« ពង្សាវតារក្សត្រ ទី២ ២១–២៣ ៖ ស្តេចយ៉ូសៀស និងគម្ពីរក្រឹត្យវិន័យ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ពង្សាវតារក្សត្រ ទី២ ២១–២៣ ៖ ស្តេចយ៉ូសៀស និងគម្ពីរក្រឹត្យវិន័យ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ពង្សាវតារក្សត្យ ទី២ ១៦–២៥ ៖ មេរៀនទី ៨៧
ពង្សាវតារក្សត្រ ទី២ ២១–២៣
ស្តេចយ៉ូសៀស និងគម្ពីរក្រឹត្យវិន័យ
តើអ្នកធ្លាប់ឆ្ងល់ទេ ថាតើជីវិតរបស់អ្នកអាចខុសគ្នាយ៉ាងណា បើអ្នកមិនមានព្រះគម្ពីរនោះ ? នៅពេលនគរយូដាឃ្លាតឆ្ងាយពីព្រះ « គម្ពីរក្រឹត្យវិន័យ » ( ពង្សាវតារក្សត្រ ទី២ ២២:៨, ១១ ) ត្រូវបានគេទុកចោល ហើយទីបំផុតបានបាត់បង់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ក្នុងអំឡុងពេលដែលយ៉ូសៀសជួសជុលព្រះវិហារបរិសុទ្ធ សម្តេចសង្ឃហ៊ីលគីយ៉ា បានរកឃើញគម្ពីរក្រឹត្យវិន័យ ដែលបន្ទាប់មកយ៉ូសៀសបានអានដល់ប្រជាជន ។ គម្ពីរនេះបានជួយស្ដេចយ៉ូសៀស និងប្រជាជនរបស់ទ្រង់ឲ្យត្រឡប់មករកព្រះអម្ចាស់វិញ ។ មេរៀននេះអាចជួយសិស្សឲ្យងាកទៅរកព្រះអម្ចាស់ តាមរយៈការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលឡើងវិញនូវគោលដៅសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ និងការខិតខំរបស់ពួកគេដើម្បីអានជំពូកទាំងឡាយនៃព្រះគម្ពីរសញ្ញាចាស់ ដែលបានចាត់ឲ្យអាន ។ សូមលើកទឹកចិត្តពួកគេឲ្យបន្តធ្វើការលើគោលដៅរបស់ពួកគេ ឬធ្វើការកែតម្រូវតាមដែលត្រូវការប្រកបដោយអធិស្ឋាន ដើម្បីទទួលបានជោគជ័យ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ជីវិតដែលគ្មានព្រះគម្ពីរ
មុនចាប់ផ្តើមថ្នាក់ សូមពិចារណាដាក់ប្រដាប់ស៊កចំណាំក្នុងគម្ពីរប៊ីបនៅ ពង្សាវតារក្សត្រ ទី២ ២២:៨ ។ លាក់ព្រះគម្ពីរប៊ីបនៅក្នុងថ្នាក់រៀន ដើម្បីប្រើនៅពេលក្រោយក្នុងមេរៀននេះ ។
សូមសរសេរសំណួរមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖
-
តើជីវិតរបស់បងប្អូននឹងទៅជាយ៉ាងណាបើគ្មាន ?
សូមពិចារណាផ្តល់ក្រដាសតូចមួយដល់សិស្សម្នាក់ៗ ។ អញ្ជើញពួកគេឲ្យសរសេរសម្ភារទូទៅ ឬសកម្មភាពមួយដែលអាចបំពេញសំណួរនេះបាន ។ ឧទាហរណ៍ ពួកគេសរសេរពាក្យដូចជា ស្បែកជើង ច្រាសដុសធ្មេញ សាលា ឬ កីឡា ។ សូមដាក់សិស្សក្នុងក្រុមតូចៗ ។ អញ្ជើញពួកគេឲ្យពិភាក្សាអំពីរបៀបដែលពួកគេនឹងឆ្លើយសំណួរនេះ ប្រសិនបើវាត្រូវបានបញ្ចប់ដោយពាក្យដែលពួកគេបានសរសេរ ។ នៅពេលសិស្សបានបញ្ចប់ការចែកចាយហើយ សូមទុកពេលឲ្យពួកគេពិចារណាចំណុចខាងក្រោមដោយស្ងៀមស្ងាត់ ៖
សូមជញ្ជឹងគិតពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក នៅពេលអ្នកពិចារណាសំណួរខាងក្រោម ៖
-
តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាបើគ្មាន ព្រះគម្ពីរ ទេនោះ ?
