ប្រវត្តិ​សាសនាចក្រ
ការវះកាត់​ជើង​របស់ យ៉ូសែប ស្ម៊ីធ


« ការវះកាត់​ជើង​របស់ យ៉ូសែប ស្ម៊ីធ » ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

ការវះកាត់​ជើង​របស់ យ៉ូសែប ស្ម៊ីធ

ការវះកាត់​ជើង​របស់ យ៉ូសែប ស្ម៊ីធ

នៅពេល​ដែល​ជំងឺ​គ្រុន​ពោះវៀន​បានផ្ទុះ​ឡើង​នៅ​ចន្លោះឆ្នាំ១៨១១ និង​ឆ្នាំ១៨១៤ ។ ក្រុមគ្រួសារ យ៉ូសែប ស៊ីញ្ញ័រ និង លូស៊ី ម៉ាក ស្ម៊ីធ កំពុង​រស់នៅ​ចំពេល​ជំងឺ​នេះ​កំពុងផ្ទុះ​ឡើង ។ កូន​ទាំង​ប្រាំពីរ​នាក់​បាន​ឆ្លង​ជំងឺ​នេះ ព្រម​ជាមួយ​នឹង យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង​បងស្រី​របស់​លោក​ដែល​មាន​ឈ្មោះ សូហ្រ្វូនៀ បាន​ឆ្លងជំងឺ​យ៉ាង​ធ្ងន់ធ្ងរ ។ ដោយសារ​តែ​ការវះកាត់​ទាន់​ពេលវេលា គ្រូពេទ្យ​វះកាត់​ក្នុង​តំបន់​បាន​ត្រួសត្រាយ នោះ​យុវជន​យ៉ូសែប​បានរួច​ផុត​ជីវិត និង​ចៀសវាង​ការកាត់​ជើង​ឆ្វេង​របស់​លោក ។

ឧបករណ៍​វះកាត់​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៨០០

ឧបករណ៍​វះកាត់​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៨០០ ។

ជាច្រើន​ខែ​មុន​ពេល​វះកាត់ យ៉ូសែប និង​បងប្អូន​របស់​លោក​បាន​មាន​ជំងឺ​គ្រុនក្តៅ​ដ៏​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​គ្រុន​ពោះវៀន​នេះ ។ ការឆ្លង​នេះ​ដំបូង​ឡើយ​មាន​អាប់សែ​នៅលើ​ស្មា​របស់​យ៉ូសែប ហើយ​មិន​យូរ​ប៉ុន្មានបានឆ្លងទៅដល់​ឆ្អឹង​ជើង​ខាងឆ្វេង​របស់​លោក ដែល​នាំ​ឲ្យ​មាន​ការរលាក​ជា​ខ្លាំង ។ បី​សប្តាហ៍​នៃ​ការឈឺចាប់​ដ៏​ខ្លាំងក្លា បានធ្វើ​ឲ្យ​ក្មេង​ប្រុស​អាយុ​ប្រាំពីរ​ឆ្នាំ​ឈឺចាប់​ជាខ្លាំង ។ ម្តាយ​របស់​លោក លូស៊ី​បានចាំ​ថា​លោក​បានស្រែក​យំ​ថា « ឱ ព្រះវរបិតា​អើយ … ឈឺ​ខ្លាំងណាស់ តើ​កូន​អាច​ស៊ូទ្រាំ​បាន​ដោយ​របៀប​ណា​ទៅ [?] ។ វេជ្ជបណ្ឌិត ស្តូន ជា​គ្រូពេទ្យ​វះកាត់​មក​ពី​ទីក្រុង​ហេនអូវើរ រដ្ឋ​ញូវ​ហាំស៊ើរ ពួកគេ​បានព្យាបាលជើង ដោយ​កាត់សាច់​ប្រហែល​ម្ភៃ​សង់ទីម៉ែត្រ​នៅ​ចន្លោះ​កជើង និង​ជង្គង់ ដើម្បី​ព្យាបាល​បន្ថយ​ការហើម ។ លូស៊ី​បានមើលឃើញ​ស្ថានភាព​កូនប្រុស​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដោយ​ការឈឺចាប់​កាន់តែ​ខ្លាំង « ខ្លាំង​ដែល​មិន​ធ្លាប់​មាន » ។ ពេលខ្លះ ហៃរុម​ជា​បងប្រុស​របស់​យ៉ូសែប បានអង្គុយ​ជាមួយ​លោក ហើយ​សង្កត់​លើ​ជើង​លោក​ដើម្បី​បន្ថយ​ការឈឺ​ចាប់ ។

