ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ៥:១៤–១៦
« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក »
ព្រះអង្គសង្គ្រោះបានណែនាំពួកសិស្សរបស់ទ្រង់ឲ្យធ្វើជាគំរូដល់មនុស្សដទៃ តាមរយៈការធ្វើតាមទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីធ្វើជាគំរូដល់មនុស្សដទៃ ហើយចូលកាន់តែជិតព្រះអង្គសង្រ្គោះ ។
ការរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញ ។ សូមរំឭកឡើងវិញជាមួយសិស្សអំពីគោលការណ៍បីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណដូចតទៅ ៖ ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ពិនិត្យមើលគោលគំនិត និងសំណួរដោយទស្សនវិស័យដ៏អស់កល្ប និងស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។ នៅក្នុងមេរៀននេះ ការរំឭកគោលការណ៍ទាំងនេះឡើងវិញនឹងជួយសិស្សឲ្យអនុវត្តវា អំឡុងពេលរៀនអនុវត្ត ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតពីនរណាម្នាក់នៅក្នុងជីវិតរបស់ពួកគេ ដែលជាគំរូដ៏ល្អមួយចំពោះពួកគេ ។ បន្ទាប់មក សូមឲ្យពួកគេពិចារណាទូរសព្ទទៅបុគ្គលនេះ ឬសរសេរសំបុត្រថ្លែងអំណរគុណមួយទៅកាន់បុគ្គលនេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញចាំ និងពន្យល់
សូមផ្ដល់ឱកាសឲ្យសិស្សទន្ទេញចាំសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយនៃរបៀបធ្វើដូច្នេះ ។
សូមអាន ម៉ាថាយ ៥:១៤–១៦ ។
សូមគូរគំនូរមួយពន្យល់ពីឃ្លាបទគម្ពីរគន្លឹះ « ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក » និងសេចក្ដីយោងរបស់វា ម៉ាថាយ ៥:១៤–១៦ ។ ពេលអ្នកគូរ សូមគិតពីរបៀបបញ្ចូលសេចក្ដីយោងនេះ ដើម្បីជួយអ្នកឲ្យចងចាំវា ។
ពេលមើលទៅគំនូរពន្យល់នេះ សូមថាសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះឲ្យបានច្រើនដង ។ បន្ទាប់មក សូមងាកមុខចេញ ហើយព្យាយាមអានសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនោះចេញពីការចងចាំ ។
សម្រាប់សកម្មភាពខាងក្រោមនេះ សូមលើកទឹកចិត្តសិស្សឲ្យប្រើគំនូររបស់ពួកគេដើម្បីពន្យល់ពីសេចក្ដីពិតនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាជាងគ្រាន់តែនិយាយអំពីគំនូរតែមួយមុខ ។
សូមចែកគំនូររបស់អ្នកឲ្យមិត្តរួមថ្នាក់ម្នាក់មើល ហើយពន្យល់ពីរបៀបដែលវាបង្ហាញពីឃ្លាគន្លឹះ និងសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិ ។
ប្រសិនបើអាចធ្វើបាន សូមពិចារណាព្យួរគំនូរបីបួននៅជុំវិញថ្នាក់រៀន ដើម្បីឲ្យគ្រូបង្រៀន និងសិស្សអាចយោងត្រឡប់ទៅចំណេះចំណាននេះ នៅក្នុងមេរៀនក្រោយៗ ឬនៅក្នុងសកម្មភាពរំឭកឡើងវិញ ។
រៀនអនុវត្ត
នៅក្នុងការរៀនអនុវត្តនេះ អ្នកនឹងប្រើគោលការណ៍នានានៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីកំណត់ពីរបៀបធ្វើជាគំរូដល់មនុស្សដទៃ ហើយអញ្ជើញពួកគេឲ្យចូលមកកាន់តែជិតព្រះអង្គសង្រ្គោះ ។
សូមរំឭកកថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឡើងវិញនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
សូមពិចារណាប្រើវីដេអូ « Bullying—Stop It » ( ១០:២២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org សម្រាប់ជាស្ថានភាពរៀនអនុវត្ត ។
គំនិតយោបល់ស្ដីពីរបៀបដែលវីដេអូនេះអាចប្រើបាន មាននៅក្នុង « សកម្មភាពរៀនសូត្របន្ថែម » ។
សូមអានស្ថានភាពខាងក្រោមនេះ ហើយគិតពីរបៀបដែលអ្នកអាចឆ្លើយតប ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពរបស់ រ៉ាអ៊ុល ។
រ៉ាអ៊ុល ដែលជាសង្ឃដែលទើបតែបានតែងតាំងថ្មីម្នាក់ កំពុងនៅជាមួយមិត្តភក្តិមួយក្រុម នៅពេលពួកគេពីរបីនាក់ចាប់ផ្តើមនិយាយកំប្លែងចម្អេះចំអាស ហើយនិយាយពាក្យឈ្លើយអំពីនរណាម្នាក់ដែល រ៉ាអ៊ុល ស្គាល់ ។ រ៉ាអ៊ុល មានអារម្មណ៍មិនស្រណុកចិត្ត ហើយដឹងថាអ្វីដែលពួកគេកំពុងធ្វើគឺខុស ។ នៅពេលគាត់មិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះ មិត្តរបស់គាត់ឈ្មោះ ជេសស៊ី ដែលជាសមាជិកនៃសាសនាផ្សេង ហើយដែល រ៉ាអ៊ុល ពិតជាកោតសរសើរនោះ បានងាកមករក រ៉ាអ៊ុល ហើយនិយាយថា « អ្ហាៈ ! ហេតុអ្វីឯងតឹងតែងម៉្លេះ ? »
សូមពិចារណាពីគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយអ្នកឲ្យរកឃើញចម្លើយមួយ ។
សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាមួយមិត្តរួមថ្នាក់ម្នាក់ ឬជាក្រុមតូចៗ ។ វាអាចមានប្រយោជន៍ក្នុងការបង្ហាញការណែនាំដូចខាងក្រោមដល់សិស្ស ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្ប
សូមជ្រើសរើសបុគ្គលម្នាក់ពីក្នុងស្ថានភាពនេះ ( ជេសស៊ី ឬអ្នកដែលត្រូវគេចំអក ) ។
-
តើអ្នកគិតថា ព្រះអម្ចាស់មានព្រះទ័យយ៉ាងណាចំពោះបុគ្គលដែលអ្នកបានជ្រើសរើសនេះ ?
