« មេរៀនទី ៨ ឯកសារគ្រូបង្រៀន ៖ ការខិតខំស្វែងយល់ពីការប្រតិព័ទ្ធភេទដូចគ្នា និងការស្រឡាញ់បងប្អូនប្រុសស្រី អិល.ជី.ប៊ី.ធី. របស់យើង » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ៨ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ៨ ឯកសារគ្រូបង្រៀន
ការខិតខំស្វែងយល់ពីការប្រតិព័ទ្ធភេទដូចគ្នា និងការស្រឡាញ់បងប្អូនប្រុសស្រី អិល.ជី.ប៊ី.ធី. របស់យើង
ក្នុងនាមជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ យើងត្រូវបានអញ្ជើញឲ្យ « ធ្វើជាអ្នកចេញមុខក្នុងការបង្ហាញសេចក្ដីស្រឡាញ់ មេត្តាធម៌ និងការបម្រើ » ចំពោះអស់អ្នកដែលជួបនឹងការប្រតិព័ទ្ធភេទដូចគ្នា ឬត្រូវបានស្គាល់ថាជាខ្ទើយស្រី ខ្ទើយប្រុស ឬខ្ទើយទាំងពីរភេទ ( ឃ្វីនថិន អិល ឃុក « Let Us Be at the Forefront » [ វីដេអូ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសដើម្បីស្វែងយល់ ពិភាក្សា និងអនុវត្តសេចក្តីពិតនៃដំណឹងល្អ ដែលអាចជួយពួកគេឲ្យឆ្លើយតបដោយសេចក្តីស្រឡាញ់ ការរាប់អាន និងផ្តល់ការគោរពចំពោះអ្នកដែលជួបនឹងការប្រតិព័ទ្ធភេទដូចគ្នា ឬត្រូវបានស្គាល់ជាក្រុម អិល.ជី.ប៊ី.ធី. ។
យោបល់សម្រាប់ការបង្រៀន
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
បង្រៀនដោយការយល់ដឹង និងសេចក្តីមេត្តា ។ នៅពេលអ្នកត្រៀមខ្លួនបង្រៀន សូមចំណាយពេលខ្លះដើម្បីសញ្ជឹងគិតពីការយល់ដឹងរបស់អ្នកអំពីការប្រតិព័ទ្ធភេទដូចគ្នា និងអាកប្បកិរិយារបស់អ្នកចំពោះអ្នកដែលត្រូវបានស្គាល់ថាជាខ្ទើយស្រី ខ្ទើយប្រុស ឬខ្ទើយទាំងពីរភេទ ។ តើអ្នកអាចជួយសិស្សឲ្យមានអារម្មណ៍ស្រឡាញ់ រាប់អាន និងគោរពដល់បុត្រាបុត្រីរបស់ព្រះទាំងអស់យ៉ាងដូចម្តេច ? តើអ្នកបានធ្វើតាមអ្វីដែលថ្នាក់ដឹកនាំសាសនាចក្រកំពុងបង្រៀនអំពីការប្រតិព័ទ្ធភេទដូចគ្នាដែរឬទេ ? កាលដែលអ្នករៀបចំ សូមពិចារណាមើលវីដេអូនេះ « Is There a Place for Me? » ( ៤:០០ ) ដែលក្នុងនោះអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ពិភាក្សាពីសារៈសំខាន់ក្នុងការជួយមនុស្សគ្រប់គ្នាឲ្យមានអារម្មណ៍ថាចាំបាច់ និងត្រូវគេរាប់អាននៅក្នុងសាសនាចក្រ ។
ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ពួកសិស្សរបស់ទ្រង់ឲ្យស្រឡាញ់គ្នាទៅវិញទៅមកដូចជាទ្រង់ស្រឡាញ់យើងដែរ ។
សូមអញ្ជើញសិស្សឲ្យស្រមៃថា យុវមជ្ឈិមវ័យម្នាក់ឈ្មោះ ជីន មកចូលរៀនថ្នាក់វិទ្យាស្ថាននេះជាលើកដំបូង ។ នៅពេលដែល ជីន ដឹងថាប្រធានបទស្ដីពីការប្រតិព័ទ្ធភេទដូចគ្នានឹងត្រូវពិភាក្សានៅក្នុងថ្នាក់នៅថ្ងៃនេះ នាងចាប់ផ្តើមមានអារម្មណ៍ព្រួយបារម្ភ និងចង់ចេញពីថ្នាក់ភ្លាម ព្រោះនាងគឺជាមនុស្សស្រឡាញ់ភេទដូចគ្នា ។ សូមពិភាក្សាពីមូលេហតុដែល ជីន អាចមានអារម្មណ៍ព្រួយបារម្ភ និងអ្វីដែលសមាជិកក្នុងថ្នាក់អាចធ្វើបានដើម្បីជួយនាង និងអ្នកដទៃឲ្យមានអារម្មណ៍ថាមានសុវត្ថិភាពដើម្បីពិភាក្សាពីប្រធានបទនេះ ។
សូមអញ្ជើញសិស្សឲ្យអាន ម៉ាថាយ ២២:៣៧–៣៩ និង យ៉ូហាន ១៣:៣៤–៣៥ ដោយរកមើលសារៈសំខាន់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានដាក់នៅលើការស្រឡាញ់អ្នកដទៃ ។ សូមសរសេរសេចក្ដីពិតដូចតទៅនេះដាក់នៅលើក្ដារខៀន ៖ យើងត្រូវបានបង្គាប់ឲ្យស្រឡាញ់គ្នាទៅវិញទៅមកដូចជាព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើងដែរ ។
-
ហេតុអ្វីបានជាវាសំខាន់ដែលសិស្សរបស់ព្រះយេស៊ូវគ្រីស្ទត្រូវស្រឡាញ់គ្នាដូចជាទ្រង់ស្រឡាញ់យើងដែរ ?
-
តើព្រះយេស៊ូវគ្រីស្ទបានបង្ហាញសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះនៅអំឡុងពេលការងារបម្រើនៃព្រះជន្មរមែងស្លាប់របស់ទ្រង់ដោយរបៀបណា ? ( ជាផ្នែកមួយនៃការពិភាក្សានេះ សូមរំឭកសិស្សថា ការស្រឡាញ់អ្នកដទៃមិនមានន័យថា យើងត្រូវតែឯកភាពជាមួយ ឬលើកកម្ពស់អាកប្បកិរិយាដែលផ្ទុយនឹងព្រះបញ្ញត្តិរបស់ព្រះនោះទេ ។ ព្រះអង្គសង្រ្គោះបានបង្រៀនដោយក្តីស្រឡាញ់ពីគោលលទ្ធិរបស់ព្រះវរបិតាទ្រង់យ៉ាងអង់អាច និងច្បាស់ៗ ) ។
-
តើគំរូនៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះបានដឹកនាំយើងនៅអំឡុងការពិភាក្សារបស់យើងអំពីការប្រតិព័ទ្ធភេទដូចគ្នាយ៉ាងដូចម្តេច ?
