« មេរៀនទី ២៧ ឯកសារគ្រូបង្រៀន ៖ ការលើកកម្ពស់ និងការការពារគ្រួសារជាអង្គភាពដ៏សំខាន់នៃសង្គម » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២៧ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ២៧ ឯកសារគ្រូបង្រៀន
ការលើកកម្ពស់ និងការការពារគ្រួសារជាអង្គភាពដ៏សំខាន់នៃសង្គម
ពួកព្យាការី និងសាវកបានអំពាវនាវឲ្យយើង « គាំទ្រនូវអ្វីៗទាំងនេះដែលបានរៀបរាប់ឡើងដើម្បីទ្រទ្រង់ និងធ្វើឲ្យក្រុមគ្រួសារមាំមួន ដូចជាអង្គភាពមួយដ៏សំខាន់នៃសង្គម » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុងមេរៀននេះ សិស្សនឹងស្គាល់ពីឥទ្ធិពលដែលចូលរួមចំណែកដល់ការបែកបាក់គ្រួសារ ។ សិស្សក៏នឹងពិចារណាពីអ្វីដែលពួកគេអាចធ្វើបានដើម្បីលើកកម្ពស់ ហើយការពារគ្រួសារជាអង្គភាពមួយដ៏សំខាន់នៃសង្គមផងដែរ ។
យោបល់សម្រាប់ការបង្រៀន
មារសត្រូវខិតខំបំផ្លាញក្រុមគ្រួសារ ។
ប្រសិនបើអាចធ្វើបាន សូមដាក់បង្ហាញសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយប្រធាន ជូលី ប៊ី ប៊េក អតីតប្រធានសមាគមសង្គ្រោះទូទៅ ហើយអានវារួមគ្នា ៖
ជំនាន់នេះនឹងត្រូវបានហៅឲ្យការពារគោលលទ្ធិនៃក្រុមគ្រួសារដែលមិនធ្លាប់មានពីមុនមក ។ ប្រសិនបើពួកគេមិនដឹងពីវាទេ នោះពួកគេមិនអាចការពារវាបានឡើយ ។ …
ក្រៅពីការយល់ដឹងអំពីទ្រឹស្ដីនៃគ្រួសារ នោះយើងទាំងអស់គ្នាត្រូវយល់ដឹងអំពីការគម្រាមកំហែងចំពោះគ្រួសារផងដែរ ។ ប្រសិនបើយើងមិនធ្វើដូច្នោះទេ នោះយើងមិនអាចរៀបចំខ្លួនធ្វើចម្បាំងនោះបានឡើយ ។ ( « Teaching the Doctrine of the Family » Ensign ខែ មីនា ឆ្នាំ ២០១១ ទំព័រ ១៤, ១៧ )
-
ហេតុអ្វីគោលលទ្ធិរបស់ព្រះអម្ចាស់អំពីគ្រួសារត្រូវការការការពារ ?
សូមដាក់បង្ហាញសេចក្ដីថ្លែងការណ៍ដូចតទៅនេះមកពីការប្រកាសអំពីក្រុមគ្រួសារ ៖ ការបែកបាក់នៅក្នុងគ្រួសារនឹងនាំមកនូវមហន្ដរាយដល់បុគ្គលនោះ សហគមន៍ និងជាតិសាសន៍ ដូចដែលបានទាយទុកជាមុនដោយពួកព្យាការីពីសម័យបុរាណ និងសម័យទំនើប ។
សូមគូរជួរឈរពីរនៅលើក្ដារខៀន ។ សូមសរសេរចំណងជើងដូចតទៅនេះនៅលើជួរឈរទីមួយ ៖ ឥទ្ធិពលដែលរួមចំណែកដល់ការបែកបាក់គ្រួសារ ។ សូមអញ្ជើញសិស្សឲ្យសរសេរគំនិតដែលពួកគេនឹកឃើញ ហើយសុំឲ្យសិស្សម្នាក់សរសេរចម្លើយរបស់សិស្សក្នុងថ្នាក់ផ្សេងទៀតដាក់នៅលើក្ដារខៀន ។ ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យរំឭក ផ្នែកទី ១ នៃឯកសាររៀបចំ ឡើងវិញ ដោយរួមបញ្ចូលទាំងការសិក្សាក្នុង ធីម៉ូថេ ទី២ ៣:១–៦, ១៣ ផងដែរ ប្រសិនបើពួកគេត្រូវការជំនួយ ) ។ នៅពេលសិស្សសរសេរគំនិតរបស់ពួកគេ សូមលើកទឹកចិត្តពួកគេឲ្យពន្យល់ពីរបៀបដែលឥទ្ធិពលទាំងនេះចូលរួមចំណែកដល់ការបែកបាក់គ្រួសារ ។
សូមសរសេរចំណងជើងដូចតទៅនេះនៅលើជួរឈរទីពីរលើក្ដារខៀន ៖ គោលលទ្ធិដែលបានប្រកាសនៅក្នុងការប្រកាសអំពីក្រុមគ្រួសារដែលអាចតតាំងនឹងឥទ្ធិពលទាំងនេះបាន ។ សូមអញ្ជើញសិស្សឲ្យមើលការប្រកាសអំពីក្រុមគ្រួសារដើម្បីសរសេរគោលលទ្ធិដែលទាក់ទងនៅលើក្ដារខៀន ។
-
តើការសិក្សាគោលលទ្ធិរបស់ព្រះអម្ចាស់អំពីគ្រួសារនៅក្នុងវគ្គសិក្សានេះបានរៀបចំអ្នកឲ្យការពារគ្រួសារបានកាន់តែប្រសើរឡើងដោយរបៀបណា ?
