« យេរេមា ២–៣ ៖ ‹ ចូរវិលមកវិញចុះ … ដ្បិតអញមានសេចក្តីមេត្តា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« យេរេមា ២–៣ ៖ ‹ ចូរវិលមកវិញចុះ … ដ្បិតអញមានសេចក្តីមេត្តា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ មេរៀនទី ១៣១
យេរេមា ២–៣
« ចូរវិលមកវិញចុះ … ដ្បិតអញមានសេចក្តីមេត្តា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល »
ស្រដៀងគ្នានឹងសព្វថ្ងៃនេះដែរ ឥទ្ធិពលខាងលោកិយនៅសម័យយេរេមាមានឥទ្ធិពលខ្លាំង ។ រាស្ដ្ររបស់ព្រះអម្ចាស់ជាច្រើនបានប្រាចាកពីការបង្រៀនរបស់ទ្រង់ ហើយមិនយូរប៉ុន្មានត្រូវបានវាយផ្ចាញ់ដោយសត្រូវរបស់ពួកគេ ។ ទោះជាពួកគេប្រព្រឹត្តអំពើទុច្ចរិតក៏ដោយ យេរេមាត្រូវបានបញ្ជូនទៅបង្រៀនថា ព្រះនៅតែអញ្ជើញពួកគេឲ្យងាកមករកទ្រង់ ហើយប្រោសឲ្យជា ។ មេរៀននេះអាចជួយសិស្សបង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីងាកទៅរកព្រះអង្គសង្គ្រោះសម្រាប់សេចក្ដីមេត្តាករុណា និងការព្យាបាល ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកបទគម្ពីរដែលបង្រៀនអំពីពរជ័យនៃការប្រែចិត្ត ។ ពួកគេអាចរៀបចំដើម្បីចែកចាយពីមូលហេតុដែលពរជ័យទាំងនោះមានអត្ថន័យចំពោះពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អាងទឹកដែលមិនមានទឹក
ដើម្បីជួយសិស្សឲ្យយល់ពីស្ថានភាពរបស់ប្រជាជននៅសម័យរបស់យេរេមា សូមពន្យល់ថា ព្រះអម្ចាស់តែងតែជួយយើងឲ្យមើលឃើញសេចក្ដីពិតខាងវិញ្ញាណ ដោយប្រៀបធៀបវាទៅនឹងអ្វីដែលយើងស្គាល់ ។
សូមពិចារណាយកថូទឹកមួយ ធុង ឬចានធំមួយ ពែងមួយដែលមានរន្ធតូចៗនៅខាងក្រោម ។
កាន់ថូទឹកនៅពេលសិស្សអានខគម្ពីរខាងក្រោម ។
សូមអាន យេរេមា ២:១៣ ដោយរកមើលព្រះបរមងាររបស់ព្រះអង្គសង្គ្រោះដែលទឹកអាចតំណាងឲ្យ ។ ( « អាង » គឺជាតំបន់ក្រោមដីដែលបង្កើតឡើងដើម្បីស្តុកទឹក ) ។
-
តើព្រះបរមងារ « ក្បាល ( ឬទឹកផុស ) នៃទឹករស់ » បង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទអ្វីខ្លះ ?
សិស្សអាចនឹងចែកចាយដំណើររឿងដូចជា ព្រះយេស៊ូវគឺជាប្រភពបន្តនៃការសម្អាត និងការបំពេញបន្ថែមខាងវិញ្ញាណ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យកាន់ពែងពីលើធុង ( ដើម្បីប្រាកដថាទឹកមិនហៀរ ) ហើយចាក់ទឹកខ្លះពីថូចូលក្នុងពែង ។ វាអាចមានប្រយោជន៍សម្រាប់សិស្សដើម្បីរកមើល ខគម្ពីរ ១៣ ម្តងទៀត មុននឹងសួរសំណួរមួយ ឬទាំងពីរខាងក្រោមនេះ ។
-
តើការចាក់ទឹកចូលក្នុងពែងតំណាងឲ្យអ្វីពីខគម្ពីរនេះ ?
