ប្រវត្តិ​សាសនាចក្រ
ការភ្ញាក់​ដឹងខ្លួន និង​ការបណ្ដុះ​សេចក្តី​ជំនឿ​ឡើងវិញ


« ការភ្ញាក់​ដឹងខ្លួន និង​ការបណ្ដុះ​សេចក្តី​ជំនឿ​ឡើងវិញ » ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

« ការភ្ញាក់​ដឹងខ្លួន និង​ការបណ្ដុះ​សេចក្តី​ជំនឿ​ឡើងវិញ »

ការភ្ញាក់​ដឹងខ្លួន និង​ការបណ្ដុះ​សេចក្តីជំនឿ​ឡើងវិញ

ប្រហែល​នៅ​ឆ្នាំ១៨២៩ ណាន់ស៊ី អាឡិចសែនឌើរ ដែល​មាន​អាយុ​១៣​ឆ្នាំ បានចូលរួម​ក្នុង​ការប្រជុំ​ដ៏​ធំ​មួយ​របស់​ពួក​មែថូឌីស្ទ ។ នាង​បាន​ចងចាំ​ថា ៖ « ពួកគេ​បាន​បោះតង់​នៅលើ​ផ្ទៃដី​ជាង​មួយ​ហិចតា ហើយ​បាន​រៀបចំ​ការប្រជុំ​របស់​ពួកគេ​ជាច្រើន​ថ្ងៃ ហើយ​បាន​ធ្វើ​ឲ្យ​មាន​អ្នក​ប្រែចិត្ត​ជឿ​ជាច្រើន​នាក់ » ។ ក្នុង​អំឡុង​ពេល​ការប្រជុំ​នេះ គ្រូ​គង្វាល​ម្នាក់​បាន​អញ្ជើញ​នាង​ឡើង​ទៅ​កាន់ « កៅអី​អ្នក​ដែល​មាន​ទុក្ខ » ជា​កន្លែង​ដែល​នាង និង​អ្នកដទៃ​នឹង​ទទួល​បាន​ការ​លើក​ទឹកចិត្ដ​ពី​ក្រុមជំនុំ​ទាំងមូល ឲ្យ​បង្វែរ​ជីវិត​របស់​ពួកគេ​មក​រក​ព្រះគ្រីស្ទ ។ នាង​បាន​សារភាព ៖ « ខ្ញុំ​បរាជ័យ​ក្នុង​ការទទួល​បាន​ការផ្លាស់ប្តូរ​ដួងចិត្ត​នោះ » ។ អស់​អ្នក​ដែល​បាន​ស្រែក​ថា « សិរីល្អ ហាលេលូយ៉ា ខ្ញុំ​មាន​ការប្រែចិត្ត​ជឿ » នាង​បាន​រំឭក​ថា « ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​មាន​អ្វី​ខុស​គ្នា​នោះ​ទេ » ។

រូបគំនូរ​ពិពណ៌នា​អំពី​​ការត្រឡប់​មកវិញ​ខាងវិញ្ញាណ ឬ​ការប្រជុំ​នៅ​ជំរំ

រូបគំនូរ​ពិពណ៌នា​អំពី​ការត្រឡប់​មកវិញ​ខាងវិញ្ញាណ ឬ​ការប្រជុំ​នៅ​ជំរំ ។

យ៉ូសែប ស្ម៊ីធ ក៏​បានចូលរួម​ការប្រជុំ​ការត្រឡប់​មកវិញខាងវិញ្ញាណ ​ក្នុង​វ័យ​ជំទង់ ហើយ​ក៏​ដូចជា​ណាន់ស៊ី​ដែរ លោក​ចង់ « ទទួល​បាន​អារម្មណ៍ និង​ស្រែក​ដូចជា​អ្នក​ផ្សេង​ទៀត​ដែរ » ប៉ុន្តែ « មិន​ទទួល​បាន​អារម្មណ៍​អ្វី​ឡើយ » ។ ការតស៊ូ​របស់​ពួក​អ្នក​ស្វែងរក​ជំនឿ​ដូចជាណាន់ស៊ី និង​យ៉ូសែប​ដើម្បី « ប្រែចិត្ត​ជឿ » និង​ពួក​គ្រូគង្វាល ដោយ​សង្ឃឹម​ថា​នឹង​បាន​ប្រែចិត្ត​ជឿ និង​ពង្រឹង​ព្រះវិហារ​របស់​ពួកគេ​បាន​ចាប់ផ្ដើម​ឲ្យ​មាន​ការបណ្ដុះ​សេចក្តីជំនឿ​ឡើងវិញ ដែល​បាន​រីករាលដាល​នៅ​ភាគ​ឦសាន​នៃ​សហរដ្ឋ​អាមេរិក​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៨០០ ។

