« ការរិះគន់អំពីព្រះគម្ពីរមរមន » ប្រធានបទប្រវត្តិសាសនាចក្រ
ការរិះគន់អំពីព្រះគម្ពីរមរមន
ការរិះគន់អំពីព្រះគម្ពីរមរមន
សូម្បីតែមុនពេលព្រះគម្ពីរមរមនចេញមកពីរោងបោះពុម្ពនៅក្នុងឆ្នាំ១៨៣០ អត្ថបទសារព័ត៌មានបានរិះគន់គម្ពីរនេះ និងអ្នកបកប្រែរបស់គម្ពីរនេះដែលជា យ៉ូសែប ស្ម៊ីធ ។ យ៉ូសែបបានឆ្លើយតបទៅនឹងការរិះគន់បែបនេះដោយបញ្ជាក់ថា ទេវតាបានដឹកនាំលោកទៅយកបញ្ជីបុរាណមួយ ដែលលោកបានបកប្រែដោយអំណោយទាន និងព្រះចេស្ដារបស់ព្រះ ។ នៅពេលនោះប្រជាជនអាមេរិកជាច្រើនជឿថា ព្រះគម្ពីរប៊ីបតំណាងឲ្យព្រះបន្ទូលរបស់ព្រះតែមួយគត់ ហើយការចេញមកនៃព្រះគម្ពីរថ្មីបាននាំឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង ។ ដោយមិនជឿលើដំណើររឿងរបស់យ៉ូសែប អំពីប្រភពដើមដ៏ទេវភាពរបស់ព្រះគម្ពីរនេះ អ្នកនិពន្ធមួយចំនួនបានប្រឆាំងដោយបើកចំហជំទាស់នឹងព្រះគម្ពីរមរមន ។
ព្រះគម្ពីរមរមននៅឆ្នាំ១៨៣០
ពួកអ្នករិះគន់ពីដើមៗបីនាក់ បានដាក់គោលដៅដំបូងជួយគ្នារិះគន់ព្រះគម្ពីរនេះ ។ អាបណឺ ខូល, អាឡិចសាន់ឌឺ ខេមប៊ែល និង អ៊ីប៊ើ ឌី ហោវ ម្នាក់ៗបានចោទប្រកាន់ថា យ៉ូសែប ស្ម៊ីធ បានប្រើព្រះគម្ពីរមរមនជាផ្នែកមួយនៃគ្រោងការណ៍ដ៏ស្មុគស្មាញមួយដើម្បីបោកប្រាស់មហាជន ។ ខូល ( សរសេរក្រោមឈ្មោះក្លែងក្លាយជា អូបាឌី ដហ្គប៊ែរី ) បានបោះពុម្ពសម្រង់ពីព្រះគម្ពីរមរមននៅក្នុងសារព័ត៌មានរបស់គាត់ មុនពេលរោងពុម្ពបានបោះពុម្ពព្រះគម្ពីរនេះហើយ ។ ទោះបីជាខូលបានធ្វើតាមការទាមទាររបស់យ៉ូសែបឲ្យបញ្ឈប់ការផលិតអត្ថបទដកស្រង់ក៏ដោយ ក៏គាត់បានបន្តសរសេរអត្ថបទដែលចំអកមើលងាយព្រះគម្ពីរមរមនដែរ ហើយបរិហារពីអ្វីដែលគាត់មានអារម្មណ៍ថា ជាការជ្រុលនិយមខាងសាសនា ។ ពីរឆ្នាំក្រោយមក អាឡិចសាន់ឌឺ ខេមប៊ែល ដែលជាគ្រូគង្វាលជាអ្នកស្ដារឡើងវិញបានបន្តទៀត ដោយបោះពុម្ពផ្សាយថា « ការវិភាគអំពីព្រះគម្ពីរមរមន » ដែលពិនិត្យមើលពីភាពមិនស៊ីសង្វាក់គ្នានៃព្រះគម្ពីរនេះជាមួយនឹងព្រះគម្ពីរប៊ីប ។ ខេមប៊ែលបានអះអាងថា យ៉ូសែបបានលើកយកចំណុចពិសេសរបស់ព្រះគម្ពីរមរមនចេញពីវប្បធម៌របស់លោក ដោយគ្រាន់តែបកស្រាយគំនិតសាសនាមកពីសម័យរបស់លោកប៉ុណ្ណោះ ។ អ៊ីប៊ើ ហោវ ជាអ្នកសារព័ត៌មាននៅរដ្ឋអូហៃអូ បានគិតថាព្រះគម្ពីរនេះគឺហួសពីភាពប៉ិនប្រសប់របស់យ៉ូសែប ហើយបានប្រកែកថា យ៉ូសែបបានលួចចម្លងដំណើររឿងទាំងឡាយចេញមកពីឯកសារដែលបានសរសេរមិនទាន់បោះពុម្ពមួយដោយបុរសម្នាក់ដែលមានឈ្មោះថា សាឡូម៉ូន ស្ពុលឌីង ។ ដោយគាំទ្រទ្រឹស្ដីនេះ គាត់បានបោះពុម្ពដំណើររឿងទាំងឡាយមកពីពួកបរិសុទ្ធថ្ងៃចុងក្រោយដែលមិនពេញចិត្ត និងទីបន្ទាល់មកពីអ្នកភូមិប៉ាលម៉ៃរ៉ា ដែលស្ម័គ្រចិត្តស្បថនឹងសេចក្ដីថ្លែងការណ៍ប្រឆាំងទាស់នឹង យ៉ូសែប ស្ម៊ីធ ។
