ម៉ាថាយ ១៤:២២–៣៣
« កុំឲ្យភ័យឡើយ »
ព្រះយេស៊ូវគ្រីស្ទបានយាងលើទឹក ហើយបានហៅពេត្រុស ឲ្យធ្វើដូច្នោះដែរ ។ នៅពេលពេត្រុសឃើញព្យុះ និងរលក នោះលោកចាប់ផ្តើមលិចទៅ ហើយស្រែករកព្រះអង្គសង្គ្រោះឲ្យជួយ ។ មេរៀននេះអាចជួយអ្នកឲ្យធ្វើតាមគំរូរបស់ពេត្រុស អំពីការងាកទៅរកព្រះអង្គសង្គ្រោះក្នុងស្ថានភាពដ៏គួរឲ្យភ័យខ្លាច ឬលើសលប់ ។
សូមផ្តល់ពេលវេលាឲ្យសិស្សឆ្លើយ ។ ពេលខ្លះសិស្សអាចមិនឆ្លើយភ្លាមចំពោះសំណួរដ៏មានប្រសិទ្ធភាពនោះទេ ។ សូមកុំបារម្ភនឹងការផ្តល់ពេលវេលាឲ្យសិស្សគិតអំពីសំណួរនេះឡើយ ។ ជួនកាល សិស្សត្រូវការឱកាសមួយដើម្បីគិតអំពីសំណួរដែលពួកគេមាន និងគិតអំពីរបៀបឆ្លើយតប ។ ការនឹកគិតបែបនេះអាចជួយឲ្យមានការបង្រៀនពីព្រះវិញ្ញាណបរិសុទ្ធ ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសំណួរដូចតទៅនេះចេញពីសៀវភៅ ចូរមកតាមខ្ញុំ ៖ « តើអ្វីដែលអាចបំផុសគំនិត ពេត្រុស ឲ្យចេញពីទូកដែលមានសុវត្ថិភាពរបស់គាត់នៅកណ្តាលសមុទ្រកាលីឡេ អំឡុងពេលកំពុងមានព្យុះបោកបក់ដូច្នេះ ? តើអ្វីខ្លះដែលនាំឲ្យគាត់ជឿថា បើព្រះយេស៊ូវអាចយាងដើរនៅលើទឹកបាន នោះគាត់ក៏អាចដើរបានដែរ ? » ( « ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា ។ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦ ៖ ‹ កុំឲ្យភ័យឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ) ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះយេស៊ូវអាចធ្វើឲ្យយើងស្ងប់ចិត្តអំឡុងពេលមានព្យុះជីវិត
មេរៀននេះលើកទឹកចិត្តសិស្សឲ្យងាកមករកព្រះយេស៊ូវគ្រីស្ទ ដើម្បីទទួលបានសេចក្តីសុខសាន្ត និងសុវត្ថិភាពអំឡុងពេលមានទុក្ខលំបាក ។ នៅក្នុង មេរៀនសម្រាប់ធ្វើការវាយតម្លៃនាពេលអនាគត សិស្សនឹងត្រូវបានអញ្ជើញឲ្យទទួលស្គាល់នូវការរីកចម្រើនដែលពួកគេកំពុងមាន ក្នុងការស្វែងរកសេចក្ដីសុខសាន្ដនៅក្នុងព្រះគ្រីស្ទក្នុងអំឡុងពេលនេះ ។ សូមកត់សម្គាល់ថា មានគំនិតជាច្រើននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ដែលអាចប្រើនៅក្នុងមេរៀននេះបាន ។ សូមជ្រើសរើសសកម្មភាពដែលទាក់ទងនឹងសិស្សបំផុត ។
សូមពិចារណាសរសេរការដកស្រង់ខាងក្រោមនេះចេញពី ម៉ាថាយ ១៤:៣០ ដាក់នៅលើក្ដារខៀន ហើយបង្ហាញរូបភាពនេះ នៅពេលសិស្សពិភាក្សាអំពីសំណួរខាងក្រោម ។
រូបភាពនេះបង្ហាញពីគ្រាដ៏រន្ធត់មួយនៅក្នុងជីវិតរបស់សាវក ពេត្រុស ។ ម៉ាថាយ ១៤:៣០ បានថ្លែងថា « [ ពេត្រុស ] គាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង ។
-
តើស្ថានភាពសម័យទំនើបអ្វីខ្លះ ដែលអាចធ្វើឲ្យយុវវ័យសព្វថ្ងៃមានអារម្មណ៍ដូចពេត្រុស ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតដោយស្ងប់ស្ងាត់អំពីសំណួរដូចខាងក្រោមនេះ ។
-
តើមានអ្វីនៅក្នុងជីវិតរបស់អ្នក ដែលធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាច ឬមានអារម្មណ៍ថា អ្នកកំពុងលិចទៅដែរឬទេ ?
