លូកា ២២:២៨–៣៤, ៥៤–៦១
« ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ »
ព្រះយេស៊ូវគ្រីស្ទទើបតែបានណែនាំសាក្រាម៉ង់ដល់ពួកសិស្សរបស់ទ្រង់ នៅពេលពួកគេចាប់ផ្តើមនិយាយអំពីថាតើនរណាដែលនឹងក្បត់លោកគ្រូ និងរបៀបដែលការបម្រើអ្នកដទៃគឺអស្ចារ្យជាងការឲ្យអ្នកដទៃមកបម្រើយើង ។ ចំពេលការសន្ទនាទាំងនេះនៅក្នុងបន្ទប់ខាងលើដែលព្រះយេស៊ូវ និងពួកសាវកបានបរិភោគអាហារចុងក្រោយ ព្រះយេស៊ូវបានជួយ ពេត្រុស ឲ្យយល់ពីការប្រឆាំងដែលគាត់នឹងឆ្លងកាត់ពេញមួយជីវិតរបស់គាត់ ។ ព្រះអង្គសង្គ្រោះបានបង្រៀនពេត្រុសថា គាត់នឹងអាចជួយអ្នកដទៃបាន លុះត្រាតែគាត់បានពង្រឹងសេចក្តីជំនឿរបស់គាត់ទៅលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យស្គាល់តម្រូវការរបស់អ្នកក្នុងការពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទ ហើយបន្តពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើទ្រង់ ។
ផ្ដោតលើការជួយដល់សិស្ស ។ នៅពេលអ្នករៀបចំបង្រៀន សូមផ្ដោតលើសិស្សរបស់អ្នក ហើយមិនគ្រាន់តែលើអ្វីដែលអ្នកនឹងនិយាយ ឬធ្វើនោះឡើយ ។ នៅពេលអ្នករៀបចំមេរៀនពីរបីលើកក្រោយ សូមសួរខ្លួនអ្នកថា « តើសិស្សរបស់ខ្ញុំនឹងធ្វើអ្វីនៅក្នុងថ្នាក់ថ្ងៃនេះ ? » និង « តើខ្ញុំនឹងជួយសិស្សរបស់ខ្ញុំឲ្យរកឃើញអ្វីដែលពួកគេត្រូវដឹងដោយរបៀបណា ? »
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំខ្លួនដើម្បីចែកចាយបទពិសោធន៍មួយដែលជួយបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពង្រឹងសមត្ថភាពរបស់អ្នក
ដើម្បីចាប់ផ្តើមថ្នាក់ សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនអំពីជំនាញ ឬសមត្ថភាពដែលអាចបាត់បង់ប្រសិនបើមានការធ្វេសប្រហែស ប៉ុន្តែវាអាចរីកចម្រើនកាន់តែខ្លាំងតាមរយៈការអនុវត្ត និងការខិតខំប្រឹងប្រែងជាប់លាប់ ។
ដើម្បីបង្ហាញពីគោលការណ៍នេះក្នុងបញ្ហាផ្លូវកាយ ផ្លូវចិត្ត និងខាងវិញ្ញាណ សូមពិចារណាអំពីការបង្ហាញវីដេអូ « Foundations of Faith » ( ៤: ១៣ ) ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៣៤ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអញ្ជើញសិស្សឲ្យរៀនពីអែលឌើរ ឃុក នូវអ្វីដែលត្រូវការដើម្បីបង្កើនសមត្ថភាពរបស់យើងទាំងផ្លូវកាយ ផ្លូវចិត្ត និងខាងវិញ្ញាណ ។
សូមធ្វើបញ្ជីជំនាញ ឬសមត្ថភាពដែលនរណាម្នាក់អាចបាត់បង់ ប្រសិនបើពួកគេមិនបានបន្តប្រើប្រាស់ ឬពង្រឹងសមត្ថភាពទាំងនោះទេ ( ឧទាហរណ៍ ជំនាញកីឡា ឬជំនាញសរសេរ ) ។
-
តើការណ៍នេះអាចអនុវត្តចំពោះសមត្ថភាពរបស់អ្នកក្នុងការមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