យើងមានការទទួលខុសត្រូវដើម្បីការពារ និងលើកកម្ពស់គ្រួសារ ។
សូមដាក់បង្ហាញសេចក្ដីថ្លែងការណ៍ដូចតទៅនេះមកពីការប្រកាសអំពីក្រុមគ្រួសារ ៖ យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងឡាយនៅក្នុងរដ្ឋាភិបាល ដែលទទួលខុសត្រូវនៅគ្រប់ទីកន្លែងទាំងអស់ សូមឲ្យគាំទ្រនូវអ្វីៗទាំងនេះដែលបានរៀបរាប់ឡើងដើម្បីទ្រទ្រង់ និងធ្វើឲ្យក្រុមគ្រួសារមាំមួន ដូចជាអង្គភាពមួយដ៏សំខាន់នៃសង្គម ។
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
សូមជួយសិស្សឲ្យទទួលអារម្មណ៍ពីសេចក្តីពិត និងសារៈសំខាន់នៃគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ។ សិស្សទំនងនឹងអនុវត្តតាមគោលលទ្ធិ និងគោលការណ៍ទាំងឡាយ នៅពេលពួកគេទទួលអារម្មណ៍ពីសេចក្ដីពិត និងសារៈសំខាន់របស់វាតាមរយៈព្រះវិញ្ញាណ ហើយទទួលអារម្មណ៍ពីភាពបន្ទាន់មួយចំនួន ដើម្បីបញ្ចូលវានៅក្នុងជីវិតរបស់ពួកគេ ។ របៀបដ៏មានប្រសិទ្ធភាពមួយដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍ពីសេចក្ដីពិត និងសារៈសំខាន់នៃគោលលទ្ធិ និងគោលការណ៍ទាំងឡាយ គឺត្រូវលើកទឹកចិត្តពួកគេឲ្យសញ្ជឹងគិត ហើយចែកចាយបទពិសោធន៍ផ្ទាល់ខ្លួននានាដែលទាក់ទងទៅនឹងសេចក្ដីពិតទាំងនេះ ។
សូមរំឭកសិស្សថា ពួកគេត្រូវបានអញ្ជើញឲ្យធ្វើផែនការសកម្មភាពដ៏សាមញ្ញមួយដែលពួកគេអាចធ្វើបានដើម្បីលើកកម្ពស់ ឬការពារគ្រួសារ ( សូមមើល ផ្នែកទី ២ និងទី ៣ នៃឯកសាររៀបចំ ) ។
-
តើវិធីមួយចំនួនណាខ្លះដែលយើងអាចលើកកម្ពស់ដល់គ្រួសារជាអង្គភាពមួយដ៏សំខាន់នៃសង្គមបាន ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ។ បន្ទាប់មក សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលទាក់ទងនឹងគំនិតនៅលើក្ដារខៀន ) ។
-
តើផលវិបាកអ្វីខ្លះអាចកើតមានឡើង ប្រសិនបើយើងមិនបាននិយាយលើកកម្ពស់ ឬការពារជំនឿរបស់យើងអំពីអាពាហ៍ពិពាហ៍ និងគ្រួសារទេនោះ ?
