« ចោទិយកថា ១៥ ៖ ‹ ត្រូវឲ្យលាដៃដល់គេវិញជាកុំខាន › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ចោទិយកថា ១៥ ៖ ‹ ត្រូវឲ្យលាដៃដល់គេវិញជាកុំខាន › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ ៖ មេរៀនទី ៦០
ចោទិយកថា ១៥
« ត្រូវឲ្យលាដៃដល់គេវិញជាកុំខាន »
បទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះចំពោះសាសន៏អ៊ីស្រាអែលនៅក្នុងចោទិយកថា រួមមានការលើកលែងឲ្យកូនបំណុល ប្រោសលែងបាវបម្រើ និងការសម្រាលបន្ទុករបស់អ្នកក្រ ។ ក្នុងនាមជារាស្ដ្ររបស់ទ្រង់ យើងក៏មានការទទួលខុសត្រូវលើសេចក្ដីសញ្ញាដើម្បីចែកចាយដោយសេរីនូវអ្វីដែលព្រះអង្គសង្គ្រោះបានប្រទានដល់យើង ដើម្បីសម្រាលបន្ទុករបស់អ្នកក្រផងដែរ ។ មេរៀននេះអាចជួយសិស្សទទួលអារម្មណ៍ថាមានបំណងដ៏ធំមួយដើម្បីធ្វើតាមបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះក្នុងការចែកចាយអ្វីដែលទ្រង់បានប្រទានដល់ពួកគេ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យច្រៀងទំនុកចម្រៀងនៃទំនុកតម្កើងព្រះបទ« ព្រោះខ្ញុំត្រូវបានផ្ដល់ពរច្រើន » ( ទំនុកតម្កើង ល.រ. ១៣៤ ) ឬ ម៉ាថាយ ២៥:៣១–៤០ ។ សិស្សអាចទូលសូមព្រះវរបិតាសួគ៌ឲ្យជួយពួកគេឃើញពីរបៀបដែលពួកគេអាចចែកចាយជាមួយអ្នកដទៃនូវអ្វីដែលទ្រង់បានប្រទានដល់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អ្នកដើរតាមពិតប្រាកដរបស់ព្រះយេស៊ូវគ្រីស្ទ
ដើម្បីចាប់ផ្តើមថ្នាក់ សូមពិចារណាអំពីការដាក់បង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទដែលចូលចិត្ត ។ អ្នកអាចសរសេរសេចក្តីថ្លែងការណ៍មិនពេញលេញខាងក្រោមពីប្រធាន ណិលសុន នៅលើក្ដារខៀន ។ អ្នកអាចចង្អុលបង្ហាញថា អាចមានរបៀបត្រឹមត្រូវជាច្រើនដើម្បីបញ្ចប់សេចក្តីថ្លែងការណ៍នេះ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
របៀបដ៏ងាយបំផុតមួយដើម្បីស្គាល់អ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ គឺ ។ ( « ត្រូវការអ្នកដែលផ្សះផ្សាគេ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៩៨ )
-
តើមានរបៀបណាខ្លះដែលយើងអាចបំពេញសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
បន្ទាប់ពីសិស្សឆ្លើយតបហើយ សូមអញ្ជើញពួកគេឲ្យចែកចាយពីមូលហេតុដែលពួកគេមានអារម្មណ៍ថា ការឆ្លើយតបរបស់ពួកគេ បំពេញសេចក្តីថ្លែងការណ៍នោះ ។ អ្នកអាចសរសើរ និងបញ្ជាក់នូវអ្វីដែលសិស្សចែកចាយ ។ បន្ទាប់មក សូមដាក់បង្ហាញសេចក្ដីថ្លែងការណ៍ដែលពេញលេញរបស់ប្រធាន ណិលសុន។
របៀបដ៏ងាយបំផុតមួយដើម្បីស្គាល់អ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ គឺ មើលថាតើបុគ្គលនោះប្រព្រឹត្តចំពោះមនុស្សដទៃដោយចិត្តអាណិតអាសូរប៉ុនណា ។ ( « ត្រូវការអ្នកដែលផ្សះផ្សាគេ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៩៨ )
-
ហេតុអ្វីការណ៍នេះជារបៀបដ៏ល្អក្នុងការស្វែងរកអ្នកដើរតាមពិតប្រាកដរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើរបៀបណាខ្លះដែលពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ អាចប្រព្រឹត្តចំពោះមនុស្សដោយចិត្តអាណិតអាសូរ ?
