ម៉ាថាយ ៥:៤៨
« ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ »
បន្ទាប់ពីបង្រៀនក្រឹត្យវិន័យមាស និងក្រឹត្យវិន័យជាន់ខ្ពស់ហើយ ព្រះអង្គសង្គ្រោះបានប្រទានបទបញ្ញត្តិមួយអំពីបុគ្គលិកលក្ខណៈរបស់ព្រះវរបិតាសួគ៌ ។ គោលបំណងនៃមេរៀននេះគឺ ដើម្បីជួយអ្នកឲ្យយល់ពីបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះឲ្យ « … បានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃ [ យើង ] ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ » ( ម៉ាថាយ ៥:៤៨ ) ។
ការស្វែងរកជំនួយរបស់ព្រះអម្ចាស់ប្រកបដោយការអធិស្ឋាន នៅពេលអ្នកបង្រៀន ។ ការបង្រៀនដំណឹងល្អគឺជាកិច្ចការរបស់ព្រះអម្ចាស់ ហើយទ្រង់សព្វព្រះទ័យឲ្យអ្នកជោគជ័យក្នុងកិច្ចការនោះ ។ នៅពេលអ្នកអំពាវនាវដល់ទ្រង់រាល់ថ្ងៃ នោះអ្នកនឹងមានអារម្មណ៍ ព្រមទាំងស្គាល់ពីជំនួយរបស់ទ្រង់ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:៥–៨ ) ។
ការរៀបចំរបស់សិស្ស ៖ មុនមេរៀននេះ ប្រសិនបើអាចធ្វើទៅបាន សូមឲ្យសិស្សយករូបថតរបស់ពួកគេកាលពីនៅក្មេងមកកាន់ថា្នក់រៀន ។ វាអាចកាន់តែមានប្រសិទ្ធភាពក្នុងការធ្វើបែបនេះ ដោយឲ្យសិស្សដឹងយ៉ាងហោចណាស់មួយសប្តាហ៍ជាមុន ដើម្បីទទួលបានជំនួយពីឪពុកម្តាយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកបានផ្លាស់ប្ដូរយ៉ាងម៉េចខ្លះ ?
សូមពិចារណាប្រើសំណួរដូចខាងក្រោម ឬស្រដៀងគ្នាមួយចំនួន ដើម្បីជួយសិស្សឲ្យដឹងថា ពួកគេបានធំឡើង និងផ្លាស់ប្តូរយ៉ាងម៉េចខ្លះតាំងពីពួកគេនៅតូចៗមក ។
សូមរករូបភាពមួយ កាលអ្នកនៅក្មេង ឬគិតថា តើអ្នកយ៉ាងម៉េចដែរកាលនៅជាកូនក្មេង ។
-
តើអ្នកបានរីកចម្រើន ឬផ្លាស់ប្តូរខាងរូបរាងកាយ ឬខាងវិញ្ញាណតាំងពីពេលនោះមកយ៉ាងដូចម្តេចខ្លះ ?
-
ហេតុអ្វីបានជាអ្នកគិតថា ការផ្លាស់ប្តូរគឺជារឿងធម្មជាតិ និងជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ?
-
តើអ្នកបានរីកចម្រើនយ៉ាងដូចម្តេចនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីប្រែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? ប្រសិនបើអ្នកមានអារម្មណ៍ថា ការរីកចម្រើនខាងវិញ្ញាណរបស់អ្នកនៅមិនទាន់គ្រប់គ្រាន់ទេ តើមានអ្វីដែលរារាំងអ្នក ហើយតើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីផ្លាស់ប្តូរលំនាំនេះ ?