អ្នកអាចចែកចាយសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « យើងត្រូវចងចាំពីសេចក្ដីថ្លែងការណ៍របស់ អេដម៉ាន់ ប៊ឺក ៖ ‹ រឿងចាំបាច់តែមួយគត់ចំពោះជោគជ័យរបស់អារក្សគឺឲ្យបុរស [ និងស្ត្រី ] ល្អៗឈប់ធ្វើអ្វីទាំងអស់ › [ មាននៅក្នុងការចងក្រងដោយ John Bartlett Familiar Quotations កំណែទី ១៥ ( ឆ្នាំ ១៩៨០ ) ទំព័រ ix ] » ( « Let Our Voices Be Heard » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ១៨ ) ។
-
តើព្រះអម្ចាស់អាចជួយយើងឲ្យយកឈ្នះលើអារម្មណ៍ស្ទាក់ស្ទើរ ឬការភ័យខ្លាចណាមួយដែលយើងអាចមាន នៅពេលធ្វើការលើកកម្ពស់ ឬការការពារដល់អាពាហ៍ពិពាហ៍ និងគ្រួសារដោយរបៀបណា ?
សូមជ្រើសយកជម្រើសខាងក្រោមមួយដើម្បីជួយសិស្សឲ្យកែលម្អលទ្ធភាពរបស់ពួកគេដើម្បីលើកកម្ពស់ និងការពារដល់អាពាហ៍ពិពាហ៍ និងគ្រួសារ ៖
ជម្រើសទី ១
សូមបង្ហាញវគ្គ « Samantha in Class » មកពីវីដេអូ « Everyday Example: When Beliefs Are Questioned » ( លេខកូដម៉ោង ០:០០–៣:០៦ ) ។ វីដេអូនេះពិពណ៌នាអំពីការពិភាក្សាគ្នារវាងយុវមជ្ឈិមវ័យពីរនាក់ដែលមានឈ្មោះ សាមែនថា និង មីគី ។
បន្ទាប់ពីសិស្សបានមើលវីដេអូរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកនឹងរៀបរាប់ពីចម្លើយរបស់ សាមែនថា ទៅកាន់ការវាយប្រហាររបស់ មីគី ដោយរបៀបណា ? តើអ្នកធ្លាប់មានបទពិសោធន៍ស្រដៀងគ្នានេះដែរឬទេ ? ប្រសិនដូច្នោះមែន តើវាមានលក្ខណៈបែបណាដែរ ?
-
តើសាមែនថា គួរបានធ្វើអ្វីខ្លះដែលខុសប្លែកពីនេះ ដើម្បីឆ្លើយតបតាមរបៀបកាន់តែដូចជាព្រះគ្រីស្ទទៅនឹងការរិះគន់របស់ មីគី ? ( ជាផ្នែកមួយនៃការពិភាក្សានេះ សូមពិចារណាអានរួមគ្នានៅក្នុង មរ៉ូណៃ ៧:៣–៥ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៣០ ។ អ្នកក៏អាចចង់រំឭករួមគ្នានូវបញ្ជីនៃគោលការណ៍ដែលមាននៅក្នុង ផ្នែកទី ៣ នៃឯកសាររៀបចំ ផងដែរ ) ។
សូមបង្ហាញវគ្គ « Samantha and Miki » មកពីវីដេអូ « Everyday Example: When Beliefs Are Questioned » ( លេខកូដម៉ោង ៧:២៨–១២:៤៨ ) ។
បន្ទាប់ពីបង្ហាញវីដេអូនេះរួចមក សូមសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកបានរៀនអ្វីខ្លះមកពីការសន្ទនារវាងសាមែនថា និងមីគី ?
