« ម៉ូសាយ ៤ ៖ ‹ បានទទួលការផ្ដាច់បាបទាំងឡាយរបស់អ្នកជានិច្ច › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ៤
« បានទទួលការផ្ដាច់បាបទាំងឡាយរបស់អ្នកជានិច្ច »
តើជីវិតរបស់អ្នកអាចខុសគ្នាយ៉ាងណា ប្រសិនបើអ្នកមានអារម្មណ៍ថា អំណរ និងសេចក្តីសុខសាន្តក្នុងសតិសម្បជញ្ញៈបានកើនឡើង ? ពួកសាសន៍នីហ្វៃដែលទទួលបានការបំផុសគំនិតពីការបង្រៀនរបស់ស្តេចបេនយ៉ាមីន « ពោរពេញទៅដោយសេចក្តីអំណរ » ហើយមានអារម្មណ៍ « សេចក្តីសុខសាន្តក្នុងសតិសម្បជញ្ញៈ » នៅពេលពួកគេប្រែចិត្ត ហើយបានទទួលការផ្ដាច់ពីអំពើបាបរបស់ពួកគេ ( ម៉ូសាយ ៤:៣ ) ។ បន្ទាប់មក ស្ដេចបេនយ៉ាមីនបានបង្រៀនពួកគេពីរបៀបដើម្បីរក្សាការផ្ដាច់អំពើបាបរបស់ពួកគេ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីអ្វីដែលអ្នកអាចធ្វើបានដើម្បីទទួលបាន និងរក្សាការផ្ដាច់អំពើបាបរបស់អ្នក ។
ការបង្រៀនដោយព្រះវិញ្ញាណ ។ ព្រះវិញ្ញាណបរិសុទ្ធថ្លែងជាសាក្សីអំពីសេចក្ដីពិត ថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ហើយផ្លាស់ប្ដូរដួងចិត្តទាំងឡាយ ។ មានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលយើងអាចសម្រេចនូវគោលដៅសំខាន់បំផុតនៃការបង្រៀនដំណឹងល្អ—ដើម្បីស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយជួយអ្នកដទៃឲ្យប្រែក្លាយកាន់តែដូចជាទ្រង់ ។ សូមរកមើលនូវរបៀបដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើតួនាទីរបស់ទ្រង់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ម៉ូសាយ ៤ ដោយរកមើលពីរបៀបដែលប្រជាជនបានរងឥទ្ធិពលដោយព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលស្តេចបេនយ៉ាមីនបានអញ្ជើញរាស្ដ្ររបស់ទ្រង់ឲ្យធ្វើ បន្ទាប់ពីពួកគេបានទទួលការផ្ដាច់ពីអំពើបាបរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
នៅតែរឹងមាំខាងវិញ្ញាណ
សូមក្រឡេកមើលរូបភាពខាងក្រោម ហើយពិចារណានូវអ្វីដែលបុគ្គលម្នាក់ត្រូវធ្វើដើម្បីរក្សារុក្ខជាតិនេះឲ្យរឹងមាំ និងលូតលាស់ ។
សូមពិចារណាយករុក្ខជាតិដែលលូតលាស់ល្អមកថ្នាក់រៀន ឬបង្ហាញរូបភាពខាងក្រោម ។
-
តើនឹងមានអ្វីកើតឡើងចំពោះរុក្ខជាតិនេះ ប្រសិនបើវាត្រូវបានរក្សាទុកនៅក្នុងបន្ទប់ងងឹត ឬមិនដែលស្រោចទឹកនោះ ?
-
តើការណ៍នេះអាចទាក់ទងនឹងសុខភាព និងតម្រូវការខាងវិញ្ញាណរបស់យើងយ៉ាងដូចម្ដេច ?
