ប្រវត្តិ​សាសនាចក្រ
ជំនឿ​សាសនា​នៅក្នុង​សម័យ​របស់ យ៉ូសែប ស្ម៊ីធ


« ជំនឿ​សាសនា​នៅក្នុង​សម័យ​របស់ យ៉ូសែប ស្ម៊ីធ » ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

ជំនឿ​សាសនា​នៅក្នុង​សម័យ​របស់ យ៉ូសែប ស្ម៊ីធ

ជំនឿ​សាសនា​នៅក្នុង​សម័យ​របស់ យ៉ូសែប ស្ម៊ីធ

នៅពេល​សមាជិក​ដំបូង​បំផុត​នៃ​សាសនាចក្រ​បាន​ផ្លាស់ប្តូរ​ទៅរក​សាសនា​ថ្មី​របស់​ពួកគេ នោះ​ពួកគេ​បាននាំ​មក​ជាមួយ​នូវ​ជំនឿ ប្រពៃណី និង​តម្លៃ​មកពី​បទពិសោធន៍​សាសនា​ពី​មុន​របស់​ពួកគេ ។ អ្នក​ទៅ​ព្រះវិហារ​ទៀងទាត់​នៅ​សហរដ្ឋ​អាមេរិក​នៅពេល​នោះ​មាន​ជំនឿ​យ៉ាង​ទូលំទូលាយ ដែល​ភាគច្រើន​កើត​ចេញ​ពី​ការជជែក​ដេញដោល​ជាច្រើន​សតវត្សរ៍​មក​ហើយ​លើ​គោលលទ្ធិ​នៃ​ពួកគ្រីស្ទាន ។ នៅពេល​ពួក​អ្នក​ប្រែចិត្តជឿ​បាន​ចូលរួម​ក្នុង​សាសនាចក្រ ពួកគេ​មិន​បាន​បោះបង់​ចោល​នូវ​ជំនឿ​ពីមុន​ទាំងអស់​របស់​ពួកគេ​ទេ ហើយ​ជារឿយៗ​បាន​យល់​អំពី​វិវរណៈ និង​ការបង្រៀន​របស់ យ៉ូសែប ស្ម៊ីធ ដោយ​ការយល់ឃើញ​ពី​ទស្សនៈ​ពីមុន​របស់​ពួកគេ ។ វិវរណៈ​ជា​ច្រើន​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​បាន​មក​ជា​ការឆ្លើយតប​នឹង​សំណួរ​ដែល​លើកឡើង​មកពី​សាវតារ​សាសនា​របស់​យ៉ូសែប និង​អ្នករួម​ការងារ​របស់​លោក ។

បន្ទាប់ពី​បដិវត្តន៍​អាមេរិក​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៧០០ រដ្ឋ​ធម្មនុញ្ញ​ជាតិ​ថ្មី​បាន​ហាមឃាត់​មិន​ឲ្យ​រដ្ឋាភិបាល​គាំទ្រ​ដល់​សាសនា​ផ្លូវការ​ណា​មួយ​ឡើយ ។ មិនយូរ​ប៉ុន្មាន រដ្ឋាភិបាល​នៃ​រដ្ឋ​នីមួយៗ​បាន​ធ្វើតាម ដោយ​បើក​ផ្លូវ​សម្រាប់​ការប្រកួត​ប្រជែង​យ៉ាងខ្លាំងក្លា​រវាង​ព្រះវិហារ​ទាំងឡាយ និង​ពួក​អ្នក​ផ្សព្វផ្សាយ​ខាងសាសនា ។ ដោយសារ​ប្រជាជន​ភាគច្រើន​ចេះអាន និង​ចេះ​សរសេរ​បាន ពួកគេ​ទទួល​យក​គំនិត​ផ្សេងៗ​ជាច្រើន ហើយ​បាន​ជជែក​ពិភាក្សា​អំពី​គោលលទ្ធិ​ទាំងឡាយ​នៅក្នុង​សារព័ត៌មាន​ដែល​មាន​ប្រជាប្រិយភាព ។ ការកំណត់​ខ្លួន​ឯង​ថា​ជា ពួក​យូនីវើសលលីស, ពួក​អាមេនី ឬ ពួក​អ្នក​ដើរ​តាម​លោក​ខេលវីន គឺ​ងាយស្រួល​ណាស់​ចំពោះ​ពួកបរិសុទ្ធ​នៅ​ជំនាន់​ដំបូង និង​មនុស្ស​នៅ​សម័យ​របស់​ពួកគេ គឺ​ដូចជា​បង្ហាញ​ថា​ខ្លួន​ឯង​កាន់​គណបក្ស​ណា​មួយ​នៅ​សព្វ​ថ្ងៃ​នេះ​ដូច្នេះ​ដែរ ។ វោហាសាស្ត្រ​សាសនា​ទូទៅ​នៃ​សម័យ​របស់ យ៉ូសែប ស្ម៊ីធ មាន​ទំនោរ​ទៅរក​ការព្រួយ​បារម្ភ​អំពី​ការបកស្រាយ​ព្រះគម្ពីរ​ប៊ីប និស្ស័យ​នៃ​ព្រះ និង​មនុស្សជាតិ សេចក្ដីសង្គ្រោះ និង​សាក្រាម៉ង់ ។