-
តើការសិក្សាព្រះគម្ពីរថ្មីៗរបស់អ្នកមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
អ្នកអាចសុំឲ្យអ្នកស្ម័គ្រចិត្តពីរបីនាក់ចែកចាយចម្លើយរបស់ពួកគេ ។ ដើម្បីបន្ថែមទៅលើការពិភាក្សានេះ អ្នកអាចបង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោម ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីតម្រូវការរបស់យើងក្នុងការមានព្រះគម្ពីរ ។
ពួកអ្នកដែលមិនមាន ឬក៏ព្រងើយកន្តើយនឹងព្រះបន្ទូលនៃព្រះដែលបានកត់ត្រា នឹងឈប់ជឿលើទ្រង់ ហើយនៅទីបំផុតភ្លេចពីគោលបំណងនៃការមានជីវិតរបស់ខ្លួន ។ ( « The Power of Scripture » Liahona ខែឧសភា ឆ្នាំ២០១០ ទំព័រ ៣៣ )
ក្រោយមកក្នុងមេរៀននេះ សិស្សនឹងមានឱកាសស្វែងរក និងចែកចាយវគ្គបទគម្ពីរ ហើយជញ្ជឹងគិតអំពីគោលដៅសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ។ អ្នកអាចកែសម្រួលផ្នែកនៃមេរៀននេះដើម្បីទុកពេលគ្រប់គ្រាន់សម្រាប់ផ្នែក « ការចែកចាយរបស់សិស្ស » និង « គោលដៅសិក្សាព្រះគម្ពីរ » ។
ឥទ្ធិពលនៃបទគម្ពីរ
យូរៗទៅ ព្រះម្ពីរបានបាត់បង់ ហើយនគរយូដាបានងាកចេញពីព្រះអម្ចាស់ ។ នៅក្រោមរជ្ជកាលរបស់ស្ដេចម៉ាន៉ាសេ និងអាំម៉ូន ប្រជារាស្រ្តបានចូលរួមថ្វាយបង្គំរូបព្រះ និងការប្រព្រឹត្តទុច្ចរិតផ្សេងទៀត រួមទាំងការបូជាកុមារ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២១ ) ។ បន្ទាប់ពីអាំម៉ូនបានសុគត បុត្ររបស់ទ្រង់ព្រះនាម យ៉ូសៀស បានឡើងសោយរាជ្យនៅក្នុងព្រះជន្មប្រាំបីឆ្នាំ ។ យ៉ូសៀសគឺជាមនុស្សសុចរិត ។ នៅឆ្នាំទី ១៨ នៃរជ្ជកាលរបស់ទ្រង់ យ៉ូសៀសបានរៀបចំប្រាក់ឈ្នួលសម្រាប់កម្មករដើម្បីជួសជុលព្រះវិហារបរិសុទ្ធនៅក្រុងយេរូសាឡិម ( សូមមើល ពង្សាវតារក្សត្រ ទី២ ២២:១–៧ ) ។
ប្រសិនបើអ្នកលាក់ព្រះគម្ពីរប៊ីបមុនពេលចូលរៀន សូមពន្យល់ថា មានព្រះគម្ពីរដែលបាត់នៅកន្លែងណាមួយនៅក្នុងថ្នាក់រៀន ។ អញ្ជើញសិស្សឲ្យស្វែងរកព្រះគម្ពីរទាំងនោះ។ សូមឲ្យសិស្សដែលរកឃើញព្រះគម្ពីរប៊ីប រកមើលកន្លែងដាក់ប្រដាប់ស៊កចំណាំសៀវភៅ ។ បន្ទាប់មក សូមផ្ដល់សេចក្តីណែនាំដូចខាងក្រោមនេះ ៖
សូមអាន ពង្សាវតារក្សត្រ ទី២ ២២:៨–១៣ ដោយរកមើលអ្វីដែលបានកើតឡើងខណៈដែលព្រះវិហារបរិសុទ្ធកំពុងជួសជុល ។
-
តើសម្តេចសង្ឃហ៊ីលគីយ៉ាបានរកឃើញអ្វី ?