សូមអាន ម៉ាថាយ ៥:៤៨ ដោយស្វែងរករបៀបដែលព្រះអង្គសង្គ្រោះបានបញ្ចប់ការបង្រៀនរបស់ទ្រង់នៅក្នុង ជំពូកទី ៥ ។ សូមកត់សម្គាល់ថា ពាក្យជាភាសាក្រិកសម្រាប់ បានគ្រប់លក្ខណ៍ ដែលត្រូវបានប្រើនៅក្នុងខគម្ពីរនេះ ក៏អាចត្រូវបានបកប្រែជា « ដែលបានទៅជាគ្រប់ ពេញ [ ឬ ] ពេញលេញ » ( សេចក្ដីយោងដល់បទគម្ពីរទាំងឡាយ ល្អឥតខ្ចោះ ) ។
ចេញពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ៥:៤៨ យើងរៀនថា ព្រះយេស៊ូវគ្រីស្ទបានបញ្ជាឲ្យយើងបានល្អឥតខ្ចោះដូចជាព្រះវរបិតាសួគ៌ ។
-
តើការបង្រៀនណាមួយរបស់ព្រះអង្គសង្គ្រោះចេញពី ម៉ាថាយ ៥ ដែលអ្នកមានអារម្មណ៍បំផុសគំនិតឲ្យអនុវត្តតាមនាពេលនេះ ដើម្បីកាន់តែក្លាយដូចជាព្រះវរបិតាសួគ៌ ? ដោយរបៀបណា ?
សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការចំណាយពេលពីរបីនាទី ដើម្បីរំឭកការបង្រៀននៅក្នុង ម៉ាថាយ ៥ ឡើងវិញ រួមទាំងចេញពីកំណត់ចំណាំណាមួយ ដែលពួកគេបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ ឬកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា អំពីបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះឲ្យបានល្អឥតខ្ចោះ ?
-
តើការយល់ច្រឡំលើបទបញ្ញត្តិនេះ អាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
ការយល់ដឹងពីអត្ថន័យនៃពាក្យថា « ល្អឥតខ្ចោះ »
សូមពិចារណាបំបែកសិស្សជាក្រុមតូចៗ ដើម្បីសិក្សាសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន, អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និងអែលឌើរ ហ្គែរីត ដបុលយូ ហ្គង ។ សេចក្តីថ្លែងការណ៍ទាំងនេះមួយចំនួនអាចត្រូវបានបោះពុម្ព និងបិទនៅជុំវិញបន្ទប់ ឬបង្ហាញតាមវិធីផ្សេងទៀត ។
សូមអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយ ប្រធាន រ័សុល អិម ណិលសុន, អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងអែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយស្វែងរកជំនួយ ឬការលួងលោមនៅក្នុងដំណើររបស់យើង ដើម្បីបានល្អឥតខ្ចោះដូចជាព្រះវរបិតាសួគ៌ ។
នៅក្នុង ម៉ាថាយ ៥:៤៨ ពាក្យ បានគ្រប់លក្ខណ៍ ត្រូវបានបកប្រែពីភាសាក្រិកថា teleios ដែលមានន័យថា « ពេញលេញ » ។ … ទម្រង់ដើមនៃកិរិយាសព្ទគឺ teleiono ដែលមានន័យថា « ដើម្បីឈោងទៅដល់ចុងបំផុត ដើម្បីអភិវឌ្ឍបានពេញលេញ ដើម្បីធ្វើឲ្យបរិបូណ៌ ឬបញ្ចប់ » ។ សូមកត់ចំណាំថា ពាក្យនោះពុំបានសបញ្ជាក់ថា « មានសេរីភាពពីកំហុសឆ្គង » នោះទេ វាសបញ្ជាក់ថា « ការសម្រេចបានគោលបំណងមួយដោយយូរអង្វែង » ។…