-
តើប្រហោងក្នុងអាងអាចបង្រៀនយើងអ្វីខ្លះអំពីស្ថានភាពខាងវិញ្ញាណរបស់ប្រជាជននៅសម័យយេរេមា ?
សូមចែកចាយជាមួយសិស្សថា ប្រជាជននៅជំនាន់របស់យេរេមាបានងាកទៅរកកចិ្ចការខាងលោកិយ ដូចជាព្រះក្លែងក្លាយ ជាជាងព្រះអម្ចាស់ សម្រាប់គោលបំណង និងកម្លាំងក្នុងជីវិតរបស់ពួកគេ ។
សូមគិតពិចារណាមួយភ្លែតអំពីថាតើអ្នកមានចេតនាចង់ងាកទៅរកព្រះយេស៊ូវគ្រីស្ទប៉ុនណាសម្រាប់គោលបំណង និងកម្លាំងក្នុងជីវិតរបស់អ្នក ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមបើកចំហចំពោះចំណាប់អារម្មណ៍ ឬអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធអំពីការងាកមករកព្រះអង្គសង្គ្រោះ ជាជាងងាកទៅរកប្រភពផ្សេងទៀតសម្រាប់ពរជ័យ និងការព្យាបាល ។
ការមានអារម្មណ៍ឃ្លាតឆ្ងាយពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
ដើម្បីជួយសិស្សភ្ជាប់ជាមួយសាច់រឿងខាងក្រោម សូមពិចារណាបង្ហាញរូបភាពយុវវ័យដូចអ្វីដែលបានបង្ហាញ ។ សូមអញ្ជើញសិស្សឲ្យបង្ហាញឈ្មោះ និងព័ត៌មានលម្អិតមួយចំនួនអំពីគាត់ ។
សូមស្រមៃគិតថាមានយុវជនម្នាក់នៅក្នុងថ្នាក់សិក្ខាសាលារបស់អ្នក ដែលមានអារម្មណ៍ថាជីវិតរបស់គាត់គឺដូចជាអាងដែលប្រេះបែកដោយសារតែជម្រើសមិនល្អដែលគាត់បានធ្វើកាលពីអតីតកាល ។ គាត់មានអារម្មណ៍ថាឃ្លាតឆ្ងាយពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយមិនមានសង្ឃឹមសម្រាប់អ្វីដែលប្រសើរឡើងនោះទេ ។
សូមអាន យេរេមា ៣:១២–១៥, ២២ ដោយរកមើលការពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ ដែលយុវជនរូបនេះនឹងទទួលបានប្រយោជន៍ពីការយល់ដឹង ។ ( វាអាចនឹងមានប្រយោជន៍ក្នុងការដឹងថា « រាថយ » នៅក្នុងខគម្ពីរទាំងនេះមានន័យថាគ្មានជំនឿ ឬងង្វេង ) ។
សូមពិចារណាសរសេរសេចក្តីថ្លែងការណ៍មិនពេញលេញខាងក្រោមនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យចែកចាយវិធីដើម្បីបញ្ចប់សេចក្ដីថ្លែងការណ៍ដោយប្រើពាក្យ ឬឃ្លាពីខគម្ពីរ ។
សម្រាប់អ្នកទាំងឡាយដែលប្រែចិត្ត ហើយងាកទៅរកព្រះអម្ចាស់ ទ្រង់នឹង … »
ចម្លើយអាចរួមមាន « មានសេចក្ដីមេត្តា » « មិនក្រោធ » ( ខទី ១២ ) « នាំត្រឡប់ទៅឯក្រុងស៊ីយ៉ូនវិញ » ( ខទី ១៤ ) « ឲ្យឯងរាល់គ្នាមាន ( អ្នកដឹកនាំ ) ជាអ្នកដែលនឹងឃ្វាលឯងរាល់គ្នាដោយដំរិះ និងយោបល់ » ( ខទី ១៥ ) « ឯង ឲ្យបានជាឡើងមើល » ( ខទី ២២ ) ជាដើម ។
