ថ្នាក់​សិក្ខាសាលា
និក្ខមនំ ១២–១៣ ផ្នែក​ទី ១ ៖ បុណ្យរំលង​របស់​ព្រះអម្ចាស់


« និក្ខមនំ ១២–១៣ ផ្នែក​ទី ១ ៖ បុណ្យរំលង​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« និក្ខមនំ ១២–១៣ ផ្នែក​ទី ១ ៖ បុណ្យរំលង​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

និក្ខមនំ ៧–១៣ ៖ មេរៀនទី ៤២

និក្ខមនំ ១២–១៣ ផ្នែក​ទី ១

បុណ្យរំលង​របស់​ព្រះអម្ចាស់

អាហារ​យប់​ថ្ងៃ​បុណ្យ​រំលង

ដើម្បី​រំដោះ​ពួកសាសន៏​អ៊ីស្រាអែល ព្រះយេហូវ៉ា ( ព្រះយេស៊ូវគ្រីស្ទ ) បាន​បញ្ជូន​សេចក្តីវេទនា​ចុងក្រោយ​មួយ ពោល​គឺ​សេចក្ដីស្លាប់​ដល់​កូនច្បង​ទាំងអស់​នៅ​ស្រុក​អេស៊ីព្ទ ។ ក្រោយមកទ្រង់​បាន​ប្រទាន​ការបង្គាប់ ដើម្បីឲ្យ​សេចក្តីវេទនា​នោះ​អាច « រំលង » ជន​ណា​ដែល​ទុកចិត្ត​លើ​ទ្រង់​ដោយ​គោរពប្រតិបត្តិ ( សូម​មើល និក្ខមនំ ១២:១៣ ) ។ ព្រះយេស៊ូវគ្រីស្ទ​បាន​រៀបចំ​ម្ហូបអាហារ​សម្រាប់​បុណ្យរំលង ជាការរំឭក​នូវ​និមិត្តរូប​នៃ​អំណាច​សង្គ្រោះ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​របស់​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ការ​រៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​និមិត្តរូប​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​ពួកគេ​បាន​សិក្សា​កន្លង​មក ។ សូម​ស្នើ​ឲ្យ​ពួកគេ​ពិចារណា​អំពី​អ្វី​ដែល​និមិត្តរូប​ទាំងនោះ​បង្រៀន​អំពី​ទ្រង់ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​និមិត្តរូប​មួយ ហើយ​ពន្យល់​ដល់​នរណា​ម្នាក់​អំពី​អ្វី​ដែល​វា​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

សេចក្ដី​ត្រូវការ​នូវ​ការជួយសង្គ្រោះ

សូម​ពិចារណា​ចាប់ផ្តើម​បង្រៀន​ដោយ​អាន ឬ​សង្ខេប​ដំណើររឿង​អំពី​នរណាម្នាក់​ដែល​ជាប់​គាំង ហើយ​មិន​អាច​ដោះលែង​ខ្លួនឯង​បាន ។ ដំណើររឿង​ខាងក្រោម​គឺជា​របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ ។ ( សម្រាប់​ព័ត៌មាន​លម្អិត សូម​មើល « បន្ទាត់​ពេលវេលា ៖ ការសង្គ្រោះ​នៅ​រូងភ្នំ​ប្រទេសថៃ ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ័យ​ស្លន់ស្លោ​រយៈពេល ១៧ ថ្ងៃ » ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩ នៅលើ​គេហទំព័រ reuters.com )

កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨ សមាជិក​ចំនួន ១២ នាក់នៃ​ក្រុម​បាល់ទាត់​យុវជន​មួយ ដែល​មាន​អាយុ​ពី ១១ ដល់ ១៦ ឆ្នាំ និង​ជំនួយការ​គ្រូបង្វឹក​អាយុ ២៥ ឆ្នាំ​របស់​ពួកគេ បានសម្រេចចិត្ត​រុករក​ប្រព័ន្ធ​រូងភ្នំ​ដ៏​សាំញ៉ាំ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេសថៃ បន្ទាប់ពី​ហ្វឹកហាត់​រួច ។ ភ្លាមៗ​ក្រោយពី​ពួកគេ​ចូល​ទៅ មាន​ភ្លៀងធ្លាក់​យ៉ាង​ខ្លាំង​លិច​រូងភ្នំ​នោះ ដែល​ធ្វើ​ឲ្យ​ពួកគេ​ជាប់​នៅខាងក្នុង​ដែលមាន​ចម្ងាយ ៤ គីឡូម៉ែត្រ ( ២,៥ ម៉ាយល៍ ) នៅក្នុង​រូងភ្នំ និង​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍ ។

  • តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​អ្នក​នៅក្នុង​ស្ថានភាព​របស់​ពួកគេ ?

