« ពង្សាវតារក្សត្រ ទី២ ១៨–១៩ ៖ ការទុកចិត្តលើព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែល » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ពង្សាវតារក្សត្រ ទី២ ១៨–១៩ ៖ ការទុកចិត្តលើព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែល » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ពង្សាវតារក្សត្យ ទី២ ១៦–២៥ ៖ មេរៀនទី ៨៦
ពង្សាវតារក្សត្រ ទី២ ១៨–១៩
ការទុកចិត្តលើព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែល
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង ហើយនឹងជួយយើង នៅពេលយើងដាក់សេចក្តីទុកចិត្តរបស់យើងលើទ្រង់ ។ បន្ទាប់ពីពួកសាសន៍អាសស៊ើរវាយយកក្រុងសាម៉ារីហើយ ពួកគេចាប់ផ្ដើមវាយលុកយូដា ។ ស្ដេចហេសេគា និងប្រជារាស្ត្ររបស់ទ្រង់បែរទៅរកព្រះយេហូវ៉ាដើម្បីទទួលបានកម្លាំង និងការការពារ ។ ព្រះអម្ចាស់បានជួយសង្រ្គោះពួកគេពីពួកសាសន៍អាសស៊ើរ ។ មេរៀននេះអាចជួយបង្កើនការទុកចិត្តរបស់សិស្សថា ព្រះអម្ចាស់នឹងជួយពួកគេឲ្យប្រឈមមុខនឹងឧបសគ្គរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយរៀបចំដើម្បីចែកចាយបទពិសោធន៍មួយ នៅពេលពួកគេទទួលបានការគាំទ្រពីព្រះក្នុងអំឡុងពេលដ៏មានឧបសគ្គ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អំឡុងពេលលំបាក
ពិចារណាចាប់ផ្ដើមថ្នាក់ដោយការសរសេរពាក្យដូចខាងក្រោមនៅកណ្ដាលក្ដារខៀន ៖ គ្មានទីពឹង សន្ធប់ បាក់ទឹកចិត្ត ភ័យខ្លាច និង សង្ស័យ ។ បន្ទាប់មក អ្នកអាចសរសេរសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនេះនៅលើក្ដារខៀនផ្នែកខាងឆ្វេង និងសំណួរមួយទៀតនៅក្ដារខៀនផ្នែកខាងស្ដាំ ។ សិស្សអាចសរសេរចម្លើយរបស់ពួកគេទៅនឹងសំណួរនីមួយៗនៅលើក្ដារខៀន ។
-
តើស្ថានភាពបែបណាដែលក្មេងវ័យជំទង់អាចមានអារម្មណ៍មួយ ឬច្រើនដូចអារម្មណ៍ដែលបានរៀបរាប់ទាំងនេះ ?
-
តើក្មេងវ័យជំទង់អាចទៅរកជំនួយនៅឯណា នៅពេលពួកគេឆ្លងកាត់នឹងអារម្មណ៍ទាំងនេះ ?
បន្ទាប់មក អ្នកអាចអញ្ជើញសិស្សឲ្យគិត ឬសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេអំពីស្ថានភាពបច្ចុប្បន្ន ឬអនាគតដែលពួកគេអាចនឹងមានអារម្មណ៍ស្រដៀងគ្នានេះ ។ សិស្សនឹងមានឱកាសដើម្បីយោងទៅអារម្មណ៍ទាំងនេះនៅពេលក្រោយក្នុងមេរៀននេះ ។
សូមគិតពិចារណាអំពីសំណួរខាងក្រោម ព្រោះវាទាក់ទងនឹងស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ៖
-
នៅពេលដែលអ្នកឆ្លងកាត់អារម្មណ៍ទាំងនេះ តើអ្នកងាកទៅរកជំនួយពីណា ?
-
តើអ្នកមានទំនុកចិត្តប៉ុនណាថា0,ព្រះអម្ចាស់នឹងជួយអ្នកនៅពេលអ្នកងាកមករកទ្រង់ ?
