យ៉ូហាន ១១:១–៤៦ ផ្នែកទី ១
ព្រះយេស៊ូវបានប្រោសឡាសារឲ្យរស់ពីស្លាប់
ម៉ារា និងម៉ាថាបានទូលសូមព្រះយេស៊ូវឲ្យយាងមកជួយឡាសារ ដែលជាបងប្រុសកំពុងឈឺរបស់ពួកគេ ។ ព្រះយេស៊ូវបានពន្យារការយាងដំណើររបស់ទ្រង់ ហើយបានយាងមកដល់ក្រោយពេលឡាសារស្លាប់បានបួនថ្ងៃ ។ ព្រះយេស៊ូវបានបង្ហាញការអាណិតអាសូររបស់ទ្រង់ ហើយព្រះកន្សែងជាមួយនឹងបងប្អូនស្រីទាំងនោះ ។ បន្ទាប់មក ទ្រង់បានប្រោសឡាសារឲ្យរស់ពីស្លាប់ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់សេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងគោលការណ៍នានា ដែលអាចដឹកនាំអ្នកឲ្យឆ្លងកាត់ឧបសគ្គនៅក្នុងជីវិតនេះបាន ។
ការអនុញ្ញាតឲ្យសិស្សកំណត់សេចក្ដីពិតខាងគោលលទ្ធិ និងគោលការណ៍ផ្សេងៗ ។ ការរៀនកំណត់គោលលទ្ធិ និងគោលការណ៍នានាដែលមាននៅក្នុងព្រះគម្ពីរ ត្រូវការការអនុវត្តប្រកបដោយការគិតគូរឲ្យបានពេញលេញ ។ គ្រូបង្រៀនគួរតែឧស្សាហ៍ជួយដល់សិស្សឲ្យទទួលបានសមត្ថភាពដើម្បីស្គាល់ ហើយនិយាយពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយជាពាក្យសម្តីខ្លួនឯង ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សា យ៉ូហាន ១១ ហើយរកមើលគោលការណ៍នានា ដែលអាចជួយពួកគេឲ្យទទួលបានជំនួយពីព្រះអង្គសង្គ្រោះចំពោះឧបសគ្គរបស់ពួកគេ ។ ពួកគេអាចធ្វើបែបនេះដោយខ្លួនឯង ឬជាមួយគ្រួសាររបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានរកឃើញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមកំណត់ចំណាំថា នេះគឺជាមេរៀនដំបូងក្នុងចំណោមមេរៀនពីរស្តីពី យ៉ូហាន ១១ ។ មេរៀននេះជួយសិស្សឲ្យស្គាល់គោលការណ៍នានាដែលមាននៅក្នុងជំពូកនេះ ។ មេរៀនទីពីរអនុញ្ញាតឲ្យសិស្សបង្រៀនគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងនេះ ។ សូមប្រយ័ត្នចំពោះសិស្សដែលអាចប្រឈមនឹងបញ្ហាលំបាក ។ ប្រសិនបើចាំបាច់ សូមកែសម្រួលសាច់រឿងខាងក្រោមនេះ ឬបង្កើតជាសាច់រឿងមួយទៀត ដែលអាចផ្តល់ផលប្រយោជន៍ដល់សិស្សបន្ថែមទៀត ។
សូមគិតអំពីនរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកផ្ទាល់ ។ សូមស្រមៃថា ពួកគេធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ដែលជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ ។
-
តើអ្នកអាចមានអារម្មណ៍យ៉ាងណាខ្លះ ?
-
តើអ្នកអាចធ្វើអ្វីបាន ?
-
តើអ្នកអាចមានសំណួរអ្វីខ្លះ ?