ជម្រើសទី ២
សូមអានរួមគ្នានៅក្នុង មរ៉ូណៃ ៧:៣–៥ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៣០ និងរំឭកបញ្ជីនៃគោលការណ៍នៅក្នុង ផ្នែកទី ៣ នៃឯកសាររៀបចំ ឡើងវិញ ។ សូមអញ្ជើញសិស្សឲ្យអនុវត្តតាមគោលការណ៍ទាំងនេះនៅក្នុងសកម្មភាពដូចខាងក្រោម ៖
សូមឲ្យសិស្សធ្វើការជាមួយនឹងដៃគូម្នាក់ ។ សូមពន្យល់ថា អ្នកនឹងបង្ហាញពីសាច់រឿងខុសៗគ្នាក្នុងទម្រង់ជាសំណួរ ( សូមមើលខាងក្រោម ) ។ បន្ទាប់មក ដៃគូម្នាក់មានពេលមួយនាទីផ្ដល់ចម្លើយដែលសាមញ្ញ ច្បាស់លាស់ និងដោយគ្មានការចង់ឈ្នះចង់ចាញ់ កាលដៃគូម្នាក់ទៀតស្ដាប់ ។ បន្ទាប់ពីចម្លើយនីមួយៗមក សូមអនុញ្ញាតឲ្យដៃគូទាំងនោះពិភាក្សាគ្នាខ្លីៗនូវអ្វីដែលធ្វើបានល្អ និងអ្វីដែលគួរតែកែលម្អ ។ សូមអញ្ជើញដៃគូទាំងនោះឲ្យប្ដូរតួនាទីគ្នាឆ្លើយសំណួរបន្ទាប់ ។
សូមប្រើសំណួរខាងក្រោម ឬសំណួរមួយចំនួនរបស់អ្នកផ្ទាល់ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់សិស្ស ៖
-
ហេតុអ្វីព្រះវិហាររបស់អ្នកបដិសេធការរម្លូតកូន ? តើអ្នកមិនជឿលើសិទ្ធិរបស់ស្ត្រីក្នុងការជ្រើសរើសនូវអ្វីដែលកើតឡើងចំពោះរូបកាយរបស់នាងទេឬ ?
-
ហេតុអ្វីសមាជិកព្រះវិហាររបស់អ្នកដែលបានរៀបការរួចត្រូវបានលើកទឹកចិត្តឲ្យមានកូន ? តើអ្នកមិនមានកង្វល់អំពីការមានចំនួនប្រជាជនច្រើនពេកទេឬ ?
-
ហេតុអ្វីព្រះវិហាររបស់អ្នកបដិសេធអាពាហ៍ពិពាហ៍ភេទដូចគ្នា ? តើអ្នកមិនចង់ឲ្យមនុស្សគ្រប់គ្នាមានសិទ្ធិដូចគ្នា ហើយរីករាយទេឬ ?
-
តើការរស់នៅជាមួយនឹងមនុស្សម្នាក់ពីមុនអ្នករៀបការមានអ្វីខុសទៅ ? តើវាមិនផ្តល់ « ដំណើរការសាកល្បង » ដ៏ចាំបាច់មួយដើម្បីប្រាកដថាអ្នកត្រូវគ្នាទេឬ ?
បន្ទាប់ពីសកម្មភាពនេះ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានរៀនមកពីការពិភាក្សារបស់ពួកគេ ។
ដើម្បីបញ្ចប់មេរៀននេះ សូមអញ្ជើញសិស្សឲ្យពិចារណាពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីកែលម្អលទ្ធភាពរបស់ពួកគេក្នុងការមានការសន្ទនាដូចជាព្រះគ្រីស្ទអំពីអាពាហ៍ពិពាហ៍ និងគ្រួសារជាមួយនឹងមនុស្សដទៃទៀត ។ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាស្វែងរកវិធីអនុវត្តតាមគោលការណ៍នៅក្នុង ផ្នែកទី ៣ នៃឯកសាររៀបចំ ដោយការពិភាក្សានូវសំណួរស្មុគស្មាញស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារជាមួយនឹងមិត្តភក្ដិ ឬសមាជិកគ្រួសារម្នាក់ ។
សម្រាប់ពេលក្រោយ
សូមអញ្ជើញសិស្សឲ្យពិចារណាថាតើពួកគេបានរៀន និងបានពិភាក្សាសេចក្ដីពិតអ្វីខ្លះអំឡុងវគ្គសិក្សាស្ដីពីគ្រួសារដ៏អស់កល្បជានិច្ចនេះ ដែលវាបានជួយពួកគេឲ្យមានសេចក្ដីសង្ឃឹម និងចិត្តរំភើបរីករាយចំពោះក្រុមគ្រួសាររបស់ពួកគេបច្ចុប្បន្ន និងនាពេលអនាគត ។ សូមលើកទឹកចិត្តពួកគេឲ្យសិក្សា ឯកសាររៀបចំសម្រាប់មេរៀនលើកក្រោយ ហើយរៀបចំខ្លួនចែកចាយនូវរឿងដ៏មានឥទ្ធិពលបំផុតមួយ ឬច្រើនដែលពួកគេបានរៀននៅអំឡុងវគ្គសិក្សានេះ ។