ព្រះគម្ពីរ​ប៊ីប

លើស​ពី​អត្ថបទ​ណា​ទាំងអស់ ព្រះគម្ពីរ​ប៊ីប​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​គំនិត ភាសា និង​វប្បធម៌​របស់​ប្រជាជន​អាមេរិក ។ ទាំង​ពួក​អ្នក​នយោបាយ និង​ពួក​អ្នក​ផ្សព្វផ្សាយ​ខាងសាសនា បាន​យក​ព្រះគម្ពីរ​ប៊ីប​ជា​មូលដ្ឋាន​ក្នុង​ការពិភាក្សា​របស់​ខ្លួន និង​ប្រើ​ភាសា​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។ ពួក​ប្រូតេស្តង់​ភាគច្រើន​បានចាត់ទុក​ព្រះគម្ពីរ​ប៊ីប​ថា​ជា​សិទ្ធិអំណាច​តែ​មួយ​គត់​អំពី​គោលលទ្ធិ ហើយ​មនុស្ស​ជាច្រើន​បាន​ចាត់ទុក​ពាក្យ​ពេចន៍​របស់​វា​មិន​អាច​ខុសឆ្គង និង​គ្មាន​កំហុស ។ ជាញឹកញាប់ ពួក​អ្នក​អាន​បាន​បកស្រាយ​ព្រះគម្ពីរ​ប៊ីប​ខុសៗ​គ្នា ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ងឿងឆ្ងល់​ខ្លាំង​អំពី​ស្ថានភាព​របស់​វា ។ មនុស្ស​មួយ​ចំនួន​នៅ​សម័យ​របស់ យ៉ូសែប ស្ម៊ីធ បានត្រួសត្រាយ​នូវ​វិធីសាស្រ្ត​ថ្មីៗ និង​កាន់តែ​ស្មុគ្រស្មាញ​ជាងមុន​ចំពោះ​ការបកស្រាយ​អំពី​ព្រះគម្ពីរ​ប៊ីប និង​ការសិក្សា ។ ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅតែ​មាន​ការសង្ស័យ​ចំពោះ​វិធីសាស្រ្ត​ថ្មីៗ​ទាំងនេះ ហើយ​ចូលចិត្ត​ប្រើប្រាស់​ពាក្យពេចន៍​ក្នុង​ព្រះគម្ពីរ​ប៊ីប​ដែល​មាន​លក្ខណៈ​សាមញ្ញ​ជាង ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ភាគច្រើន ក៏​ដូចជា​ពួក​អ្នក​ជិតខាង​ប្រូតេស្តង់​ជាច្រើន​របស់​ពួកគេ​ដែរ បានលើក​កម្ពស់​ការអាន​ព្រះគម្ពីរ​ប៊ីប​ឲ្យ​បាន​ត្រឹមត្រូវ ។