នៅក្នុង យ៉ូហាន ១១ ម៉ារា ម៉ាថា និងឡាសារបានប្រឈមមុខនឹងកាលៈទេសៈនេះ ។ ទោះបីជាបទពិសោធន៍របស់ពួកគេទាក់ទងនឹងជំងឺ និងការស្លាប់ក៏ដោយ ក៏យើងអាចអនុវត្តគោលការណ៍ដែលយើងរៀនពីបទពិសោធន៍របស់ពួកគេនេះ ចំពោះបញ្ហាប្រឈមនានាដែលយើងអាចជួបប្រទះបានដែរ ។
នៅផ្នែកខាងលើក្រដាសរបស់អ្នក សូមសរសេរ « អ្វីដែលអ្នកត្រូវដឹង នៅពេលជួបបញ្ហាប្រឈម » ។ ពេញមួយមេរៀននេះ សូមគិតអំពីបញ្ហាប្រឈមដែលអ្នកកំពុងប្រឈម ឬអាចនឹងប្រឈម ។ សូមព្យាយាមកំណត់សេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ដែលអ្នកមានអារម្មណ៍ថាអាចដឹកនាំអ្នក និងផ្តល់សេចក្តីសង្ឃឹមដល់អ្នកអំឡុងឧបសគ្គទាំងនោះបាន ។ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងក្រដាសរបស់អ្នក ។ សូមគិតដោយប្រុងប្រយ័ត្នអំពីរបៀបដែលសេចក្តីពិតនីមួយៗដែលអ្នកស្គាល់នេះ អាចជួយអ្នកឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ចំពោះ និងមកពីព្រះអង្គសង្គ្រោះ ។
ការស្វែងរកសេចក្ដីពិត
សូមកំណត់ថាតើសកម្មភាពខាងក្រោមមួយណា ដែលមានប្រយោជន៍បំផុតដល់សិស្ស ។ ប្រសិនបើសិស្សអាចរកឃើញគោលការណ៍នានាដោយខ្លួនឯងយ៉ាងងាយស្រួលរួចហើយ នោះសូមពិចារណាអនុញ្ញាតឲ្យសិស្សសិក្សា និងកំណត់គោលការណ៍នានាដោយខ្លួនឯង ដោយមិនចាំបាច់កំណត់គោលការណ៍ណាមួយឲ្យពួកគេឡើយ ។ សូមរំឭកពួកគេពីសកម្មភាពរៀបចំរបស់សិស្ស ហើយអញ្ជើញពួកគេឲ្យប្រើការយល់ដឹងរបស់ពួកគេចេញពីសកម្មភាពនោះ សម្រាប់មេរៀនដែលនៅសេសសល់ ។
ជំនាញសិក្សាព្រះគម្ពីរមួយដែលអាចមានប្រយោជន៍ក្នុងការកំណត់គោលការណ៍គឺ ការផ្អាកនៅពេលអ្នកសម្គាល់ឃើញព័ត៌មានលម្អិតសំខាន់ៗ ដើម្បីសួរសំណួរសាមញ្ញៗដូចជាសំណួរទាំងនេះ ៖
-
តើព្រះវរបិតាសួគ៌មានព្រះទ័យឲ្យខ្ញុំរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ ?
-
តើដំណើររឿងនេះបង្រៀនខ្ញុំអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
សូមអាន យ៉ូហាន ១១:១–៧ ហើយសួរខ្លួនឯងអំពីសំណួរមុនៗ ។
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន ។ សូមសរសេរគោលការណ៍ដែលពួកគេបានចែកចាយដាក់នៅលើក្ដារខៀន ។ ប្រសិនបើសិស្សពិបាកនឹងរកឃើញគោលការណ៍ ឬប្រសិនបើវានឹងបន្ថែមដល់ការយល់ដឹងដែលមានប្រយោជន៍ នោះសូមពិចារណាសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ហើយសួរសំណួរដែលមានដូចខាងក្រោម ។
មានគោលការណ៍ផ្សេងៗមួយចំនួន ដែលអ្នកអាចកំណត់បានចេញពីខគម្ពីរទាំងនេះ ។ ខាងក្រោមនេះគឺជាឧទាហរណ៏មួយចំនួន ។ ចំពោះឧទាហរណ៍អំពីគោលការណ៍នីមួយៗ សូមពិចារណាគូសសម្គាល់ឃ្លា ឬព័ត៌មានលម្អិតមកពីខគម្ពីរ ដែលអ្នកបានអានដែលគាំទ្រដល់គោលការណ៍នេះ ។
ទោះបីជាព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើងក៏ដោយ ក៏យើងនឹងទទួលបានការសាកល្បងដែរ ។
បើទោះជានៅពេលយើងធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយស្មោះត្រង់ក៏ដោយ ក៏យើងនឹងនៅតែទទួលបានការសាកល្បងដែរ ។
នៅពេលយើងប្រឈមមុខនឹងបញ្ហា នោះយើងអាចស្វែងរកជំនួយពីព្រះអម្ចាស់បាន ហើយទ្រង់នឹងឆ្លើយតបតាមពេលវេលា និងតាមរបៀបផ្ទាល់ខ្លួនរបស់ទ្រង់ ។
សូមពិចារណាសរសេរគោលការណ៍ទាំងនេះនៅលើសន្លឹកក្រដាសរបស់អ្នក ។
-
តើការដឹងពីសេចក្ដីពិតទាំងនេះជួយដល់អ្នកយ៉ាងដូចម្តេចដែរ ?