នៅក្នុងមេរៀននៅថ្ងៃនេះទាំងមូល សូមគិតអំពីរបៀបដែលព្រះអម្ចាស់អាចជួយអ្នក នៅពេលអ្នកឆ្លងកាត់អារម្មណ៍ទាំងនេះឥឡូវនេះ ឬនៅពេលអនាគត ។ សូមយកចិត្តទុកដាក់ចំពោះចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធដែលកើតមានក្នុងគំនិត និងចិត្តរបស់អ្នក ។
ហេសេគាទុកចិត្តព្រះយេហូវ៉ា
សូមពន្យល់សិស្សថា មេរៀននេះនឹងផ្តោតលើរបៀបដែលហេសេគា ជាស្តេចយូដាបានជ្រើសរើសបែរទៅរកព្រះអម្ចាស់ដើម្បីទូលសុំជំនួយ នៅពេលទ្រង់ និងប្រជារាស្រ្តរបស់ទ្រង់ប្រឈមមុខនឹងបញ្ហាធំៗ ។
សូមអាន ពង្សាវតារក្សត្រ ទី២ ១៨:១–៧ ដោយរកមើលអ្វីដែលហេសេគាបានធ្វើនៅពេលទ្រង់ក្លាយជាស្តេច ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះមកពី ខទី ៥–៧ ?
សូមជួយសិស្សឲ្យស្វែងរកគោលការណ៍ដូចជា ៖ នៅពេលយើងទុកចិត្តលើព្រះអម្ចាស់ និងគោរពតាមបទបញ្ញត្តិរបស់ទ្រង់ នោះទ្រង់នឹងគង់នៅជាមួយយើង ។
ប្រដូចបទគម្ពីរមកក្នុងជីវិតរបស់យើង
អ៊ីស្រាអែល ជាប្រជាជាតិនៅព្រំប្រទល់ខាងជើងនៃស្រុកយូដា ត្រូវបានអាសស៊ើរវាយយកបាន ។ បន្ទាប់មក សាសន៍អាសស៊ើរបានវាយប្រហារប្រជារាស្រ្តរបស់ហេសេគា ហើយដណ្តើមយកក្រុងដែលមានកំផែងទាំងអស់ក្នុងនគររបស់ពួកគេ ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៨:៩–១៣ ) ។ បន្ទាប់មក អ្នកនាំសារពួកសាសន៍អាសស៊ើរបានមកដល់ក្រុងយេរូសាឡិម ជារាជធានីនៃស្រុកយូដា ដើម្បីប្រកាសការព្រមានដល់ហេសេគា និងប្រជារាស្រ្តរបស់ទ្រង់ ។
-
សូមក្រឡេកមើលអារម្មណ៍ទាំងឡាយនៅលើក្តារខៀន ។ តើអារម្មណ៍មួយណាដែលអ្នកគិតថា ប្រជារាស្រ្តក្រុងយេរូសាឡិមប្រហែលជាមាន ?
សូមពិចារណាប្រើប្រាស់សំណៅមេរៀន « គំរូនៃការទុកចិត្ដលើព្រះអម្ចាស់់ » ដើម្បីជួយសិស្សយល់ពីគោលការណ៍ដែលពួកគេបានរកឃើញពីមុន ហើយភ្ជាប់ទំនាក់ទំនងរវាងហេសេគា និងជីវិតរបស់ពួកគេ ។
សិស្សអាចបំពេញសំណៅមេរៀនជាក្រុម ឬជាដៃគូ ។ អ្នកអាចអញ្ជើញសិស្សឲ្យរៀបចំក្រុមឡើងវិញបន្ទាប់ពីបានបញ្ចប់ផ្នែកនីមួយៗនៃសំណៅមេរៀននេះ ដោយផ្តល់ឱកាសឲ្យសិស្សធ្វើការជាមួយ និងស្គាល់សមាជិកផ្សេងទៀតនៅក្នុងថ្នាក់ ។
សំណួរដែលជួយសិស្សស្វែងរកភាពជាប់ទាក់ទងផ្ទាល់ខ្លួនទៅនឹងបណ្ដុំបទគម្ពីរអាចអនុញ្ញាតឲ្យព្រះអម្ចាស់បង្រៀន និងបំផុសគំនិតពួកគេដោយផ្ទាល់ ។ សំណួរនៅក្នុងសំណៅមេរៀនអាចជួយសិស្សប្រដូចខគម្ពីរដែលពួកគេបានសិក្សាទៅនឹងជីវិតរបស់ពួកគេផ្ទាល់ ។
សម្រាប់ការបំពាក់បំប៉នបន្ថែមលើការជួយសិស្សស្វែងរកភាពទាក់ទងគ្នានៅក្នុងបណ្ដុំបទគម្ពីរ សូមមើល ៖ « ជួយសិស្សស្វែងរកភាពជាប់ទាក់ទងផ្ទាល់ខ្លួននៅក្នុងគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ។