… យើងពុំចាំបាច់ស្រងាកចិត្តទេ បើកិច្ចខិតខំដ៏ស្មោះបំផុតរបស់យើងទៅកាន់ភាពល្អឥតខ្ចោះ ក្នុងពេលនេះមើលទៅហាក់ដូចជា [ ពិបាក ] ក្រៃលែង ឬគ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះគឺនៅរង់ចាំការសម្រេច ។ វាអាចបានមកពេញលេញ មានតែបន្ទាប់ពីដំណើររស់ឡើងវិញ និងតាមរយៈព្រះអម្ចាស់ប៉ុណ្ណោះ ។ វារង់ចាំសម្រាប់អស់អ្នកដែលស្រឡាញ់ទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
( រ័សុល អិម ណិលសុន « Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៨ )
បងប្អូនប្រុសស្រីទាំងឡាយ ជាញឹកញាប់យើងគ្រប់គ្នាប្រាថ្នាចង់មានជីវិតដូចជាព្រះគ្រីស្ទជាង យើងទទួលបានជោគជ័យក្នុងការរស់នៅ ។… បើយើងស៊ូទ្រាំ ការចម្រាញ់យើងនឹងត្រូវបានបញ្ចប់ ហើយបំពេញនៅក្នុងភាពអស់កល្បជានិច្ច—ដែលនៅក្នុងព្រះគម្ពីរសញ្ញាថ្មីមានន័យថា ល្អឥតខ្ចោះ ។
ខ្ញុំថ្លែងទីបន្ទាល់ថា ជោគវាសនាដ៏ធំនោះ មានសម្រាប់ពួកយើងតាមរយៈដង្វាយធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ផ្ទាល់បានបន្ដថា « ពីព្រះគុណថែមលើព្រះគុណ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៣ ] រហូតដល់ទ្រង់បានទទួលនៅក្នុងជីវិតអមតៈ ទ្រង់បានទទួលភាពពេញលេញនៃសិរីល្អសេឡេស្ទាលយ៉ាងល្អឥតខ្ចោះ ។
( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤២ )
ពាក្យថា ភាពល្អឥតខ្ចោះ … ពេលខ្លះត្រូវបានគេយល់ច្រឡំថា មានន័យថាជាការគ្មានកំហុសទាល់តែសោះ ។ ប្រហែលជាអ្នក ឬមនុស្សម្នាក់ដែលអ្នកស្គាល់កំពុងខិតខំព្យាយាមយ៉ាងខ្លាំង ដើម្បីមានភាពល្អឥតខ្ចោះតាមរបៀបនេះ ។ ដោយសារភាពល្អឥតខ្ចោះបែបនេះទំនងដូចជាមិនអាចឈោងចាប់បានជានិច្ច ទោះជាយើងខិតខំអស់ពីលទ្ធភាពក្ដី ក៏វាអាចបន្សល់ទុកឲ្យយើងនូវការព្រួយបារម្ភ ការបាក់ទឹកចិត្ត ឬការនឿយហត់ផងដែរ ។ យើងព្យាយាមគ្រប់គ្រងកាលៈទេសៈរបស់យើង និងមនុស្សនៅជុំវិញយើង តែមិនបានជោគជ័យឡើយ ។ យើងព្រួយបារម្ភពីភាពទន់ខ្សោយ និងកំហុស ។ តាមពិតទៅ កាលណាយើងព្យាយាមកាន់តែខ្លាំង នោះយើងកាន់តែមានអារម្មណ៍ថា យើងកាន់តែនៅឆ្ងាយពីភាពល្អឥតខ្ចោះដែលយើងស្វែងរក ។ …
ការយល់ខុសពីអត្ថន័យនៃការបានល្អឥតខ្ចោះបានផ្ដល់លទ្ធផលឲ្យជា ភាពល្អឥតខ្ចោះនិយម—ជាឥរិយាបថ ឬអាកប្បកិរិយាមួយ ដែលយកបំណងប្រាថ្នាដ៏អស្ចារ្យមួយដើម្បីធ្វើល្អ ហើយបង្វែរវាទៅជាការរំពឹងទុកឲ្យបានល្អឥតខ្ចោះ ដែលមិនពិតប្រាកដមួយនៅពេល ឥឡូវនេះ ។ ពេលខ្លះភាពល្អឥតខ្ចោះនិយមផុសចេញមកពីអារម្មណ៍ ដែលមានតែជនល្អឥតខ្ចោះប៉ុណ្ណោះ ដែលសមនឹងទទួលបានសេចក្ដីស្រឡាញ់ ឬថាយើងមិនសមនឹងទទួលបានភាពរីករាយនោះទេ លុះត្រាតែយើងបានល្អឥតខ្ចោះ ។