នៅក្នុងមេរៀនថ្ងៃនេះ អ្នកនឹងរៀនអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទចង់ឲ្យអ្នកពង្រឹងសមត្ថភាពរបស់អ្នកឲ្យមានសេចក្តីជំនឿទៅលើទ្រង់ ។
ប្រសិនបើបានស្នើសុំឲ្យសិស្សរៀបចំខ្លួនមករៀនដោយគិតពីបទពិសោធន៍ដែលជួយពួកគេបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ សូមពិចារណាស្នើសុំឲ្យអ្នកស្ម័គ្រចិត្តខ្លះចែកចាយបទពិសោធន៍របស់ពួកគេជាមួយសិស្សដែលនៅសេសសល់ក្នុងថ្នាក់ ។
សូមចំណាយពេលមួយនាទីដើម្បីសញ្ជឹងគិតអំពីអ្វីដែលអ្នកកំពុងធ្វើ ឬចង់ធ្វើ ដើម្បីបង្កើនសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីអ្វីដែលអ្នកកំពុងធ្វើប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬសូម្បីតែប្រចាំខែក្តី ។ សកម្មភាពទាំងនេះអាចរួមបញ្ចូលគោលដៅណាមួយដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ។
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលការផ្លាស់ប្ដូរ ឬការកែលម្អដែលអ្នកអាចធ្វើដើម្បីពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ដូច្នេះអ្នកអាចពឹងផ្អែកលើទ្រង់មិនថាអ្នកជួបនឹងកាលៈទេសៈក្នុងជីវិតបែបណានោះទេ ។
ព្រះយេស៊ូវគ្រីស្ទយល់អំពីតម្រូវការរបស់យើង ហើយនឹងជួយយើង
ព្រះយេស៊ូវគ្រីស្ទបានប្រាប់សិស្សទ្រង់អំពីនគរនៅពេលអនាគតដែលកំពុងរង់ចាំពួកគេ ដោយសារពួកគេបានបន្តដើរជាមួយទ្រង់ដោយស្មោះត្រង់ ( សូមមើល លូកា ២២:២៨–៣០ ) ។ ទោះជាយ៉ាងណា ព្រះអម្ចាស់ក៏បានជួយស៊ីម៉ូន ពេត្រុស ត្រៀមខ្លួនចំពោះដំណើរខាងផ្លូវវិញ្ញាណដ៏លំបាកដែលគាត់នឹងប្រឈមមុខក្នុងពេលឆាប់ៗនេះ ។
សូមអាន លូកា ២២:៣១–៣៤ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់ចង់ជួយពេត្រុសឲ្យយល់ ។
សូមពិចារណាពីការសរសេរនៅលើក្ដារខៀននូវអ្វីដែលសិស្សបានរកឃើញ ។
ដើម្បីយល់កាន់តែច្បាស់អំពីអត្ថន័យដែលសាតាំងចង់ « រែង [ ពេត្រុស ] ដូចជាអង្ករ » ( ខទី ៣១ ) សូមអានការពន្យល់នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » នាចុងបញ្ចប់នៃមេរៀន ។
-
តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះអំពីការយល់ឃើញរបស់ព្រះអង្គសង្រ្គោះអំពីពេត្រុស ? តើវាខុសពីការពេត្រុសមើលឃើញខ្លួនគាត់យ៉ាងដូចម្តេច ?
-
តើអ្វីដែលអ្នកបានរៀនអំពីទំនាក់ទំនងរបស់ពេត្រុសជាមួយព្រះយេស៊ូវគ្រីស្ទក៏ទាក់ទងនឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
-
បន្ទាប់ពីពេត្រុសបានប្រកាសពីសេចក្ដីជំនឿ និងភក្ដីភាពរបស់គាត់ចំពោះព្រះយេស៊ូវគ្រីស្ទ តើព្រះអង្គសង្គ្រោះបានបើកសម្ដែងថាពេត្រុសនឹងធ្វើអ្វី ?