យើងអាចឆ្លើយតបទៅកាន់អ្នកដែលជួបនឹងការប្រតិព័ទ្ធភេទដូចគ្នាដោយសន្ដានចិត្តល្អ ការរាប់អាន និងការគោរព ។
សូមចែកសិស្សជាក្រុមតូចៗ ។ សូមពន្យល់ថា នៅក្នុងរយៈពេលពីរបីនាទីក្រុមនីមួយៗនឹងពិភាក្សាពីសាច់រឿងមួយ ដែលទាក់ទងនឹងនរណាម្នាក់ដែលជួបនឹងការប្រតិព័ទ្ធភេទដូចគ្នា ។ សូមចង្អុលបង្ហាញថា សាច់រឿងនេះគឺស្រដៀងគ្នាទៅនឹងបទពិសោធន៍នៃជីវិតពិតរបស់សមាជិកសាសនាចក្រមួយចំនួន ។ ដើម្បីជួយសិស្សឲ្យផ្អែកការពិភាក្សារបស់ពួកគេទៅលើគោលការណ៍នៃដំណឹងល្អ នោះអ្នកអាចអញ្ជើញសមាជិកក្រុមនីមួយៗឲ្យពិនិត្យមើលផ្នែកមួយនៅក្នុងឯកសាររៀបចំនេះជាមុនសិន ។
ក្រោយពីសិស្សមានពេលដើម្បីពិនិត្យមើលផ្នែករបស់ ពួកគេហើយ សូមចែកឲ្យសិស្សម្នាក់ៗនូវច្បាប់ចម្លងនៃសំណៅចែកដែលមាននៅចុងបញ្ចប់នៃមេរៀននេះ ។ សូមណែនាំសិស្សឲ្យអានស្ថានភាពនេះដោយស្ងាត់ស្ងៀម ហើយបន្ទាប់មកពិភាក្សាពីសំណួរដែលមានបន្ដបន្ទាប់នោះជាក្រុម ។
បន្ទាប់ពីសិស្សមានពេលជាច្រើនដើម្បីពិភាក្សាពីសាច់រឿងនេះ និងសំណួរទាំងឡាយហើយ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀន ឬមានអារម្មណ៍នៅអំឡុងពេលពិភាក្សារបស់ពួកគេ ។ កាលសិស្សចែកចាយគំនិតរបស់ពួកគេ សូមសួរសំណួរតាមដាន ដើម្បីជួយពួកគេឲ្យយល់ដឹងបានកាន់តែច្បាស់អំពីប្រធានបទនេះ ។ នេះគឺជាឧទាហរណ៍មួយចំនួនអំពីរបៀបបង្កើតសំណួរតាមដាន ៖
-
តើការយល់ដឹង/សេចក្តីពិត/គោលការណ៍នោះមានឥទ្ធិពលយ៉ាងដូចម្ដេចដែរ …
-
តើនៅពេលណាដែលអ្នកទទួលអារម្មណ៍/បានឃើញ/បានដកពិសោធន៍ …
-
តើអ្វីទៅជាឧទាហរណ៍នៃ …
-
តើអ្នកអាចធ្វើសកម្មភាពដោយសេចក្តីជំនឿចំពោះ … ដោយរបៀបណា
បន្ទាប់ពីការពិភាក្សា សូមសួរសិស្សថាតើពួកគេមានសំណួរ ឬកង្វល់អំពីការប្រតិព័ទ្ធភេទដូចគ្នាដែលបានលើកឡើងនេះដែរឬទេ ។
ដើម្បីជួយសិស្សឲ្យអនុវត្តអ្វីដែលពួកគេបានរៀន សូមពិចារណាបង្ហាញសំណួរខាងក្រោម ហើយអញ្ជើញឲ្យសិស្សជ្រើសរើសសំណួរមួយ ឬច្រើនដែលទាក់ទងនឹងពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតពីសំណួរ ( ឬសំណួរទាំងឡាយ ) របស់ពួកគេ ហើយកត់ត្រាចំណាប់អារម្មណ៍ណាមួយដែលពួកគេអាចមាន ។
-
តើខ្ញុំត្រូវផ្លាស់ប្តូរអ្វីខ្លះអំពីរបៀបដែលខ្ញុំគិត និងធ្វើសកម្មភាព ដើម្បីខ្ញុំអាចប្រព្រឹត្តចំពោះមនុស្សទាំងអស់ រួមទាំងអស់អ្នកដែលជួបនឹងការប្រតិព័ទ្ធភេទដូចគ្នា ដោយក្តីស្រឡាញ់ដ៏មហិមា ការរាប់អាន និងការគោរព ? តើខ្ញុំអាចពឹងផ្អែកលើព្រះអង្គសង្រ្គោះ កាលដែលខ្ញុំធ្វើការផ្លាស់ប្តូរទាំងនេះដោយរបៀបណា ?