ប្រជាជន​អាមេរិក​ភាគច្រើន​នៅក្នុង​ជំនាន់​របស់ យ៉ូសែប ស្ម៊ីធ បានទទូច​ថា​មាន​ព្រះគម្ពីរ​ប៊ីប​គឺ​គ្រប់គ្រាន់​ហើយ ហើយ​មិន​ឯកភាព​ពី​របៀប​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ចាត់ទុក​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា​ជា​ព្រះគម្ពីរ​ឡើយ ។ អ្នក​អាន​ព្រះគម្ពីរ​ប៊ីប​ភាគច្រើន​ចាប់អារម្មណ៍​ការសរសេរ​អត្ថបទ​ពី​សាសនា ប៉ុន្តែ​មនុស្ស​ភាគច្រើន​បានចាត់ទុក​ថា​គោលការណ៍​ខាងព្រះគម្ពីរ ( គម្ពីរ​ដែល​ពួក​ប្រូតេស្តង់ និង​ពួកគ្រីស្ទាន​កាតូលិក​ទទួល​ស្គាល់​ជាយូរយារ​មក​ហើយ ដែល​អាច​ទុកចិត្ត​បាន ) ត្រូវ​បានបិទ​ជាអចិន្ត្រៃយ៍ ។

និស្ស័យ​នៃ​ព្រះ និង​មនុស្ស​លោក

ពួកគ្រីស្ទាន​ជនជាតិ​អាមេរិក​ភាគច្រើន​បានជឿ​លើ​គោលលទ្ធិ​នៃ​ព្រះ​ត្រីឯក ដូច​ដែល​បានបង្ហាញ​នៅក្នុង​ការសារភាព និង​គោលជំនឿ​ប្រពៃណី ។ អ្នក​ទាំងនេះ​បាននិយាយ​អំពី​ព្រះ​ដែល​មាន​តួអង្គ​បី​អង្គ—គឺ​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ—គង់​នៅ​ជាមួយ​គ្នា​ក្នុង​អង្គ​តែ​មួយ ។ គំនិត​នេះ​ហាក់បី​ដូចជា​មិន​សមហេតុផល​សម្រាប់​ពួក​អ្នកជឿ​ទាល់តែ​សោះ ប៉ុន្តែ​ជា​អាថ៌កំបាំង​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​របស់​ព្រះ លើស​ពី​ការយល់ដឹង​របស់​មនុស្ស ។ ថ្វីដ្បិត​តែ​អ្នកជឿ​លើ​ព្រះត្រីឯក​មាន​ច្រើន​ក៏​ដោយ ក៏​ទស្សនៈ​ផ្សេង​ទៀត​នៃ​ក្រុមព្រះ​បានទាក់ទាញ​ចំនួន​មនុស្ស​ជាច្រើនផង​ដែរ ។ ទេវវាទ ដែល​ជា​ទស្សនៈ​ពេញនិយម​ក្នុង​ចំណោម​អ្នក​គិត​សេរី និង​ពួក​អ្នក​ទស្សនវិទូ​នៅ​អឺរ៉ុប និង​អាមេរិក បានប្រកែក​អំពី​ព្រះ​ដែល​យក​ចិត្ត​ទុកដាក់ ប៉ុន្តែ​អវត្តមាន​របស់ព្រះ ដែល​ជា​អង្គ​បង្កបង្កើត​ដែល​បាន​កំណត់​ចក្រវាឡ​ឲ្យ​វិល ប៉ុន្តែ​បានទុក​វា​ឲ្យ​ដំណើរការ​ដោយ​ខ្លួនឯង ។ ដោយ​មាន​បញ្ហា​ជាមួយ​គំនិត​របស់​ពួក​អ្នក​កាន់​លទ្ធិ​អាទិទេព ប៉ុន្តែ​នៅតែ​ស្វែងរក​ជម្រើស​ក្នុង​ព្រះគម្ពីរ​ប៊ីប​ចំពោះ​លទ្ធិ​ត្រីឯក នោះ​ពួក​អ្នកវិទូ​ខ្លះ​បានកំណត់​នូវ​អ្វី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ពួក​អ្នកជឿ​ថា​ព្រះ​ជា​តួអង្គ​តែ​មួយ ។ អ្នក​ទ្រឹស្ដី​បែប​នេះ​បាន​អះអាង​ថា ព្រះ​ជា​អង្គ​តែ​មួយ ថា​ព្រះយេស៊ូវ​បាន​រស់នៅ​ជា​ព្រះអង្គ​សង្គ្រោះ​មនុស្ស ហើយ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​តំណាង​នៃ​អំណាច​របស់ព្រះ ។

