ថ្នាក់​សិក្ខាសាលា
ពង្សាវតារក្សត្រ ទី២ ១៧; ២៤–២៥ ៖ ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល


« ពង្សាវតារក្សត្រ ទី២ ១៧; ២៤–២៥ ៖ ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ពង្សាវតារក្សត្រ ទី២ ១៧; ២៤–២៥ ៖ ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ពង្សាវតារក្សត្យ ទី២ ១៦–២៥ ៖ មេរៀន​ទី ៨៨

ពង្សាវតារក្សត្យ ទី២ ១៧; ២៤–២៥

ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល

A group of youth reading scriptures together in Florida.

ពួកព្យាការី និង​អ្នក​ដទៃ​ទៀត​តែង​និយាយ​អំពី​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ ដើម្បី​យល់​ពី​ការប្រមូល​នេះ វា​អាច​មាន​ប្រយោជន៍​ដើម្បី​យល់​អំពី​មូលហេតុ​ដែល​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់ខ្ចាយ​តាំង​ពី​ដំបូង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ប្រើ​ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល ដើម្បី​កំណត់​គុណលក្ខណៈ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​គំនិត​ដើម្បី​ពិចារណា ៖ « ព្រះ​យេស៊ូវ​ហៅ ‹ មកវិញ › ឱ​វង្ស​អ៊ីស្រាអែល​អើយ › » ចេញពី​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ។ សុំ​ឲ្យ​ពួកគេ​មក​រៀន​ដោយ​រៀបចំ​ដើម្បី​ចែកចាយ​គំនិត ឬ​សំណួរ​អំពី​ការខ្ចាត់ខ្ចាយ​នៃ​វង្ស​អ៊ីស្រាអែល ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល

មុន​ចាប់ផ្តើម​ថ្នាក់ អ្នក​អាច​ដាក់​ស្លាក​កន្លែង​ខុសៗ​គ្នា​នៅក្នុង​ថ្នាក់រៀន ដូចជា នគរ​ខាងជើង ( អ៊ីស្រាអែល ), នគរ​ខាងត្បូង ( យូដា ), ស្រុក​អាសស៊ើរ, ទ្វីប​អាមេរិក និង បាប៊ីឡូន/ពើស៊ី ។

  • តើ​ដោយ​របៀប​ណា និង​នៅពេល​ណា ដែល​ការប្រដៅ​កូន​អាច​ជា​សញ្ញា​នៃ​សេចក្ដីស្រឡាញ់​ពី​ឪពុក ឬ​ម្ដាយ​របស់​ពួកគេ ?

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៥:១ ដោយ​រកមើល​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ មាន​ព្រះទ័យ​អំពី​មនុស្ស​ដែល​ទ្រង់​ទាំងទ្វេ​ត្រូវការ​កែតម្រូវ ឬ​វាយផ្ចាល ។

ជាច្រើន​ដង​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ អ៊ីស្រាអែល​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ត្រូវការ​ការកែតម្រូវ ។ ការណ៍​នេះ​នាំ​ឲ្យ​មាន​អ្វី​ហៅ​ថា ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល ។ នៅពេល​អ្នក​សិក្សា​ពី​ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល សូម​រកមើល​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បានបង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់ទាំងទ្វេ ។

នៅ​ទូទាំង​ពីរ​ផ្នែក​បន្ទាប់​នៃ​មេរៀន​នេះ សិស្ស​នឹង​ផ្លាស់ប្តូរ​ទីតាំង​នៅ​ជុំវិញ​បន្ទប់​ដើម្បី​យល់​ពី​របៀប​ដែល​អ៊ីស្រាអែល​ត្រូវ​បាន​ខ្ចាត់ខ្ចាយ ។

សូម​បំបែក​សិស្ស​ជា​ពីរ​ក្រុម​ស្មើៗ​គ្នា ។ សូម​ឲ្យ​ក្រុម​មួយ​ទៅ​ជិត​កន្លែង​ដែល​ដាក់ស្លាក​ថា នគរ​ខាងជើង ( អ៊ីស្រាអែល ) ក្រុម​មួយ​ទៅ​ជិត​ចំណុច​ដែល​ដាក់ស្លាក​ថា នគរ​ខាងត្បូង (យូដា) ។