សូមពិចារណាបង្ហាញរូបភាពដែលពណ៌នាអំពីពេត្រុស បន្ទាប់ពីគាត់បានបដិសេធព្រះយេស៊ូវគ្រីស្ទ ។
នៅយប់នោះ ពេលព្រះយេស៊ូវគ្រីស្ទត្រូវបានចាប់ព្រះកាយ ហើយនាំទៅផ្ទះរបស់សម្តេចសង្ឃដើម្បីកាត់ទោស ពេត្រុសបានដើរតាមពីចម្ងាយ ( សូមមើល លូកា ២២:៥៤ ) ។
សូមអាន លូកា ២២:៥៥–៦២ ដើម្បីរៀនពីរបៀបដែលការព្យាករណ៍របស់ព្រះយេស៊ូវអំពីពេត្រុសត្រូវបានបំពេញ ។
សូមពិចារណាពីការសង្កត់ធ្ងន់លើប្រតិកម្មដ៏សោកសៅរបស់ពេត្រុសនៅក្នុង ខទី ៦២ ដើម្បីជួយសិស្សឲ្យចង់ចៀសវាងពីលទ្ធផលស្រដៀងគ្នានេះ ។ ជម្រើសមួយទៀតគឺបង្ហាញវីដេអូ « Jesus Is Tried by Caiaphas, Peter Denies Knowing Him » ( ៤:២៥; ចាប់ពីលេខកូដម៉ោង ១:៤០ ដល់ ៤:២៥ ) ដែលមាននៅលើគេហទំព័រChurchofJesusChrist.org ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះពីទំនាក់ទំនងរបស់ទ្រង់ជាមួយពេត្រុស ដែលនាំឲ្យអ្នកមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
សូមពង្រឹងសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ
សូមអនុញ្ញាតឲ្យសិស្សចែកចាយសេចក្ដីពិតឲ្យច្រើនដែលពួកគេកំពុងរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីពិតមួយដែលពួកគេអាចស្វែងរកគឺថា ព្រះយេស៊ូវគ្រីស្ទ ស្វែងរកដើម្បីពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើទ្រង់ ដើម្បីយើងអាចយកឈ្នះលើការវាយប្រហាររបស់សាតាំង ។
សូមពិចារណាពីការបង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោម ហើយសួរសិស្សថាតើភាពស្រដៀងគ្នាអ្វីខ្លះដែលពួកគេសម្គាល់ឃើញរវាងពាក្យសម្ដីរបស់ប្រធាន ណិលសុន និងការព្រមានរបស់ព្រះអង្គសង្គ្រោះចំពោះពេត្រុស ។
ដូចជាព្រះអង្គសង្គ្រោះបានជួយពេត្រុសឲ្យយល់ពីបំណងប្រាថ្នារបស់សាតាំង ( សូមមើល លូកា ២២:៣១ ) ប្រធាន រ័សុល អិម ណិលសុន បានព្រមានយើងថា « មារសត្រូវកំពុងបង្កើនការវាយប្រហាររបស់វាទៅលើសេចក្ដីជំនឿមកលើយើង និងក្រុមគ្រួសារក្នុងល្បឿនដ៏លឿនមួយ » ( រ័សុល អិម ណិលសុន « Opening Remarks » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧ ) ។ លោកក៏បានបង្រៀនថា « មារសត្រូវកំពុងបង្កើនការខិតខំរបស់វាដើម្បីរំខានដល់ទីបន្ទាល់ ហើយរារាំងកិច្ចការរបស់ព្រះអម្ចាស់ » ( រ័សុល អិម ណិលសុន « We Can Do Better and Be Bette » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨ ) ។
-
តើសាតាំងកំពុងស្វែងរកវិធីណាខ្លះដើម្បីបំផ្លាញសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទសព្វថ្ងៃនេះ ?