ដើម្បីជួយសិស្សវាយតម្លៃថាតើពួកគេប្រព្រឹត្តចំពោះអ្នកដទៃនាពេលបច្ចុប្បន្ននេះបានល្អប៉ុនណា អ្នកអាចចែកចាយសេចក្តីថ្លែងការណ៍មួយចំនួន ឬទាំងអស់ខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យពិចារណាថាតើសេចក្តីថ្លែងការណ៍នីមួយៗអនុវត្តចំពោះពួកគេបានល្អប៉ុនណា ។
-
របៀបដែលខ្ញុំប្រព្រឹត្តចំពោះអ្នកដទៃបង្ហាញថាខ្ញុំជាអ្នកធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
-
ខ្ញុំមានសេចក្ដីអាណិតអាសូរចំពោះអ្នកដទៃ ហើយចង់ធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីជួយពួកគេ ។
-
ខ្ញុំមានឆន្ទៈចែកចាយអ្វីដែលព្រះអម្ចាស់បានប្រទានដល់ខ្ញុំជាមួយអ្នកដទៃ ។
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យទទួលអារម្មណ៍ពីសារៈសំខាន់នៃការធ្វើតាមបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះតាមរបៀបដែលអ្នកប្រព្រឹត្តចំពោះមនុស្សផ្សេងទៀត ។
ការមើលថែដល់អ្នកខ្វះខាត
មុនពេលសិស្សអានវគ្គបទគម្ពីរខាងក្រោម អ្នកអាចពន្យល់ថា ដោយជាផ្នែកនៃការណែនាំដែលផ្ដល់ឲ្យនៅក្នុងចោទិយកថា ព្រះអម្ចាស់បានបញ្ជាថាបំណុលទាំងអស់ត្រូវបានលើកលែងរាល់ឆ្នាំទីប្រាំពីរ ។
សូមអាន ចោទិយកថា ១៥:៧–១១ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់ចង់ឲ្យយើងប្រព្រឹត្តចំពោះមនុស្សជុំវិញយើង ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
នៅពេលសិស្សចែកចាយ សូមជួយពួកគេស្គាល់សេចក្តីពិត ដូចជា ព្រះអម្ចាស់បញ្ជាយើងឲ្យចែកចាយពរជ័យដែលទ្រង់បានប្រទានឲ្យយើង ។
វាអាចមានប្រយោជន៍ក្នុងការប្រើវត្ថុសាមញ្ញក្នុងមេរៀន ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យរបស់វា « ត្រូវឲ្យឯងលាដៃដល់គេវិញជាកុំខាន » ទៅអ្នកដទៃ ( ខទី ៨ និង ១១ ) ។ ដើម្បីធ្វើដូច្នេះ អ្នកអាចមានគ្រាប់ធញ្ញាជាតិស្ងួត សណ្តែក ឬស្ករគ្រាប់តូចៗមួយចានគោមនៅខាងមុខបន្ទប់ ។ សូមអញ្ជើញសិស្សពីរនាក់ឲ្យបង្ហាញឃ្លានេះ ។ សិស្សម្នាក់អាចចាប់វត្ថុមួយក្តាប់តូច ហើយកាន់វាលើដៃសិស្សម្នាក់ទៀត ។ សុំឲ្យសិស្សលាដៃរបស់ពួកគេ « បន្តិច » បន្ទាប់មក « បន្តិចទៀត » ដើម្បីអនុញ្ញាតឲ្យអាហារមួយចំនួនតូចធ្លាក់ទៅក្នុងដៃរបស់សិស្សផ្សេងទៀត ។ ជាចុងក្រោយ សូមអញ្ជើញសិស្សឲ្យអាន ខទី ៨ ម្តងទៀត ហើយឲ្យសិស្សបង្ហាញមេរៀនដែលប្រើវត្ថុ « ត្រូវឲ្យឯងលាដៃដល់គេវិញ » ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលយើងត្រូវលាដៃរបស់យើងសន្ធឹង ក្នុងការមើលថែជនក្រីក្រ ?