( ហ្គែរីត ដបុលយូ ហ្គង « Becoming Perfect in Christ » Ensign ខែ កក្កដា ឆ្នាំ ២០១៤ ទំព័រ ១៤–១៥, ១៧ )
សូមចងចាំថា រាល់ការខិតខំរបស់យើងដើម្បីរក្សាបទបញ្ញត្តិ និងការប្រែចិត្តនឹងមិនគ្រប់គ្រាន់ទេ ប្រសិនបើវាមិនមែនសម្រាប់ការលាងសម្អាតអំពើបាប និងការរស់ឡើងវិញពីសេចក្តីស្លាប់ ដែលយើងបានទទួលពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទតាមរយៈដង្វាយធួនរបស់ទ្រង់ទេនោះ ។ ( សូមមើល នីហ្វៃទី២ ២៥:២៣ ; អាលម៉ា ៣៤:៩–១០ ) ។
ប្រសិនបើសិស្សត្រូវការជំនួយបន្ថែមទៀត ដើម្បីយល់ពីបទបញ្ញត្តិដើម្បីបានល្អឥតខ្ចោះ ឬពិបាកយល់ពីគោលគំនិតនៃភាពល្អឥតខ្ចោះនិយម នោះវីដេអូ « Perfectionism: Will I Ever Be Good Enough? » នៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » អាចមានអត្ថប្រយោជន៍ ។
សូមអញ្ជើញសិស្សឲ្យចែករំលែកដល់សិស្សក្នុងថ្នាក់ នូវអ្វីដែលពួកគេបានពិភាក្សាជាមួយក្រុមរបស់ពួកគេ ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងការជួយយើងឲ្យបានល្អឥតខ្ចោះ សូមពិចារណាអាន និងពិភាក្សា មរ៉ូណៃ ១០:៣២ ។
សំណួរពិភាក្សាដែលអាចមាន
សូមពិចារណាជ្រើសរើសសំណួរខាងក្រោមនេះមួយ ឬច្រើនឲ្យសិស្សពិភាក្សា ។ ឬវាអាចមានអត្ថប្រយោជន៍ក្នុងការដាក់បង្ហាញសំណួរទាំងនេះ ឬសំណួរស្រដៀងគ្នានេះ ហើយអញ្ជើញសិស្សឲ្យឆ្លើយសំណួរពីរ ឬច្រើននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់មក សិស្សអាចពិភាក្សារួមគ្នាជាថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។
-
តើពាក្យសម្ដីរបស់ពួកព្យាការីទាំងនេះបង្រៀនយើងអ្វីខ្លះ អំពីអត្ថន័យនៃឃ្លាថា « ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ » ?
-
តើព្យាការីបង្រៀនយើងថា ពាក្យទាំងនេះ មិន មានន័យអ្វីខ្លះ ?
-
តើតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងការជួយយើងឲ្យបានល្អឥតខ្ចោះមានអ្វីខ្លះ ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលផ្តល់ក្តីសង្ឃឹមដល់អ្នកថា នៅថ្ងៃណាមួយ អ្នកនឹងបានល្អឥតខ្ចោះដូចទ្រង់ទាំងទ្វេ ?
-
តើអ្នកកំពុងតែប្រឹងប្រែងធ្វើអ្វីខ្លះខាងវិញ្ញាណ ខាងរាងកាយ ខាងសង្គម ឬខាងបញ្ញា ដើម្បីកាន់តែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមពិចារណាថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ការបង្រៀនរបស់ទ្រង់នៅក្នុង ម៉ាថាយ ៥ និងតួនាទីរបស់ទ្រង់ក្នុងការជួយយើងឲ្យបានល្អឥតខ្ចោះដូចជាព្រះវរបិតាសួគ៌ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើខ្ញុំអាចបានល្អឥតខ្ចោះយ៉ាងដូចម្តេច ?