ប្រសិនបើសិស្សពិបាកគិតអំពីឧទាហរណ៍ សូមពិចារណាផ្តល់នូវឧទាហរណ៍ខ្លះដូចខាងក្រោម ៖
-
មនុស្សជាទីស្រឡាញ់ចាកចេញពីសាសនាចក្រ ហើយចង់ឲ្យអ្នកទៅជាមួយពួកគេដែរ ។
-
មាននរណាម្នាក់នៅសាលាវាយប្រហារសេចក្ដីជំនឿរបស់អ្នក ។
-
អ្នកអានអ្វីមួយតាមអនឡាញដែលមិនស្របនឹងជំនឿរបស់អ្នក ។
ដើម្បីជួយពង្រឹងការពិភាក្សាក្នុងថ្នាក់ពីសំណួរបន្ទាប់ សូមពិចារណាដោយសង្ខេបអំពីការចែកចាយរឿងផ្ទាល់ខ្លួន ឬដំណើររឿងព្រះគម្ពីរ ដែលអាចជួយសិស្សមើលឃើញពីសារៈសំខាន់នៃការបន្តពង្រឹងសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ដ៏មានសារៈប្រយោជន៍មួយអាចជាមេទ័ពមរ៉ូណៃ ដែល « មិនបានបញ្ឈប់ការរៀបចំសម្រាប់សង្គ្រាម ឬឈប់ការពារប្រជាជនរបស់លោក…ឡើយ » ( អាលម៉ា ៥០:១ ) ។
-
តើអ្វីបានជួយអ្នកពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ?
សូមពិចារណាអំពីការបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពីអែលឌើរ អាន់ឌើរសិន នៅពេលសិស្សគិតអំពីវិធីដើម្បីពង្រឹងសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់បានចែកចាយពីវិធីមួយចំនួនដែលយើងអាចពង្រឹងសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។
ដើម្បីជួយសិស្សស្វែងរកវិធីដើម្បីពង្រឹងសេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ វាអាចមានសារៈប្រយោជន៍ក្នុងការរួមបញ្ចូលសេចក្តីថ្លែងការណ៍ផ្សេងទៀតដែលមាននៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ។ នៅផ្នែកចុងក្រោយនៃវីដេអូ « Foundations of Faith » ( ៤: ១៤ ) ក៏អាចបង្ហាញនៅពេលនេះផងដែរ ។
សេចក្តីជំនឿរបស់អ្នកនឹងរីកចម្រើនឡើង ពុំមែនកើតមកពីភាពចៃដន្យនោះទេ ប៉ុន្តែមកពីជម្រើសវិញ ។
របៀបដែលយើងរស់នៅនឹងបង្កើន ឬ បន្ថយសេចក្តីជំនឿរបស់យើង ។ ការអធិស្ឋាន ការគោរពប្រតិបត្តិ សេចក្តីទៀងត្រង់ ភាពបរិសុទ្ធក្នុងគំនិត និងទង្វើ ព្រមទាំង ភាពមិនអាត្មានិយមបង្កើននូវសេចក្តីជំនឿ ។ ប្រសិនបើគ្មានចំណុចទាំងនេះទេ នោះសេចក្តីជំនឿនឹងថមថយ ។ ហេតុអ្វីព្រះអង្គសង្គ្រោះបានថ្លែងទៅពេត្រុសថា « ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ » ។ ( លូកា ២២:៣២ ) ។ ដោយសារមានមារសត្រូវម្នាក់ដែលត្រេកអរក្នុងការបំផ្លាញសេចក្តីជំនឿរបស់យើង ! ចូរកុំស្រាកស្រាន្ដក្នុងការការពារសេចក្ដីជំនឿរបស់អ្នកឡើយ ។
( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៦ )
-
តើអ្នកបានរៀនអ្វីនៅថ្ងៃនេះអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទចង់បានសម្រាប់អ្នក ?
