យ៉ូហាន ៦:៦០–៧១
« តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? »
បន្ទាប់ពីព្រះយេស៊ូវបានបង្រៀនថា ទ្រង់គឺជានំបុ័ងជីវិតមក ( សូមមើល យ៉ូហាន ៦:៣៥ ) មនុស្សជាច្រើនមិនយល់ ហើយជ្រើសរើសឈប់ធ្វើតាមទ្រង់ ។ នៅពេលដែលព្រះយេស៊ូវបានសួរពួកសាវកដប់ពីរនាក់ថា តើពួកគេនឹងទៅដែរឬ នោះពេត្រុស បានឆ្លើយថា « ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » ( យ៉ូហាន ៦:៦៨ ) ។ មេរៀននេះអាចជួយអ្នកឲ្យពង្រឹង និងរក្សាភាពស្មោះត្រង់ចំពោះការប្តេជ្ញាចិត្តរបស់អ្នក ក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទ ទោះបីជាអ្នកផ្សេងទៀតអាចមិនជ្រើសរើសដើរតាមទ្រង់ក៏ដោយ ។
ការជួយសិស្សដែលកំពុងជួបការលំបាក ។ សិស្សមួយចំនួននៅក្នុងថ្នាក់អាចកំពុងពុះពារនឹងសេចក្តីជំនឿរបស់ពួកគេផ្ទាល់ខ្លួន ។ សូមចងចាំសម្ដីរបស់ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « ខ្ញុំសូមអង្វរដោយស្មោះថា យើងនឹងលើកទឹកចិត្ត ទទួលយក យល់ និងស្រឡាញ់អ្នកទាំងឡាយដែលកំពុងពុះពារនឹងសេចក្ដីជំនឿរបស់ពួកគេ ។ យើងមិនត្រូវបដិសេធបងប្អូនប្រុសស្រីយើងណាម្នាក់ទេ ។ យើងទាំងអស់គ្នាស្ថិតនៅទីកន្លែង និងលើផ្លូវផ្សេងៗគ្នា ហើយយើងចាំបាច់បម្រើគ្នាទៅវិញទៅមកស្របតាមស្ថានភាពនោះ » ( « To Whom Shall We Go? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩២ ) ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីពរជ័យដែលពួកគេបានទទួល ដោយសារតែសមាជិកភាព និងការចូលរួមរបស់ពួកគេនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការឆ្លើយតបចំពោះការបង្រៀនរបស់ព្រះអង្គសង្គ្រោះ
សូមប្រុងប្រយ័ត្នចំពោះសិស្សដែលអាចមានបញ្ហា ឬរងការឈឺចាប់ ដោយសារអ្នកផ្សេងទៀតបានសម្រេចចិត្តឈប់ចូលរួមក្នុងសាសនាចក្រ ។ សិស្សពីរបីនាក់អាចចង់ចែករំលែកសាច់រឿងរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមបង្កើតសាច់រឿងមួយ ដែលជារឿងពិត ឬក៏ជារឿងប្រឌិតមួយរបស់សមាជិកម្នាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានសម្រេចចិត្តឈប់ធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះតទៅទៀត ។ វាអាចមានគុណប្រយោជន៍ក្នុងការបំពេញចន្លោះនៅក្នុងសាច់រឿងដូចខាងក្រោមនេះ ។