អែលឌើរ ស្កត់ ឌី វីតធីង នៃក្រុមចិតសិបនាក់ បានបង្រៀន ៖
បទបញ្ញត្តិដែលឲ្យប្រែក្លាយដូចជាទ្រង់ ពុំមានបំណងធ្វើឲ្យបងប្អូនមានអារម្មណ៍ថាខុស មិនស័ក្ដិសម ឬមិនត្រូវបានស្រឡាញ់នោះទេ ។ បទពិសោធន៍នៃជីវិតរមែងស្លាប់ទាំងមូលរបស់យើង គឺអំពីការរីកចម្រើន ការព្យាយាម ការបរាជ័យ និងភាពជោគជ័យ ។…
បងប្អូនល្អគ្រប់គ្រាន់ បងប្អូនត្រូវបានស្រឡាញ់ ប៉ុន្តែនោះមិនមានន័យថា បងប្អូនពេញលេញនៅឡើយទេ ។ មានកិច្ចការដែលត្រូវធ្វើនៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ទៀត ។ មានតែជាមួយនឹងជំនួយដ៏ទេវភាពរបស់ទ្រង់ប៉ុណ្ណោះ ដែលយើងអាចរីកចម្រើនឆ្ពោះទៅកាន់ការប្រែក្លាយដូចជាទ្រង់បាន ។
នៅក្នុងពេលទាំងនេះ « គ្រប់ទាំងអស់ [ បង្ហាញ ] នៅក្នុងស្ថានភាពចលាចល ហើយ … សេចក្ដីភ័យខ្លាច [ ហាក់បីដូចជា ] មានមកលើអស់ទាំងមនុស្ស »[ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៩១ ] ថ្នាំបន្សាបតែមួយគត់ ឱសថតែមួយគត់ គឺពុះពារដើម្បីក្លាយដូចជាព្រះអង្គសង្គ្រោះ ព្រះប្រោសលោះរបស់មនុស្សលោកទាំងអស់ ជាពន្លឺនៃលោកិយ និងដើម្បីស្វែងរកទ្រង់ដែលបានប្រកាសថា « ខ្ញុំជាផ្លូវ » [ យ៉ូហាន ១៤:៦ ] ។
ខ្ញុំដឹងថា ការប្រែក្លាយដូចជាទ្រង់ តាមរយៈជំនួយ និងកម្លាំងដ៏ទេវភាពរបស់ទ្រង់ គឺ អាចសម្រេចទៅបានមួយជំហានម្ដងៗ ។ បើមិនដូច្នោះទេ ទ្រង់នឹងមិនប្រទានដល់យើងនូវបទបញ្ញត្តិនេះទេ [ សូមមើល នីហ្វៃទី១ ៣:៧ ] ។
( ស្កត់ ឌី វីតធីង « Becoming like Him » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៤ )
សកម្មភាពរៀនសូត្របន្ថែម
ជម្រើសដើម្បីចាប់ផ្តើមមេរៀននេះ ៖ ធ្វើអ្វីដែលហាក់ដូចជាមិនអាចធ្វើទៅរួច
សូមជួយសិស្សឲ្យឃើញថា ដោយមានទស្សនវិស័យ ការណែនាំ និងជំនួយត្រឹមត្រូវ អ្វីដែលហាក់ដូចជាមិនអាចធ្វើទៅរួចនោះ គឺអាចធ្វើទៅបាន ។ សូមពិចារណាអនុវត្តសកម្មភាពនេះ ក្នុងពេលរៀបចំមេរៀន មុនពេលប្រើសកម្មភាពនេះនៅក្នុងថ្នាក់ ។
ល្បិចដើរឆ្លងក្រដាស ៖ សូមឲ្យក្រដាសមួយសន្លឹក និងកន្ត្រៃទៅសិស្ស ។ សូមណែនាំពួកគេឲ្យកាត់ជារន្ធមួយធំល្មមនៅលើក្រដាសនោះ ដើម្បីឲ្យពួកគេអាចដើរឆ្លងកាត់ក្រដាសនេះបាន ។ បន្ទាប់ពីអនុញ្ញាតឲ្យពួកគេសាកល្បង ( និងបរាជ័យ ) ហើយ សូមផ្តល់ការណែនាំដូចខាងក្រោម និងក្រដាសថ្មីមួយសន្លឹកដល់ពួកគេ ៖