-
ដូចជាបុគ្គលដែលជួបនឹងការប្រតិព័ទ្ធភេទដូចគ្នាដែរ តើការផ្តោតលើព្រះអង្គសង្រ្គោះ និងដំណឹងល្អរបស់ទ្រង់ជួយខ្ញុំឲ្យរស់នៅដោយមានក្តីសង្ឃឹម និងសុភមង្គលកាន់តែខ្លាំងដោយរបៀបណា ? ប្រសិនបើខ្ញុំមិនបានចែកចាយបទពិសោធន៍របស់ខ្ញុំជាមួយនរណាម្នាក់ទេ តើខ្ញុំអាចឈោងទៅរកជំនួយពីនរណាបាន ? ( កំណត់ចំណាំ ៖ ប្រសិនបើអ្នកសម្រេចចិត្តត្រូវពិភាក្សាពីអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា សូមពិចារណាដោយការអធិស្ឋានអំពីបុគ្គលដែលអ្នកចង់ប្រាប់រឿងនេះ និងរបៀបដើម្បីចែកចាយពីទិដ្ឋភាពនៃបទពិសោធន៍ជីវិតរមែងស្លាប់របស់អ្នកនេះ ) ។
ដំណើររឿងរបស់ចាកសុន
ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច—មេរៀនទី ៨
ចាកសុន បានធំឡើងនៅក្នុងគ្រួសារមួយដែលជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គាត់មានឪពុកម្តាយដែលពេញដោយក្តីស្រឡាញ់ ហើយគាត់ជិតស្និទ្ធជាពិសេសជាមួយនឹងសេលីណា ដែលជាបងស្រីរបស់គាត់ ។
ចាកសុន ស្រឡាញ់ដំណឹងល្អ ហើយមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងការស្តារឡើងវិញ ។ គេស្គាល់គាត់ថាជាមនុស្សរីករាយ និងរួសរាយរាក់ទាក់ ។ ទោះជាយ៉ាងណាក្តី នាពេលថ្មីៗនេះ ភាពរីករាយរបស់គាត់ត្រូវបានជំនួសដោយអារម្មណ៍ក្រៀមក្រំ ហើយគាត់លាក់វាទុកតែម្នាក់ឯងខ្លាំងឡើងៗ ។ ចាកសុន មានរឿងសម្ងាត់ ហើយមិនដឹងថាត្រូវធ្វើអ្វីអំពីរឿងនេះទេ ។
តាមដែលគាត់អាចចាំបាន ចាកសុន គាត់បានចាប់ចិត្តនឹងមនុស្សប្រុសច្រើនជាងមនុស្សស្រី ។ គាត់បានព្យាយាមបដិសេធអារម្មណ៍នេះអស់ជាច្រើនឆ្នាំ ឬខំលាក់បាំងថាអារម្មណ៍នេះមិនមែនជាការពិតទេ ។ ដោយសារប្រធានបទនេះមិនដែលលើកមកនិយាយនៅក្នុងផ្ទះរបស់គាត់ គាត់មានអារម្មណ៍ថា ប្រធានបទនេះត្រូវហាមឃាត់មិនឲ្យនិយាយទេ ។ នៅពេលខ្លះមិត្តភក្តិរបស់គាត់បានមើលងាយដល់មនុស្សស្រឡាញ់ភេទដូចគ្នា ។ អ្វីដែលគាត់ចងចាំពីការស្តាប់សម្ដីរបស់គ្រូបង្រៀន និងថ្នាក់ដឹកនាំក្នុងព្រះវិហារគឺថា ការស្រឡាញ់ភេទដូចគ្នាគឺជាអំពើបាបដ៏ធ្ងន់ធ្ងរមួយ ។