ដូចជាការថែទាំរុក្ខជាតិដែរ ការរក្សាខ្លួនយើងឲ្យមានសុខភាពល្អខាងវិញ្ញាណ ទាមទារការខិតខំជាប់លាប់ ។ នៅក្នុង ម៉ូសាយ ៤ ស្តេចបេនយ៉ាមីនបានបង្រៀនប្រជាជនរបស់ទ្រង់នូវអ្វីដែលពួកគេត្រូវធ្វើដើម្បីរក្សាភាពរឹងមាំខាងវិញ្ញាណ ។ នៅពេលអ្នកសិក្សា សូមសញ្ជឹងគិតអំពីការបង្រៀននានាដែលនឹងជួយអ្នកក្នុងការខិតខំរបស់អ្នកដើម្បីរក្សាភាពរឹងមាំខាងវិញ្ញាណពេញមួយជីវិតរបស់អ្នក ហើយរីកចម្រើនដើម្បីក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
ការរក្សាការផ្ដាច់បាបរបស់យើងជានិច្ច
សូមចាំថា ជាផ្នែកមួយនៃព្រះរាជឱង្ការរបស់ស្តេចបេនយ៉ាមីន ទ្រង់បានចែកចាយសារដែលទ្រង់បានទទួលពីទេវតាមួយអង្គ អំពីការយាងមកនៃព្រះយេស៊ូវគ្រីស្ទ និងសារៈសំខាន់នៃការយកឈ្នះលើធម្មជាតិដែលបានធ្លាក់ចុះរបស់យើងតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ូសាយ ៣ ) ។
សូមអាន ម៉ូសាយ ៤:១–៣ ដោយរកមើលពរជ័យ និងអារម្មណ៍ដែលប្រជាជនរបស់ស្តេចបេនយ៉ាមីនបានទទួល ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីខគម្ពីរទាំងនេះ ?
-
តើអ្នកគិតថា ប្រជាជនប្រហែលជាត្រូវធ្វើអ្វីខ្លះដើម្បីបន្តនៅក្នុងសភាពជ្រះបរិសុទ្ធ និងរីករាយនេះ ?
សូមពិចារណាអញ្ជើញសិស្សឲ្យបិទភ្នែក ហើយសញ្ជឹងគិតពីចំណុចខាងក្រោម ។ បន្ទាប់ពីសញ្ជឹងគិតរួច ពួកគេអាចកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមស្រមៃគិតថា តើវាអាចមានសភាពបែបណាដែលធ្វើជាប្រជាជនម្នាក់របស់ស្ដេចបេនយ៉ាមីននៅថ្ងៃនោះ ។ សូមសញ្ជឹងគិតពីរបៀបដែលអ្នកគិតថា វានឹងជះឥទ្ធិពលលើអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ហើយចេញពីបទពិសោធន៍នេះ អ្នកនឹងចង់រក្សាវាជាមួយអ្នកជារៀងរហូត ។
-
តើវាអាចនឹងមានភាពខុសគ្នាអ្វីខ្លះក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍ថាបានរួចពីបាបរបស់អ្នកញឹកញាប់ជាងនេះ ?
ការបង្រៀនរបស់ស្តេចបេនយ៉ាមីនដែលសល់ទាំងប៉ុន្មានទៀតនៅក្នុង ម៉ូសាយ ៤ ជួយយើងឲ្យយល់ថា បន្ទាប់ពីយើងបានទទួលការអភ័យទោសពីព្រះយេស៊ូវគ្រីស្ទ យើងត្រូវតែប្រឹងប្រែងដើម្បីរក្សាការផ្ដាច់អំពើបាបរបស់យើង ។
-
តើអ្នកគិតថាអ្វីជាភាពខុសគ្នារវាងការទទួល និងការរក្សាការផ្ដាច់អំពើបាបរបស់យើង ?
-
ហេតុអ្វីអ្នកគិតថា វាសំខាន់សម្រាប់យើងដើម្បីព្យាយាមរក្សាការផ្ដាច់អំពើបាបរបស់យើងពេញមួយជីវិតរបស់យើង ?
កថាខណ្ឌខាងក្រោមមានគោលបំណងជួយសិស្សឲ្យសញ្ជឹងគិត និងពិចារណា ហើយមិនចែកចាយគំនិត ឬអារម្មណ៍របស់ពួកគេជាមួយថ្នាក់រៀននោះទេ ។
សូមពិចារណាអំពីរបៀបដែលសេចក្តីពិតនេះអនុវត្តចំពោះជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ តើអ្នកមានអារម្មណ៍ល្អប៉ុនណាដែលអ្នកកំពុងរក្សាការផ្ដាច់បាបរបស់អ្នក ? នៅពេលអ្នកបន្តសិក្សា សូមរកមើលការពិតដែលអាចជួយអ្នកឲ្យយល់ពីអ្វីដែលអ្នកអាចធ្វើបានដើម្បីរក្សាការផ្ដាច់បាបរបស់អ្នក ។
សូមពិចារណារាយបញ្ជីចំណងជើងខាងក្រោមនេះនៅលើក្ដារខៀន ៖ អ្វីដែលយើងអាចធ្វើដើម្បីរក្សាការផ្តាច់បាបរបស់យើង ។ សិស្សអាចធ្វើជាបញ្ជីលើក្តារខៀននូវអ្វីដែលពួកគេរកឃើញនៅពេលពួកគេសិក្សា ។ បញ្ជីស្រដៀងគ្នានេះអាចត្រូវបានធ្វើឡើងនៅក្នុងកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមអាន ម៉ូសាយ ៤:៩–១៦ ហើយរកមើលការបង្រៀនរបស់ស្តេចបេនយ៉ាមីន ដែលជួយយើងឲ្យយល់ពីរបៀបដែលយើងអាចរក្សាការផ្ដាច់បាបរបស់យើង ។
ជាផ្នែកមួយនៃសកម្មភាពសិក្សាខាងក្រោមនេះ សូមពិចារណាអនុញ្ញាតឲ្យសិស្សមកមុខក្ដារខៀន ហើយសរសេរឃ្លាមួយចំនួនពី ម៉ូសាយ ៤:៩–១៦ ដែលពួកគេមានអារម្មណ៍ថា មានអត្ថន័យបំផុតសម្រាប់ពួកគេ ។ បន្ទាប់មក សំណួរអាចយកសំណួរខាងក្រោមមកប្រើដើម្បីជួយសិស្សពិភាក្សាអំពីការរកឃើញរបស់ពួកគេពីខគម្ពីរទាំងនេះ ។
-
តើរឿងយ៉ាងហោចណាស់ចំនួនបីដែលស្ដេចបេនយ៉ាមីនបានបង្រៀន ដែលយើងត្រូវធ្វើដើម្បីរក្សាការផ្ដាច់បាបរបស់យើងដែលអ្នកចាប់អារម្មណ៍នោះមានអ្វីខ្លះ ?
-
តើអ្នកគិតថាវានឹងមានសភាពបែបណាសម្រាប់អ្នកក្នុងការអនុវត្តការអញ្ជើញទាំងនេះពីស្តេចបេយ៉ាមីនក្នុងជីវិតរបស់អ្នក ?
-
តើការធ្វើរឿងទាំងនេះអាចជួយអ្នករក្សាការផ្ដាច់បាបរបស់អ្នកដោយរបៀបណា ?
ប្រសិនបើមានពេល សិស្សអាចសិក្សាការសង្កត់ធ្ងន់របស់ស្តេចបេនយ៉ាមីន លើការយកចិត្តទុកដាក់ចំពោះអ្នកដទៃនៅក្នុង ម៉ូសាយ ៤:១៧–២៦ ។ គំនិតមួយចំនួនមាននៅក្រោម « ទំនួលខុសត្រូវរបស់យើងក្នុងការថែរក្សាអ្នកដទៃ » នៅក្នុងផ្នែក « សកម្មភាពសិក្សាបន្ថែម » ។
ជំហានបន្ទាប់របស់ខ្ញុំ
សូមសញ្ជឹងគិតថា អ្នកកំពុងធ្វើបានល្អប៉ុនណាក្នុងការអនុវត្តតាមការបង្រៀនរបស់ស្តេចបេនយ៉ាមីនពីបទគម្ពីរទាំងនេះ ។ អ្នកអាចធ្វើដូច្នេះបានដោយផ្តោតលើអាកប្បកិរិយាបី ឬបួនដែលអ្នកទើបតែរកឃើញ ហើយសួរខ្លួនឯងនូវសំណួរដូចជា ៖
-
តើខ្ញុំត្រូវប្រឹងប្រែងប៉ុនណាក្នុងរឿងនេះ ?
-
តើខ្ញុំធ្វើបែបនេះទៀងទាត់ប៉ុនណា ?
-
តើអារម្មណ៍ និងចំណាប់អារម្មណ៍អ្វីខ្លះដែលខ្ញុំមាននៅថ្ងៃនេះដែលអាចផ្តល់យោបល់លើចំណុចដែលខ្ញុំអាចកែលម្អ ។
សូមធ្វើផែនការជាក់លាក់មួយដើម្បីកែលម្អចំណុចមួយប្រកបដោយការអធិស្ឋាន ។ សូមសញ្ជឹងគិតពីឧបសគ្គទាំងឡាយដែលអ្នកអាចនឹងជួបប្រទះនៅពេលអ្នកព្យាយាមកែលម្អចំណុចនេះ និងអ្វីដែលអ្នកអាចនឹងធ្វើដើម្បីទទួលបានជំនួយពីព្រះអម្ចាស់ដើម្បីជំនះលើឧបសគ្គទាំងនេះ ។ វាអាចមានប្រយោជន៍ក្នុងការចែកចាយគោលដៅរបស់អ្នកជាមួយសមាជិកគ្រួសារ ឬមនុស្សជាទីស្រឡាញ់ដែលអាចគាំទ្រអ្នកក្នុងរឿងនេះ ។ អ្នកក៏ប្រហែលជាចង់បញ្ចូលគោលដៅនេះទៅក្នុងគោលដៅកុមារ និងយុវជនរបស់អ្នក ។