[ ឈ្មោះ និងទំនាក់ទំនងរបស់ពួកគេជាមួយនឹងអ្នក ] បានសម្រេចចិត្តឈប់ចូលរួមក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅពេលអ្នកសួរពួកគេពីមូលហេតុដែលពួកគេលែងចូលរួម ពួកគេនិយាយថា « [ មូលហេតុដែលលែងចូលរួមក្នុងសាសនាចក្រ ] » ។ នៅពេលអ្នកគិតអំពីចម្លើយរបស់ពួកគេ អ្នកមានអារម្មណ៍ថា [ សូមពិពណ៌នាអំពីអារម្មណ៍របស់អ្នក ] ។
សេចក្តីពិតដែលបានលើកឡើងនៅក្នុងមេរៀននេះ អាចជួយអ្នកឲ្យរក្សាភាពស្មោះត្រង់ នៅពេលអស់អ្នកដែលអ្នកស្រឡាញ់ អាចដើរចេញពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ សេចក្តីពិតទាំងនេះក៏អាចជួយអ្នកផងដែរ ប្រសិនបើអ្នកកំពុងព្យាយាមសម្រេចចិត្តថា តើអ្នកចង់ចូលរួមក្នុងសាសនាចក្រនេះខ្លាំងប៉ុណ្ណា ។ សូមបើកដួងចិត្តរបស់អ្នក ដើម្បីទទួលការបំផុសគំនិតដែលព្រះអម្ចាស់សព្វព្រះទ័យប្រទានពរដល់អ្នក ។
សូមលើកទឹកចិត្តសិស្សឲ្យគិតអំពីការវាយតម្លៃខ្លួនឯងដូចខាងក្រោម ។
សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតថា តើសេចក្តីថ្លែងការណ៍ខាងក្រោមមួយណា ដែលទាក់ទងនឹងអ្នក ៖
-
នៅពេលខ្ញុំឃើញអ្នកដទៃបាត់បង់សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ នោះវាប៉ះពាល់ដល់សេចក្ដីជំនឿរបស់ខ្ញុំ ។
-
ទោះបីជាដួងចិត្តខ្ញុំអាចឈឺចាប់ ប៉ុន្ដែសេចក្ដីជំនឿរបស់ខ្ញុំនៅតែប្រកាន់ខ្ជាប់ នៅពេលអ្នកផ្សេងទៀតនៅជុំវិញខ្ញុំបាត់បង់សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ក៏ដោយ ។
-
ខ្ញុំមិនខ្វល់ទេ នៅពេលនរណាម្នាក់ចេញពីសាសនាចក្រនេះ ប្រសិនបើការធ្វើដូច្នោះធ្វើឲ្យពួកគេសប្បាយចិត្តនោះ ។
-
ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងនៅតែធ្វើជាសមាជិកដ៏ស្មោះត្រង់នៃសាសនាចក្រដដែល ។
-
ខ្ញុំនៅតែកំពុងសម្រេចចិត្តថា តើខ្ញុំចង់ក្លាយជាសមាជិកដ៏ស្មោះត្រង់នៃសាសនាចក្រនេះដែរឬទេ ។
នៅក្នុង យ៉ូហាន ៦:២៦–៥៨ ព្រះយេស៊ូវបានបង្រៀនថា ទ្រង់គឺជានំបុ័ងជីវិតដែលចុះមកពីស្ថានសួគ៌ ហើយថាអស់អ្នកដែលទទួលទានព្រះកាយ និងព្រះលោហិតរបស់ទ្រង់ នោះនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមអាន យ៉ូហាន ៦:៦០–៦៦ ដោយរកមើលថា តើមនុស្សមួយចំនួនបានឆ្លើយតបយ៉ាងណាចំពោះការបង្រៀនរបស់ព្រះអម្ចាស់ ។
-
ហេតុអ្វីបានជាអ្នកគិតថា មនុស្សពិបាកនឹងទទួលយកការបង្រៀនថ្មីទាំងនេះពីព្រះយេស៊ូវ ?
-
តើការបង្រៀនអ្វីខ្លះរបស់ព្រះអង្គសង្គ្រោះនៅសម័យយើង ដែលពិបាកនឹងទទួលយក ?
-
តើអ្នកគិតថាមានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យមនុស្សមួយចំនួននៅសម័យរបស់យើងនេះ ជ្រើសរើសឃ្លាតឆ្ងាយពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ?
សូមចងចាំថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់មនុស្សគ្រប់គ្នា—រួមទាំងអ្នកដែលបានជ្រើសរើសដើរចេញពីសាសនាចក្រផងដែរ ។ យើងអាចបន្តស្រឡាញ់ ហើយព្យាយាមយល់ពីអ្នកដែលបានចាកចេញ ។ ដោយសារតែនរណាម្នាក់សម្រេចចិត្តចាកចេញ នោះមិនមែនមានន័យថា ពួកគេជាមនុស្សអាក្រក់ ឬថាពួកគេនឹងត្រូវវេទនាជានិច្ច ដោយសារតែពួកគេចាកចេញនោះទេ ។ ក៏មិនមែនមានន័យថា ពួកគេនឹងមិនជ្រើសរើសត្រឡប់មកសាសនាចក្រវិញនាពេលអនាគតនោះដែរ ។ ព្រះអម្ចាស់អាចបំផុសគំនិតអ្នកនូវអ្វីដែលត្រូវនិយាយ និងត្រូវធ្វើចំពោះអស់អ្នកដែលបានដើរចេញ ។
« អ្នករាល់គ្នាចង់ថយទៅដែរឬ ? »
សូមអាន យ៉ូហាន ៦:៦៧ ហើយសម្គាល់មើលសំណួរដែលព្រះយេស៊ូវបានសួរពួកសាវករបស់ទ្រង់ ។
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនពីរបៀបដែលសំណួររបស់ព្រះអង្គសង្គ្រោះទាក់ទងនឹងយើង ។
នៅទីបំផុត យើងម្នាក់ៗត្រូវតែឆ្លើយសំណួររបស់ព្រះអង្គសង្គ្រោះ ៖ « អ្នករាល់គ្នាចង់ថយទៅដែរឬ ? » [ យ៉ូហាន ៦:៦៧ ] ។ យើងទាំងអស់គ្នាត្រូវស្វែងរកចម្លើយចំពោះសំណួរនោះដោយខ្លួនឯង ។ អ្នកខ្លះឆ្លើយថាស្រួល អ្នកខ្លះទៀតឆ្លើយថាពិបាក ។
( អិម រ័សុល បាឡឺដ « To Whom Shall We Go? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩២ )
សូមអាន យ៉ូហាន ៦:៦៨–៦៩ ដោយរកមើលចម្លើយរបស់ពេត្រុសចំពោះសំណួររបស់ព្រះអង្គសង្រ្គោះ ។
-
ហេតុអ្វីបានជាអ្នកគិតថា ពេត្រុស អាចឆ្លើយតបតាមរបៀបដែលគាត់បានឆ្លើយតបបែបនេះ ?
សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការអានទីបន្ទាល់របស់ពេត្រុសនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ម៉ាថាយ ១៦:១៥–១៩ ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើតាមគំរូរបស់ពេត្រុស ?
សិស្សអាចផ្តល់ចម្លើយផ្សេងៗគ្នា រួមមានដូចតទៅនេះ ៖ យើងអាចជ្រើសរើសការជឿលើព្រះយេស៊ូវគ្រីស្ទ ហើយនៅជាមួយទ្រង់ ដោយមិនគិតពីអ្វីដែលអ្នកដទៃជ្រើសរើសឡើយ ។
ដោយថ្លែងពីជម្រើសដែលពួកសាវកដប់ពីរនាក់បានធ្វើ ប្រធាន អិម រ័សុល បាឡឺដ បានបង្រៀន ៖
នៅគ្រានោះ ខណៈពេលដែលអ្នកដទៃផ្ដោតទៅលើអ្វី ដែលពួកគេពុំអាចទទួលយកបាន ពួកសាវកបានជ្រើសរើសផ្ដោតទៅលើអ្វីដែលពួកលោក បាន ជឿ និងដឹង ជាលទ្ធផល ពួកលោកបានបន្ដនៅជាមួយព្រះគ្រីស្ទ ។
( អិម. រ័សុល បាឡឺត « To Whom Shall We Go? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩០ )
-
ពេត្រុសបានប្រកាសថា ព្រះអង្គសង្គ្រោះបានមាន « ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » ( យ៉ូហាន ៦:៦៨ ) ។ តើការបង្រៀនអ្វីខ្លះរបស់ព្រះយេស៊ូគ្រីស្ទដែលអ្នកដឹងថាពិត ?