សម្រាប់​អ្នក​ផ្សព្វផ្សាយ​ខាង​សាសនា និង​អ្នកនិពន្ធ​ជា​គ្រីស្ទាន​ភាគច្រើន ការធ្លាក់​របស់​មនុស្ស​ដូច​ដែល​បាន​រៀបរាប់​នៅក្នុង​លោកុប្បត្តិ​បានពន្យល់​ពី​ស្ថានភាព​របស់​មនុស្ស ៖ មនុស្ស​រស់នៅ​ក្នុង​ពិភពលោក​ដែល​ធ្លាក់​ដោយសារ​អំពើបាប​ដើម ហើយ​មានតែ​តាមរយៈ​ការធ្វើ​អន្តរាគមន៍​ពី​ដ៏​ទេវភាព​ប៉ុណ្ណោះ ទើប​ស្ថានភាព​នេះ​ប្រសើរ​ឡើង ។ ពួក​ប្រូតេស្តង់​ជនជាតិ​អាមេរិក​ភាគច្រើន​បានជឿ​ថា​មនុស្ស​លោក​មាន​ចិត្ត​អាក្រក់​ពី​កំណើត ហើយ​នឹង​ចាត់ទុក​គំនិត​ដែល​ថា​មនុស្ស​អាច​ប្រាថ្នា​ចង់​ធ្វើ​ដូចជា​ព្រះ​គឺជា​ការប្រមាថ​ដល់​ព្រះ ។

សេចក្តី​សង្រ្គោះ

គ្មាន​ប្រធានបទ​ណា​ដែល​មាន​ភាពចម្រូងចម្រាស​ច្រើន​ជាង​ដំណើរ​នៃ​សេចក្ដី​សង្គ្រោះ​ឡើយ ។ ជា​យូរយារ​មក​ហើយ ពួកអ្នក​សាសនាវិទូ​បាន​ព្យាយាម​យល់​ពី​ទំនាក់ទំនង​រវាង​សេចក្ដី​សង្គ្រោះ អំណាច​ដែល​អាច​សម្រេច​ដោយ​ខ្លួន ព្រេង​សំណាង និង​ការ​ដឹង​ជា​មុន និង​ព្រះគុណ​របស់ព្រះ ។ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៨០០ ពួក​ប្រូតេស្ដង់​ជនជាតិ​អាមេរិក​ភាគច្រើន​មិន​ថា​ពួកគេ​ចូលរួម​នៅ​ព្រះវិហារ​ណា​នោះ​ទេ បាន​សម្រប​តាម​ប្រព័ន្ធ​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​បី ៖ លទ្ធិខេលវីន, លទ្ធិពួកអាមេនី ឬ​លទ្ធិពួក​យូនីវើសលលីស ។