ពីរថ្ងៃបន្ទាប់ពីព្រះអង្គសង្គ្រោះបានដឹងអំពីជំងឺរបស់ឡាសារ នោះព្រះអង្គសង្គ្រោះបានធ្វើដំណើរទៅផ្ទះរបស់ឡាសារ ។ នៅពេលទ្រង់យាងមកដល់ ឡាសារបានស្លាប់អស់រយៈពេលបួនថ្ងៃហើយ ( សូមមើល យ៉ូហាន ១១:១៧ ) ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីសារៈសំខាន់នៃរយៈពេលបួនថ្ងៃ ។
ភាពស្អុយរលួយនៃសាកសពកំពុងកើតឡើង ដោយសារការស្លាប់មានរយៈពេលយូរមកហើយ ។ … ចំពោះពួកសាសន៍យូដាពាក្យថាបួនថ្ងៃមានសារៈសំខាន់ណាស់ចំពោះពួកគេ វាគឺជាការជឿដ៏មានប្រជាប្រិយភាពនៅក្នុងចំណោមពួកគេដែលថា នៅថ្ងៃទីបួន វិញ្ញាណបានចាកចេញផុតទៅ ហើយពុំវិលត្រឡប់មកតំបន់ក្បែរសាកសពវិញឡើយ ។
( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៥៣៣ )
សូមបន្តការអនុវត្តធ្វើការសម្គាល់គោលការណ៍នានា នៅពេលអ្នកអាន យ៉ូហាន ១១:១៨–៤៦ ។ ម៉្យាងទៀតអ្នកអាចមើលវីដេអូ « Lazarus Is Raised from the Dead » ពីលេខកូដម៉ោង ២:០៤ ដល់ ៧:៤៣ ហើយអានតាមក្នុងព្រះគម្ពីររបស់អ្នក ។ សូមផ្អាកម្តងម្កាល ហើយសួរខ្លួនឯង នៅពេលអ្នកជួបព័ត៌មានលម្អិតសំខាន់ៗ ដូចជាអ្វីដែលម៉ារា និងម៉ាថាបានធ្វើ ដើម្បីបង្ហាញសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ឬរបៀបដែលព្រះអង្គសង្គ្រោះឆ្លើយតបនៅក្នុងស្ថានភាពនីមួយៗ ។ សូមបន្ថែមលើឯកសារគោលការណ៍របស់អ្នកដែលអ្នករកឃើញ ហើយពិចារណាគូសសម្គាល់ព័ត៌មានលម្អិតសំខាន់ៗ និងធ្វើការកត់ចំណាំផ្សេងទៀតនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
តើព្រះវរបិតាសួគ៌មានព្រះទ័យឲ្យអ្នករៀនអ្វីខ្លះចេញពីដំណើររឿងនេះ ?
តើដំណើររឿងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សឲ្យឡើងមកកាន់ក្ដារខៀន ហើយសរសេរគោលការណ៍មួយដែលពួកគេបានរកឃើញ ។ ពួកគេអាចកំណត់បានសេចក្ដីពិតដូចជា ៖
-
យើងអាចជ្រើសរើសដើម្បីអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ អំឡុងពេលសាកល្បងរបស់យើងបាន ( សូមមើល យ៉ូហាន ១១:២០–២៧ ) ។
-
ព្រះអង្គសង្គ្រោះអាចធ្វើអព្ភូតហេតុនៅក្នុងជីវិតរបស់យើងបាន នៅពេលយើងធ្វើសកម្មភាពដោយសេចក្ដីជំនឿទៅលើទ្រង់ ( សូមមើល យ៉ូហាន ១១:២០–២៧, ៣៨–៤៤ ) ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាការរស់ឡើងវិញ និងជាជីវិត ( សូមមើល យ៉ូហាន ១១:២៥ ) ។
-
អព្ភូតហេតុរបស់ព្រះនៅក្នុងជីវិតរបស់យើងកើតឡើងស្របតាមព្រះឆន្ទៈ និងពេលវេលារបស់ទ្រង់ ( សូមមើល យ៉ូហាន ១១:១–៧, ១១–១៧, ៣៩–៤៥ ) ។
-
យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទបាន តាមរយៈការបង្ហាញការអាណិតអាសូរដល់អ្នកដទៃ ( សូមមើល យ៉ូហាន ១១:៣២–៣៦ ) ។
-
ព្រះយេស៊ូវគ្រីស្ទមានអំណាចលើជីវិត និងសេចក្តីស្លាប់ ( សូមមើល យ៉ូហាន ១១:២០–២៧, ៣៩–៤៥ ) ។
-
យើងអាចឃើញសេចក្តីស្រឡាញ់ និងព្រះចេស្តារបស់ព្រះ ដែលបានបង្ហាញនៅក្នុងការតស៊ូរបស់យើងបាន ( សូមមើល យ៉ូហាន ១១:១១–១៥, ៤០–៤២ ) ។
សូមពិចារណាសួរសំណួរមួយចំនួនខាងក្រោមនេះ ប្រសិនបើពួកគេត្រូវការជំនួយក្នុងការកំណត់សេចក្ដីពិតបន្ថែមទៀត ។
-
តើម៉ារា និងម៉ាថាបានធ្វើអ្វីខ្លះ ដើម្បីអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទអំឡុងការសាកល្បងរបស់ពួកគេ ?
-
តើការឆ្លើយតបរបស់ព្រះអង្គសង្គ្រោះចំពោះពួកគេបង្រៀនអ្នកអ្វីខ្លះអំពីទ្រង់ ?
-
តើធាតុអ្វីខ្លះនៃដំណើររឿងនេះបង្រៀនអ្នកឲ្យទុកចិត្តកាន់តែខ្លាំងលើព្រះអង្គសង្គ្រោះ ?
-
តើការផ្អាកនៅពេលអ្នករកឃើញព័ត៌មានលម្អិតសំខាន់ៗ និងសួរសំណួរ ជួយអ្នកក្នុងការសិក្សារបស់អ្នកយ៉ាងដូចម្តេចដែរ ?
សូមពិចារណាចាប់សិស្សជាគូឲ្យដើរតួក្នុងសាច់រឿងខាងក្រោម ។
សូមស្រមៃថា អ្នកមានឱកាសនិយាយជាមួយនឹងនរណាម្នាក់ ដែលបានឆ្លងកាត់ការសាកល្បងដ៏ពិបាក ។ សូមជ្រើសរើសគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយ ដែលអ្នកបានរកឃើញពី យ៉ូហាន ១១:១–៤៦ ហើយចែកចាយពីរបៀបដែលគោលការណ៍នោះអាចជួយដល់ពួកគេបាន ។ សូមរួមបញ្ចូលគំនិតរបស់អ្នកអំពីអ្វី ដែលគោលការណ៍នេះអាចជួយបុគ្គលនេះឲ្យយល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងព្រះរាជបំណងរបស់ទ្រង់ចំពោះយើង ។
សូមអានតាមគោលការណ៍ដែលអ្នកបានសរសេរនៅលើក្រដាស « អ្វីដែលអ្នកត្រូវដឹង នៅពេលជួបបញ្ហាប្រឈម » ។ នៅផ្នែកខាងក្រោមនៃក្រដាសនោះ សូមបន្ថែមការឆ្លើយតបរបស់អ្នកចំពោះសំណួរខាងក្រោម ។
-
តើគោលការណ៍មួយណា ដែលអ្នកត្រូវផ្តោតខ្លាំងបំផុតនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកនាពេលឥឡូវនេះ ? ហេតុអ្វី ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ដែលជួយអ្នកឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ចំពោះទ្រង់ទាំងទ្វេ និងមកពីទ្រង់ទាំងទ្វេ ?