-
តើពរជ័យអ្វីខ្លះដែលអ្នកទទួលបាន ដោយសារតែសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ?
សូមពិចារណាធ្វើបញ្ជីមួយនៅលើក្ដារខៀនអំពីចម្លើយចំពោះសំណួរមុនៗ ។
ប្រធាន អិម រ័សុល បាឡឺដ បានមានប្រសាសន៍ទៅកាន់បុគ្គលទាំងឡាយ ដែលអាចនឹងពិចារណាចង់ចាកចេញពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ សូមមើល « To Whom Shall We Go? » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៥:៣៥ ដល់ ៨:១៦ ។ នៅពេលអ្នកស្តាប់ប្រធាន បាឡឺដ សូមយកចិត្តទុកដាក់ចំពោះសំណួរដែលលោកសួរ ។
-
តើអ្នកមានគំនិតអ្វីខ្លះ កាលដែលអ្នកបានស្ដាប់ប្រធាន បាឡឺដ ?
-
តើបទពិសោធន៍អ្វីខ្លះដែលអ្នកមាន ដែលជួយអ្នកឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ហើយចូលរួម ឬបន្ដនៅក្នុងសាសនាចក្ររបស់ទ្រង់ ?
-
តើការចងចាំបទពិសោធន៍ទាំងនេះអាចជួយអ្នកយ៉ាងដូចម្តេច នៅពេលសេចក្ដីជំនឿរបស់អ្នកត្រូវបានសាកល្បង ?
សូមពិចារណាចែករំលែកទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ និងហេតុផលផ្ទាល់ខ្លួនមួយ ឬពីរក្នុងការក្លាយជាសមាជិកសាសនាចក្ររបស់ទ្រង់ ។
ប្រសិនបើអ្នកកំពុងជួបការលំបាកក្នុងសេចក្ដីជំនឿរបស់អ្នក សូមចងចាំថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់អ្នក ។ អ្នកអាចទូលសូមជំនួយពីព្រះវរបិតាសួគ៌របស់អ្នកបានជានិច្ច ។ អ្នកក៏អាចនិយាយជាមួយឪពុកម្តាយ ថ្នាក់ដឹកនាំរបស់សាសនាចក្រ ឬគ្រូបង្រៀនថ្នាក់សិក្ខាសាលារបស់អ្នកបានដែរ អំពីសំណួរ និងកង្វល់ដែលអ្នកមាន ។
សូមពិចារណាបង្ហាញសំណួរខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យឆ្លើយសំណួរពីរ ឬច្រើននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេច ប្រសិនបើព្រះអម្ចាស់សួរអ្នកថា « អ្នករាល់គ្នាចង់ថយទៅដែរឬ ? » ( យ៉ូហាន ៦:៦៧ ) ។
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីទទួលបាន និងពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ?
-
តើអ្នកចង់ចងចាំអ្វីខ្លះ នៅពេលនរណាម្នាក់ដែលអ្នកស្រឡាញ់ អាចសម្រេចចិត្តដើរចេញពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនោះ ?