នៅទីបំផុត នា​ថ្ងៃទី​២ ខែ​កក្កដា ក្រុម​អ្នកជំនាញ​មុជទឹក​បាន​រកឃើញ​ក្រុម​យុរជន​នោះ ។ ប៉ុន្តែ​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត បាន​ធ្វើ​ឲ្យ​ការជួយ​សង្គ្រោះ​ភ្លាមៗ​ស្ទើរតែ​មិន​អាច​ធ្វើ​ទៅ​បាន ។ ខណៈពេល​ដែល​ក្រុម​យុវជន និង​គ្រូបង្វឹក​របស់​ពួកគេ​បាន​ទទួល​ជំនួយ​ទ្រទ្រង់​ជីវិត អ្នកជំនាញ​បាន​ពិភាក្សា​អំពី​ជម្រើស​នានា ។ ពួកគេ​អាច​ព្យាយាម​នាំ​ក្រុម​យុវជន​ចេញ​ដោយ​ប្រើ​ឧបករណ៍​មុជ​ទឹក ប៉ុន្តែ​ច្រកផ្លូវ​គឺ​សាំញ៉ាំ​ខ្លាំង និង​ទាមទារ​ជំនាញ​ខ្ពស់ ។ ពួកគេ​ក៏​អាច​ព្យាយាម​ខួង​ទម្លុះ​ថ្ម រកមើល​ច្រកចេញ​ផ្សេង​ទៀត ឬ​រង់ចាំ​ជាច្រើន​ខែ​ដើម្បី​ឲ្យ​ទឹកស្រក ។ ភ្លៀង​រដូវវស្សា​ធ្លាក់​កាន់តែ​ច្រើន ការរំដោះ​ក្រុម​បាល់ទាត់​ចេញ​ពី​រូងភ្នំ​បន្ត​ស្ថិត​នៅក្នុង​ភាពមិន​ច្បាស់ការណ៍ ។

  • តាម​ន័យ​ខាង​ផ្លូវ​វិញ្ញាណ តើ​យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ជាប់​គាំង ឬ​អស់​សង្ឃឹម​យ៉ាង​ដូចម្ដេច ?

សិស្ស​អាច​ចង្អុល​បង្ហាញ​ថា យើង​ទាំងអស់​គ្នា​ត្រូវការ​ជំនួយ​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​រំដោះ​យើង​ពី​អំពើបាប សេចក្តីស្លាប់ និង​ការលំបាក​ផ្សេងទៀត​នៅក្នុង​ជីវិត​របស់​យើង ។

ដើម្បី​ជួយ​សិស្ស​វាយតម្លៃ​ការពឹង​ផ្អែក​របស់​ពួកគេ​លើ​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ជញ្ជឹង​គិត​ពី​អំពើបាប ឬ​ការលំបាក​ណាមួយ​ដែល​អ្នក​កំពុង​ពុះពារ​ជាមួយ​នៅ​ពេល​នេះ ។ សូម​ពិចារណា​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​អំពើ​បាប ឬ​ការលំបាក​ទាំងនេះ ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ខ្ញុំ​ជឿ​អ្វី​ខ្លះ​អំពី​សមត្ថភាព​របស់​ព្រះអម្ចាស់ ក្នុង​ការរំដោះ​ខ្ញុំ​ចេញពី​អំពើបាប​របស់​ខ្ញុំ និង​ការលំបាក​ផ្សេងទៀត​ដែល​ខ្ញុំ​អាច​នឹង​ជួប​ប្រទះ ?

  • តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ និង​មាន​ព្រះហឫទ័យ​ធ្វើ​សម្រាប់​ខ្ញុំ ?

នៅក្នុង​មេរៀន​នេះ អ្នក​នឹង​រៀនសូត្រ​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​រំដោះ​ប្រជាជន​អ៊ីស្រាអែល​ចេញ​ពី​សេវកភាព​នៅក្នុង​ស្រុក​អេស៊ីព្ទ ។ ពេល​អ្នក​សិក្សា សូម​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​យល់​ថា ព្រះអង្គសង្គ្រោះ​ក៏​ជា​អង្គរំដោះ​អ្នក​ផងដែរ ។

និមិត្តរូប​នៃ​បុណ្យរំលង

អ្នក​អាច​សុំ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រើ​សេចក្តីវេទនាទាំង​ប្រាំបួន ដើម្បី​ឲ្យ​ពួកសាសន៍​អ៊ីស្រាអែល និង​សាសន៍​អេស៊ីព្ទ​ជឿ​ថា ទ្រង់​គឺជា​ព្រះ ។