ជាជាង​ឲ្យ​សិស្ស​ផ្លាស់ប្តូរ​ជុំវិញ​ថ្នាក់រៀន អ្នក​អាច​បង្ហាញ​ក្រាហ្វិក « ក្រឡេក​មើល​នគរ​អ៊ីស្រាអែល និង​នគរ​យូដា » ។ សិស្ស​អាច​អាន​ខគម្ពីរ​ដូចគ្នា និង​ពិភាក្សា​សំណួរ​ដូចគ្នា​ពី​មេរៀន​នេះ ប៉ុន្តែ​គ្រាន់តែ​ធ្វើ​តាម​ជាមួយ​ក្រាហ្វិក​នេះ ។

នគរ​អ៊ីស្រាអែល​ខាងជើង

នៅ​ឆ្នាំ៩៧៥ ម.​គ.ស. បន្ទាប់ពី​សាឡូម៉ូន​បាន​សុគត បុត្រា​របស់​ទ្រង់​ព្រះនាម រេហូបោម​បានឡើង​សោយរាជ្យ ។ រេហូបោម​បានដាក់​បន្ទុក​យ៉ាងធំ​មក​លើ​ប្រជារាស្រ្ត ។ ពូជអំបូរ​ទាំង​ដប់​បានបះបោរ​ប្រឆាំង​នឹង​រេហូបោម ហើយ​បានដើរ​តាម​យេរ៉ូបោម ( សូមមើល ពង្សាវតារក្សត្រ ទី១ ១២:៦–១១, ១៩–២០ ) ។ ការបំបែក​នេះ​បានបង្កើត​បានជា​នគរ​ខាងជើង និង​ខាងត្បូង ។

សូម​អាន ពង្សាវតារក្សត្រ ទី២ ១៧:៧–១៨, ២២–២៣ ដោយ​រកមើល​អ្វី​ដែល​បានកើតឡើង​ចំពោះ​នគរ​អ៊ីស្រាអែល​ខាងជើង ។

  • តើ​មាន​អ្វី​កើតឡើង​ចំពោះ​ពួកគេ ហើយ​ហេតុអ្វី​បាន​ជា​វា​កើតឡើង ?

    សូម​ពន្យល់​ថា នៅពេល​អាសស៊ើរ​បានច្បាំង​ដណ្តើម​យក​នគរ​អ៊ីស្រាអែល​ខាងជើង ហើយ​បាន​យក​ប្រជាជន​អ៊ីស្រាអែល​ជាច្រើន​នាក់​ត្រឡប់​ទៅ​ស្រុក​អាសស៊ើរ​វិញ ការណ៍​នេះ​បានចាប់ផ្តើម​ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល ។ សូម​ឲ្យ​សិស្ស​ភាគ​ច្រើន​ឈរ​នៅជិត នគរ​ខាងជើង ( អ៊ីស្រាអែល ) ដើម្បី​ផ្លាស់ប្តូរ​ទៅ​ផ្នែក​នៃ​បន្ទប់​ដែល​បាន​ដាក់ស្លាក អាសស៊ើរ ។ សូម​ចង្អុល​បង្ហាញ​ថា យើង​ច្រើន​តែ​ហៅ​ពូជអំបូរ​ទាំងនេះ​ថា​ជា​ពូជអំបូរ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​បាត់ ។ អ្នក​អាច​ផ្ដល់​ឲ្យ​សិស្ស​ដែល​ផ្លាស់ប្តូរ​ទៅ អាសស៊ើរ នូវ​ស្លាក​មួយ​ដែល​និយាយ​ថា ពូជអំបូរ​ដែល​បាត់ ។ អ្នក​អាច​ឲ្យ​សិស្ស​ដែល​បន្ត​នៅក្នុង អ៊ីស្រាអែល នូវ​ស្លាក​ដែល​និយាយ​ថា ពួក​សាសន៍​សាម៉ារី ។ អ្នក​អាច​ចង់​ពន្យល់​ថា ពួកសាសន៍​សាម៉ារី​ជា​ចំណែក​របស់​អ៊ីស្រាអែល និង​ជា​ផ្នែក​នៃ​សាសន៍​ដទៃ ( សូម​មើល​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ពួក​សាសន៍​សាម៉ារី » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  • តើ​អ្នក​នឹង​សង្ខេប​ពី​មូលហេតុ​ដែល​​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់ខ្ចាយ​ដោយ​របៀបណា ?