សូមសញ្ជឹងគិតមួយភ្លែតថាតើអ្នកតែងតែងាកទៅសូមជំនួយ និងសេចក្តីសុខសាន្តនៅកន្លែងណា ឬពីនរណា នៅពេលអ្នកមានអារម្មណ៍បែបនេះ ។បន្ទាប់ពីបានប្រទានអាហារដល់មនុស្សជាងប្រាំពាន់នាក់ដោយអព្ភូតហេតុរួចមក ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ឲ្យពួកសិស្សរបស់ទ្រង់ « ឲ្យចុះឆ្លងទូកទៅឯត្រើយម្ខាងមុនទ្រង់ » នៅសមុទ្រកាលីឡេ ( ម៉ាថាយ ១៤:២២ ) ។
ជាការបន្ថែមទៅលើការអានវគ្គបទគម្ពីរខាងក្រោមនេះ សូមពិចារណាបង្ហាញវីដេអូ « Wherefore Didst Thou Doubt? » ( ២:០៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីជួយសិស្សឲ្យមើលឃើញពីដំណើររឿងនេះ ។
សូមអាន ម៉ាថាយ ១៤:២៣–៣៣ ដោយរកមើលសេចក្តីពិតអំពីព្រះអង្គសង្គ្រោះ ដែលអាចជួយអ្នកឲ្យងាកទៅរកទ្រង់ នៅពេលដែលអ្នកមានអារម្មណ៍ភ័យខ្លាច ឬមានអារម្មណ៍ថាអ្នកកំពុងលិចទៅ ។ សូមយកចិត្តទុកដាក់ចំពោះគំនិត និងអារម្មណ៍ដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់អាចជួយអ្នកឲ្យដឹងថា តើសេចក្តីពិតទាំងនេះអនុវត្តចំពោះអ្វីដែលអ្នកកំពុងជួបប្រទះនៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច ។ សូមសរសេរសេចក្តីពិតដែលអ្នករកឃើញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅក្នុងព្រះគម្ពីររបស់អ្នក ។ ( កំណត់ចំណាំ ៖ « យាមបួន » គឺនៅចន្លោះម៉ោង ៣:០០ ព្រឹក ដល់ ៦:០០ ព្រឹក )
បន្ទាប់ពីផ្តល់ពេលគ្រប់គ្រាន់ឲ្យសិស្សសរសេររួចហើយ សូមអញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិត ដែលពួកគេបានរៀននៅលើក្ដារខៀន ។ សូមពិចារណាសួរសំណួរដូចខាងក្រោមនេះតាមតម្រូវការ ដើម្បីជួយសិស្សឲ្យបន្តវិភាគ និងរៀនពីដំណើររឿងនេះ ។
-
តើសេចក្តីពិតអ្វីដែលអ្នករៀនចេញពីដំណើររឿងនេះ ?
-
តើពេត្រុសផ្តោតអារម្មណ៍លើអ្វី នៅពេលគាត់បាននៅលើទឹកនោះ ? តើមានអ្វីបណ្តាលឲ្យគាត់លិចចុះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយអ្នកឲ្យងាកទៅរកទ្រង់ នៅពេលអ្នកមានអារម្មណ៍ភ័យខ្លាច ឬលើសលប់ ?