សូម​អាន និក្ខមនំ ១១:៤–៦ ដោយ​រកមើល​សេចក្តីវេទនា​ទី ១០ និង​ចុងក្រោយ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួកសាសន៍​អ៊ីស្រាអែល​ថា ប្រសិនបើ​ពួកគេ​គោរព​ប្រតិបត្តិ​តាម​ការបង្គាប់​របស់​ទ្រង់​ដោយ​ស្មោះត្រង់ នោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គ្រោះកាច​នោះ « រំលង » ពួកគេ ហើយ​កូនច្បង​របស់​ពួកគេ​នឹង​មិន​ស្លាប់​ឡើយ ( សូម​មើល និក្ខមនំ ១២:១៣, ២៣ ) ។ ដោយ​ហេតុផល​នេះ​ហើយ ទើប​ព្រះអម្ចាស់​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា បុណ្យរំលង ( សូម​មើល និក្ខមនំ ១២:៤៣ ) ។ ការបង្គាប់​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​អាហារ រួមមាន​អ្វី​ដែល​ត្រូវ​រៀបចំ និង​របៀប​ទទួលទាន ។ ព្រះអង្គសង្គ្រោះ​បាន​ប្រើ​និមិត្តរូប​នៅក្នុង​អាហារ​នៃ​បុណ្យរំលង ដើម្បី​បង្រៀន​ពួកសាសន៍​អ៊ីស្រាអែល​អំពី​អង្គទ្រង់ ។

សូម​ផ្ដល់​សកម្មភាព​មួយ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ការបង្គាប់​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកសាសន៍​អ៊ីស្រាអែល សម្រាប់​អាហារ​នៃ​បុណ្យរំលង ។ សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​ផងដែរ​នូវ​អ្វី​ដែល​សេចក្តីណែនាំ​ទាំងនេះ​អាច​បង្រៀន​អំពី​ព្រះអម្ចាស់ និង​ការរំដោះ​ដែល​ទ្រង់​ប្រទាន​ឲ្យ ។​ អ្នក​អាច​បង្កើត​តារាង​មួយ​នៅលើ​ក្តារខៀន​ដែល​មាន​ចំណងជើង​ដូច​ខាងក្រោម ។ សិស្ស​អាច​ចម្លង​តារាង​នោះ​ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ហើយ​បំពេញ​វា​ជា​ក្រុម​តូចៗ ។ ចម្លើយ​ដែល​អាច​មាន​ត្រូវ​បាន​បញ្ចូល​នៅ​ទីនេះ សម្រាប់​ជា​សេចក្ដីយោង​របស់​អ្នក ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​បំពេញ​ធាតុ​មួយ ដើម្បី​បង្កើត​គំរូ​នៃ​របៀប​ដែល​សិស្ស​អាច​បំពេញ​តារាង​ក្នុង​ក្រុម​របស់​ពួកគេ ។

សូម​សិក្សា និក្ខមនំ ១២:៣–៨, ១៥, ២១–២៣ ហើយ​បំពេញ​តារាង​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

តើ​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្តីបង្គាប់​អ្វីខ្លះ​ដល់​ពួកសាសន៍​អ៊ីស្រាអែល ?

តើ​សេចក្តីបង្គាប់​នេះ​អាច​ជា​និមិត្តរូប​អ្វី ?

តើ​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្តីបង្គាប់​អ្វីខ្លះ​ដល់​ពួកសាសន៍​អ៊ីស្រាអែល ?

សម្លាប់​កូនចៀម​ឈ្មោល​ឥតខ្ចោះ​មួយ​ក្បាល ដើម្បី​បរិភោគ ( ៣–៦, ២១ ) ។

តើ​សេចក្តីបង្គាប់​នេះ​អាច​ជា​និមិត្តរូប​អ្វី ?

ព្រះយេស៊ូវគ្រីស្ទ « កូនចៀម​នៃ​ព្រះ » ( យ៉ូហាន ១:៣៦ ) គឺ​ឥតខ្ចោះ ហើយ​បាន​ប្រទាន​ព្រះជន្ម​របស់​ទ្រង់​សម្រាប់​យើង ។

តើ​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្តីបង្គាប់​អ្វីខ្លះ​ដល់​ពួកសាសន៍​អ៊ីស្រាអែល ?

លាប​ឈាម​កូន​ចៀម​នោះ​នៅលើ​ក្រប​ទ្វារ​ផ្ទះ ( ៧, ២២ ) ។

តើ​សេចក្តីបង្គាប់​នេះ​អាច​ជា​និមិត្តរូប​អ្វី ?

ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ការពារ​យើង នៅពេល​យើង​អនុវត្ត​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត​នៅក្នុង​ជីវិត​របស់​យើង ។

តើ​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្តីបង្គាប់​អ្វីខ្លះ​ដល់​ពួកសាសន៍​អ៊ីស្រាអែល ?

បរិភោគ​សាច់​ចៀម​ជាមួយ​បន្លែ​ល្វីង និង​នំបុ័ង​ឥត​ដំបែ ហើយ​យក​ដំបែ ( មេដំបែ ) ចេញ​ពី​ផ្ទះ ( ៨, ១៥ ) ។

តើ​សេចក្តីបង្គាប់​នេះ​អាច​ជា​និមិត្តរូប​អ្វី ?

បន្លែ​ល្វីង គឺជា​ការរំឭក​អំពី​ទាសភាព​ដ៏​ល្វីង​ជូរ​ចត់​របស់​ពួកសាសន៏​អ៊ីស្រាអែល​នៅស្រុក​អេស៊ីព្ទ ហើយ​ប្រៀប​ដូចជា​ភាព​ល្វីង​ជូរ​ចត់​នៃ​អំពើបាប ។

ដំបែ អាច​ធ្វើ​ឲ្យ​នំប៉័ង​ដុះ​ផ្សិត ។ ជា​ផ្នែក​មួយ​នៃ​ការប្រែចិត្ត យើង​អាច​បំបាត់​ពី​ជីវិត​របស់​យើង​នូវ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​យើង​ពុករលួយ ។

នៅពេល​សិស្ស​បញ្ចប់ សូម​ឲ្យ​ពួកគេ​មាន​ឱកាស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ អ្នក​អាច​បង្ហាញ​រូបភាព​នេះ​នៅ​ដើម​មេរៀន ។ សិស្ស​អាច​ចង្អុល​បង្ហាញ​វត្ថុ​នៃ​បុណ្យរំលង​ផ្សេងៗ​ដែល​បង្ហាញ​ក្នុង​រូបភាព​នេះ ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​វត្ថុ​ទាំងនេះ​អាច​ជា​និមិត្តរូប ។

ព្រះយេស៊ូវគ្រីស្ទ​រំដោះ​យើង​ចេញពី​សេចក្តីស្លាប់​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម

សូម​អាន និក្ខមនំ ១២:៥០–៥១; ១៣:៣ ដើម្បី​ឲ្យ​មើលឃើញ​ថា តើ​មាន​អ្វី​កើត​ឡើង នៅ​ពេល​ដែល​ពួកសាសន៏​អ៊ីស្រាអែល​ធ្វើ​បុណ្យរំលង ។

សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអង្គសង្គ្រោះ​រំដោះ​រាស្ដ្ររបស់​ទ្រង់ចេញ​ពី​សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។

សូម​ពន្យល់​ថា បុណ្យ​រំលង តំណាង​ឲ្យ​សេចក្តី​ពិត​នេះ ។ ដោយ​ជា​ផ្នែក​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ មនុស្ស​ទាំងអស់​ត្រូវការ​ការសង្គ្រោះចេញ​ពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម ( ការបំបែកចេញ​នៃ​សាច់ឈាម និង​វិញ្ញាណ សូម​មើល នីហ្វៃទី២ ៩:៦, ១១ ) និង​សេចក្ដីស្លាប់​ខាង​វិញ្ញាណ ( ការបំបែក​ចេញ​ពី​ព្រះ​ដោយសារ​អំពើបាប សូម​មើល ហេលេមិន ១៤:១៦–១៩ ) ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ព្រះចេស្ដា​នៃ​ការសង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ អ្នក​អាច​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ​ខ្លះ​នៅក្នុង​ព្រះគម្ពីរ​មរមន ។ អ្នក​ក៏​អាច​អាន ឬ​សង្ខេប​ពី​ដំណើររឿង​ដែល​នៅ​សល់​របស់​ក្រុម​បាល់ទាត់​ថៃ​ផងដែរ ។