សិស្ស​អាច​ស្វែងរក​សេចក្តីពិត​ដូចជា ៖ ដោយសារតែ​អ៊ីស្រាអែល​បានបដិសេធ​ពួកព្យាការី និង​បំពាន​សេចក្តីសញ្ញា​របស់​ពួកគេ​ជាមួយ​ព្រះអម្ចាស់ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ពួកគេ​ខ្ចាត់ខ្ចាយ​ពាសពេញ​ប្រជាជាតិ ។

នគរ​ខាងត្បូង​នៃ​យូដា

  • តើ​មក​ទល់​ពេល​នេះ អ្នក​បានរៀន​អ្វីខ្លះ​អំពី​នគរ​ខាងត្បូង​នៃ​យូដា រួមទាំង​ស្ដេច​ដែល​បាន​សោយរាជ្យ​នៅ​ទីនោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ដំណើររឿង​ណា​ក៏បាន​ដែល​ពួកគេ​ចងចាំ ។ ឧទាហរណ៍ ពួកគេ​អាច​នឹង​លើកឡើង​ពី​ស្ដេច​ហេសេគា ឬ​ស្ដេច​យ៉ូសៀស ។ ប្រសិន​បើ​ពួកគេ​ធ្វើ​ដូច្នេះ អ្នក​អាច​បង្កើត​ស្លាក​សម្រាប់​ស្តេច​មួយ​អង្គៗ ហើយ​ឲ្យ​សិស្ស​កាន់​ស្លាក​ទាំងនោះ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ព្រះអម្ចាស់​បានប្រទានពរ​ដល់​ស្តេច​ទាំងនេះ និង​ប្រជារាស្រ្ត​ចំពោះ​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ទ្រង់ ។ ស្ដេច​សុចរិត​ទាំង​ពីរ​អង្គ​នេះ​បានសោយ​រាជ្យ​បន្ទាប់ពី​អាសស៊ើរ​បានច្បាំង​យក​នគរ​នៃ​អ៊ីស្រាអែល ។

សិស្ស​ក៏​អាច​និយាយ​អំពី​លីហៃ និង​គ្រួសារ​របស់​លោក​ផងដែរ ។ ប្រសិន​បើ​ពួកគេ​ធ្វើ​ដូច្នោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ។ ប្រសិនបើ​ពួកគេ​មិន​ធ្វើ​ទេ អ្នក​អាច​ឲ្យ​ពួកគេ​ធ្វើ​ដូច​ខាងក្រោម ។ អ្នក​អាច​បង្កើត​ស្លាក​សម្រាប់ លីហៃ និង​ក្រុមគ្រួសារ​របស់​គាត់ សម្រាប់​ឲ្យ​សិស្ស​ពីរបី​នាក់​កាន់ ។

សូម​អាន នីហ្វៃទី១ ១:៤ ដោយ​រកមើល​អ្នក​ផ្សេង​ទៀត​រស់នៅ​ក្នុង​នគរ​យូដា ។

សូម​អាន នីហ្វៃទី១ ២:១–៤; ១៨:២២–២៣ ដោយ​រកមើល​អ្វី​ដែល​បានកើតឡើង​ចំពោះ​គ្រួសារ​នេះ ។

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​យើង​បាន​ទទួល​មកពី​ព្រះវរបិតាសួគ៌​ ដោយសារ​ព្រះអម្ចាស់​បានដឹកនាំ​លីហៃ និង​គ្រួសារ​របស់​លោក​ចេញពី​ក្រុង​យេរូសាឡិម ដែល​ជា​ផ្នែក​នៃ​ការខ្ចាត់ខ្ចាយ​នេះ ?