-
តើយើងអាចរៀនអ្វីខ្លះអំពីការបង្រៀនរបស់ព្រះអង្គសង្រ្គោះចេញពីបទបញ្ញត្តិរបស់ទ្រង់ ? តើទ្រង់លាព្រះហស្ដរបស់ទ្រង់សន្ធឹងមកកាន់យើងដោយរបៀបណា ?
-
តើយើងអាចត្រូវល្បួងឲ្យក្តាប់ដៃរបស់យើងពីជនក្រីក្រដោយរបៀបណា ?
មុនពេលសិស្សអានវគ្គបទគម្ពីរខាងក្រោម អ្នកអាចពន្យល់ថា ព្រះអម្ចាស់ក៏បានបញ្ជាថា រាល់ប្រាំពីរឆ្នាំម្តង អស់បាវបម្រើណាដែលចង់មានសេរីភាព ត្រូវតែប្រោសលែងឲ្យរួចពីសេវកភាព ។
សូមអាន ចោទិយកថា ១៥:១២–១៥ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់បានប្រាប់សាសន៏អ៊ីស្រាអែលថា ពួកគេគួរតែប្រព្រឹត្តយ៉ាងណាចំពោះបាវបម្រើដែលចង់រួចពីសេវកភាព ។
-
តាមអ្វីដែលអ្នកបានរៀនអំពីសាសន៏អ៊ីស្រាអែល តើពួកគេបានជាប់ក្នុងសេវកភាពខាងរូបកាយ និងខាងវិញ្ញាណដោយរបៀបណា ? តើនរណាម្នាក់អាចជាប់សេវកភាពខាងវិញ្ញាណនៅសព្វថ្ងៃនេះដោយរបៀបណា ?
-
តើការចងចាំពីរបៀបដែលព្រះអង្គសង្គ្រោះបានរំដោះយើងចេញពីសេវកភាពខាងវិញ្ញាណ និងខាងរូបកាយ មានឥទ្ធិពលលើរបៀបដែលយើងប្រព្រឹត្តចំពោះអ្នកដទៃដោយរបៀបណា ?
« តើយើងទាំងអស់គ្នានេះ ពុំមែនជាអ្នកសុំទានទេឬ ? »
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីសភាពរបស់ក្មេងវ័យជំទង់ម្នាក់ដែល « ក្រីក្រ » មិនត្រឹមតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខាងវិញ្ញាណ ខាងរាងកាយ ខាងអារម្មណ៍ និងខាងសង្គមផងដែរ ។
-
តើយើងអាចលាដៃរបស់យើងសន្ធឹងចំពោះនរណាម្នាក់ដែលខ្វះខាតតាមរបៀបនីមួយៗទាំងនេះដោយរបៀបណា ?
សូមប្រើឧបករណ៍សិក្សាព្រះគម្ពីរ ដើម្បីស្វែងរកវគ្គបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ពីអ្នកដឹកនាំសាសនាចក្រ ដែលអាចជួយនរណាម្នាក់ឲ្យធ្វើតាមបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះ ដើម្បីមើលថែជនក្រីក្រ ។
ប្រសិនបើសិស្សត្រូវការជំនួយបន្ថែម អ្នកអាចណែនាំវគ្គបទគម្ពីរដូចជា លូកា ៦:៣០–៣៨; ម៉ូសាយ ៤:១៦–២៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១០៤:១៥–១៨; ម៉ូសាយ ៧:១៨ ។ សិស្សក៏អាចស្វែងរកបណ្ណាល័យដំណឹងល្អសម្រាប់ពាក្យដូចជា « ក្រីក្រ » ផងដែរ ។
បន្ទាប់ពីសិស្សមានពេលស្វែងរកបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍មួយហើយ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញជាមួយដៃគូ ឬក្នុងក្រុមតូចមួយ ។ សិស្សក៏អាចពិភាក្សាសំណួរខាងក្រោមផងដែរ ។
-
តើបទគម្ពីរ ឬសេចក្តីថ្លែងការណ៍នេះអាចអនុវត្តចំពោះរបៀបដែលយើងមើលថែជន « ក្រីក្រ » ខាងហិរញ្ញវត្ថុ ខាងវិញ្ញាណ ខាងរាងកាយ ខាងអារម្មណ៍ ឬខាងសង្គមដោយរបៀបណា ?