វាអាចនឹងមានប្រយោជន៍ក្នុងការចំណាយពេលខ្លះពិភាក្សាឃ្លាណាមួយពីខគម្ពីរទាំងនេះ ដែលសិស្សមានសំណួរអំពីខគម្ពីរនោះ ។ សូមអញ្ជើញសិស្សឲ្យកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេនូវឃ្លាមួយ ឬពីរ ដែលពួកគេគិតថានឹងមានប្រយោជន៍សម្រាប់យុវជននៅក្នុងសាច់រឿងនេះឲ្យយល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សិស្សនឹងមានឱកាសចែកចាយអ្វីដែលពួកគេជ្រើសរើសនៅពេលក្រោយ ។
សេចក្តីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
ដើម្បីជួយសិស្សឲ្យបង្កើនទំនុកចិត្តរបស់ពួកគេនៅក្នុងព្រះរាជបំណងរបស់ព្រះអម្ចាស់ក្នុងការប្រទានពរ និងព្យាបាលអស់អ្នកដែលងាកមករកទ្រង់ នោះអ្នកអាចចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនដូចខាងក្រោមអំពីព្រះវរបិតាសួគ៌ និងបំណងប្រាថ្នារបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីប្រោសអស់អ្នកដែលប្រែចិត្ត ៖
តើមានអ្នកណាក្នុងចំណោមពួកយើងដែលមិនបានចាកចេញពីផ្លូវនៃបរិសុទ្ធភាព ដោយគិតល្ងិតល្ងង់ថាយើងអាចស្វែងរកសុភមង្គលតាមវិធីផ្ទាល់ខ្លួនបានច្រើនជាងនោះ ?
តើមានអ្នកណាម្នាក់ក្នុងចំណោមពួកយើង ដែលពុំមានអារម្មណ៍រាបសា សោកសង្រេង ហើយចង់បានការអភ័យទោស និងក្ដីមេត្តាករុណាជាខ្លាំងឬទេ ?
ប្រហែលជាមនុស្សខ្លះធ្លាប់ឆ្ងល់ថា « តើអាចត្រឡប់ទៅវិញបានឬ ? តើខ្ញុំនឹងត្រូវគេថាស្តីឲ្យ បដិសេធ ហើយមិត្តចាស់ៗគេចមុខជារៀងរហូតដែរឬទេ ? តើនៅវង្វេងជារៀងរហូតល្អជាងឬ ? តើព្រះនឹងតបយ៉ាងណា បើខ្ញុំព្យាយាមត្រឡប់មកវិញ ? » …
ព្រះវរបិតាសួគ៌យើងនឹងយាងមករកយើង ព្រះទ័យទ្រង់ពោរពេញដោយក្តីស្រឡាញ់ និងក្តីមេត្តា ។ …
ខ្ញុំសូមថ្លែងជាសាក្សីថា ពេលបងប្អូនសម្រេចចិត្តត្រឡប់មកវិញ ដើរតាមមាគ៌ានៃព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់បងប្អូន នោះព្រះចេស្ដាទ្រង់នឹងយាងចូលមកក្នុងជីវិតបងប្អូន ហើយនឹងធ្វើការផ្លាស់ប្រែជីវិត ។ ( « មនុស្សខ្ជះខ្ជាយ និងផ្លូវដែលដឹកនាំទៅផ្ទះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៨៨ )
ចូរសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវការយល់ដឹងដែលអ្នកបានទទួលពីសេចក្តីថ្លែងការណ៍នេះ ដែលអាចផ្តល់ពរជ័យដល់យុវជននៅក្នុងសាច់រឿងនេះ ។ អ្នកនឹងមានឱកាសចែកចាយការយល់ដឹងនៅពេលក្រោយ ។
ប្រសិនបើអ្នកមិនបានប្រើវីដេអូ « The Savior Wants to Forgive » នៅក្នុងមេរៀនទី ៧៧ ៖ « សាំយូអែល ទី២ ១១–១២ » ទេ វីដេអូនេះអាចបង្ហាញនៅទីនេះ ជាគំរូមួយនៃសេចក្តីស្រឡាញ់ និងបំណងប្រាថ្នារបស់ព្រះអម្ចាស់ដើម្បីប្រទានពរ និងប្រោសអស់អ្នកដែលងាកមករកទ្រង់ ។