ទ្រឹស្ដីការលួចចម្លងស្នាដៃរបស់សាឡូម៉ូន បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ពួកអ្នកផ្សព្វ្ផ្សាយសាសនាដូចជា បាលី ភី ប្រាត្ត បានខិតខំប្រកាស និងបោះពុម្ពផ្សាយការបដិសេធ ។ នៅពេលឯកសារសរសេរដោយដៃពិតប្រាកដរបស់សាឡូម៉ូន ត្រូវបានរកឃើញនៅទសវត្សរ៍ឆ្នាំ១៨៨០ ពួកអ្នកអានបានឃើញភាពស្រដៀងគ្នាតិចតួចទៅនឹងព្រះគម្ពីរមរមន ។ ទោះយ៉ាងណាក៏ដោយ ពួកអ្នករិះគន់បានទទូចថា យ៉ូសែប ស្ម៊ីធ បានលួចចម្លងគំនិតសំខាន់ៗនៃសៀវភៅនេះ ។ នៅឆ្នាំ១៩០២ អាយ វួដប្រ៊ីឌ រ៉ាលី បានប្រកែកថា យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បានធ្វើការដោយផ្អែកលើ View of the Hebrews [ ទស្សនៈអំពីជនជាតិហេព្រើរ ] ដែលជាសៀវភៅតាមដានជនជាតិអាមេរិកាំងឥណ្ឌា ដែលជាកូនចៅកុលសម្ព័ន្ធអ៊ីស្រាអែលដែលបាត់បង់ ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការជជែកដេញដោលជាច្រើនទស្សវត្សរ៍មក ពួកអ្នករិះគន់បានបរាជ័យក្នុងការបង្ហាញពីការជាប់ទាក់ទងគ្នាយ៉ាងខ្លាំងរវាង View of the Hebrews [ ទស្សនៈអំពីជនជាតិហេព្រើរ ] និងព្រះគម្ពីរមរមន ។ ទោះបីជាខៅឌើរីបានរស់នៅជិត អេថាន ស្ម៊ីធ មួយរយៈក្ដី ហើយសៀវភៅនោះបានចាប់ផ្ដើមមុនព្រះគម្ពីរមរមនប្រាំពីរឆ្នាំក៏ដោយ ក៏គ្មានភស្តុតាងណាមួយបញ្ជាក់ថា ខៅឌើរី ឬ យ៉ូសែប ស្ម៊ីធ បានដឹងអំពីកិច្ចការនោះទេ ។
នៅទសវត្សរ៍ឆ្នាំ១៩២០ ពួកអ្នកមានសិទ្ធិអំណាចទូទៅនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងជាអ្នកនិពន្ធ ប៊ី អេច រ៉ូប៊ឺត ដោយសារតែទ្រឹស្តីរបស់រ៉ាលី បានជម្រុញឲ្យចាប់ផ្តើមការសិក្សារួមគ្នាអំពីការរិះគន់ព្រះគម្ពីរមរមន ។ រ៉ូបឺតបានលើកទឹកចិត្តពួកបរិសុទ្ធថ្ងៃចុងក្រោយ ឲ្យឆ្លើយសំណួររបស់ពួកអ្នករិះគន់ដោយប្រុងប្រយ័ត្ន និងដោយហ្មត់ចត់ ។ កិច្ចការរបស់លោកបានបង្ហាញពីការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងពីសំណាក់ពួកអ្នកជឿដើម្បីការពារព្រះគម្ពីរនោះ និងស្វែងរកការឆ្លើយតបយ៉ាងសំខាន់ចំពោះការរិះគន់ ។ ការណ៍នេះនាំឲ្យមានការស្រាវជ្រាវថ្មីអំពីសាច់រឿងរបស់អាមេរិកពីបុរាណ និងរចនាសម្ព័ន្ធអក្សរសាស្ត្រដ៏ស្មុគស្មាញនៃព្រះគម្ពីរមរមន ។ ការជជែកវែកញែករវាងពួកអ្នករិះគន់ និងពួកអ្នកការពារព្រះគម្ពីរមរមននៅតែបន្តមកដល់សព្វថ្ងៃនេះ ។
នៅចុងសតវត្សរ៍ទី២០ ពួកអ្នកប្រាជ្ញបានចាប់ផ្ដើមយកចិត្តទុកដាក់លើគុណភាពអក្សរសាស្ត្រ និងឥទ្ធិពលសាសនានៃព្រះគម្ពីរមរមន ។ ចាប់ផ្តើមនៅក្នុងឆ្នាំ២០០៣ សារព័ត៌មានសាកលវិទ្យាល័យ និងអ្នកបោះពុម្ពផ្សាយពាណិជ្ជកម្មបានចេញការបោះពុម្ពរបស់ពួកគេផ្ទាល់អំពីព្រះគម្ពីរមរមន ។ ពួកអ្នករិះគន់ផ្នែកអក្សរសាស្ត្រមួយចំនួន ដោយទុកចោលប្រធានបទនៃជំនឿសាសនា ទទួលស្គាល់ការនិទានរឿងដ៏ស្មុគស្មាញ និងរចនាប័ទ្មវោហាសាស្ត្រគួរកត់សម្គាល់អំពីព្រះគម្ពីរនេះ ។ ការសិក្សាទាំងនេះអាចជាសញ្ញានៃអនាគតដែលមិនសូវមានការប្រឆាំងសម្រាប់ការវិភាគតាមបែបវិទ្យាសាស្ត្រអំពីព្រះគម្ពីរមរមន ។
ប្រធានបទដែលទាក់ទង ៖ ការប្រឆាំងនឹងសាសនាចក្រសម័យដើម , ការបោះពុម្ព និងបោះពុម្ពផ្សាយព្រះគម្ពីរមរមន , ផ្ទាំងចំណារមាស