សូមពិចារណាអញ្ជើញសិស្សបីបួននាក់ឲ្យឆ្លើយសំណួរមុនៗ ។ នៅពេលសិស្សចែកចាយ សូមរកមើលវិធីដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះពួកគេ ។ សូមពិចារណាចែកចាយគំនិត និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះអង្គសង្គ្រោះ ។
-
តើអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដោយផ្អែកលើអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះ ? តើអ្នកនឹងធ្វើវាដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យប្រើជំនាញសិក្សាព្រះគម្ពីរក្នុងការចេះកំណត់គោលការណ៍ នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ហើយធ្វើតាមចំណាប់អារម្មណ៍ដែលពួកគេទទួលបាន ។ សូមពិចារណាថ្លែងទីបន្ទាល់ អំពីសារៈសំខាន់នៃជំនាញសិក្សានេះ ។ វិធីមួយដើម្បីធ្វើដូចនេះគឺ តាមរយៈការចែកចាយបទពិសោធន៍ផ្ទាល់ខ្លួននៃការស្វែងរកការណែនាំសម្រាប់បញ្ហាប្រឈម អំឡុងពេលសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ហេតុអ្វីខ្ញុំរងទុក្ខ ពេលខ្ញុំព្យាយាមធ្វើជាមនុស្សសុចរិត ?
អែលឌើរ ម៉ាថាយ អេស ហូឡិន នៃពួកចិតសិបនាក់បានបង្រៀន ៖
មានព្រះមួយអង្គដែលយល់ជ្រាបដឹងឥតខ្ចោះនូវអ្វីដែលបងប្អូនកំពុងជួប ដែលទ្រង់ « មានអំណាចជាងអ្វីៗនៅលើផែនដីនេះទាំងអស់ » [ នីហ្វៃទី១ ៤:១ ] ហើយទ្រង់ « អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែល [ បងប្អូន ] សូម ឬគិត » [ អេភេសូរ ៣:២០ ] ។ ។ ដំណើរការនឹងកើតឡើងតាមរបៀបរបស់ទ្រង់ និងតាមពេលរបស់ទ្រង់ ប៉ុន្តែព្រះគ្រីស្ទ តែងតែ ត្រៀមជាស្រេចដើម្បីព្យាបាលគ្រប់ក្ដីឈឺចាប់របស់បងប្អូន ។
នៅពេលបងប្អូនអនុញ្ញាតឲ្យទ្រង់ធ្វើដូច្នោះ បងប្អូននឹងឃើញថា ការរងទុក្ខរបស់បងប្អូនមិនអសារឥតការទេ ។ … បងប្អូនឃើញហើយ ធម្មជាតិនៃព្រះ និងគោលបំណងនៃការមានជីវិតនៅលើផែនដីរបស់យើង គឺសុភមង្គល ប៉ុន្តែយើងមិនអាចក្លាយជាតួអង្គឥតខ្ចោះដែលមានអំណរដ៏ទេវភាព ដោយគ្មានបទពិសោធន៍ដែលសាកល្បងយើងនោះទេ ជួនកាលយើងត្រូវខិតខំអស់ពីលទ្ធភាពរបស់យើង ។ ដូចប៉ុលនិយាយថា សូម្បីតែព្រះអង្គសង្គ្រោះទ្រង់ផ្ទាល់ត្រូវបានធ្វើឲ្យ « បានគ្រប់លក្ខណ៍ [ ឬពេញលេញ ] ដោយរងទុក្ខលំបាក » ដែរ [ ហេព្រើរ ២:១០ ] ។ ដូច្នេះហើយ ចូរចាំការពារទាស់នឹងការខ្សឹបរបស់សាតាំងដែលថា បើបងប្អូនជាមនុស្សល្អជាងនេះ នោះបងប្អូននឹងចៀសផុតពីការសាកល្បងបែបនោះ ។
បងប្អូនក៏ត្រូវទប់ទល់នឹងការកុហកដែលថា ទុក្ខលំបាករបស់បងប្អូនហាក់ដូចជាស្នើថា បងប្អូនឈរនៅក្រៅរង្វង់នៃមនុស្សជម្រើសរបស់ព្រះ ដែលហាក់ដូចជារំកិលយ៉ាងលឿនពីស្ថានភាពមានពរមួយទៅស្ថានភាពមួយផ្សេងទៀត ។ …