ព្រះអម្ចាស់ទ្រង់គង់នៅជាមួយយើង
សូមអាន ពង្សាវតារក្សត្រ ទី២ ១៩:៣២–៣៥ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់បានជួយសង្គ្រោះហេសេគា និងប្រជារាស្រ្តរបស់ទ្រង់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំឃ្លា « ដ្បិតយើងនឹងការពារក្រុងនេះ រក្សាទុកសម្រាប់ខ្លួនយើង » នៅក្នុង ពង្សាវតារក្សត្រ ទី២ ១៩:៣៤ ។ តាមតម្រូវការ សូមពន្យល់ថា ការប្រោសជួយរបស់ព្រះអម្ចាស់នឹងមកដល់តាមពេលវេលា និងរបៀបរបស់ទ្រង់ ។
ដើម្បីជួយសិស្សពិចារណាពីរបៀបដែល ព្រះអម្ចាស់ជួយយើងប្រឈមមុខនឹងឧបសគ្គរបស់យើង នោះអ្នកអាចបង្ហាញ « ព្រះវរបិតាសួគ៌ស្គាល់ខ្ញុំ » ( ៣:១៨ ) និងសូមឲ្យសិស្សរកមើលពីរបៀបដែលព្រះវរបិតាសួគ៌ជួយសង្រ្គោះដល់យុវនារីរូបនេះ ពីឧបសគ្គដែលនាងប្រឈមមុខ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។ អ្នកអាចពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយពីការទុកចិត្តលើព្រះអម្ចាស់ ឬរបៀបដែលទ្រង់បានជួយអ្នកក្នុងគ្រាលំបាក ។
-
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានគាំទ្រអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ក្នុងគ្រាមានស្ថានភាពលំបាកយ៉ាងដូចម្ដេច ?
អ្នកក៏អាចឲ្យសិស្សទទួលអារម្មណ៍ពីអំណាចនៃទីបន្ទាល់ដ៏ព្យាករអំពីព្រះអង្គសង្គ្រោះដើម្បីបញ្ចប់ថ្នាក់ ។ ដើម្បីធ្វើការណ៍នេះ អ្នកអាចអញ្ជើញសិស្សឲ្យអាន អាលម៉ា ៣៦:៣ ឬសេចក្តីថ្លែងការណ៍ខាងក្រោម ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ បានថ្លែងទីបន្ទាល់ពីអំណាចនៃការទុកចិត្តលើព្រះ ។
ផ្ទុយទៅវិញជាជាងការនៅស្មុគជាមួយនឹងឧបសគ្គរបស់យើង តើវាមិនប្រសើរទេឬ ប្រសិនបើយើងផ្តោតយកចិត្តទុកដាក់ទៅលើភាពអស្ចារ្យ សេចក្តីល្អដ៏ឥតប្រៀបផ្ទឹម ហើយព្រះចេស្តាទាំងអស់របស់ព្រះនៃយើង ទុកចិត្តលើទ្រង់ ហើយរៀបចំដួងចិត្តដែលពេញដោយអំណរសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវគ្រីស្ទនោះ ?
ក្នុងនាមជារាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់ យើងពុំត្រូវទន់ជ្រាយដោយការភ័យខ្លាចថា រឿងអាក្រក់អាចនឹងកើតមានឡើងឡើយ ។ ផ្ទុយទៅវិញ យើងអាចឈានទៅមុខដោយសេចក្តីជំនឿ ភាពក្លាហាន ការប្តេជ្ញាចិត្ត និងការទុកចិត្តលើព្រះ នៅពេលយើងដោះស្រាយឧបសគ្គ និងឱកាសនានាក្នុងពេលខាងមុខ ។ ( « Perfect Love Casteth Out Fear » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ១០៦ )
សូមលើកទឹកចិត្តសិស្សឲ្យទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អំឡុងពេលលំបាក ។