ពីមុនបេសកកម្មរបស់គាត់ ចាកសុន បានទូលអង្វរដល់ព្រះម្តងហើយម្តងទៀតឲ្យដកយកអារម្មណ៍ប្រតិព័ទ្ធលើបុរសរបស់គាត់នេះចេញ ។ គាត់មានអារម្មណ៍មានទំនុកចិត្តថា ប្រសិនបើគាត់បានបម្រើបេសកកម្ម នោះអារម្មណ៍របស់គាត់អាចផ្លាស់ប្តូរបាន ។ ទោះជាយ៉ាងណាក្តី ចាប់តាំងពី ចាកសុន បានបញ្ចប់បេសកកម្មមក អារម្មណ៍ប្រតិព័ទ្ធរបស់គាត់លើមនុស្សប្រុសនៅតែមានដដែល ។ ចាកសុន ចង់និយាយប្រាប់នរណាម្នាក់ខ្លាំងណាស់ ប៉ុន្តែអារម្មណ៍ភ័យខ្លាចបានរារាំងគាត់ ។
សេលីណា បានសង្កេតឃើញអារម្មណ៍របស់គាត់ឃ្លាតឆ្ងាយចេញពីក្រុមគ្រួសាររបស់ពួកគេ ។ នាងអាចមើលឃើញអារម្មណ៍ឈឺចាប់នៅក្នុងកែវភ្នែករបស់គាត់ ។ នាងបានអធិស្ឋានឲ្យ ចាកសុន ហើយអធិស្ឋានសូមដឹងពីរបៀបដើម្បីជួយគាត់ ។
នៅព្រឹកនេះ សេលីណា បានសួរ ចាកសុន ថាតើពួកគេអាចដើរលេងនៅខាងក្រៅជាមួយគ្នាបានដែរឬទេ ។ គាត់បានយល់ព្រមទាំងស្ទាក់ស្ទើរ ។ កាលដែលពួកគេបានដើរជាមួយគ្នា ពួកគេបាននិយាយអំពីអ្វីៗដែលកើតឡើងជារៀងរាល់ថ្ងៃ ។ សេលីណា ថែមទាំងធ្វើឲ្យ ចាកសុន ញញឹមទៀតផង ។ នៅទីបំផុត សេលីណា បាននិយាយថា « ចាកសុន បងដឹងថាមានអ្វីមួយមិនប្រក្រតី ។ បងអាចមើលឃើញនៅក្នុងកែវភ្នែករបស់ប្អូន ។ តើអាចប្រាប់បងបានទេ ។ បងបារម្ភពីប្អូនខ្លាំងណាស់ » ។
ចាកសុន ឈរទ្រឹងយ៉ាងយូរ ។ ទឹកភ្នែកចាប់ផ្តើមហូរមកលើផ្ទៃមុខរបស់គាត់ ។ នៅទីបំផុត អារម្មណ៍បានផុសចេញពីក្នុងចិត្តយ៉ាងខ្លាំង ហើយគាត់និយាយទាំងសំឡេងរញីរញ័រថា « សេលីណា ខ្ញុំជាមនុស្សស្រឡាញ់ភេទដូចគ្នាជាយូរមកហើយ តាមដែលខ្ញុំនៅចាំបាន ។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីឡើយ ។ ខ្ញុំខ្លាចមិនដឹងថាតើម៉ាក់ និងប៉ានឹងនិយាយថាម៉េចទេ បើពួកគាត់ដឹងនោះ ។ តើគ្រួសាររបស់យើងទាំងអស់គ្នានឹងមានអារម្មណ៍អៀនខ្មាសដោយសារខ្ញុំដែរឬទេ ? តើមិត្តភក្តិរបស់ខ្ញុំទាំងអស់នៅតែចង់ដើរលេងជាមួយខ្ញុំទេ ប្រសិនបើពួកគេដឹងថាខ្ញុំជាមនុស្សស្រឡាញ់ភេទដូចគ្នានោះ ? តើនឹងមានអ្វីកើតឡើងចំពោះសមាជិកភាពរបស់ខ្ញុំនៅក្នុងសាសនាចក្រ ប្រសិនបើខ្ញុំប្រាប់ដល់ប៊ីស្សពនោះ ? ខ្ញុំមើលមិនឃើញថាខ្លួនឯងនឹងអាចមានភាពសប្បាយរីករាយ និងមានគ្រួសារនោះទេ ។ ខ្ញុំមានអារម្មណ៍ថាព្រះដូចជាបានបោះបង់ខ្ញុំចោលហើយ » ។