-
តើការមើលទៅបុគ្គលនេះ ដូចជាព្រះអម្ចាស់ទតទៅពួកគេ អាចមានឥទ្ធិពលយ៉ាងណាលើរបៀបដែល រ៉ាអ៊ុល ឆ្លើយតបនឹងសំណួររបស់ ជេសស៊ី ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើការចងចាំ និងការអនុវត្តតាមគោលការណ៍នៅក្នុង ម៉ាថាយ ៥:១៤–១៦ អាចមានប្រយោជន៍ដល់ រ៉ាអ៊ុល យ៉ាងដូចម្តេច ?
-
តើមានប្រភពដែលបានតែងតាំងដ៏ទេវភាពណាទៀត ដែលអ្នកគិតថាអាចជួយ រ៉ាអ៊ុល បាន ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
ហេតុអ្វីបានជាវាអាចពិបាកសម្រាប់ រ៉ាអ៊ុល ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅក្នុងស្ថានភាពនេះ ?
-
តើអ្នកណែនាំឲ្យ រ៉ាអ៊ុល ធ្វើអ្វីខ្លះ ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿ ?
សូមឲ្យសិស្សពីរបីនាក់ចែករំលែកចម្លើយរបស់ពួកគេ ។ សូមពិចារណាកំណត់ពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងសរសើរសិស្ស ពេលពួកគេលើកឡើងពីគោលការណ៍នានា ។
សូមគិតអំពីស្ថានភាពមួយ ដែលស្រដៀងគ្នានឹង រ៉ាអ៊ុល ដែរ ដែលអ្នកកំពុងប្រឈមមុខនៅពេលនេះ ឬអាចនឹងប្រឈមមុខនាពេលអនាគត ។
-
តើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ អាចជួយអ្នកឲ្យធ្វើជាគំរូដល់មនុស្សដទៃយ៉ាងដូចម្តេច ?
រំឭកឡើងវិញ
សូមជួយសិស្សឲ្យរំឭកសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះឡើងវិញសម្រាប់ ម៉ាថាយ ៥:១៤–១៦ នៅក្នុងមេរៀនបន្ទាប់ ។ នេះគឺជាឧទាហរណ៍មួយ ។
សូមយោងទៅរូបភាព ដែលអ្នកបានគូរសម្រាប់ ម៉ាថាយ ៥:១៤–១៦ ។ ពេលអ្នកមើលទៅវា សូមថាសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះឲ្យបានច្រើនដង ។ សូមព្យាយាមធ្វើវាម្តងទៀតចេញពីការចងចាំ ។
សកម្មភាពរៀនសូត្របន្ថែម
សកម្មភាពជំនួសឲ្យការពន្យល់ចំណេះចំណានខាងគោលលទ្ធិ
សូមបង្ហាញរូបភាពប្រភពពន្លឺជាច្រើន ដូចជារងើកភ្លើង អំពូលភ្លើង ពិលជាដើម ។ សូមអញ្ជើញសិស្សឲ្យជ្រើសយករបស់មួយ ហើយប្រើវាដើម្បីពន្យល់ពីសេចក្តីពិត ដែលបានកំណត់នៅក្នុង ម៉ាថាយ ៥:១៤–១៦ ។
សូមអញ្ជើញសិស្សឲ្យប្រើសំណួរខាងក្រោម ដើម្បីជួយរៀបចំការពន្យល់របស់ពួកគេ ។
-
តើយើងត្រូវបញ្ចេញពន្លឺអ្វី ?
-
តើយើងអាចបញ្ចេញពន្លឺនោះដោយរបៀបណា ?
ជម្រើសរៀនអនុវត្ត
វីដេអូ « Bullying—Stop It » ( ១០:២២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org បង្ហាញពីឧទាហរណ៍មួយចំនួននៃយុវជន និងយុវនារីដែលធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ សូមពិចារណាផ្អាកវីដេអូនៅនាទី ៤:០៨ ។ បន្ទាប់មក សូមពិភាក្សាអំពីរឿងដែលជួនកាលពិបាកធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យមើលពីរបៀប ដែលយុវជននោះធ្វើសកម្មភាពដោយសេចក្ដីជំនឿ ហើយមើលទៅស្ថានភាពនោះចេញពីទស្សនវិស័យដ៏អស់កល្បជានិច្ច ។ បន្ទាប់ពីវីដេអូ សិស្សអាចពិភាក្សាអំពីរបៀបប្រើ ម៉ាថាយ ៥: ១៤–១៦ ជាប្រភពដែលបានតែងតាំងដ៏ទេវភាព ដើម្បីជួយយើងឲ្យឆ្លងកាត់ស្ថានភាពមួយ ដូចស្ថានភាពដែលវីដេអូនេះបានបង្ហាញ ។