ការបដិវត្ត​នៅ​អាមេរិក​បាន​នាំ​ឲ្យ​មាន​នូវ​រដ្ឋាភិបាល​ថ្មី ដែល​មាន​ភារកិច្ច​ការពារ​សេរីភាព​ខាងសាសនា ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ពួក​គ្រូគង្វាល​បាន​មើលឃើញ​ក្រុម​ជំនុំ​របស់​ពួកគេ​មិន​រីក ចម្រើន​ទៅមុខ ដោយ​ចំនួន​អ្នកចូលរួម​ក្នុង​ព្រះវិហារ​បាន​ធ្លាក់​ចុះ​ក្រោម​២០​ភាគរយ នៅក្នុង​រដ្ឋ​ភាគ​ច្រើន ។ ជា​ការឆ្លើយតប ពួក​គ្រូគង្វាល​មកពី​ព្រះវិហារ​ជាច្រើន​បាន​ព្យាយាម​លើក​ទឹកចិត្ត​ក្រុមជំនុំ​របស់​ពួកគេ​ឲ្យ​មាន​ជំនឿ​កាន់តែ​ខ្លាំង​ឡើង ។ ព្រះវិហារ​ទាំងឡាយ​ដែល​ធ្លាប់​តែ​រដ្ឋាភិបាល​គាំទ្រ បាន​បាត់បង់​តំណែង​ជា​អភ័យ​ឯកសិទ្ធិ​របស់​ពួកគេ ដោយ​បើក​ផ្លូវ​សម្រាប់​គ្រូគង្វាល​មកពី​ក្រុម​ជំនុំ​ជាច្រើន​ដើម្បី​ស្វែងរក​អ្នកប្រែចិត្តជឿ​យ៉ាង​ខ្លាំងក្លា ។ ការរីកចម្រើន​នៃ​ការបណ្ដុះ​សេចក្តីជំនឿ​ឡើងវិញ​នេះ—ជា​អ្វី​ដែល​អ្នកប្រវត្ដិវិទូ​ក្រោយមក​ហៅ​ថា ការភ្ញាក់រឭក​ដ៏​អស្ចារ្យ​ជា​លើក​ទីពីរ—បាន​បំផុស​គំនិត​ពួក​ប្រូតេស្តង់​សញ្ជាតិ​អាមេរិក​ជាច្រើន​ឲ្យ​ពិសោធន៍​ជាមួយ​និកាយ​ផ្សេងៗ​គ្នា ពួកស្ម័គ្រចិត្ត​ក្នុង​បុព្វហេតុ​សង្គម និង​លើក​កម្ពស់​ជំនឿ​គ្រីស្ទាន​របស់​ពួកគេ ។

ស្មារតី​នៃ​ការភ្ញាក់រឭក​ឡើងវិញ​បាន​ផ្តល់​ថាមពល​ដល់​បុរស និង​ស្ត្រី​គ្រប់​ជាតិសាសន៍ និង​គ្រប់​មជ្ឈដ្ឋាន​នៃ​ជីវិត ។ ក្រុម​ដូចជា ពួក​អ៊ីពីស្កូផាល ពួក​ក្រុមជំនុំ និង​ពួក​ប្រែសប៊ីធារាន បាន​អនុវត្ត​ការថ្វាយបង្គំ​ដែល​មាន​រចនាសម្ព័ន្ធ​កាន់តែ​ច្រើន ។ ជាធម្មតា ការបណ្ដុះ​សេចក្តីជំនឿ​ឡើងវិញ​របស់​ពួកគេ​រួមមាន​ការបង្រៀន​ជា​ផ្លូវការ និង​ការផ្សព្វផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ដោយ​មាន​គ្រូគង្វាល​របស់​ពួកគេ​ថ្លែង​សុន្ទរកថា​របស់​ពួកគេ​ដើម្បី​លើក​ទឹកចិត្ត​ទស្សនិកជន​ឲ្យ​ជឿ​កាន់តែ​ច្រើន​ឡើង ។ ផ្ទុយ​ទៅ​វិញ ពួក​មែថូឌីស្ទ និង​ពួក​បាទីស្ទ​បាន​ធ្វើ​ដំណើរ​ពាសពេញ​ទីជនបទ ដោយ​បង្កើត​ជា​ថ្នាក់រៀន និង​កម្មវិធី​ថ្វាយបង្គំ​នានា ។ នៅពេល​ដែល​ការផ្សព្វផ្សាយ​របស់​ពួកគេ​បាន​សាយភាយ​ទៅ​ដល់​ព្រំដែន​កាន់តែ​ជ្រៅ ពួកគ្រូគង្វាល​ជាច្រើន​ទទួល​បាន​ប្រជាប្រិយភាព​សម្រាប់​ការប្រថុយ​នឹង​គ្រោះថ្នាក់​យក​ដំណឹងល្អ​ទៅ​កាន់​តំបន់​ឆ្ងាយៗ ។ នៅ​តំបន់​ទីជនបទ​ជាច្រើន ការផ្សព្វផ្សាយ​មាន​នូវ​ការប្រជុំ​ជំរំ​នៅពេល​យប់ ដែល​ទាក់ទាញ​មហាជន​ឲ្យ​ចូលរួម​ជាច្រើន​ថ្ងៃ ។