សកម្មភាព និងវីដេអូខាងក្រោមនេះមានគោលបំណងជួយសិស្សឲ្យយល់ពីរបៀប ដែលការផ្តោតអារម្មណ៍លើព្រះយេស៊ូវគ្រីស្ទ អាចជួយពួកគេក្នុងគ្រាលំបាករបស់ពួកគេបាន ។ ដោយផ្អែកតាមតម្រូវការរបស់សិស្ស នោះសេចក្តីពិតផ្សេងគ្នាចេញពីដំណើររឿងនេះ អាចលើកយកមកផ្តោតអារម្មណ៍ជំនួសវិញ ។
លំហាត់ខាងក្រោមអាចត្រូវបានបំពេញរួមគ្នាជាថ្នាក់ ដោយប្រើការកែសម្រួលដូចខាងក្រោម ៖
សូមដាក់តាំងរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទនៅបន្ទប់ម្ខាង ។ សូមអញ្ជើញសិស្សឲ្យសរសេរអ្វីមួយ ដែលមានអារម្មណ៍ថាលើសលប់នៅលើក្រដាសមួយសន្លឹក ហើយសូមដាក់វានៅម្ខាងបន្ទប់ទៀត ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេពីបន្ទប់ម្ខាងទៅបន្ទប់ម្ខាងទៀត ដូចដែលបានណែនាំនៅក្នុងសកម្មភាពខាងក្រោម ។
ការផ្ដោតអារម្មណ៍ទៅលើព្រះអង្គសង្គ្រោះ
គំរូរបស់ពេត្រុសបង្រៀនយើងពីអ្វីដែលយើងគួរផ្តោតអារម្មណ៍ទៅលើ ។ សូមចងចាំពីអ្វីដែលបានកើតឡើងចំពោះពេត្រុស នៅពេលលោកផ្តោតអារម្មណ៍លើព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលបានកើតឡើង នៅពេលលោកផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់លោកទៅលើខ្យល់ព្យុះនៅជុំវិញលោកវិញ ( សូមមើល ខទី ២៨–៣១ ) ។ សូមសរសេរនៅលើក្រដាសមួយសន្លឹកពីអ្វីមួយនៅក្នុងជីវិត ឬអនាគតរបស់អ្នក ដែលអាចមានអារម្មណ៍ថាលើសលប់ចំពោះអ្នក ។ សូមដាក់ក្រដាសនេះនៅខាងឆ្វេងដៃរបស់អ្នក ។ ឥឡូវនេះ សូមដាក់រូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ឬអ្វីផ្សេងទៀតដែលរំឭកអ្នកអំពីទ្រង់នៅខាងស្តាំដៃរបស់អ្នក ។ សូមឆ្លាស់គ្នាទៅវិញទៅមករវាងការផ្តោតអារម្មណ៍ និងកែវភ្នែករបស់អ្នកទៅលើស្ថានភាពដែលលើសលប់ ហើយបន្ទាប់មកផ្តោតអារម្មណ៍លើរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទវិញ ។
-
តើការផ្តោតលើសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដា ព្រមទាំងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នកក្នុងកាលៈទេសៈលំបាក អាចជួយអ្នកយ៉ាងដូចម្តេច ?
-
តើមានវិធីអ្វីខ្លះដើម្បីផ្តោតអារម្មណ៍លើព្រះអង្គសង្គ្រោះអំឡុងពេលជួបបញ្ហា ?
អ្នកគួរតែមើលវីដេអូ « Finding Christ during Difficult Times » ( ៤:៣៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដោយរកមើលអ្វីដែលយុវជននៅក្នុងវីដេអូនេះបានធ្វើ ដើម្បីផ្តោតអារម្មណ៍លើព្រះយេស៊ូវគ្រីស្ទ អំឡុងពេលគាត់ជួបបញ្ហាប្រឈម ។
សូមពិចារណាចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីការឈោងទៅរកព្រះក្នុងការអធិស្ឋានដើម្បីទទួលបានកម្លាំង និងការគាំទ្រពីព្រះអង្គសង្គ្រោះក្នុងអំឡុងពេលសាកល្បង ។ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែករំលែកបទពិសោធន៍របស់ពួកគេផងដែរ ។ នៅពេលដែលសិស្សចែករំលែក សូមសួរថា តើពួកគេបានធ្វើអ្វីខ្លះ ដើម្បីទទួលបានជំនួយនៅអំឡុងពេលទាំងនោះ ។
ដើម្បីបញ្ចប់មេរៀននេះ សូមកត់ត្រាចំណាប់អារម្មណ៍ដែលអ្នកបានទទួល ។ តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ហើយហេតុអ្វីយើងគួរងាកទៅរកទ្រង់ នៅពេលយើងកំពុងលិចទៅនោះ ? តើអ្នកមានគម្រោងធ្វើអ្វីខ្លះដើម្បីឈោងទៅរកទ្រង់ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើជីវិតរបស់យើងផ្លាស់ប្តូរយ៉ាងដូចម្តេច នៅពេលយើងផ្តោតលើព្រះយេស៊ូវគ្រីស្ទ ?