វេជ្ជបណ្ឌិត ណាថាន់ ស្ម៊ីធ ដែល​ជា​ស្ថាបនិក​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ ដាតម៉ូត ដែល​នៅ​ជិត​នោះ​បាន​ទៅ​សួរ​សុខទុក្ខ​គ្រួសារ​នេះ​ជាមួយនឹង​គ្រូពេទ្យ​វះកាត់​ជាច្រើន​នាក់​ផ្សេង​ទៀត ដែល​ទំនង​ជា​ក្រុម​និស្សិត​ពេទ្យ​របស់​គាត់ ។ ពួកគេ​បាន​ផ្តល់​អនុសាសន៍​យ៉ាងមោះមុត​ឲ្យ​កាត់​ជើង​ដែល​ឆ្លង​មេ​រោគ​នោះ​ចោល ។ វេជ្ជបណ្ឌិត ស្ម៊ីធ ប្រហែលជា​បានផ្ដល់​យោបល់​ឲ្យ​កាត់​ជើង​ចេញ ដើម្បី​រៀបចំ​យ៉ូសែប និង​ក្រុម​គ្រួសារ​របស់​លោក​ឲ្យ​យល់​ព្រម​លើ​ការវះកាត់​ពិសោធន៍ ដែល​ជា​នីតិវិធី​ប្រថុយ​ប្រថាន​ដែល​បង្កើត​ឡើង​ដោយ​វេជ្ជបណ្ឌិត ស្ម៊ីធ កាលពី​១៥​ឆ្នាំ​មុន ។ ការវះកាត់​ត្រូវ​កាត់​ឆ្អឹង​ដោយ​ផ្ទាល់ និង​យក​កន្លែង​ដែល​ឆ្លង​មេរោគ​នោះ​ចេញ ដែល​អនុញ្ញាត​ឲ្យ​ជាលិកា​ដែល​មាន​សុខភាពល្អ​អាច​ដុះ​ឡើងវិញ​នៅ​កន្លែង​នោះ​វិញ ។ យ៉ូសែប ជុញ្ញ័រ និង​លូស៊ី​បាន​យល់ព្រម​ធ្វើ​ការវះកាត់ ។

លូស៊ី​បាន​រំឭក​ឡើងវិញថា កូនប្រុស​របស់​គាត់​បាន​បដិសេធ​ប្រើ​ថ្នាំ​សណ្ដំ និង​ខ្សែ​ចង​លោក​ជាប់​នឹង​គ្រែ ផ្ទុយទៅវិញ​សុំ​ឲ្យ​ឪពុក​របស់​លោក​ឱប​លោក និង​ឲ្យ​ម្តាយ​របស់លោក​ចេញ​ទៅ​ក្រៅ​បន្ទប់ ។ វេជ្ជបណ្ឌិត ស្ម៊ីធ បានយក​បំណែក​ឆ្អឹង​ដែល​បាន​ឆ្លង​មេរោគ​ធំៗ​ចំនួន​ប្រាំបួន​ចេញ ហើយ​បំណែក​ចំនួន​ដប់បួន​ទៀត​បានយក​ចេញ​ពី​ជើង​របស់​យ៉ូសែប មុន​ពេល​បញ្ចប់​ការព្យាបាល​ជើង​នោះ ។ ការជាសះស្បើយ​ចំណាយពេល​ជាច្រើន​ឆ្នាំ ។ នៅពេល​គ្រួសារ​របស់លោក​បានផ្លាស់​ទៅ​រស់នៅ​ទីក្រុង​ញូវយ៉ក​អស់​រយៈ​ពេលបួន​ឆ្នាំ​ទៅហើយ យ៉ូសែប​នៅតែ​ប្រើ​ឈើ​ច្រត់ ហើយ​លោក​បានដើរ​ខ្ចើចៗ​បន្តិចបន្តួច​រហូត​ដល់​ពេញ​វ័យ ។ ការវះកាត់​នេះ​បាន​ដាក់​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ស្ម៊ីធ ខណៈ​ដែល​ពួកគាត់​ជួប​ការលំបាក​អស់​ជាច្រើន​ឆ្នាំ​ដើម្បី​បង់​ថ្លៃពេទ្យ​ព្យាបាល ។

