« ម៉ូសាយ ៣:១៩ ៖ ការសម្រាតភាពខាងសាច់ឈាមចេញ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ៣:១៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ៣:១៩
ការសម្រាតភាពខាងសាច់ឈាមចេញ
តើអ្នកធ្លាប់មានអារម្មណ៍ខកចិត្តចំពោះកំហុសរបស់អ្នក ឬអសមត្ថភាពក្នុងការរក្សាបទបញ្ញត្តិទាំងអស់របស់ព្រះដែរឬទេ ? ស្ដេចបេនយ៉ាមីនបានហៅភាពមិនល្អឥតខ្ចោះខាងសាច់ឈាមរបស់យើងថាជា « មនុស្សខាងសាច់ឈាម » ។ ទ្រង់បានបង្រៀនថា យើងអាចយកឈ្នះលើវាតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ គោលបំណងនៃមេរៀននេះដើម្បីជួយអ្នកស្វែងរកជំនួយពីព្រះអង្គសង្គ្រោះក្នុងការយកឈ្នះលើការធ្លាក់ខាងសាច់ឈាមរបស់អ្នក ។
ការបង្កើតបរិយាកាសដែលលើកកម្ពស់ការរៀនសូត្រ ។នៅពេលគ្រូបង្រៀន និងសិស្សស្រឡាញ់ និងគោរពព្រះអម្ចាស់ និងគ្នាទៅវិញទៅមក ព្រមទាំងព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះការរៀនសូត្រត្រូវបានលើកកម្ពស់ ។ ការទទួលយក និងសេចក្តីស្រឡាញ់ដែលសិស្សទទួលអារម្មណ៍ពីអ្នកដទៃអាចបន្ទន់ចិត្ត កាត់បន្ថយការភ័យខ្លាច និងបង្កើនបំណងប្រាថ្នា និងទំនុកចិត្តរបស់ពួកគេក្នុងការចែកចាយអារម្មណ៍ និងបទពិសោធន៍ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ម៉ូសាយ ៣:១៩ ហើយពិចារណាអត្ថន័យរបស់ខគម្ពីរនេះ ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យស្វែងរកបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ពីអ្នកដឹកនាំសាសនាចក្រដែលបង្កើនការយល់ដឹងរបស់ពួកគេអំពីផ្នែកមួយនៃខគម្ពីរនេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការធ្លាក់ខាងសាច់ឈាមរបស់យើង
សូមពិចារណាបង្ហាញរូបឆ្កែចចកមួយនៅពេលអ្នកចែកចាយដំណើររឿងពីប្រធាន ដាល្លិន អេក អូក ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានរៀបរាប់រឿងដូចតទៅ ៖
ជនជាតិឆេរ៉ូកេ ដ៏ឈ្លាសវៃម្នាក់នៅក្នុងកុលសម្ព័ន្ធជនជាតិអាមេរិកាំងដើមមួយនៅសហរដ្ឋអាមេរិក បានប្រាប់រឿងប្រៀបប្រដូចអំពីជីវិតដល់ចៅប្រុសរបស់គាត់ ។ ជីតាបានពោលថា « នៅក្នុងចិត្តតា មានជម្លោះដ៏ព្រៃផ្សៃមួយរវាងសត្វឆ្កែចចកពីរ » ។ « ឆ្កែចចកមួយអាក្រក់ ៖ មានតែកំហឹង និងការច្រណែន ការស្រណោះស្រណោក និងទុក្ខសោក ការលោភលន់ និងការកុហក ។ ឆ្កែចចកមួយទៀតល្អ ៖ មានតែសន្ដានចិត្តល្អ និងចិត្តមេត្តាករុណា ការបន្ទាបខ្លួន និងសេចក្ដីពិត សេចក្ដីស្រឡាញ់ និងអំណរ ។ ជម្លោះនោះមាននៅក្នុងចិត្តយើងម្នាក់ៗ » ។ ចៅប្រុសបានសួរថា « តើឆ្កែចចកមួយណានឹងឈ្នះ ? » ( ដាល្លិន អេក អូក « Choices » For the Strength of Youth ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ១៣ ដំណើររឿងដកស្រង់ពី ឆាយនី អិម ប៊ូវីន « Agency and Accountability » New Era ខែ កញ្ញា ឆ្នាំ ២០១២ ទំព័រ ៨ )
-
ប្រសិនបើអ្នកជាជីតារូបនោះ តើអ្នកអាចឆ្លើយសំណួររបស់ចៅប្រុសរបស់អ្នកយ៉ាងដូចម្តេច ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ៖
-
តើអ្នកបានកត់សម្គាល់ការតស៊ូរវាង « ឆ្កែចចកពីរ » នៅក្នុងចិត្តអ្នកដោយរបៀបណា ?