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–៩៥ ) បានបង្រៀន ៖
វាគឺជាជំនឿដ៏រឹងមាំរបស់ខ្ញុំថា ប្រសិនបើបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ និងប្រជាជាតិអាចធ្វើដូចជាពេត្រុសបានធ្វើ ដោយផ្ដោតអារម្មណ៍ទៅលើតែព្រះយេស៊ូវតែមួយអង្គប៉ុណ្ណោះ នោះយើងក៏អាចដើរដោយពុំមានការភ័យខ្លាចលើ « រលកដ៏ធំនៃការឥតជំនឿ » ហើយនៅតែ « មិនរន្ធត់នៅកណ្ដាលនៃខ្យល់ព្យុះនៃមន្ទិលដែរ » ។ ប៉ុន្តែប្រសិនបើយើងដកការផ្ដោតអារម្មណ៍របស់យើងចេញពីទ្រង់ ដែលយើងត្រូវជឿលើ ដែលជារឿងដ៏ងាយស្រួលធ្វើ ហើយពិភពលោកនេះក៏ល្បួងយើងឲ្យធ្វើយ៉ាងខ្លាំងដែរនោះ ប្រសិនបើយើងមើលទៅអំណាច និងហិង្សានៃរឿងដ៏គួរឲ្យខ្លាច និងការអន្តរាយដែលកើតឡើងនៅជុំវិញខ្លួនយើង ជាជាងមើលទៅទ្រង់ដែលអាចជួយ ហើយសង្គ្រោះយើង នោះយើងច្បាស់ជាលិចទៅក្នុងសមុទ្រនៃទុក្ខវេទនា និងភាពសោកសៅ ព្រមទាំងភាពអស់សង្ឃឹមហើយ ។
( ហាវើដ ដបុលយូ ហាន់ធើរ « The Beacon in the Harbor of Peace » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ១៩ )
ម៉ាថាយ ១៤:២៧ ។ តើយើងអាចធ្វើជាបុគ្គលដែល « សង្ឃឹមឡើង » ពេលយើងឆ្លងកាត់ការលំបាកដោយរបៀបណា ?
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
យើងមិនអាចមានក្តី « សង្ឃឹមឡើង » បានទេ [ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៦ ] បើយើងជាប់ក្នុងភាពភ័យខ្លាចនោះ ។ ទាំង—សង្ឃឹមឡើង និងភ័យខ្លាច—ទាំងពីរនេះគឺពុំអាចដើរទន្ទឹមគ្នាបានទេ ។ …
ដើម្បីមានសង្ឃឹមឡើង គឺត្រូវទុកចិត្តលើ [ ព្រះយេស៊ូវគ្រីស្ទ ] នៅពេលអ្វីៗពុំដំណើរការតាមអ្វីដែលយើងគ្រោងទុកនោះ ។ វាមានន័យថាឲ្យស៊ូទ្រាំនៅពេលស្ថានភាពលំបាក និងផ្លាស់ប្ដូរជីវិតយើងទៅទិសដៅដែលពុំបានរំពឹងទុក នៅពេលសោកនាដកម្ម និងការលំបាកបំផ្លាញក្ដីសុបិនរបស់យើង ។ ប៉ុន្តែព្រះអម្ចាស់រំឭកយើងថា « ដ្បិតនៅក្នុងពិភពលោកនេះ សេចក្ដីអំណររបស់អ្នកពុំបានពោរពេញទេ ប៉ុន្តែនៅក្នុងយើង ទើបសេចក្ដីអំណររបស់អ្នកបានពោរពេញ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៦ ] ។
( រ៉ូណល អេ រ៉ាសបាន « Jesus Christ Is the Answer » [ ជំនួបពេលល្ងាចជាមួយអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ] ទំព័រ ១–២ )