អ្នកកំណែ​ទម្រង់​ប្រូតេស្តង់​ដែល​មាន​ឈ្មោះ​ថា ចន ខេលវីន បានវែកញែក​ថា ព្រះ​មាន​ចំណេះដឹង​ពេញលេញ​អំពី​ជោគវាសនា​នៃ​ការបង្កបង្កើត​របស់ទ្រង់ ហើយ​ដូច្នេះ​បាន​កំណត់ទុក​ជាមុន​ថា​អ្នក​ណា​នឹង​ត្រូវ​សង្គ្រោះ​សម្រាប់​ជោគវាសនា​បែប​នោះ ។ ពួក​អ្នកដើរ​តាម​លោក​ខេលវីន បានចាត់​ទុក​អំណាច​ដែល​អាច​សម្រេច​ដោយ​ខ្លួន​ជា​ផ្នែក​បន្ថែម​នៃ​ព្រះឆន្ទៈ​របស់​ព្រះ ជា​ជាង​ជាជម្រើស​ឯករាជ្យ ។ យ៉ាកូបូស អាមីនីស ជា​សាសនាវិទូ​ប្រកប​ដោយ​ទស្សនាវិជ្ជា​របស់​ខាលវីន បានបដិសេធ​ចោល​ការកំណត់​ទុក​ជាមុន​ដ៏​តឹងរ៉ឹង ហើយ​បាន​ប្រកែក​ថា​ជម្រើស​របស់​មនុស្ស​បានដើរ​តួនាទី​ក្នុង​សេចក្ដី​សង្រ្គោះ ។ ទោះបីជា​មនុស្ស​ដែល​ត្រូវបាន​កំណត់​ទុក​ជា​មុន​សម្រាប់​សង្គ្រោះ​ក៏​ដោយ អាមីនីស​បាន​អះអាង​ថា អាច​ប្រឆាំង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន ។ ក្រោយមក ​ពួកអាមីនីស​មួយចំនួន​រួមមាន​បុគ្គល​ល្បី​នៅ​មែថូឌីស្ទ លោក ចន វេស្លី ដែល​ជឿថា​តាមរយៈ​ជម្រើស និង​ព្រះគុណ​របស់​ព្រះ​ នោះ​មនុស្ស​អាច​ទទួល​បាន​កម្រិតនៃ​សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ ហើយ​បាត់​ចំណូលចិត្ត​លែង​ចង់​ធ្វើ​អំពើ​បាប ។ ពួក​អ្នកប្រឆាំង​នឹង​គោលលទ្ធិ​នៃ​មនុស្ស​ឥតខ្ចោះ​នេះ​បាន​អះអាង​ថា ស្ថានភាព​បែប​នេះ​អាច​កើត​មាន​បាន​តែ​នៅក្នុង​ជីវិត​ដ៏​រុងរឿង​ក្រោយ​មរណភាព​ប៉ុណ្ណោះ ហើយ​មិន​អាច​កើត​មាន​ក្នុង​ជីវិត​រមែង​ស្លាប់​បាន​ទេ ។

ពួក​អ្នកដើរ​តាម​លោក​ខេលវីន និង​ពួក​អាមេនី​ភាគច្រើន​បាន​មើលឃើញ​ថា សេចក្តី​សង្គ្រោះ​ត្រូវបាន​ផ្ដល់​ឲ្យ​តែ​មនុស្ស​ខ្លះៗ​ប៉ុណ្ណោះ ខណៈ​ដែល​មនុស្ស​ភាគច្រើន​នឹង​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស ។ ម្យ៉ាង​វិញ​ទៀត ពួក​យូនីវើសលលីស បាន​អះអាង​ថា ពីព្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​នាំ​មក​នូវ​ដង្វាយធួន​ដ៏​ឥតខ្ចោះ នោះ​មនុស្ស​គ្រប់​គ្នា​នឹង​ត្រូវបាន​សង្រ្គោះ​នៅ​ចុងក្រោយ ។ ពួកគេ​យល់​ពី​គោលលទ្ធិ​ខាង​ព្រះគម្ពីរ​ប៊ីប​នៃ​ការដាក់​ទណ្ឌកម្ម​ដ៏​ទេវភាព​ថាជា​បណ្ដោះ​អាសន្ន និង​ជា​ការកែ​តម្រូវ ។ ពួកគេ​ចាប់អារម្មណ៍​ថា ព្រះ​ស្រឡាញ់​ពិភពលោក​យ៉ាង​ល្អ​ឥតខ្ចោះ​រហូត​ដល់​ទ្រង់​នឹង​ធ្វើឲ្យ​មនុស្ស​គ្រប់គ្នា​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។