-
តើអ្នកនឹងនិយាយអ្វីទៅនរណាម្នាក់ ដែលកំពុងតែឈឺចិត្តដោយសារតែមនុស្សដែលពួកគេខ្វល់ខ្វាយ បានសម្រេចចិត្តដើរចេញពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនោះ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
យ៉ូហាន ៦:៦៧–៦៩ ។ តើពេត្រុស និងពួកដប់ពីរនាក់បានយល់អ្វីខ្លះ ដែលបានជួយពួកគេឲ្យនៅតែជាអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសរសេរ ៖
ខ្ញុំពុំដឹងថាតើនៅគ្រានោះ ពេត្រុស និងបងប្អូនប្រុសរបស់លោកយល់អំពីអ្វីដែលព្រះអម្ចាស់កំពុងបង្រៀន បានច្រើនជាងពួកសិស្សដែលកំពុងបោះបង់ចោលលោកចៅហ្វាយឬអត់នោះទេ ប៉ុន្តែពេត្រុសបានដឹងដោយឃើញហេតុការណ៍ពីព្រះវិញ្ញាណយ៉ាងច្បាស់ថា ព្រះយេស៊ូវជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ( សូមមើលផងដែរ ម៉ាថាយ ១៦:១៥–១៧ ) ហើយថាសេចក្ដីសង្គ្រោះពុំអាចរកបាននៅកន្លែងណាផ្សេងនោះទេ ។ ហេតុដូច្នោះហើយ លោកបានតាំងចិត្តធ្វើតាមព្រះយេស៊ូវយ៉ាងពេញទំហឹង ។ បើលោកមានចម្ងល់ ចម្ងល់ទាំងនោះអាចដោះស្រាយបានតាមពេលកំណត់ ប៉ុន្តែលោកមិនបានផ្លាស់ការតាំងចិត្តពីភក្ដីភាពចំពោះព្រះរាជបុត្រានៃព្រះនោះទេ—ដោយធ្វើជាគំរូដ៏អស្ចារ្យមួយសម្រាប់យើងទាំងអស់គ្នា ។
( ឌី ថត គ្រីស្ដូហ្វឺសិន « The Living Bread Which Came Down from Heaven » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៩ កំណត់ចំណាំទី ៨ )
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យយ៉ាងណាចំពោះអ្នកដែលចាកចេញទៅ ?
ប្រធាន ហិនរី ប៊ី អាវរីង នៃគណៈប្រធានទីមួយបានបង្រៀន ៖
ពីមុនលោកិយនេះមកម្ល៉េះ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និងព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ដែលពេញដោយក្តីស្រឡាញ់ បានស្រឡាញ់ និងធ្វើការជាមួយនឹងអស់អ្នកដែលទ្រង់ទាំងទ្វេញាណដឹងថានឹងវង្វេងចេញទៅ ។ ទ្រង់ស្រឡាញ់ពួកគេជានិរន្តរ ។
( ហិនរី ប៊ី អាវរិង « To My Grandchildren » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧២ )
តើខ្ញុំអាចធ្វើអ្វីបាន ចំពោះអ្នកដែលមិនសូវសកម្ម ឬអ្នកដែលបានចាកចេញពីសាសនាចក្រ ?
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ចម្លើយរបស់ខ្ញុំគឺ សូមកុំទៅប្រៀនប្រដៅដល់ពួកគេឡើយ ! សមាជិកគ្រួសារ ឬមិត្តភក្តិរបស់អ្នកដឹងពីការបង្រៀនទាំងឡាយរបស់សាសនាចក្ររួចទៅហើយ ។ ពួកគេមិនត្រូវការការបង្រៀនផ្សេងទៀតនោះទេ ! អ្វីដែលពួកគេត្រូវការ—អ្វីដែលយើងទាំងអស់គ្នាត្រូវការ—គឺសេចក្តីស្រឡាញ់ និងការយល់ចិត្ត មិនមែនជាការវិនិច្ឆ័យនោះទេ ។ សូមចែករំលែកបទពិសោធន៍វិជ្ជមានរបស់អ្នកអំពីការរស់នៅតាមដំណឹងល្អ ។ អ្វីដែលមានឥទ្ធិពលបំផុតដែលអ្នកអាចធ្វើបាន គឺការចែករំលែកបទពិសោធន៍ខាងវិញ្ញាណរបស់អ្នកជាមួយគ្រួសារ និងមិត្តភក្តិ ។ ដូចគ្នានេះផងដែរ ត្រូវចាប់អារម្មណ៍យ៉ាងពិតប្រាកដចំពោះជីវិតរបស់ពួកគេ ភាពជោគជ័យរបស់ពួកគេ និងឧបសគ្គរបស់ពួកគេ ។ សូមមានភាពកក់ក្តៅ ទន់ភ្លន់ ពេញដោយក្ដីស្រឡាញ់ និងមានចិត្តសប្បុរសជានិច្ច ។
( អិម រ័សុល បាឡឺដ « Questions and Answers » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ] ទំព័រ ៥ នៅលើគេហទំព័រ speeches.byu.edu )
សកម្មភាពរៀនសូត្របន្ថែម
យើងនឹងទទួលបានចម្លើយចំពោះសំណួររបស់យើងតាមពេលវេលារបស់ព្រះអម្ចាស់
សិស្សជាច្រើនបានរអ៊ូរទាំ ដោយសារពួកគេមិនយល់ពីអ្វីដែលព្រះអង្គសង្គ្រោះចង់មានន័យ នៅពេលដែលទ្រង់មានបន្ទូលអំពីការទទួលទានព្រះកាយ និងព្រះលោហិតរបស់ទ្រង់ ( សូមមើល យ៉ូហាន ៦:៥១–៦១ ) ។ សាវករបស់ទ្រង់ក៏ប្រហែលជាមិនយល់ដែរ ។ ទោះយ៉ាងណាក៏ដោយ ពួកគេជ្រើសរើសជឿទុកចិត្តលើអ្វីដែលពួកគេបានដឹង និងបានជឿ ។
សូមពិភាក្សាពីរបៀបដែលឧទាហរណ៍នេះ អាចជួយដល់សិស្សបាន នៅពេលពួកគេប្រហែលជាមិនមានចម្លើយទាំងអស់ចំពោះសំណួររបស់ពួកគេ ។
សូមពិចារណាអាន លូកា ២២:១៩–២០ បន្ទាប់មកសូមពិភាក្សាអំពីរបៀបដែលការរៀនអំពីសាក្រាម៉ង់ អាចជួយពួកសាវកឲ្យយល់ពីការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង យ៉ូហាន ៦:៥១–៦១ ។ ( វាអាចមានគុណប្រយោជន៍ក្នុងការចង្អុលបង្ហាញថា លូកា ២២:១៩–២០ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ) ។
ការជ្រើសរើសដើម្បីជឿ
ប្រសិនបើសិស្សខ្លះអាចជួបការលំបាកជាមួយនឹងការសម្រេចចិត្តថា ត្រូវនៅក្នុងសាសនាចក្រ ឬចាកចេញនោះ សូមពិចារណាមើលវីដេអូ « To Whom Shall We Go? » នៅលើគេហទំព័រ ChurchofJesusChrist.org ពីលេខកូដម៉ោង ២:៤៦ ដល់ ៥:៣៥ ។ បន្ទាប់មក សិស្សអាចពិភាក្សាអំពីវិធីអនុវត្តតាមដំបូន្មានរបស់ប្រធាន អិម រ័សុល បាឡឺដ ។
ការជ្រើសរើសដើម្បីអន់ចិត្ត
សិស្សរបស់ព្រះអង្គសង្គ្រោះមួយចំនួនបានអាក់អន់ចិត្តនឹងគោលលទ្ធិរបស់ទ្រង់ ( សូមមើល យ៉ូហាន ៦:៦០–៦១ ) ។ សូមពិចារណាពិភាក្សាជាមួយសិស្ស អំពីមូលហេតុដែលមនុស្សមួយចំនួននៅសម័យរបស់យើងបានមានការអាក់អន់ចិត្ត និងអ្វីដែលពួកគេអាចធ្វើបាន ដើម្បីកុំឲ្យមានការអាក់អន់ចិត្ត ។ ការដកស្រង់ចេញពីសុន្ទរកថាខាងក្រោមអាចមានប្រយោជន៍ ៖
-
ដេវីឌ អេ បែដណា « And Nothing Shall Offend Them » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨៩–៩២
-
នីល អិល អាន់ឌើរសិន « Never Leave Him» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៣៩–៤២