-
តើអ្វីខ្លះដែលអ្នកនឹងចាប់ផ្តើម ឬបន្តធ្វើ ដើម្បីពង្រឹងសេចក្តីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកគិតថាសេចក្ដីជំនឿកាន់តែខ្លាំងឡើងទៅលើព្រះយេស៊ូវគ្រីស្ទនឹងប្រទានពរដល់អ្នកយ៉ាងដូចម្ដេច ?
វិចារណកថា និង ព័ត៌មានសាច់រឿង
លូកា ២២:៣១ ។ តើព្រះអង្គសង្គ្រោះមានន័យយ៉ាងណា នៅពេលទ្រង់បានប្រាប់ពេត្រុសថា សាតាំងចង់ « រែង [ អ្នក ] ដូចជាអង្ករ » ?
ការរែងអង្ករ ដែលជាគ្រាប់ធញ្ញជាតិដ៏មានតម្លៃត្រូវបានបំបែកចេញពីផ្នែកដែលអត់ប្រយោជន៍របស់រុក្ខជាតិ ។ ព្រះយេស៊ូវបានប្រើការប្រៀបធៀបនេះដើម្បីជួយពេត្រុស ( និងយើងម្នាក់ៗ ) ឲ្យស្គាល់ការខិតខំរបស់សាតាំងដើម្បីបំផ្លាញសេចក្ដីជំនឿរបស់យើង ហើយរារាំងយើងពីការធ្វើជាចំណែកដ៏សំខាន់នៃនគរព្រះ ។
តើអ្វីអាចពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំទៅលើព្រះយេស៊ូវគ្រីស្ទ ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សេចក្ដីជំនឿរបស់យើងផ្តោតលើព្រះ ជាព្រះវរបិតារបស់យើង និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ សេចក្ដីជំនឿត្រូវពង្រឹងដោយចំណេះដឹងរបស់យើង ថាភាពពេញលេញនៃដំណឹងល្អត្រូវបានស្ដារឡើងវិញនៅលើផែនដីនេះ ថាព្រះគម្ពីរមរមនគឺជាព្រះបន្ទូលរបស់ព្រះ ហើយថាព្យាការី និងសាវកទាំងឡាយនាពេលសព្វថ្ងៃនេះ កាន់កូនសោទាំងឡាយនៃបព្វជិតភាព ។ យើងរក្សានូវសេចក្ដីជំនឿរបស់យើង ពង្រឹងសេចក្ដីជំនឿរបស់យើង អធិស្ឋានទូលសូមឲ្យសេចក្ដីជំនឿកើនឡើង និងធ្វើអ្វីៗទាំងអស់ជាមួយអំណាចរបស់យើងដើម្បី ការពារ និងរក្សាសេចក្ដីជំនឿរបស់យើង ។ …
… អ្នកបានជ្រមុជខ្លួននៅក្នុងគ្រប់អ្វីៗដែលបានជួយកសាងស្នូលនៃសេចក្ដីជំនឿរបស់អ្នក ៖ អ្នកអនុវត្តសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ អ្នកអធិស្ឋាន អ្នកសញ្ជឹងគិតបទគម្ពីរ អ្នកប្រែចិត្ត អ្នកកាន់តាមបទបញ្ញត្តិទាំងឡាយ ហើយអ្នកបម្រើអ្នកដទៃ ។
( នែល អិល អាន់ឌើរសិន « Trial of Your Faith » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣៩–៤០ )
តើអ្វីអាចបំផ្លាញសេចក្ដីជំនឿរបស់ខ្ញុំទៅលើព្រះយេស៊ូវគ្រីស្ទ ?