សូម​ឲ្យ​សិស្ស​ដែល​កាន់​ស្លាក លីហៃ និង​គ្រួសារ​របស់​លោក ផ្លាស់ប្តូរ​ពី នគរ​យូដា ទៅ​ផ្នែក​នៃ​ថ្នាក់​ដែល​បានដាក់​ស្លាក​ថា ទ្វីប​អាមេរិក ។

សូម​អាន របាក្សត្រ ទី២ ៣៦:១៧–២០ ដោយ​រកមើល​អ្វី​ដែល​នេប៊ូក្នេសា ដែល​ជា​ស្តេច​បាប៊ីឡូន​បានធ្វើ​ចំពោះ​ប្រជាជន​ដែល​រស់នៅ​ក្រុង​យេរូសាឡិម​ភ្លាមៗ​បន្ទាប់ពី​លីហៃ និង​គ្រួសារ​របស់​លោក​បាន​ចាកចេញ ។

សុំ​ឲ្យ​សិស្ស​ដែល​នៅ​ផ្សេងទៀត​នៅក្នុង នគរ​យូដា ឲ្យ​ផ្លាស់ប្តូរ​ទៅ​កន្លែង​នៃ​ថ្នាក់​រៀន​ដែល​តំណាង​ឲ្យ បាប៊ីឡូន/ពើស៊ី ។ ប្រហែលជា​ចន្លោះ​ឆ្នាំ៦០៥ និង ៥៨៧ មុន គ.ស ប្រជាជន​បាប៊ីឡូន​បាននាំ​សាសន៍​យូដា​ជាច្រើន​នាក់​ទៅកាន់​បាប៊ីឡូន ហើយ​បានឡោមព័ទ្ធ ហើយ​នៅទីបំផុត​បានបំផ្លាញ​ក្រុង​យេរូសាឡិម ( សូមមើល ពង្សាវតារក្សត្រ ទី២ ២៤:៨–១៦; ២៥:១–១២, ២១; យេរេមា ៥២ ) ។

អ្នក​ប្រហែលជា​អាច​សុំ​ឲ្យ​សិស្ស​ប្រាប់​ឈ្មោះ​បុគ្គល​មួយ​ចំនួន​ដែល​នៅទីបញ្ចប់​បានរស់នៅ​ក្នុង​បាប៊ីឡូន ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ អ្នក​អាច​ផ្ដល់​ឲ្យ​សិស្ស​ពីរបី​នាក់​នូវ​ស្លាក​ដូចជា ដានីយ៉ែល, សាដ្រាក់, មែសាក់, អ័បេឌ-នេកោ ( សូមមើល ដានីយ៉ែល ១:១–៧ ) និង អេសេគាល ( សូមមើល​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អេសេគាល » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

សូម​អាន​សេចក្តីសង្ខេប​ដូច​ខាងក្រោម​នេះ ។ សូម​ពន្យល់​ថា សាសន៍​យូដា​ខ្លះ​នៅ​តែ​នៅ​ពើស៊ី ( សូមមើល នាងអេសធើរ ២:៥–៧ ) ។ សុំ​ឲ្យ​សិស្ស​មួយ​ចំនួន​នៅក្នុង បាប៊ីឡូន/ពើស៊ី ឲ្យ​ត្រឡប់​ទៅ​កាន់​កន្លែង​នៃ​ថ្នាក់រៀន​ដែល​តំណាង​ឲ្យ នគរ​យូដា ។ អ្នក​អាច​បង្កើត​ស្លាក​សម្រាប់ អែសរ៉ា និង នេហេមា សម្រាប់​ឲ្យ​សិស្ស​ពីរបី​នាក់​ដែល​ផ្លាស់ប្តូរ​ទៅ នគរ​យូដា កាន់​ក្នុង​ដៃ ។ សិស្ស​នឹង​ស្វែងយល់​បន្ថែម​អំពី​អែសរ៉ា និង​នេហេមា​នៅពេល​ក្រោយ ។