យ៉ាង​ណា​ក៏​ដោយ ការវះកាត់​នេះ​ឯង​គឺ​មាន​លក្ខណៈ​ពិសេស ។ ណាថាន់ ស្ម៊ីធ រស់នៅ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​គ្រួសារ​ស្ម៊ីធ ហើយ​ប្រហែលជា​គ្រូពេទ្យ​វះកាត់​តែ​ម្នាក់​គត់​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ១៨១៣ ដែល​មាន​សមត្ថភាព​ជួយ​សង្គ្រោះ​ដល់​ជើង​របស់​យ៉ូសែប ។ ក្រោយមក គាត់​បានបោះពុម្ព​ផ្សាយ​អំពី​នីតិវិធី​សម្រាប់​វិធីសាស្រ្ត​វះកាត់​របស់​គាត់ ប៉ុន្តែ​ការវះកាត់​តម្រូវ​ឲ្យ​មាន​ជំនាញ​យ៉ាងខ្លាំង ដែល​គ្រូពេទ្យ​មិន​បាន​ទទួល​យក​វិធីសាស្រ្ត​នេះ​យ៉ាងទូលំ​ទូលាយ​នោះ​ទេ រហូត​ដល់​ក្រោយ​សង្គ្រាម​លោក​លើក​ទី ១ ។

ដំណើររឿង​របស់ លូស៊ី ម៉ាក ស្ម៊ីធ អំពី​ការវះកាត់​ទាក់ទាញ​ចំណាប់​អារម្មណ៍​ដោយសារ ជា​ដំណើររឿង​មួយ​ក្នុង​ចំណោម​ដំណើររឿង​មួយ​ចំនួន​ដែល​កត់ត្រា​អំពី​កុមារភាព​ដំបូងៗ​របស់ យ៉ូសែប ស្ម៊ីធ ។ ដោយ​បានសរសេរ​ជិត​បី​ទសវត្សរ៍​ក្រោយ​មក ហើយ​បន្ទាប់ពី​លូស៊ី​បានទទួល​យក​ឧត្តមគតិ​នៃ​ចលនា​ប្រឆាំង​នឹង​គ្រឿង​ស្រវឹង​របស់​អាមេរិក នោះ​ដំណើររឿង​របស់​គាត់​បញ្ជាក់​ពី​ការបដិសេធ​របស់​យ៉ូសែប ក្នុង​ការផឹក​ស្រា​ដើម្បី​កាត់បន្ថយ​ការឈឺចាប់ ។ លើស​ពី​នេះ ដំណើររឿង​នេះ​បាន​លើក​ឡើង​ពី​ចំណុច​សំខាន់ៗ​អំពី​ដំណើរ​មិន​សប្បាយចិត្ត​ដែល​គាត់​បាន​ស៊ូទ្រាំ ខណៈ​ដែល​កូនប្រុស​របស់គាត់​បានរងទុក្ខ​តាមរយៈ​ការវះកាត់​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​នេះ ។

ប្រធានបទ​ដែល​ទាក់ទង ៖ លូស៊ី ម៉ាក ស្ម៊ីធ, យ៉ូសែប ស៊ីញ្ញ័រ និង​គ្រួសារ លូស៊ី ម៉ាក ស្ម៊ីធ

កំណត់ចំណាំ

  1. ដំណើររឿង​ចាប់តាំង​ពី​ពេល​ដែល​ជំងឺ​នេះ​ផ្សេងៗ​គ្នា​ដូចជា គ្រុន​ពោះវៀន ជំងឺគ្រុនក្ដៅ​មាន​កន្ទួល​លើ​ស្បែក និង​គ្រុន​ដែល​បណ្ដាល​មកពី ឬ​ទាក់ទង​នឹង​បាក់តេរី​មេណាំហ្គោកូក និង​គ្រុន​ពោះវៀន ។ កូនៗ​របស់​គ្រួសារ​ស្ម៊ីធ បានឆ្លង​ជំងឺ​គ្រុន​ពោះវៀន ទោះបីជា​គ្រូពេទ្យ​គិត​ថា អ្នក​ខ្លះ​បង្ហាញ​រោគសញ្ញា​នៃ​ជំងឺ​អុតស្វាយ អុត​ក្ដាម និង​ជំងឺ​អាសន្ន​រោគ​ក៏​ដោយ ។ សរុប​មក ជំងឺ​រាតត្បាត​នេះ​បានឆក់​យក​ជីវិត​មនុស្ស​ប្រហែលជា​ប្រាំ​មួយ​ពាន់​នាក់ ដែល​ភាគច្រើន​ជា​កុមារ​អាយុ​ពី​៣​ទៅ​៩​ឆ្នាំ ដែល​ជា​វ័យ​ជំងឺ​គ្រុន​ពោះវៀន​នេះ​កើត​មាន​ច្រើន​បំផុត ។