បងប្អូនប្រុសស្រី សេចក្ដីទុក្ខវេទនានៅក្នុងសុចរិតភាព ជួយធ្វើឲ្យបងប្អូនមានលក្ខណៈគ្រប់គ្រាន់ជាពួករើសតាំងរបស់ព្រះ មិនមែនធ្វើឲ្យបងប្អូនខុសពីនេះនោះទេ ។
( ម៉ាថាយ អេស ហូឡិន « The Exquisite Gift of the Son » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៤៦–៤៧ )
សកម្មភាពរៀនសូត្របន្ថែម
មេរៀនផ្ដោតជំនួស
សូមពិចារណាប្រើដំណើររឿងអំពីម៉ារា ម៉ាថា និងឡាសារ ដើម្បីបង្ហាញពីគោលការណ៍នេះថា យើងអាចទុកចិត្ដលើ ព្រះបាន ដោយដឹងថា អព្ភូតហេតុរបស់ទ្រង់នៅក្នុងជីវិតរបស់យើងនឹងកើតឡើងស្របតាមព្រះឆន្ទៈ និងពេលវេលារបស់ទ្រង់ ។ ការណ៍នេះអាចធ្វើបានដោយការប្រៀបធៀបដំណើររឿងនេះ ជាមួយដំណើររឿងរបស់នីហ្វៃនៅក្នុង នីហ្វៃ ទី៣ ១:៤–២០ ដោយការបង្ហាញវីដេអូ « Trust in the Lord » ( ម៉ោង ៣:៣០ ) ឬសូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ ។
គោលការណ៍ទីមួយនៃដំណឹងល្អគឺសេចក្ដីជំនឿទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីជំនឿមានន័យថា ការទុកចិត្ត—ទុកចិត្តលើព្រះឆន្ទៈរបស់ព្រះ ទុកចិត្តលើរបៀបដែលទ្រង់ធ្វើកិច្ចការនានា ហើយទុកចិត្តលើកាលវិភាគរបស់ទ្រង់ ។ យើងពុំគួរព្យាយាមបង្ខំដាក់កាលវិភាគរបស់យើង ជំនួសកាលវិភាគរបស់ទ្រង់ឡើយ ។ ដូចដែល អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
« បញ្ហារបស់យើងគឺ ការទុកចិត្តលើព្រះឲ្យល្មមគ្រប់គ្រាន់ដើម្បីទុកចិត្តលើពេលវេលារបស់ទ្រង់ផងដែរ ។ ប្រសិនបើយើងពិតជាជឿទ្រង់ថា ទ្រង់ដាក់សុខុមាលភាពរបស់យើងក្នុងព្រះទ័យទ្រង់ តើយើងនឹងមិនអាចទុកឲ្យផែនការទ្រង់បើកឡើងតាមអ្វីដែលទ្រង់ថាល្អបំផុតដល់យើងទេឬអី ? » វាពិតដូចគ្នាដែរជាមួយនឹងការយាងមកជាលើកទីពីរ និងជាមួយបញ្ហាទាំងអស់ ថាសេចក្ដីជំនឿរបស់យើងត្រូវរួមបញ្ចូលសេចក្ដីជំនឿទៅលើពេលវេលារបស់ព្រះអម្ចាស់ចំពោះយើងផ្ទាល់ មិនមែនគ្រាន់តែជឿលើផែនការ និងគោលបំណងរួមរបស់ទ្រង់នោះទេ » ( Even As I Am [ ឆ្នាំ ១៩៨២ ] ទំព័រ ៩៣ ) ។
( ដាល្លិន អេក អូក « Timing » Ensign ខែ តុលា ឆ្នាំ ២០០៣ ទំព័រ ១២ )
ជម្រើសចាប់ផ្តើមមេរៀន
សូមពិចារណាអញ្ជើញសិស្សឲ្យកំណត់អព្ភូតហេតុដែលព្រះយេស៊ូវបានធ្វើ និងអ្វីដែលអព្ភូតហេតុទាំងនោះបានបង្ហាញថា ទ្រង់មានព្រះចេស្តាលើអ្វីខ្លះ ។ ឧទាហរណ៍មួយចំនួនអាចរួមមាន ព្រះចេស្តាលើសេចក្តីស្លាប់ ( សូមមើល លូកា ៧:១១–១៨ ) ព្រះចេស្តាលើបញ្ហាផ្លូវចិត្ត ( សូមមើល លូកា ៨:២៧–៣៥ ) និងព្រះចេស្តាដើម្បីជួយដល់ជីវិតប្រចាំថ្ងៃ ( សូមមើល ម៉ាថាយ ១៧:២៤–២៧ ; លូកា ៥:១–៦ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេត្រូវការជំនួយពីព្រះអង្គសង្គ្រោះ ហើយស្វែងរកគោលការណ៍ដែលអាចជួយពួកគេឲ្យដឹងពីរបៀបទទួលជំនួយរបស់ទ្រង់បាន ។