នៅក្នុង ដំណើររឿង ដែលប្រធាន អូក បានចែកចាយ ចម្លើយរបស់ជីតាចំពោះសំណួររបស់ចៅប្រុសគាត់ថា តើឆ្កែចចកមួយណានឹងឈ្នះគឺ « ឆ្កែចចកដែលអ្នកឲ្យចំណី » ។
ជាផ្នែកមួយនៃព្រះរាជសឱង្ការចុងក្រោយរបស់ទ្រង់ទៅកាន់ពួកសាសន៍នីហ្វៃ ស្តេចបេនយ៉ាមីនបានបង្រៀនសេចក្តីពិតដែលទេវតាមួយអង្គបានបើកសម្តែងដល់ទ្រង់អំពីការធ្លាក់ខាងសាច់ឈាមរបស់យើង និងរបៀបដែលវាប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងជាមួយព្រះ ។
សូមអាន ម៉ូសាយ ៣:១៩ ដោយរកមើលពីរបៀបដែលស្តេច បេនយ៉ាមីន បានពណ៌នាអំពីបុគ្គលម្នាក់ដែលមានចរិតដូចឆ្កែចចកទីមួយនៅក្នុងដំណើររឿងនេះ ។
សូមពិចារណាឲ្យសិស្សអានតែផ្នែកដំបូងនៃ ម៉ូសាយ ៣:១៩ ( បញ្ចប់ដោយពាក្យ « ជារៀងដរាបតទៅ » ) នៅចំណុចនេះនៅក្នុងមេរៀន ។
ម៉ូសាយ ២:១៩ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំវគ្គចំណេះចំណានខាងគោលលទ្ធិដែលងាយចំណាំ ដើម្បីអ្នកអាចងាយរកវាឃើញ ។ អ្នកនឹងមានឱកាសនៅក្នុងមេរៀនបន្ទាប់ ដើម្បីអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះទៅនឹងសំណួរ ឬស្ថានភាពមួយ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមពិចារណាសរសេរពាក្យ មនុស្សខាងសាច់ឈាម នៅលើក្តារខៀនជាចំណងជើង ។ សូមអញ្ជើញសិស្សឲ្យគិតអំពីពាក្យ ឬឃ្លាដែលអាចនឹងជួយពួកគេយល់ពីអត្ថន័យនៃពាក្យនោះ ។ បន្ទាប់មក សូមឲ្យពួកគេរាយបញ្ជីការឆ្លើយតបរបស់ពួកគេនៅក្រោមចំណងជើងនោះ ។
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ក្នុងកម្រិតជាក់លាក់មួយ មនុស្សខាងសាច់ឈាមដែលបានពិពណ៌នាដោយស្ដេចបេនយ៉ាមីន គឺមានជីវិត និងកើតមានក្នុងខ្លួនយើងម្នាក់ៗ ។ បុរស ឬស្ត្រីខាងសាច់ឈាមគ្មានការប្រែចិត្ត មានភាពជាលោកិយ ហើយត្រេកត្រអាល ទន់ខ្សោយ និងហួសហេតុ ព្រមទាំងមានអំនួត និងអាត្មានិយម ។ ( ដាវីឌ អេ បែដណា « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ )
-
ហេតុអ្វីអ្នកគិតថាមនុស្សខាងសាច់ឈាមគឺជាសត្រូវដល់ព្រះ ?
-
តើវាអាចមានន័យយ៉ាងណាក្នុងការ « ចិញ្ចឹម » បុរស ឬស្ដ្រីខាងសាច់ឈាមនៅក្នុងចិត្តយើងទាំងអស់គ្នា ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីមនុស្សខាងសាច់ឈាម សូមពិចារណាបង្ហាញនូវស្ថានភាពមួយចំនួនខាងក្រោម ឬគិតរកនឹកខ្លួនឯង ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលមនុស្សខាងសាច់ឈាមអាចនឹងឆ្លើយតបសំណួរនីមួយៗ ៖
-
បុគ្គលម្នាក់ធ្វើឲ្យអ្នកអន់ចិត្ត ។
-
អ្នកកំពុងធ្វើតេស្ត ហើយអាចឃើញចម្លើយរបស់សិស្សម្នាក់ទៀត ។
-
រូបភាពមិនសមរម្យលេចឡើងនៅលើឧបករណ៍អេឡិចត្រូនិចរបស់អ្នក ។
សូមគិតអំពីវិធីមួយចំនួនដែលអ្នកកត់សម្គាល់ឥរិយាបថ ឬអាកប្បកិរិយារបស់បុរស ឬស្ត្រីខាងសាច់ឈាមនៅក្នុងជីវិតរបស់អ្នក ។ នៅពេលអ្នកបន្តសិក្សា សូមរកមើលការបង្រៀនដែលអាចជួយអ្នកក្នុងការខិតខំរបស់អ្នកដើម្បីយកឈ្នះលើឥរិយាបថ និងអាកប្បកិរិយាទាំងនេះ ។
ការយកឈ្នះមនុស្សខាងសាច់ឈាម
សូមអាន ម៉ូសាយ ៣:១៩ ម្តងទៀត លើកនេះសូមរកមើលអ្វីដែលស្តេចបេនយ៉ាមីនបានបង្រៀនអំពីរបៀបដែលយើងអាចយកឈ្នះលើមនុស្សខាងសាច់ឈាម ។
-
តើអ្នកបានរៀនអ្វីខ្លះពីខគម្ពីរនេះដែលអាចជួយអ្នកយកឈ្នះលើមនុស្សខាងសាច់ឈាម ?
ប្រសិនបើអ្នកបានសរសេរ មនុស្សខាងសាច់ឈាម នៅលើក្តារខៀនជាមុន សូមពិចារណាបង្កើតចំណងជើងទីពីរដោយប្រើពាក្យ អ្នកបរិសុទ្ធ ។ នៅពេលសិស្សរកឃើញសេចក្តីពិតអំពីការយកឈ្នះលើមនុស្សខាងសាច់ឈាម ហើយក្លាយជាអ្នកបរិសុទ្ធតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ សូមរាយបញ្ជីនៃសេចក្តីពិតទាំងនោះនៅលើក្ដារខៀនក្រោមចំណងជើងទីពីរ ។
ពី ម៉ូសាយ ៣:១៩ យើងរៀនថា ដោយព្រមធ្វើតាមសេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចយកឈ្នះលើមនុស្សខាងសាច់ឈាម ហើយក្លាយជាអ្នកបរិសុទ្ធតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកគិតថាព្រះយេស៊ូវគ្រីស្ទអាចជួយយើងសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួនរបស់ទ្រង់ដោយរបៀបណា ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការធ្វើតាមសេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ? តើអ្នកគិតថាការធ្វើបែបនេះអាចជួយអ្នកយកឈ្នះមនុស្សខាងសាច់ឈាមដោយរបៀបណា ?
ការប្រើប្រាស់សេចក្តីយោងឆ្លងដើម្បីបង្កើនការយល់ដឹងរបស់អ្នក
សូមពិចារណាផ្តល់ពេលវេលាដល់សិស្សដើម្បីពង្រីកការយល់ដឹងរបស់ពួកគេអំពីការបង្រៀននៅក្នុង ម៉ូសាយ ៣:១៩ ដោយប្រើជំនាញសិក្សាព្រះគម្ពីរនៃសេចក្តីយោងឆ្លង ។
ការប្រើសេចក្តីយោងឆ្លង គឺជាជំនាញសិក្សាព្រះគម្ពីរដែលអាចជួយពង្រីកការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅអំពីវគ្គបទគម្ពីរ ។ សូមអនុវត្តជំនាញនេះដោយស្វែងរកសេចក្តីយោងឆ្លងដែលពង្រីកការយល់ដឹងរបស់អ្នកអំពីការបង្រៀននៅក្នុង ម៉ូសាយ ៣:១៩ ។
សូមពិចារណាស្វែងរកសេចក្តីយោងឆ្លងដោយស្វែងរកពាក្យ « មនុស្សខាងសាច់ឈាម » ឬពាក្យគន្លឹះផ្សេងទៀតពី ម៉ូសាយ ៣:១៩ នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ អ្នកក៏អាចរកមើលសេចក្តីយោងបទគម្ពីរ និងប្រធានបទមួយចំនួនដែលមានក្នុងលេខយោងសម្រាប់ ម៉ូសាយ ៣:១៩ ។
អ្នកអាចរាយបញ្ជីសេចក្តីយោងបទគម្ពីរខាងក្រោមនៅលើក្តារខៀន ។ បន្ទាប់មកចាត់ក្រុមផ្សេងៗឲ្យអានសេចក្តីយោងមួយ ឬច្រើន ហើយចែកចាយអ្វីដែលពួកគេបានរៀន ។ អ្នកក៏អាចផ្តល់ពេលវេលាដល់សិស្សដើម្បីស្វែងរកបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ពាក់ព័ន្ធពីថ្នាក់ដឹកនាំសាសនាចក្រផងដែរ ។
-
កាឡាទី ៥:១៦–១៧
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ក្នុងការសិក្សាហើយ សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយថ្នាក់រៀននូវអ្វីដែលពួកគេបានរៀន ។ អ្នកអាចសុំឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេយល់ថាមានន័យបំផុតសម្រាប់ពួកគេ និងរបៀបដែលវាទាក់ទងនឹងការបង្រៀននៅក្នុង ម៉ូសាយ ៣:១៩ ។ ពួកគេក៏អាចចែកចាយនូវអ្វីដែលពួកគេបានរៀនអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទជួយយើងយកឈ្នះលើមនុស្សខាងសាច់ឈាមផងដែរ ។ សូមអញ្ជើញសិស្សឲ្យបានច្រើនដើម្បីចែកចាយការយល់ដឹងរបស់ពួកគ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយយើងយកឈ្នះលើមនុស្សខាងសាច់ឈាម ហើយក្លាយជាអ្នកបរិសុទ្ធ ?
ការអនុវត្តវាទៅក្នុងជីវិតរបស់អ្នក
ឥឡូវនេះអ្នកបានរៀនបន្ថែមទៀតអំពីអត្ថន័យនៃការការសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយជាអ្នកបរិសុទ្ធតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ សូមគិតអំពីរបៀបដែលអ្នកអាចអនុវត្តការបង្រៀនទាំងនេះទៅក្នុងជីវិតរបស់អ្នក ។ តើមានអ្វីខ្លះដែលអ្នកទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើ ឬឈប់ធ្វើ ? សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។