    លូស៊ី​ជាម្ដាយ​របស់ យ៉ូសែប ស្ម៊ីធ បានរំឭក​ពី​សូហ្រ្វូនៀ​បានពុះពារ​ជាមួយ​នឹង​ជំងឺ​នេះ​អស់​រយៈពេល​៩០​ថ្ងៃ ដែល​ក្មេង​អាយុ​ប្រាំបួន​ឆ្នាំ​ស្រាប់តែ​ដេក​មិន​កម្រើក ហើយ​ឈប់​ដក​ដង្ហើម ។ លូស៊ី​បានដើរ​ចុះឡើងៗ​នៅក្នុង​បន្ទប់ ដោយ​រុំ​សូហ្រ្វូនៀ​នៅក្នុង​ភួយ ហើយ​បាន​ឱប​កូន​នៅក្នុង​ដៃ​របស់​គាត់ ខណៈ​អ្នក​ជិតខាង​នៅក្នុង​បន្ទប់​ព្យាយាម​យក​ឈ្នះ​គាត់​ឲ្យ​ទទួល​យក​ការពិត​ថា កូនស្រី​របស់​គាត់​បានស្លាប់​ហើយ ។ លូស៊ី​បាន​ពុះពារ​រហូត​ដល់​អស់​កម្លាំង ហើយ​សូហ្រ្វូនៀ​នៅ​ទីបំផុត​ក៏បាន​ភ្ញាក់ឡើង ដកដង្ហើម​វែងៗ ហើយ​យំ ។ នាង​បាន​ជា ហើយ​បានរស់រហូត​ដល់​អាយុ​៧៣​ឆ្នាំ ( សូមមើល លូស៊ី ម៉ាក ស្ម៊ីធ « Lucy Mack Smith, History, 1844–1845 » សៀវភៅ ២ ទំព័រ ១០–១១ នៅលើ​គេហទំព័រ josephsmithpapers.org ) ។

  2. លូស៊ី ម៉ាក ស្ម៊ីធ « Lucy Mack Smith, History, 1844–1845 » សៀវភៅ ២ ទំព័រ ១១ ។ យ៉ូសែប​បានជឿ​ថា អាប់សែ​ដែល​ចាប់ផ្តើម​នៅលើ​ស្មា​របស់​លោក​បានឆ្លង​ទៅដល់​ជើង​របស់​លោក ។ ដោយសារ​ការធ្វើ​រោគវិនិច្ឆ័យ​ដែល​អាច​កើត​មាន​នៃ​ជំងឺ​គ្រុន​ពោះវៀន ឬ​ការឆ្លង​មេរោគ​ស្រដៀង​គ្នា​នេះ យ៉ូសែប​ទំនង​ជា​ឆ្លង​មេរោគ​ពេញ​រាងកាយ ដែល​បង្ក​ឲ្យ​ឆ្លង​មេរោគ​នៅ​ពីរ​កន្លែង​ផ្សេង​គ្នា មួយ​នៅលើ​ស្មា​របស់​លោក និង​មួយ​ទៀត​នៅក្នុង​ឆ្អឹង​ជើង​របស់​លោក ។ ( សូមមើល យ៉ូសែប ស្ម៊ីធ « Addenda, Note A, 1805–1820 » នៅក្នុង « History, 1838–1856, volume A-1 [23 December 1805–30 August 1834] » ទំព័រ ១៣១ នៅលើ​គេហទំព័រ josephsmithpapers.org; លីរ៉យ អេស វើតលីន « Joseph Smith’s Boyhood Operation: An 1813 Surgical Success » BYU Studies ភាគ ២១ លេខ ២ [ និទាឃរដូវ​ឆ្នាំ១៩៨១] ទំព័រ ១៤៨ ) ។

  3. អូលីវើរ អេស ហេវឺដ និង ខន់ស្ទេន អ៊ី ផុតណេម Improve, Perfect, and Perpetuate: Dr. Nathan Smith and Early American Medical Education ( ទីក្រុងហេនអូវើរ រដ្ឋ​ញូវ​ហាំស៊ើរ ៖ University Press of New England ឆ្នាំ១៩៩៨ ) ទំព័រ ១៨៣–១៨៤ ។ ណាថាន់ ស្ម៊ីធ មិនមែន​ជា​សាច់ញាតិ​របស់ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ នោះទេ ។