ចាកសុន បានឱនក្បាលចុះ ហើយសម្លឹងមើលដី ។ បន្ទាប់ពីផ្អាកមួយសន្ទុះ គាត់បាននិយាយស្ងាត់ៗថា « សេលីណា ខ្ញុំសូមទោសប្រសិនបើខ្ញុំធ្វើឲ្យបងខកបំណង ។ សូមបងកុំប្រាប់នរណាឡើយ ។ ខ្ញុំភាន់ភាំងខ្លួនឯង និងវង្វេងអស់ហើយ » ។
សំណួរពិភាក្សា
-
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកគិតអំពីបទពិសោធន៍របស់ ចាកសុន ? ហេតុអ្វីបានជាវាអាចនឹងពិបាកក្នុងការនិយាយអំពីអារម្មណ៍នៃការប្រតិព័ទ្ធភេទដូចគ្នាជាមួយសមាជិកគ្រួសារ មិត្តភក្តិជិតស្និទ្ធ ឬថ្នាក់ដឹកនាំក្នុងសាសនាចក្រ ?
-
ប្រសិនបើអ្នកជា សេលីណា តើអ្នកអាចមានអារម្មណ៍បែបណា ? តើសេលីណា អាចធ្វើអ្វីខ្លះដើម្បីឆ្លើយតបដោយការយល់ចិត្ត និងក្តីអាណិត ?
-
តើការយល់ដឹងត្រឹមត្រូវអំពីការបង្រៀនរបស់ព្រះអម្ចាស់អំពីការប្រតិព័ទ្ធភេទដូចគ្នាអាចជួយទាំង សេលីណា និង ចាកសុន យ៉ាងដូចម្តេច ? ហេតុអ្វីពេលខ្លះការបង្រៀនទាំងនេះអាចពិបាកនឹងទទួលយក ?
-
តើចាកសុន និង សេលីណា អាចមើលទៅការប្រតិព័ទ្ធភេទដូចគ្នាដោយមានទស្សនវិស័យដ៏អស់កល្បជានិច្ចយ៉ាងដូចម្តេច ?
-
តើចាកសុន អាចងាកទៅទទួលការណែនាំ ការលើកទឹកចិត្ត និងជំនួយបន្ថែមនៅឯណា ?
© 2022 by Intellectual Reserve, Inc. All rights reserved.
ដំណើររឿងរបស់ចាកសុន
សម្រាប់ពេលក្រោយ
កាលដែលពួកគេសិក្សា ឯកសាររៀបចំទុកជាមុនសម្រាប់មេរៀនទី ៩ សូមអញ្ជើញសិស្សឲ្យចំណាយពេលបន្តិចទៀតរៀនសូត្រពីបុព្វការីជនរបស់ពួកគេផងដែរនៅលើគេហទំព័រ FamilySearch.org ឬនៅលើកម្មវិធីមែកធាងគ្រួសារ ។ សូមលើកទឹកចិត្តពួកគេឲ្យពិចារណាអំពីពរជ័យដែលបានសន្យាចំពោះអ្នកដែលជួយដូនតារបស់ពួកគេឲ្យទទួលបានពិធីបរិសុទ្ធនៃការសង្គ្រោះនៅក្នុងព្រះវិហារបរិសុទ្ធ ។