ការពិភាក្សា​ទាំងនេះ​អំពី​វិធីសាស្ត្រ​នៃ​សេចក្ដី​សង្គ្រោះ​បានធ្វើ​ឲ្យ​ពួក​អ្នកជឿ​មានការព្រួយ​បារម្ភ​អំពី​ស្ថានភាព​របស់ខ្លួន ។ ការស្វែងរក​ការអះអាង​អំពី​សេចក្ដី​សង្គ្រោះ​បានមាន​ទ្រង់ទ្រាយ​ខុសគ្នា​សម្រាប់​ពួក​អ្នកដើរ​តាម​លោក​ខេលវីន និង​ពួក​អាមេនី ។ ពួក​អ្នកដើរ​តាម​លោក​ខេលវីន បាន​ព្យាយាម​ចាត់ទុក​បទពិសោធន៍​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​របស់​ពួកគេ អារម្មណ៍​របស់​ពួកគេ និង​សកម្មភាព​របស់​ពួកគេ​ថាជា​សញ្ញា​ដែល​ព្រះ​បាន​ជ្រើសរើស​ពួកគេ​សម្រាប់​សេចក្ដី​សង្គ្រោះ ។ ពួក​អាមេនី​ជាញឹកញាប់​ស្វែងរក​ការអះអាង​នៅក្នុង​សាក្សី​ដ៏​អស្ចារ្យ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​ផ្សេងទៀត​បាន​គិតថា​ការអនុវត្ត​ខាង​សាសនា ដូចជា​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​អាហារ​ព្រះគ្រីស្ទ ( ពិធី​សាក្រាម៉ង់​នៃ​ពិធី​អាហារ​របស់​ព្រះអម្ចាស់ ) គឺជា​ការប្រារព្ធ​ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ ។

ពិធី​សាក្រាម៉ង់ និង សិទ្ធិ​អំណាច

ជាទូទៅ ពួកគ្រីស្ទាន​សំដៅ​ទៅលើ​ពិធីបរិសុទ្ធ ឬ​ការអនុវត្ត​ដ៏ពិសិដ្ឋ ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក​ជាមួយ​ពាក្យ​ថា ពិធី​សាក្រាម៉ង់ ។ ក្នុង​ប្រពៃណី​រ៉ូម៉ាំង​កាតូលិក និង​គ្រិស្ត​អូស្សូដក់​ខាងកើត ពិធី​សាក្រាម៉ង់​ត្រូវបាន​គេ​ចាត់ទុក​ថាជា​ពិធី​ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ ។ ពួក​សង្ឃ​បាន​តាមដាន​សិទ្ធិ​អំណាច​របស់​ពួកគេ​ដើម្បី​គ្រប់គ្រង​ពិធី​សាក្រាម៉ង់ តាមរយៈ​ជំនាន់​អ្នក​គ្រប់គ្រង​សាសនា​ត្រឡប់​ទៅដល់​ពួក​សាវក​ពីបុរាណ​ដែល​ដឹកនាំ​ដោយ​ពេត្រុស ។ ពួក​អ្នកកែ​ទម្រង់​ប្រូតេស្តង់ ជាពិសេស ម៉ាទីន លូធើរ និង ចន ខេលវីន បានចាត់​ទុក​ពិធី​សាក្រាម៉ង់​ជា​សញ្ញា​នៃ​សេចក្តីជំនឿ ។ សិទ្ធិ​អំណាច​បានធ្លាក់​មកលើ​ក្រុមជំនុំ​នៃ​ពួក​អ្នកជឿ ជាជាង​ចំពោះ​អ្នកដែល​បាន​តែងតាំង​តិចតួច ហើយ​សុពលភាព​នៃ​ពិធី​សាក្រាម៉ង់​បាន​សម្រេច​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​តែ​មួយគត់ ។