តើការភ័យខ្លាចអាចបណ្តាលឲ្យយើងបាត់បង់ពរជ័យ ដែលព្រះអង្គសង្រ្គោះប្រទានឲ្យយ៉ាងដូចម្តេច ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែករំលែកសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ៖
ដំណើររឿងក្នុងព្រះគម្ពីរនេះរំឭកយើងថា ជំហានដំបូងក្នុងការមករកព្រះគ្រីស្ទ—ឬការយាងរបស់ទ្រង់មករកយើង—អាចបំពេញឲ្យយើងដូចជាអ្វីមួយ ដែលភ័យតក់ស្លុតយ៉ាងខ្លាំង ។ វាមិនគួរដូច្នោះទេ ប៉ុន្តែពេលខ្លះវាកើតឡើងដូច្នោះ ។ ការចំអកដ៏ធំមួយដល់ដំណឹងល្អគឺថា រាល់ប្រភពនៃជំនួយ និងសុវត្ថិភាពដែលត្រូវបានផ្ដល់ដល់យើង គឺជាអ្វីដែលយើងអាចនឹងរត់គេចចេញពីវាទៅវិញ ដោយសារការគិតខ្លីក្នុងជីវិតរមែងស្លាប់របស់យើង ។ ទោះដោយសារមូលហេតុអ្វីក៏ដោយ ខ្ញុំបានឃើញសាសនាគន់ការីរត់គេចចេញពីពិធីបុណ្យជ្រមុជទឹក ខ្ញុំបានឃើញអ្នកផ្សព្វផ្សាយសាសនារត់គេចចេញពីការហៅបម្រើបេសកកម្ម ខ្ញុំបានឃើញគូសង្សាររត់គេចចេញពីការរៀបការ ហើយខ្ញុំក៏បានឃើញគូស្វាមីភរិយាវ័យក្មេងរត់គេចពីការភ័យខ្លាចនៃការមានក្រុមគ្រួសារ និងអនាគតផងដែរ ។ ញឹកញាប់ណាស់ ពួកយើងភាគច្រើនរត់គេចចេញពីអ្វីដែលនឹងប្រទានពរដល់យើង ហើយជួយសង្រ្គោះយើង និងធ្វើឲ្យយើងធូរស្បើយឡើង ។ ញឹកញាប់ណាស់ យើងមើលឃើញការតាំងចិត្តគោរពតាមដំណឹងល្អ និងបទបញ្ញត្តិជាអ្វីដែលគួរឲ្យភ័យខ្លាច ហើយបន្ទាប់មកក៏បោះបង់ចោល ។
( ជែហ្វ្រី អ័រ ហូឡិន « Come unto Me » [ ការប្រជុំធម្មនិដ្ឋាន សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ២ ខែ មីនា ឆ្នាំ ១៩៩៧ ] ទំព័រ ៨ គេហទំព័រ speeches.byu.edu )
សកម្មភាពរៀនសូត្របន្ថែម
ភាពស្របគ្នានៃផែនការនៃសេចក្តីសង្គ្រោះ
បទពិសោធន៍របស់ពេត្រុសក្នុងការចេញពីទូក ព្រោះត្រូវការជំនួយ ហើយត្រូវបានព្រះអង្គសង្គ្រោះនាំមកវិញដោយសុវត្ថិភាព អាចបង្រៀនយើងអំពីដំណើរជីវិតរមែងស្លាប់របស់យើងផ្ទាល់ និងផែនការនៃសេចក្ដីសង្គ្រោះ ។ សូមសួរសិស្សនូវសំណួរដូចតទៅនេះ ៖ តើអ្នកឃើញភាពស្របគ្នាអ្វីខ្លះរវាងដំណើររឿងនេះ និងផែនការនៃសេចក្តីសង្គ្រោះ ? តើអ្នករៀនអ្វីខ្លះអំពីបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកមើលទៅដំណើររឿងតាមវិធីនេះ ?