ការប្រែចិត្តជឿ​ផ្ទាល់ខ្លួន ដែល​ជា​ចំណុច​សំខាន់​នៃ​ការផ្សព្វផ្សាយ​សាសនា​បែប​ការត្រឡប់​មកវិញ បាន​ទាក់ទាញ​ដល់​ពួក​អ្នក​ស្វែងរក​សាសនា​ដែល​ជា​អ្នក​មាន​អារម្មណ៍​មិន​ពេញចិត្ត​នឹង​ព្រះវិហារ​ដែល​លេចធ្លោ​នៅ​សម័យ​នោះ ។ ដំណើររឿង​នៃ​ការប្រែចិត្តជឿ​បាន​សង្កត់ធ្ងន់​លើ​មនសិការ​ដឹង​ខុសត្រូវ ដែល​ជា​ការដឹង​ថា​ព្រះ​នឹង​ត្រូវ​បានរាប់​ថា​ជា​សុចរិត​ក្នុង​ការបញ្ជូន​ព្រលឹង​មនុស្ស​ម្នាក់​ទៅ​ស្ថាន​នរក និង​ជា​សាក្សី​ដ៏​ជ្រាលជ្រៅ​ថា ព្រះគុណ​របស់​ព្រះគ្រីស្ទ​បាន​មក​ជួយ​សង្គ្រោះ ។ ចំណាប់​អារម្មណ៍ និង​សកម្មភាព​នៅក្នុង​ព្រះវិហារ និង​សង្គម​កំណែ​ទម្រង់​បាន​កើន​ឡើង នៅពេល​ដែល​មិត្តភក្តិ និង​អ្នក​ជិតខាង​បាន​ថ្លែង​ទីបន្ទាល់​អំពី​បទពិសោធន៍​បែប​នេះ ។

ប្រធានបទ​ដែល​ទាក់ទង ៖ ព្រះវិហារ​ពួកគ្រីស្ទាន​នៅក្នុង​សម័យ​របស់​ យ៉ូសែប ស្ម៊ីធ, ជំនឿ​សាសនា​នៅក្នុង​សម័យ យ៉ូសែប ស្ម៊ីធ, ដំណើររឿង​អំពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ

កំណត់ចំណាំ

  1. ណាន់ស៊ី ណាអូមី អាឡិចសែនឌើរ ត្រេស៊ី « Life History of Nancy Naomi Alexander Tracy Written by Herself » ឯកសារ​ដែល​សរសេរ​ដោយ​ម៉ាស៊ីន​អង្គុលីលេខ ទំព័រ ២–៣ នៅក្នុង​សៀវភៅ​កម្រង​អនុស្សាវរីយ៍ និង​កំណត់ហេតុ​របស់ ណាន់ស៊ី អេ ត្រេស៊ី ខែឧសភា ឆ្នាំ១៨៩៦–ខែកក្កដា ឆ្នាំ១៨៩៩ នៅក្នុង​បណ្ណាល័យ​ប្រវត្តិ​សាសនាចក្រ នៅទីក្រុង សលត៍ លេក; អាឡិចសែនឌើរ ណៃប័រ « Alexander Neibaur, Journal, 24 May 1844, extract » នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់ អាឡិចសែនឌើរ ណៃប័រ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៨៤១–ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៨៦២ ទំព័រ ២៣ នៅលើ​គេហទំព័រ josephsmithpapers.org ។

  2. អក្សរសិល្ប៍​ដ៏​ធំ​អំពី​ការត្រឡប់​មកវិញ​នៅ​ដើម​សតវត្សទី១៩ នៅ​សហរដ្ឋ​អាមេរិក ។ សូមមើល​ឧទាហរណ៍ Catherine A. Brekus, Strangers and Pilgrims: Female Preaching in America, 1740–1845 ( រោងថ្វាយ​បង្គំ ហៀល ៖ University of North Carolina Press ឆ្នាំ១៩៩៨ ); ចន បាត់លឺ Awash in a Sea of Faith: Christianizing the American People ( ខេមប្រ៊ីជ ម៉ាស ៖ Harvard University Press ឆ្នាំ១៩៩០ ); ណាថាន អូ ហាតឆ៍ The Democratization of American Christianity ( នូ ហេវិន ៖ Yale University Press ឆ្នាំ១៩៨៩ ); វិតនី អរ ក្រូស៍ The Burned-over District: The Social and Intellectual History of Enthusiastic Religion in Western New York, 1800–1850 ( អ៊ីថាកា ៖ Cornell University Press ឆ្នាំ១៩៥០ ) ។