សូម​រំឭក​ដំណើររឿង​កីឡាករ​បាល់ទាត់​ដែល​ជាប់គាំង​ពី​ខាងដើម ។ បន្ទាប់ពី​អស់​រយៈពេល​ជាច្រើន​ថ្ងៃ អ្នកជំនាញ​មកពី​ជុំវិញ​ពិភពលោក​បាន​កំណត់​វិធីសាស្ត្រ​មួយ​សម្រាប់​ការជួយ​សង្គ្រោះ​ពួកគេ ។ អ្នក​ជំនាញ​ខាង​មុជ​ទឹក​បាន​ចូល​ទៅក្នុង​ទឹក​ដ៏​គ្រោះថ្នាក់​នៃ​ប្រព័ន្ធ​រូងភ្នំ​ដ៏​សាំញ៉ាំ​នោះ ហើយ​បាន​រំដោះ​ក្មេងប្រុស​ទាំងនោះ និង​គ្រូបង្វឹក​របស់​ពួកគេ​ចេញពី​រូងភ្នំ​ដែល​លិច​ទឹក​នោះ ។

  • តើ​សកម្មភាព​ទាំងឡាយ​របស់​អ្នក​ជំនាញ​មុជ​ទឹក​អាច​ជា​និមិត្តរូប​នៃ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​សម្រាប់​យើង​យ៉ាង​ដូចម្តេច ?

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​សំខាន់​ចំពោះ​ខ្ញុំ

សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់ និង​ទទួល​អារម្មណ៍​អំពី​សារៈសំខាន់​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការរំដោះ​យើង ។ សូម​បែងចែក​សិស្ស​ជា​គូៗ ។ សូម​អញ្ជើញ​គូ​នីមួយៗ​ឲ្យ​សម្តែងសាច់រឿង​ដូច​ខាងក្រោម​នេះ ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា សិស្ស​របស់​អ្នក​ប្រហែល​ជា​ពិបាក​ស្រមៃ​ថា​ពួកគេ​ជា​ពួកសាសន៏​អ៊ីស្រាអែល​សម័យ​បុរាណ សូម​រំលង​សកម្មភាព​ផ្នែក​នោះ ហើយ​ឲ្យ​ដៃគូ​ទាំងពីរ​ពិភាក្សា​គ្នា​អំពី​សំណួរ​សម្រាប់​យុវវ័យ​សម័យ​ទំនើប ។

ជាគូៗ សូម​ស្រមៃ​ថា ម្នាក់​ក្នុង​ចំណោម​អ្នកទាំងពីរ​គឺជា​យុវវ័យ សាសន៏​អ៊ីស្រាអែល​ដែល​ទើបតែ​ចូលរួម​បុណ្យរំលង​លើក​ទីមួយ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ម្នាក់​ទៀត​ជា​យុវវ័យ​សម័យ​ទំនើប ។ សូម​ប្រើ​សំណួរ​ខាងក្រោម​ដើម្បី​សម្ភាស​គ្នា​ទៅវិញ​ទៅមក ។

សំណួរ​សម្រាប់​យុវវ័យសាសន៏អ៊ីស្រាអែល

  • តើ​អ្នក​នឹង​ពិពណ៌នា​អំពី​បទពិសោធន៍​ក្នុង​សេវកភាព​របស់​អ្នក​មុន​បុណ្យរំលង​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​បាន​រៀនសូត្រ​អ្វីខ្លះ​ចេញពី​បទពិសោធន៍​របស់​អ្នក​នៅ​យប់​នៃ​បុណ្យរំលង ? តើ​ព្រះយេហូវ៉ា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​នឹង​ចែកចាយ​អ្វីខ្លះ​អំពី​ព្រះយេហូវ៉ា​ដល់​មនុស្ស​ដែល​ស្ទាក់ស្ទើរ​ក្នុង​ការដើរ​តាម​ទ្រង់ ?

សំណួរ​សម្រាប់​យុវវ័យ​សម័យ​ទំនើប

  • តើ​អំពើបាប​ស្រដៀង​ទៅនឹង​សេវកភាព​យ៉ាង​ដូចម្ដេច ? តើ​ការសាកល្បង​ស្រដៀង​គ្នា​ទៅនឹង​សេវកភាព​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ចង់​ឲ្យ​អ្នកដទៃ​ដឹង​អ្វីខ្លះ​អំពី​ព្រះចេស្ដា​នៃ​ការសង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ស្វ័យ​វាយតម្លៃ​តាំង​ពី​ដើម​មេរៀន ។ សូម​ឲ្យ​ពួកគេ​ពិចារណា​អំពី​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​បាន​ទទួល​មកពី​ព្រះវិញ្ញាណ​អំពី​ព្រះអង្គសង្គ្រោះ និង​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​រំដោះ​ពួកគេ ។ សិស្ស​អាច​បន្ថែម​ការយល់ដឹង​របស់​ពួកគេ​ទៅនឹង​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ពី​មុន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះចេស្ដា​ដើម្បី​រំដោះ​ដ៏​ធួន​របស់​ទ្រង់ ។