-
តើស្ដេចយ៉ូសៀសបានឆ្លើយតបយ៉ាងណាបន្ទាប់ពីបានឮពាក្យក្នុងសៀវភៅ ឬព្រះគម្ពីរនេះ ?
យ៉ូសៀសបានសម្រេចព្រះទ័យអានសៀវភៅនេះដល់ប្រជារាស្រ្តនៅក្រុងយេរូសាឡិមទាំងអស់ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២២:១៤–២០; ២៣:១–២ ) ។
អ្នកអាចជួយសិស្សឲ្យមើលឃើញពីអ្វីដែលពួកគេបានអានដោយការមើល « Josiah and the Book of the Law » ( ១២:២៥ ) ចាប់ពីនាទីទី ៧:០២ ដល់ ៨:៣៧ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមអាន ពង្សាវតារក្សត្រ ទី២ ២៣:១–៣ ដោយរកមើលឥទ្ធិពលដែលការអានព្រះគម្ពីរមានលើយ៉ូសៀស និងប្រជារាស្រ្តរបស់ទ្រង់ ។ សូមពិចារណាគូសសម្គាល់អ្វីដែលអ្នករកឃើញ ។
-
តើយើងអាចរៀនអ្វីបានខ្លះពីខគម្ពីរទាំងនេះ អំពីឥទ្ធិពលនៃការសិក្សាព្រះគម្ពីរនៅក្នុងជីវិតរបស់យើង ?
នៅក្នុងចំណោមការយល់ដឹងដែលសិស្សចែកចាយ ពួកគេអាចរកឃើញថា ការសិក្សាព្រះគម្ពីរអាចជួយយើងងាកទៅរកព្រះអម្ចាស់អស់ពីដួងចិត្តរបស់យើង ។ ការណ៍នេះអាចសរសេរនៅលើក្ដារខៀន និងយោងនៅក្នុងមេរៀននេះទាំងមូល ។
ដើម្បីយល់កាន់តែច្បាស់ពីគោលការណ៍នេះ សិស្សអាចបំពេញចំណុចខាងក្រោមជាមួយដៃគូ ។ សិស្សម្នាក់ៗអាចសិក្សាខគម្ពីរមួយសំណុំ ។ បន្ទាប់មក ដៃគូអាចចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានរៀន និងពិភាក្សាអំពីសំណួរដែលភ្ជាប់មកជាមួយ ។
កាលដែលយ៉ូសៀស និងប្រជារាស្រ្តរបស់ទ្រង់បានរៀនចេញពីព្រះគម្ពីរ ហើយងាកទៅរកព្រះអម្ចាស់វិញ នោះពួកគេត្រូវបានបំផុសគំនិតឲ្យធ្វើការផ្លាស់ប្ដូរក្នុងជីវិតរបស់ពួកគេ ។ សូមអានខគម្ពីរដែលបានចាត់ឲ្យដល់អ្នក ដោយរកមើលការផ្លាស់ប្ដូរដែលពួកគេបានធ្វើ ។
សិស្សទី ១
ពង្សាវតារក្សត្រ ទី២ ២៣:៤, ២៤
-
ហេតុអ្វីអ្នកគិតថា ប្រជារាស្រ្តត្រូវបំផ្លាញរូបសំណាក ទាំងអស់ របស់ពួកគេដើម្បីងាកទៅរកព្រះអម្ចាស់ អស់ពី ដួងចិត្តរបស់ពួកគេ ?