របៀប ពេលវេលា និងភាពចាំបាច់​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ត្រូវបាន​ពិភាក្សា​យ៉ាង​ខ្លាំងក្លា ។ ទំនៀម​ទម្លាប់​កាតូលិក និងគ្រិស្ត​អូស្សូដក់​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ទារក​បានស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​ក្នុងអំឡុង​ពេល​កំណែ​ទម្រង់​ទ្វីបអឺរ៉ុប ទោះបីជា​ពួកប្រូតេស្តង់​នៅអាមេរិក​នៅតែ​បំបែក​ខ្លួន​ចេញពី​ការអនុវត្ត​នេះ​ក៏ដោយ ។ ពួកបាទីស្ទ​បាន​ប្រកាន់​ខ្ជាប់ថា មានតែ​អ្នក​ដែល​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​ប៉ុណ្ណោះ ដឹង​ច្បាស់​អំពី​ជម្រើស​របស់​ពួកគេ​ដើម្បី​មករក​ព្រះគ្រីស្ទ ទើប​អាច​ទទួលបាន​ពិធីបុណ្យ​ជ្រមុជទឹក​ដ៏​ត្រឹមត្រូវ ។ អ្នកផ្សេង​ទៀត​ជឿថា ​ពិធីបុណ្យ​ជ្រមុជទឹក​នៅតែ​មាន​សុពលភាព ដោយ​មិនគិត​ពី​អាយុ ឬ​ភាពចាស់ទុំ​របស់អ្នក​ដែល​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ទេ ។ ទម្រង់​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ក៏ត្រូវបាន​ពិភាក្សា​ផងដែរ ។ ពួកបាទីស្ទ និង​អ្នកផ្សេង​ទៀត​បាន​សង្កត់ធ្ងន់​ទៅលើ​ការពន្លិច ខណៈពេល​ដែល​ពួក​លូធើរែន ពួកអ៊ីពីស្កូផាល, ពួកក្រុមជំនុំ, ​ពួក​ប្រែសប៊ីធារាន និង​ពួក​មែថូឌីស្ទ បាន​អនុញ្ញាត​ឲ្យ​មាន​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ការចាក់ ឬ​ដោយការប្រោះ ។

ការជជែក​ដេញដោល​ទាំងនេះ និង​ផ្សេងទៀត​បាន​ជំរុញ យ៉ូសែប ស្ម៊ីធ ឆ្ពោះ​ទៅរក​វិវរណៈ​ដ៏​រុងរឿង​បំផុត​របស់គាត់​ជាច្រើន ។ ព្រះគម្ពីរ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​មាន​ចម្លើយ​ជាច្រើន ដែលបាន​បង្ហាញ​ចំពោះ​សំណួរ​ទាក់ទង​ទៅនឹង​សិទ្ធិអំណាច​នៃ​ព្រះគម្ពីរ​ប៊ីប និស្ស័យ​នៃ​ក្រុមព្រះ ជោគវាសនា​នៃ​ព្រលឹង​មនុស្ស ភាពចាំបាច់ និង​ទម្រង់​នៃ​ពិធីបុណ្យ​ជ្រមុជទឹក សិទ្ធិអំណាច​នៃ​បព្វជិតភាព និង​កិច្ចការ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វិវរណៈ​សម័យ​ទំនើប​ទាំងនេះ​គូសបញ្ជាក់​អំពី​ប្រព័ន្ធ​នៃ​គោលលទ្ធិ និង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ដែល​ខុសពី​អ្វី​ដែល​មាន​នៅក្នុង​វប្បធម៌​ហ៊ុមព័ទ្ធ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដំបូង ។

ប្រធានបទ​ដែល​ទាក់ទង ៖ ព្រះវិហារ​ពួកគ្រីស្ទ​សាសនា​នៅក្នុង​សម័យ យ៉ូសែប ស្ម៊ីធ ], ការភ្ញាក់​ដឹងខ្លួន និង​ការបណ្ដុះ​សេចក្តី​ជំនឿ​ឡើងវិញ , ដំណើររឿង​អំពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ ]

កំណត់ចំណាំ

  1. ឧទាហរណ៍ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩ settles questions អំពី​ជំនឿ​ពួក​សេកើរ​បាន​កើតឡើង​ដោយ​អ្នកជឿ​ពីមុន​ឈ្មោះ ​លេមិន ខូបលី ( សូមមើល ម៉ាធូ ម៉ាកប្រ៊ីដ « Leman Copley and the Shakers » នៅក្នុង​កែសម្រួល​ដោយ ម៉ាធូ ម៉ាកប្រ៊ីដ និង ចេមស៍ ហ្គូលប៊ឺហ្គ Revelations in Context: The Stories behind the Sections of the Doctrine and Covenants [ ទីក្រុង សលត៍ លេក ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ឆ្នាំ២០១៦ ] ទំព័រ ១១៧–១២១ ) ។