ម៉្យាងទៀត អ្នកអាចបង្ហាញវីដែអូ « The Miracle of the Atonement » ដោយ អែលឌើរ ស៊ី ស្កត ហ្គ្រូ ក្នុងពួកចិតសិបនាក់ ចាប់ពីនាទីទី ០:២០ ដល់ ២:១២ ( Liahona ខែឧសភា ឆ្នាំ២០១១ ទំព័រ ១០៨ ) ។
សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមជាក្រុមតូចៗ ។
-
តើអ្នកបានមើលឃើញអ្វីខ្លះក្នុងជីវិតរបស់បុគ្គលរូបនេះ ដែលអាចប្រៀបធៀបទៅនឹងពែងដែលមានរន្ធនៅក្នុងនោះ និងថូទឹកចាប់តាំងពីចាប់ផ្តើមថ្នាក់ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពីជីវិតរបស់បុគ្គលរូបនេះ ?
សិស្សអាចបន្ថែមនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេនូវគំនិតណាមួយដែលពួកគេគិតថានឹងមានប្រយោជន៍ចំពោះយុវជននៅក្នុងសាច់រឿងនោះ ។
សេចក្ដីបញ្ចប់
សកម្មភាពខាងក្រោមអាចជាឱកាសដ៏ល្អសម្រាប់សិស្សដើម្បីមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីអ្វីដែលពួកគេនិយាយ និងអ្វីដែលពួកគេបានស្ដាប់ពីសិស្សផ្សេងទៀត ។
សូមពិចារណាបង្ហាញការណែនាំខាងក្រោម ។ ( ចំណុចទីមួយខាងក្រោមផ្តល់ឲ្យសិស្សនូវឱកាសដើម្បីចែកចាយនូវអ្វីដែលពួកគេបានធ្វើសម្រាប់ការរៀបចំសិស្សរបស់ពួកគេមុនពេលចាប់ផ្តើមថ្នាក់ ) ។
រៀបចំដើម្បីចែកចាយអ្វីដែលអ្នកនឹងនិយាយទៅកាន់យុវជននៅក្នុងសាច់រឿងនេះដោយពិនិត្យមើលអ្វីដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ សូមពិចារណារួមបញ្ចូលចំណុចដូចខាងក្រោមផងដែរ ៖
ដកស្រង់ចំណុចណាមួយមកពីព្រះគម្ពីរ ឬដំណើររឿងក្នុងព្រះគម្ពីរផ្សេងទៀតដែលបង្ហាញពីពរជ័យនៃការប្រែចិត្ត ( អ្នកអាចរកមើល ការប្រែចិត្ត នៅក្នុង Topical Guide ឬ សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ) ។
អារម្មណ៍របស់អ្នកអំពីសេចក្តីស្រឡាញ់ និងព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយមនុស្សទាំងអស់ដែលត្រឡប់មករកទ្រង់
បន្ទាប់ពីសិស្សមានពេលរៀបចំខ្លួនរួចហើយ សូមអញ្ជើញពួកគេឲ្យចែកចាយគំនិតរបស់ពួកគេជាមួយដៃគូ ឬក្រុមតូចៗ ។
នៅពេលដែលសិស្សមានឱកាសចែកចាយ អ្នកអាចបញ្ចប់មេរៀនដោយអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ។
-
តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះនៅថ្ងៃនេះ ដែលអាចជះឥទ្ធិពលដល់បំណងប្រាថ្នារបស់អ្នកដើម្បីងាកទៅរកព្រះអង្គ សង្គ្រោះសម្រាប់សេចក្ដីមេត្តាករុណា និងការព្យាបាលរបស់ទ្រង់ ?