ជំហានទី ១ ៖ សូមបត់បណ្ដោយក្រដាសជាពីរ ។
ជំហានទី ២ ៖ ដោយដាក់ខាងបត់មករកអ្នក សូមកាត់ក្រដាសនេះជាប្រាំបីចម្រៀកស្មើៗគ្នាជិតទៅដល់ចុងក្រដាស ដោយទុកប្រហែល ១ ស.ម. ( ១/២ អ៊ីញ ) នៅចុងក្រដាស ដើម្បីកុំឲ្យកាត់ដាច់អស់ ។
ជំហានទី ៣ ៖ សូមបែរមុខបត់នោះចេញពីអ្នក ។ សូមកាត់តាមចន្លោះចម្រៀកនោះចំនួនប្រាំពីរដង ហើយទុក ១ ស.ម. ( ១/២ អ៊ីញ ) នៅខាងចុងក្រដាសនោះ កុំឲ្យកាត់ដាច់អស់ ។
ជំហានទី ៤ ៖ សូមបែរមុខបត់មកវិញ ។ ចម្រៀកទាំងប្រាំបីដែលអ្នកបានកាត់នោះប្រទាក់គ្នាទៅជាប្រាំបួនកង់ ។ សូមកាត់កង់ទាំងប្រាំពីរតាមផ្នត់ក្រដាសនោះ ដោយទុកតែ គែមទីមួយ និងគែមចុងក្រោយប៉ុណ្ណោះ ។
ជំហានទី ៥ ៖ សូមលាតក្រដាសនោះដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យវារហែក ។ ឥឡូវ ក្រដាសនេះគួរតែបង្កើតបានជារង្វង់ដ៏ធំមួយ ដែលអ្នកអាចដើរកាត់បាន ។
ការយល់ដឹងអំពីភាពល្អឥតខ្ចោះនិយម
ប្រសិនបើវាមានអត្ថប្រយោជន៍ ហើយមានពេលនៅក្នុងមេរៀននេះ សូមពិចារណាបង្ហាញវីដេអូ « Perfectionism: Will I Ever Be Good Enough? » ( ៤:៣៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាសន៍នីហ្វៃអំពីភាពល្អឥតខ្ចោះ
សូមប្រៀបធៀបអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីការបានល្អឥតខ្ចោះ មុនពេលការរស់ឡើងវិញរបស់ទ្រង់ ( សូមមើល ម៉ាថាយ ៥:៤៨ ) ទៅនឹងរបៀបដែលទ្រង់បានបង្រៀនពីគោលការណ៍នេះ បន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ទៅកាន់ពួកសាសន៍នីហ្វៃ ( សូមមើល នីហ្វៃទី៣ ១២:៤៨ ) ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីការភ្ជាប់ ឬការធ្វើសេចក្ដីយោងទៅខគម្ពីរទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ តាមតម្រូវការ សូមចង្អុលបង្ហាញថា ព្រះអង្គសង្គ្រោះបានបញ្ចូលព្រះអង្គទ្រង់នៅក្នុងការពិពណ៌នាអំពីភាពល្អឥតខ្ចោះទៅកាន់ពួកសាសន៍នីហ្វៃ ។ សូមពិភាក្សាអំពីអ្វីដែលវាបង្រៀនយើង ។
សកម្មភាពសៀវភៅកំណត់ហេតុស្ដីពីទេសនកថានៅលើភ្នំ
ប្រសិនបើសិស្សត្រូវបានគេអញ្ជើញឲ្យចាប់ផ្តើមសរសេរសៀវភៅកំណត់ហេតុការសិក្សានៅក្នុងមេរៀន « ម៉ាថាយ ៥:១–១២ » សូមពិចារណាអញ្ជើញពួកគេឲ្យបន្ថែមគំនិត និងចំណាប់អារម្មណ៍របស់ពួកគេអំពីមេរៀននៅថ្ងៃនេះ ទៅក្នុងសៀវភៅកំណត់ហេតុការសិក្សានោះ ។