នៅក្រោម​រាជ្យ​ស្តេច​ស៊ីរូស ពួកពើស៊ី​បាន​ដណ្ដើម​យក​បាប៊ីឡូន ។ ប្រហែលជា​ឆ្នាំ៥៣៧ មុន គ.ស ព្រះអម្ចាស់​បានបំផុស​គំនិត​ស្តេច​ស៊ីរូស​នៃ​ពើស៊ី អនុញ្ញាត​ឲ្យ​សាសន៍​យូដា​ត្រឡប់​ទៅក្រុង​យេរូសាឡិម​វិញ ហើយ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ ( សូមមើល របាក្សត្រ ទី២ ៣៦:២២–២៣; យេរេមា ២៩:១០–១៤; អែសរ៉ា ១:១–៣ ) ។ នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់មក អែសរ៉ា នេហេមា និង​អ្នក​ឯ​ទៀត​បានត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ជួយ​សង់​ទីក្រុង​ឡើងវិញ ហើយ​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ( សូមមើល អែសរ៉ា ៧:៦–៨; នេហេមា ២:១–១១ ) ។

បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​មិន​ដែល​វង្វេងបាត់ពី​ទ្រង់​ឡើយ

អ្នក​អាច​ចង់​ចង្អុល​បង្ហាញ​ថា ក្រុម​ទាំងនេះ​ជាច្រើន​មិន​ដឹង​ថា​មាន​អ្វី​កើតឡើង​ចំពោះ​ក្រុម​ផ្សេង​ទៀត​ទេ ។ តាម​ទស្សនៈ​របស់​ពួកគេ ក្រុម​ផ្សេង​ទៀត​បានបាត់ ។

សូម​អាន នីហ្វៃទី៣ ១៧:៤ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បានចែកចាយ​ជាមួយនឹង​សាសន៍​នីហ្វៃ​អំឡុងពេល​ការងារបម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​ពួកគេ ។

  • តើ​បងប្អូន​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វីខ្លះ​នៅ​ក្នុង​ខនេះ ?

អ្នក​អាច​ចង្អុល​បង្ហាញ​ថា ទោះបីជា​អ៊ីស្រាអែល​ត្រូវបាន​ខ្ចាត់ខ្ចាយ​ក៏ដោយ ព្រះអម្ចាស់​បានប្រើ​ការខ្ចាត់ខ្ចាយ​នៃ​ប្រជាជន​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ដើម្បី​ប្រទានពរ​ដល់​ប្រជាជាតិ​ដែល​ពួកគេ​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅដល់​ដែរ ( សូមមើល « ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល » នៅ​ក្រោម​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ៊ីស្រាអែល » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ អ្នក​អាច​ចង្អុលបង្ហាញ​ថា « ​សេចក្តី​សប្បុរស » នៅក្នុង អេសាយ ៥៤:៨ គឺជា​ការបកប្រែ​នៃ​ពាក្យ hesed ។ សម្រាប់​ព័ត៌មាន​ចាំបាច់​បន្ថែម​ទាក់ទង​នឹង​ពាក្យ hesed សូម​មើល​អត្ថបទ​របស់​ប្រធាន ណិលសុន « សេចក្តីសញ្ញាដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ ទំព័រ ៥–៦ ។

សូម​អាន ចោទិយកថា ៤:២៧–៣១ និង អេសាយ ៥៤:៧–១០ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បានសន្យា​ថា​នឹង​ធ្វើ​សម្រាប់​អ៊ីស្រាអែល​ដែល​បានខ្ចាត់ខ្ចាយ ។

  • តើ​គុណលក្ខណៈ​អ្វីខ្លះ​ដែល​អ្នក​មើលឃើញ​នៅក្នុង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នៅពេល​អ្នក​រៀន​អំពី​ការខ្ចាត់ខ្ចាយ​នៃ​ពួកសាសន៍​អ៊ីស្រាអែល ?

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ និង​អំពី​ការសន្យា​របស់​ទ្រង់​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​បានខ្ចាត់ខ្ចាយ ។