-
តើពេលណាដែលអ្នកមានបទពិសោធន៍ទទួលបានពរដោយសារចិត្តសប្បុរសរបស់អ្នកដទៃ ?
ដើម្បីជួយសិស្សបង្កើនបំណងប្រាថ្នារបស់ពួកគេឲ្យមានចិត្តសប្បុរសចំពោះអ្នកដទៃ អ្នកអាចបង្ហាញវីដេអូ « The Coat » ( ២:០៧ ) ចេញពីបណ្ណាល័យដំណឹងល្អ ។ អ្នកអាចពន្យល់សិស្សថា ដំណើររឿងនេះពិពណ៌នាអំពីបទពិសោធន៍កុមារភាពរបស់ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ។ សូមពិចារណាផ្អាកវីដេអូនេះបន្ទាប់ពីកុមារ ហ៊ីប៊ើរ បានឃើញក្មេងប្រុសម្នាក់គ្មានអាវរងារជាលើកដំបូង ។ សូមអញ្ជើញសិស្សឲ្យមើល ចោទិយកថា ១៥:៧–៨ ហើយចែកចាយអ្វីដែល ហ៊ឺប៊ើរ អាចធ្វើ ប្រសិនបើគាត់ត្រូវ « លាដៃរបស់គាត់វិញជាកុំខាន » និងរបៀបដែលព្រះអម្ចាស់អាចប្រទានពរដល់គាត់ចំពោះចិត្ដសប្បុរសរបស់គាត់ ។ បន្ទាប់មកមើលវីដេអូដែលនៅសេសសល់ ។
បង្កើនបំណងប្រាថ្នារបស់យើងក្នុងការចែកចាយជាមួយអ្នកដទៃ
សូមអាន ម៉ាថាយ ២៥:៣១–៤០ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះមានព្រះទ័យចំពោះការខិតខំរបស់យើងដើម្បីមើលថែដល់ជនដែលខ្វះខាត ។
សូមពិចារណាអញ្ជើញសិស្សឲ្យអានពាក្យ ឬច្រៀងទំនុកតម្កើង « ព្រោះខ្ញុំត្រូវបានផ្ដល់ពរច្រើន » ( ទំនុកតម្កើង ល.រ. ១៣៤ ) ។ សូមអញ្ជើញពួកគេឲ្យរកមើលពាក្យ និងឃ្លានៅក្នុងអត្ថបទចម្រៀង ដែលជួយពួកគេទទួលអារម្មណ៍ពីសារៈសំខាន់នៃបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះដើម្បីចែកចាយដោយសប្បុរសជាមួយអ្នកដទៃ ។
មុនពេលចែកចាយសំណួរខាងក្រោម អ្នកអាចរំឭកសិស្សអំពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន តាំងពីដើមមេរៀន ។ ការរំឭកសិស្សអំពីសេចក្តីថ្លែងការណ៍នេះអាចជួយពួកគេភ្ជាប់សេចក្តីពិតដែលពួកគេបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះទៅនឹងប្រសាសន៍របស់ព្យាការី ។ ( សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីការអញ្ជើញដែលជួយភ្ជាប់សិស្សទៅនឹងប្រសាសន៍របស់ព្យាការី សូមមើល « បង្រៀនចេញពីព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយ »នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ) ។
សិស្សអាចឆ្លើយនឹងសំណួរដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានរៀន ឬមានអារម្មណ៍អ្វីខ្លះនៅថ្ងៃនេះ ដែលបានជួយបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីក្លាយជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដ៏ពិតតាមរយៈការផ្តល់ឲ្យដោយចិត្តសប្បុរសដល់មនុស្សដទៃ ?
-
តើអ្នកមានការបំផុសគំនិតឲ្យធ្វើអ្វីខ្លះ ?
សូមពិចារណាចែកចាយពេលវេលាមួយដែលជីវិតរបស់អ្នកត្រូវបានប្រទានពរឲ្យតាមរយៈចិត្តសប្បុរសរបស់មនុស្សដទៃ ជាអ្នកដែលបានខំព្យាយាមធ្វើជាអ្នកដើរតាមពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ ក្នុងការស្វែងរកនរណាម្នាក់ដើម្បីបម្រើ និងរបៀបធ្វើវា ។