-
តើការសិក្សាព្រះគម្ពីរអាចជួយយើងឲ្យងាកចេញពីឥទ្ធិពលអាក្រក់នៅក្នុងជីវិតរបស់យើងដោយរបៀបណា ?
សិស្សទី ២
ពង្សាវតារក្សត្រ ទី២ ២៣:២១–២២
-
តើយ៉ូសៀស និងប្រជារាស្រ្តរបស់ទ្រង់បានធ្វើតាមទំនៀមទម្លាប់សាសនាអ្វីខ្លះម្តងទៀត បន្ទាប់ពីការអានព្រះគម្ពីរ ?
-
តើការសិក្សាព្រះគម្ពីរអាចជួយយើងចងចាំព្រះអង្គសង្គ្រោះ ហើយរស់នៅតាមដំណឹងល្អរបស់ទ្រង់ដោយរបៀបណា ?
អ្នកអាចបញ្ចប់ដំណើររឿងរបស់យ៉ូសៀស ដោយការមើល « Josiah and the Book of the Law » ចាប់ពីនាទីទី ៨:៣៧ ដល់ ១០:២០ ។
ការចែកចាយរបស់សិស្ស
មេរៀនផ្នែកនេះត្រូវតាក់តែងឡើងសម្រាប់ការឆ្លុះបញ្ចាំង និងការចែកផ្ទាល់ខ្លួន ។ សិស្សអាចចែកចាយពីរបៀបដែលបទគម្ពីរបានជួយ ( ឬអាចជួយ ) ពួកគេងាកទៅរកព្រះអម្ចាស់ ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ១៨៩៥–១៩៨៥ ) បានបង្រៀនអំពីឥទ្ធិពលនៃការសិក្សាព្រះគម្ពីរដែលមានក្នុងជីវិតរបស់លោក ៖
ខ្ញុំឃើញថា នៅពេលខ្ញុំបង្ហាញទំនាក់ទំនងមិនសូវហ្មត់ចត់ជាមួយនឹងព្រះ ហើយកាលវាហាក់ដូចជាថាគ្មានព្រះកំពុងស្តាប់ ហើយគ្មានព្រះបន្ទូលមកកាន់ខ្ញុំទេ នោះខ្ញុំឃ្លាតពីទ្រង់កាន់តែឆ្ងាយទៅៗហើយ ។ ប្រសិនបើខ្ញុំដាក់ខ្លួនខ្ញុំនៅក្នុងការសិក្សាព្រះគម្ពីរ នោះការឃ្លាតឆ្ងាយនឹងរួមតូច ហើយព្រះវិញ្ញាណនឹងត្រឡប់មកវិញ ។ ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ២០០៦ ] ទំព័រ ៦៧ )
សូមស្វែងរកវគ្គបទគម្ពីរដែលបានជួយ ( ឬអាចជួយ ) អ្នកងាកទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ វាអាចមកពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬការសិក្សាជាគ្រួសាររបស់អ្នក ឬមេរៀនថ្នាក់សិក្ខាសាលាពីមុន ឬវាអាចជាវគ្គចំណេះចំណានខាងគោលលទ្ធិ ។ រៀបចំចែកចាយដូចខាងក្រោម ៖
-
តើវគ្គបទគម្ពីរនេះបានជួយ ( ឬវាអាចជួយ ) អ្នកងាកទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយអស់ពីចិត្តដោយរបៀបណា ?
នៅពេលសិស្សត្រៀមខ្លួនចែកចាយជាស្រេច សូមអញ្ជើញសិស្សគ្រប់គ្នាឲ្យសរសេរវគ្គបទគម្ពីររបស់ពួកគេនៅលើក្ដារខៀនជុំវិញសេចក្តីពិតដែលពួកគេបានស្វែងរកមុននេះ ។ សុំឲ្យអ្នកស្ម័គ្រចិត្ដជាច្រើននាក់អានវគ្គបទគម្ពីររបស់ពួកគេ ហើយចែកចាយការយល់ដឹង ឬបទពិសោធន៍របស់ពួកគេ ។ បើចាំបាច់ អ្នកក៏អាចចែកចាយវគ្គបទគម្ពីរដែលបានជួយអ្នកឲ្យងាកទៅរកព្រះអម្ចាស់ផងដែរ ។
សូមពិចារណាចង្អុលទៅវគ្គបទគម្ពីរនៅលើក្ដារខៀនដែលមិនបានចែកចាយ ។ អ្នកអាចសួរថាតើសិស្សដែលបានសរសេរវគ្គបទគម្ពីរទាំងនេះនឹងស្ម័គ្រចិត្តការចែកចាយដែរឬទេ ។ ឬអ្នកអាចអញ្ជើញសិស្សក្នុងថ្នាក់ឲ្យអានវគ្គបទគម្ពីរ ហើយពិភាក្សាអំពីរបៀបដែលវាអាចជួយយើងងាកទៅរកព្រះអម្ចាស់ ។
នៅពេលសិស្សចែកចាយ អ្នកអាចសួរសំណួរតាមដាន ដើម្បីលើកទឹកចិត្តឲ្យមានការពិភាក្សាក្នុងថ្នាក់ ។ ឧទាហរណ៍ អ្នកអាចសួរថា « តើមាននរណាផ្សេងទៀតដែលមានបទពិសោធន៍ទាក់ទងនឹងវគ្គបទគម្ពីរនេះដែរឬទេ ? តើអ្នកនឹងស្ម័គ្រចិត្តចែកចាយដែរឬទេ ? » ឬ « តើគំនិត និងអារម្មណ៍អ្វីដែលអ្នកបានមាននៅពេលអ្នកចែកចាយជាមួយគ្នាទៅវិញទៅមក ? »
គោលដៅសិក្សាព្រះគម្ពីរ
សូមពិចារណាចែកចាយសក្ខីភាពរបស់អ្នកថា សិស្សរបស់អ្នកអាចមានបទពិសោធន៍ស្រដៀងគ្នានឹងយ៉ូសៀសដែរ នៅពេលទ្រង់សិក្សាព្រះគម្ពីរ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២៣:២៥ ) ។ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលឡើងវិញនូវគោលដៅសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងការរីកចម្រើនរបស់ពួកគេក្នុងការអានជំពូកនៃព្រះគម្ពីរសញ្ញាចាស់ដែលបានចាត់ដល់ពួកគេ ។ សូមផ្តល់ពេលឲ្យសិស្សដើម្បីជញ្ជឹងគិតអំពីសំណួរខាងក្រោម ៖
-
តើអ្នកមានអារម្មណ៍ថាគោលដៅសិក្សាព្រះគម្ពីរបច្ចុប្បន្នរបស់អ្នកកំពុងជួយអ្នកឲ្យងាកទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទាំងស្រុងដែរឬទេ ? បើដូច្នេះ តើអ្នកបានឃើញរឿងនេះកើតឡើងដោយរបៀបណា ? បើមិនអ៊ីចឹងទេ តើអ្នកនឹងកែប្រែអ្វីខ្លះ ?
-
តើបទពិសោធន៍ដ៏មានអត្ថន័យអ្វីខ្លះដែលអ្នកមានទាក់ទងនឹងការអានជំពូកនៃព្រះគម្ពីរសញ្ញាចាស់ដែលបានចាត់ដល់អ្នក ? តើអ្នកនឹងធ្វើអ្វីដើម្បីធានាថា អ្នកបានបំពេញអំណានដែលបានចាត់ដល់អ្នក ?
សូមលើកទឹកចិត្តសិស្សឲ្យបន្តការខិតខំសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ពួកគេ ។