេលត្រឹមតែពីរបីនាទីនៃម៉ោងរៀនប៉ុណ្ណោះ ។
សូមផ្តល់ឲ្យសិស្សនូវស្ថានភាពស្រដៀងនឹងចំណុចខាងក្រោម ដើម្បីជួយពួកគេអនុវត្តដោយប្រើគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
តូវីយ៉ា បានតស៊ូជាមួយការគ្រប់គ្រងកំហឹងរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំ ។ ជារឿយៗ គាត់ខឹងនឹងបងប្អូន និងឪពុកម្តាយរបស់គាត់ ហើយបានដំឡើងសំឡេងរបស់គាត់ ។ គាត់ក៏មិនសូវត្រូវជាមួយអ្នកដទៃនៅសាលារៀនដែរ ។ ថ្ងៃមួយ ពេលកំពុងនិយាយជាមួយឪពុកម្តាយរបស់គាត់អំពីអារម្មណ៍ឆេវឆាវរបស់គាត់ គាត់ពោលថា ៖ « កូនប្រាថ្នាថា កូនអាចធ្វើជាមនុស្សចេះអត់ធ្មត់ជាងនេះ ប៉ុន្តែកូនគិតថា កូនមិនអាចធ្វើបានទេ ។ នេះគឺជាចរិករបស់កូន ! »
អ្នកអាចកែសម្រួលស្ថានភាពនេះ ដើម្បីបំពេញតម្រូវការសិស្សរបស់អ្នកបានកាន់តែប្រសើរ ។ អ្នកអាចផ្លាស់ប្តូរអាកប្បកិរិយាឆេវឆាវនៅក្នុងស្ថានភាពទៅជាបញ្ហាប្រឈមផ្សេងទៀត ដូចជា ភាពខ្ជិល ប្រើភាសាមិនចេះគោរព ឬគ្មានសណ្តានចិត្តល្អ ។ ជម្រើសមួយទៀតគឺត្រូវអញ្ជើញសិស្សឲ្យធ្វើបញ្ជីមួយនៅលើក្ដារខៀនពីអាកប្បកិរិយាទូទៅដែលមនុស្សខាងសាច់ឈាមមាន ។ បន្ទាប់មកសិស្សអាចជ្រើសរើសអាកប្បកិរិយាមួយ ហើយសម្របតាមស្ថានភាពដើម្បីបញ្ចូលវាជំនួសវិញ ។
-
តើអ្នកនឹងប្រើការបង្រៀនរបស់ ម៉ូសាយ ៣:១៩ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីជួយក្នុងស្ថានភាពនេះដោយរបៀបណា ?
សូមឲ្យសិស្សពិភាក្សាអំពីរបៀបដែលគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង ម៉ូសាយ ៣:១៩ អាចជួយក្នុងស្ថានភាពនេះបាន ។ សិស្សអាចធ្វើកិច្ចការនេះរួមគ្នាជាថ្នាក់ ឬជាក្រុមតូចៗ ។
ខាងក្រោមនេះគឺជាឧទាហរណ៍នៃប្រភេទសំណួរដែលអ្នកអាចចែកចាយជាមួយពួកគេជាផ្នែកមួយនៃការពិភាក្សានេះ ប្រសិនបើសិស្សត្រូវការការណែនាំបន្ថែម ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើអ្នកគិតថា ការបង្រៀនពី ម៉ូសាយ ៣:១៩ អាចជួយក្នុងស្ថានភាពនេះបានយ៉ាងដូចម្តេច ?
-
តើមានបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍អ្វីខ្លះទៀតពីថ្នាក់ដឹកនាំសាសនាចក្រដែលអ្នកគិតថាអាចមានប្រយោជន៍ ?
សូមពិចារណារំឭកសិស្សអំពីសេចក្តីយោងឆ្លងដែលពួកគេបានសិក្សានៅក្នុងមេរៀនមុន នៅពេលពួកគេពិភាក្សាសំណួរខាងក្រោម ។ ឬអ្នកអាចចែកចាយសេចក្តីថ្លែងការណ៍មួយចំនួន ឬទាំងអស់ដែលមាននៅក្នុង « វិចារណកថា និងព័ត៌មានសាច់រឿង » ពីមេរៀនមុន ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចមើលឃើញបញ្ហានេះដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ចមួយ ?
-
តើការចងចាំពីព្រះរាជបំណងរបស់ព្រះអម្ចាស់សម្រាប់ការអនុញ្ញាតឲ្យយើងរស់នៅក្នុងពិភពលោកដ៏ធ្លាក់នេះអាចមានប្រយោជន៍យ៉ាងដូចម្ដេច ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងស្ថានភាពនេះ ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើមានរបៀបណាខ្លះដែលមនុស្សម្នាក់ក្នុងស្ថានភាពនេះអាចធ្វើសកម្មភាពដោយសេចក្តីជំនឿ ?
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
សូមពិចារណាប្រើសកម្មភាពរំឭកឡើងវិញខាងក្រោមនៅក្នុងមេរៀនដែលបានបង្រៀនភ្លាមៗបន្ទាប់ពីមេរៀននេះ ។ សូមគូររូបត្រីកោណមួយនៅលើក្ដារខៀនដូចនឹងត្រីកោណពីក្នុងមេរៀននេះ ។ ដោយចាប់ផ្តើមពីកំពូល សូមឲ្យសិស្សបំពេញកម្រិតនីមួយៗនៃរូបត្រីកោណជាមួយនឹងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៣:១៩ ៖ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយទៅជា ] អ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ » ។ សូមធ្វើដំណើរការនេះពីរបីដងទៀត រហូតដល់សិស្សអាចសូត្រវាចេញពីការចងចាំ ។