ម៉ាថាយ ១៤:២៧ ។ « គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ »
សូមអញ្ជើញសិស្សឲ្យរាយនាមពីជំនួយដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប្រទានឲ្យ ប៉ុន្តែពេលខ្លះមនុស្សគេចចេញដោយសារការភ័យខ្លាច ។ អ្វីៗទាំងនេះអាចរួមបញ្ចូលទាំងរឿងដូចជា ការអធិស្ឋាន ការសម្ភាសជាមួយប៊ីស្សព ការបម្រើបេសកកម្ម ការទទួលការហៅ ឬការរៀបការជាដើម ។ សូមជួយសិស្សឲ្យផ្តោតលើការពិតដែលថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានជំនួយនេះដល់ពួកគេ ។ សូមកុំភ័យខ្លាចក្នុងការមករកពួកទ្រង់ ឬទទួលអ្វីដែលទ្រង់ទាំងទ្វេប្រទានឲ្យយើងនោះឡើយ ។ សូមពិចារណាបង្ហាញសេចក្តីថ្លែងការណ៍ពី អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « ចូរមកឯខ្ញុំ » ដែលមាននៅក្នុងផ្នែកនៃមេរៀន « វិចារណកថា និង ព័ត៌មានសាច់រឿង » ដើម្បីជួយដល់ការពិភាក្សានេះ ។
ព័ត៌មានលម្អិតបន្ថែមនៅក្នុង ម៉ាកុស និងយ៉ូហាន
អ្នកនិពន្ធសៀវភៅដំណឹងល្អផ្សេងៗគ្នាបានចែករំលែកព័ត៌មានលម្អិតពិសេសៗ អំពីដំណើររឿងដូចគ្នាជាញឹកញាប់ ។ ហេតុដូច្នេះហើយ ការអានទស្សនវិស័យដំណឹងល្អជាច្រើន អាចជួយយើងឲ្យស្វែងយល់បន្ថែមអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលយើងសិក្សាព្រះគម្ពីរសញ្ញាថ្មី ។ ឧទាហរណ៍ ព័ត៌មានលម្អិតដែលយើងរៀននៅក្នុង យ៉ូហាន ៦:១៦–១៩ គឺថា ពីមុនពេលដែលព្រះអង្គសង្គ្រោះបានយាងមករកពួកសិស្ស ព្យុះបានបណ្តាលឲ្យពួកគេអាចបិទបាំងទូករបស់ពួកគេបានត្រឹមតែ ២៥ ទៅ ៣០ ហ្វីតប៉ុណ្ណោះ ( ប្រហែល ៣.១ ទៅ ៣.៨ ម៉ាយល៍ ឬ ៥ ទៅ ៦ គីឡូម៉ែត្រ ) ប្រហែល ៧០ ភាគរយនៃការធ្វើដំណើររបស់ពួកគេ បន្ទាប់ពីធ្វើការអស់ពេញមួយយប់ ( សូមមើល ម៉ាកុស ៦:៤៨ ) ។
សូមសរសេរ ម៉ាកុស ៦:៤៧–៥១ និង យ៉ូហាន ៦:១៩–២១ នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យស្វែងរកព័ត៌មានលម្អិតនៃវគ្គបទគម្ពីរទាំងនេះ ដែលមិនមាននៅក្នុងដំណើររឿងរបស់ម៉ាថាយ ហើយចែករំលែកអ្វីដែលពួកគេរៀនអំពីព្រះអង្គសង្គ្រោះ ចេញមកពីព័ត៌មានលម្អិតបន្ថែមទាំងនេះ ។
ម៉ាថាយ ១៤:២៧ ។ « ចូរសង្ឃឹមឡើង »
សូមទាញចំណាប់អារម្មណ៍របស់សិស្សទៅមើលរបៀប ដែលព្រះអង្គសង្គ្រោះបានអញ្ជើញពួកសិស្សរបស់ទ្រង់ឲ្យ « សង្ឃឹមឡើង » ( ម៉ាថាយ ១៤:២៧ ) ទោះបីជាពួកគេស្ថិតក្នុងស្ថានភាពលំបាកមួយក៏ដោយ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកវគ្គបទគម្ពីរផ្សេងទៀត ដែលព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យ « សង្ឃឹមឡើង » ។ សូមពិភាក្សាអំពីវិធីដែលយើងអាចមានសង្ឃឹមឡើង ទោះបីស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ។