« នីហ្វៃទី ២ ២:២៦–៣០ ៖ សិទ្ធិនឹងរើសយក » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ២ ២:២៦–៣០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ២ ២:២៦–៣០
សិទ្ធិនឹងរើសយក
ពេញមួយជីវិតរបស់អ្នក អ្នកនឹងប្រឈមមុខនឹងជម្រើសនានា ។ ជម្រើសមួយចំនួនដែលអ្នកធ្វើ នឹងមានផលវិបាកយូរអង្វែង ជួនកាលគឺនៅមានជារៀងរហូត ។ លីហៃបានបង្រៀនថា ដោយសារព្រះយេស៊ូវគ្រីស្ទ មនុស្សគ្រប់រូបមាន « សិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » ឬ « ការជាប់ឃុំឃាំង និងការស្លាប់ » ( នីហ្វៃទី ២ ២:២៧ ) ។ មេរៀននេះអាចជួយអ្នកឲ្យប្រើសិទ្ធិជ្រើសរើសរបស់អ្នកដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។
ការដឹងពីស្ថានភាពរបស់សិស្សម្នាក់ៗ ។ សិស្សគ្រប់រូបមានបទពិសោធន៍ និងទំនាក់ទំនងខុសៗគ្នា ដែលមានឥទ្ធិពលលើរបៀបដែលពួកគេគិត និងទទួលអារម្មណ៍អំពីសេចក្តីពិតនៃដំណឹងល្អ ។ សូមព្យាយាមស្វែងយល់ពីសិស្សម្នាក់ៗ និងប្រវត្តិរបស់ពួកគេ ។ នៅពេលអ្នករៀបចំ និងបង្រៀនមេរៀន សូមគិតអំពីការប្រែប្រួលនានាដែលអាចជះឥទ្ធិពលដល់របៀបដែលសិស្សប្រតិកម្ម ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី ២ ២:២៧ ហើយពិចារណាដោយការអធិស្ឋានអំពីជម្រើសណាមួយក្នុងជីវិតរបស់ពួកគេដែលកំពុងជួយពួកគេខិតកាន់តែជិតព្រះអង្គសង្គ្រោះ ហើយទទួលបានពរជ័យដែលទ្រង់ប្រទាន ។ សូមអញ្ជើញពួកគេឲ្យពិចារណាជម្រើសណាមួយដែលពួកគេចង់ផ្លាស់ប្តូរផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការធ្វើការជ្រើសរើស
សូមសរសេរបញ្ជីខាងក្រោមនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាជាគូៗ ជាក្រុមតូចៗ ឬជាថ្នាក់ទាំងមូល ។
សូមពិចារណាពីមូលហេតុដែលមនុស្សផ្សេងគ្នាអាចសម្រេចចិត្តធ្វើ ឬមិនធ្វើកិច្ចការដូចខាងក្រោម ៖
-
អធិស្ឋានជាទៀងទាត់
-
ចូលរួមក្នុងព្រះវិហារ
-
ប្រែចិត្ត
-
គោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ
-
អត់ទោសឲ្យអ្នកដទៃ
សូមសញ្ជឹងគិតអំពីហេតុផលផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ការជ្រើសរើសធ្វើ ឬមិនធ្វើសកម្មភាពទាំងនេះ ។ សូមពិចារណាផងដែរនូវបទបញ្ញត្តិផ្សេងទៀតដែលមានក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីយល់ពីរបៀបដែលអ្នកកំពុងប្រើសិទ្ធិជ្រើសរើសរបស់អ្នកតាមរបៀបដែលព្រះអម្ចាស់អនុញ្ញាត និងរបៀបដែលអ្នកអាចចង់កែលម្អ ។
សិទ្ធិនឹងរើសយក
ហៀបនឹងដល់ទីបញ្ចប់នៃជីវិតរបស់លោក ព្យាការីលីហៃបានបង្រៀនគ្រួសាររបស់លោកអំពីផ្នែកសំខាន់ៗក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ ការបង្រៀនរបស់លោករួមមានការធ្លាក់ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងសិទ្ធិជ្រើសរើស ។
សូមអាន នីហ្វៃទី ២ ២:២៦ ដោយរកមើលអ្វីដែលលីហៃបានបង្រៀនអំពីផ្នែកទាំងបីនេះ ។
-
តើអ្នកបានរៀនអ្វីខ្លះ ?
នៅពេលសិស្សចែកចាយ វាអាចនឹងមានប្រយោជន៍ក្នុងការចង្អុលបង្ហាញឃ្លា « ពួកគេត្រូវបានប្រោសលោះឲ្យរួចពីការធ្លាក់ » ហើយសួរអំពីអ្វីដែលពួកគេចងចាំអំពីការធ្លាក់ ។
-
តើការធ្លាក់ និងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះអាចធ្វើឲ្យយើងមានសិទ្ធិជ្រើសរើសដោយរបៀបណា ?
សូមអាន នីហ្វៃទី ២ ២:២៧ ។ សូមគូរដ្យាក្រាមសាមញ្ញមួយ ដើម្បីបង្ហាញពីអ្វីដែលខគម្ពីរនេះបង្រៀន ឬសង្ខេបវាជាពាក្យសម្តីរបស់អ្នកផ្ទាល់ ។
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានគូរ ឬរបៀបដែលពួកគេសង្ខេបខគម្ពីរនេះ ។ សិស្សអាចធ្វើការងារនេះជាគូៗ ជាក្រុមតូចៗ ឬជាថ្នាក់ទាំងមូល ។
នីហ្វៃទី ២ ២:២៧ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំវគ្គចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីអ្នកអាចងាយរកវាឃើញ ។ អ្នកនឹងមានឱកាសនៅមេរៀនបន្ទាប់ដើម្បីអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះចំពោះសំណួរ ឬស្ថានភាពមួយ ។
សូមពិចារណាគូរដ្យាក្រាមនៅលើក្ដារខៀនដូចរូបភាពដែលបានបង្ហាញខាងក្រោម ឬប្រើកំណែដែលសិស្សបានបង្កើត ។ សូមមើលដ្យាក្រាម នៅពេលដែលសិស្សឆ្លើយសំណួរខាងក្រោម ។ អ្នកអាចបង្ហាញក្រាហ្វិកទាំងមូលក្នុងពេលតែមួយ ឬអ្នកអាចបង្ហាញក្រាហ្វិកតែពាក់កណ្តាលខាងលើជាមុនសិន ហើយបន្ទាប់មកបន្ថែមក្រាហ្វិកពាក់កណ្តាលខាងក្រោម នៅពេលពិភាក្សាសំណួរទីបី និងទីបួន ។
ខាងក្រោមនេះគឺជាវិធីមួយដើម្បីបង្ហាញខគម្ពីរនេះ ៖
របៀបមួយដែលអ្នកអាចសង្ខេបការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ២៧ នោះគឺ យើងមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទ ឬក៏រើសយកការជាប់ឃុំឃាំង និងការស្លាប់ ។
សូមកត់សម្គាល់ថា នៅខាងលើប្រអប់ដែលមានចំណងជើងថា « សិទ្ធិនឹងរើសយក » នោះសញ្ញាព្រួញចាប់ផ្តើមនៅជិតគ្នា ។ មនុស្សមួយចំនួនអាចមានអារម្មណ៍ថា ការអនុវត្តសិទ្ធិជ្រើសរើសរបស់យើងដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទកំណត់ជម្រើសរបស់យើង ហើយពិតជាដកសេរីភាពរបស់យើងចេញ ។
-
ហេតុអ្វីមនុស្សមួយចំនួនអាចមានអារម្មណ៍ថា ការធ្វើតាមព្រះយេស៊ូវគ្រីស្ទរឹតត្បិតសេរីភាពរបស់យើង ?
សូមកត់សម្គាល់ពីរបៀបដែលដ្យាក្រាមនេះបង្ហាញថា នៅពេលយើងដើរតាមព្រះយេស៊ូវគ្រីស្ទ នោះសញ្ញាព្រួញបើកកាន់តែធំ ។ នៅក្នុងស្ថានភាពជាក់ស្តែង ការដើរតាមព្រះយេស៊ូវគ្រីស្ទ ផ្តល់ឲ្យយើងនូវជម្រើស និងឥស្សរភាពកាន់តែច្រើន ។
-
តើការធ្វើតាមព្រះយេស៊ូវគ្រីស្ទនាំទៅរកឥស្សរភាពតាមរបៀបណាខ្លះ ?
សូមកត់សម្គាល់ថា នៅផ្នែកម្ខាងទៀតនៃដ្យាក្រាម សញ្ញាព្រួញចាប់ផ្តើមពីចម្ងាយ ហើយបន្ទាប់មកខិតជិតគ្នា ។
-
ហេតុអ្វីមនុស្សមួយចំនួនអាចមានអារម្មណ៍ថា ការមិនស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ នាំទៅរកសេរីភាព ?
-
តើការជ្រើសរើសមិនស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទនាំទៅរកការជាប់ឃុំឃាំងដោយរបៀបណា ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាអំពីមូលហេតុដែលការមិនស្តាប់បង្គាប់ព្រះអម្ចាស់នាំមិនសូវឲ្យមានសេរីភាព ៖
សាតាំង … លើកកម្ពស់ដល់ការប្រព្រឹត្តិ និងជម្រើសដែលកំណត់លើសេរីភាពរបស់យើងក្នុងការជ្រើសរើស ដោយជំនួសឲ្យឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធដោយការត្រួតត្រារបស់វាផ្ទាល់វិញ ( សូមមើល គ.&ស. ២៩:៤០; ៩៣:៣៨–៣៩ ) ។ ការចុះចាញ់នឹងការល្បួងរបស់វានាំទៅរកជម្រើសដ៏តូចចង្អៀត និងកាន់តែតូចចង្អៀតរហូតដល់គ្មានសល់ ហើយញៀនដែលទុកឲ្យយើងគ្មានអំណាចដើម្បីទប់ទល់ ។ ( ឌី ថត គ្រីស្តូហ្វីសិន « Moral Agency » Ensign ខែ មិថុនា ឆ្នាំ ២០០៩ ទំព័រ ៤៩ )
ដើម្បីមើលឧទាហរណ៍អំពីសេចក្តីពិតដែលអ្នកបានរៀន សូមពិចារណាមើល « Leave the Party » ( ៦:២៦ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលរឿងនេះបង្ហាញពីគោលការណ៍ដែលពួកគេបានរកឃើញ ។
សូមអាន នីហ្វៃទី ២ ២:២៨–៣០ ហើយចំណាយពេលពីរបីនាទីដើម្បីពិចារណាពីរបៀបដែលអ្នកកំពុងជ្រើសរើសអនុវត្តសិទ្ធិជ្រើសរើសរបស់អ្នក ។
សូមពិចារណាចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ៖
-
តើជម្រើសរបស់អ្នកដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទដឹកនាំអ្នកទៅកាន់ឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដោយរបៀបណា ? តើព្រះអម្ចាស់ប្រទានពរអ្នកចំពោះការខិតខំរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើជម្រើសមួយចំនួនរបស់អ្នកអាចនាំអ្នកទៅរកការជាប់ឃុំឃាំងដោយរបៀបណា ? តើអ្វីអាចជាជំហានដំបូងរបស់អ្នកដើម្បីផ្លាស់ប្តូរ ? តើព្រះអម្ចាស់អាចជួយអ្នកដោយរបៀបណា ?
សូមអះអាងដល់សិស្សថា ជម្រើសមិនល្អណាមួយដែលពួកគេបានប្រព្រឹត្តរួច អាចយកឈ្នះបានតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្ត ។ សូមថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ដង្វាយធួនរបស់ទ្រង់ និងសមត្ថភាពរបស់ទ្រង់ដើម្បីពង្រឹងយើងនៅក្នុងការខិតខំដើម្បីធ្វើការជ្រើសរើស ដែលនឹងនាំទៅរកសុភមង្គល និងជីវិតអស់កល្បជានិច្ច ។ ប្រសិនបើត្រូវបានបំផុសគំនិត វាអាចមានប្រយោជន៍ក្នុងការរំឭកសិស្សថា ប៊ីស្សព ឬប្រធានសាខារបស់ពួកគេមានកូនសោបព្វជិតភាព ដើម្បីជួយនរណាម្នាក់ឲ្យត្រឡប់ទៅរកផ្លូវនៃសេចក្ដីសញ្ញាវិញ ។