អាម៉េឌ អេស ខបីត ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវជនទូទៅ បានបង្រៀន ៖
មិត្តជាទីស្រឡាញ់របស់ខ្ញុំ ចេតនាគិតវែងឆ្ងាយ ឬមើលអ្វីដែលផ្ទុយពីធាតុពិតរបស់បងប្អូន ជាពិសេសរូបអាសគ្រាម នឹងធ្វើឲ្យសេចក្តីជំនឿលើព្រះគ្រីស្ទរបស់បងប្អូនចុះខ្សោយ ហើយបើគ្មានការប្រែចិត្តទេ វាអាចនឹងត្រូវបំផ្លាញចោល ។
( អាម៉េឌ អេស ខ័របីត « You Can Gather Israel! » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦២ )
លូកា ២២:៣២ ។ តើយើងអាចរៀនអ្វីខ្លះអំពីការប្រែចិត្តពីការយល់ដឹងពីសេចក្តីថ្លែងការណ៍របស់ព្រះអង្គសង្គ្រោះដែលបង្ហាញថាពេត្រុសមិនទាន់បានប្រែចិត្តពេញលេញនៅឡើយ ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
គួរឲ្យចាប់អារម្មណ៍ សាវកដ៏អស្ចារ្យនេះបាននិយាយ និងបានដើរជាមួយលោកគ្រូ បានឃើញអព្ភូតហេតុជាច្រើន ហើយមានទីបន្ទាល់ដ៏រឹងមាំពីទេវភាពរបស់ព្រះអង្គសង្គ្រោះ ។ តែ សូម្បីតែ ពេត្រុសក៏ត្រូវការការណែនាំបន្ថែមពីព្រះយេស៊ូវ អំពីអំណាចនៃការប្រែចិត្តជឿ និងការធ្វើឲ្យបរិសុទ្ធពីព្រះវិញ្ញាណបរិសុទ្ធ និងពីកាតព្វកិច្ចរបស់លោក ក្នុងការបម្រើដោយស្មោះត្រង់ ។
លក្ខណៈគ្រឹះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ តម្រូវឲ្យមានការផ្លាស់ប្ដូរជាមូលដ្ឋាន និងជាអចិន្ត្រៃ ក្នុងចរិតធម្មជាតិរបស់យើង ដែលការផ្លាស់ប្ដូរនេះអាចកើតឡើងតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ការប្រែចិត្តជឿពិតនាំឲ្យមានការផ្លាស់ប្ដូរនៅក្នុងការជឿ ក្នុងដួងចិត្ត និងក្នុងជីវិតមនុស្សម្នាក់ឲ្យទទួលយក និងគោរពតាមព្រះហឫទ័យព្រះ ( សូមមើល កិច្ចការ ៣:១៩; នីហ្វៃទី ៣ ៩:២០ ) ហើយរួមទាំងមនសិការក្នុងការធ្វើជាសិស្សរបស់ព្រះគ្រីស្ទ ។
( ដេវីឌ អេ បែដណា « Converted unto the Lord » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៦–៧ )
សកម្មភាពរៀនសូត្របន្ថែម
ឱបក្រសោបយកអនាគតដោយសេចក្ដីជំនឿ
ការចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២០ នៃ New Era រួមមានការដកស្រង់ចេញពីសុន្ទរកថារបស់ប្រធាន រ័សុល អិម ណិលសុន « ឱបក្រសោបយកអនាគតដោយសេចក្ដីជំនឿ » ។ សូមពិចារណាពីការបង្ហាញរូបភាពសំខាន់ៗពីអត្ថបទនោះ ដែលរំលេចឃ្លា « បើសិនជាអ្នករាល់គ្នា បានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:៣០ ) ។ សូមអញ្ជើញសិស្សឲ្យស្វែងរកការប្រឹក្សារបស់ប្រធាន ណិលសុន សម្រាប់វិធីដើម្បីពង្រឹងសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីពួកគេមិនចាំបាច់ខ្លាចអ្វីដែលពួកគេអាចនឹងជួបនៅពេលអនាគតឡើយ ។
« Mountains to Climb »
សូមពិចារណាបង្ហាញវីដេអូ « Mountains to Climb » ( ៥:០៥ ) ហើយអញ្ជើញសិស្សឲ្យស្តាប់នូវអ្វីដែលប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានបង្រៀនអំពីការពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀនអំពីសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលសេចក្ដីជំនឿផ្ដល់អានុភាពឲ្យយើងធ្វើនៅក្នុងជីវិត ។